“គេងទៅ! សិទ្ធិយប់ហើយ កុំគិតច្រើនពេក យ៉ាងយូរស្អែកអីពូអ្នកនាំផ្លូវយើងមក យើងច្បាស់ជាបានត្រលប់ទៅវិញហើយ” វិជ្ជនីនិយាយតិចៗ។
“ចុះបើស្អែកហើយស្អែកទៀត គាត់មិនទាន់មក ពួកយើងប្រាកដជារស់នៅទីនេះរហូតមែន”
“កុំបារម្ភពេក អាសិទ្ធិអើយ មនុស្សល្អដូចពួកយើង ទេវតាគង់តែជួយទេ ទ្រាំបន្តិចសិនទៅ”
“អញសង្ស័យថាទម្រាំតែជួយហ្នឹង ពួកយើងមិនដឹងមានរឿងដល់ណាទៅហើយ”
“ទៅនាំគ្នាគេងទៅ ប្រយ័ត្នឈឺរិតតែពិបាកលើសដើម” គ្រប់គ្នាជជែកគ្នាចប់ ក៏នាំគ្នាដេក។
វិជ្ជនីកំពុងតែនៅកណ្តាលព្រៃតែម្នាក់ឯង ក្រឡេកទៅមើលឆ្វេងដៃមានអណ្តូង ដែលវិជ្ជនីធ្លាប់ឃើញពេលមកក្នុងព្រៃជាមួយមិត្តភក្តិដំបូង។ សំឡេងស្រក់ទឹកចូលក្នុងអណ្តូងតក់ៗ សំឡេងនេះឮជាប់ត្រចៀកវិជ្ជនី។ វិជ្ជនីស្រាប់តែឃើញ ឈាមនៅជាប់មាត់អណ្តូងហូរស្រក់ទៅក្នុងអណ្តូង សំឡេងហៅវិជ្ជនី៖
“ចៅ! ចៅ! កុំទៅទីនោះអីមានគ្រោះថ្នាក់ណាស់”
វិជ្ជនីងាកមករកម្ចាស់សំឡេង គឺជាលោកយាយ ដែលឈរស្រែកពីចម្ងាយមិនឱ្យនាងទៅជិតអណ្តូងនោះទេ។ តែជើងនាងបញ្ជាមិនបាន ចេះតែបោះជំហានដើរទៅជិតមាត់អណ្តូងទឹកនោះ ស្រាប់តែស្រមោលខ្មៅៗចេញពីអណ្តូងមិនឃើញរូបរាង វារចេញពីមាត់អណ្តូង។
វិជ្ជនីភ័យតក់ស្លុតជាខ្លាំង យកដៃខ្ទប់មាត់សម្លឹងមើលរូបភាពស្រមោលទាំងអស់នោះ កំពុងតែវារចេញពីមាត់អណ្តូង។ ស្រាប់តែវិជ្ជនីចង់ស្រែក តែមិនអាចស្រែកបាន នាងបែរត្រលប់ក្រោយ បម្រុងចេញពីទីនោះ សំឡេងសើចក្អាយក្អាយមិនដឹងថាជាសំឡេងអ្នកណា ដូចជាសប្បាយចិត្តប្រៀបដូចខ្លួនរួចចេញពីមន្ទីរឃុំឃាំងអ៊ីចឹង។
“យើងមានសេរីភាពហើយ រយៈពេល២០ឆ្នាំជាងមកហើយ ដែលយើងនៅទីនេះ យើងនឹងសងសឹកនូវអ្វីដែលពួកឯងបានធ្វើដាក់មកលើក្រុមគ្រួសារយើង ហាសហា” សំឡេងមនុស្សស្រីសើចគួរឱ្យខ្លាច។ វិជ្ជនីងាកទៅវិញឃើញស្រមោលខ្មៅមនុស្សស្រីប្រុសមួយគូទៅមើលបាត់។
“ចៅ! ត្រលប់មកផ្ទះយើងវិញចៅ” វិជ្ជនីភ្ញាក់ពីគេងព្រើត យកដៃញីភ្នែក រួចបើកភ្នែកមកក៏ឃើញលោកយាយគាត់កាន់កូនកាំបិតមួយយកចេញពីក្បាលដំណេកខ្ញុំ ខ្ញុំស្ទុះក្រោកឡើង។
“មានរឿងអ្វីទៅលោកយាយ?”
“គ្រាន់តែជាការយល់សប្តិប៉ុណ្ណោះចៅ ចៅបំភ្លេចវាចោលចុះ” លោកយាយប្រៀបដូចជាដឹងរឿងរ៉ាវរបស់វិជ្ជនីយល់សប្តិមួយនេះ។
“ខ្ញុំភ័យណាស់លោកយាយ!” វិជ្ជនីស្ទុះទៅឱបលោកយាយ លោកយាយគាត់អង្អែលក្បាលវិជ្ជនី
“មិត្តភក្តិចៅកំពុងតែចាំ រៀបចំខ្លួនមក”
“ចាសលោកយាយ”
នីស័កដើរចូលមកខាងក្នុងផ្ទះ ឃើញវិជ្ជនីទឹកមុខមិនសូវស្រស់បស់សោះ៖
“មានរឿងអីវិជ្ជនី?”
“គ្មានរឿងអីទេ! ខ្ញុំរៀបចំខ្លួនសិន គ្រប់គ្នានៅណា?”
“ពួកគេចាំនៅខាងក្រៅ” នីស័កនិយាយចប់មើលទៅមុខលោកយាយ លោកយាយក៏បានយកកាំបិតនោះដាក់លើជើងពានកន្លែងអាសនៈគាត់វិញ ហើយគាត់បានដើរចេញមកខាងក្រៅ។
“នីស័កចេញទៅក្រៅសិនទៅ!”
“បាទ បាទ!” នីស័កដើរចេញមកខាងក្រៅ ហើយងឿងឆ្ងល់លោកយាយ។
“គាត់កាន់កាំបិតធ្វើអី? ឬមួយក៏ចង់សម្លាប់វិជ្ជនី វាមិនអាចទេ គាត់ចិត្តល្អនឹងពួកយើងសឹងអី មកពីខ្ញុំគិតអីផ្តេសផ្តាសទេដឹង”
“ការដែលគិតអាក្រក់ពីអ្នកដទៃ ទោះបីគេធ្វើល្អយ៉ាងណាក៏នៅតែមិនល្អចំពោះកែវភ្នែកដែលគេបានគិត” នីស័កភ្ញាក់នឹងលោកយាយមិនដឹងថាគាត់ឈរក្រោយខ្នងពីអង្កាល់ នីស័កលើកដៃសំពះលោកយាយ
“ខ្ញុំសុំអភ័យទោសចំពោះលោកយាយ ដែលបានគិតបែបនេះ”
“មិនអីទេចៅ! គ្រាន់តែចៅបារម្ភពីមិត្តភក្តិនិងចេះប្រយ័ត្នប្រយែងប៉ុណ្ណោះ”
វិជ្ជនីបានរៀបចំខ្លួនរួចរាល់។ លោកយាយបាននាំពួកគេ ចូលទៅក្នុងភូមិ។ ដើរមិនយូរប៉ុន្មានដែរ ពួកគេត្រូវដើរកាត់ព្រៃស្រោងមួយ ប្រៀបដូចជាព្រំដែនឬរបង ចូលទៅក្នុងភូមិមួយនោះអ៊ីចឹង។ កន្លែងដែលពួកគេដើរកាត់ព្រៃស្បោងនោះ មានច្រកមួយអាចឱ្យពួកគេចូលក្នុងភូមិនោះបាន។ លោកយាយជាអ្នកនាំផ្លូវខាងមុខពួកគេ ពួកគេទាំងអស់គ្នាដើរពីក្រោយលោកយាយ។
ពួកគេបានមកដល់ក្នុងភូមិ ដែលមានមនុស្សច្រើនគួរសមដែរ រស់នៅ។ ប្រៀបដូចជាភូមិបូរាណមួយអ៊ីចឹង មានគេលក់ដូរត្រីសាច់ បន្លែបន្លុក តែការស្លៀកពាក់ដូចមនុស្សសាមញធម្មតាទេ តែមានចាស់ៗមួយចំនួនគាត់ស្លៀកក្បិន អាវសាច់កំណាត់។ មើលទៅទិដ្ឋភាពរស់នៅបែបលាយបូរាណបន្តិច សម័យបច្ចុប្បន្នបន្តិច។ ពួកគេសម្លឹងមើលឆ្វេងស្តាំការរស់នៅរបស់អ្នកភូមិ មានផ្សារលក់ដូរមនុស្សអ៊ូអរគួរសម។
និយាយពីផ្ទះពួកគេរស់នៅ ក៏មិនខុសពីក្នុងភូមិធម្មតាដែរ តែមានតែផ្ទះឈើ ផ្ទះស្លឹក និងស្បូវប៉ុណ្ណោះ មិនមានផ្ទះថ្ម។ ផ្ទះឈរខ្ពស់ មានក្បូរក្បាច់រចនាបែបខ្មែរស្រស់ស្អាត អាចជាផ្ទះអ្នកមានស្តុកស្តម្ភឬមានឋានៈខ្ពស់នៅក្នុងភូមិមួយនោះ។ អ្វីដែលកាន់តែពិសេសនោះ មនុស្សស្រីប្រុសគឺស្រស់ស្អាតគ្រប់ៗគ្នា។ សម្បុរសណ្តែកបាយរលោង អ្នកខ្លះក៏រាងស្រអែម តែគន់មើលៗយូរសឹងតែលង់ដកចិត្តមិនរួច។
ចំណែកបុរសៗវិញ មាឌឌាំងកម្លាំងមាំមួន អ្នកខ្លះមិនពាក់អាវអីទេ ហើយថែមទាំងមានសាក់លើដើមទ្រូងឬនៅខ្នង។ អ្នកខ្លះជាអ្នកលីសែងប៉ាវស្រូវ អង្ករ សណ្តែក ពោតជាដើម ដែលមិនសូវឃើញពួកគេពាក់អាវ។
និយាយពីក្រុមពួកគេវិញ ចាប់ចិត្តទៅលើនំខ្មែរមាននំគម នំបត់ អន្សមចេក-ជ្រូក នំកងនំក្រូច។ តែពួកគេមិនអាចយករបស់គេមកញ៉ាំផ្តេសផ្តាសបានទេ ទាល់តែទិញរបស់នោះពីអ្នកលក់យកមកញ៉ាំ។ គ្រប់គ្នាបានបម្រុងលុយ ព្រោះគិតថាលោកយាយនាំពួកគេមកលេងក្នុងភូមិ និងដើរផ្សារអាចយកលុយនោះមកចាយបាន។ តែអ្នកលក់មិនទទួលយកទេ បែរជាអ្នកលក់បង្ហាញប្រាក់ដែលគេចង់បានគឺជាដុំសំរឹទ្ធិ ប្រាក់ឬជាដុំមាស ដូចជាគ្រួសតូចបានគេល្មមលក់។
ពួកគេស្រាប់តែចម្លែកក្នុងចិត្ត តើអាចទៅរកដុំមានតម្លៃទាំងអស់នេះមកពីណា? លោកយាយឃើញពួកគេនៅចោមរោមកន្លែងលក់នំខ្មែរ ក៏មានចិត្តដឹងថាពួកគេចង់ញ៉ាំនំ ស្រាប់តែលោកយាយដកថង់កំណាត់មួយចេញពីកន្រ្តដៃគាត់ ហើយហុចទៅឱ្យអ្នកលក់៤-៥ដុំ។
អ្នកលក់ក៏ព្រមលក់ឱ្យពួកគេ។ គ្រប់គ្នាលើកដៃសំពះលោកយាយ៖
“ភូមិអីក៏ចម្លែកម៉្លេះអ្ហះ! សម័យនេះហើយនៅចាយចឹងទៀត មើលតែសម័យលង្វែកចាយប្រាក់ឌួង!” សិទ្ធិយកដៃអេះក្បាល។
“វាជាប្រពៃណីរបស់អ្នកស្រុកភូមិគេ កុំនិយាយអីផ្តេសផ្តាស” វិជ្ជនីទទួលនំពីដៃអ្នកលក់។
“នំនេះឆ្ងាញ់អ្ហះ! ផ្អែមមុតតែម្តង រសជាតិឆ្ងាញ់ជាងអ្នកភ្នំពេញធ្វើទៀត” គន្ធាញ៉ាំបណ្តើរសរសើរបណ្តើរ។
“នេះជាម្ហូបអាហារប្រចាំភូមិ រសជាតិអាចនឹងខុសពីកន្លែងផ្សេង បើឆ្ងាញ់ចៅៗញ៉ាំឱ្យច្រើនទៅ”
លោកយាយគាត់នាំពួកគេដើរទៅមុខ មើលអីផ្សេងបន្តទៀត។ គន្ធាញ៉ាំបណ្តើរបញ្ចុកស៊ីណាបណ្តើរ សិទ្ធិនិងនីស័កកៀកកគ្នាមើលគេមើលឯងយ៉ាងរីករាយប្លែកភ្នែកមិនដែលឃើញ។ លោកយាយបានទិញត្រីសាច់ និងបន្លែបន្លុកទុកយកទៅធ្វើម្ហូបអាហារពេលល្ងាចឱ្យពួកគេ។
សិទ្ធិដើរកៀកកជាមួយនីស័កសុខៗ ចោលភ្នែកទៅឃើញនារីម្នាក់ កំពុងតែកាន់តាំងយូមាន សម្លៀកបំពាក់សមសួនបែបជាកូនស្រីដែលរស់នៅក្នុងឋានៈស្តុកស្តម្ភ។
សិទ្ធិតាមមើលនាងមិនដាក់ភ្នែកសោះ សម្រស់របស់នាងមិនចាញ់នារីទីក្រុងប៉ុន្មានទេ ប្រៀបដូចជាស្រីសួគ៌អ៊ីចឹង។ នៅក្បែរនាងមាននារីម្នាក់ ជាអ្នកកាន់របស់របរឱ្យនាង ដើរតាមនាងគ្រប់ជំហាន អាចជាអ្នកបម្រើនាងបើតាមមើលទៅ។
“អ្នកនាង ដូចជាមកលេងយូរទៅហើយ ពួកយើងគួរត្រលប់ទៅវិញទៅអ្នកនាង ខ្លាចលោកម្ចាស់បារម្ភ”
“ចាំបន្តិចសិន ខ្ញុំរើសមើលខ្សែដៃមួយខ្សែនេះសិន” នាងនិយាយទាំងសម្តីទន់ភ្លន់ ហើយចាប់លើកខ្សែដៃ ដែលធ្វើពីអង្កាំនិងត្បូងយ៉ាងស្រស់ស្អាត មកពាក់លើដៃខាងឆ្វេងរបស់នាង។
“ស្អាតទេ បងខ្ញុំពាក់វាលើដៃដូច្នេះ”
“ស្អាតណាស់អ្នកនាង”
“អ្នកលក់ខ្ញុំយកខ្សែដៃមួយនេះ”
“ចាស អ្នកនាង”
សូម្បីអ្នកលក់ក៏ហៅនាងថា អ្នកនាងដែរ ដោយសារតែនាងជាកូនមេភូមិនៅក្នុងស្រុកភូមិមួយនេះ។ នាងជាកូនស្រីតែម្នាក់របស់មេភូមិធ្នុង។ មេភូមិធ្នុងស្រលាញ់កូនស្រីសំណព្វចិត្តគាត់តែម្នាក់នេះខ្លាំងណាស់ ផ្គាប់ចិត្តគ្រប់យ៉ាង សូម្បីតែការរស់នៅ ក៏រស់នៅមានផ្ទះខ្លួនឯង ហើយមានអ្នកបម្រើឆ្វេងស្តាំតាមបម្រើនាងទៀតផង។
និយាយពីសិទ្ធិវិញ ឃើញនាងកាលណា ក៏ចាប់ចិត្តស្រលាញ់នាងភ្លាម តែមិនទាន់ដឹងឈ្មោះនាងនៅឡើយទេ នីស័កខំទាញដៃសិទ្ធិឱ្យដើរទៅមុខបន្ត តែសិទ្ធិនៅឈរនឹងមួយកន្លែង។
“សិទ្ធិ! ឯងកើតអីឯង គ្រប់គ្នាគេដើរទៅខាងមុខអស់ហើយ”
“អឺ! អឺ! នាងពិតជាស្រស់ស្អាតណាស់ គ្នាមិនដែលឃើញស្រីណាស្អាតដូចជានាងសោះ” នីស័កឆ្ងល់សម្តីសិទ្ធិ ងាកមើលឆ្វេងស្តាំ តែមិនឃើញនារីណាស្អាតដែលសិទ្ធិនិយាយឡើយ មានតែមីងៗជាអ្នកលក់ និងយាយៗតែប៉ុណ្ណោះ។
“វាឆ្កួតអីឯង ឡើងវង្វេងអស់ហើយនេះ”
“អ្ហាស! នាងទៅណាបាត់តាំងពីអង្កាល់ ធ្វើម្តេចបានជួបនាងម្តងទៀតទៅ ខ្ញុំមិនអាចបំភ្លេចនាងបានទេ”
“នែ! ឯងមកនិទានប្រលោមលោកស្នេហាអីឯង មកឆាប់ទៅខាងមុខជាមួយគេមក” សិទ្ធិក៏ងាកមើលជុំវិញខ្លួនតាមរកនាង តែនាងបានត្រលប់ទៅផ្ទះវិញបាត់ទៅហើយ។ សិទ្ធិនិងនីស័ក ក៏ខំប្រឹងរត់ឱ្យទាន់ មិត្តភក្តិខ្លួនកំពុងដើរជាមួយលោកយាយនៅខាងមុខឆ្ងាយពីពួកគេឈរណាស់ដែរ។
“ហើយពីរនាក់ឯងនៅធ្វើអី?”
“គ្មានធ្វើអីទេ! ជក់មើលរបស់របរផ្សេងៗហ្នឹងស៊ីណា អ្នកភូមិនេះពូកែច្នៃណាស់ របស់របរប្រើប្រាស់ឬខ្សែកខ្សែដៃអីស្អាតៗ ប្លែកពីរបស់នៅទីក្រុង”
“អើឱ្យតែប្រាកដ! នីស័កមិនសូវប៉ុន្មានទេតែអាសិទ្ធិនោះ ភ្នែកសម្លឹងមើលតែស្រីស្អាត សង្ស័យអ្ហះ! ប្រយ័ត្នជាប់ចិត្តក្រមុំៗនៅភូមិនេះវើយ ហាសហា”
“និយាយស្អីស៊ីណា! ខ្ញុំមិនងាយដូចស៊ីណាគិតផ្តេសផ្តាសទេ បើអាស័កវាអាច”
“នីស័កហ្អី!” វិជ្ជនីភ្លាត់មាត់និយាយ
“ន៎! ឃើញអត់អាស័កប្រយ័ត្នខ្លួនតិចអ្ហែង វិជ្ជនីមុខក្រញូវហើយ”
“នែ! គ្រប់គ្នានិយាយស្អីហ្នឹង ដូចជាជ្រុលពេកហើយ”
“ឈប់និយាយភ្លាម អត់អីលេងទេអ្ហី? បានលេងបង្អាប់គ្នាឯង” នីស័កយកដៃទះក្បាលសិទ្ធិ
“ពួកចៅៗ! មេឃដូចរសៀលទៅហើយ គួរតែនាំគ្នាត្រលប់ទៅផ្ទះវិញ”
“ចាសលោកយាយ តស់! គ្រប់គ្នាពួកយើងត្រលប់ទៅផ្ទះវិញ ខ្លាចត្រលប់ទៅវិញយប់ពិបាកមើលផ្លូវ”
“តស់! តស់!” នីស័កហៅគ្រប់គ្នា
“គន្ធាញ៉ាំរហូតហ្មងនេះ!”
“ហាសហា បើវាឆ្ងាញ់! ញ៉ាំទៀតអត់?” គន្ធាយកនំបញ្ចុកស៊ីណា។
គ្រប់គ្នាក៏បានចាកចេញពីភូមិមួយនោះ ដើម្បីត្រលប់ទៅផ្ទះលោកយាយវិញ។ វិជ្ជនីបានហុចបន្លែ ត្រីសាច់ឱ្យទៅសិទ្ធិនិងនីស័កកាន់។ ពួកគេដើរតាមលោកយាយពីក្រោយ មើលទៅភូមិក៏មានសភាពធម្មតា ទោះបីជាមិនមានមនុស្សច្រើនអ៊ូអរ តែជីវភាពរស់នៅរបស់ពួកគេ មានភាពសុខសាន្ត។
ពួកគេបានដើរកាត់ផ្ទះមួយ ជើងសសរខ្ពស់ៗ ជាមួយកាំជណ្តើរវែង ហើយមានមនុស្សជាច្រើននៅក្រោមផ្ទះ ពួកគេធ្វើការរៀងៗខ្លួន។ លោកយាយឈប់ង៉ក់ ឈរសម្លឹងមើលទៅផ្ទះមួយនោះ។ ពួកគេតាមមើលទៅអាការនិងទឹកមុខលោកយាយ៖
“នេះជាផ្ទះអ្នកណាគេដែរលោកយាយ?” គាត់ស្តាប់វិជ្ជនីមួយសន្ទុះ ទើបគាត់តប៖
“នេះជាផ្ទះមេភូមិធ្នុង” គាត់និយាយមួយម៉ាត់ហ្នឹងចប់ ក៏ដើរទៅមុខបន្តទៀត។
គ្រប់គ្នាសម្លឹងមើលទៅផ្ទះមួយនោះមិនដាក់ភ្នែក វាមានលក្ខណពិសេស ដែលពួកគេមិនធ្លាប់ឃើញ ផ្ទះខ្មែរបែបបុរាណហើយធ្វើឡើងយ៉ាងប្រណីតគួរឱ្យចង់រស់នៅ។
សិទ្ធិក្រឡេកភ្នែកទៅក្រោមផ្ទះភ្លាម ស្រាប់តែឃើញមនុស្សម្នាក់ដែលគេបានឃើញ នៅក្នុងផ្សារកំពុងរើសខ្សែដៃ ហើយគេហៅអ្នកនាងគ្រប់គ្នា។ សិទ្ធិនៅឈរកាន់បន្លែមិនដើរទៅមុខជាមួយគេសោះ ទាល់តែនីស័កស្រែក៖
“អាសិទ្ធិ! អាសិទ្ធិ! ទៅផ្ទះវិញ ចុម! មើលវា ចម្ងាយប៉ុណ្ណឹងអត់ឮ អាសិទ្ធិ!”
“ស្អីអ្ហះ! ហៅក៏ហៅម៉េស អញហ្នឹងថ្លង់មែន?” សិទ្ធិដើរចេញពីកន្លែងខ្លួនកំពុងឈរមួយសន្ទុះ ដើរបណ្តើរគិតបណ្តើរ។
“នាងជាអ្នកណាគេ? ឬក៏ជាកូនលោកមេភូមិ ចឹងតើបានជានាងស្រស់ស្អាតលើសគេ នាងពិតជាស្រស់ស្អាតខ្លាំងណាស់ បើបានដឹងឈ្មោះនាងទៀត មិនដឹងជាល្អយ៉ាងម៉េចទេ”
និយាយពីពួកគេដើរតាមលោកយាយត្រលប់មកផ្ទះវិញ ជិតមកដល់ព្រៃរបងចេញមកវិញ វិជ្ជនីចោលភ្នែកពីចម្ងាយ ឃើញបុរសម្នាក់ស្លៀកឈុតស មានខ្សែកអង្កាំ បែបទំនងជាគ្រូខាងអាគមអំពើ សក់វែងក្រញ៉ៃមើលមិនយល់ ដែលនៅមិនឆ្ងាយពីនាងប៉ុន្មានទេ ថែមទាំងមានកាន់អីនៅនឹងដៃ មិនដឹងថាជាអ្វីឱ្យប្រាកដ នាងតាមមើលបុរសម្នាក់នោះដើរឆ្ងាយទៅៗ ទាល់តែដាច់កន្ទុយភ្នែកមើលលែងឃើញ។ ស្រាប់តែមានគេទះស្មាវិជ្ជនីបែបពញ្ញាក់៖
“មើលអ្វីហ្នឹងវិជ្ជនី?”
“អើយនីស័កទេអី! លេងអីចឹង! គ្មានមើលអីទេ”
“គ្មានមើលអីទេ! តែសម្លឹងមិនដាក់ភ្នែកសោះ”
“តស់! ត្រលប់ទៅផ្ទះវិញ មកនីស័កនៅមើលអីដែរ”
“ចង់ដឹងថាវិជ្ជនីឯងមើលអីហ្នឹងណា! ហាសហា”
“កុំលេងសើចច្រើនពេល ល្ងាចហើយ”
ពួកគេដើរមិនយូរប៉ុន្មានក៏បានមកដល់ផ្ទះកន្លែងលោកយាយរស់នៅ។ គ្រាន់តែមកដល់ផ្ទះភ្លាម មេឃចាប់ផ្តើមងងឹតបន្តិចម្តងៗ ពួកគេស្ទុះស្ទាអ្នកខ្លះងូតទឹក អ្នកខ្លះជួយធ្វើម្ហូបជាមួយលោកយាយ។ វិជ្ជនីនិងនីស័ក គេជួយរៀបចំធ្វើម្ហូបជាមួយលោកយាយ ចំណែកសិទ្ធិ គន្ធានិងស៊ីណា ពួកគេរៀបចំខ្លួនងូតទឹកមុន អាងហើយប្តូរវេនគ្នាជាមួយវិជ្ជនីនិងនីស័ក។ សិទ្ធិតាំងពីមកដល់ផ្ទះភ្លាម ដូចជាមិនមានព្រលឹងនៅក្នុងខ្លួនសោះ ឈរធ្មឹងៗម្នាក់ឯង សូម្បីតែយួរទឹក ក៏មួយៗ មិនដឹងថាមានរឿងអ្វី៖
“សិទ្ធិ! រវល់ធ្វើអីហ្នឹង? ដួសទឹកដាក់មក អស់ទឹកហើយ សិទ្ធិ!” គន្ធាទះស្មាមួយដៃ
“អូយ! មានរឿងអីបានវ៉ៃខ្ញុំ?”
“ឱ្យដួសទឹកដាក់ពាង”
“ចាំបន្តិចមិនបាន នែងាកតិចមើល៍”
“អញសង្ស័យតែទៅផ្សារថ្ងៃមិញ ជាប់ចិត្តអ្នកណាគេនៅក្នុងភូមិទេដឹង”
“កុំចេះតែគិតអីផ្តេសផ្តាសមើលល៍! ស៊ីណា ងូតទឹកដឹងងូតទឹក”
“ន៎! ឃើញអត់ៗ វាបង្វែរសំនួរហើយ”
“ខ្ញុំឈប់និយាយជាមួយ២នាក់ឯងហើយ! ងូតទឹកដែរសិន”
“វាអៀនហើយ វាអៀនហើយ ឃើញអត់គន្ធា ហាសហា” ពួកគេក៏នាំគ្នាងូតទឹករួច ក៏នាំគ្នាផ្លាស់ខោអាវដើម្បី ប្តូរវេនគ្នាម្តង។
និយាយពីវិជ្ជនី នីស័កនិងលោកយាយវិញ នីស័កខ្លាចៗលោកយាយមិនហ៊ាននិយាយជាមួយលោកយាយទេ បើគេចង់ធ្វើអីជួយគេសួរវិជ្ជនី ចំណែកវិជ្ជនីសួរលោកយាយតថាត្រូវធ្វើអី។ ក្រោយពីចម្អិនអាហាររួចរាល់ វិជ្ជនីបានឱ្យលោកយាយទៅអង្គុយសម្រាកលើគ្រែ ហើយយកទឹកឱ្យលោកយាយពិសារ។
ចំណែកគេនិងនីស័កក៏ធ្វើបន្តរបស់ខ្លះជំនួសលោកយាយ។ នីស័ករកវិធីលើកឆ្នាំងបាយចុះពីចង្រ្កានបាយ គេចង់រកកំណាត់មកលើក តែមិនមាន បើលើកនឹងដៃ វាក្តៅ ដោយវិជ្ជនីឃើញនីស័កឆ្លេឆ្លាៗ ក៏រាងទើសចិត្ត៖
“ហើយរកមើលអីគេ? មិនលើកឆ្នាំងចានចុះមក នៅរេរាអីគេ?”
“លើកម៉េចអត់កំណាត់ផង!”
“ចាំមើលខ្ញុំធ្វើឱ្យមើល” វិជ្ជនីយកឈើអុសប្រវែងប្រហែលជាបីចង្អាម២កំណាត់ ហើយយកវាទៅទ្រដៃឆ្នាំងហើយទម្លាក់វាចុះក្រោម។ នីស័កទះដៃសរសើរវិជ្ជនី៖
“វិជ្ជនីពូកែមែន ទាំងស្អាត ទាំងឆ្លាត ទាំងចេះធ្វើម្ហូបទៀត អ្នកណាបានធ្វើជាប្រពន្ធសំណាងងាប់ហើយ”
“និយាយអីនីស័ក? គិតអីឆ្កួតចឹង!”
“ខ្ញុំនិយាយលេងតាស! ខ្ញុំទៅងូតទឹកមុនហើយ ចាំប្រាប់ឱ្យ៣នាក់នោះមកជួយ ឆាប់បានងូតទឹក”
“ចាស! ទៅងូតទឹកមុនទៅ!” វិជ្ជនីក៏នៅមើលបាយសម្ល ចាំវាពុះដាក់វាចុះ ហើយដាក់ដាំទឹកផឹក។
កំពុងតែអង្គុយសុខៗ មានស្រមោលនៅខាងក្រៅចង្រ្កានបាយ ជាស្រមោលមនុស្សដើរ តែមិនឮសម្រឹបជើងអ្វីទាំងអស់។ កន្ទុយភ្នែកវិជ្ជនីចាប់បានស្រមោលខ្មៅនោះ ស្រមោលនោះនៅមួយកន្លែង ក្រោយវិជ្ជនីក្រោកឈរ បម្រុងនឹងដើរទៅមើលឱ្យជិត ស្រាប់តែស្រមោលនោះដើរចេញទៅបាត់ មិត្តភក្តិនាងក៏ឈរនៅមាត់ទ្វារ នាងងាកខ្លួនទៅភ្ញាក់ឱ្យព្រើត។
“ហើយគ្រប់គ្នាមកតាំងថ្មើរម៉ានហ្នឹង?”
“មិញហ្នឹង! ឃើញវិជ្ជនីអើតលើមៗ មើលអីមិនដឹងក៏ខ្ចិលហៅ ឥឡូវទៅងូតទឹកជាមួយនីស័កទៅទុកឱ្យខ្ញុំអ្នករៀបចំ”
“ស្អីគេឱ្យខ្ញុំនិងស័កងូតទឹកជាមួយគ្នា? មើលនិយាយឱ្យស្រួលមើល មួយៗឥឡូវមិនបានទេនិយាយបង្កប់ន័យណាស់ ហ៊ឹស!”
“ទៅវិជ្ជនីទៅងូតទឹកសម្អាតខ្លួនទៅណា! មើលខ្លួនប្រលាក់សុទ្ធតែផេះ និងធ្យូងអស់ហើយ” គន្ធាដើរទៅវិជ្ជនី ចាប់កាន់ដៃវិជ្ជនី។
“អឺ! អឺ! ពួកអ្ហែងរៀបចំទៅណា គ្នាទៅងូតទឹកសិនហើយ” និយាយចប់វិជ្ជនី ផ្លាស់ខោអាវដើម្បីងូតទឹក តែចាំឱ្យនីស័កងូតហើយ បានគេទៅងូតម្តង។
និយាយពីអ្នកបីនាក់ដែលនៅចង្រ្កានបាយវិញ សិទ្ធិលើកឆ្នាំងបាយដាក់លើគ្រែមុខផ្ទះ ចំណែកស៊ីណានិងគន្ធា រៀបចំម្ហូបដាក់ចានខ្លះ ដាក់លើស្លឹកចេកខ្លះ មានត្រីអាំង និងសម្លម្ជូរត្រកួន។ លោកយាយក៏បានងើបចេញពីគ្រែ ដើម្បីឱ្យពួកគេហូបបាយ គាត់មកអង្គុយលើកៅអី ក្បែរនោះ ដោយទឹកមុខស្មើ មិនដឹងថាគាត់កំពុងតែគិតអ្វី។ ក្រោយរៀបចំរួចរាល់ ពួកគេបានជុំគ្នាញ៉ាំបាយ៖
“លោកយាយមកពិសារបាយជាមួយពួកចៅ”
“ចាស! ហូបទៅចៅ យាយកាន់សីល ពេលយប់មិនទទួលទានអាហារទេ”
“ពួកចៅដូចនៅរំខានលោកយាយដល់ហើយ” គន្ធានិយាយបណ្តើរ មើលមុខបណ្តើរ។
“គ្មានទៅរំខានអីទេ បានពួកចៅមករស់នៅកុំឱ្យស្ងាត់ យាយសប្បាយចិត្ត”
“ចុះពូដែលនាំផ្លូវពួកយើង គាត់ត្រលប់មកវិញពេលណាទៅ ទើបគាត់មកនាំពួកយើងទៅក្រុងវិញទៅ?” សិទ្ធិនិយាយបណ្តើរញ៉ាំបណ្តើរតែ មើលទៅមុខនីស័ក។
“អញម៉េចដឹង! មើលមុខអញ នុះៗ!” នីស័កយកដៃចង្អុលទៅកាន់លោកយាយ តែបែបលើកដៃតិចៗជាមួយកន្ទុយភ្នែកផង។
“រឿងចៅដែលជូនពួកចៅត្រលប់ទៅវិញ ចាំមើលមួយថ្ងៃពីរសិនទៅ ពួកចៅកុំបារម្ភអី!” លោកយាយនិយាយចប់ សិទ្ធិនិងនីស័កមើលមុខគ្នា លេបទឹកមាត់ស្ងាត់ឈឹង។
“ចាសលោកយាយមិនអីទេ ពួកចៅអាចចាំបាន” ពួកគេស្ទុះស្ទានាំគ្នាញ៉ាំអាហារអីរួច រៀបចំទុកដាក់អស់ក៏ចូលសម្រាក ទៅខាងក្នុងផ្ទះ។
ព្រលឹមស្រាងៗ លោកយាយអង្គុយលើគ្រែ ដូចចាំពួកគេភ្ញាក់ពីដំណេក។ វិជ្ជនីក្រោកពីដេក ដើរចេញមកខាងក្រៅ ឃើញលោកយាយកំពុងតែអង្គុយ៖
“លោកយាយ!”
“ចាស! ចៅ ប្រាប់គ្នាពួកចៅផង ថ្ងៃនេះយាយទៅភូមិឯក្រៅ ទាល់តែល្ងាចបានយាយមកវិញ មើលគ្នាគ្នីផង កុំទៅណាផ្តេសផ្តាស”
“ភូមិឯក្រៅ? ទីនេះមានភូមិក្រៅមួយទៀត?” វិជ្ជនីគិតក្នុងចិត្ត។
“ពួកចៅ! បើចូលទៅក្នុងភូមិអី ត្រូវតែប្រយ័ត្នប្រយែង ប្រយ័ត្នរករឿងដាក់ខ្លួនណា អ្នកភូមិគេមិនចូលចិត្តមនុស្សមកពីខាងក្រៅទេ”
“ចាស! ចាសលោកយាយ”
“ថង់ប្រាក់ យាយដាក់ខាងមុខអាសនៈ ពួកចៅអាចយកចាយបាន”
“ចាស! ពួកចៅអរគុណលោកយាយណាស់”
“ចឹងយាយទៅហើយ” លោកយាយនិយាយចប់ គាត់ដើរចាកចេញពីផ្ទះនេះបាត់ទៅ។ វិជ្ជនីដើរទៅចង្រ្កានបាយ ធ្វើបាយទឹកឱ្យមិត្តភក្តិញ៉ាំ ដោយមានបន្លែត្រីសាច់ សល់ពីយប់មិញ។ មិត្តភក្តិពួកគេក្រោកឡើង រាងឆ្លេឆ្លាបាត់វិជ្ជនីនិងលោកយាយ។ ពួកគេស្រែករកវិជ្ជនី នីស័កទៅក្បែរអណ្តូង អ្នកខ្លះដើរឆ្ងាយពីផ្ទះបន្តិច៖
“វិជ្ជនី! វិជ្ជនី!”
“អញសង្ស័យវិជ្ជនីទៅក្នុងភូមិជាមួយលោកយាយទេដឹងអាស័ក!”
“អញក៏មិនដឹងដែរ!”
“វិជ្ជនី! វីជ្ជនី!” គន្ធាស្រែករកវិជ្ជនី។
“គ្រប់គ្នា វិជ្ជនីនៅទីនេះ!” ស៊ីណាស្រែកប្រាប់ពួកគេ។
“ពុទ្ធោ! វិជ្ជនី! ពួកខ្ញុំស្មានតែបាត់វិជ្ជនីឯងទៅណាបាត់ហើយ” នីស័កយកដៃជូតញើសថ្ងាស។
“មានបាត់ទៅណា! មកធ្វើបាយម្ហូបឱ្យគ្រប់គ្នាហ្នឹង”
“មកចាំខ្ញុំជួយ!”
“ចាស! គន្ធាជួយហាន់បន្លែនោះតិចមក ស៊ីណាហាន់សាច់បន្តិចមក”
“ចុះពីរនាក់ខ្ញុំមានអីឱ្យជួយអត់” សិទ្ធិសួរវិជ្ជនី។
“ទៅជួយរកអុសបន្តិចមក”
“Ok! ចឹងតស់អាស័កទៅរកអុសពីរនាក់”
ពួកស្រីៗគេនៅចង្រ្កានបាយធ្វើម្ហូប ចំណែកសិទ្ធិនិងស័កទៅរកអុសឯព្រៃ តែមិនឆ្ងាយពីផ្ទះទេ។ និយាយពីសិទ្ធិនិងនីស័កវិញ ប្រទះឃើញដើមឈើងាប់មួយរាងធំដែរ តែមិនបានយកកាំបិតមក សិទ្ធិក៏រត់ទៅផ្ទះយកកាំបិត នីស័កគេនៅចាំសិទ្ធិយកកាំបិតមក។ នីស័កអង្គុយលើដើមឈើដែលបាក់ដួល ស្រាប់តែគេមើលទៅមេឃខ្មៅងងឹតខ្មួលខ្មាញ់ គួរឱ្យខ្លាច ប្រៀបដូចមានព្រឹត្តិការណ៍អាក្រក់អ្វីមួយកើតឡើង ផ្លេកបន្ទោរភ្លឹបភ្លែតៗ៖
“មេឃនេះដូចចម្លែកម្ល៉េះ! រកភ្លៀងទេដឹង ម៉េចៗអ្ហាងរត់ទៅផ្ទះវិញ” ស្រាប់តែសំឡេងស្រែកហៅពីចម្ងាយ នីស័កក្រឡេកទៅឃើញសិទ្ធិរត់មកពីចម្ងាយ នីស័កក៏ក្រោកឈរ ចាំយកកាំបិតពីសិទ្ធិមកកាប់ដើមឈើយកអុសទៅដុត។ សិទ្ធិរត់សំដៅមករកនីស័កព្រមទាំងស្រែកហៅ៖
“នីស័ក! ដើរមកនេះមក”
នីស័កគិតក្នុងចិត្ត៖
“រត់មកហើយចាំបាច់ឱ្យអញដើរទៅ” ស្រាប់តែមានគេកេះខ្នងនីស័ក នីស័កបែរទៅក្រោយភ្លាមសឹងតែដួលទៅនឹងដី សិទ្ធិលើកកាំបិតឡើងលើ ដូចចង់កាប់អ៊ីចឹង។
“អាស័ក! គឺអញណា៎! អ្ហែងកើតអី?”
នីស័កប្រៀបដូចជាមនុស្សភ្ញាក់ពីយល់សប្តិ ផ្ទៃមេឃធម្មតា ចំណែកសិទ្ធិគឺឈរនៅក្រោយខ្នងគេទៅវិញ។ នីស័កថយចេញពីសិទ្ធិបន្តិច៖
“អាសិទ្ធិមែន”
“អើអញអ្ហះ! យីអានេះវ៉ី!”
“ចុះរត់អម្បាញ់មិញជាអ្នកណាគេ?” នីស័កគិតក្នុងចិត្ត។
“នេះ! កាំបិត កាប់មកចាំអញលីទៅផ្ទះ”
នីស័កតាំងស្មារតី យកកាំបិតពីសិទ្ធិ ហើយកាប់ដើមឈើងាប់ៗនោះ។ កាប់បានមួយគំនរល្មមហើយ ពួកគេក៏នាំគ្នាជញ្ជូនយកទៅដាក់ចង្រ្កានបាយ។ ក្រោយធ្វើការងារគេរួចហើយ នីស័កនិងសិទ្ធិ គេរៀបចំខ្លួន ងូតទឹកមុនពួកស្រីៗ។ ចំណែកស្រីៗធ្វើអីរួច លើកយកមកដាក់លើគ្រែ ដើម្បីនាំគ្នាញ៉ាំអាហារពេលព្រឹក។
ថ្ងៃត្រង់បន្តិច គ្រប់គ្នាសម្រាកលេងលើគ្រែខាងមុខផ្ទះ ចំណែកលោកយាយក៏គាត់មិននៅ។ ម្នាក់ៗមានគំនិតចង់ដើរលេងឯផ្សារក្នុងភូមិ៖
“ពួកយើងអត់ធ្វើអីដដែលទៅលេងក្នុងភូមិហ្អី!”
“សិទ្ធិ! លោកយាយប្រាប់ថាកុំឱ្យទៅណាផ្តេសផ្តាស ល្ងាចលោកយាយគាត់មកវិញហើយ ប្រយ័ត្នបាត់ពួកយើងគាត់រកមិនឃើញគាត់បារម្ភ”
“អូយ! ស្មុគស្មាញម៉្លេះវិជ្ជនី មើលតែរាងល្ងាចតិចមកវិញមក ទាន់ហើយ!”
“គ្នាចង់ទៅលេងក្នុងភូមិដែរសិទ្ធិ!”
“ចុះស៊ីណាទៅអត់?”
“គន្ធាទៅខ្ញុំក៏ទៅដែរ វិជ្ជនីនិងនីស័កទៅដែរទៅ”
“អើយ! ពិបាកឃាត់គ្រប់គ្នាណាស់ ទៅតែកុំបង្ករឿងឱ្យសោះ”
“វិជ្ជនី! មើលតែពួកខ្ញុំហ្នឹងជើងកាប់ចាក់ ស្គាល់គ្នាតាំងពីតូច នីស័កអត់មាត់កចឹង?”
“គ្មានអីទេ! បើទៅ ទៅឥឡូវទៅ ឆាប់បានមកវិញ” និយាយចប់គ្នារួចរាល់ ពួកគេរៀបចំខ្លួនទៅក្នុងភូមិ។
ពួកគេដើរតាមផ្លូវដែលលោកយាយនាំគេពេលទៅលើកមុន មិនយូរប៉ុន្មានពួកគេបានមកដល់ផ្សារក្នុងភូមិ។ អ្នកលក់ដូរក្នុងផ្សារគឺមានសភាពដូចទូទៅធម្មតា ពួកគេដើរ ស្រាប់តែបាត់សិទ្ធិ មិនដឹងដើរទៅឯណាបាត់។ ពួកគេងាកឆ្វេង ងាកស្តាំ មិនដឹងជាសិទ្ធិនេះគេទៅណា៖
“ហើយដើរមកជាមួយគ្នាមិញ សិទ្ធិគេបាត់ទៅណា?”
“ខ្ញុំក៏មិនដឹងដែរវិជ្ជនី បើវាដើរពីក្រោយគេសុខៗមិនដឹងជាបាត់ទៅ?”
“អើយ! កុំខ្វល់ពីវាពេក ធំហើយមិនមែនកូនក្មេងឯណា ដើរលេងមួយជុំ ពីរជុំសិនទៅ តែតិចទៀតវាដើររកពួកយើងវិញហើយ”
“ចឹងស៊ីណាចង់ទៅដើរមើលអី?” គន្ធាចាប់កាន់ដៃស៊ីណាជាប់។
“យើងទៅមើលខាងមុខទៅ ឃើញមនុស្សជុំៗកំពុងធ្វើអីនោះ?” ស៊ីណាគន្ធាក៏ដើរតិចៗទៅមុខ។
“ឥឡូវគិតម៉េចវិជ្ជនី! ចាំសិទ្ធិសិន ឬក៏ឱ្យវាមករកពួកយើងខ្លួនឯង”
“ខ្ញុំក៏មិនដឹងដែរ តែតាមពីរនាក់នោះសិនទៅ ចាំតាមរកសិទ្ធិតាមក្រោយ”
វិជ្ជនីនិងនីស័កក៏ដើរតាមពីក្រោយគន្ធានិងស៊ីណា។ កន្លែងដែលពួកគេទៅមើលនោះ មានប្រុស២ ៣នាក់ បង្ហាញពីអាគមឆ្អឹងដែកស្បែកស្ពាន់ កាប់មិនមុតដុតមិនឆេះ មានព្រួសភ្លើងទៅលើអាកាសទៀត។
បើនៅភ្នំពេញ គេអាចហៅថាបាស៊ី ឬសៀក តែនេះមិនមែនឆ្ពិនភ្នែកទេ គឺគេយកកាំបិតមកកាប់មនុស្សពិតៗ ដោយគេកាប់ដើមចេកសាកឱ្យមើលពីដំបូង ភ្លើងដុតពិតតែម្តង ពួកគេមើលក៏ស្រៀវជំនួស មានតែយកដៃបិទភ្នែក ខ្លាចតែមានឈាមចេញពីមនុស្សដែលឈរឱ្យគេកាប់ មានសាក់យ័ន្តពេញខ្លួន។ បន្ទាប់ពីមើលសកម្មភាពទាំងអស់នេះចប់ ពួកគេក៏ដើរត្រលប់មកក្រោយ វិញណាមួយតាមរកនីស័កសិន។ សំឡេងស្រែកពីចម្ងាយថា៖
“ឈប់! ឈប់! ឈប់អាចោរចង្រៃ!”
មនុស្សចៀសផ្លូវឱ្យបុរសនោះរត់ ថែមទាំងមានបុរសម្នាក់ រត់តាមក្រោយជាមួយគ្នាគេ២នាក់។ ពួកគេសម្លឹងមើលពីចម្ងាយគឺជាសិទ្ធិ កំពុងតែរត់ប្រវេប្រវា គេចពីបុរសដែលកំពុងតែរត់ដេញតាមគេ។ ស្រាប់តែសិទ្ធិរត់ រវល់តែងាកមើលក្រោយ ក៏បានរត់មកបុកតុអ្នកលក់ផ្លែឈើ ក្រឡាប់ខ្លួន ដួលរមៀលមកក្បែរជើងនារីម្នាក់កំពុងតែ រើសខ្សែកនិងខ្សែដៃ។
“យើស! អាចោរចង្រៃហ៊ានមានជើងមានដៃ មកលួចរបស់របក្នុងភូមិផង យើស!”
“ខ្ញុំមិនបានលួចទេ ខ្ញុំគ្រាន់តែកាន់មើល ខ្ញុំមិនបានលួចទេ” សិទ្ធិលើកដៃសំពះ។
“មាត់ថាមិនបានលួច ចុះនៅដៃឯងនោះជាស្អីវិញ?”
មានភាគបន្ត…
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ