ជាច្រើនឆ្នាំលើវិស័យអំណាន អ្នកនិពន្ធ មុីសន សុធារី បានពាំនាំនូវសៀវភៅរាប់សិបចំណងជើង មិនមែនតែសាច់រឿងដែលបង្កប់ន័យនៃមាគ៌ាជីវិត ក៏ដូចជាទស្សនវិជ្ជានោះឡើយ។ ក្នុងនោះ ក៏មានការចែករំលែកនូវបទពិសោធ ចំណេះនិងជំនាញ តាមរយៈសៀវភៅជំរុញថាមពលចិត្ត ក្នុងន័យបណ្តុះស្មារតី បំផុសសក្តានុពលនៃបុគ្គលម្នាក់ឱ្យចេញមក តាមរយៈការអាន។

កន្លងមក អ្នកនិពន្ធ មុីសន សុធារី ក៏បានចងក្រងនូវសៀវភៅជំរុញថាមពលចិត្តប៉ុន្មានចំណងជើង ក្នុងកាលៈទេសៈសំខាន់មួយចំនួនផងដែរ ខណៈក្នុងចំណោមនោះ ក្រុមការងារ MST សូមលើកយកតែសៀវភៅជាប់កំណត់ត្រាលក់ដាច់បំផុត ៣ ចំណងជើងខាងក្រោមនេះ៖
១. និយាយដូចអ្នកដឹកនាំ
សៀវភៅពេញដោយការជំរុញសក្តានុពលក្នុងភាពជាអ្នកដឹកនាំមួយក្បាលនេះ បានជាប់កំណត់ត្រាលក់ដាច់បំផុត ក្នុងឆ្នាំ២០២៥។ “ភាពជាអ្នកដឹកនាំ និងការនិយាយឱ្យមានចរន្តបំផុសទឹកចិត្តឈានទៅរកការផ្លាស់ប្តូរ មិនមែនជាលក្ខណៈសម្បត្តិពីកំណើតនៃបុគ្គលទេ តែជាជំនាញដែលត្រូវរៀន ទាមទារការអនុវត្ត ការយល់ដឹងពីចំណុចខ្លាំងខ្សោយខ្លួនឯង ក៏ដូចជាភាពក្លាហានក្នុងការវិនិយោគកែលម្អរបៀបទំនាក់ទំនង ឱ្យកាន់តែមានប្រសិទ្ធភាពថែមជានិច្ច”។

២. ធ្វើឱ្យអស់ពីសមត្ថភាព
«ធ្វើឱ្យអស់ពីសមត្ថភាព» ជាចំណងជើងនៃក្របសៀវភៅជំរុញទឹកចិត្ត របស់អ្នកនិពន្ធ មុីសន សុធាវី ក្នុងកំណត់ត្រាលក់ដាច់ក្នុងឆ្នាំ២០២៤ បោះពុម្ពផ្សាយដោយ «តម្រា»។ តាមរយៈអត្ថន័យដ៏មានសក្តានុពលដល់ដំណើរជីវិត ពីសៀវភៅត្រៀមចេញក្បាលនេះ អ្នកនិពន្ធបានរំលេចពីកត្តាមួយចំនួន ដែលបានពង្វក់ចិត្តគំនិតយុវវ័យឱ្យជឿស្លុងលើអ្វីដែលថា “នាំទៅរកភាពជោគជ័យ” ។ អ្នកនិពន្ធ មានចេតនាចម្បងក្នុងការជំរុញទស្សនៈរបស់អ្នកអាន ដើម្បីជួយស្វែងរកគុណតម្លៃរបស់បុគ្គល ឈានឆ្ពោះទៅភាពជោគជ័យ តាមរយៈជំនាញទន់ដែលជាជំនាញធំ និងចាំបាច់…។

៣. ការឈឺចាប់
សៀវភៅកម្រាស់ប្រមាណជាង ៣០០ទំព័រនេះ ជាស្នាដៃរបស់អ្នកនិពន្ធ ម៉ីសន សុធារី ដែលដាក់បង្ហាញលើកទីផ្សារអនឡាញកាលខែមេសា ឆ្នាំ២០២១ ពោលគឺអំឡុងពេលនៃវិបត្តិជំងឺកូវីដបានរាត្បាតកម្ពុជា ប៉ុន្តែមានការគាំទ្រអានច្រើនបំផុត និងត្រូវបានគេចាត់ទុកជាសៀវភៅដែលជួយអាចជួយបន្សាបទុក្ខព្រួយបានមួយភាគធំ។

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ