រឿង៖ អាគមផ្លូវងងឹត (ភាគ១)

មេឃចុះផ្សែងអ័ព្ទងងឹតស្ទុងៗ សឹងតែមើលអ្វីមិនឃើញតាមដងផ្លូវ ជាមួយដើមឈើធំៗឱបមិនជុំ អមតាមមាត់ផ្លូវ។ សំឡេងសត្វខ្លែងស្រាកយំ វ៉ា វ៉ា ឮសូរឡើងគ្រលួចគួរឱ្យខ្លាច ដូចកំពុងតែអន្ទោងយកព្រលឹងអ្នកណាម្នាក់អ៊ីចឹង។ សំឡេងម៉ាស៊ីនឡានឆេះ ត្រូស ត្រូស កំពុងតែបន្តដំណើរទៅមុខបន្តទៀត ចាកចេញពីភូមិដ៏ស្ងប់ស្ងាត់គួរឱ្យខ្លាច។ នេះជាឡានរបស់សិស្សនិស្សិតមួយក្រុម ដើរលេងកម្សាន្តក្នុងអំឡុងវិស្សមកាលធំ។ ពួកគេបានចាកចេញពីផ្ទះមួយនៅក្នុងភូមិយ៉ាងដាច់ស្រយាលនៅខេត្តបាត់ដំបង កំពុងបន្តដំណើរចាកចេញពីទីនោះត្រលប់មកភ្នំពេញវិញ។ ហេតុការណ៍ជាច្រើនដែលពួកគេបានជួប សឹងតែយកជីវិតទៅប្តូរម្តងៗដើម្បីរស់ឡើងវិញ។ មិត្តភក្តិគេម្នាក់បានបាត់បង់ជីវិត អំឡុងពេលដែលគេមកតាមមិត្តភក្តិរបស់គេតាមក្រោយ បានជួយឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ឡានក្រឡុងស៊ីម៉ង់បានជិះបុក ទាំងគេកំពុងឈរលើខឿនផ្តុំលោកតាដំបងដែក ចាំមិត្តភក្តិផ្ញើទីតាំងឱ្យ។ គេម្នាក់នោះឈ្មោះអេឡិចជាកូនខ្មែរ តែទៅរស់នៅប្រទេសអាមេរិកបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ។

និយាយពីបុរសម្នាក់កំពុងតែបើកឡានវិញ គេមានឈ្មោះថានីស័ក គេជាបុរសសង្ហា ខ្ពស់ ស ទឹកមុខម៉ឺងម៉ាត់ពេលកំពុងបើកឡាន។ នារីម្នាក់ដែលកំពុងតែអង្គុយក្បែរគេនោះ ឈ្មោះថាវិជ្ជនី ទឹកមុខប្រែជាស្រពោនមិនដឹងក្នុងចិត្តនាងកំពុងតែមានរឿងអ្វីនោះទេ។ នាងជាមនុស្សពិសេសចម្លែកខុសគេបន្តិច នាងមានគ្រូបាធ្យាយកាន់តាមថែរក្សានាង ពេលមានរឿងអ្វីមួយនាងតែងតែដឹងមុនជានិច្ច។ ចំណែកនារីដែលអង្គុយនៅកៅអីក្រោយ កំពុងតែដេកលង់លក់ដូចជាមនុស្សអស់កម្លាំងនៅខាងឆ្វេងដៃក្បែរកញ្ចក់ឡានមានឈ្មោះថាគន្ធា។ គន្ធជាមនុស្សដែលឆាប់ឆេឆាវ ហើយឆាប់ខ្លាចពេលជួបរឿងអ្វីមួយរន្ធត់ៗ តែនាងស្រលាញ់មិត្តភក្តិដូចបងប្អូន។ ចំណែកបុរសនៅកណ្តាលគេមានឈ្មោះសិទ្ធិ  កំពុងតែផ្អែកស្មានឹងនារីម្នាក់ទៀត ទាំងទឹកភ្នែកជោគពេញផ្ទៃមុខ ខ្លួនប្រាណដូចជាល្ហិតល្ហៃអស់កម្លាំង មិនដឹងថាកំពុងតែខូចចិត្តរឿងអ្វី។ នារីដែលត្រូវសិទ្ធិផ្អែកស្មានាងឈ្មោះស៊ីណា។ នាងជាមនុស្សម៉ត់ចត់មិនចេះខ្លាច បែបចរិតមនុស្សប្រុស មានសាច់បន្តិច ហើយសម្តីរាងនិយាយកាងៗ តែនាងជាមនុស្សស្មោះត្រង់និងស្រលាញ់មិត្តភក្តិរបស់នាងណាស់។

តៃកុងឡានជានីស័ក ចេះតែបន្តដំណើរទៅមុខ កំពុងតែចាកចេញពីភូមិមួយស្ងាត់ជ្រងំ ព្រមទាំងមានអមនុស្សជាព្រលឹងស្រមោលខ្មៅ នៅឈរតាមមាត់ផ្លូវ មានតែវិជ្ជនីប៉ុណ្ណោះដែរអាចមើលឃើញ។ មិនដឹងផ្សែងហោះមកពីណា មកកាត់ចង្កៀងឡាន នីស័កប្រឹងទប់ចង្កូតឡានមួយទំហឹង។ ឡានស្រាប់តែឈប់ង៉ក់ ដោយសារនីស័កជាន់ហ្វ្រ័ងជាប់។ នីស័កនិងវិជ្ជនីងើបមុខឡើង មើលទៅកញ្ចក់ខាងមុខឡាន មានដើមអំពិលទឹកបារាំងប៉ុនណាណី។ បើនីស័កចាប់ហ្វ្រ័ងមិនជាប់ទេ ច្បាស់ជាបុកដើមឈើនោះមិនខាន។ ម្នាក់ៗក្នុងឡានសឹងតែព្រលឹងហោះចេញពីខ្លួនបាត់ទៅហើយ ស៊ីណាស្រែកសួរនីស័ក៖

“មានរឿងអីហ្នឹង? នីស័ក!”

“ឡានបែកកង់! សំណាងហើយមិនមានគ្រោះថ្នាក់ដល់ជីវិត កុំអីមានរឿងធំទាំងអស់គ្នាមិនខាន” នីស័កឆ្លើយទាំងបែកញើសជោកមុខ។

“ហ៊ឺ… ហ៊ឺ…. ខ្ញុំចង់ទៅផ្ទះវិញ” គន្ធាប្រែជាយំ ដូចកូនក្មេងបៀមដៃ។

“គន្ធា! កុំយំដូចកូនក្មេងមើល៍! ផ្ទះគង់តែទៅទេ ឥឡូវជួយគ្នាសិន ឱ្យឡានដំណើរការវិញសិន”

“គ្មានសង្ឃឹមទេនីស័កអើយ! ថ្មើរណេះនេះហើយ មានមនុស្សឯណា ហើយសំខាន់ពួកយើងនេះមិនដឹងនៅកន្លែងណាឱ្យប្រាកដទៀត?” សិទ្ធិបើកទ្វារចុះពីឡាន។

នីស័កដើរទៅខាងមុខឡាន មើលកង់ឡានខាងឆ្វេងធូរស្ពែត។ ទឹកមុខអស់សង្ឃឹម រួចដើរទៅជិតសិទ្ធិ។

“អ្ហែងធ្លាប់រស់នៅទីនេះ មានស្គាល់កន្លែងណាធ្វើឡានអត់?”

“គ្នាធ្លាប់រស់នៅមែន តែកាលនោះតូចហ្នឹង! ឥឡូវធំហើយម៉េចនឹងចាំទៅ!”

“ចឹងក៏និយាយដែរអ្ហះ!”

“គន្ធាឯងទៅណាអ្ហះ! គន្ធា គន្ធា” វិជ្ជនីស្រែកហៅគន្ធា ចំណែកគន្ធាបែរជាទៅឈរកណ្តាលថ្នល់ យកដៃបក់ហៅអ្នកណាមិនដឹង។

ស្រាប់តែឡានមិនដឹងមកពីណា ស្ទុះមកយ៉ាងលឿន ស៊ីណារត់ទៅទាញគន្ធា ឡើងលោះព្រលឹងគ្រប់គ្នា។

“គន្ធាឯងឆ្កួតទេអី! ទៅឈរកណ្តាលថ្នល់ឆ្កួតឡប់ចឹង ប៊ិះឡានបុកឯងទៀត!”

“ខ្ញុំចង់ត្រលប់ទៅផ្ទះវិញ ខ្ញុំមិនចង់នៅកន្លែងនេះទេ!” ស៊ីណាស្រាប់តែទះគន្ធាមួយកំផ្លៀង។

“ស៊ីណា ឈប់ទៅ!” វិជ្ជនីចាប់ដៃស៊ីណា។

“គ្រប់គ្នាមើលវាទៅ! វាឆ្កួតឡប់ហើយ សួរថាគ្រប់គ្នាចង់នៅទីនេះមែនគន្ធា?”

នីស័កនិងសិទ្ធិដើរចូលទៅជិតគន្ធា៖

“កំហុសខ្ញុំ! ឱ្យខ្ញុំសុំទោស បើខ្ញុំមិននាំអ្នកទាំងអស់គ្នាមក ក៏វាមិនមានរឿងនេះកើតឡើងដែរ”

“សិទ្ធិឯងកុំនិយាយអ៊ីចឹង គ្មានអ្នកណាចង់ឱ្យមានរឿងមួយនេះកើតឡើងដែរ”

“មែនហើយគ្នាយើង វិជ្ជនីនិយាយត្រូវ ឥឡូវពួកយើងឈប់ទម្លាក់កំហុសឱ្យគ្នាទៅ។ ព្យាយាមជួយគ្នារកវិធីដោះស្រាយ ដើម្បីត្រលប់ទៅភ្នំពេញវិញទាំងអស់គ្នា”

“បើមានឡានធ្វើដំណើរអ៊ីចឹង ប្រហែលជាមានមនុស្សអាចធ្វើដំណើរតាមហ្នឹងទៀត!” វិជ្ជនីឱបស្មាគន្ធា។

“នុ៎ះ! គ្នាយើងមានឡានជិះមក” សិទ្ធិឆ្លេឆ្លាស្ទុះទៅចិញ្ចើមផ្លូវ ដើម្បីស្ទាក់ឡាន។

សិទ្ធិលើកដៃគ្រវី ដោយទឹកមុខព្រួយបារម្ភខ្លាចឡានគេមិនឈប់ នីស័កដើរទៅឈរក្បែរនោះ៖

“ឡាន! ឈប់! ឈប់ជួយពួកខ្ញុំផង!”

សិទ្ធិព្យាយាមស្រែកផង បក់ដៃផង តែឡានបែរជាជិះលឿនស្លៅ។ ដូចមិនឃើញពួកគេឈរនៅមាត់ផ្លូវសោះ ទោះបីជាងងឹតស្ទុងៗតែហ្វាឡានគួរតែឃើញ។

“អើយអញ! ខំស្រែកឱ្យឈប់ប៉ុណ្ណោះហើយ វាមិនឈប់សោះ!” សិទ្ធិមួម៉ៅ។

“សិទ្ធិ! នីស័ក! ឡានអម្បាញ់មិញត្រលប់មកវិញហើយ គេមកជួយពួកយើងហើយ” វិជ្ជនីនិយាយផងអរផង។

“មែនហើយវិជ្ជនី!” តែបែរជាមើលទៅគន្ធាវិញ អង្គុយខ្ទប់មុខយំនៅខាងក្រោយឡាន មិនខ្វល់អ្វីទាំងអស់។

ស្រាប់តែឡាននោះត្រលប់ក្បាលមកក្រោយវិញ តែក្នុងឡានគ្មានមនុស្សជិះទេ មានតែតៃកុងឡានម្នាក់ប្រុសរាងចំណាស់ម្នាក់អង្គុយបើក ជាឡានតូរីស១៤កៅអី ។

សិទ្ធិដើរទៅជិតកញ្ចក់ឡានខាងមុខ គោះកញ្ចក់ហើយលើកដៃសំពះ៖

“ជម្រាបសួរពូ! ពួកខ្ញុំសុំទៅជាមួយផងបានទេពូ ឡានពួកខ្ញុំខូច ពូគ្រាន់តែជួយជូនខ្ញុំទម្លាក់ក្នុងភូមិ ចាំភ្លឺខ្ញុំរកជាងខ្លួនឯងពូ!”

ពូនោះបើកកញ្ចក់ឡាន មិននិយាយអ្វីទាំងអស់ គ្រាន់តែងក់ក្បាល។ សិទ្ធិឃើញគាត់ងក់ក្បាល ក៏លើកដៃសំពះអរគុណ ដើរទៅហៅមិត្តភក្តិឱ្យឡើងឡាន។

“តស់គ្នាយើង! គាត់ព្រមជូនយើងទៅទម្លាក់ក្នុងភូមិ ហើយចាំយើងរកជាងមកធ្វើឡាន”

“ចុះឡានទុកចោលហ្នឹង?”

“អើ! បើមិនទុកចោលសិន ឯងនៅចាំមែន?”

“ស័ក! ទៅទាំងអស់គ្នាទៅមិនអីទេ ចាំរកជាងបានត្រលប់មកយកឡានវិញទៅ!”

វិជ្ជនីនិយាយចប់ ដើរទៅក្បែរគន្ធា ទាញដៃគន្ធាឱ្យឡើងឡាន។

“មែនហើយអាស័កទៅទាំងអស់គ្នាទៅ!” ស៊ីណាយកអីវ៉ាន់ចេញពីឡានស័ក ដែលសំខាន់ៗរួច ដើរទៅបើកទ្វារពូម្នាក់នោះ នាំគ្នាឡើងឡានទាំងអស់គ្នា។

ពេលឡើងឡានអស់ សិទ្ធិមើលសភាពឡាន ដូចជាឡានគេដឹកផ្លែឈើនិងអីវ៉ាន់ មិនមែនជាឡានសម្រាប់រត់តាក់ស៊ីទេ។ ហើយក្នុងឡានពោសពេញដោយសំរាមនិងរោមសត្វមាន់និងទា ហើយធុំក្លិនអាក្រក់ណាស់ ដូចជាឡានដែលមិនបានសម្អាតម្តងសោះ។ ឡានចេះតែបើកទៅមុខ នីស័កនិងសិទ្ធិ ចេះតែមើលតាមបង្អួចឡាន ក្រែងលោមានផ្ទះអ្នកភូមិនៅក្បែររកចូលសួរគេ ដើម្បីរកជាងធ្វើឡាន។ សិទ្ធិមើលពីចម្ងាយ ឃើញផ្ទះមួយគេបើកភ្លើងស្ទុងៗ គិតថាមានអ្នកភូមិហើយ ទៅដល់រកឈប់សួរគេ។

“ពូ! ខាងមុខដូចមានផ្ទះ ចាំពូទម្លាក់ខ្ញុំទីនោះទៅ!”

ពូតៃកុងឡានមិននិយាយអ្វីទាំងអស់ គាត់បានត្រឹមតែងក់ក្បាល ប្រាប់ជាសញ្ញាថា៖

“ដឹងហើយ!” តែពួកគេបានត្រឹមតែឃើញគាត់ងក់នៅក្នុងកញ្ចក់ឡានប៉ុណ្ណោះ។ ពួកគេចុះពីឡាន លើកដៃសំពះអរគុណពូតៃកុងឡាន ចំណែកពូនោះក៏បើកឡានចេញទៅបាត់ទៅ។ ពួកគេនាំគ្នាដើរសំដៅទៅរកផ្ទះមួយនោះ ដើរបានឆ្ងាយបន្តិចនាំគ្នាឈប់ មិនដឹងជាមូលហេតុអ្វី៖

“ឯណាផ្ទះដែលឯងឃើញនោះអាសិទ្ធិ?” ស៊ីណានិយាយទាំងមួម៉ៅ កំពុងតែអស់កម្លាំងដេកលក់ស្រួលផង។

“អញឃើញច្បាស់ណាស់! ឥឡូវដើរមកតាមអញមក”

“ពួកយើងទៅភ្នំពេញវិញទៅហ្អី? ខ្ញុំខ្លាចណាស់!” គន្ធានិយាយបណ្តើរឱបដៃវិជ្ជនីឡើងជាប់។

“គន្ធា! គន្ធា! ខ្លាចរឿងអី? មិនអីទេ យើងគង់តែទៅភ្នំពេញវិញទេ” វិជ្ជនីយកដៃអង្អែលស្មាគន្ធា។

“គន្ធាអើយ កុំបារម្ភអី!” ស៊ីណាឈរជិតវិជ្ជនី។

គ្រប់គ្នាក៏ដើរតាមសិទ្ធិ ឃើញមានភ្លើងអំពូលប្លុងៗពីចម្ងាយ ពួកគេក៏បានដើរសំដៅទៅរកផ្ទះមួយនោះ។

“ពួកយើងដូចដើរឆ្ងាយដែរហើយសិទ្ធិ!” វិជ្ជនីឈប់ដើរ ពួកគេមើលមុខវិជ្ជនីគ្រប់គ្នា។

“នុះ! ផ្ទះនៅមុខនោះ ជិតដល់ហើយ”

“តែខ្ញុំគិតថា ពួកយើងគួរតែទៅថ្នល់វិញទៅ! មេឃដូចជិតភ្លឺ វាងាយស្រួលរកគេឱ្យជួយពួកយើង”

“តែខ្ញុំចង់រកកន្លែងឱ្យពួកយើងសម្រាកសិន ល្មមតែឡានជួសជុសហើយនោះ”

សំឡេងខ្យល់ វូៗ អង្គើអស់ស្មៅដែលដុះចង់លិចផុតក្បាលរបស់ពួកគេ ទាំងពួកគេនៅវិលវល់ក្នុងព្រៃនោះនៅឡើយ។ ចំណែកផ្ទះដែលពួកគេបានឃើញពីចម្ងាយ ដើរឆ្ងាយមកហើយតែនៅតែមិនដល់។ ពួកគេកំពុងតែដើរ មេឃក៏ចាប់ផ្តើមបញ្ចេញរស្មីនាព្រឹកព្រលឹម សំឡេងមាន់រងាវក៏បន្លឺឡើង។

ពួកគេស្រាប់តែភ្ញាក់ បានដើរមកដល់កន្លែងមួយ មានផ្ទះខ្ទមចាស់ទ្រុឌទ្រោមមួយ ធ្លុះធ្លាយអស់ទៅហើយ ដែលគេទុកចោលយូរឆ្នាំមកហើយ គ្មានអ្នកណាគេរស់នៅទេ។ អ្វីដែលចម្លែកទៀតនោះ មានអណ្តូងទឹកមួយនៅចំហៀងផ្ទះ ផ្គុំដោយថ្មដុំធំៗ កម្ពស់ប្រហែលជិត១ម៉ែត្រពីដីចាស់ទ្រុឌទ្រោម ស្មៅក្បែរអណ្តូងដូចជាដុះលាស់ត្រួយខ្ចីល្អណាស់ អាចមកពីទីនោះជាសរសៃទឹកក្រោមដី វាធ្វើឱ្យចំហាយទឹក ជួយដល់ដីទីនោះមានជីវជាតិ ជួយដល់ដំណាំនិងរុក្ខជាតិដុះលូតលាស់បានល្អ វិជ្ជនីស្រាប់តែមានអាការចម្លែក ឈរធ្មឹងមិនដឹងថាមានរឿងអ្វី ស្រាប់តែនឹករូបភាពមួយលេចចេញមកចំពោះមុខ៖

“រត់ស្រួលបួល បងមើលកូនផងប្រយ័ត្នធ្លាក់ក្នុងអណ្តូង បងគួរតែសង់វាឱ្យខ្ពស់ជាងនេះទៅ!”

“ទើបតែ២ខួបកន្លះសោះ ចេះរត់តេះតះហើយ អូនមើលចុះ!”

“វិជ្ជនី វិជ្ជនី! តស់ពួកយើងគួរតែចាកចេញពីទីនេះទៅ ពួកយើងគួរតែដើរទៅរកផ្លូវថ្នល់ទៅ ក្រែងលបមានឡានម៉ូតូ អាចជួយពួកយើងបាន” នីស័កនិយាយបណ្តើរ ដើរចុះដើរឡើងបណ្តើរ ចំណែកសិទ្ធិទៅអង្គុយលើមាត់អណ្តូង។ ចំណែកគន្ធា គិតតែនិយាយម្នាក់ឯង៖

“ទៅផ្ទះវិញ! ទៅផ្ទះវិញ!”

“នែ! គន្ធាឯងនេះវាកើតអី ធ្វើឱ្យរឹងមាំមើល មួយៗម៉េចគិតថាខ្ញុំចង់រស់នៅទីនេះណាស់ហ្អី?”

“ខ្ញុំមិនដឹងទេ! តែខ្ញុំចង់ទៅផ្ទះវិញ វិជ្ជនីប្រាប់ពួកគេទៅ ត្រលប់ទៅផ្ទះវិញទៅណា”

គន្ធាដើរទៅជិតវិជ្ជនី អង្វររុញដៃវិជ្ជនី។ សិទ្ធិងើបគូទចេញពីអណ្តូង៖

“នែវាឆ្កួតអីឯងគន្ធា! ឥឡូវពួកយើងមិនកំពុងតែរកវិធីត្រលប់ទៅវិញហ្អី!”

“កំហុសគឺមកពីឯងហ្នឹង! ដែលនាំពួកយើងមកទីនេះ ឥឡូវឯងមានឃើញអត់ថាអ្វីដែលកើតឡើងចំពោះពួកយើង?”

“ខ្ញុំអ្ហ៊ែះ? អូ៎! គ្រប់យ៉ាងមកពីខ្ញុំអ្នកនាំអ្នកទាំងអស់គ្នាមកទីនេះ អាស័កឯងនិយាយមើល ថាគ្រប់យ៉ាងមកពីខ្ញុំ?”

“អើយ! គ្រប់គ្នាកុំវែងឆ្ងាយ កាន់តែនិយាយកាន់តែវែងឆ្ងាយហើយនេះ ឥឡូវកុំបន្ទោសគ្នា ពួកយើងចាកចេញពីកន្លែងនេះទៅ!” ស្រាប់តែគន្ធារត់ទៅច្រានសិទ្ធិ ដួលទៅនឹងដី។

សិទ្ធិក្រោកឡើង ក៏ប្រតាយប្រតប់ជាមួយគន្ធា។ វិជ្ជនីចូលទៅឃាត់ ត្រូវបានសិទ្ធិគ្រវាសដៃត្រូវវិជ្ជនី។ វិជ្ជនីទៅដួលនៅក្បែរអណ្តូងទឹក សឹងតែធ្លាក់ចូលអណ្តូង បាននីស័កនៅក្បែរនោះទាញដៃទាន់។

“វាឆ្កួតអីឯងអាសិទ្ធិ! គន្ធាគ្នាស្រីអ្ហះ!”

“ស្រីក៏អញវាយដែរ ឱ្យតែធ្វើឆ្កួតៗចឹង!”

ស៊ីណាលើកវិជ្ជនី ដៃវិជ្ជនីមានត្រូវរបួសបុកនឹងមាត់អណ្តូង មានឈាមជាប់នៅមាត់អណ្តូងមួយចំនួន។

“វិជ្ជនីឯងយ៉ាងម៉េចហើយ? មានឈាម! វិជ្ជនីត្រូវរបួស!” នីស័កដើរទៅក្បែរវិជ្ជនី។

“នេះលទ្ធផលឃើញអត់អាសិទ្ធិ! វិជ្ជនីសឹងតែធ្លាក់ក្នុងអណ្តូង ឥឡូវត្រូវរបួសទៀត” ស៊ីណាដើរទៅក្បែរគន្ធា គន្ធាឱនមុខដាក់ឱ្យស៊ីណា។ សិទ្ធិលើកដៃសំពះវិជ្ជនី៖

“ខ្ញុំសុំទោសវិជ្ជនី ខ្ញុំគ្មានចេតនាទេ! ខ្ញុំសុំទោស!”

“មិនអីទេសិទ្ធិ តែពួកយើងជាមិត្តភក្តិនឹងគ្នា គួរតែស្រលាញ់គ្នាលើកទោសឱ្យគ្នា ថ្ងៃក្រោយកុំធ្វើចឹងទៀត ណាមួយគន្ធាជាស្រី គ្នាមិនរឹងមាំដូចពួកឯងទេ”

“ឥឡូវយើងគួរតែចាកចេញពីនេះ ខ្ញុំនឹងនាំអ្នកទាំងអស់គ្នាចេញពីទីនេះត្រលប់ទៅវិញ! គន្ធាគ្នាសុំទោសណា!”

“ឥឡូវកុំនាំគ្នានិយាយអីច្រើន ឆាប់នាំគ្នាចេញពីទីនេះទៅ យើងដូចជានៅកណ្តាលព្រៃតែគ្នាយើងហើយ ទីនេះគ្មានមនុស្សដើរកាត់ទេ” នីស័កក៏គ្រាហ៍វិជ្ជនី។

សំឡេងខ្យល់បក់មកវូ ដើមឈើនៅទីនោះរេរាំតាមខ្យល់មិនឈប់។ ម្នាក់ៗទឹកមុខរាងហេវហត់ដោយសារអត់បាយ អត់ទឹកតាំងពីយប់ មាត់ស្លេកៗ អាការម្នាក់ៗមិនសូវនឹងន និងមានកម្លាំងប៉ុន្មានទេ។ ស្រមោលមនុស្សពីចម្ងាយ សម្លៀកបំពាក់ អាវសាច់កំណាត់ ស្លៀកសំពត់សាច់គគីរ ចម្លែកត្រង់រុំក្រមានៅក្បាល បាំងផ្ទៃមុខមួយចំហៀង ដៃជ្រីវជ្រួញមានកាន់កន្រ្តកស្លា មានបាយហូបខ្ចប់ស្លឹកចេក ព្រមទាំងទៀនធូប និងមានម្លូស្លា។

គាត់ឈប់ង៉ក់ សម្លឹងមើលទៅពួកគេពីចម្ងាយដោយអាការចម្លែក។ គាត់មិនព្រមបន្តដំណើរទៅមុខទៀតទេ គាត់នៅតែសម្លឹងមុខពួកគេ ដោយយកដៃមកខ្ទប់ក្រមាខាងឆ្វេង យើងអាចឃើញត្រឹមតែមុខគាត់ខាងស្តាំតែមួយចំហៀងប៉ុណ្ណោះ។ គាត់មានកែវភ្នែកមុតស្រួច ពណ៌ប្រាក់ គួរឱ្យចម្លែក កម្រមានមនុស្សកែវភ្នែកមានពណ៍បែបនេះណាស់ បើមនុស្សធម្មតាទទួលមានកែវភ្នែកពណ៍ត្នោតចាស់ទេ។

អ្វីដែលចម្លែកពួកគេនៅទីនេះយូរមកហើយ មិនទាន់ឃើញមាននរណាដើរកាត់នេះទេ តែនេះស្រាប់តែមានមនុស្សពួកគេមិនដឹងថា ជាមនុស្សឬជាខ្មោច ដែលលងពួកគេទាំងថ្ងៃបែបនេះ។ វិជ្ជនីដើរទៅទល់មុខលោកយាយ ហើយលើកសំពះ៖

“ជម្រាបសួរលោកយាយ តើចៅអាចពឹងលោកយាយជួយនាំផ្លូវពួកចៅចាកចេញពីនេះបានទេ?” លោកយាយគាត់មិនមាត់ក៏អ្វីទាំងអស់ គាត់បានត្រឹមងក់ក្បាល ហើយដើរសំដៅទៅមាត់អណ្តូង យកបាយម្ហូបដែលខ្ចប់ស្លឹកចេកចេញពីកន្រ្តក ជាមួយទៀនធូប ម្លូស្លា ហើយបើកស្លឹកចេក មានបាយនិងសាច់ជ្រូកចៀន គាត់បានយកអ្វីម៉្យាងមកដាក់ជិតបាយ ហើយអុជធូបដោតជាប់ដីនៅទីនោះ។

រួចគាត់ក៏លើកកន្រ្តកមកកាន់អ្វីហើយ ដើរមកជិតវិជ្ជនី។ នីស័ក សិទ្ធិ ស៊ីណា និងគន្ធា មើលទៅលោកយាយដោយអាការងឿងឆ្ងល់ ពួកគេមិនមាត់ក ឬសួរនាំអ្វីទាំងអស់។

“ពួកចៅ! ដើរមកតាមយាយមក” គាត់និយាយតែប៉ុននេះ រួចក៏ដើរទៅមុខត្រង់ គ្រប់គ្នាក៏ដើរតាមពីក្រោយ។ អ្វីដែលងឿងឆ្ងល់នោះ គឺនីស័កបែរខ្លួនមកខាងក្រោយ មកមើលសំណែនដែលលោកយាយសែននៅមាត់អណ្តូង៖

“តើគាត់សែនសំណែននេះឱ្យអ្នកណា?”

ដើរមិនយូរប៉ុន្មាន ក៏បានមកដល់ផ្ទះខ្ទមរបស់គាត់រស់នៅ។ ផ្ទះរបស់លោកយាយ ជាខ្ទមឈើមានគ្រែនៅពីមុខផ្ទះ មានអណ្តូងទឹកនៅចំហៀងផ្ទះ មានបន្លែដំណាំតិចតួច នៅមិនឆ្ងាយពីអណ្តូងទឹកប៉ុន្មានដែរ។ ពួកគេអង្គុយនៅលើគ្រែមុខផ្ទះ រង់ចាំលោកយាយចេញពីក្នុងផ្ទះរបស់គាត់មកវិញ។

“ពួកយើងគួរតែសម្រាកនៅទីនេះសិនក៏បាន ចាំឱ្យលោកយាយនាំពួកយើងទៅផ្លូវថ្នល់ ដើម្បីរកអ្នកភូមិឱ្យជួយធ្វើឡានយើង ឆាប់បានត្រលប់ទៅភ្នំពេញវិញ!”

“មែនហើយស័ក! គ្នាយល់ស្របសម្តីឯងនិយាយ តែគ្នាដូចជាឃ្លានដល់ហើយ”

លោកយាយក៏ចេញពីក្នុងផ្ទះមកខាងក្រៅ។

“ពួកចៅ មកពីណាវិញ? បានមកដល់ភូមិមួយនេះ!”

ពួកគេមើលមុខគ្នា មិនដឹងថាឱ្យអ្នកណាជាអ្នកឆ្លើយ វិជ្ជនីក៏បានតបទៅលោកយាយ។

“ចាស! លោកយាយពួកខ្ញុំជាអ្នកភ្នំពេញ មកលេងខេត្តបាត់ដំបងនេះ ពួកខ្ញុំចាកចេញពីក្នុងភូមិ តែឡានបែកកង់ ក៏មិនដឹងថាហេតុអ្វីពួកខ្ញុំបានដើរចូលមកក្នុងព្រៃ ហើយក៏វង្វេងផ្លូវមិនអាចត្រលប់ទៅភ្នំពេញវិញបាន”

“អូ! យាយយល់ហើយ ពួកចៅសម្រាកនៅទីនេះសិនចុះ មួយថ្ងៃពីរទៀតសឹមត្រលប់ទៅវិញ ចាំយាយពឹងពាក់អ្នកភូមិឱ្យនាំចៅត្រលប់ទៅក្រុងវិញបាន ដោយសារតែអ្នកដែលយាយចង់ឱ្យនាំចៅនោះ គេប៉ុន្មានថ្ងៃនេះឡើងទៅក្រុងវិញបាត់ទៅហើយ ទាល់តែ២-៣ថ្ងៃបានមកវិញ” ម្នាក់ៗស្តាប់ហើយឆ្ងល់។

“ចុះម៉េចមានតែពូហ្នឹងទេ? នាំពួកខ្ញុំបាន ចុះអ្នកផ្សេងអត់ស្គាល់ផ្លូវ!” នីស័កគិតក្នុងចិត្ត។

“ចាស! លោកយាយមិនមានបញ្ហាអ្វីទេ ពួកចៅអាចសម្រាកទីនេះមួយរយៈសិនបាន”

“អ៊ីចឹងចៅអាចចូលសម្រាកខាងក្នុងបានពេលយប់ឡើង ចំពោះខោអាវចាំយាយចូលក្នុងភូមិយកឱ្យពួកចៅ” លោកយាយគាត់និយាយចប់ គាត់ក៏ដើរទៅចង្រ្កានបាយខាងក្រោយផ្ទះ យកបាយទឹកឱ្យពួកគេហូប។ នីស័ក និងវិជ្ជនី ស្ទុះទៅជួយកាន់លោកយាយ ដាក់លើគ្រែ នាំគ្នាហូបបាយ ហើយមិនមានចានស្លាបព្រាអីច្រើនទេ គឺប្រើស្លឹកចេក ក្រាលហើយដាក់បាយនិងសាច់នាំគ្នាញ៉ាំ។ ចំណែកលោកយាយក៏ចូលទៅក្នុងភូមិបាត់ទៅ។

“នៅទីនេះមានភូមិ? មើលទៅដូចនៅក្នុងព្រៃច្រើនជាង”

“ស៊ីបាយទៅអាសិទ្ធិកុំនិយាយច្រើនពេក” ស៊ីណាញ៉ាំយកៗ ចំណែកគន្ធា ក៏ប្រែជាធម្មតាវិញ តែមិនសូវនិយាយស្តី លេងសើចដូចពីមុន។

“ពួកយើងកុំទៅណាផ្តេសផ្តាសណា! ចាំពូដែលនាំផ្លូវយើងត្រលប់មកពីក្រុងវិញ ពួកយើងនឹងទៅទាំងអស់គ្នា ទ្រាំតែ២-៣ថ្ងៃទេ មិនយូរទេ”

“ពួកយើងស្តាប់វិជ្ជនីនិយាយផង ជាពិសេសអាសិទ្ធិពូកែដើរហើរណាស់ រឿងទៅភូមិទៅអី មិនបាច់ចង់ដឹងទេ នៅតែផ្ទះទៅ”

“ទៅអញដឹងហើយអាស័ក! ប្រដែប្រដៅជាងម៉ែឪអញទៀតទេ!” ទម្រាំតែពួកគេញ៉ាំអីរួច ពួកគេនាំគ្នាចូលទៅខាងក្នុងផ្ទះសម្រាក។ ពេលចូលទៅដល់ នៅចំហៀងគ្រែខាងស្តាំ មានកន្លែងអាសនៈលោកយាយ ៥ថ្នាក់ មានទៀនធូប បាយសី ស្លាធម៌ដូង និងមានរូបចម្លាក់ព្រះផ្សេងៗជាច្រើនអង្គ។

ពួកគេក៏លើកដៃសំពះ សុំសេចក្តីសុខ សេចក្តីចម្រើន ហើយដោយសារអស់កម្លាំង មួយៗក៏នាំគ្នាដេកលើគ្រែទាំងអស់គ្នាទៅ ដោយសារតែគ្រែនោះធំដែលអាចដេកបានគ្នា៦នាក់។ សំឡេងហៅវិជ្ជនី ទាំងវិជ្ជនីកំពុងតែគេងលង់លក់៖

“វិជ្ជនី! វិជ្ជនី! កូនយើងឆ្លាតណាស់បង ទើបតែប៉ុណ្ណឹងចេះនិយាយបានខ្លះៗ”

“មែនហើយអូន! ចាំមើលកូនយើងធំឡើងដឹងតែស្អាត ហើយឆ្លាតតែម្តង”

“បង! បងកូនយើងឈ្លក់! ឈ្លក់ទឹក!” ស្រាប់តែវិជ្ជនីងើបឆ្ងក់ ប្រឹងដកដង្ហើម មួយទំហឹង យកដៃមកញីច្រមុះខ្លួន ដូចមនុស្សឈ្លក់ទឹកអ៊ីចឹង។

“ហេតុអ្វីបានជាឃើញខ្លួនខ្ញុំនៅពីក្មេង ទាំងខ្ញុំមិនចាំអ្វីទាល់តែសោះ ឬក៏ប៉ាម៉ាក់នឹកខ្ញុំទេដឹង កូនជិតបានត្រលប់ទៅភ្នំពេញវិញហើយ កុំបារម្ភពីកូនអី” វិជ្ជនីអង្គុយសញ្ជឹងគិតម្នាក់ឯង។ វិជ្ជនីដើរចេញមកខាងក្រោយ មេឃរាងបាក់រសៀលទៅហើយ មិត្តភក្តិកំពុងតែដេកលង់លក់នៅឡើយ។ វិជ្ជនីមើលពីចម្ងាយ ឃើញលោកយាយកំពុងតែយួរបន្លែត្រីសាច់។ វិជ្ជនីទៅជួយទទួលលោកយាយ៖

“ចាំចៅជួយកាន់លោកយាយ” គាត់ងក់ក្បាល ហើយហុចទៅឱ្យវិជ្ជនីជួយកាន់ដាក់លើគ្រែ។

“លោកយាយនៅតែម្នាក់ឯងមែនទេ?” លោកយាយសម្លឹងមុខវិជ្ជនី ហើយយកដៃឆ្វេងខ្ទប់ក្រមា មិនឱ្យឃើញមុខមួយចំហៀងទៀត។ យាយទម្លាក់កន្រ្តកយួរនៅដៃ លើគ្រែមុខផ្ទះ៖

“យាយនៅពីរនាក់ចៅ ដែលគេបានទៅក្រុងបាត់ដំបងបាត់ហើយ ២-៣ថ្ងៃបានវាមកលេងយាយម្តង ឬមួយអាទិត្យក៏មាន” វិជ្ជនីតាមសម្លឹងមុខលោកយាយ។

“ចៅឆ្ងល់យាយរុំក្រមាឬ?” វិជ្ជនីងក់ក្បាល ចំណែកលោកយាយដូចជាមាននិស្ស័យនឹងវិជ្ជនីណាស់ គាត់ក៏បានដោះក្រមារុំក្បាលរបស់គាត់ចេញបានដឹងថា គាត់ពិការភ្នែកមួយចំហៀង។

“ចៅសុំទោសលោកយាយ ដែលចង់ដឹងរឿងមួយនេះ” លោកយាយយកក្រមាមករុំវិញ ងក់ក្បាល រួចគាត់ក៏ញញឹម។

“មិនអីទេចៅ! ជារឿងធម្មតារបស់មនុស្សនៅពេលដែលឆ្ងល់ ពួកគេតែងតែចង់ដឹងរឿងគ្រប់បែបយ៉ាង យាយទៅដាំបាយដាំទឹកឱ្យពួកចៅសិនហើយ”

“ចាំចៅជួយលោកយាយ លោកយាយឱ្យកន្លែងស្នាក់នៅហើយ នៅបម្រើបាយទឹកពួកចៅទៀត ដូចជារអៀសខ្លួនណាស់” វិជ្ជនីជួយកាន់កន្រ្តកលោកយាយដើរទៅចង្រ្កានបាយក្រោយផ្ទះ។ ដើម្បីបានជួយធ្វើម្ហូបលោកយាយ។ មិត្តភក្តិវិជ្ជនីបានក្រោកពីគេងគ្រប់គ្នា មេឃក៏ចាប់ផ្តើមរាងងងឹតបន្តិច ព្រះសុរិយាក៏បានបាត់ខ្លួនទៅហើយ។ ពួកគេបានចេញមកលុបមុខ លុបមាត់ អ្នកខ្លះក៏រៀបចំងូតទឹកបណ្តើរៗ៖

“អាសិទ្ធិមានឃើញវិជ្ជនីអត់? ដូចជាបាត់នាង”

“គ្នាក៏មិនដឹងដែរ!”

“តើនាងទៅណាទៅ?” នីស័កបានក្រឡេកមើលឆ្វេងស្តាំក៏មិនឃើញ ក៏ដើរទៅចំហៀងផ្ទះ ឮសំឡេងមនុស្សបែបឈ្លក់ផ្សែង ក៏ដើរទៅមើល ឃើញវិជ្ជនីកំពុងជួយធ្វើម្ហូបលោកយាយ។

“ខ្ញុំខំតែរក! ការពិតនៅទីនេះសោះ”

“ចាស! គ្រប់គ្នាក្រោកពីគេងហើយមែន ចឹងឱ្យពួកគេងូតទឹក ងូតអីទៅ ន្អាលនឹងញ៉ាំបាយទាំងអស់គ្នា”

“ចឹងខ្ញុំទៅប្រាប់ពួកគេសិន!” នីស័កសម្លឹងទៅលោកយាយ ទាំងទឹកមុខចម្លែក គាត់មិននិយាយអ្វីសោះជាមួយនីស័ក។ នីស័កក៏មិនគិតអ្វីច្រើន ក៏ដើរមកខាងមុខផ្ទះ ឱ្យពួកគេរៀបចំខ្លួន ងូតទឹក ងូតអី ចាំបាយហូប។ សិទ្ធិគេអ្នកយួរទឹកអណ្តូង មកចាក់ចូលពាងឱ្យពួកគេងូត គ្មានសាប៊ូដុសខ្លួន កក់សក់អីទេ ងូតតែទឹកធម្មតា។

មេឃរាងងងឹតក៏ពិតមែន តែអាចមើលគ្នាឃើញទៅវិញទៅមកបាន ណាមួយមានពន្លឺចងៀងដាក់លើគ្រែ ដែលវាជះមក ពួកគេអាចមើលឃើញជុំវិញតំបន់នោះបាន។ គន្ធាក្រឡេកទៅមើលគុម្ពោតព្រៃពីចម្ងាយ ងងឹតស្ទុងៗ ស្រមោលរបស់វាផ្លាស់ទីលឿនណាស់ មិនអាចដឹងថាជាសត្វឬក៏ជាអ្វីឱ្យពិតប្រាកដ។

នាងតាមសម្លឹងមើលមិនដាក់ភ្នែកសោះ ជាមួយពន្លឺបៃតងក្រហមពីចម្ងាយ លើចុងឈើ ហើយមានស្រមោលដូចជាមនុស្សនៅក្បែរពន្លឺនោះ។ នាងកំពុងតែស្លុងមើល ស្រាប់តែស៊ីណាពញ្ញាក់នាងពីក្រោយ៖

“ចាក់អើ!”

“អោវ! អោវ! ហើយម៉េចបានជាលេងអ៊ីចឹងយប់ឡើង កុំលេងអ្វីឆ្កួតៗចឹងមើល ខ្ញុំចូលទៅផ្លាស់ខោអាវក្នុងផ្ទះមុនហើយ”

“អើយ! គ្រាន់តែលេងតិចសោះ ដូចប្រកាន់អ្ហះ”

គន្ធាក៏ដើរចូលក្នុងផ្ទះផ្លាស់ខោអាវបាត់ទៅ។ និយាយពីសិទ្ធិ នីស័ក ស៊ីណាពួកគេនៅងូតទឹកលេងនៅឡើយ សិទ្ធិនិងនីស័កយួរទឹកពីអណ្តូងដូរដៃគ្នាម្នាក់ម្តង។ ស្រាប់តែសិទ្ធិយួរទឹកឡើង ទាញខ្សែឡើងមក មានអារម្មណ៍ថាធ្ងន់ជាងលើកមុន។ សិទ្ធិក៏ខំប្រឹងទាញឡើង សំឡេងកូនក្មេងសើចចេញពីអណ្តូង គួរឱ្យចម្លែក។ សិទ្ធិទប់ខ្សែជាប់ ហើយឱនមើលទៅក្នុងអណ្តូង តែពុំមានវិញទេ វាងងឹតស្លុបមើលអ្វីមិនឃើញ។ សំឡេងប្រូង ដូចមនុស្សលោតចូលក្នុងទឹក សិទ្ធិភ្ញាក់ព្រឺ ព្រលែងខ្សែចោល ដួលខ្ពោកទៅនឹងដី៖

“មានរឿង! មានរឿងអីអាសិទ្ធិ?” សិទ្ធិមិនតបនឹងនីស័កទេ គិតតែយកដៃចង្អុលទៅអណ្តូងទឹក ហើយស្ទុះខ្លួនងើបឡើង។

“អញដូចគិតថាមានអីក្នុងអណ្តូង”

“កុំស្រមើស្រមៃពេក អានេះ! មើលអញមើលៗ” នីស័កទាញខ្សែយួរទឹកអណ្តូងឡើង ហើយឱនក្បាលមើលទៅក្នុងអណ្តូង គ្មានឃើញអ្វីទេ បើងងឹតសូន្យឈឹងដូច្នេះ។

“កុំនាំគ្នាបន្លាចតែខ្លួនឯងពេក ពួកយើងរស់នៅទីនេះមិនមែនផ្ទះយើងទេ ពេលខ្លះកុំជឿលើភ្នែកយើងខ្លាំងពេក តស់នាំគ្នាទៅផ្លាស់ខោអាវអ្ហាងញ៉ាំបាយ”

នីស័កនិយាយចប់ លើកកូនធុងទឹកនោះចាក់ចូលពាង។ ចំណែកវិជ្ជនីនិងលោកយាយក៏បានធ្វើម្ហូបរួចរាល់ យកមកដាក់លើគ្រែខាងមុខផ្ទះ ចាំពួកគេផ្លាស់ខោអាវ។ ក្នុងអំឡុងពេលចាំ វិជ្ជនីក៏ងូតទឹកសម្អាតខ្លួនដែរ។

វិជ្ជនីទាញក្រមាមករុំខ្លួន ហើយដើរទៅជិតពាងទឹកក្បែរអណ្តូង ទាញផ្តិលដួសទឹកមកចាក់លើខ្លួន។ ស្រាប់តែងូតទឹកបាន៣ផ្តិល ឃើញស្រមោលដូចជានីស័កកំពុងឈរមិនដឹងថាធ្វើអ្វីមិនឆ្ងាយ ពីខ្លួនប៉ុន្មានទេ។

“ស័ក! ស័កធ្វើអីហ្នឹង!” វិជ្ជនីស្រែកតិចៗហៅនីស័ក តែនីស័កមិនងាកមកសោះ។

“ស័ក! ឈរហ្នឹងធ្វើអី? ងងឹតស្លុបហ្នឹង!” ស្រាប់តែឮសំឡេងនីស័កអង្គុយជជែកគ្នាលើគ្រែ វិជ្ជនីស្ទុះដើរមកខាងមុខបន្តិចឃើញនីស័ក កំពុងតែអង្គុយលើគ្រែមុខផ្ទះមែន ហើយក៏ចោលភ្នែកទៅស្រមោលនោះវិញស្រាប់តែបាត់ៗ។

“វិជ្ជនីងូតទឹកយូរម៉្លេះ ឃ្លានបាយណាស់!” គន្ធាស្រែកហៅវិជ្ជនី។

“ចាំបន្តិចហើយៗ កុំប្រញាប់់ពេកមើល” វិជ្ជនីងាកមើលឆ្វេងស្តាំៗ ដងចាក់លើខ្លួន រួចក៏ស្ទុះដើរចូលក្នុងផ្ទះ ដើម្បីស្លៀកខោអាវដែលលោកយាយយកពីក្នុងភូមិឱ្យពួកគេ។

ពួកគេបានជុំគ្នាហូបអាហារ ចំណែកលោកយាយ គាត់មិនពិសារអាហារទេ គឺកាន់សីលយប់មិនអាចពិសារបាន គាត់អង្គុយលើកៅអី នៅក្បែរនោះ មានកាន់សៀវភៅនៅដៃមិនដឹងថាកំពុងអានអ្វី។

ពួកគេហូបអាហារដូចជាមនុស្សអត់ឃ្លាន២-៣ថ្ងៃ ញ៉ាំបណ្តើរជជែកគ្នាពីនេះពីនោះបណ្តើរ។ ក្រោយពីញ៉ាំរួចរាល់ គ្រប់គ្នាប្រមូលស្លឹកចេក និងបាយសេសសល់មួយចំនួន យកទៅបោះចោលនៅឯងចំហៀងចង្រ្កានបាយ កន្លែងគនរសំរាម។ វិជ្ជនីបានយកកំណាត់ជ្រលក់ទឹក យកមកជូតគ្រែ សម្រាប់កន្លែងលោកយាយសម្រាក។

ពួកគេបានមកអង្គុយជុំគ្នាលើគ្រែ ជាមួយលោកយាយ ដើម្បីសួរនាំពីទីកន្លែងដែលគេកំពុងរស់នៅ។ គន្ធានៅក្បែរស៊ីណា ចំណែកនីស័កគេនៅក្បែរសិទ្ធិ អង្គុយសម្លឹងទៅមើលលោកយាយរាងខ្លាចៗ ពីព្រោះតាំងពីមកនៅទីនេះមក មានតែវិជ្ជនីទេ ដែលបាននិយាយជាមួយលោកយាយ។ វិជ្ជនីនៅក្បែរលោកយាយ៖

“លោកយាយ! តើទីនេះមានភូមិមានឈ្មោះអ្វី? ម៉េចបានជស្ងប់ស្ងាត់ម្ល៉េះលោកយាយ?”

“ភូមិនេះឈ្មោះថាភូមិ បល្ល័ង្គក្រោម ភូមិនេះជាភូមិដាច់ស្រយាលឆ្ងាយពីក្រុងបាត់ដំបងរាប់រយគីឡូ មិនសូវជាមានអ្នកស្គាល់ទេ យាយមករស់នៅទីនេះ ដោយមិននៅក្នុងភូមិ ដោយសារតែយាយចូលចិត្តស្ងប់ស្ងាត់សន្សំសីលតែម្នាក់ឯង តែបើពួកចៅចង់ទៅលេងឱ្យស្គាល់ភូមិ ស្អែកព្រឹកចាំយាយនាំចៅទៅលេងបាន ប៉ុន្តែ…”

“ប៉ុន្តែមានរឿងអ្វីលោកយាយ?” នីស័កនិយាយកាត់ លោកយាយងាកទៅមើលមុខនីស័ក នីស័កឱនមុខចុះ។

“ហាមពួកចៅកុំទៅប៉ះពាល់អ្នកភូមិជាដាច់ខាត កុំឱ្យមានរឿងដាក់ខ្លួនឱ្យសោះ!”

“ចាសលោកយាយ!” វិជ្ជនីឆ្លើយ

“ចៅត្រូវដឹងថា កន្លែងណាក៏ដោយ សុទ្ធតែមានគេអ្នកគ្រប់គ្រង ដូច្នេះហើយ ចៅត្រូវតែចេះគោរពម្ចាស់គេ មុនធ្វើអ្វី! ទីនេះក៏មិនមែនជាកន្លែងដែលអាចឱ្យពួកចៅរស់នៅរហូតដែរ តែពេលដែលចៅអ្នកនាំផ្លូវមកពីក្រុងវិញ យាយនឹងឱ្យគេនាំចៅត្រលប់ទៅវិញ”

សិទ្ធិគិតក្នុងចិត្ត៖

“អើយ! គ្មានអ្នកណាចង់រស់នៅទេ បើវេទនាសឹងអីដេកផ្ទះវាមិនស្រួលជាងហ្អី!” នីស័កវៃក្បាលអាសិទ្ធិ។

“អ្ហែងនិយាយអីមិញ?”

“អញមាននិយាយអី!” សិទ្ធិ “ចុម! អញនិយាយក្នុងចិត្តសោះវាឮ” សិទ្ធិគិតក្នុងចិត្ត។

“រឿងមួយទៀតដែលយាយចង់ប្រាប់ពួកចៅ” សិទ្ធិក្រឡេកទៅមើលគន្ធាដេកលើភ្លៅស៊ីណាបាត់។

“មានរឿងអីទៅលោកយាយ?”

“ទីកន្លែងនេះចៅមិនអាចទៅណាផ្តេសផ្តាសទេ បើមិនអ៊ីចឹងទេ ពួកចៅនឹងវង្វេងផ្លូវជាមិនខាន ហើយមិនអាចរកផ្លូវត្រលប់មកក្នុងភូមិនេះ បានម្តងទៀតឡើយ! អូ! យាយភ្លេចប្រាប់ ភូមិនេះ មានមេភូមិជាអ្នកគ្រប់គ្រងម្នាក់ មានឈ្មោះថាមេភូមិ ធ្នុង គេមានកូន២នាក់ តែកូនប្រុសច្បងរបស់គេ បានស្លាប់យូរមកហើយ ចំណែកកូនស្រីរបស់គេ មានគូដណ្តឹងហើយ ហាមចៅកុំប៉ះពាល់គ្រួសារនេះឱ្យសោះ”

“ចាស! ចាសលោកយាយ! យប់ជ្រៅហើយ លោកយាយឆាប់ចូលសម្រាកទៅ ពួកចៅរំខានលោកយាយខ្លាំងណាស់”

“អឺ! អឺ! ពួកចៅក៏ដូចគ្នា”

គ្រប់គ្នាក៏ចុះពីលើគ្រែ ស៊ីណាដាស់គន្ធាដែលកំពុងតែលង់លក់ឱ្យក្រោកឡើងទៅគេងខាងក្នុង។ ពួកគេទៅដល់ខាងក្នុងភ្លាម រកកន្លែងដេករៀងៗខ្លួន ណាមួយអស់កម្លាំងតាំងពីព្រឹកផង គន្ធាមិនទាន់ទាំងនិយាយអីបានមួយម៉ាត់ផង គេងលក់បាត់ ស៊ីណាដេកក្បែរឱបគន្ធាក៏ដេកលក់បាត់ទៅ។ នៅតែនីស័ក សិទ្ធិ និងវិជ្ជនីមិនទាន់គេងលក់ អាចមកពីពួកគេគេងថ្ងៃឆ្អែត នៅសុខៗឮសំឡេងសិទ្ធិនិយាយ៖

“ស័ក! គ្នាដឹងថាឯងមិនទាន់គេងទេ ម្តេចបានពួកយើងជួបតែរឿងមិនល្អនិងបញ្ហារហូតចឹង តើយើងទៅប៉ះពៀរអ្នកណាគេ បានមានរឿងមិនចេះចប់សោះ”

មានភាគបន្ត

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*