ជំនោរខែប្រាំងបក់មកត្រសៀកនាំក្លិនក្រអូបប្រហើរនៃផ្កាអង្គារបុស្បចូលមកសាយសព្វនាសា។ និរតីហាក់មិនចង់បោះជំហានចូលផ្ទះគ្រូសោះ។ នាងឈរស្ងៀម បិទភ្នែកដកដង្ហើមវែងៗហាក់កំពុងស្រូបក្លិនដ៏ប្រហើរនេះចូលទៅព្យាបាលអស់រោគាក្នុងរាងកាយ។ អ៊ំធានិងអ៊ំចម្ប៉ាឈរស្ងៀមក្បែរខ្លួននិរតី មិនបានតឿនបង្ខំនាងដែរ។
«គ្រឹប!»
សំឡេងបិទទ្វារឡានលាន់ឡើង។ កាយវិការបោះបោករបស់ឧត្តរា ហាក់កំពុងបញ្ជាក់ច្បាស់ៗថាគេមិនសូវពេញចិត្តនឹងមកទីនេះសោះ។ គេដកដង្ហើមធំ ជើងទាំងគូរបស់គេហាក់ស្អិតជាប់នឹងដីរកតែបង្ហើបទៅមុខមិនរួច ដោយគេសុខចិត្តឈរមើលឧត្ដរាយួរគ្រឿងរណ្ដាប់ស្កេកស្កះពេញដៃចូលទៅក្នុងផ្ទះគ្រូ។
បើកទ្វារចូលផ្ទះគ្រូភ្លាម អ៊ំចម្ប៉ាកណ្ដាស់ឆាច់ព្រោះឈ្លក់នឹងផ្សែងធូបពេក។ អាសនៈជាច្រើនថ្នាក់ ហ៊ុមព័ទ្ធដោយគ្រឿងសក្ការបូជាពេញពាស។ លោកយាយចំណាស់ ស្លៀកពាក់សអង្គុយបត់ជើងយ៉ាងសុភាពនៅខាងមុខអាសនៈ។ គាត់លើកដៃចង្អុលបង្គាប់បូព៌ាឱ្យរៀបគ្រឿងរណ្ដាប់ត្រូវកន្លែង។ អ៊ំធានិងអ៊ំចម្ប៉ាគ្រាហ៍និរតីមកអង្គុយកណ្ដាលកន្ទេលក្រហមត្រង់កន្លែងដែលយាយគ្រូប្រាប់។ អ៊ំធាអង្គុយក្បែរកូនស្រីឥតឃ្លាត។ ឯអ៊ំចម្ប៉ាក្រឡេកទៅក្រៅ រកកូនប្រុស។
«អាម៉េចកូនមិនចូលមក! នៀកមកអង្គុយក្រោយមីអូន។»
បើទោះជាម៉ាក់គេហៅចំឈ្មោះឱ្យប្រញាប់ចូលក្នុងក្តី ទឹកមុខឧត្តរាមិនបានប្រែប្រួលបន្តិចដែរ។ គេបន្តដកដង្ហើមធំធ្វើដូចតឹងទ្រូងណាស់។ យូរបន្តិចទើបគេព្រមចូលតាមក្នុងកិរិយាធុញទ្រាន់។
បូព៌ាដើរចេញទៅខាងមុខផ្ទះ លូកដៃកាច់មែកអង្គារបុស្បតូចៗបីបួនមែក យកមកចងផ្តុំជាកូនបាច់។ និរតីអង្គុយស្ងៀមមិនមាត់កអ្វីមួយម៉ាត់។ អ៊ំចម្ប៉ាលូកដៃកូនប្រុសឱ្យខិតមកកៀកខ្លួនប្រពន្ធ។ អ៊ំធាលូកយកលុយច្រើនសន្លឹកពីក្នុងកាបូបដាក់លើជើងពានខាងមុខយាយគ្រូ រួចលើកដៃសំពះសុំ៖
«សូមយាយគ្រូជួយបណ្តេញខ្មោចព្រាយបិសាចពីក្នុងខ្លួនកូនស្រីខ្ញុំឱ្យអស់។ រឿងទ្រនឹប ខ្ញុំនឹងដាក់ជូនម៉ាពេញចិត្ត។ ពេលនេះទាន់ហន់ពេកទើបមិនបានទិញអីមកធំដុំ។ ចប់កិច្ចរួចរាល់ ខ្ញុំនឹងគិតគូរមិនឱ្យយាយគ្រូអាក់អន់ចិត្តឡើយ។»
ឮតែប៉ុណ្ណោះ យាយគ្រូប្រញាប់ស្តោះទឹកមាត់ស្លាម្លូដាក់កូនត្រលោកដូងឆែបមាត់នៅចំហៀងខ្លួន។ គាត់ហូតធូបបីសរសៃយកមកអុជ រួចដោតនឹងផ្លែចេកលើកូនថាសខាងមុខអាសនៈ។ យាយគ្រូលើកផ្តិលដែលមានទឹកពេញមកដាក់ក្បែរ រួចយកបាច់មែកអង្គារបុស្បដែលបូព៌ាទើបកាច់រួចដាក់ក្នុងផ្តិលនោះ។
«ក្មួយចូលអង្គុយឱ្យកៀកនាង!
ឧត្តរាបើកភ្នែកធំ។ គេសម្តែងទឹកមុខមិនពេញចិត្តជាថ្មី។ ខ្លួនគេអង្គុយក្បែរនាងជ្រងោ ហេតុអីត្រូវឱ្យបូព៌ាមកអង្គុយក្បែរទៀត? គេចង់និយាយថា គេចេះមើលថែប្រពន្ធគេហើយ មិនត្រូវការអ្នកដទៃឡើយ។ តែគិតសព្វទៅ បើទោះជាគេនិយាយចេញក៏គ្មានអ្នកណាយល់ស្របដែរ។ គេមានតែរក្សាចិត្តខឹងនេះទុកក្នុងពោះសិន។
បូព៌ាមិនមាត់មួយម៉ាត់។ គេចូលអង្គុយកៀកខ្លួននិរតីទៅតាមអ្វីដែលគ្រូយាយប្រាប់ មើលរំលងទឹកមុខដ៏ក្រញូវរបស់មិត្តសម្លាញ់ដែលកំពុងដុតរោលដោយភ្លើងប្រចណ្ឌ។
យាយគ្រូចាប់ផ្តើមសូត្របាលី រកស្តាប់មិនយល់។ ដៃគាត់ម្ខាងកាន់បាច់មែកអង្គាបុស្បកូរទឹកក្នុងផ្តិល។ ទឹកមុខគាត់កាន់តែមាំ មាត់គាត់សូត្របាលីរឹតតែញាប់ ឯដៃក៏ចាប់កូរទឹកញាប់រន្ថាន់ដូចគ្នា។
ផែតៗ…យាយគ្រូព្រួសទឹកពីក្នុងមាត់គាត់ចូលផ្តិល។ ទឹកក្នុងផ្តិលមុននេះមានពណ៌ថ្លាខ្យងក៏ប្រែជាឡើងទង់ដែងដោយកាកកំបោរម្លូស្លា។ ឧត្តរាចាប់ភើពីក្នុងពោះមកដោយគេឆ្អើមនឹងទឹកមន្តនេះពេក។ យាយគ្រូចាប់សូត្របាលីជាថ្មី។ ដៃគាត់ក៏ចាប់កូរទឹកបន្ត។ មែកអង្គារបុស្បហែលជារង្វង់ក្នុងផ្តិលមន្ត។ ស្លឹកខ្លះដាច់ធ្លាក់ពីមែកអណ្តែតត្រា។ យាយគ្រូបង្កើនល្បឿនសូត្រអាគម រួចក៏ដកដៃដែលកាន់បាច់អង្គារបុស្បប្រោះព្រំទឹកមន្តទៅលើរាងកាយអ្នកជំងឺ។ រូបរាងកាយនិរតីក៏ចាប់ញ័រទទ្រើក។
«ចាប់…ចាប់ឱ្យជាប់!»
អ៊ំធាស្រែកភ្លាត់សំឡេងក្រោយឃើញប្រតិកម្មរបស់និរតី។ ឧត្ដរារហ័សលូកដៃបម្រុងចាប់ស្មាភរិយា តែដៃទាំងគូរបស់បូព៌ាលូកមកកាត់មុខគេមុន។ អ៊ំចម្ប៉ាបើកភ្នែកធំ របៀបហួសចិត្ត។ ពួកម៉ាកកូនប្រុសហ៊ានចាប់ប៉ះខ្លួនប្រាណកូនប្រសារស្រីមុនប្តីនាងទៅទៀត។ តែដោយស្ថានភាពបន្ទាន់ គ្រប់គ្នាគិតដល់សុវត្តិភាពរបស់និរតីជាធំ ទើបអ៊ំស្រីនិងកូនប្រុសមើលរំលងចំណុចនេះសិន។ ចាំស្ថានការណ៍ស្ងប់ស្ងាត់ សឹមទូទាត់ចេញម្តង។
យាយគ្រូបន្តសូត្របាលី និងប្រោះទឹកមន្ត រាងកាយនិរតីកាន់តែញ័រញាក់។ នាងរើបម្រះទទាក់ជើងប៉ះផ្តិលកំពប់ទឹកមន្តយាយគ្រូអស់។ អ៊ំធាស្រែកយំហ៊ូស្រវាចាប់ជើងនាងឱ្យស្ងៀម។ អ៊ំចម្ប៉ាភាំងតក់ស្លុត។
«កុំភ័យ កុំភ័យអី! ខ្ញុំនៅទីនេះ។ នៅជាមួយនិរតី។»
បរិយាកាសកាន់តែអាប់អួរ។ អាការរបស់និរតីប្រែស្ងប់ តែឧត្ដរាហាក់ទៅជាវង្វេងភាំងភាន់វិញ។ គេសម្លឹងមើលមិត្តសម្លាញ់ក្រសោបកាយប្រពន្ធរបស់គេក្នុងរង្វង់ដៃ។ គេស្ដាប់ឮពាក្យសម្ដីដ៏ស្រាលស្រទន់របស់មិត្តសម្លាញ់លួងលោមនាងឱ្យគេង។ នេះសមតែជាកិច្ចការរបស់គេជាប្ដីនាង មិនសមជាណា…។ ពេលនេះគ្រានេះ គេបានត្រឹមអង្គុយមើលប្រុសដទៃបំពេញតួនាទីជំនួស។ អ៊ំចម្ប៉ាយល់ចិត្តកូនប្រុស។ គាត់យកដៃគោះតិចៗលើស្មាគេជាការលួងលោម។
យាយគ្រូងើបអង្គុយត្រង់ខ្លួនវិញក្រោយស្គាល់រន្ទះជើងរបស់និរតី។ គាត់ប្រញាប់យកដៃវែកសក់ឱ្យស្រួលបួល រួចផ្ងារផ្តិលទឹកមន្តដែលត្រូវនិរតីធាក់ឱ្យផ្កាប់មុននេះ។
«អាម៉េចវិញយាយគ្រូ? កូនប្រសាខ្ញុំម៉េចទៅជាញ័រទទ្រើកអ៊ីចឹង?»
អ៊ំចម្ប៉ាសួរទាំងបារម្ភ ខណៈអ៊ំធាបន្តយំសស្រាក់។
«សាហាវណាស់! នាងត្រូវអំពើគេសាហាវណាស់!»
សម្ដីយាយគ្រូធ្វើឱ្យអ៊ំធាផ្អាកយំ ចូលឆ្លងសម្ដី៖
«អំពើអីយាយគ្រូ? កូនស្រីខ្ញុំនេះស្លូតណាស់ មិនដែលមានរឿងជាមួយអ្នកណាទេ។ ក្នុងភូមិអ្នកណាក៏ចូលចិត្តនាងដែរ។ ចុះអ្នកណា? អ្នកណាមានចិត្តតិរច្ឆានធ្វើបាបនាង? គុណបុណ្យអើយ ជួយកូនស្រីខ្ញុំផង អស់អីក៏ខ្ញុំព្រមដែរ។»
«នាងត្រូវអាគមស្នេហ៍!»
គ្រប់គ្នាបើកភ្នែកធំ សម្លឹងមុខយាយគ្រូ។
«អាគមស្នេហ៍!»
ឧត្ដរាឧទានតាម! គេនឹកគិតបន្តិច ទើបនិយាយឡើង៖
«តាមខ្ញុំដឹង ប្រពន្ធខ្ញុំនេះទាំងស្អាត ទាំងឆ្លាត ទាំងរៀនបានខ្ពង់ខ្ពស់ មានការងារល្អ។ ប្រុសៗក្នុងភូមិកុំថាឡើយចូលស្ដី សូម្បីតែញ៉ែញ៉ងក៏មិនហ៊ានផង។ ម៉្យាងប្រុសៗវ័យស្រករនាងរៀបការកូនមួយកូនពីរអស់ហើយ។ ក្នុងភូមិនៅតែក្មេងៗស្រករក្រោយ។ ខ្ញុំថាមិនមែនទេយាយគ្រូ។»
យាយគ្រូមិនទាន់បកស្រាយផង ម្ដាយក្មេកគេឆ្លើយជំនួស៖
«អាចអ្នកក្រៅ អ្នកស្គាល់គ្នានៅកន្លែងធ្វើការអីក៏ថាបានដែរណាកូន។ និរតីរើសប្ដីណាស់ អាចមានអ្នកសុំស្រលាញ់នាងមិនបាន ទើបធ្វើអាគមស្នេហ៍។»
«តែ…»
អ៊ំចម្ប៉ារហ័សលូកដៃចាប់ស្មាកូនប្រុសកុំឱ្យតមាត់ទៀត។ គាត់ដឹងថាអ្នកដន្លងរស់នៅជនបទការជជែកវែកញែកវែងឆ្ងាយឥតប្រយោជន៍ឡើយ។
«កាលដែលនាងមានអាការដូចខ្មោចចូល គឺមកពីឈាមរដូវរបស់នាងប្រតិកម្មនឹងអាគមស្នេហ៍នេះ។ កុំតែថ្ងៃនេះនាងមកថ្ងៃខែ កុំអីសូម្បីតែខ្ញុំក៏មិនអាចជួយនាងបានដែរ។»
ឧត្ដរានិងម៉ាក់គេបានត្រឹមគ្រវីក្បាលមើលមុខគ្នា។ ពួកគេជាអ្នកទីក្រុង មិនមានជំនឿលើរឿងផ្លូវងងឹតនេះទេ។ ខុសពីអ៊ំធា គាត់ជឿទាំងស្រុងលើសម្ដីយាយគ្រូ។
«កុំបារម្ភ! ឈាមរដូវជាគ្រឿងបន្សាបមន្តអាគមដ៏ស័ក្ដិសិទ្ធ។ ខ្ញុំត្រូវការឈាមនេះបន្តិច យកមកធ្វើកិច្ច គឺអាចផ្ដាច់អាគមនេះបានហើយ។»
អ៊ំធាបង្ហាញក្ដីត្រេកអរភ្លាមៗ ក្រោយឮសម្ដីយាយគ្រូ។ គាត់រវៀសប្រាប់កូនប្រសារ និងបូព៌ាចេញទៅក្រៅសិន។ រឿងបែបនេះ ប្រុសៗមិនគួរមានវត្តមានទេ។ ម្យ៉ាងសភាពនិរតីនាពេលនេះក៏ស្ងប់ស្ងាត់ដោយនាងបានគេងលង់លក់ មិនត្រូវការកម្លាំងមនុស្សប្រុសចាំចាប់ទៀតឡើយ។
អ៊ំធានិងដន្លងក៏ត្រងត្រាប់អនុវត្តតាមពាក្យយាយគ្រូបង្គាប់គ្រប់ជំហាន។
មេឃមីរស្រទំ ពពកខ្មៅដុំៗរសាត់ផ្តុំគ្នាពពាក់ពពូន។ ប្រហែលយប់មិញភ្លៀងមិនទាន់អស់ចិត្ត ទើបថ្ងៃនេះមេឃចាប់ផ្តើមរករឿងតាំងពីថ្មើរនេះទៅ។ ឧត្ដរា និងបូព៌ាឈរយ៉ាងស្ងៀមស្ងាត់ក្រោមដើមអង្គាបុស្បដែលកំពុងទម្លាក់ផ្កាពណ៌សក្បុសតាមអំណាចខ្យល់បក់។
«ឯងជឿរឿងផ្លូវងងឹតនេះតាំងពីអង្កាល់? ម៉េចក៏គ្នាមិនដែលដឹង។»
ឧត្ដរាដើរតួជាអ្នកបំបែកភាពស្ងប់ស្ងាត់។ បូព៌ាយកដៃវាសផ្កាអង្គាបុស្បដែលធ្លាក់មកទើរលើក្បាលគេចេញ ទើបតបទៅសម្លាញ់វិញ៖
«មានរឿងសំខាន់ជាងនេះទៀតដែលឯងមិនបានដឹង។»
«រឿងអី?»
បរិយាកាសត្រលប់ទៅរកភាពស្ងៀមស្ងាត់ម្ដងទៀត។ ឧត្ដរានិយាយម្នាក់ឯង ខណៈបូព៌ាឈរតែស្ងៀម មិនតបស្ដី។
«គ្នាស្រលាញ់នាងអស់ពីចិត្ត ឥតបានបង្ខំនាងឡើយ។ ថ្ងៃដែលគ្នាសុំនាងរៀបការលើឆ្នេអូរឈើទាល នាងឆ្លើយដោយឥតមានស្ទាក់ស្ទើរបន្តិច។ នាងរំភើបដល់ថ្នាក់យំផង។
បូព៌ានឹកដល់ហេតុការណ៍ថ្ងៃនោះភ្លាម។ និរតីបើកទ្វារឡានចុះទាំងយំសស្រាក់។ នាងយំមិនមែនដោយសារនាងរំភើបព្រោះត្រូវឧត្ដរាសុំរៀបការទេ តែយំព្រោះគេបដិសេធទឹកចិត្តនាង។ ថ្ងៃនោះ នាងសួរគេជាច្រើនដងថាអ្នកណាជាម្ចាស់ចម្រៀងដែលសរសេរក្នុងសៀវភៅនាង។
បើទោះជានាងបានដឹងរួចទៅហើយថាជាអ្នកណា តែនាងគ្រាន់តែចង់ដឹងចម្លើយពិតពីគេ។ គ្រានោះគេមិនក្លាហាន គ្រានោះគេមិនបានគិតដល់សោះថា នាងឈឺចាប់ប៉ុណ្ណា។ គេនៅតែបដិសេធមិនទទួលស្គាល់។ គេនៅតែដើរតួជាមនុស្សមានគុណធម៌ លះបង់ស្នេហាដើម្បីមិត្ត។
«ឯងថាទៅមើលមានរឿងអីកើតឡើងឱ្យប្រាកដ? ម៉េចក៏នាងទៅជាបែបនេះ? ម៉េចក៏គ្រប់គ្នាសុទ្ធតែជឿថានាងត្រូវអំពើ? ពួកយើងគួរយកនាងទៅឱ្យពេទ្យពិនិត្យល្អជាង។»
«នៅមានរឿងមិនគួរឱ្យជឿច្រើនទៀត ឯងគួរត្រៀមចិត្ត។»
និយាយតែប៉ុណ្ណេះ បូព៌ាដើរចូលក្នុងវិញ។
«យាយគ្រូទៅណា?»
គេសួរឡើង ដ្បិតមិនឃើញយាយគ្រូ ឃើញតែអ៊ំធានិងអ៊ំចម្ប៉ាកំពុងអង្គុយបក់ផ្លិតនិងច្របាច់ជើងឱ្យនិរតី។ អ៊ំធាតបវិញ ព្រមទាំងចង្អុលទៅជើងពាន៖
«យាយគ្រូទៅក្រៅ តែគាត់ថាអស់អីហើយ។ អស់តែធូបបីសរសៃនោះ យើងអាចនាំនិរតីទៅផ្ទះវិញបានហើយ។»
«ល្អណាស់អ៊ំ!»
«តែអ៊ំនៅមិនទាន់ធូរចិត្ត ដរាបណាមិនទាន់រកឃើញអ្នកដែលធ្វើអំពើលើនាង អ៊ំនៅតែបារម្ភ។ យើងអាចជួយនាងថ្ងៃនេះបាន ចុះបើគេនៅតែមានបំណងអាក្រក់ធ្វើបាបនាងទៀត?»
«អារ៉ាជាអ្នកដាក់ស្នេហ៍នាង។»
ខណៈនេះឧត្ដរាចូលមកក្នុងល្មម។ កែវភ្នែកអ៊ំធានិងអ៊ំចម្ប៉ាបាញ់ឆ្ពោះទៅរកគេឥតដាក់។ អ៊ំចម្ប៉ាជាម្ដាយប្រញាប់សួរកូនប្រុស៖
«មានរឿងអីកូន ម៉ាក់វង្វេងអស់ហើយ។»
មិនទាន់បានរៀបរាប់ប្រាប់ម្ដាយពីដំណើររឿងផង បូព៌ារ៉ាយរ៉ាប់ជំនួស៖
«ថ្ងៃនោះអារ៉ាជិះឡានមកទទួលខ្ញុំតាំងពីព្រលឹមអុល។ ពួកយើងនាំគ្នាយកសម្ភារសិក្សាទៅមណ្ឌលពន្លឺថ្មីជាកន្លែងនិរតីបង្រៀនជាលើកទីពីរ។ ពេលនោះគេបានបង្ហាញក្រមួនមួយដន្លាប់ ដោយប្រាប់ខ្ញុំថា ជាក្រមួនស្នេហ៍បានពីគ្រូដ៏ពូកែស័ក្តិសិទ្ធនៅភ្នំស្រង់។»
«ពុទ្ធោ!»
អ៊ំធាលាន់មាត់ ព្រមទាំងយកដៃរឺតទ្រូង។ គាត់សម្លឹងមើលកូនស្រីដែលកំពុងដេកស្ដូកស្ដឹងមិនដឹងរឿងអ្វី។ គាត់គិតទៅដល់កាលដែលកូនស្រីនៅលីវដល់អាយុសាមសិបព្រោះតែមិនពេញចិត្តចរិតមនុស្សប្រុសដែលតាមសុំស្នេហ៍នាង។ តែមិនដឹងជាមានរឿងអ្វី នាងបែរមកចាញ់ស្នេហ៍ឧត្ដរាដែលមានចរិតដូចបះបិតនឹងមនុស្សប្រុសដែលនាងធ្លាប់ស្អប់។
បូព៌ាបន្តរៀបរាប់៖
«ពេលនោះ ខ្ញុំលេងសើចនឹងគេថា «ទាំងមានទាំងសង្ហាដូចគេនេះ ស្រីណាក៏គេញ៉ែបានដែរ ចាំបាច់រកដន្លាប់ស្នេហ៍នាំអស់លុយអត់អំពើ។ ចាញ់តែបោកគេមែន!» តែគេឆ្លើយតបមែនទែនមកវិញថា «មនុស្សស្រីរឹងមាំដូចនិរតី គ្មានថ្ងៃមកចាប់អារម្មណ៍ប្រុសព្រានដូចគេទេ ម៉្លោះហើយត្រូវរកផ្លូវក្នុងជួយទើបបាន។» ម្សិលមិញនេះក៏គេឱ្យខ្ញុំយកដន្លាប់ស្នេហ៍នោះមកឱ្យគេលាបមុខដែរ។»
«ព្រះជាម្ចាស់!»
អ៊ំធាបន្តលាន់មាត់ និងយកដៃរឺតទ្រូង។ ឧត្តរាបើកភ្នែកធំ ក្តាប់ដៃណាន់ក្ដន់។ គេពិតជាមិនយល់ពីបំណងរបស់សម្លាញ់គេដែលសុខៗលើករឿងនេះមកនិយាយ។
«ឯងចង់បានអី?»
គេប្រើស្នៀងកំហឹង។ អ៊ំចម្ប៉ាឃើញស្ថានការណ៍មិនស្រួល គាត់រវៀសក្រោកមកចាប់ឃាត់កូន។ តែកម្លាំងតូចដូចឃាត់មិនអាចទប់កំហឹងរបស់កូនប្រុសបានឡើយ។ កណ្ដាប់ដៃរបស់គេស្ទុះលឿនដូចរំសេវទៅកម្ចាយផ្ទៃមុខបូព៌ាឱ្យបែកមាត់ឈាមល្ហាម។
«ខ្ញុំឆ្ងល់មករហូត! ខ្ញុំឆ្ងល់ថាម្ដេចកូនស្រីខ្ញុំព្រមរៀមការនឹងឯង។ នាងបដិសេធមនុស្សប្រុសល្អៗសឹងតែរាប់រយនាក់ តែបែរជាចិត្តទន់ព្រមធ្វើកូនក្រមុំឯងជាប្រុសខិលខូច។ ការពិតគឺបែបនេះសោះ។»
សម្ដីម្ដាយក្មេកធ្វើឱ្យឧត្ដរាប្រែជាទន់ជើងដៃ។ ខួរក្បាលគេស្រាប់តែទទេស្អាត គ្មានពាក្យអ្វីមកប្រកែកតវ៉ាបាន។ គេគាំងទាំងកម្លាំង គាំងទាំងគំនិត បានត្រឹមតែអនុញ្ញាតឱ្យភាពឈឺចាប់ស្រែកសន្ធាប់ក្នុងទ្រូង។
«កូនឯងនៅឡេឡឺអី ម៉េចមិនឆាប់បកស្រាយប្រាប់ម៉ាក់ក្មេកឯងឱ្យច្បាស់។»
បេះដូងគេលោតកាន់តែញាប់ ខណៈដៃទាំងគូចាប់ផ្ដើមញ័រ។ គេរឹតតែមិនដឹងថាត្រូវបកស្រាយយ៉ាងណា។ កែវភ្នែកទាំងគូផ្តើមរលីងរលោងដក់ដាមដោយទឹក។ នេះជាកែវភ្នែកខកចិត្ត កែវភ្នែកអស់សង្ឃឹម។ ទឹកភ្នែកគេហូរចុះ សំឡេងយំក៏បន្លឺមកតាមក្រោយ។
«ចេញ…ឆាប់ចេញពីកូនស្រីយើងភ្លាម។»
អ៊ំធាស្រែកឮៗ ព្រមទាំងចង្អុលមុខចំៗទៅឧត្ដរា។ អ៊ំចម្ប៉ាប្រញាប់អូសដៃកូនប្រុសចេញទៅក្រៅ។ បូព៌ាឈរធ្វើមិនដឹង។ គេមិនទាំងខ្វល់យកដៃជូតឈាមដែលកំពុងហូររឹមលើបបូរមាត់គេផង។
«អ្នកដន្លងខ្ញុំទៅសិនហើយ។ ចាំគ្រប់គ្នាបាត់ខឹង សឹមពិភាក្សាគ្នាទៀត។
សម្តីអ៊ំចម្ប៉ាហាក់គ្មានតម្លៃឱ្យអ៊ំធាដែលកំពុងផ្ទុកកំហឹងពេញពោះចាប់អារម្មណ៍ឡើយ។ គាត់គ្មានទាំងយកភ្នែកមើលអ្នកទាំងពីរចាកចេញទៅផង។ ក្នុងចិត្តអ៊ំពេលនេះ គ្មានអ្វីក្រៅពីអាណិតកូនស្រីដែលត្រូវមនុស្សប្រុសខិលខូចបោកប្រាស់។
សំឡេងរថយន្តបន្លឺឡើងជាសញ្ញាប្រាប់ថា ឧត្ដរានិងម៉ាក់របស់គេចាកចេញទៅ។ ទឹកមុខបូព៌ាកាន់តែអាក្រក់មើល។ តំណក់ទឹកស្រក់តក់ៗចុះលើទ្រនាប់ជើងប៊ូរបស់គេ។
នេះមិនមែនជាតំណក់ភ្លៀងរលឹមដែលស្រក់ចុះតាមចន្លោះប្រហោងដំបូលស្បូវនោះទេ តែជាតំណក់ទឹកភ្នែកមនុស្សប្រុសដើមទ្រូងប្រាំហត្ថ។ យាយគ្រូដើរចូលមកដោយមានទាំងកាន់ក្រមាហុចមកឱ្យបូព៌ា។ គាត់យកដៃគោះស្មាគេតិចៗហើយនិយាយខ្សឹបៗដែលមិនអាចឱ្យអ៊ំធាស្ដាប់ឮបាន។
………………….
មេឃស្រឡះ ខ្យល់ស្ងប់!
អ៊ំធាម្នីម្នាចេញពីផ្ទះដោយទឹកមុខញញឹមញញែម។ ក្នុងដៃគាត់មានគ្រឿងរណ្ដាប់ម្លូស្លា និងចេកទុំមួយស្និតផង។ អ៊ំផាជាអ្នកជិតខាងស្រែកសួរពីក្នុងរបងផ្ទះមក៖
«ទៅណាអ្នកដូចទ្រង់ប្រញាប់ម៉្លេះ?»
«ចា! មានការទៅរកអាចារ្យតិចអ្នកអើយ! ផ្ញើជួយមើលផ្ទះមើលសម្បែងខ្ញុំផង ក្រែងលោមេជ្រូកខ្ញុំដាច់ខ្សែរួច ចេញទៅឈ្មុសដំណាំគេអី។»
«ទៅរកអាចារ្យធ្វើអីអ្នក? និរតីមិនទាន់ជាដាច់ទេអ្ហី?»
«អូ! មិនមែនទេអ្នក គឺថា…» អ៊ំធាសើចបន្តិចសិនទើបបន្ត «ខ្ញុំរកមើលខែឆ្នាំ។»
«លឿនពេកទេដឹងអ្នក? ទើបតែបានមួយខែ តិចអ្នកស្រុកសើចយំ។ ខ្ញុំមិនទាន់ទាំងបានប្រើអាចក់ឱ្យទៅដឹកត្បាល់កិនម្សៅពីផ្ទះអ្នកមកវិញផង។ នៅមានតង់ចងលើរោងចុងភៅទៀត។
«ខ្ញុំចេះតែមើលលេងទៅហ្នឹងណា ក្រែងលោថ្ងៃខែពួកគេត្រូវគ្នា។ ក្មេងៗមិនទាន់ដឹងខ្លួនទេ។ អារឿងមាត់អ្នកស្រុក ខ្ញុំលែងខ្វល់ហើយ។ ខ្ញុំខ្វល់តែពីរឿងសុភមង្គលកូនស្រីខ្ញុំ។ បានជាខុសម្ដង ខ្ញុំមិនចង់ឱ្យកូនខុសម្ដងទៀតទេ។ ម្តងនេះទុកឱ្យខ្ញុំជាម្ដាយចាត់ចែងរឿងគូអនាគតឱ្យកូនម្ដង។ អារឿងត្បាល់កិនម្សៅ និងកៅស៊ូតង់ កុំទាន់អាលយកវិញអីអ្នក ចាំមើលខ្ញុំមើលថ្ងៃខែរួចសិន។»
«ខ្ញុំជួយអរអ្នក! ខ្ញុំសែនពេញចិត្តក្មួយបូព៌ា។ គេទើបជាបុរសល្អស័ក្ដិសមជាមួយនិរតី។»
«ចា! អរគុណ!»
អ៊ំធាឡើងផែលកង់ជិះចេញទៅទាំងទឹកមុខស្រស់ប៉ប្រិម។ ពិតជាក្នុងគ្រោះមានលាភមែន។ តាំងពីការពិតត្រូវបានលាតត្រដាងមក អ៊ំធាប្រកាសផ្ដាច់ទំនាក់ទំនងរវាងនិរតីនិងឧត្ដរា។ គាត់បានប្រគល់លុយបណ្ណាការឱ្យទៅគ្រួសារឧត្ដរាវិញដោយមិនមានទុកមួយកាក់មួយសេនឡើយ។
រយៈពេលមួយខែមកនេះ អ៊ំធាមើលថែកូនស្រីបានយ៉ាងល្អ។ គាត់ស្វះស្វែងរកគ្រូខ្មែរគ្រប់ច្រកល្ហកឱ្យតែឮថាគ្រូណាពូកែ។ ជាលទ្ធផល និរតីបានជាសះស្បើយពីជំងឺទាំងស្រុង។
…………..
តឺងៗ…សំឡេងជួងបន្លឺឡើងក្នុងបរិវេណមណ្ឌលកុមារកំព្រាពន្លឺថ្មី។ កូនមេអំបៅពណ៌ស្វាយតូចៗហិចហើររេរង់លើផ្កាដកខឹមដែលរីករហង់ក្នុងសួនខាងមុខបន្ទប់រៀន។ ម៉ូតូអាសង់មួយគ្រឿងបរយឺតៗមកឈប់ខាងមុខថ្នាក់។ បុរសជាអ្នកបើកពន្លត់ម៉ាស៊ីន រួចយកជើងឆ្វេងវាយចន្ទល់បញ្ឈរម៉ូតូ។ នារីដែលជិះខាងក្រោយចុះពីលើកែបដោយកិរិយាថ្នមៗ។ កំលោះអ្នកឌុបប្រញាប់ចុះពីម៉ូតូដើរមកកាន់ដៃនាង ។ គេគ្រាហ៍នារីរូបស្រស់ដើរចូលទៅក្នុងបន្ទប់រៀនដោយការយកចិត្តទុកដាក់។
«ជម្រាបសួរអ្នកគ្រូ!»
ប្រយោគនេះបន្លឺឡើងខ្ទរថ្នាក់រៀន។ គេឃើញអ្នកគ្រូម្នាក់នោះធ្វើដៃជាសញ្ញាឱ្យសិស្សអង្គុយចុះ។ បុរសសង្ហាឈរញញឹមស្រស់នៅមាត់ទ្វារ។ កែវភ្នែកគេសម្លឹងអ្នកគ្រូក្រមុំឥតដាក់ តែមិនមែនសម្លឹងក្នុងន័យសម្លក់ទេ គឺក្នុងន័យព្រួយបារម្ភ។ អ្នកគ្រូចោលស្នាមញញឹមត្រលប់ទៅគេវិញ ជាព័ស្តុតាងបញ្ជាក់ថា នាងមិនមានកើតអីទៀតឡើយ។
សិស្សានុសិស្សលើកសៀវភៅពុម្ភដាក់លើតុបង្កើតជាស្នូរព្រូសៗ។
អ្នកខ្លះចាប់បើកមើលមេរៀនដែលត្រូវរៀនថ្ងៃនេះ។ អ្នកខ្លះបើកមើលមេរៀនចាស់ដើម្បីរម្លឹកឡើងវិញ ដ្បិតគេខកខានរៀនជាមួយអ្នកគ្រូមួយខែទៅហើយ។ ពួកគេត្រូវរៀនជាមួយគ្រូជំនួស ដោយហេតុអ្នកគ្រូដាក់ច្បាប់ព្យាបាលជំងឺ។
បុរសសង្ហាហាក់មិនអាចរក្សាខ្លួនឱ្យនឹងនៅមាត់ទ្វារបាន។ គេដើរចូលទៅក្បែរអ្នកគ្រូ រួចពោលខ្សឹបៗ៖
«បងឮថាព្រឹកនេះម៉ែទៅមើលខែឆ្នាំពួកយើង។ ថ្ងៃដែលបងទន្ទឹងក៏បានមកដល់។»
ក្មេងៗក្នុងថ្នាក់សម្លឹងតាមដានពួកគេគ្មានបាត់សកម្មភាពមួយទេ។ អ្នកខ្លះប្រឹងផ្ទៀងស្ដាប់យកតែមែនទែន។ តែគួរឱ្យស្ដាយ សំឡេងខ្សឹបរបស់ពូសង្ហានោះខ្សោយពេក មិនអាចឱ្យពួកគេស្ដាប់បាន។
«អ្នកគ្រូមុខក្រហមហើយ។»
ក្មេងៗដែលអង្គុយតុមុខនិយាយឡើង។ អ្នកគ្រូមិននិយាយអ្វីមួយម៉ាត់ តែគ្រវាសដៃឱ្យបុរសសង្ហាចាកចេញពីថ្នាក់រៀនជាបន្ទាន់។ បុរសនោះក៏បង្ខំចិត្តធ្វើតាមដោយទឹកមុខស្ទាក់ស្ទើរហាក់មិនដាច់អាល័យ។ ក្មេងៗញញឹមញញែមដូចយល់សាច់រឿងណាស់អ៊ីចឹង។
ពួកគេនាំគ្នាតឿនអ្នកគ្រូឱ្យហៅលោកពូសង្ហាចូលមកក្នុងថ្នាក់រៀនវិញ។ សិស្សខ្លះជញ្ជូនកាតាបផ្លាស់ទីទៅអង្គុយតុថ្មី ដើម្បីទុកកន្លែងឱ្យលោកពូសង្ហាបានអង្គុយទៀតផង។
សិស្សប្រុសម្នាក់ដែលអង្គុយតុក្រោយគេយកសៀវភៅបិទមុខព្រោះតែត្រូវមិត្តភក្តិចំអន់ឱ្យ។ គេចាំបានថាមានម្ដងនោះ គេមិនធ្វើកិច្ចការសាលាដែលអ្នកគ្រូដាក់ឱ្យ។ អ្នកគ្រូមិនបានដាក់ពិន័យគេទេ តែប្រាប់ឱ្យសិស្សនោះសន្យាថានឹងខិតខំរៀន លែងខ្ជិលច្រអូសទៀត។
ពេលនោះគេឆ្លើយទាំងក្លាហានថា បើអ្នកគ្រូមានប្ដី គេនឹងខំរៀនឱ្យពូកែ។ ដល់តែលើកនេះ អ្នកគ្រូមានគូ គ្រប់គ្នាចោមរោមមើលថាគេនឹងខំរៀនដូចដែលបានសន្យាដែរទេ។
អ្នកគ្រូងាកមុខមករកកូនសិស្សវិញបន្ទាប់ពីប្រើក្រសែភ្នែកជូនដំណើរគូសង្សារអស់មួយសន្ទុះ។ សំឡេងម៉ូតូបរចេញទៅ ជំនួសមកវិញនៅសំឡេងសារទូរសព្ទ។ អ្នកគ្រូក្រមុំប្រញាប់ឆែកមើល រួចក៏ញញឹមបិទមាត់លែងជិត៖
«ម៉ែប្រាប់ថាខែឆ្នាំពួកយើងត្រូវគ្នាល្អណាស់។ ក្រោយបានគ្នាជាប្ដីប្រពន្ធនឹងរកស៊ីមានបាន ត្រជាក់ត្រជុំ កើតកាលវាលគុម្ព មានកូនមានចៅពេញផ្ទះ។»
………….
មួយខែក្រោយមក!
សំឡេងភ្លេងការលាន់ឮគ្រហឹមបង្ហើរពីមេក្រូដែលបំពាក់លើចុងក្រសាំងរបងផ្ទះអ៊ំធា។ ម្តងនេះម្ចាស់មេក្រូលែងចងមេក្រូនឹងដើមអំពិលបារាំងដូចមុនទៀតហើយព្រោះខ្លាចនាំប្រផ្នូលមិនល្អទៀត។
អាពាហ៍ពិពាហ៍របស់និរតីនិងបូព៌ានាពេលនេះ បង្កើតឱ្យមានការជជែកវែកញែកខ្ទរខ្ទារភូមិស្រុក។ អ្នកស្រុកខ្លះជួយអរគ្រួសារនិរតីដែលអាចគេចផុតពីគ្រោះអាក្រក់ ហើយរកបានកូនប្រសារល្អដូចបូព៌ា។ អ្នកស្រុកខ្លះទៀតដែលមិនជឿលើរឿងផ្លូវងងឹត ទៅជាអាណិតកូនកំលោះមុនវិញ។
ពួកគេយល់ថា កូនក្រមុំសម្ដែងធ្វើជាឈឺដើម្បីរំសាយមង្គលការដោយមិនចង់ខូចខាតកេរ្តិ៍ឈ្មោះ។ នាងនិងគូស្នេហ៍ថ្មីរួមដៃគ្នាកេងចំណេញលើជំនឿផ្លូវងងឹតងប់ងល់របស់អ្នកភូមិ បង្កើតបានជាឆាកល្ខោនបោកប្រាស់ដ៏ជោគជ័យមួយ។
យ៉ាងណា រឿងគ្រប់យ៉ាងប្រហែលមិនខុសពីពាក្យដែលយាយគ្រូខ្សឹបប្រាប់បូព៌ានោះឡើយ «រឿងមិនគួរកើតបានកើតរួចទៅហើយ។ តទៅមានតែត្រូវដើរទៅមុខបន្តទៀត។»
ចប់ដោយបរិបូរណ៍!
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ