“ការសងសឹក និងការចងគំនុំ កំពុងតែត្រលប់មករកម្ចាស់វាវិញហើយ ចៅឈប់ចូលទៅក្នុងភូមិមួយរយៈសិនទៅ ចាំសភាពការណ៍ល្អឡើងវិញ វានឹងប្រែជាធម្មតា”
នីស័កគិតក្នុងចិត្ត ជាមួយពាក្យសម្តីរបស់លោកយាយ។ លោកយាយនិយាយអ្វីចម្លែកៗស្តាប់មិនយល់ទាល់តែសោះ៖
“អ្នកណាចងគុំនុំ! អ្នកណាសងសឹកខ្ញុំមិនយល់ទេនេះ?”
“ពួកយើងស្តាប់សម្តីលោកយាយណា កុំនាំគ្នាចូលទៅក្នុងភូមិឱ្យសោះ” វិជ្ជនីងាកទៅនិយាយដាក់គ្រប់គ្នា។ ក្រោយពីជជែកគ្នាមួយសន្ទុះ ពួកគេនាំគ្នារៀបចំកន្លែងអង្គុយញ៉ាំបាយឱ្យស្អាតដើម្បីឱ្យលោកយាយសម្រាក។
និយាយពីផ្ទះចន្តាមណីរស់នៅវិញ ចន្តាមណីកំពុងតែអង្គុយមុខកញ្ចក់ លាបម្សៅល្មៀតដូចរាល់ដង ជាមួយកាយវិការចម្លែកៗ ហើយហាមាត់និយាយតិចៗជាមួយស្នាមញញឹមមុតស្រស់ ពោសពេញបង្កប់ទៅដោយអាថ៌កំបាំង។ សំឡេងគោះទ្វារ តុក តុក តែនាងដូចជាមិនចាប់អារម្មណ៍នឹងសំឡេងគោះទ្វារមួយនេះសោះ គឺនៅតែទាញឡេមកលាបលើខ្លួនបន្តទៀត។
សំឡេងទះទ្វារខ្លាំងៗ សឹងតែអង្គើរផ្ទះ ស្រែកហៅឈ្មោះនាង៖
“ចន្តាមណី ចន្តាមណីបើកទ្វារឱ្យបង” គ្រាន់តែឮសំឡេងហៅឈ្មោះខ្លួនភ្លាម នាងស្ទុះងើបទៅបើកទ្វារ។
“បងគោះយូរហើយ ម្តេចមិនបើកទ្វារឱ្យបង”
“អូនសំងំគេង” នាងនិយាយដោយឱនមុខចុះ សក្កមុនីឈរនៅពីមុខទ្វារ សម្លឹងទៅមើលនាង មិនដាក់ភ្នែក សំល្លៀកបំពាក់របស់នាងស្លៀក បែបរ៉ូបដេកយប់ បញ្ចេញសាច់ជាមួយក្លិនក្រអូបចេញពីខ្លួននាង ក្លិនម្សៅល្មៀត។
“បងចូលក្នុងសិនមក” នាងបានទាញដៃសក្កឱ្យអង្គុយលើគ្រែនាង។
“មិនបាច់មកយកចិត្តបងទេ ស្មានតែបងមិនដឹងថា អូនធ្វើអ្វី? ហ៊ឹស”
“មានរឿងអ្វីបានជាបងខឹងអូនយ៉ាងនេះ”
“អ្នកណាគេ ដែលអូននាំវាមកដល់ផ្ទះ អូ៎!ខ្ញុំចាំមុខវាហើយ គឺជាចោរដែលលួចរបស់គេក្នុងភូមិ ពេលនោះអូនកាន់ជើងវា”
“បងច្រឡំហើយទេដឹង អ្នកបម្រើអូនទេ! ខ្ញុំហៅគេមកប្រើ មិនមែនជាគេម្នាក់នោះទេ”
“ឱ្យតែប្រាកដ” សក្កទម្លាក់ទឹកមុខ ប្រែជាធម្មតាវិញ ចំណែកចន្តាមុនីបានឡើងលើគ្រែហើយឱបសក្កពីក្រោយ។ សក្កបែរខ្លួនទៅចំហៀង បានប៉ះមាត់ទៅថ្ពាល់របស់ចន្តា។ គេក៏បានផ្តោះផ្តងស្នេហាជាមួយគ្នា ហើយក៏បានរួមមេត្រីជាមួយគ្នាក្នុងយប់នោះទៅ។
សក្កមុនីក្រោកឡើង ស្រាប់តែឃើញអាវមនុស្សប្រុស ក៏ចម្លែកក្នុងចិត្ត៖
“អ្នកបម្រើ តើអ្នកបម្រើមួយណាទៅហ៊ានដោះអាវទុកនៅក្នុងបន្ទប់នេះជាមួយម្ចាស់ខ្លួនឯង ចន្តានាងហ៊ានក្បត់បង”
សក្កប្រែជាចងកំហឹង តែមិនបានដាស់ចន្តាមណីកំពុងតែគេងលង់លក់មិនដឹងមានរឿងអ្វីទេ។ សក្កបានទាញអាវដែលនៅក្បែរទូរមកកាន់នឹងដៃ យកមកហិត ក្លិនដីនិងសើមថ្មីៗ។ រួចក៏គេបានកាន់អាវនោះ ចាកចេញពីផ្ទះនាងបាត់ទៅ។
សំឡេងមាន់ព្រៃរងាវឮសំឡេង គុក គុក ជាមួយសត្វនៅក្នុងព្រៃយំចេបចាបៗ មេឃដូចម៉ោង៤ព្រឹកភ្លឺ នៅងងឹតស្ទុងៗនៅឡើយ។ វិជ្ជនីក្រោកពីដេកយកដៃញីភ្នែកចោលសម្លឹងទៅកន្លែងសិទ្ធិគេង តែមិនឃើញសិទ្ធិ មិនដឹងជាគេបាត់ទៅណា។
វិជ្ជនីមិនហ៊ានដាស់គ្រប់គ្នាដែលកំពុងតែសម្រាកលង់លក់ គេក៏បានចុះពីលើគ្រែ ហើយចេញមកខាងមុខផ្ទះ។ នាងកំពុងតែឃើញលោកយាយអង្គុយសមាធិកលើគ្រែ នាងបានដើរទៅជិតក្បែរលោកយាយ។
“ចៅក្រោកពីគេងហើយឬ? មិត្តភក្តិចៅកំពុងតែជួបរឿងគ្រោះថ្នាក់” វិជ្ជនីគ្រាន់តែឮថាមានគ្រោះថ្នាក់ នាងទម្លាក់ខ្លួនអង្គុយនៅលើគ្រែ។
“តើធ្វើយ៉ាងម៉េចអាចជួយមិត្តភក្តិរបស់ចៅបានលោកយាយ?”
“គ្មានអ្នកណាអាចជួយជីវិតគេបានទេ មានតែទុកឱ្យទេវតាជាអ្នកសម្រេចទៅចុះ មិត្តភក្តិចៅត្រូវបាននារីម្នាក់ធ្វើអាគមស្នេហ៍… ទោះបីជាជួយគេ ដោះអំពើស្នេហ៍នេះបាន ក៏គេនឹងក្លាយទៅជាមនុស្សវិកលចរិតមិនខាន”
“សូមលោកយាយជួយមិត្តភក្តិចៅផងលោកយាយ”
“ហ៊ឺម! ពួកចៅពិតជាជួបគ្រោះច្រើនមែន ទុកឱ្យទេវតាជាអ្នកសម្រេចទៅចុះ”
វិជ្ជនីចាប់ផ្តើមរលីងរលោងទឹកភ្នែក យកដៃមកជូតទឹកភ្នែក។ ស័កឈរនៅមាត់ទ្វារ សម្លឹងមកឃើញវិជ្ជនីនិងលោកយាយកំពុងតែនិយាយគ្នា តែវិជ្ជនីមុខស្រពោនហើយភ្នែករលីងរលោងទៀត។
“មានរឿងអីវិជ្ជនី? ម្តេចបានជាយំអ៊ីចឹង!”
វិជ្ជនីយកដៃជូតទឹកភ្នែកចេញ ហើយធ្វើជាធម្មតាមិនមានរឿងកើតឡើង ណាមួយក៏មិនចង់ប្រាប់ដល់គ្រប់គ្នា ខ្លាចពួកគេមានគ្រោះថ្នាក់ពេលដឹងរឿងមួយនេះ។
“ខ្ញុំអររំភើបចំពោះគុណលោកយាយណាស់ គាត់បានជួយជីវិតពួកយើងឱ្យរស់នៅទីនេះ ពួកយើងគ្មានអ្វីសងគុណលោកយាយឱ្យស្មើនឹងគុណបំណាច់លោកយាយ”
“មែនហើយវិជ្ជនី ខ្ញុំក៏អ៊ីចឹងដែរ គុណលោកយាយមកលើពួកយើង មិនមានអ្វីតបស្នងចំពោះលោកយាយទេ”
“មិនអីទេ! ឱ្យតែពួកចៅសុខសប្បាយ យាយធូរចិត្តទៅហើយ”
“វិជ្ជនីមានឃើញសិទ្ធិអត់?”
“អូ! សិទ្ធិគេបានប្រាប់ខ្ញុំថាទៅក្នុងភូមិ ទិញរបស់របរយកមកធ្វើអីញ៉ាំ ប៉ុន្មានថ្ងៃនេះម្ហូបអាហារយើងក៏ជិតអស់ហើយ”
“ទៅផ្សារអីតាំងពីព្រឹកនេះ? ទៅម្នាក់ឯងទៀត ហើយមិនដាស់ខ្ញុំឱ្យទៅជាមួយផង?”
“គេឃើញស័កឯងកំពុងតែគេង មិនហ៊ានរំខាន”
“តែមួយរយៈនេះខ្ញុំឃើញអាការគេប្លែកៗណាស់ ខ្ញុំបារម្ភពីសិទ្ធិណាស់វិជ្ជនី ខ្ញុំមិនដឹងថាមានរឿងអីចំពោះគេ”
“កុំគិតច្រើនអី តិចទៀតគេត្រលប់មកវិញហើយ”
“ប៉ុន្មានថ្ងៃនេះខ្ញុំរាងមាត់ធំដាក់គេ ខ្ញុំខ្លាចតែគេខឹងនឹងខ្ញុំទេ តែខ្ញុំពិតជាបារម្ភពីសុវត្ថិភាពគេមែន”
“នីស័កកាន់តែគិតច្រើន នោះកាន់តែបំភ័យខ្លួនឯងទៅវិញទេ”
និយាយពីសិទ្ធិវិញបានរត់មកដល់ក្នុងភូមិ។ ទីនេះប្រែជាស្ងប់ស្ងាត់ជាងមុន សភាពដូចជាគេបំបរបង់ចោលគួរឱ្យខ្លាច។ សិទ្ធិក្រឡេកទៅមើលមេឃ ប្រែជាខ្មៅងងឹតស្លុប ផ្លេកបន្ទារផ្លេកៗ ប្រៀបដូចជាចងគំនុំនិងកំហឹងជាមួយអ្នកណាអ៊ីចឹង។ មានសំឡេងស្រែកកងរំពងចេញពីផ្ទៃមេឃ ដោយកំហឹង ព្រមទាំងមានស្រមោលខ្មៅដូចជាព្រលឹងខ្មោចហោះពាសពេញផ្ទៃមេឃ។ សិទ្ធិរត់ៗ ក៏បានមកដល់ផ្ទះរបស់ចន្តាមណី គេបានស្ទុះរត់ឡើងតាមកាំជណ្តើរ ហើយគោះទ្វារស្រែកហៅ៖
“អូន បងមកដល់ហើយ” ចន្តាមណីក្រោកមកបើកទ្វារឱ្យសិទ្ធិ។ នាងស្លៀកសំស្លៀកបំពាក់គេងយប់ គ្រាន់តែសិទ្ធិឃើញនាងភ្លាម គេបានទាញដៃរបស់នាង មកដាក់លើដើមទ្រូងហើយយកមកថើប។
“បងស្រលាញ់អូនណាស់ បងមកជួបអូនហើយ” គេចាប់បាច់បីនាង យកទៅដាក់លើគ្រែ ហើយបានឱ្យនាងដេកលើដើមទ្រូងរបស់គេ។ សិទ្ធិបាននិយាយរឿងផ្ទាល់ខ្លួនរបស់គេជាច្រើនប្រាប់ទៅចន្តា និងរឿងរ៉ាវមិត្តភក្តិរបស់ខ្លួនផងដែរ។ គេយកដៃអង្អែលលើដៃរបស់នាងថ្នមៗ រួចក៏បានឱនមុខទៅថើបមាត់របស់នាង។ ស្រាប់តែសិទ្ធិប្រែជាអាការចម្លែក ភ្នែកឡើងពណ៌ក្រហម ក្តៅពេញខ្លួន៖
“ក្តៅណាស់! ក្តៅណាស់!”
ចន្តាមណីស្ទុះយកកំណាត់ដាក់លើខ្លួន។ តែសិទ្ធិនៅតែស្រែក ក្តៅពេញខ្លួន ស្រាប់តែខ្លួនរបស់សិទ្ធិដូចកំពុងមានអ្វីវារក្នុងខ្លួនរបស់គេចុះឡើង ហើយសំឡេងច្រូង ច្រូង ប្រៀបដូចជាមានគេយកកាំបិតមកចាក់ខ្លួនរបស់គេ។
និយាយពីសក្កកំពុងតែអង្គុយនៅចំពីមុនអាសនៈរបស់ខ្លួន មានកាន់ក្រមួនដែលបានសូនជារូបមនុស្ស។ គេបានយកម្ចុលចាក់ទៅលើរូបក្រមួននោះ ហើយយកមកសូត្រផ្លុំៗ បន្ទាប់មកបានយកវាទៅរុញលើទៀនដែលកំពុងតែឆេះមានអណ្តាតភ្លើងនោះ រុញចុះរុញឡើង។
បន្ទាប់ពីរុញលើភ្លើងមួយសន្ទុះ រួចក៏យកវាមកដាក់ជិតមាត់សូត្រផ្លុំៗ ទាញម្ចុលជាច្រើនដើមដោតលើរូបសូននោះ។
អាការសិទ្ធិកាន់តែធ្ងន់ធ្ងរឡើង ដោយមិនអាចតស៊ូជាមួយក្តីឈឺចាប់នេះបាន គេស្រែកដោយសេចក្តីឈឺចាប់៖
“អូយឈឺណាស់! ឈឺណាស់ជួយខ្ញុំផង!”
សិទ្ធិរមៀលរមួលខ្លួនពេញលើគ្រែ ចន្តានាងស្ទុះទៅឱបសិទ្ធិជាប់ អាណិតនឹងសភាពរបស់សិទ្ធិពេលនោះ។ ដោយសិទ្ធិទ្រាំមិនបាន គេក៏ស្ទុះក្រោកចេញ ចាកចេញពីផ្ទះចន្តាមណីបាត់ទៅ។ ចន្តាមណីបានក្រោកមកតាម ស្រែកហៅសិទ្ធិពីចម្ងាយ ដែលកំពុងចាកចេញពីនាង ទាំងក្តីឈឺចាប់។ ទឹកមុខនាងប្រែជាចងកំហឹង និងចងគំនុំ នាងក្តាប់ដៃជាប់ទាំងទឹកមុខគួរឱ្យខ្លាច។
“ស្មានតែយើងមិនដឹងថាឯងឬ? ឯងហ៊ានធ្វើបាបមនុស្សប្រុសដែលយើងស្រលាញ់ស្មើជីវិត យើងនឹងសងសឹកជាមួយឯងមិនខាន ឯងកុំសង្ឃឹមថាបំណងរបស់ឯងបានជោគជ័យឱ្យសោះ” នាងបង្ហាញទឹកមុខ ដូចចង់ស៊ីសាច់ហុចឈាមអ៊ីចឹង។
សិទ្ធិបានរត់មកដល់ផ្ទះលោកយាយភ្លាម គេបានដួលខ្លួនប្រកាច់នៅមុខផ្ទះតែម្តង។ វិជ្ជនីនិងនីស័កឃើញសភាពសិទ្ធិបែបនេះ ពួកគេស្ទុះទៅគ្រាហ៍សិន យកមកដាក់លើគ្រែ។ លោកយាយនៅក្បែរនោះ គ្រាន់តែឃើញអាការរបស់សិទ្ធិគាត់លាន់មាត់ភ្លាមថា៖
“មិត្តភក្តិរបស់ចៅត្រូវអំពើអាគមគេហើយ”
“សិទ្ធិត្រូវអំពើ? វិជ្ជនីសិទ្ធិត្រូវអំពើគេ ជួយគេផងទៅ”
“លោកយាយជួយមិត្តភក្តិចៅផង លោកយាយ” ចំណែកគន្ធានាងមិនហ៊ានចូលទៅជិតទេខ្លាចជាមួយអាការសិទ្ធិពេលនោះ ស៊ីណាឱបគន្ធាជាប់។ ឥឡូវពួកចៅ ជួយលើកគេទៅខាងក្នុងសិនទៅ។ ស័ក ស៊ីណានិងវិជ្ជនីបានលើកសិទ្ធិចូលទៅក្នុងផ្ទះ ទាំងសិទ្ធិកំពុងតែស្រែកថា៖
“អូយក្តៅណាស់ ក្តៅណាស់ ឈឺណាស់… ឈឺណាស់…យកកាំបិតមកសម្លាប់ខ្ញុំមក ខ្ញុំទ្រាំមិនបានទេ”
“សិទ្ធិ សិទ្ធិឯងយ៉ាងម៉េចហើយទ្រាំសិនទៅណាលោកយាយនឹងជួយឯង”
“ឱ្យទេវតាអើយជួយជីវិតមិត្តភក្តិខ្ញុំផង សុំឱ្យគេឆ្លងផុតនូវរឿងរ៉ាវដ៏អាក្រក់នេះផងចុះ” វិជ្ជនីលើកដៃបួងសួង។
លោកយាយបានទាញធូបទៀនយកមកអុជ ព្រមទាំងទាញកាំបិតចេញពីជើងពាន លើកមកសំពះបួងសួង។ រួចគាត់ក៏យកវាមកដាក់លើខ្លួនសិទ្ធិ សិទ្ធិចាប់ផ្តើមប្រកាច់ លោកយាយបានឱ្យគ្រប់គ្នាចាប់ដៃនិងជើងសិទ្ធិឱ្យជាប់ កុំឱ្យគេរើ។ លោកយាយបានសូត្រធម៌បណ្តើរយកកាំបិតអូសលើខ្លួនសិទ្ធិបណ្តើរ។ សិទ្ធិកាន់តែរើ ហើយស្រែកយកៗ។ ទឹកមុខគន្ធាអាណិតសិទ្ធិជាពន់ពេក ស្រក់ទឹកភ្នែកបណ្តើរ និយាយបណ្តើរ៖
“សិទ្ធិឯងត្រូវតែទ្រាំណា ខ្ញុំជឿថាឯងអាចស៊ូបាន”
“ពួកចៅចាប់គេឱ្យជាប់ណា”
លោកយាយបែរខ្លួនទៅអាសនៈគាត់ រួចយកផេះរបស់ធូបក្តាប់នៅដៃ ហើយបានយកមកសូត្រនៅជិតមាត់ រួចក៏បានយកទៅបាចលើខ្លួនសិទ្ធិ។ លោកយាយបានឱ្យគ្រប់គ្នាដោះខោអាវសិទ្ធិចេញ ខ្លួនរបស់សិទ្ធិស្រាតននល ពួកស្រីៗនាងខ្មាសអៀនបន្តិច តែដំណាក់កាលនេះហើយ បើនៅគិតរឿងខ្មាសអៀនពិតជាមិនអាចជួយជីវិតសិទ្ធបានទេ។
ស័កចាប់ដោះអាវខោរបស់សិទ្ធិចេញ។ វិជ្ជនីចាប់សិទ្ធិទាំងបិទភ្នែកមិនហ៊ានមើលជាមួយគន្ធា។ ស្រាប់តែស្បែកសិទ្ធិមានដំបៅដុំពេញខ្លួន ដំបៅចាប់ផ្តើមប្រះបែកហូរឈាមកក្លាក់គួរឱ្យខ្ពើម។ លោកយាយយកចុងកាំបិតដែលគាត់កាន់នៅដៃ ទៅចាក់ដំបៅនោះទាល់តែធ្លាយជាមុន។ សិទ្ធិកាន់តែឈឺចាប់ខ្លាំងជាងមុន ទាំងលំបាកវេទនា។
និយាយពីសក្កវិញបានទុករូបក្រមួននៅម្ខាង ហើយបន្តធ្វើពិធីអំពើ ដោយយកសត្វតុកកែមួយក្បាល បានចាប់ក្បាលសង្កត់ក្បាល់វាជាប់ ហើយបានយកធូបមកសរសេរជាអក្សរយ័ន្តលើខ្លួនវា។
តុកកែខំប្រឹងរើខ្លួនយ៉ាងណា ក៏រើមិនកើត។ សក្កសូត្រផ្លុំៗ ពេលដែលកំពុងសរសេរយ័ន្តនោះ រួចគេបានទាញកាំបិតមកចាក់ចំកតុកកែ។ តុកកែប្រកាច់ខ្លួនពេញរនាបក្តា សុទ្ធតែឈាម។ សក្កយកឈាមលាបលើខ្លួនតុកកែ ហើយយកវាដាក់លើជើងពាន។
ក្នុងស្បែករបស់សិទ្ធិស្រាប់តែឡើងពកវារពេញខ្លួន ពួកវាចេញមកតាមដំបៅដែលធ្លាយបែកនោះ សុទ្ធតែជាសត្វតុកកែជាច្រើនក្បាល។ គន្ធានិងវិជ្ជនីស្រែកយកៗ ខ្លាចនឹងសត្វតុកកែ ទឹកមុខសត្វតុកកែគួរឱ្យខ្លាច ខ្លួនវាសុទ្ធតែឈាម ចំណែកមាត់វាហាបិទ ហាបិទ ដូចជាកំពុងស៊ីឈាមនិងកំទេចសាច់ដំបៅរបស់សិទ្ធិអ៊ីចឹង។
លោកយាយបានឱ្យពួកគេ យកអ្វីក៏បានសម្លាប់តុកកែនោះឱ្យងាប់ទាំងអស់។ គ្រប់គ្នាបានព្រលែងសិទ្ធិ ដោយសារសិទ្ធិបានសន្លប់ទៅហើយ។ គ្រប់គ្នាអ្នកខ្លះទាញអុស អ្នកខ្លះកាំបិត បានកាប់និងវាយតុកកែនៅក្បែរខ្លួនសិទ្ធិ ងាប់ពេញលើគ្រែជាមួយឈាមពាសពេញទីនោះ។
តុកកែខ្លះវាវាររត់គេចចេញពីសេចក្តីស្លាប់ តែវិជ្ជនីយកកាំបិតទៅចាក់ពីលើកវានៅក្បែរជញ្ជាំងផ្ទះ ចាក់ផងស្រែកផងទាំងភ័យខ្លាច។ សិទ្ធិបានសន្លប់ ចំណែកលោកយាយបានយកថ្នាំឱ្យពួកគេលាបដំបៅសិទ្ធិ ហើយគាត់ក៏បានយកកាំបិតដាក់លើជើងពានរួចចេញមកខាងក្រៅ។
ពួកគេគ្រប់គ្នាយកទឹកមកជូតខ្លួនសម្អាតឱ្យសិទ្ធិ និងឈាមតុកកែនៅលើគ្រែ។ គន្ធានិងស៊ីណាលាបថ្នាំកន្លែងដំបៅឱ្យសិទ្ធិ ចំណែកវិជ្ជនីនិងនីស័កក៏បានចេញមកខាងក្រៅតាមលោកយាយ សួរនាំពីអាការរបស់សិទ្ធិ៖
“លោកយាយតើមិត្តភក្តិចៅមានរឿងអ្វីចំពោះគេ” ស័កនិយាយទាំងញ័រមាត់។
“មិត្តភក្តិរបស់ចៅបានត្រូវអំពើអាគមរបស់គេហើយ នេះជាអំពើអាគមតុកកែ គេធ្វើនេះបំណងចង់សម្លាប់មិត្តភក្តិចៅ”
“អំពើតុកកែ?”
“ពួកចៅត្រូវប្រយ័ត្នខ្លួន ចំណែកមិត្តភក្តិចៅ យាយជួយបានតែមួយរយៈទេ មិនដឹងថាជួយមិត្តភក្តិចៅបានរហូតឬអត់ទេ”
“សូមអង្វរលោកយាយជួយជីវិតមិត្តភក្តិរបស់ចៅផងណា”
“អាគមនេះ មានតែមនុស្សម្នាក់ទេដែលចេះធ្វើ គឺជាមនុស្សតែម្នាក់ដែលធ្លាប់បំបែកបំបាក់គ្រួសារគេ កាលប្រមាណ២០ឆ្នាំមុន ហេតុអ្វីក៏គេនៅតែចងកម្មចងពៀរហើយនៅតែបន្តសាងបាបទាំងអស់នេះទៀត”
គន្ធានិងស៊ីណាចេញពីខាងក្នុងផ្ទះ៖
“សិទ្ធិយ៉ាងម៉េចហើយ?” វិជ្ជនីសួរ។
“ខ្ញុំនិងស៊ីណាបានលាបរបួសឱ្យគេរួចហើយ គេកំពុងតែសម្រាក តែគេតែងទន្ទេញឈ្មោះ ចន្តាមណី ឱ្យចន្តាមណីគេចខ្លួនចេញ”
“អ្នកណាទៅឈ្មោះចន្តាមណី” វិជ្ជនីនិយាយទាំងងឿងឆ្ងល់។
“ចន្តាមណីជាកូនមេភូមិ នាងមានគូដណ្តឹងឈ្មោះសក្កមុនី”
“តិចពីរនាក់ដែលយើងបានធ្លាប់ឃើញ ពេលដែលអាសិទ្ធិគេចោទថាវាចោរទៅ ពួកអ្នកភូមិខ្លាចពួកគេពរីរនាក់នេះណាស់ ហៅម្នាក់ស្រីនោះថាអ្នកនាង” ស័កនិយាយ។
“កុំទាន់ចោទគេផ្តេសផ្តាស សំខាន់គ្រប់គ្នាកុំទៅណាក្រៅពីផ្ទះ ខ្ញុំបារម្ភគ្រប់គ្នាខ្លាចមានបញ្ហា សំខាន់កុំចង់ទៅរករឿងអ្នកណាឱ្យសោះ យើងមិនទាន់ដឹងថាអ្នកណាជាអ្នកធ្វើអំពើនេះដាក់សិទ្ធិ តែទោះបីជាដឹងក៏ដោយ កុំទៅពាក់ព័ន្ធជាមួយគ្នាអី ខ្លាចនាំគ្រោះដាក់ខ្លួន”
“គ្រប់គ្នាស្តាប់វិជ្ជនីនិយាយផង”
គន្ធានិងស៊ីណាអត់សប្បាយចិត្តនូវអ្វីដែលវិជ្ជនីនិយាយសោះ សិទ្ធិប៊ិះនឹងបាត់បង់ជីវិត។ សិទ្ធិដេកសម្រាកលើគ្រែ ទាំងខ្លួនសុទ្ធតែរបួសនិងដំបៅ ពេញខ្លួនមានឈាមហូរចេញមក។ មុខសិទ្ធិប្រែជាខ្មៅស្រអាប់ មាត់តែទន្ទេញឈ្មោះចន្តាមណីជានិច្ច។
រសៀលបន្តិចខ្ទង់ប្រហែលជាម៉ោង៣ជិត៤ គន្ធាបានចាកចេញពីផ្ទះ រត់សំដៅទៅក្នុងភូមិ។ សភាពក្នុងភូមិកាន់តែអាក្រក់ជាងមុនទៅទៀត ស្ងាត់មនុស្សឈឹង ផ្ទះខ្លះត្រូវបានគេបោះបង់ចោលមិនមានមនុស្សរស់នៅទេ។ គន្ធាបានដើរមកដល់ផ្ទះឈើធំមួយ ដែលគេធ្លាប់ដឹងពេលចូលក្នុងភូមិដំបូង ជាផ្ទះដែលកូនមេភូមិរស់នៅ។
គន្ធាសម្លឹងទៅមើលផ្ទះនោះមិនដាក់ភ្នែក បម្រុងនឹងដើរឡើងតាមជណ្តើរទៅហើយ ចន្តាមណីរត់ចុះពីលើផ្ទះ ព្រមទាំងមានកាំបិតនៅជាប់ដៃរត់ចុះមកយ៉ាងលឿន។ នាងឃើញគន្ធាកំពុងឈរនៅមុខផ្ទះ ដឹងថាជាមិត្តភក្តិរបស់សិទ្ធិ ក៏បានដើរទៅក្បែរ តែគន្ធាថយក្រោយចេញពីនាង។
“នាងជាមិត្តភក្តិរបស់បងសិទ្ធិ”
“ម៉េចបានជានាងស្គាល់សិទ្ធិ? នាងជាអ្វីនឹងសិទ្ធ?”
“ខ្ញុំឈ្មោះចន្តមណី ខ្ញុំជាមនុស្សតែម្នាក់ដែលគាត់ស្រលាញ់ ឥឡូវចូលមកអង្គុយខាងក្នុងសិនមក”
ចន្តាមណីក៏ដើរទៅអង្គុយលើគ្រែខាងក្រោមផ្ទះ គន្ធានាងរាងស្ទាក់ស្ទើរក្នុងចិត្ត ចិត្តមួយមិនជឿសម្តីចន្តា តែគេស្គាល់ឈ្មោះសិទ្ធិច្បាស់ អាចនឹងដឹងថាអ្នកណាជាអ្នកធ្វើអំពើចង់សម្លាប់សិទ្ធិ។ គន្ធាក៏សម្រេចចូលទៅខាងក្នុង ឈរក្បែរចន្តាមណី៖
“នាងមកអង្គុយសិនមក ហើយបងសិទ្ធិគាត់យ៉ាងម៉េចហើយ? ខ្ញុំបារម្ភគាត់ណាស់!”
“គាត់បានធូរច្រើនហើយ តើអ្នកណាធ្វើអំពើដាក់គាត់ គឺនាងមែនទេ?”
“មិនមែនជាខ្ញុំទេ! ខ្ញុំស្រលាញ់គាត់ស្មើជីវិតខ្ញុំ ហេតុអ្វីខ្ញុំត្រូវធ្វើអំពើសម្លាប់គាត់ទៅវិញ?”
“ចុះតើអ្នកណាទៅ? ហ៊ានធ្វើដាក់មិត្តភក្តិខ្ញុំបែបនេះ គេកំពុងតែសន្លប់លើកន្ទេល មិនដឹងខ្លួនថាស្លាប់ឬរស់ទេ ឬក៏មកពីនាងអ្នកធ្វើរឿងទាំងអស់នេះ”
“ខ្ញុំប្រាប់នាងប៉ុន្មានដងហើយ មិនមែនខ្ញុំទេ! គឺគូដណ្តឹងខ្ញុំគេអ្នកធ្វើរឿងទាំងអស់នេះ តើឯងអាចនាំខ្ញុំទៅជួបបងសិទ្ធិបានទេ? ខ្ញុំសុំអង្វរឯង”
“ខ្ញុំមិនអាចនាំនាងទៅបានទេ គេត្រូវការព្យាបាលមួយរយៈសិន ចុះបើខ្ញុំចង់ឱ្យឯងជួយខ្ញុំរឿងមួយបានទេ?”
“ជួយឯងរឿងអីទៅ?”
“គឺសម្លាប់គូដណ្តឹងឯង!”
“សម្លាប់គេ គឺមិនអាចទៅរួចទេ!”
“ចុះក្រែងនាងស្រលាញ់សិទ្ធិស្មើជីវិតនោះអី ចុះហេតុអ្វីនាងនៅទុកចិត្តឱ្យគេ ទាំងគេរកសម្លាប់មនុស្សដែលនាងស្រលាញ់?”
“ទេ! ទេ! នាងកុំបង្ខំខ្ញុំ”
“បើនាងមិនហ៊ានធ្វើទុកឱ្យយើងធ្វើវិញក៏បាន តែនាងត្រូវជួយយើង” ចន្តាមណីនាងងក់ក្បាលយល់ព្រម។
“តែគេជាគ្រូអាគមខ្លាំងណាស់ ខ្លាចតែនាងមិនអាចទៅជិតគេបាន”
“មិនអីទេ! ទុកឱ្យខ្ញុំជាអ្នករៀបផែនការ”
គន្ធាស្រាប់តែភ្លាមៗក្លាយជាមនុស្សពិសពុល ចង់សងសឹកឱ្យមិត្តភក្តិរបស់ខ្លួន ដោយមិនខ្លាចអ្វីទាំងអស់។ គន្ធាបន្ទាប់ពីនិយាយជាមួយចន្តាមណីចប់ នាងក៏ត្រលប់មកផ្ទះវិញ កុំឱ្យមិត្តនាងសង្ស័យនឹងនាង។
អាការសិទ្ធិរាងធូរស្រាលជាងមុន តែមិនអាចដើរនិងក្រោករួចទេ ចំណែកដំបៅពេញខ្លួនក៏មិនទាន់ជាដែល ដោយសារតែត្រូវអំពើអាគមតុកកែ របស់សក្កមុនី។ ស្អែកឡើងគន្ធាបានចេញពីផ្ទះទាំងព្រឹកព្រលឹម មិនឱ្យអ្នកណាដឹងទេ។
នាងបានមកដល់ផ្ទះចន្តាមណី ឃើញសក្កមុនីកំពុងតែឈរជជែកជាមួយចន្តាមណី ក៏បានដើរចូលទៅ រួចទះចន្តាមួយកំផ្លៀង ឮសូរតែផ្លាប់។
“នាងជាអ្នកណា? បានមកទះកំផ្លៀងយើងបែបនេះ?”
“យើស! សួរយើងថាជាអ្នកណា? នាងដណ្តើមសង្សារយើង ស្មានតែយើងមិនដឹងហ្អី!”
“យើងលួចសង្សារនាង នាងឆ្កួតហើយ” ចន្តាមណីទាញដៃបម្រុងនឹងទះកំភ្លៀងគន្ធា ស្រាប់តែសក្កចាប់ដៃចន្តាជាប់។
“បងឯងកាន់ជើងនាង បងឯងជាគូដណ្តឹងខ្ញុំណា!”
“បងមិនបានកាន់ជើងអ្នកណាទេ តែបងមិនចង់ឱ្យអ្នកទាំងពីរឈ្លោះគ្នា”
សក្កបានយកដៃខ្លួនទៅឱបចង្កេះគន្ធា ហើយសម្លឹងមើលទៅមុខគន្ធាទាំងញញឹមបែបព្រាន។ គន្ធាក៏បានធ្វើជាយំ យកក្បាលខ្លួនទៅដាក់លើដើមទ្រូងសក្ក។ សក្កក៏បានទាញដៃគន្ធា ចាកចេញពីផ្ទះនោះទៅ។ ចន្តាពិតជាខឹង នឹងពីរនាក់គេជាខ្លាំង៖
“បងសក្ក! បងសក្ក! បងជាគូដណ្តឹងខ្ញុំ ម៉េចបានបងធ្វើដាក់ខ្ញុំដូច្នេះ?”
សក្កបានកាន់ដៃគន្ធាជាប់ ក៏បានដើរមកដល់ទឹកធ្លាក់ដែលជាកន្លែងសិទ្ធិនិងចន្តាបានមកលេង។ គន្ធាប្រែជាទឹកភ្នែករលីងរលោង ឈឺចិត្តត្អូញត្អែរថា៖
“នាងម្នាក់នោះបានដណ្តើមសង្សារខ្ញុំ ឥឡូវគាត់បានសុំខ្ញុំបែកហើយ ខ្ញុំឈឺចិត្តណាស់ដែលបុរសដែលខ្ញុំស្រលាញ់បានក្បត់ខ្ញុំ” សក្កយកដៃជូតទឹកភ្នែកគន្ធា។
“កុំយំស្តាយស្រណោះ នឹងមនុស្សប្រុសបែបហ្នឹងអី! មនុស្សប្រុសទាំងអស់ មិនដូចគ្នាទេ”
“គ្មានទេប្រុសទាំងអស់ សុទ្ធតែដូចគ្នា” គន្ធាបែរមុខចេញពីសក្ក។
“យ៉ាងណាក៏មានបងម្នាក់ ដែលស្មោះចំពោះអូនដែរ”
“ចុះនាងអម្បាញ់មិញគេគូដណ្តឹងបង?”
“គូដណ្តឹងតែឈ្មោះទេ បងមិនបានស្រលាញ់នាងទេ គឺឪពុកម្តាយបងអ្នកផ្សំផ្គង់ឱ្យទេ ឃើញទេនាងមានសង្សារក្បត់បងជាច្រើននាក់ បងនេះរឹតតែឈឺចាប់ជាងអូនទៅទៀត”
“ខ្លាចតែបងស្រលាញ់អូនមិនស្មោះ!”
“ជឿលើបងចុះ! បងហ៊ានស្បថនៅចំពោះមុខអូន”
សក្កទាញថ្ពាល់គន្ធាយកមកថើប ហើយញញឹមបិទមាត់មិនជិត។ រួចសក្កក៏បាននាំគន្ធាទៅផ្ទះរបស់ខ្លួនរស់នៅ។ ផ្ទះសក្កមុនីពិតជារាងឆ្ងាយពីភូមិបន្តិច មានផ្ទះតែមួយខ្នងហ្នឹងគត់ មានដើមឈើដុះជុំវិញ ដូចជាព្រៃស្ដុកអ៊ីចឹង។
សក្កបានកាន់ដៃគន្ធាចូលទៅខាងក្នុង ទោះបីមានដើមឈើបាំងមែន ឃើញតែដំបូលផ្ទះក្តី តែផ្ទះមានសភាពស្រស់ស្អាតបែបខ្មែរ។ គន្ធារាងស្ទាក់ស្ទើរ ដូចមិនចង់ចូលទៅខាងក្នុងផ្ទះរបស់សក្ក គន្ធាមើលទៅលើមេឃចំពីលើដំបូលផ្ទះ ឃើញមេឃខ្មៅងងឹត និងមានព្រលឹងខ្មោចជាច្រើន ជាមួយពន្លឺក្រហមហោះពេញដំបូលខាងលើផ្ទះ គន្ធាឈរមើលឡើងភ្លឹក។ សក្កបានយកដៃបក់ទៅខាងលើ ទម្លាក់កាត់មុខគន្ធា គន្ធាភ្ញាក់ព្រើត។
“អូនកំពុងតែភ្លឹកមើលអ្វី?”
“ចាស! អូនអត់មានមើលអ្វីទេ បងនៅទីនេះតែម្នាក់ឯងទេ?”
“អូនកើតអីបានជាសួរបងដូច្នេះ?”
“គ្មានអ្វីទេ!”
“អូនកុំសួរបងពេកមើល” សក្កទាញដៃគន្ធាយកមកថើប។
“បងនិយាយលេងទេ ចូលខាងក្នុងផ្ទះមក”
គន្ធាបានទៅដល់ មានគ្រែមួយនៅចំពីរមុខផ្ទះ នាងបានអង្គុយលើគ្រែ ចំណែកសក្កបានឡើងជណ្តើរទៅខាងលើយកទឹកមកឱ្យគន្ធាញ៉ាំ។ និយាយពីផ្ទះសក្ករស់បន្តិច ផ្ទះគេធ្វើពីឈើ សង់ខ្ពស់ពីដីប្រហែលជាមួយម៉ែត្រ មានដាក់គ្រែពីខាងមុខផ្ទះជិតកាំជណ្តើរទុកអង្គុយលេងបាន។
ចំណែកបើយើងឡើងតាមជណ្តើរ គឺអាចអង្គុយនៅទីធ្លាខាងមុខបន្តិចជិតមាត់ទ្វារ ហើយមានបន្ទប់មួយ។ បន្ទប់នោះចាក់សោរជាប់ មិនឱ្យអ្នកណាចូលបានក្រៅពីខ្លួនគេទេ។ គន្ធាទទួលកែវទឹកពីសក្កយកមកផឹក។
“ម៉េចបានជាបងមិននាំប្អូនចូលទៅខាងក្នុងផ្ទះបង?”
“អូ! ខាងក្នុងគ្មានអ្វីទេ បងមិនបានរៀបចំរួចរាល់សុទ្ធតែធូលីដីទេ ចាំបងរៀបចំរួចរាល់បងនឹងព្រមឱ្យអូនចូលទៅខាងក្នុង”
គន្ធាងាកមើលឆ្វេងស្តាំ ហើយមានចិត្តសង្ស័យជាមួយបន្ទប់មួយនោះ។ សក្កបានសម្លឹងមើលមុខគន្ធា ហើយយកដៃមិចថ្ពាល់ ទាញដៃនាងយកមកថើប ហើយបានឱនមុខបម្រុងថើបមាត់គន្ធា គន្ធាក៏បានដកខ្លួនចេញ។
“កុំប្រញាប់ពេកបង អូនដូចជាត្រូវត្រលប់ទៅផ្ទះវិញហើយ ខ្លាចពុកម៉ែអូនមករក ថ្ងៃស្អែកអូននឹងមកជួបបងម្តងទៀត”
គន្ធាធ្វើជានិយាយកុហកសក្ក រួចនាងក្រោកឈរ ហើយងាកមុខចេញបម្រុងនឹងដើរចេញពីផ្ទះសក្ក។
“អូន បងស្រលាញ់អូន” សក្កចាប់ដៃគន្ធាជាប់ ហើយក៏យកមាត់មកថើបមាត់គន្ធា រាងមួយសន្ទុះ។
“អូនលាបងទៅវិញហើយ”
“ចាំបងជូនអូនត្រលប់ទៅវិញ ទីនេះព្រៃក្រាស់ៗណាស់ ខ្លាចអូនវង្វេង”
សក្កក៏បានជូនគន្ធាមកដល់មាត់ទឹកធ្លាក់ ហើយគេក៏លាគ្នាត្រឹមនោះ សន្យាស្អែកសក្កចាំគន្ធានៅមាត់ទឹកនេះ។ គន្ធាបានដើរត្រលប់មកផ្ទះ ចន្តាបាននិយាយប្រាប់រឿងរ៉ាវមួយចំនួនអស់ហើយ។
គន្ធាក៏ត្រលប់មកផ្ទះលោកយាយវិញ។ ដើរមកដល់របងចូលដីលោកយាយវិញ គន្ធាឃើញស៊ីណាកំពុងតែអង្គុយលើគល់ឈើ ដូចកំពុងតែរង់ចាំខ្លួនអ៊ីចឹង។ ស៊ីណាងាកមុខឃើញគន្ធាភ្លាម ស្រាប់តែរលីងរលោងទឹកភ្នែក៖
“ត្រលប់មកវិញហើយអ្ហះ!”
“ស៊ីណាឯងនិយាយអីហ្នឹង?”
“ខ្ញុំដឹងរឿងឯងអស់ហើយ ម្នាក់ប្រុសនោះជាសង្សារឯងហរ!”
“ស៊ីណា ម្នាក់ប្រុសណា?”
“ប្រុសដែលនៅផ្ទះនោះ គេឱបឯង កាន់ដៃឯង ស្មានតែខ្ញុំមើលមិនឃើញហ្អី គន្ធាឯងប៉ិនសម្តែងណាស់ ធ្វើដូចជាគ្មានរឿងរ៉ាវអីអ៊ីចឹង?”
“ស៊ីណា! ឯងនិយាយឆ្កួតអីហ្នឹង?”
“ត្រូវហើយខ្ញុំវាមិនស្អាត ជាមនុស្សស្រីមិនមែនជាមនុស្សប្រុសដែលអាចស្រលាញ់ ខ្ញុំខកចិត្តណាស់ចំពោះរឿងរ៉ាវកន្លងមក ឯងកុហកខ្ញុំ” គន្ធាទះស៊ីណាមួយកំផ្លៀង។
“ខ្ញុំសុំទោស! អ្វីដែលអាចឃើញវាមិនមែនជាការពិតទេ” គន្ធាដំបូងចង់និយាយប្រាប់ការពិត តែខ្លាចបែកការណ៍ហើយគ្រោះថ្នាក់ដល់ស៊ីណា ក៏មិនព្រមប្រាប់ការពិតវិញ។
“ត្រូវហើយ ខ្ញុំកុហកឯង តើវាយ៉ាងម៉េច?”
“ខ្ញុំពិតជាសោកស្តាយណាស់គន្ធា” ស៊ីណាស្រក់ទឹកភ្នែករត់ចេញពីគន្ធា ចូលទៅក្នុងភូមិ។
“ស៊ីណា! ស៊ីណាឯងទៅណា?”
ដោយគន្ធាមិនអាចឃាត់ស៊ីណាបាន នាងក៏ដើរត្រលប់មកផ្ទះលោកយាយវិញ។ ដើរបណ្តើរនាងស្រក់ទឹកភ្នែកបណ្តើរ ចំពោះរឿងដែលនាងធ្វើដាក់ស៊ីណា ធ្វើឱ្យស៊ីណាឈឺចិត្តជាខ្លាំង។ មកដល់ផ្ទះភ្លាម ឃើញនីស័កនិងវិជ្ជនីមុខឡើងស្រពោន ដូចជាមានអ្វីធ្ងន់ធ្ងរអ៊ីចឹង។
“សិទ្ធិគេយ៉ាងម៉េចហើយ?” គ្រប់គ្នាស្រាប់តែស្ងាត់។
“គេកាន់តែធ្ងន់ធ្ងរហើយ លោកយាយបានទៅរកថ្នាំដើម្បីបន្សាប”
គន្ធារត់ចូលទៅខាងក្នុងផ្ទះ ខ្លួនសិទ្ធិប្រែជារលេះរលួយ មុខវិញមើលមិនយល់សុទ្ធតែដំបៅ ប្រៀបដូចជាសាកសពរលេះរលួយអ៊ីចឹង។ គន្ធាកាន់តែមានកំហឹងខ្លាំងឡើងៗ រកវិធីសម្លាប់សក្កឱ្យបាន ដើម្បីជួយមិត្តភក្តិខ្លួនឱ្យរស់ឡើងវិញ។
និយាយពីសក្កវិញ ពេលជូនដំណើរគន្ធាហើយត្រលប់ទៅផ្ទះវិញ ស្រាប់តែមានបុរសម្នាក់សក់វែងកន្តាញ់ ស្លៀកស មនុស្សតែមួយដែលវិជ្ជនីធ្លាប់ឃើញកាលពីចូលភូមិលើកដំបូង។
“ឯងត្រូវចាំសម្តីយើងទុក កុំនៅក្បែរមនុស្សដែលឯងមិនដែលស្គាល់ បើឯងមិនចង់បាត់បង់ជីវិត”
បុរសនោះ និយាយបណ្តើរចង្អុលមុខសក្កបណ្តើរ៖
“ស្តាប់យើងឱ្យច្បាស់ ត្រូវនៅឱ្យឆ្ងាយពីពួកទាំងអស់នោះ” គាត់និយាយចប់ ក៏ដើរទៅបាត់ទៅ ទុកឱ្យសក្កងឿងឆ្ងល់នឹងសម្តីគ្រប់ម៉ាត់របស់បុរសម្នាក់នេះ។
ស្អែកឡើងគន្ធាទៅជួបសក្ក តាមការសន្យា។ តែមុនទៅជួបសក្ក គេបានចូលក្នុងផ្ទះចន្តាមណី ដើម្បីជួបគ្នានិយាយពីផែនការបន្ទាន់។ ចន្តានាងបានហុចបាយសម្លឱ្យទៅគន្ធា ទុកយកឱ្យសក្កហូប។ តែត្រណមហាមគន្ធាហូបដែរ មិនឱ្យហូបសម្លកកូរទេ។
គន្ធាដឹងពីផែនការរបស់ចន្តា នាងទទួលយកហើយចាកចេញពីផ្ទះចន្តា ដើរសំដៅទៅមាត់ទឹក ដែលសក្កកំពុងរង់ចាំនាងឡើងអន្ទះសា។ គ្រាន់តែគន្ធាទៅដល់ភ្លាម សក្កឃើញភ្លែតស្ទុះមកឱ្យគន្ធា ថើបខ្លួននាងដូចមនុស្សល្មោភតណ្ហាអ៊ីចឹង។
“បងរង់ចាំអូនយូរនៅ?”
“ទោះបីយូរជាងនេះ ក៏គ្មានបញ្ហាអីដែរ ឱ្យតែអូនមកជួបបង អូនសម្លាញ់បង”
“អូនបានធ្វើបាយម្ហូបយកមកញ៉ាំជាមួយបង យើងគួរចាំហូបបាយសិនទៅ អូនដូចជាឃ្លានណាស់ដែរ”
“អ៊ីចឹងបងនាំអូនទៅផ្ទះបង ហូបបាយទាំងអស់គ្នា” សក្កក៏យកបាយម្ហូបពីដៃគន្ធា យកមកកាន់។
“ឈ្ងុយណាស់អូន ដឹងតែឆ្ងាញ់មាត់ហើយហាសហា!”
មកដល់ផ្ទះភ្លាម សក្ករៀបចំចាត់ចែងបាយម្ហូប ដើម្បីហូបជាមួយគន្ធា។ គន្ធានិយាយលួងលោមបណ្តើរបញ្ចុកបាយសក្កបណ្តើរ សក្កកាន់តែងប់ងល់នឹងគន្ធាកាន់តែខ្លាំង។ គន្ធាបញ្ចុកសម្លកកូរឱ្យសក្កពិសា សក្កញញឹមបិទមាត់មិនជិត លើកមេដៃសរសើរគន្ធាថាឆ្ងាញ់។
ក្រោយពីបាយទឹករួចរាល់ សក្កនិងគន្ធាដេកលើគ្រែមុខផ្ទះ។ ដោយគន្ធាគេងលើដើមទ្រូងសក្ក សក្កយកដៃរបស់គេអង្អែលលើខ្លួនគន្ធាចុះឡើងៗ បែរសម្លឹងមកមើលមុខគន្ធា ហើយក៏បាននិយាយរឿងរ៉ាវជាច្រើនប្រាប់ដល់គន្ធា ហើយក៏បានឱនមុខថើបលើដងខ្លួនគន្ធា ហើយគេក៏រួមមេត្រីជាមួយគ្នាពេលនោះទៅ។
និយាយពីសភាពនៅក្នុងភូមិវិញ ពោសពេញឱ្យការយីយារបស់ពពួកព្រលឹងអមនុស្ស។ ពួកវាបានអុកឡុកអ្នកភូមិ មិនឱ្យរស់នៅបានសុខ លងបន្លាចអ្នកភូមិគ្រប់ៗគ្នា។ ឱ្យតែយប់ឡើងអ្នកភូមិមិនហ៊ានចេញពីផ្ទះទេ ហើយតែងតែឮសំឡេងចម្លែងៗ ជាមួយសំឡេងសើចក្អកក្អាយគួរឱ្យខ្លាច។ ផ្ទះខ្លះគេមិនហ៊ានរស់នៅទេ ចោលផ្ទះសំបែងរបស់ខ្លួនទៅរស់នៅកន្លែងផ្សេង ដោយមិនអាចស៊ូទ្រាំនឹងពពួកព្រាយ ប៊ិសាចទាំងអស់នោះបាន។ ធ្វើឱ្យក្នុងភូមិដូចត្រូវគេបោះបង់ចោល លែងមានគេលក់ដូរលក់អីទៀត គឺម្នាក់សំងំនៅតែក្នុងផ្ទះមិនហ៊ានចេញ។
មានភាគបន្ត…
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ