រឿង៖ មនុស្សចុងក្រោយ

«អូន…បងបន្តលែងកើតហើយ!»

សំឡេងគ្រលរបន្លឺឡើងដោយភាពតានតឹង នាយនិយាយទាំងឱនមុខចុះដោយមិនសប្បាយចិត្ត។

«បងនិយាយអីហ្នឹង សាន់?»

«យើងលែងលះទៅ សាវនា!»

មួយប្រយោគនេះ សាន់ និយាយទៅកាន់ភរិយាដោយសំឡេងស្មើបំផុតប្រកបដោយភាពប្រាកដប្រជាទោះជាមើលទៅនាយតានតឹងបន្តិចក៏ដោយ។

«កុំនិយាយលេងអ៊ីចឹងអីមិនពីរោះស្តាប់ទេសាន់!» 

សាវនា ជាភរិយាយកហត្ថាចាប់ស្មាស្វាមីព្រមទាំងនិយាយដោយរលីងរលោង ពេលដែលឮគាត់និយាយដាក់នាងបែបនេះ។

«បងមិនបាននិយាយលេងទេ យើងលែងលះទៅ!»

«ហេតុ…អី? កន្លងមកមានអ្វីធ្វើឱ្យបងមិនពេញចិត្តមែនទេ?» សាវនា រអាក់រអួលទប់ទឹកភ្នែកដែលបម្រុងនឹងស្រក់បណ្តើរសម្លឹងមើលទៅមុខស្វាមីបណ្តើរផង នាងនៅតែមិនយល់ហេតុអីបានជា សាន់ និយាយបែបនេះមកកាន់នាងទោះបីជាកន្លងមកទំនាក់ទំនងមួយនេះសោះកក្រោះពិតមែនតែនាងក៏មិនគិតថាវាអាចដើរមកដល់ផ្លូវនេះទេ។

«បងមិនបានស្រលាញ់អូនទេ បងសុំទោស!» សាន់ ឱនមុខចុះសម្លឹង សាវនា មិនចំ។

«បងនិយាយអី? បងមិនស្រលាញ់អូន…ចុះហេតុអីបងរៀបការជាមួយអូន? ប្រាប់អូនមកមើលបងទុកអូនជាអ្វីសាន់រយៈពេលមួយឆ្នាំមកនេះ…គ្មានន័យអីសម្រាប់បងសោះមែនទេ?»

សាវនា ស្រក់ទឹកភ្នែកចុះមកតក់ៗដោយមិនអាចហាមឃាត់បានក្នុងទ្រូងនាងពេលនេះវាឈឺតឹងស្ទើរផ្ទុះ ឈឺលើសត្រូវមុខកាំបិតចាក់ទៅទៀត។ សាន់ យកដៃជូតទឹកភ្នែកចេញពីផែនថ្ពាល់នាង មុននឹងហាស្តីបន្ត៖

«សាវនា បងមិនចង់ឱ្យអូនឈឺចាប់ជាងនេះទេ! កន្លងមកបងបំភ្លេចមនុស្សដំបូងរបស់បងមិនបាននោះទេ បងនៅតែនឹកដល់នាង កន្លងមកនេះបញ្ជាក់ឱ្យបងឃើញថា បងគ្រាន់តែមានអារម្មណ៍ល្អជាមួយអូន តែបងមិនបានស្រលាញ់អូននោះទេ! បងសូមទោស អូនអាចជេរស្តីដៀលថាបងតាមចិត្តបាន បងមិនល្អនោះទេ បើបន្តកាន់យូរវាកាន់តែយ៉ាប់ជាងនេះ! បងមិនចង់ឱ្យអូនឈឺចាប់ជាងនេះទេ សូមទោស!»

«សាន់ អូនស្រលាញ់បង! យើងកុំលែងលះអីណា…»

សាវនា ស្ទុះទៅឱបសាន់ទាំងទឹកភ្នែក បេះដូងនាងពេលនេះវាឈឺស្ទើរប្រេះបែកជាបំណែកៗទៅហើយ ប្រុសម្នាក់នេះស្ងប់ស្ងាត់តែចិត្តត្រជាក់ខ្លាំងពេកហើយ។

«សាវនា បង…បងមិនអាចធ្វើឱ្យមនុស្សល្អដូចអូនឈឺចាប់ខ្លាំងជាងនេះទៀតទេ។ បើយើងបន្តតើមានន័យអ្វីទៅ? អូនក៏ដឹងថាបងនៅតែនឹកដល់គេ!»

«ហឹកៗ! ការលែងលះសម្រាប់បងវាពិតជាងាយៗផុយស្រួយណាស់មែនទេ សាន់ យើងកុំលែងលះអីអូនអង្វរ!»

«បើយើងបន្តក៏គ្មានន័យដែរ សាវនា។ បងគ្រាន់តែចង់ឱ្យអូនចួបមនុស្សល្អជាងបង បងមិនសមនឹងអូនទេ…»

«អូនមិនចង់បានអ្នកណាក្រៅពីបងទេ សម្រាប់អូនមានបងម្នាក់គ្រប់គ្រាន់ហើយ យើងកុំលែងលះអីណា សាន់ យើងកុំលែងលះអីណា! ហឹកៗ»

សាវនា យំទទូចអង្វរគេ ដូចមនុស្សកើតសតិអារម្មណ៍ ប៉ុន្តែ សាន់ បានត្រឹមតែឈរធ្មឹងហាក់មិនជ្រាបនូវអ្វីដែលភរិយានិយាយទាល់តែសោះ តែក្នុងចិត្តរបស់គេក៏អាណិតនាង ធ្វើឱ្យគេរឹតតែចង់លែងលះផ្តាច់ចំណងមួយនេះ។

«លែងខ្ញុំទៅ សាវនា!»

សព្វនាមប្តូរពី អូន មក ខ្ញុំ យ៉ាងរហ័សធ្វើឱ្យសាវនា យំកាន់តែខ្លាំងជាងមុនហើយកាន់តែបន្ថែមកម្លាំងដៃរឹតខ្លួន សាន់ មិនព្រមលែង។

«អត់ទេ បើអូនលែងបងនឹងទៅចោលអូន អ៊ីចឹងអូននឹងមិនលែងបងឡើយ»

«បានហើយសាវនា ខ្ញុំមិនបានស្រលាញ់នាងទេ!»

សាន់ និយាយហើយក៏ប្រឡេះដៃដ៏តូចរបស់ភរិយាចេញពីខ្លួន មុននឹងបោះដំណើរចាកចេញពីផ្ទះយ៉ាងរហ័សដោយមិនងាកក្រោយ មិនខ្វល់នឹងសំឡេងស្រែកទ្រហោយំអង្វររបស់ សាវនា ឡើយ។

«សាន់ ហឹកៗ កុំទៅអីសាន់ ហឹកៗ បងកុំធ្វើបែបនេះអី!»

សាវនា ក្នុងឈុតគេងឈប់រត់ទៅតាមពីក្រោយស្វាមី តែគួរឱ្យ ស្តាយ សាន់ បានបើកឡានចេញបាត់ទៅហើយនាងតាមគេមិនទាន់នោះទេ។

«សាន់ ត្រលប់មកវិញមក! ហឹកៗ!»

នាងទន់ជង្គង់អង្គុយចុះ យំចេញមកដោយឥតមានខ្មាសអ្នកណា ដៃម្ខាងរបស់ សាវនា ខ្ទប់ទ្រូងខាងឆ្វេងដែលកំពុងឈឺខ្លាំងបរិយាយមិនត្រូវ។ ពីមួយនាទីទៅមួយនាទី នាងទ្រហោយំកាន់តែខ្លាំងៗទៅដោយភាពឈឺចាប់ ខូចចិត្ត ខកចិត្ត លាយឡំគ្នាយ៉ាងសោកសៅ។

ទោះដឹងថាកន្លងមកគេរៀបការជាមួយនាងដើម្បីតែបំភ្លេចអ្នកចាស់ គេសោះកក្រោះដាក់នាង ប៉ុន្តែនាងស្រលាញ់គេខ្លាំង មិនចង់ឱ្យគេចាកចេញនោះទេ គ្រប់យ៉ាងព្រោះនាងស្រលាញ់គេខ្លាំង ស្រលាញ់គេលើសអ្វីៗទាំងអស់។

មួយសន្ទុះក្រោយ!

«សាវនា!» ម៉ូតូធំបានចតចោលនៅខាងមុខផ្ទះ រាងខ្ពស់ស្រឡះស្រវារត់ទៅជិតខ្លួនតូចដែលកំពុងអង្គុយយំយ៉ាងគួរឱ្យអាណិត សំឡេងមានទឹកដមបន្លឺឡើងដោយភាពតក់ស្លុត នាយសង្ហាប្រញាប់ស្ទុះទៅគ្រា សាវនា ឱ្យក្រោកឡើង។

«ហឹកៗ! ហឹកៗ! គេទៅហើយ រ៉ាវ៉ុន ហឹកៗ…គេទៅចោលខ្ញុំហើយ»

នាងនៅតែបន្តយំជារឿយៗ ខណៈដែលកំលោះឈ្មោះ រ៉ាវ៉ុន កំពុងតែមើលទៅកាន់នាងដោយក្តីអាណិត កែវភ្នែកគេមើលទៅក៏ឈឺមិនចាញ់នាងប៉ុន្មានដែរ ជាកែវភ្នែកដែលមានរឿងជាច្រើនលាក់នៅក្នុងចិត្ត។

«តស់ទៅក្នុងសិនទៅ មើលចុះហើមភ្នែកអស់ហើយ»

ថារួច រ៉ាវ៉ុន ក៏នាំនាងចូលទៅខាងក្នុងផ្ទះ ខណៈដែល សាវនា នៅតែបន្តយំ ខ្លួនរបស់នាងមានអារម្មណ៍ថាខ្សោះខ្សោយកម្លាំងកំហែងស្ទើរតែលែងមានទៅហើយ។

«ចាំខ្ញុំទៅធ្វើ ក្រូចច្របាច់ឱ្យនាងញ៉ាំ!»

 បន្ទាប់ពីដាក់ឱ្យ សាវនា អង្គុយលើសាឡុងហើយ រ៉ាវុន ក៏ក្រោកឡើង។

«មិនបាច់ទេ ខ្ញុំមិនឃ្លានទេ តើ សាន់ ជាអ្នកឱ្យលោកមកមើលខ្ញុំមែនទេ?»

សាវនា ងើបផ្ទៃមុខដែលដាមដោយតំណក់ទឹកភ្នែក កែវភ្នែកនាងក្រហម មុខស្រពាប់ស្រពោនបង្ហាញឱ្យឃើញពីទំហំនៃភាពសោកសៅ សួរជជីកទៅកាន់ រ៉ាវ៉ុន។

រ៉ាវ៉ុន ធ្វើមុខអេះអុញយកដៃជ្រោងសក់ ឆ្លើយទាំងមិនសម៖

«បាទ…មែនហើយ»

«មិនរំខានលោកទេ ខ្ញុំចង់នៅម្នាក់ឯង»

ស្រីល្អក្រោកឡើងហើយក៏ប្រញាប់បោះជំហានទៅបន្ទប់របស់នាងយ៉ាងលឿន កំលោះសង្ហា រ៉ាវ៉ុន មិនបានហាមឃាត់ព្រោះតែដឹងពីស្ថានភាពផ្លូវចិត្តរបស់នាងច្បាស់។ នាយមិនអាចធ្វើអ្វីបាន បានត្រឹមតែទម្លាក់ខ្លួនអង្គុយលើសាឡុងសញ្ជឹងគិតទៅឆ្ងាយ។

នៅក្នុងបន្ទប់ពោរពេញដោយភាពងងឹត គ្មានពន្លឺ រាងកាយតូចក្នុងឈុតដំណេកអង្គុយផ្អែកខ្នងនឹងជញ្ជាំងបន្ទប់ ឱនផ្ទៃមុខចុះ បាំងដោយសរសៃសក់វែងរបស់នាង កំពុងតែយំខ្សឹកខ្សួលម្នាក់ឯង។

«ហឹកៗ! សាន់… តើពេលនេះបងនៅឯណា?  បងមករកអូនវិញមក។ អូនចង់ឱ្យបងជាអ្នកមករកអូន មិនមែនជា រ៉ាវ៉ុន នោះទេ ហឹកៗ!»

សាវនា យំបណ្តើរ Chat ទៅសាន់ បណ្តើរ ដៃរបស់នាងប្រែជាញ័រ។ តែមិនថានាងព្យាយាម Chat ទៅគេប៉ុន្មានដង ក៏គេមិនបានចូលមើលនិង Reply នាងដែរ។

ច្រើនថ្ងៃក្រោយមក សាវនា នៅតែរង់ចាំការត្រលប់មកវិញរបស់ស្វាមី នាងព្យាយាមខល ព្យាយាម Chat ទៅគេប៉ុន្តែគេមិនដែលទទួលលេខនាង មិនដែលតបឈែតនាងឡើយ គ្រប់យ៉ាងបានត្រឹមតែធ្វើឱ្យនាងអស់សង្ឃឹម ព្យាយាមទទួលយកការពិតថាទំនាក់ទំនងមួយនេះដើរមកដល់ផ្លូវបំបែកទៅហើយ នាងចង់ឃាត់គេកុំឱ្យទៅ តែក៏ដឹងច្បាស់ណាស់ថាវាមិនអាចទៅរួចនោះទេ នាងកាន់តែព្យាយាមឃាត់គេ គេកាន់តែចង់ចាកចេញ។

«ទីបំផុតអូនព្រមហើយ អូនព្រមដោះលែងបងហើយ សាន់!»

សាវនា យំនាងមានអារម្មណ៍ថានៅក្នុងពេលមួយនេះឈឺចាប់លើសគ្រាណាៗទាំងអស់ នាងយំច្រើនដង ច្រើនដល់ថ្នាក់បេះដូង រាងកាយនាងស្ពឹកអស់ទៅហើយ ការឈឺចាប់កើនឡើងលើសលប់។ នាងស្រលាញ់ សាន់ ខ្លាំងពិតណាស់ថាមិនចង់ចែកផ្លូវជាមួយគេឡើយ តែក៏ព្រោះតែក្តីស្រលាញ់ដូចគ្នាធ្វើឱ្យនាងដឹងថាស្នេហាមិនអាចបង្ខំបានឡើយ។ ចុងក្រោយក្តីស្រលាញ់វាគឺជាការលះបង់សម្រាប់នាង…នាងលះបង់ សាន់ ឱ្យគេធ្វើតាមបេះដូងខ្លួនឯង។ ដូចជា សាន់ និយាយអ៊ីចឹងបន្តទៀតក៏គ្មានន័យអ្វីដែលព្រោះគេមិនបានស្រលាញ់ នាង។

៣ឆ្នាំក្រោយ…!

សាវនា ពេលនេះមានអាយុ ២៥ឆ្នាំហើយ សព្វថ្ងៃនាងជា ប្រធានផ្នែករដ្ឋបាលនៅក្នុងក្រុមហ៊ុនមួយ។ ក្រោយពីចែកផ្លូវគ្នាជាមួយសាន់នាងក្លាយជាមនុស្សស្រីម្នាក់ដែលលែងជឿជាក់លើស្នេហាទៅហើយ នាងចូលចិត្តរស់នៅស្ងាត់ស្ងៀមខណៈដែល រ៉ាវ៉ុន តែងតែតាមយកចិត្តនាងក៏ដោយ។

សាន់ និង មុរី ជាគូស្នេហ៍នឹងគ្នា ប៉ុន្តែពួកគេបានបែកគ្នាមួយរយៈដោយសារ មុរី ត្រូវទៅរៀនបន្តនៅបរទេស។ ច្រើនឆ្នាំក្រោយមកបន្ទាប់ពី មុរី ត្រលប់មកវិញនាងក៏មានគូដណ្តឹងបាត់ទៅហើយ ដែលជាគូដណ្តឹងផ្សំផ្គុំពីសំណាក់គ្រួសារ សាមីខ្លួនមិនបានពេញចិត្តនោះទេ ព្រោះតែរឿងនេះហើយទើបធ្វើឱ្យទំនាក់ទំនងរវាង មុរី និង សាន់ ត្រូវប្រេះស្រាំ។

មុរី នេះហើយដែលជាមនុស្សដំបូងរបស់ សាន់ នាយពិតជាស្រលាញ់នាងខ្លាំងណាស់។

សាវនា នារីកម្សត់ដែលតាមស្រលាញ់ សាន់ ជាយូរមកហើយនោះមានឱកាសក៏បាន ចូលខ្លួនមកតាមមើលថែ សាន់ យកចិត្តទុកដាក់ជាមួយគេ ចុងក្រោយពួកគេក៏បានទាក់ទងគ្នាជាសង្សារហើយក៏ឈានដល់ការរៀបការ ទាំងដែល សាវនា មិនជ្រាបច្បាស់ពីបេះដូងរបស់ សាន់ ឡើយ។

ចំណែកឯ រ៉ាវ៉ុន វិញគេគឺជាមិត្តភក្តិរបស់ សាន់ ហើយក៏ជា មិត្តរួមការងាររបស់ សាវនា ផងដែរ។

ក្រុមហ៊ុន!

«បងនា នេះបងវ៉ុនផ្ញើឱ្យបង!»

បុគ្គលិកក្នុង Team យក   ភេសជ្ជៈមកឱ្យ សាវនា ដែលកំពុងអង្គុយធ្វើការមុខកុំព្យូទ័រ។ នាងងើយមុខឡើងក៏ឃើញថាវាជា Matcha latte។

«អរគុណ! តែប្រាប់គេទៅថាខ្ញុំមិនញ៉ាំទេ អូនយកទៅឱ្យគេវិញទៅ»

«តែ…»

«ផ្តាំទៅគេផង មិនបាច់ទិញឱ្យខ្ញុំទៀតនោះទេ ខ្ញុំមិនត្រូវការនោះទេ»

«អូហ៍ចាស៎!»

បុគ្គលិកក្នុង Team របស់នាងឮសម្តីម៉ឺងម៉ាត់របស់ប្រធានផ្នែកហើយ ក៏មិនហ៊ាននិយាយអ្វីដែរ បានត្រឹមតែធ្វើមីងមាំងយកភេសជ្ជៈទៅឱ្យម្ចាស់ដើមវិញ។

«បីឆ្នាំមកនេះ នាងមិនព្រមបើកចិត្តសម្រាប់ខ្ញុំបន្តិចសោះ!»

រ៉ាវ៉ុន គិតនៅក្នុងចិត្តទាំងក្រៀមក្រំព្រមទាំងសម្លឹងមើលកែវ ម៉ាឆា ដោយស្រងូតស្រងាត់។ កំលោះ រ៉ាវ៉ុន មានអាយុ ២៦ឆ្នាំហើយ នាយជាបុគ្គលិកផ្នែក IT ដ៏ឆ្នើមនៅក្នុងក្រុមហ៊ុនមួយនេះ។ គេជាបុរសសង្ហា មានចរិតល្អ ម៉ឺងម៉ាត់ ហើយនាយក៏មាននារីជាច្រើនប្រាថ្នាចង់បានជាគូអនាគតផងដែរ តែគួរឱ្យស្តាយដែលសព្វថ្ងៃនាយកំពុងតាមស្រលាញ់គេម្នាក់ឯង។

ម៉ោង៧យប់ទៅហើយ ហើយក៏ជាម៉ោងដែលបុគ្គលិកចេញពីក្រុមហ៊ុនធ្វើការដូចគ្នា។ សាវនា ចុច Shut down កុំព្យូទ័រ ហើយក៏រៀបចំកាបូបស្ពាយ ចេញមកខាងក្រៅក្រុមហ៊ុនដោយទឹកមុខមាំ រួចក៏បើកម៉ូតូស្កុបពីពណ៌សរបស់នាងត្រលប់ទៅផ្ទះវិញ។

សាវនា ជិះម៉ូតូតាមផ្លូវធម្មតា រហូតដល់ច្រកផ្លូវតូចមួយដែលជាច្រកបត់ចូលផ្ទះនាង តាមធម្មតាផ្លូវនេះរាងងងឹតនឹងស្ងាត់បន្តិច ធ្វើឱ្យនាងរាងខ្លាចតិចៗ ទើបប្រញាប់បោះពួយម៉ូតូឱ្យរាងលឿន ណាមួយនាងឃើញមានម៉ូតូមួយហាក់ដូចជាកំពុងជិះតាមនាងពីក្រោយ ទើបមានអារម្មណ៍ថាមិនសូវស្រួល។

បន្តិចក្រោយមកនាងក៏បានមកដល់ផ្ទះទើបប្រញាប់បើកទ្វារចាក់សោចូលផ្ទះយ៉ាងលឿនណាមួយក៏នៅតែម្នាក់ឯងផង។

បន្តិចក្រោយមកក៏ឮសំឡេងគោះទ្វារមិនឈប់!

តុកៗ!

សំឡេងគោះទ្វារបន្លឺឡើងមកខ្លាំងៗ សាវនា ភ័យញ័រដៃនាងក៏ស្រវាបានកាំបិតមកកាន់ហើយក៏ដើរទៅជិតទ្វារ។

តុកៗ!

ទ្វារកាន់តែគោះញាប់ទៅៗ សាវនា ដៃម្ខាងកាន់កូនកាំបិតរួចជាស្រេច។

ក្រាក!

ជ្រុច!

«ងាប់ទៅអារោគចិត្ត!»

«អូយ! សាវ…នា ខ្ញុំទេ!»

«អ្ហាះ??»

តាមពិតជា រ៉ាវ៉ុន ទេតើ សាវនា ស្មានតែជាពពួករោគចិត្តមកពីណាទេតើ ហើយគេកើតឆ្កួតអីបានជាជិះតាមនាងស្ងាត់ៗមកបែបនេះជួយមិនបានទេនរណាប្រើឱ្យគេតាមនាងបែបនេះធ្វើអី។

«តិចៗ… ឈឺខ្លាំងណាស់!»

រ៉ាវ៉ុន តម្អូញពេលដែល សាវនា លាបថ្នាំរបួសលើដៃឱ្យគេ នេះសំណាងហើយដែលនាងមិនជ្រុលចាក់គេខ្លាំងជាងនេះនោះ កុំអីចប់មិនខានទេ។

«លោកមកតាមខ្ញុំធ្វើអី?»

«នាងភ្លេចទូរសព្ទទើបខ្ញុំយកមកឱ្យ! អូយ! ថ្នមដៃបន្តិចទៅមើល ដៃធ្ងន់ម្ល៉េះ!»

«បើខ្លាំងលាបខ្លួនឯងទៅ!»

សាវនា ស្រែកដាក់ រ៉ាវ៉ុន ដូច្នេះទើបគេព្រមស្ងាត់មាត់ សម្លឹងទៅមើលផ្ទៃមុខស្អាតរបស់នាងដោយយកចិត្តទុកដាក់ កាន់តែមើលកាន់តែលង់ដកចិត្តមិនរួច។

«រួចហើយ! សុំទោសផងណាខ្ញុំគ្មានចេតនាទេ»

នាងហាក់បីដូចជាដឹងខុសទើបបន្ទាបសំឡេងបន្តិចរួចក៏សម្លឹងមើលទៅមុខរបស់ រ៉ាវ៉ុន។

«គ្មានចេតនាប៉ុណ្ណឹងហើយ ទម្រាំមានទៀតខ្ញុំក្លាយខ្លួនជាខ្មោចមិនខានទេ តែណ្ហើយខ្ញុំមិនប្រកាន់ទេ របួសក្រៅបេះដូង!»

«សុំទោស! នរណាទៅដឹងថាជាលោកទៅ ខ្ញុំស្មានតែពពួកក្មេងបែកថ្នាំមកពីណាទេតើ ឯណាទូរស័ព្ទរបស់ខ្ញុំនោះ?»

«នេះបាទ៎!» កំលោះសង្ហា ហុចទូរស័ព្ទឱ្យនាង រួចក៏បន្តសម្លឹងមុខ សាវនា មិនឈប់រហូតធ្វើឱ្យសាមីខ្លួនមានអារម្មណ៍ថាទើសចិត្ត។

«លោកកើតអីបានចេះតែសម្លឹងមើលមុខខ្ញុំបែបនេះ?»

«មកពីនាងស្អាត!» គេនិយាយទាំងញញឹមស្រស់។

«ឈប់លេងសើចរ៉ាវ៉ុន ខ្ញុំអត់បានរំភើបជាមួយទេ!»

«ខ្ញុំស្រលាញ់នាង!»

«ឈប់និយាយទៅ ខ្ញុំឮលោកនិយាយច្រើនដងហើយ ខ្ញុំធុញ!»

«ហ៊ើយពេលណាក៏ធុញដែរ បើរវល់តែធុញបែបនេះ ពេលណាបានរៀបការទៅ»

សាវនា ឮសម្តីរបស់នាយកំលោះម្នាក់នេះហើយក៏តបតទៅវិញភ្លាមៗបញ្ជាក់ពីអារម្មណ៍នាង៖

«ខ្ញុំធ្លាប់រៀបការហើយ ខ្ញុំមិនត្រូវការលោកទេ ខ្ញុំជាស្រីមេម៉ាយលោកក៏ដឹង»

«ខ្ញុំស្រលាញ់នាង ខ្ញុំមិនខ្វល់ថានាងជាអ្វី មានប្រវត្តិយ៉ាងម៉េចទេ សំខាន់ខ្ញុំស្រលាញ់នាង»

«តែខ្ញុំមិនស្រលាញ់លោកទេ ហើយក៏គ្មានថ្ងៃហ្នឹងស្រលាញ់ បើអស់កិច្ចការហើយសូមលោកត្រលប់ទៅវិញចុះ។ អរគុណហើយដែលបានយកទូរសព្ទមកឱ្យខ្ញុំ!»

សាវនា ថាហើយក៏បោះជំហានចូលទៅបន្ទប់នាងបិទទ្វារចាក់សោធ្វើមិនដឹង។ ចំណែក រ៉ាវ៉ុន បានត្រឹមតែធ្វើមុខក្រញូវដើរទៅរកម៉ូតូធំរបស់គេជិះត្រលប់ទៅផ្ទះវិញ តែក្នុងចិត្តរបស់គេតែងតែបារម្ភពីនាងមិនឈប់។

«នាងតែងតែបែបនេះ!»

«ខ្ញុំមិនអាចបើកបេះដូងទទួលយកលោកបានទេ ខ្ញុំឈប់ជឿជាក់លើស្នេហាយូរមកហើយ ព្រោះចុងក្រោយអ្វីដែលខ្ញុំទទួលបានគឺមានតែភាពឈឺចាប់ប៉ុណ្ណោះ»

សាវនា ហាមាត់និយាយខ្សឹបៗទាំងកំពុងសម្លឹងមើលការចាកចេញរបស់ រ៉ាវ៉ុន តាមមាត់បង្អួច។

តាំងតែពីបានចែកផ្លូវគ្នាជាមួយ សាវនា មក សាន់គេបានលាឈប់ពីក្រុមហ៊ុនធ្វើការ បើកហាងកាហ្វេតូចមួយលក់ដូរដោយស្ងប់ស្ងាត់ និងព្យាយាមព្យាបាលរបួសបេះដូងរបស់គេ។ គេតែងតែដឹងអំពីរឿងរ៉ាវដែល រ៉ាវ៉ុន តាមស្រលាញ់អតីតភរិយាខ្លួន ប៉ុន្តែនាយមិនមានបញ្ហាអ្វីនោះទេ មានតែគាំទ្រ ព្រោះតែមិត្តរបស់ខ្លួន រ៉ាវ៉ុន ជាមនុស្សល្អ មិនមែនជាមនុស្សអាក្រក់ដូចជាខ្លួនឡើយ បើ សាវនា ព្រមទទួលយកគេគ្រប់យ៉ាងនឹងប្រសើរ។

ថ្ងៃស្អែក!

គ្មានអ្វីខុសប្រក្រតីនោះទេ គ្រប់យ៉ាងដំណើរការតាមធម្មតាហ្នឹងឯង។ រាងខ្ពស់ស្រឡះតូចស្តើង មានសក់ត្រឹមចង្កេះរបស់ សាវនា បោះជំហានចូលក្នុងក្រុមហ៊ុនព្រមទាំងដើរតម្រង់ទៅកន្លែងធ្វើការរបស់នាង រួចក៏ទម្លាក់ខ្លួនអង្គុយចុះ។

កែវភ្នែកថ្លាស្អាតសម្លឹងទៅឃើញអ្វីម្យ៉ាងនៅលើតុការងាររបស់នាង វាគឺជាកំប៉ុងទឹកដោះគោដែលមានបិត Note មួយជាប់នៅបាតកំប៉ុង។

«ខ្ញុំដឹងថានាងចូលចិត្ត កុំភ្លេចញ៉ាំផងណា ពី រ៉ាវ៉ុន!»

«មនុស្សឆ្កួត!»

សាវនា ឧទានឡើងហើយក៏យកដបទឹកដោះគោទៅទម្លាក់ចូលធុងសំរាមដោយមិនពេញចិត្ត។ បន្ទាប់មកនាងក៏បន្តការងារធម្មតាទៅ។

សាវនា មិនបានដឹងទេថាមានមនុស្សកំពុងតែឈរមើលសកម្មភាពរបស់នាងអម្បាញ់មិញនេះ ទង្វើរបស់នាងធ្វើឱ្យទឹកចិត្តនាយកំលោះធ្លាក់ដល់បាតតែម្តង វាពិតជាឈឺចាប់ណាស់ដែលត្រូវមកឃើញរឿងបែបនេះផ្ទាល់ៗភ្នែក នាយអាចនិយាយបានថាវាជារឿងដែលធ្វើឱ្យអន់ចិត្តខ្លាំងណាស់!។

«តើនាងស្អប់ខ្ញុំមែនទេ?»

«ខ្ញុំថាបងគួរតែកាត់ចិត្តហើយ!» បុគ្គលិកប្រុសម្នាក់ដើរមកពីក្រោយហើយទះស្មា រ៉ាវ៉ុន ឱ្យភ្ញាក់ស្មារតី។

«…» រ៉ាវ៉ុន ស្ងៀមស្ងាត់មិននិយាយអ្វីទាំងអស់នៅពេលនេះ។

នៅពេលរាត្រី គ្រប់យ៉ាងប្រែជាងងឹត ស្ទើរតែទាំងអស់ ប៉ុន្តែនៅក្នុងទីក្រុងមិនងងឹតនោះទេនៅតាមផ្លូវជាតិដោយសារតែមានភ្លើងបំភ្លឺស្ទើរគ្រប់ទីកន្លែង ប៉ុន្តែក៏មានកន្លែងខ្លះស្ងាត់គួរឱ្យព្រឺរអាដែរ ហើយរឹតតែគ្មានសុវត្ថិភាពពេលដែលមនុស្សស្រីខ្លួនតូចម្នាក់ធ្វើដំណើរតែម្នាក់ឯង។

ប៉ុន្តែក្នុងនាមជាបុរសម្នាក់ដែលស្រលាញ់នាងម៉េចនឹងអាចបណ្តោយឱ្យនាងគ្មានសុវត្ថិភាពបានទៅ រ៉ាវុន តែងតែបើកម៉ូតូតាម សាវនា យ៉ាងស្ងប់ស្ងាត់ពីក្រោយមិនឱ្យនាងដឹងឡើយ ម្សិលមិញនាងដឹងដោយសារតែគេចង់បង្ហាញប៉ុណ្ណោះ តែក៏មិននឹកស្មានថានាងគិតថាគេជាពពួករោគចិត្តដែរ។

តឺង!

«Good morning! You’re my universe!»

Chat លោតឡើងនៅលើអេក្រង់ទូរស័ព្ទ សាវនា ជ្រួញចិញ្ចើម គិតទៅ រ៉ាវ៉ុន នេះប្លែករហូតជារៀងរាល់ថ្ងៃ ដឹងថានាងមិនស្រលាញ់ហើយនៅមិនព្រមកាត់ចិត្តទៀត នាងមិន Block ដូចជាបានដៃណាស់។

«ល្ងាចនេះក្រុមហ៊ុនមានកម្មវិធីជប់លៀង»

«ខ្ញុំដឹងហើយ មិនចាំបាច់លោកប្រាប់ទេ!» នាងសរសេរសារតបទៅវិញ។

«បាទ៎!»

ថ្ងៃនេះ បុគ្គលិកទាំងអស់ត្រូវបានអនុញ្ញាតឱ្យចេញមុនម៉ោងកំណត់ ដោយសារតែមានកម្មវិធី ជប់លៀង ដើម្បីអបអរការបញ្ចប់គម្រោងថ្មីរបស់ក្រុមហ៊ុន។ នៅពេលនេះបុគ្គលិកទាំងអស់ ប្រហែលជាសែសិបនាក់កំពុងតែជួបជុំគ្នានៅក្នុង Sky bar ក្រោមការឧបត្ថម្ភពីសំណាក់ Boss របស់ពួកគេ។

ម្នាក់ៗមើលទៅសប្បាយរីករាយខ្លាំងណាស់នាំគ្នាជល់កែវផង រាំលេងតាមចង្វាក់តន្រ្តីផង ខុសអីតែប្រធានផ្នែករដ្ឋបាល អង្គុយធ្វើមុខក្រៀមៗហាក់មានកង្វល់ក្នុងចិត្ត។

«អ្នកនាង សាវនា នេះញ៉ាំទៅណា យូរៗក្រុមហ៊ុនជប់លៀងម្តងកុំឱ្យខាត»

លោកស័ក្តិ ដែលជាដៃគូសហការរបស់ក្រុមហ៊ុននិយាយឡើងទាំងស្នាមញញឹម លោកដើរទៅទម្លាក់ខ្លួនអង្គុយជិត សាវនា ព្រមទាំងចាក់ Cocktail ឱ្យនាង។

«អត់អីទេចាស៎ ខ្ញុំមិនសូវចូលចិត្តនោះទេ!» នាងបដិសេធខណៈដែល លោកស័ក្តិ កាន់តែបង្ខំនាង។

«ញ៉ាំបន្តិចទៅ នេះខ្ញុំខំចាក់ឱ្យដោយផ្ទាល់ដៃណា ចាត់ទុកថាមួយកែវនេះជាការរាប់អានគ្នាទៅចុះ»

«តែខ្ញុំ…!» នាងជ្រួញចិញ្ចើមអេះអុញ ខណៈដែល លោកស័ក្តិ កាន់តែព្យាយាមខិតមកជិតនាង និងទទូចដាក់នាង។

«តែមួយកែវទេ! បែបនេះទើបសមជាប្រធានផ្នែករដ្ឋបាល»

លោកស័ក្តិ ញញឹមពេញចិត្ដខណៈដែលឃើញ សាវនា លើក cocktail ក្រេប។

«អស់ហើយ!»

សាវនា ហុចកែវឱ្យ លោកស័ក្តិ វិញរួចក៏ក្រោកឈរព្រោះនាងមិនបានពេញចិត្តកាលដែល លោកស័ក្តិ ខិតមកអង្គុយជិតនាងនោះទេ វាពិតជាទើសទាល់ណាស់ណាមួយនាងស្លៀកសំពត់ខ្លីលើជង្គង់ទៀត។

«អ្នកនាងចង់ទៅណា នៅទីនេះសិនហើយ នៅផឹកកំដរខ្ញុំសិនទៅ។ អ្នកផ្សេងរវល់អស់ហើយ!»

«ខ្ញុំឈប់ផឹកហើយ ខ្ញុំបានប្រាប់លោកហើយតើថាខ្ញុំផឹកតែមួយកែវទេ»

«ណា កំដរខ្ញុំបន្តិចទៅអ្នកនាង!» លោកស័ក្តិ និយាយទាំងព្យាយាមទាញ សាវនា ឱ្យអង្គុយចុះជិតខ្លួន តែនាងព្យាយាមរើចេញពីក្រញ៉ាំដៃមនុស្សម្នាក់នេះ គាត់ធ្វើឱ្យនាងរឹតតែមិនចូលចិត្តហើយ។

«លោកស័ក្តិលែងខ្ញុំ! លោកស័ក្តិ!»

សាវនាស្រែកខណៈដែល លោកស័ក្តិ កំពុងតែព្យាយាមបៀតបៀននាងដោយស្រវា ឱបចង្កេះនាងឱ្យទៅអង្គុយជាមួយគាត់។ សម្រែករបស់នាងមិនបានធ្វើឱ្យឮដល់អ្នកដទៃនោះទេព្រោះសំឡេងតន្រ្តីនិងការស្រែកច្រៀងឮពេញបន្ទប់។

«លែងខ្ញុំ…!»

«ខ្ញុំមិនលែងចាំមើលៗនាងអាចធ្វើអីខ្ញុំបាន»

ឌឹបៗ!

«ងាប់ទៅអាចង្រៃ!»

រ៉ាវ៉ុន ដែលទើបតែមកដល់ក៏ស្ទុះទៅក្បួចកអាវ លោកស័ក្តិ ហើយដាល់គាត់បីបួនដៃតាមកំហឹង នាយស្អប់បំផុតមនុស្សប្រុសដែលមិនផ្តល់តម្លៃឱ្យនារី។

ឌឹបៗ!

«ងាប់ទៅ! អាថោកទាប!»

«រ៉ាវ៉ុន បានហើយ កុំឱ្យមានបញ្ហា!»

សាវនា ស្ទុះទៅចាប់ទាញដៃ រ៉ាវ៉ុន ដើម្បីបញ្ឈប់គេបើមិនអ៊ីចឹងទេ លោកសក្តិ ស្លាប់មិនខានទេ។

«សាវនាលែងខ្ញុំ! ខ្ញុំប្រដៅអាឆ្កួតនេះម្តង»

«ឯងហ៊ានវាយយើងផង…!»  

លោកស័ក្តិ ស្រែកដាក់ រ៉ាវ៉ុន ទាំងដែលផ្ទៃមុខរបស់គាត់ពេលនេះត្រូវបាន រ៉ាវ៉ុន វាយឡើងក្រហមបែកឈាមទៅហើយ។

«សម្លាប់ឯងក៏យើងហ៊ានដែរ!»

«រ៉ាវ៉ុន បានហើយកុំឱ្យមានបញ្ហាខ្លាំងជាងនេះអី!»

សាវនា និយាយទាំងចាប់អូសដៃនាយកំលោះចេញពីក្នុងបន្ទប់យ៉ាងតក់ក្រហល់ ខណៈដែល រ៉ាវ៉ុន ក្រាញននៀលមិនចង់ទៅ។

«លែងខ្ញុំ ខ្ញុំទៅសម្លាប់វា!»

«បានហើយយល់ដល់ខ្ញុំផងទៅ!»

ទិដ្ឋភាពអម្បាញ់មិញនេះធ្វើឱ្យមានភាពចលាចលជាខ្លាំង ទើបម្នាក់ៗលែងសប្បាយអស់ទៅ គ្រប់គ្នាកំពុងតែស្លន់រៀងៗខ្លួន ពេលដែលឃើញ រ៉ាវ៉ុន ខឹង លោកស័ក្តិ ខ្លាំងដល់ថ្នាក់នេះ ទាំងដែលនាយជាមនុស្សមានសីលធម៌ មានហេតុផលមិនដែលបង្ករឿងជាមួយនរណាម្នាក់ផ្តេសផ្តាសនោះទេ។

«ហេតុអ្វីក៏ខ្ញុំឃាត់មិនស្តាប់បែបនេះ? លោករឹងទទឹងណាស់ រ៉ាវ៉ុន» សាវនា ស្រែកដាក់ រ៉ាវ៉ុន ខ្លាំងៗ នេះគេជ្រុលដៃពេកហើយ។

«ខ្ញុំស្អប់វា វាមិនគប្បីចំពោះនាង ខ្ញុំចង់សម្លាប់វាចោល»

«សម្លាប់គេហើយ លោកចង់ទៅរស់នៅក្នុងគុកឬ?» នាងសម្លឹងកែវភ្នែកគេទាំងខឹង ខឹងដែលគេកម្រោលចូលមួយឆាវៗធ្វើអីមិនចេះគិត និយាយមិនស្តាប់គ្នា។

«ខ្ញុំធ្វើព្រោះតែបារម្ភពីនាង វាហ៊ានធ្វើបែបនេះដាក់មនុស្សខ្ញុំស្រលាញ់ វាមិនសមរស់ទេ» រ៉ាវ៉ុន និយាយទាំងមុខក្រហមព្រមទាំងក្តាប់ដៃយ៉ាងណែន លេចចេញសរសៃមកយ៉ាងច្បាស់។

«តែយ៉ាងណាក៏លោកត្រូវរម្ងាប់ចិត្តខ្លះ លោកធ្វើបែបនេះវានាំឱ្យប៉ះពាល់ដល់ការងាររបស់លោក លោកចង់បាត់បង់ការងារឬ?»

«ខ្ញុំមិនខ្វល់ទេ! ខ្ញុំមិនអាចទ្រាំមើលនាងត្រូវគេធ្វើបាបបានទេ នាងមិនអីទេមែនទេ?» សាវនា គ្រវីក្បាលបញ្ជាក់ថាមិនអីនោះទេ គេអាចស្ងប់ចិត្តបាន។

«លោកត្រៀមខ្លួនទៅ គេមិនដោះលែងលោកងាយៗទេ គេនឹងព្យាយាមរកបញ្ហាបញ្ឈប់លោកទាល់តែបានហ្នឹង»

«ខ្ញុំមិនខ្លាចនោះទេគ្រាន់តែបាត់បង់ការងារនោះ ដើម្បីការពារនាង ឃើញនាងមានសុវត្ថិភាព ខ្ញុំគ្រប់គ្រាន់ហើយ!»

ស្តាប់សម្តីរបស់គេហើយ ធ្វើឱ្យសាច់ដុំមួយក្តាប់នៅក្រោមទ្រូងខាងឆ្វេងរបស់នារីចាប់រង្គោះរង្គើឡើង នាងចង់ហូរទឹកភ្នែកព្រោះប្រុសចម្កួតម្នាក់នេះ ព្រោះដើម្បីតែនាងគេមិនគិតពីខ្លួនឯងសោះ។

«នាងកើតអី បានជាយំ? មានរឿងមិនស្រួលមែនទេ!» រ៉ាវ៉ុន ឃើញ សាវនា ធ្វើមុខរលីងរលោងក៏បារម្ភមួយរំពេច។

«អត់ទេ!»

«បើអត់អីល្អហើយខ្ញុំជូននាងទៅផ្ទះ!»

«ហ៊ឹម!» នាងមិននិយាយអីតែក៏តបជាការងក់ក្បាលជំនួសវិញ។

មួយសប្តាហ៍ក្រោយ!

អ្វីៗគ្រប់យ៉ាងពិតជាដូចការគិតរបស់ សាវនា មែន។ រ៉ាវ៉ុន ត្រូវបានបញ្ឈប់ពីការងារដោយសារតែ Boss មិនចង់ឱ្យមានបញ្ហាដល់ដៃគូរសហការណ៍ដែលជា លោកស័ក្តិ ទោះជាទង្វើរបស់ លោកស័ក្តិ មិនគប្បី ចំពោះ សាវនា ក៏ដោយ ទង្វើនេះហាក់ដូចជាមិនផ្តល់តម្លៃចំពោះ សាវនា ទាល់តែសោះ។

«លោកនៅឯណា?» សាវនា ផ្ញើសារទៅកាន់ រ៉ាវ៉ុន បន្ទាប់ពីនាងខានចួបគេអស់រយៈពេលមួយអាទិត្យកន្លងមកនេះ ទទួលស្គាល់ថានាងពិតជាចង់ចួបគេខ្លាំងណាស់ បេះដូងនាងពេលនេះវាព្រមបើកទទួលយកគេហើយ។

«នៅផ្ទះ! នាងនឹកខ្ញុំមែនទេ?»

«ឈប់ស្រមើស្រមៃទៅ! លោកមកចួបខ្ញុំបន្តិចបានទេ!»

«បាទ៎បាន!»

រ៉ាវ៉ុន ក្នុងឈុតអាវយឺតពណ៌សដៃខ្លីពីខាងក្នុងរាងកាយមាំមួន អមដោយអាវក្រឡាពីខាងក្រៅជាមួយនឹងខោខូវប៊យរលុងៗមើលទៅសាមញ្ញតែសង្ហាកប់ សក់របស់គេសិតញែកជាស្ទាយបែបកូរ៉េរួញតិចៗឥតទាស់តែម្តង នាយបោះជំហានចូលទៅក្នុងផ្ទះរបស់ សាវនា ដោយអារម្មណ៍រីករាយព្រមនឹងជំនឿចិត្តក្នុងការធ្វើរឿងអ្វីម្យ៉ាង។

«មកហើយហី! ញ៉ាំទឹកសិនទៅ!»

«បាទ៎!»

«ខ្ញុំសូមទោសផងណាដែលធ្វើឱ្យលោកបាត់បង់ការងារគ្រប់យ៉ាងព្រោះតែខ្ញុំ»

«ខ្ញុំមិនទទួលពាក្យសូមទោសនាងទេ!»

«អ៊ីចឹង! តើលោកចង់បានអី?»

«ងាយៗនោះទេ នាងព្រមធ្វើជាកូនប្រសាម៉ាក់ខ្ញុំទៅ!»

«លោកលេងសើចពេកហើយ រ៉ាវ៉ុន!»

«ខ្ញុំមិនបានលេងសើចទេណា ខ្ញុំតាមនាង៣ឆ្នាំហើយ ខ្ញុំបដិសេធគ្រប់គ្នាដើម្បីនាង។ ព្រមផ្តល់ឱកាសឱ្យខ្ញុំធ្វើជាមនុស្សចុងក្រោយរបស់នាងបានទេ?» រ៉ាវ៉ុន និយាយទាំងចាប់ដៃតូចៗរបស់ សាវនា មកកាន់ជាប់។

«គ្មានការងារបែបនេះ ចិញ្ចឹមខ្ញុំរស់ដែរមែនទេ?»

«អ្នកណាថា ខ្ញុំជាកូនទោលរបស់ម្ចាស់ក្រុមហ៊ុនណា!»

«លោក…នឹងមិនបោះបង់ខ្ញុំចោលទេមែនទេ?»

សាវនា ស្ងាត់មួយសន្ទុះទើបនិយាយឡើងទាំងអេះអុញ។

«គ្មានថ្ងៃនោះទេ សាវនា អាចជឿជាក់បាន ព្រមផ្តល់ឱកាសឱ្យខ្ញុំណ៎ា!»

«ខ្ញុំព្រម…ព្រមឱ្យលោកធ្វើជាមនុស្សចុងក្រោយរបស់ខ្ញុំ!»

«ទីបំផុតខ្ញុំធ្វើបានហើយ!» នាយកំលោះស្រែកខ្លាំងៗដោយក្តីរំភើប ព្រោះទីបំផុតការព្យាយាមរបស់នាយបានសម្រេចហើយ។

«តើបងអាចសុំឱបអូនបានទេ?»

រ៉ាវ៉ុន ប្តូរសព្វនាមមកជាសម្តីយ៉ាងស្រទន់ស្តាប់ហើយកក់ក្តៅទៅកាន់ សាវនា នាងក៏ងក់ក្បាលជាការយល់ព្រមដោយទឹកមុខអៀនប្រៀន ទទួលបានការអនុញ្ញាតរួចដូច្នេះទើបនាយកំលោះ ស្រវាឱបខ្លួនតូចរបស់មនុស្សដែលខ្លួនស្រលាញ់យ៉ាងតឹងណែន ប្រកបដោយស្នាមញញឹមទមានក្តីសុខទៅវិញទៅមករវាងពួកគេទាំងពីរ។

«អរគុណបងដែលធ្វើឱ្យអូនជឿជាក់លើស្នេហាម្តងទៀត!»

«អរគុណអូនដូចគ្នាដែលព្រមផ្តល់ឱកាសឱ្យបង!»

រឿងរ៉ាវកន្លងមកបានធ្វើឱ្យយើងដឹងថាគ្មានអ្វីល្អឥតខ្ចោះនោះទេនៅក្នុងទំនាក់ទំនង លុះត្រាតែឆ្លងកាត់រឿងមិនសមបំណង ទើបស្វែងរកសេចក្តីសុខពិតឃើញ៕

ចប់!

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*