បុរសដែលស្រែកឱ្យសិទ្ធិនោះ ក៏បែរមុខទៅចំហៀង គេស្រាប់តែទម្លាក់កំហឹងចុះ ងាកទៅមើលមុខនារីម្នាកនោះឡើងភ្លឹក។ “អ្ហាស! អូនចន្តាមណីហើយអូនកំពុងធ្វើអីនៅទីនេះ?”
“ចាស! ខ្ញុំកំពុងតែដើរផ្សារជាមួយបងអន រើសខ្សែកនិងខ្សែដៃ ហើយបងកំពុងតែមានរឿងអ្វីជាមួយ គាត់ម្នាក់នេះ?”
“គេជាចោរ! ហ៊ានលួចរបស់របរអ្នកភូមិ បងត្រូវតែអូសកគេទៅឱ្យលោកម្ចាស់ពុកជាអ្នកកាត់ក្តី”
“ពុកអូន? នែម្តេចបានជាលោកឯងធ្វើដូច្នេះ ក្នុងភូមិនេះ មិនដែលមានរឿងអ៊ីចឹងទេ តើអ្នកឯងបានលួចមែនឬអត់?”
“ខ្ញុំមិនបានលួចទេអ្នកនាង!” ចន្តាមណីសម្លឹងទៅមើលខ្សែដៃ ដែលសិទ្ធិកាន់ មានភាពស្រស់ស្អាតពេញចិត្តខ្លួន ក៏បែរជានិយាយទៅបុរសឈរទល់មុខនាង។
“សូមបងធ្វើការងារបងទៀតចុះ! មើលទៅមុខមាត់គាត់ម្នាក់នេះ មិនសមជាចោរទេបង ចំណែកខ្សែដៃនេះ ខ្ញុំចេញលុយជំនួសគេចុះ។ នែលោកម្ចាស់់ហាង តើខ្សែដៃនេះថ្លៃប៉ុន្មាន?”
“បាទ! អ្នកនាង គឺថ្លៃប្រាក់២ដុំ”
“ណេះ! ខ្ញុំឱ្យលោក”
“ម្តេចបានជាអូនជួយវាទៅវិញ វាជាចោរណា!”
“លោកពុកធ្លាប់ប្រាប់ថា មនុស្សគឺដូចគ្នា ឱ្យតែយើងចេះសណ្តោសប្រណីដល់គេ នោះគេនឹងអាចប្រែចិត្តជាមនុស្សល្អម្នាក់មិនខាន”
“តែបងមិនព្រមទេ បងនឹងនាំវាទៅឱ្យលោកម្ចាស់”
“បងសក្កមុនី! បងមិនស្តាប់អូនទេ” នាងនិយាយរួចបែរមុខចេញ។
“មានឯណា បងព្រមស្តាប់តាមការសម្រេចចិត្ត របស់អូនទៅចុះ តស់ពីរនាក់ឯងទៅដើរល្បាតឯខាងលិចជាមួយអញទៀត”
“បានទានប្រុស”
“ឯងចាំទុកណា! តែមានលើកក្រោយទៀត យើងមិនលើកលែងឱ្យឯងទេ ហ៊ឹស!” គេនិយាយចប់ដើរចេញទាំងមុខក្រញូវ។
មិត្តភក្តិសិទ្ធិមកឈរមើលនៅក្បែរនោះ មិនហ៊ានធ្វើអីទេ។ នីស័កទាញសិទ្ធិក្រោកឡើង សិទ្ធិសម្លឹងមើលទៅមុខចន្តាមុនី មិនដាក់ភ្នែកសោះ ចំណែកមិត្តភក្តិខ្លួនបារម្ភពីសិទ្ធិយ៉ាងខ្លាំង។
“នែលោក! ហើយកំពុងសម្លឹងមើលអ្វីហ្នឹង?”
“ខ្ញុំ! អត់មានសម្លឹងមើលអ្វីទេ! ខ្ញុំអរគុណអ្នកនាងហើយ ដែលបានជួយខ្ញុំ”
“ចាស! តែលើកក្រោយត្រូវចេះប្រយ័ត្នប្រយែង ហើយកុំមានដៃមានជើងលួចរបស់គេអ៊ីចឹងទៀត”
“ខ្ញុំប្រាប់ហើយថាមិនបានលួចទេ!”
“មែនហើយអ្នកនាង! មិត្តភក្តិខ្ញុំមិនដែលមានដៃមានជើងទៅលួចរបស់គេទេ!”
នាងស្តាប់ចប់មិនតបត ហើយហៅអ្នកបម្រើខ្លួននាង ចាកចេញពីទីនោះ។ ស្រាប់តែសិទ្ធិស្រែកឱ្យនាងឈប់ រួចសិទ្ធិក៏ដើរសំដៅទៅជិតនាង៖
“របស់នេះមិនមែនជារបស់ខ្ញុំទេ! ខ្ញុំឱ្យទៅនាង”
“មិនអីទេ! លោកទុកទៅខ្ញុំបានចេញលុយឱ្យរួចហើយ”
“អត់ទេ! ទុកថាខ្ញុំជូនអ្នកនាងទៅចុះ!” គេចាប់ទាញដៃស្តាំចន្តាមណី រួចស៊កខ្សែដៃពាក់ឱ្យ។ ចំណែកនាងចន្តាមណីស្រាប់តែមុខក្រហម ដូចជាអៀននឹងសិទ្ធិទៅវិញ។
“ខ្ញុំត្រលប់ទៅផ្ទះខ្ញុំវិញហើយ”
“បាទអ្នកនាង! មានឱកាសខ្ញុំសង្ឃឹមថានឹងបានជួបអ្នកនាងម្តងទៀត” សិទ្ធិនិយាយចប់ នាងនិងអ្នកបម្រើក៏ដើរបាត់ទៅ។
សិទ្ធិដើរត្រលប់មកជិតមិត្តភក្តិវិញ គេសម្លឹងមុខគ្រប់គ្នា ធ្វើឱ្យសិទ្ធិលោតបេះដូង ឌុក ឌុក ដូចភ័យនឹងកែវភ្នែករបស់មិត្តភក្តិគេគ្រប់គ្នា។
“នែពួកឯងមើលមុខខ្ញុំធ្វើអីហ្នឹង!” គ្រប់គ្នាមើលមុខគ្នាមិនឆ្លើយគិតតែសម្លឹងមុខសិទ្ធិ “ធុញពួកឯងណាស់ តស់ទៅផ្ទះវិញ”
“យើស! សិទ្ធិឥឡូវចេះធ្វើចោរ ដើម្បីស្រីទៀត”
“និយាយឆ្កួតអីស៊ីណា!”
“ហ៊ានទៅលួចខ្សែដៃគេ យកឱ្យនាងម្នាក់នោះ គេឃើញគ្រប់គ្នា”
“ស៊ីណា! កុំនិយាយចឹង! មិត្តភក្តិគ្នាយូរឆ្នាំហើយ ខ្ញុំមិនដែលឃើញសិទ្ធិធ្វើចឹងទេ”
“តែលូវវិជ្ជនីឯងឃើញហើយ ហាសហា!”
“ស្អីទេ! មួយៗគិតថាខ្ញុំជាចោរ រាប់អានគេឡើងច្រើនឆ្នាំ អន់ចិត្ត”
“ចេះអន់ចិត្តដែរហ្អីអាសិទ្ធិ! ទៅមានគ្នាជឿលើឯង”
“តស់! ពួកយើងត្រលប់ទៅផ្ទះវិញទៅ ប្រយ័ត្នលោកយាយត្រលប់ទៅផ្ទះមិនឃើញពួកយើងនៅ”
“មែនហើយ! ពួកយើងកុំឱ្យលោកយាយបារម្ភយើង”
គន្ធានិយាយចប់ ក៏ទាញដៃស៊ីណា និងឱ្យគ្រប់គ្នាត្រលប់ទៅវិញល្ងាចទៅហើយ។ ពួកគេដើរបណ្តើរ សើចចំអកឱ្យសិទ្ធិបណ្តើរ សិទ្ធិត្រូវបានគេបង្អាប់មុខក្រហមផង អៀនផង ហើយក៏ខឹងគ្រប់គ្នាដែរ។ ពួកគេដើរកាត់កន្លែងលក់នំខ្មែរ ដែលលោកយាយធ្លាប់នាំពួកគេមក។ គ្រប់គ្នាចង់ចូលទិញញ៉ាំ តែភ្លេចថាពួកគេគ្មានលុយ។ វិជ្ជនីបង្ហាញថង់ប្រាក់ដល់ពួកគេ ហើយក៏នាំគ្នាចូលទៅតូបគេញ៉ាំហើយខ្ចប់ខ្លះយកមកផ្ទះទុកញ៉ាំ។
ពួកគេក៏បានដើរមកដល់ របងដែលចេញចូលទៅក្នុងភូមិ គ្រាន់តែគ្រប់គ្នាផុតរបងបានបន្តិច មេឃចាប់ផ្តើមរលឹមតក់ៗចុះមក ពួកគេនាំគ្នាស្ទុះស្ទារត់សំដៅមកផ្ទះ ខ្លាចភ្លៀងទទឹកជោក។ គ្រប់គ្នាបានមកដល់ផ្ទះ ទាំងខ្លួនទទឹកជោកអស់ គេចមិនផុតពីភ្លៀង។ មកដល់ផ្ទះភ្លាម ស្រាប់តែពួកគេភ្ញាក់ព្រើតលោកយាយកំពុងអង្គុយលើគ្រែមុខផ្ទះ។ ម្នាក់ៗគេចមុខមិនមើលមុខលោកយាយ ទឹកមុខលោកយាយក៏ធម្មតា៖
“លោកយាយឱ្យពួកខ្ញុំសុំទោស! ហ៊ានចូលក្នុងភូមិ ដោយមិនសុំការអនុញ្ញាតពីលោកយាយ”
វិជ្ជនីឈរនិយាយព្រមទាំងលើកដៃសំពះ ខ្លួនញាក់ឱ្យទទ្រើត។
“យាយមិនបានថាអីពួកចៅទេ ឆាប់ទៅផ្លាស់ខោអាវ ប្រយ័ត្នឈឺ”
“ចាស! ចាសលោកយាយ!”
ពួកគេក៏នាំគ្នា ចូលក្នុងផ្ទះផ្លាស់ខោអាវ ក្រោយពីរួចរាល់ពួកគេក៏មកអង្គុយមុខផ្ទះក្បែរលោកយាយ មើលទឹកភ្លៀងកំពុងតែធ្លាក់។
សំឡេងយំហ៊ីងហង ហ៊ីងហង យ៉ាងទ្រហឹង ចំណែកដើមឈើរេរាំបក់ទៅតាមខ្យល់និងភ្លៀង។ ភ្លៀងកាន់តែខ្លាំងទៅៗ ចំណែកទីធ្លាខាងមុខផ្ទះលោកយាយ ពាសពេញដោយទឹកដក់ សឹងតែលុបភ្នែកគោបាត់។ វិជ្ជនីក៏ដាំបបរសឱ្យគ្រប់គ្នាញ៉ាំ ជាមួយត្រីងៀត និងពងទាប្រៃ ឱ្យមិត្តខ្លួនការពារកុំឱ្យឈឺផ្តាសាយ។ ក្រោយពីចម្អិនរួចរាល់ ពួកគេនាំគ្នាញ៉ាំបបរ ស្រាប់តែលោកយាយអង្គុយលើកៅអីក្បែរ ក៏មានប្រសាសន៍ថា៖
“ពួកចៅ ចូលក្នុងភូមិ មានបញ្ហាអីជាមួយអ្នកភូមិឬអត់? ហាមដាច់ខាតជាមួយលោកមេភូមិណា សូម្បីតែកូនស្រីគាត់់ និងអ្នកបម្រើ”
“កូនស្រីគាត់ជាអ្នកណាទៅ?” គន្ធាងាកទៅសួរលោកយាយ។
“នាងមានឈ្មោះថាចន្តាមណី តែនាងមានគូដណ្តឹងរួចហើយ ឈ្មោះសក្កមុនី គូដណ្តឹងនាង ជាអ្នកការពារភូមិមួយនោះ ហើយក៏ជាកូនអ្នកមានស្តុកស្តមដែរ”
“ចន្តាមណី! ឈ្មោះនាងពីរោះណាស់” សិទ្ធិអង្គុយនឹកគិតភ្លឹកម្នាក់ឯង។
“ចាសលោកយាយ តែភូមិមួយនេះ ម្តេចក៏នៅឆ្ងាយពីគេឯងម្ល៉េះលោកយាយ” វិជ្ជនីងាកទៅសួរលោកយាយ។
“ភូមិមួយនេះ គឺរស់តាំងពីជំនាន់ជីដូនជីតាយាយមកម្ល៉េះ មិនដឹងនៅពីពេលណាទេ ហើយវាក៏ក្លាយជាភូមិមួយទៅ។ យាយសូមផ្តាំណា ហាមដាច់ខាតទៅមានបញ្ហានៅក្នុងភូមិ” គ្រប់គ្នាតែងតែមើលមុខគ្នា បែបភ័យៗ លោកយាយតែងតែនិយាយដាស់តឿនជានិច្ច ខ្លាចតែពួកគេមានបញ្ហាជាមួយអ្នកស្រុកអ្នកភូមិ។
យប់នេះខុសពីធម្មតា ក្រោយពីមេឃភ្លៀងមួយមេធំ មេឃប្រែជាស្រឡះល្អ ពន្លឺព្រះចន្ទពេញបូណ៌មីឡើងមូលក្រឡង់ស្អាតណាស់។ បញ្ចេញរស្មីយ៉ាងស្រទន់ សឹងតែគន់មើលមិនចេះជិនណាយក្នុងចិត្តជាមួយផ្កាយរះព្រោងព្រាតពេញផ្ទៃមេឃ។
សិទ្ធិបែរជាគេងមិនលក់ទៅវិញ គេគេងយកដៃគងថ្ងាស បែរខ្លួនចុះឡើង នឹកឃើញមុខនារីម្នាក់ ដែលគេបានទាញដៃនាង ពាក់ខ្សែដៃឱ្យនាង។ ទម្រង់មុខនាងលេចឡើង ឱ្យតែសិទ្ធិបិទភ្នែក តែងនឹកដល់ពាក្យសម្តីនាង និយាយរាងស្រទន់តែក៏កាចបន្តិចដែរ។
“ហេតុអ្វីបានជាខ្ញុំគេងមិនលក់? នឹកឃើញតែមុខនាងដូច្នេះ នាងឈ្មោះចន្តាមណី ឈ្មោះនាងពីរោះណាស់ តែឋានៈនាងខ្ពស់ណាស់ ខ្ញុំមិនបានអាចទៅស្រលាញ់នាងបានទេ ហើយនាងថែមទាំងមានគូដណ្តឹងទៀត ហ៊ឹស! បើយើងជាគូព្រេងនឹងគ្នាទេវតារៀបចំឱ្យមែន យើងគង់តែបានជាគូនឹងគ្នាទេ”
សិទ្ធិសំងំគេងបិទភ្នែក ឈប់គិតរឿងរ៉ាវទាំងអស់នេះ កាន់តែគិតសិទ្ធិកាន់តែពិបាកចិត្ត សង្ឃឹមថាពេលនោះមកដល់រូបគេនិងនាងជាគូនឹងគ្នា។
និយាយពីចន្តាមណីវិញ កំពុងតែសំងំគេង តែដូចជាគេងមិនស្កប់ស្កល់សោះ រសេះរសោះមិនដឹងថាមានរឿងអ្វី។ នាងបានងើបខ្លួនផ្អែកនឹងក្បាលគ្រែ បែរខ្លួនសម្លឹងទៅលើតុក្បែរគ្រែនាងគេង ឃើញខ្សែដៃដែលសិទ្ធិបានពាក់ឱ្យនាង។ ស្រាប់តែលេចចេញរូបសិទ្ធិឈរក្បែរគ្រែនាងគេង សម្លឹងមកមើលមុខនាង។
“អូនពាក់ខ្សែដៃមួយនេះស្អាតណាស់” ចន្តាមណីញញឹមសម្លឹងមើលទៅសិទ្ធិ ទាញខ្សែដៃយកមកកាន់ ហើយពាក់ក្នុងដៃ។
“ពិតជាស្អាតដូចបងនិយាយណាស់” ស្រាប់តែចន្តាមណីភ្ញាក់ព្រើត យកដៃទះមុខថ្នមៗ ដើម្បីភ្ញាក់ពីការសុបិនមួយនេះ។
“គិតឆ្កួតអីហ្នឹង! ចន្តាមណី យ៉ាងម៉េចបានជានឹកឃើញមុខអាគាត់នោះទៅវិញ ហ៊ឹស! ខ្ញុំនេះពិតជាចំមែន តិចគេនឹកខ្ញុំទៅ បានជាខ្ញុំគេងមិនលក់ដូច្នេះ? តែមើលទៅរូបរាងគេក៏សង្ហាស្អាតមិនចាញ់បងសក្កមុនីទេ។ នែ! ចន្តាមណី ឯងមានគូដណ្តឹងហើយម៉េចទៅចាប់អារម្មណ៍អ្នកផ្សេងទៅវិញ?”
នាងបានសម្លឹងមើលខ្សែដៃ បង្វិលវាលើដៃចុះឡើង ហើយក៏បានដោះដាក់លើតុ រួចក៏ផ្តេកខ្លួនសំងំវិញ។ តែចិត្តនាងនៅតែគិត នៅតែនឹកឃើញ មិនដឹងថាហេតុអ្វីគ្រាន់តែឃើញមុខគ្នាសោះ ពួកគេចាប់ចិត្តនឹងគ្នាទៅហើយ។
និយាយពីផ្ទះលោកយាយវិញ លោកយាយកំពុងតែគេងយ៉ាងស្ងៀមស្ងាត់ ស្រាប់តែគាត់ងើបឡើងអង្គុយ ឡើងបែកញើសពេញមុខ។ គាត់ទាញក្រមាយកមកជូត សម្លឹងទៅមើលមេឃ ផ្លេកបន្ទោរផ្លេកៗ ព្រះចន្ទប្រែជាក្រហមឆ្អិនឆ្អៅគួរឱ្យខ្លាច ពពកខ្មៅអស់កាត់បាំងបិទព្រះចន្ទសឹងតែមិនអាចបង្ហាញពន្លឺរបស់វាដល់គេគ្រប់គ្នាបានឃើញ។
ខ្យល់បក់មកមួយវូៗ ពពកខ្មៅដែលកំពុងតែបិទបាំងព្រះចន្ទ ស្រាប់តែរសាត់ហោះចេញបាត់ទៅ។ ព្រះចន្ទប្រែជាធម្មតាវិញ ពេញមូលក្រឡង់ តែផ្ទៃមេឃក៏មិនប្រែជាស្រឡះធម្មតាដែរ ដូចរុំព័ទ្ធដោយការចងកំហឹង ចងអាឃាតគួរឱ្យខ្លាច។
លោកយាយទាញចង្កៀងមកដុត ហើយកាន់ដើរចូលទៅខាងក្នុងផ្ទះ។ គ្រប់គ្នាដេកលង់លក់អស់ទៅហើយ គ្មានអ្នកណាដឹងថាគាត់បានចូលមកខាងក្នុងទេ។ លោកយាយដាក់ចង្កៀងក្បែរអាសនៈរបស់គាត់ រួចទាញធូបនៅក្បែរនោះយកអុជ។ ចៃដន្យខ្យល់បក់មួយវឹង ធ្វើឱ្យភ្លើងទៀនដែលគាត់បានដុត ទុកអុជធូបក៏បានរលត់។ គាត់យកដៃរាវដែកកេះ ស្រាប់តែវាជ្រុះទៅដីខ្ពាក គាត់ទាញចង្កៀង រួចឱនខ្លួនមើលទៅខាងក្រោម។
ពន្លឺភ្លឺពណ៌មាស ភ្លឹបភ្លែតៗ មិនដឹងថាពន្លឺមួយនេះចេញមកពីណា មកចាំងប៉ះភ្នែករបស់គាត់។ គាត់ងើបខ្លួនឡើង បន្ទាប់ពីរើសដែកកេះហើយ ស្រាប់តែឃើញពន្លឺនោះចេញតាមប្រលោះភួយ ដែលគ្រប់គ្នាកំពុងតែគេងលើគ្រែ។ គាត់បានដើរទៅឱ្យជិត ដើម្បីចង់ដឹងថាវាមកពីណាឱ្យប្រាកដ គឺចេញពីបាតជើងខាងស្តាំរបស់វិជ្ជនី។
បាទជើងមានពន្លឺពណ៌មាស ដែលមានចារយ័ន្ត ៨ទិស នៅលើបាតជើងនាង។ ស្រាប់តែលោកយាយ យកដៃខ្ទប់មាត់ ហើយចាំយកដែកកេះមកដុតទៀន ហើយអុជធូបដែលបានកាន់នៅដៃ។
អុជរួចក៏គាត់ក៏បានដើរចេញមកខាងក្រោយ តែភ្នែករបស់គាត់នៅតាមមើលពន្លឺយ័ន្តនៅលើបាតជើងវិជ្ជនី។ ពន្លឺនោះភ្លឺបានមួយសន្ទុះ ក៏បានបាត់ទៅវិញ។ លោកយាយកំពុងអង្គុយនៅលើគ្រែ ក៏ស្រមៃទៅដល់រឿងមួយ ដែលគាត់បានយកក្មេងមកចិញ្ចឹម កាលនាងនៅតូច ម្តាយឪពុកនាងបានស្លាប់ចោលនាង ទាំងនាងមានអាយុមិនទាន់៣ឆ្នាំនៅលក្ខណៈ។
នាងមានលក្ខណពិសេសមួយ គឺឱ្យតែខែពេញបូមីណ៍ នៅពេលដែលដាក់ឱ្យនាងដេក បែរបាតជើងឱ្យត្រូវទិសព្រះចន្ទ នោះបាតជើងនាងនឹងចេញពន្លឺយ័ន្ត៨ទិស អាចឪពុកម្តាយរបស់នាងជាអ្នកចារឱ្យតាំងពីតូច។
“តើនាងមែនឬដែលជាចៅស្រីដែលខ្ញុំបានយកមកចិញ្ចឹម? តើវាជាការពិត? ដល់ពេលដែលនាង ត្រលប់មកទីកន្លែងនាងកើតវិញហើយ ឬក៏ត្រលប់មកសងសឹងឱ្យគ្រួសាររបស់នាងវិញ? ខ្ញុំសុំឱ្យរឿងមួយនេះមិនកើតឡើងចំពោះនាងទៅចុះ។ អ៊ីចឹងទេតើបានជានាងនិងខ្ញុំ ដូចជាមាននិស្ស័យជាមួយគ្នា ការពិតគឺជាចៅតើ ប្រហែលជាចៅមិនចាំយាយម្នាក់នេះទេ តែថ្ងៃណាមួយនាងនឹងដឹងការពិតមិនខាន” លោកយាយអង្គុយសញ្ជឹងគិតម្នាក់ឯង នឹកឃើញរឿងរ៉ាវពីអតីតកាលរបស់គាត់ រួចក៏គាត់សម្រាកលង់លក់បាត់ទៅ។
ថ្ងៃត្រង់ក្តៅជះ គ្រប់គ្នាអង្គុយលេងលើគ្រែមុខផ្ទះ រវល់តែភ្លេចខ្លួនមិនដឹងបាត់សិទ្ធិទៅណាបាត់។ ស្រាប់តែគ្រប់គ្នាភ្ញាក់រកមិត្តភក្តិខ្លួនគ្រប់គ្នា៖
“អាសិទ្ធិទៅណា? អម្បាញ់មិញឃើញវាទៅក្រោយអីក៏យូរម៉្លេះ វាទៅធ្វើអីវា?” នីស័កនិយាយមើលមុខគ្រប់គ្នា។
“កុំមើលមុខខ្ញុំ ខ្ញុំមិនដឹងទេ” ស៊ីណាតប
“តិចវាទៅក្នុងភូមិចោលពួកយើងទៅ អានេះចំមែនហ៊ានទៅក្នុងភូមិតែម្នាក់ឯង”
“ម៉េចបានសិទ្ធិហ៊ានទៅក្នុងភូមិម្នាក់ឯងដូច្នេះ ខ្ញុំខ្លាចគេមានគ្រោះថ្នាក់ណាស់”
“កុំបារម្ភអីវិជ្ជនី ប្រហែលជាតិចទៀតគេមកវិញហើយ” គន្ធាប្រាប់វិជ្ជនីកុំឱ្យបារម្ភ។
“ពួកយើងគួរតែចូលក្នុងភូមិរកសិទ្ធិទៅ”
“គំនិតវិជ្ជនីល្អ យើងទៅក្នុងភូមិរកសិទ្ធិទៅ” នីស័កយល់ព្រមគំនិតវិជ្ជនី គន្ធាក៏និយាយកាន់។
“បើទៅរក តើទៅរកនៅឯណា? ស្គាល់កន្លែងសិទ្ធិទៅ?” គ្រប់គ្នាស្ងាត់មាត់ លែងនិយាយតទៅទៀត។ គិតគ្នារួច ពួកគេមិននាំគ្នាចូលក្នុងភូមិទេ សុខចិត្តរង់ចាំសិទ្ធិនៅផ្ទះលោកយាយ។
និយាយពីសិទ្ធិវិញ គេដូចជារត់ប្រញាប់ប្រញាល់ណាស់ ដូចខ្លាចគេរត់តាមពីក្រោយខ្លួន។ សិទ្ធិបានរត់ផុតរបង ក៏បានដើរចូលមកក្នុងភូមិ។ ទឹកមុខអ្នកភូមិ អ្នកលក់នៅផ្សារ ដូចជាមានទឹកមុខស្រពាប់ស្រពោន មិនដឹងក្នុងភូមិមានរឿងអ្វីទេ។ សិទ្ធិដើរបណ្តើរ មើលទៅមុខអ្នកភូមិបណ្តើរ តែគ្រប់គ្នាសម្លឹងមកមើលមុខសិទ្ធិ ក៏ដូចជាមានកំហឹង មិនដឹងថាខ្លួនបានធ្វើអ្វីខុសទេ។ ស្រាប់តែដើរសុខៗ សំឡេងហៅពីចម្ងាយ ឡើងស្រទន់៖
“អេលោក! លោកកំពុងតែទៅណា?” សិទ្ធិក៏ងាកខ្លួនបែរទៅរកសំឡេងដែលបានហៅគេ។ គេបានងាកមកឃើញចន្តាមណី កំពុងតែដើរកាន់តាំងយូ ដើរតែម្នាក់ឯង។ សិទ្ធិងាកមើលឆ្វេងស្តាំ មើលទៅចន្តាមណី។
“លោកកំពុងរកមើលអ្វី?”
“បាទ! ខ្ញុំអត់បានរកអីទេ ខ្ញុំដូចជាធ្លាប់ជួបអ្នកនាង” ភ្នែកសិទ្ធិសម្លឹងមើលទៅដៃរបស់នាង ឃើញខ្សែដៃដែលគេបានពាក់ឱ្យពីថ្ងៃមុន។
“ចាស! ខ្ញុំធ្លាប់ជួបលោក ពេលដែរគេចាប់លោកបានលួចរបស់គេដែលនោះអី!”
“អ្នកនាង! ខ្ញុំមិនមែនជាចោរទេ! អ្នកនាង!” សិទ្ធិបែរមុខចេញ។
“ឱ្យខ្ញុំសុំទោសលោក ខ្ញុំគ្មានចេតនាទេ ហើយលោកមកតែម្នាក់ឯងទេ?”
“បាទ! ខ្ញុំមកតែម្នាក់ឯងទេ ខ្ញុំប្រហែលជារកត្រលប់ទៅវិញហើយ ខ្ញុំមកយូរដែរ”
“ឈប់សិន!”
“មានការអីអ្នកនាង?”
“ខ្ញុំអាចនាំលោកទៅលេងកន្លែងមួយបានឬអត់?” សិទ្ធិរាងអេះអុះបន្តិច ចិត្តមួយចង់តែចិត្តមួយទៀតអត់។ តែក្នុងចិត្តដែលខ្លួនមកក្នុងភូមិម្នាក់ឯងក៏ព្រោះតែចន្តាមណីសោះ។
“ខ្ញុំ…!”
“ខ្ញុំនាំលោកទៅ!”
ចន្តាមណីចាប់កាន់ដៃសិទ្ធិហើយរត់តិចៗទៅខាងមុខ ព្រមទាំងកាន់តាំងយូ រត់បណ្តើរងាកមុខមកមើលកំលោះសិទ្ធិបណ្តើរ រហូតទាល់តែសិទ្ធិមុខក្រហម។ ពួកគេបានមកដល់ឯចុងភូមិបន្តិច ជាកន្លែងមានទឹកហូរតិចៗពីកំពូលខាងលើ។ វាហូរធ្លាក់តាមចន្លោះថ្មហូរចុះមកខាងក្រោម បន្តហូរទៅៗឆ្ងាយផុតកន្ទុយភ្នែក។
សិទ្ធិមានអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង ពេលដែលឃើញទិដ្ឋភាពទាំងអស់នេះ ដូចខ្លួនកំពុងស្ថិតនៅក្នុងយល់សប្តិអ៊ីចឹង។ ចំណែកនាងចន្តាមណី សម្លឹងមើលទៅទឹកមុខសិទ្ធិប្រែជាញញឹម ដូចកំពុងតែធ្លាក់ក្នុងអន្លង់ស្នេហ៍សិទ្ធិអ៊ីចឹង។
សិទ្ធិបានដើរចុះទៅក្រោមតាមជម្រាលថ្ម ហើយអង្គុយលើថ្ម សម្លឹងទៅមើលទឹកហូរ។ ចន្តាមណីចុះទៅតាម ហើយអង្គុយនៅក្បែរសិទ្ធិ ផ្តេកខ្លួនទៅស្មាសិទ្ធិ។
“អ្នកនាង ដូចមិនសមទេ!” សិទ្ធិដកខ្លួនចេញបន្តិច នាងដកខ្លួននាងមកត្រង់វិញ។
“ខ្ញុំគ្រាន់តែឃើញលោកភ្លាម ខ្ញុំបានដាក់ចិត្តស្រលាញ់លោកបាត់ទៅហើយ” នាងញញឹមចប់ក៏ដកដង្ហើមធំ “តែខ្ញុំមិនអាច ស្រលាញ់លោកបានទេ ខ្ញុំមានមនុស្សដែលជាគូនឹងខ្ញុំ ដែលពុកបានរៀបចំតាំងពីក្មេង”
“អ្នកនាងនិយាយអ្វីហ្នឹង?” សិទ្ធិបែរជាប្រែទឹកមុខងឿងឆ្ងល់ និងពាក្យសម្តីចន្តាមណីនិយាយ។
“បើខ្ញុំបានជួបលោក មុនគេបន្តិច ខ្ញុំនឹងជ្រើសរើសយកលោកមិនខាន”
“ខ្ញុំកាន់តែមិនយល់ហើយនេះ!”
ស្រាប់តែចន្តាមណី បែរខ្លួនថើបទៅថ្ពាល់សិទ្ធិ សិទ្ធិប្រែជាស្រឡាំងកាំងខ្លួនជាមួយចន្តាមណី។
“តើលោកមានចាប់អារម្មណ៍លើខ្ញុំទេ?”
“ខ្ញុំ…ខ្ញុំ…”
“ឆ្លើយការពិតមក ស្មានតែខ្ញុំមិនដឹងថាលោកមកក្នុងភូមិ ក៏ព្រោះតែមករកខ្ញុំ?”
“ខ្ញុំ…ខ្ញុំ… មែនហើយ ខ្ញុំចាប់អារម្មណ៍លើនាង តែខ្ញុំមិនអាចស្រលាញ់អ្នកនាងបានទេ នាងមានគូដណ្តឹងហើយ”
“លោកដឹងរឿងនេះដែរហ៎! មែនហើយក្នុងភូមិនេះអ្នកណាក៏ដឹងថាខ្ញុំមានគូដណ្តឹងរួចមកហើយ តែពេលនោះពុកមានសួរខ្ញុំទេ ថាខ្ញុំស្រលាញ់គាត់ឬអត់?”
“ខ្ញុំមានអាម្មណ៍ថាពួកយើងនិយាយកាន់តែវែងឆ្ងាយហើយ ខ្ញុំដូចជារកត្រលប់ទៅវិញហើយ កុំឱ្យមិត្តភក្តិខ្ញុំបារម្ភ”
សិទ្ធិក្រោកឡើង បោះជំហានចេញពីទីនោះ ចន្តាមណីចាប់ដៃសិទ្ធិជាប់ ប្រែជាទឹកមុខស្រពោនភ្លាម។
“បងចង់ទៅណា? បងចង់ទៅចោលអូនហើយ?”
“អ្នកនាង និយាយអីហ្នឹង! ឆាប់ក្រោកឡើងមក”
“ស្អែកខ្ញុំនឹងចាំបងនៅទីនេះ! បើមិនឃើញបងមក បងនឹងលែងឃើញរូបខ្ញុំជារៀងរហូត”
សិទ្ធិក៏យកដៃចាប់ដៃចន្តាមណីឱ្យព្រលែងដៃខ្លួន រួចគេក៏បានចាកចេញពីទីនោះត្រលប់មកផ្ទះលោកយាយវិញ។
និយាយពីចន្តាមណីវិញ នាងស្រែកយំគួរឱ្យអាណិត ក៏ដោយសារតែមានក្តីស្រលាញ់ចំពោះសិទ្ធិខ្លាំង។
ចន្តាមណីអង្គុយនៅមាត់ទឹកធ្លាក់យ៉ាងស្រងូតស្រងាត់ គួរឱ្យអាណិតជាខ្លាំង យកដៃជូតទឹកភ្នែក បូករួមជាមួយភ្លៀងធ្លាក់ស្រិចៗ ខ្លួននាងទទឹកជាមួយសន្សើមទឹកភ្លៀង ដោយតាំងយូនាងទុកនៅម្ខាង។
សិទ្ធិបានមកដល់ផ្ទះភ្លាម ខ្លួនទទឹកជោក បូករួមជាមួយភក់ប្រឡាក់ពេញខ្លួន ឈរនៅពីមុខ។ គ្រប់គ្នាក្រោកអង្គុយមើលសិទ្ធិនៅចំពីមុខគេ ដោយទឹកមុខចម្លែកក្នុងចិត្ត មិនដឹងថាសិទ្ធិជួបរឿងអ្វីបានជាមានសភាពបែបនេះ។ សិទ្ធិបម្រុងនឹងដើរទៅងូតទឹកក្បែរអណ្តូង សំឡេងស្រែកសួរខ្លាំងរបស់នីស័កថាឱ្យ៖
“ទើបតែមកពីណាអ្ហះ! ថ្មើរណេះហើយធ្វើឱ្យគេគ្រប់គ្នាបារម្ភពីឯង” សិទ្ធិមិនតបត ក៏បោះជើងដើរទៅងូតទឹកក្បែរអណ្តូង “មានឮអញសួរអត់? ម៉េចអាងតែគិតថាគ្មានរឿងអីដើរហើរសេរីមែន ថ្ងៃមុនប៊ិះនឹងគេសម្លាប់ហើយតើអ្ហី!”
“នីស័ក! ឈប់ទៅ!” វិជ្ជនីស្រែកឱ្យនីស័ក នីស័កក៏ស្ងាត់មាត់លែងតប។
សិទ្ធិងូតទឹកអីរួច ក៏ដើរចូលទៅក្នុងផ្ទះ មិនមើលមុខពួកគេទេ រួចផ្លាស់ខោអាវហើយ ឡើងលើគ្រែសំងំដេក។ គ្រប់គ្នាក៏មិននិយាយអ្វីតទៅទៀត បានតែអង្គុយមើលមុខគ្នា ចំណែកវិជ្ជនីបារម្ភនឹងសិទ្ធិជាមួយនីស័កឈ្លោះគ្នា។
យប់កណ្តាលអធាត្រ ងងឹតសូន្យឈឹងទៅហើយ គ្រប់គ្នាកំពុងតែគេង សំឡេងផ្គរក្ឌាំងៗ គួរឱ្យខ្លាច។ វិជ្ជនីបើកភ្នែក ហើយក្រោកអង្គុយសម្លឹងទៅមើលអ្នកទាំងអស់។ សិទ្ធិបែរខ្លួនចុះឡើង មើលទៅគេគេងមិនសោះ។
“សិទ្ធិឯងអត់ទាន់គេងទេ?”
“គេងទៅវិជ្ជនី! វិជ្ជនីតើខ្ញុំធ្វើឱ្យគ្រប់គ្នាបារម្ភនឹងខ្ញុំមែនថ្ងៃមិញ?”
“គេងទៅសិទ្ធិ កុំនិយាយរឿងហ្នឹងទៀត ស្អែកឡើងវានឹងធម្មតាវិញហើយ”
“ខ្ញុំពិតជាមនុស្សអាក្រក់ ដែលធ្វើឱ្យគ្រប់គ្នាបារម្ភពីខ្ញុំ ខ្ញុំពិតជាខឹងខ្លួនឯងណាស់”
“គេងទៅយប់ហើយ និយាយគ្នាពេកហ្នឹងអ៊ីចឹង!” សំឡេងនីស័កនិយាយ។
“ស័កអត់ទាន់គេងទេ?” ផ្លេកបន្ទោរភ្លឹបភ្លែតៗ កាត់មុខវិជ្ជនី។
“គេងទៅ ចាំស្អែកព្រឹក ចាំនិយាយគ្នា” គ្រប់គ្នាក៏ស្ងាត់ហើយ វិជ្ជនីដាក់ខ្នងទៅលើគ្រែ ហើយបិទភ្នែកសំងំដេក។
និយាយពីសិទ្ធិវិញ គ្រាន់តែបិទភ្នែកភ្លាម សំឡេងមួយបានស្រែកហៅសិទ្ធិ៖
“បង! អូនរង់ចាំបងនៅកន្លែងមួយនេះ”
ស្រាប់តែសិទ្ធិបើកភ្នែកភ្លាម នឹករូបភាពនិងឃើញមុខនាងចន្តាមណី ដែលនាងបានសន្យាជាមួយសិទ្ធិថានាងនៅចាំមាត់ទឹកធ្លាក់នៅថ្ងៃស្អែក តម្រូវឱ្យសិទ្ធិទៅរកនាងបើសិទ្ធិស្រលាញ់នាងដែរ។ ក្នុងចិត្តសិទ្ធិរសាប់រសល់ ខួរក្បាលនឹកឃើញតែនាង ជាមួយកែវភ្នែក មុខមាត់ សម្តីនាងនិយាយ ព្រមទាំងទឹកមុខពេលកាន់ដៃគេរត់ទៅមាត់ទឹកធ្លាក់។
សិទ្ធិប្រែជាខុសធម្មតា សឹងតែទប់ខ្លួនមិនជាប់ បម្រុងងើបទៅជួបនាងទាំងយប់ តែចិត្តគេមួយទៀតឃាត់មិនឱ្យទៅ។ គេដេកសម្លឹងមើលជុំវិញក្នុងផ្ទះ បន់តែថ្ងៃភ្លឺឆាប់ៗ ដើម្បីបានទៅជួបនាងទៅវិញ។
ចន្តាមណីវិញ គេអង្គុយលាបល្មៀត លើដងខ្លួន លាបបណ្តើរមើលកញ្ចក់ញញឹមបណ្តើរ ដូចជាសប្បាយចិត្តនឹងរឿងអីមួយអ៊ីចឹង។ យកដៃឆ្កឹះយកម្សៅល្មៀត ដែលមិនដឹងថាលាយជាមួយអ្វីខ្លះ មានសាភាពខាប់ដូចឡេអ្នកនៅភ្នំពេញប្រើប្រាស់អ៊ីចឹង មកដាក់លើភ្លៅខ្លួន ហើយអង្អែលថ្នមៗ ពេញដៃជើងនិងដងខ្លួនរបស់នាង។
នាងបានយកម្សៅ មកតប់ៗលើមុខ ព្រមទាំងយកក្រែមដ៏ក្រហមមកលាបលើបបូរមាត់ ហើយញញឹមតិចៗ រួចទាញក្រាសមកសិតសក់ថ្នមៗ សិតអូសយ៉ាងវែងរហូតដល់ចុងសក់។
នាងងើបពីកៅអី ដែលខ្លួនកំពុងតែអង្គុយ មាត់នាងនិយាយខ្សឹបៗម្នាក់ឯង រួចបោះជំហានឡើងទៅគ្រែនាង រួចទាញភួយយកមកដណ្តប់ខ្លួន បិទភ្នែកគេងបាត់ទៅ។
ព្រឹកព្រលឹមមកដល់ ស្រាប់តែសិទ្ធិចង់ឱ្យគ្រប់គ្នាទៅលេងផ្សារក្នុងភូមិ ចំណែកលោកយាយក៏គាត់យល់ព្រមឱ្យពួកគេចូលក្នុងភូមិលេងបាន។ គ្រប់គ្នាក៏បានចូលមកដល់ក្នុងភូមិភ្លាម ប្រែជាស្រងាកចិត្តនឹងទិដ្ឋភាពនៅក្នុងភូមិជាពន់ពេក។ អ្នកលក់ប្រែជាលែងមាន ផ្សារធ្លាប់តែអ៊ូអូរ តែភ្លាមៗស្រាប់តែដូចជាបោះបង់ចោលអ៊ីចឹង។
អ្នកស្រុកអ្នកភូមិ ប្រែជាមនុស្សមួយៗ ដើរតាមផ្លូវទាំងអ្នកផ្សេងសំងំនៅតែក្នុងផ្ទះ មិនដឹងថាមានរឿងអ្វីកើតឡើងនៅក្នុងភូមិមួយនោះ។ គន្ធារិតតែខិតខ្លួនទៅក្បែរស៊ីណា ឱបដៃស៊ីណាជាប់ ភ័យខ្លាចហ្នឹងសភាពបែបនេះ។
“តស់! ពួកយើងត្រលប់ទៅផ្ទះវិញហ្អី?” គន្ធានិយាយទាំងញ័រមាត់។
“មែនហើយ! គ្រប់គ្នាគួរតែត្រលប់ទៅវិញទៅ” វិជ្ជនីបន្ថែម។
“ឬក៏យើង! គួរតែយករឿងមួយនេះទៅប្រាប់លោកយាយ” នីស័កមិនទាន់និយាយផុតពីមាត់ផង សិទ្ធិដូចជាមានអាការបែបប្រញាប់ៗ មិនដឹងថាចង់ទៅណា។
“អេ! អ្នកទាំងអស់គ្នា ខ្ញុំមានការទៅនោះមួយភ្លែត អាចត្រលប់ទៅផ្ទះមុនខ្ញុំទៅ ចាំខ្ញុំទៅតាមក្រោយ” សិទ្ធិនិយាយចប់រត់ទៅណាបាត់។
“អាសិទ្ធិ! អាសិទ្ធិ! ឯងទៅណាឯង? អាសិទ្ធិ!” នីស័កខំស្រែកហៅពីចម្ងាយ។
សិទ្ធិព្យាយាមរត់យកៗ ទាំងប្រញាប់ប្រញាល់ ទាំងទន្ទេញជាប់មាត់ក្នុងចិត្ត ប្រៀបដូចបារម្ភពីអ្នកណាម្នាក់អ៊ីចឹង។
“ចន្តាមណី! កុំកើតរឿងអីណា! ចន្តាមណី! បងទៅជួបអូនហើយ ចន្តាមណី!”
រត់បណ្តើរមាត់និយាយពីឈ្មោះនាងបណ្តើរ។ មិនយូរប៉ុន្មានគេក៏បានរត់មកដល់ទឹកធ្លាក់ដែលចន្តាមណី ប្រាប់ឱ្យសិទ្ធិមករកគេនៅទីនេះ។ សិទ្ធិឃើញនារីម្នាក់អង្គុយបែរខ្នង ស្លៀកសារ៉ុងនិងមានក្រមាដណ្តប់លើគ្រែ បែបមនុស្សមកងូតទឹកនៅស្រះឬមាត់ព្រែកអ៊ីចឹង។
នាងយកដៃដួសទឹក រួចមកដាក់លើខ្លួនរបស់នាង បង្ហាញសាច់ស្រអែមភ្លឺរលោង មិនចាញ់នារីៗអ្នកទីក្រុងប៉ុន្មានទេ។ សិទ្ធិឈរភ្លឹកមើលនាងពីក្រោយខ្នងមិនដាក់ភ្នែកសោះ។ នាងបានងាកមុខមក ជាចន្តាមណី ហើយបានលើកដៃបក់ហៅសិទ្ធិ ឱ្យដើរមករកខ្លួន។
កែវភ្នែកសិទ្ធិសម្លឹងមើលនាង ហើយដើរដូចមនុស្សត្រូវសណ្តំឈ្លក់វង្វេងជាមួយសម្រស់របស់នាង។ គេបានអង្គុយនៅក្បែរនាង៖
“បងដាច់ចិត្តមករកអូនហើយមែនទេ?” សិទ្ធិងក់ក្បាល។
“បងមករកអូន តាមពាក្យសន្យាហើយ! អូនពិតជាស្អាតណាស់” សិទ្ធិនិយាយសរសើរនាង ចំណែកនាងបែរមុខចេញដូចជារាងអឹមអៀមនឹងសិទ្ធិ។
“បងស្រលាញ់អូនទេ?”
“បងស្រលាញ់អូនណាស់!” សិទ្ធិបានចាប់កាន់ដៃនាង យកមកថើបហើយអង្អែល។ ចន្តាមណីបានងើបខ្លួនឡើង ហើយដើរចូលទៅក្នុងទឹក សិទ្ធិក៏ក្រោកឡើងតាមនាង។ សិទ្ធិបានដោះអាវចេញ ហើយចាប់កាន់ដៃនាងជាប់ ដើរទៅក្នុងទឹក។
ទឹកធ្លាក់នោះ ជម្រៅប្រហែលជាពាក់កណ្តាលចង្កេះ។ ចន្តាមណីបានជ្រមុជក្បាលចូលទៅក្នុងទឹក ហើយងើបខ្លួនឡើងមកវិញ រួចញញឹមមើលមកកាន់សិទ្ធិ។ សិទ្ធិបានដើរទៅជិតនាង ហើយជះទឹកតិចៗបែបលេងសើចដាក់នាង។ គេទាំងពីរក៏បានជ្រមុជទាំងពីរនាក់ទៅក្នុងទឹក ហើយសិទ្ធិបានយកមាត់ខ្លួនទៅថើបថ្ពាល់នាង។
នាងបានងើបមុខពីទឹក ហើយបានរុញមួយទំហឹងសិទ្ធិ ដួលផ្ងារក្រោយទៅក្នុងទឹក នាងក៏ស្ទុះស្ទារត់មកខាងលើ។ សិទ្ធិក៏បានរត់ចេញពីទឹក ទៅតាមដេញចាប់នាង។ គេបានចាប់នាងបាន តែនាងបានចំពន់ជើងនឹងឈើនិងបានដួលបោកទៅដីតែបានដៃសិទ្ធិឱបខ្លួននាងពីក្រោយ ក៏បានដួលទាំងពីរនាក់រអិលខ្លួនលើគ្នា ប្រឡាក់សុទ្ធតែដី។
សិទ្ធិបាននៅពីលើខ្លួនរបស់ចន្តាមណី គេបានសម្លឹងមើលមុខនាង ហើយនាងក៏បានសម្លឹងមើលមុខគេ។ ពេលនោះដែរ សិទ្ធិបានយកមាត់របស់ខ្លួនទៅថើបមាត់របស់នាង ហើយបានបបោលអង្អែលរួមមេត្រីជាមួយគ្នាពេលនោះទៅ។ ក្រោយពីពួកគេទាំងពីរនាក់បានគេងជាមួយគ្នា ចន្តាមណីបាននាំសិទ្ធិឱ្យទៅស្គាល់ផ្ទះនាង ដែលនៅមិនឆ្ងាយពីមាត់ទឹកធ្លាក់ប៉ុន្មាន។
នៅពេលដែលនាងនាំសិទ្ធិមកដល់មុខផ្ទះ គ្មានអ្នកបម្រើណានៅទេ តែចៃដន់សក្កមុនីដែលជាគូដណឹងនាង បានឈរពីចម្ងាយមើលនាង ព្រមទាំងឃើញនាងកាន់ដៃសិទ្ធិជាប់ ហើយនាំឡើងលើផ្ទះទៀត។
មុខរបស់គេចាប់ផ្តើមមានកំហឹង ទឹកមុខប្រែជាក្រហម ចិញ្ចើមចងចូលគ្នា ហើយបានដកដាវពីចង្កេះ តែក៏បានដោតទុកវិញរួចដើរចេញបាត់។
សិទ្ធិក្រោយពីបានស្គាល់ផ្ទះនាង ហើយបានឡើងមកខាងលើផ្ទះនាងទៀត គេដូចជាមិនដាច់អាល័យពីនាងសោះ នៅតែតាមថើបនាង ដូចជាងប់ងល់ត្រូវថ្នាំសណ្តំអ៊ីចឹង។ ចន្តាមណីក៏បានឱ្យសិទ្ធិត្រលប់ទៅវិញ ខ្លាចឪពុកខ្លួនមករកនាងនៅផ្ទះ៖
“បងគួរតែត្រលប់ទៅវិញទៅ ចាំថ្ងៃស្អែកមកជួបអូនម្តងទៀត”
“តែបងដូចជាមិនចង់ចាកចេញពីអូនសោះ បងស្រលាញ់អូនណាស់”
“បងស្តាប់អូន! ចាំថ្ងៃស្អែកទៅណា!” នាងក៏បានទាញដៃសិទ្ធិចេញពីខាងក្នុងផ្ទះ ស្រាប់តែសិទ្ធិបែបជាដោះអាវចេញ ស្ទុះទៅឱបថើបនាង។ ចន្តាមណីក៏បានរុញមុខសិទ្ធិចេញ ព្រមទាំងនាំសិទ្ធិដូរខោអាវចេញ ឃើញខោអាវសិទ្ធិសើមអស់ទៅហើយ នាងក៏បានយកខោអាវអ្នកបម្រើរបស់ខ្លួនឱ្យសិទ្ធិស្លៀក។
“បងត្រលប់ទៅវិញចុះណា ចាំមករកអូននៅថ្ងៃស្អែក អូនរង់ចាំបងនៅផ្ទះរបស់អូន” សិទ្ធិងក់ក្បាល ហើយចាប់កាន់ដៃនាង យកមកថើប ក៏បានចាកចេញពីផ្ទះរបស់នាង ត្រលប់មកផ្ទះលោកយាយវិញ។
សិទ្ធិមកដល់ភ្លាម ល្ងាចបាត់ទៅហើយ គ្រប់គ្នាកំពុងតែអង្គុយញ៉ាំបាយ។ គ្រប់គ្នាបែរមុខមករកសិទ្ធិ សិទ្ធិមិននិយាយអ្វីទាំងអស់ ក៏បានដើរចូលទៅខាងក្នុងផ្ទះ។
“ឯងធ្វើតែចរិតចឹង ឥឡូវខុសពីមុនណាស់ ម៉េចយូរទៅមិត្តភក្តិលែងមានក្នុងកែវភ្នែកហើយហ្អី”
“ស័ក! កុំឈ្លោះគ្នាមើល!”
“ខ្ញុំមិនចង់ទេវិជ្ជនី តែមើលចរិតវាធ្វើមើល” លោកយាយនៅក្បែរនោះក៏តប៖
“មិត្តភក្តិចៅ ចិត្តគេបានជាប់ជំពាក់នៅខាងក្រៅហើយ មិនមែនកំហុសមិត្តភក្តិចៅទេ ពេលនោះមកដល់ពួកចៅនឹងដឹងរឿងទាំងអស់នេះ”
“តើមិត្តភក្តិចៅមានរឿងអ្វីទៅលោកយាយ” គន្ធាងាកទៅសួរលោកយាយដោយក្តីបារម្ភ។
“ទុកឱ្យទេវតាជាអ្នកសម្រេចទៅចុះ ពួកចៅថែរក្សាខ្លួនឱ្យបានល្អណា” គ្រប់គ្នាប្រែទឹកមុខភ្លាម មានក្តីបារម្ភថានឹងជួបរឿងមិនល្អមិនខាន។
“លោកយាយ តើក្នុងភូមិមានរឿងអ្វី? បានគេគ្មានអ្នកលក់ និងស្ងាត់មនុស្សក្នុងភូមិអ៊ីចឹង!”
មានភាគបន្ត…
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ