រឿង៖ អាគមផ្លូវងងឹត (ភាគបញ្ចប់)

រសៀលប្រហែលជាម៉ោង៤ គន្ធាភ្ញាក់ពីដេក ក្រោកឡើងស្ទុះស្ទាស្វែងរកសក្ក តែមិនដឹងជាគេបាត់ទៅណាបាត់។ គន្ធារង់ចាំឱកាសនេះ ក៏រកវិធីចូលទៅក្នុងបន្ទប់នោះឱ្យបាន។ តែទ្វារបានចាក់សោរជាប់ណាស់ ពិបាកនឹងរកអីវាយឱ្យដាច់សោរ តែគន្ធាចង់ដឹងថាក្នុងបន្ទប់នោះជាអ្វីឱ្យប្រាកដ។ គន្ធាស្ទុះលូនចូលទៅក្រោមផ្ទះ ហើយខំប្រឹងមើលតាមរនាបក្តារទៅខាងលើ តែមើលមិនឃើញអ្វីទេ។

នាងក៏បានយកមែកឈើចាក់តាមប្រលោះរន្ធរនាបក្តារ ក៏មានធ្លាក់កម្ទេចផេះ និងកម្ទេចទៀនសៗ នាងយកកម្ទេចផេះនោះមកហិតទើបដឹងថាជាផេះធូប។

“នេះជាកន្លែងអាសនៈរបស់វាទេតើ!”

គន្ធាប្រែជាញញឹមរកឃើញកន្លែងសំងាត់របស់សក្ក ដើម្បីបំផ្លាញពីធីសក្កដែលធ្វើលើសិទ្ធិ ដើម្បីជួយជីវិតសិទ្ធិវិញ។ សំឡេងដើរលើដីរាងខ្លាំង គឺសក្កគេត្រលប់មកវិញ គន្ធារមៀលខ្លួនចូលក្នុងគុម្ពព្រៃដើម្បីលាក់ខ្លួនពីភ្នែកសក្ក។ សក្កមើលឆ្វេងស្តាំមិនឃើញគន្ធា គិតថាគន្ធាត្រលប់ទៅផ្ទះខ្លួនវិញ។ គេបានដោះខ្សែក ហើយយកសោរដែលធ្វើជាបណ្តោងនោះមកចាក់ទ្វារ។

ក្នុងបន្ទប់គេនោះសុទ្ធតែធូលីដី និងសំបុកពីងពាង មានបាយសីជាអាសនៈ៩ជាន់ មានស្ពាន់ លង្ហិន ដាក់លើជើងពាន មានរូបចម្លាក់ធ្វើពីលង្ហិន ទៀនធូបពាសពេញលើក្តារ មានឈាម២ចាននៅពីមុខគេ ក្រហមឆ្អិនឆ្អៅ គេកាន់ឈើមួយ មានស្បែកសត្វនៅចំពីមុខគេ។

ទៀនធូបហុយសំពោងពេញក្នុងផ្ទះ គេគោះលើស្បែកនោះបណ្តើរសូត្រអាគមបណ្តើរ ស្បែកនោះប្រែជាតូចបន្តិចម្តង បន្តិចម្តងៗ គេសូត្រធម៌កាន់តែឮទៅៗឡើងចង់អង្គើរផ្ទះ ស្បែកនោះក៏បាត់សូន្យឈឹង។

បន្ទាប់ពីស្បែកបាត់ គេក៏ទម្លាក់ឈើដែលគេគោះនោះចុះ។ បន្ទាប់មកគេក៏ចាកចេញពីក្នុងបន្ទប់ហើយចាក់សោរវិញ រួចមិនដឹងដើរទៅណាបាត់។ គន្ធាចាប់ផ្តើមវិធីកម្ចាត់សក្កនៅយប់នេះតែម្តង។

នាងបានចូលទៅក្នុងភូមិដើម្បីរកអីមកបើកទ្វារឱ្យចេញ នាងបានឃើញពូថៅយកវាមកកាន់នឹងដៃ ហើយដៃរបស់នាង មានកាន់ដបទឹកមួយ ក្នុងដបដូចជាឈាមក្រហមឆ្អិនឆ្អៅខាប់។ នាងរត់ស្ទុះទៅផ្ទះសក្ក ដើម្បីកាប់បំបែកសោរបំផ្លាញពីធីរបស់សក្ក។ និយាយពីអាការសិទ្ធិវិញ សិទ្ធិគិតតែពីស្រែកយកៗ ចំណែកដំបៅហូរឈាមជាច្រើនចេញមក កែវភ្នែករបស់គេពណ៌ប្រែជាក្រហម ប្រកាច់ខ្លួនពេញលើគ្រែ។

វិជ្ជនីនិងនីស័ក ចិត្តមួយបារម្ភពីគន្ធានិងស៊ីណាមិនដឹងទៅណាបាត់ មួយទៀតបារម្ភពីសិទ្ធិមិនដឹងថាស្លាប់ឬរស់។

ពោះសិទ្ធិឡើងធំបន្តិចម្តងៗ គួរឱ្យខ្លាច លោកយាយស្ទុះអុជធូប ហើយយកកាំបិតមកដាក់ពីលើពោះរបស់សិទ្ធិ។ ពោះរបស់សិទ្ធិស្រាប់តែស្រកចុះបន្តិចម្តងៗ តែមិនបានមួយសន្ទុះស្រាប់តែឡើងធំតឹងតែម្តង សឹងតែនឹងផ្ទុះទៅហើយ។

វិជ្ជនីយកដៃខ្ទប់មាត់ ចង់ស្រែកក៏ស្រែកមិនចេញ ចំណែកស័កមិនដឹងជួយយ៉ាងម៉េចដែរ។ ស័កលុតជង្គង់មុខលោកយាយ៖

“ខ្ញុំសូមអង្វរលោកយាយជួយគេឱ្យរស់វិញផង?”

“មិត្តចៅ ត្រូវអំពើអាគមអាគមកន្លង់ស្បែកក្របី គេហើយ យាយពិបាកនឹងជួយជីវិតគេណាស់ តែយាយនឹងប្រឹងជួយជីវិតមិត្តភក្តិចៅឱ្យបាន”។

យាយចាប់ទាញថង់ មិនដឹងជាម្សៅអីគេទេ ពណ៌ស គាត់យកមកសូត្រជិតមាត់ហើយគាត់បាចពីលើខ្លួនសិទ្ធិ។ បានតែរើខ្លួនបង្ហាញពីសេចក្តីឈឺផ្សា តែមិនអាចនិយាយអ្វីបាន។ វិជ្ជនីចាប់ដៃសិទ្ធិ ចំណែកនីស័កគេចាប់ជើង តែអាការរបស់សិទ្ធិ មិនបានធូរស្រាលសោះកាន់តែធ្ងន់ឡើងៗ សូម្បីតែលោកយាយក៏អស់កម្លាំង និងវិធីសាស្រ្តដោះអំពើមួយនេះបាន។

ណាមួយទៀត សិទ្ធិត្រូវអំពើច្រើន អំពើស្នេហ៍ផង អាគមតុកកែផង ឥឡូវត្រូវអំពើអាគមកន្លង់ស្បែកក្របីទៀត។ សិទ្ធិស្រាប់តែបញ្ចេញសំឡេងស្រែកមួយទំហឹង ហើយពោះកាន់តែធំទៅៗរហូតទាល់តែប្រេះចេញពោះវៀនពោះតាំងមកក្រៅ ស្លាប់មួយរំពេច។ ចំណែកលោកយាយក៏បានក្អួតឈាមចេញមកខាងក្រៅផងដែរ។

“សិទ្ធិ សិទ្ធិ” វិជ្ជនីស្រែកយំបោកខ្លួន អាឡោះអាឡ័យចំពោះសិទ្ធិជាខ្លាំង។

“សិទ្ធិ ដឹងខ្លួនឡើងយើងទៅផ្ទះយើងវិញសិទ្ធិ” នីស័កនិយាយបណ្តើរទឹកភ្នែកបណ្តើរ ព្រមទាំងយកដៃអង្គើរសិទ្ធិឱ្យដឹងខ្លួនវិញ។

“មិត្តចៅដូចយាយនិយាយប្រាប់តាំងពីដំបូងអ៊ីចឹង យាយក៏មិនអាចជួយជីវិតពួកចៅបន្តទៀតបានដែរ”

“លោកយាយ! លោកយាយកុំមានរឿងអីឱ្យសោះ ពួកយើងមិនអាចអត់ពីលោកយាយបានទេ?” វិជ្ជនីយកកំណាត់ខ្ទប់ឈាមលោកយាយ ចំណែកស័កលើកទ្រ-កនិយាយពីក្រោយ។

“វិជ្ជនីចៅសម្លាញ់យាយ ប្រហែលជាចៅមិនចាំលោកយាយពិការភ្នែកម្នាក់នេះបានទេ ទឹកដីនេះជាទីកន្លែងកំណើតរបស់ចៅ” យាយបានទាញខ្សែកនៅលើជើងពានដែលដាក់ជិតកាំបិត។

“នេះជាខ្សែកដែលម្តាយចៅបានពាក់ឱ្យចៅកាលនៅពីតូច ចៅត្រូវបានយាយលួចយកមកចិញ្ចឹមដើម្បីគេចសម្លាប់ពីការសម្លាប់អ្នកភូមិ”

ពីដំបូងគ្រួសារវិជ្ជនីរស់នៅផ្ទះខ្ទមមួយនៅជិតអណ្តូងទឹក ដែលគេបានមកដល់ភូមិនេះដំបូង។ ម៉ែឪវិជ្ជនីគឺជាគ្រូខាងអំពើអំពាន់ តែពួកគាត់ស្មោះត្រង់នឹងជួយព្យាបាលជំងឺឱ្យអ្នកភូមិ។ អ្នកស្រុកអ្នកភូមិស្រលាញ់គោរពរាប់អានគ្រួសារវិជ្ជនីណាស់។

កាលវិជ្ជនីបានអាយុ២ខួបជាង គ្រួសារវិជ្ជនីត្រូវបានអ្នកភូមិចោទប្រកាន់ថាជាពពួកធ្មប់ព្រាយធ្វើអំពើសម្លាប់អ្នកភូមិគ្រប់គ្នាមិនឱ្យនៅបានសុខ។ មេភូមិធ្នុងជឿតាមសម្តីអ្នកភូមិ ក៏នាំគ្នាសម្លាប់គ្រួសារវិជ្ជនីចោល ដោយវិជ្ជនីបានរួចជីវិតដោយសារតែលោកយាយបានទៅចាប់វិជ្ជនីយកមកលាក់ទុក មិនឱ្យអ្នកភូមិដឹង។ គ្រូអាគមម្នាក់បានធ្វើពិធីសម្លាប់ម៉ែឪវិជ្ជនី ដោយឱ្យអ្នកភូមិចាប់ចងហើយដុតទាំងរស់ រួចយកឆ្អឹងនិងសាកសពឆេះមិនទាន់អស់បោះចូលក្នុងអណ្តូងទឹក ហើយបានប្រើអាគមសង្កត់ព្រលឹងមិនឱ្យចេញមកខាងក្រៅរករឿងអ្នកភូមិ។

រឿងរ៉ាវការស្លាប់គឺមកពីគ្រូអាគមនោះទាំងអស់ គេជាអ្នកធ្វើអំពើសម្លាប់អ្នកភូមិ ដោយសារតែច្រណែននឹងគ្រួសារវិជ្ជនី មានគេគោរពស្រលាញ់ច្រើន។ គេបានធ្វើអំពើសម្លាប់កូនប្រុសច្បងរបស់មេភូមិ ដោយមេភូមិគាត់មានកូនតែម្នាក់ ដូច្នេះហើយបានជាគាត់យល់ព្រមតាមគំនិតអ្នកភូមិឱ្យសម្លាប់គ្រួសារវិជ្ជនី។

“ចំណែកចៅត្រូវបានប្តីប្រពន្ធមួយគូ គាត់វង្វេងផ្លូវមកទីនេះ យាយក៏បានប្រគល់ចៅឱ្យទៅគេចិញ្ចឹម ដើម្បីកុំឱ្យអ្នកភូមិតាមសម្លាប់ចៅទៅទៀត។ ព្រលឹងឪម៉ែរបស់ចៅបានរួចពីអាគមសង្កត់ព្រលឹងរបស់គ្រូនោះហើយ ដោយសារតែឈាមរបស់ចៅស្រក់ចូលក្នុងទឹកអណ្តូង តែព្រលឹងពុកម៉ែចៅនៅតែចងកំហឹងអាឃាតជាមួយអ្នកភូមិ ហើយកំពុងតែអុកឡុកអ្នកភូមិធ្ងន់ធ្ងរឡើងហើយ មានតែពួកចៅពីរនាក់ទេ ដែលអាចបញ្ចប់រឿងរ៉ាវទាំងអស់នេះ។

នេះជាកាំបិតភ្លុកដំរីស នៅពេលដែលវាប៉ះឈាមស្រីក្រមុំបរិសុទ្ធ ទោះបីជាគ្រូអាគមខ្លាំងយ៉ាងក៏នៅតែវាអាចសម្លាប់បានដែរ” លោកយាយនិយាយចប់ ហុចកាំបិតនិងខ្សែកឱ្យវិជ្ជនី រួចគាត់យកដៃមកកាន់មុខវិជ្ជនី ហើយក៏ស្លាប់បាត់ទៅ”។

“លោកយាយ! លោកយាយ! ដឹងខ្លួនឡើង ស័ក! ស័ក! មួយប៉ប្រិចភ្នែកយើងបាត់បង់មនុស្សពីរនាក់បាត់ទៅហើយ សុំឱ្យវិញ្ញាណក្ខន្ធគាត់ទៅឱ្យបានសុខចុះ”

“វិជ្ជនីកាត់ចិត្តទៅណា ឥឡូវនាំគ្នាតាមរកស៊ីណា និងគន្ធាហើយចាកចេញពីទីនេះ”

ក្រោយពីវិជ្ជនីដឹងរឿងរ៉ាវទាំងអស់នេះ វិជ្ជនីយកកាំបិតនិងឱបខ្សែកជាប់មកដាក់ដើមទ្រូង សម្លឹងមើលស័កកំពុងតែកាប់ដី បញ្ចុះសពលោកយាយ និងសិទ្ធិនៅឯក្រោយផ្ទះ។

នីស័ក និងវិជ្ជនីសម្រេចចិត្តបបួកគ្នាចូលទៅក្នុងភូមិដើម្បីស្វែងរកស៊ីណា និងគន្ធា ដើម្បីនាំគ្នាចាកចេញពីទីកន្លែងនោះ។ ពេលពួកគេទៅដល់ក្នុងភូមិ មេឃប្រែជាងងឹតស្លុប សឹងតែមើលអ្វីមិនឃើញ។

ព្រលឹងខ្មោច ព្រាយ ខ្មៅងងឹតហោះពាសពេញលើមេឃ។ ធ្វើឱ្យវិជ្ជនីខិតខ្លួនទៅឱបដៃនីស័កជាប់។ សំឡេងសើចក្អកក្អាយ ហោះមកក្បែរពួកគេ ចង់លងបន្លាពួកគេ។ តែនីស័កបានកាន់គប់ភ្លើង ដើម្បីដេញពួកមនុស្សទាំងអស់នោះ។ ពួកគេដើររកផ្តុំផ្សារក៏មិនឃើញ ចូលទៅផ្តុំអ្នកភូមិក៏មិនឃើញ។

“ស័កយើងគួរតែទៅវិញទៅណា៎!”

“យើងមិនទាន់រកឃើញពួកគេទេ មិនដឹងថាពួកគេយ៉ាងម៉េចទៅហើយ ឬមានរឿងអ្វីកើតឡើងចំពោះពួកគេទេ?”

“តែបើយើង បន្តនៅស្វែងរកអ៊ីចឹង ដូចមិនកើតទេ”

វិជ្ជនីនៅពីក្រោយខ្នងនីស័ក ស័កចេះតែដើរបន្តទៅមុខ ហើយយកគប់ភ្លើងក្រវេសដេញស្រមោលខ្មៅអមនុស្សទាំងនោះ ដែលចង់យីយាខ្លួន។

“ស៊ីណា! គន្ធា!”

“គន្ធា ឯងនៅណា? ស៊ីណា ស៊ីណា នៅណា? ពួកឯងនៅណា ឮគ្នាហៅអត់? ស័កដូចគ្មានសង្ឃឹមនឹងឃើញពួកគេសោះ”

“នៅមួយសន្ទុះទៀតទៅណា ក្រែងល៎រកពួកគេឃើញ”

“អ៊ីចឹងក៏បាន គន្ធា! ស៊ីណា!”

ដោយគ្មានសង្ឃឹមថានឹករកពួកគេឃើញ ពួកគេក៏សម្រេចចិត្តត្រលប់មកចាំស៊ីណា និងគន្ធានៅផ្ទះវិញ។ ពេលដែលដើរត្រលប់មកវិញ ខ្សែកដែលវិជ្ជនីពាក់បញ្ចេញពន្លឺ នាងសម្លឹងទៅមើលលើមេឃ ឃើញស្រមោលងងឹតពីរកំពុងតែហោះពីលើនាង។ ស្រមោលងងឹតនោះហោះទៅបាត់ ខ្សែករបស់នាង ក៏លែងមានពន្លឺវិញ។

នាងចាប់ផ្តើមឆ្ងល់ ស្រាប់តែនីស័កចាប់ទាញដៃនាងស្ទុះរត់មួយទំហឹង មិនដឹងថាមានរឿងអ្វី។ វិជ្ជនីទាក់ជើងនឹងឈរ ក៏បានដួលផ្កាប់មុខទៅនឹងដី ស្រាប់តែមានឈើមួយហោះរំលងក្បាលនាងផុត។

“យ៉ាងម៉េចហើយវិជ្ជនី?” នីស័កលើកវិជ្ជនីឡើង។

“អូយ! ជើងខ្ញុំឈឺណាស់!”

“ជើងវិជ្ជនីមានរបួសហើយ ម៏! ខ្ញុំអៀវនាង”

នីស័កលើកអៀយវិជ្ជនី ហើយរត់គេចចេញពីការយីយារបស់ពួកខ្មោច ព្រាយទាំងអស់នោះ។ 

និយាយពីគន្ធាវិញ បានយកពូថៅកាប់សោទ្វារផ្ទះសក្ក កាប់ឡើងបែកញើសណាមួយបារម្ភភ័យខ្លាចសក្កមកទាន់។ គន្ធាប្រើកម្លាំងកាប់ ទាល់តែអាចបើកទ្វារនោះបាន។ ទ្វាររុញបើក ស្រាប់តែមេឃប្រែជាងងឹតខ្មៅអែ គន្ធាយកដៃខ្ទប់ច្រមុះសុទ្ធតែធូលី។

អាសនៈរបស់សក្ក មានដុតទៀនធូប ហុយសំពោងថ្មីៗ មានចានឈាមដាក់សែនសំណែនក្បែរនោះ។ មិនបង្អង់យូរគន្ធាទាញដបទឹកដែលមានឈាមយកទៅចាក់លើអាសនៈនោះ ផ្ទះចាប់ផ្តើមអង្គើរ សំឡេងអមនុស្សស្រែកឮកងរំពង ដូចជាមនុស្សមានសេរីភាពអ៊ីចឹង។ ខ្យល់ចាប់ផ្តើមបក់ចូលមកវូៗ គន្ធាប៉ះរោម។

ក្រោយពីយកឈាមទៅចាក់មានក្លិនឆ្អាបអសោចហើយ នាងទាញដែកកេះ ហើយទៀនមកដុតរួចបោះចូលអាសនៈ ឱ្យឆេះសន្ធោសន្ធៅ ព្រមទាំងលេបត្របាក់ផ្ទះនោះឱ្យឆេះខ្ទេចគ្មានសេសសល់។

រំលឹកឡើងវិញបន្តិច ពេលដែលសក្កធ្វើអំពើអាគមកន្លង់ស្បែកក្របី ទៅលើសិទ្ធិហើយ គេបានចាកចេញពីផ្ទះ មករកចន្តាមណី។ គេបានរួមរ័កមេត្រីជាមួយចន្តាមណីហើយ គេមិនទាន់ចាកចេញត្រលប់មកផ្ទះគេវិញនោះទេ។ ចន្តាមណីកំពុងតែដេកលើស្មាសក្ក សក្កនិយាយអ្វីក៏ស្តាប់មិនហ៊ានប្រកែក ព្រមធ្វើតាមសម្តីសក្កគ្រប់យ៉ាង។

ពិធីអំពើអាគមត្រីអណ្តែងធ្វើដោយគ្រូម្នាក់ ដែលចន្តាមណីបានពឹងពាក់ឱ្យគ្រូនោះធ្វើរបៀននេះឱ្យនាង។ គ្រូនោះបានយកត្រីអណ្តែងមួយខ្មៅរលោងស្រិល ហើយបានយកម្ចុលមកចាក់ត្រីនោះ ឡើងសុះសាច់។

ចាក់បណ្តើរសូត្រមន្តគាថាបណ្តើរ សូត្រផ្លុំៗទាល់តែត្រីអណ្តែងនោះលែងប្រកាច់ខ្លួនហើយងាប់ដោយឈាមហូរចេញពីខ្លួនវា តាមស្នាមម្ចុលចាក់លើខ្លួនវា។ រួចគ្រូនោះបានប្រគល់ឱ្យនាង ចំណែកនាងក៏បានយកទៅធ្វើម្ហូបដើម្បីឱ្យសក្កហូប។

សក្កកំពុងតែថើបបបោសអង្អែលចន្តាសុខៗ ស្រាប់តែចេញអាការចម្លែកលើខ្លួនគេ។ សាច់របស់គេដូចមានកាំបិតឆូត ដូចមនុស្សឆូតត្រីប្រឡាក់ឡើងសុះសាច់ពេញខ្លួនប្រាណសក្ក។ សក្កស្រែកទាំងឈឺចាប់ ចន្តានាងស្ទុះស្ទាមើលទៅសក្ក៖

“បង បងកើតអ្វីហ្នឹង?”

“អូយ បងឈឺណាស់ បងឈឺចុកចាប់ណាស់ ជួយបងផង”

ស្រាប់តែសាច់សក្កដែលមានស្នាមឆូតនោះ លេចចេញផ្លែសន្ទូចចេញពីសាច់។ ចន្តានាងលែងហ៊ានចូលទៅជិត សក្ករមៀលរមួលពេញលើគ្រែ។ ឈាមហូរស្រក់ចេញពីសាច់ជាមួយផ្លែសន្ទូចជាមួយសម្រែកនៃការឈឺចាប់។

សំឡេងអមនុស្សស្រែកសើចសប្បាយ ជុំវិញផ្ទះចន្តា គួរឱ្យខ្លាច។ សក្កប្រឹងក្រោកឡើង ហើយអង្គុយសមាធិសូត្រមន្តអាគមដើម្បីបង្រ្កាបអំពើដែលគេធ្វើលើខ្លួន ស្រាប់តែចន្តាមណីរង់ចាំឱកាសនេះយូរហើយ ស្ទុះទៅទាញកាំបិតលើទូទាញកាំបិតយកមកចាក់ពីក្រោយខ្នងសក្ក នាងដកចាក់ៗ។

“អូន ជួយបងផង! ម្តេចបានជាអូនសម្លាប់បងដូច្នេះ”

សក្កដួលខ្លួនទៅរនាបក្តារ ហើយស្រាប់តែព្រលឹងមួយជាស្រមោល មកចាប់ក្បាលសក្កហើយកាច់បំបាក់កបន្ថែមទៀត។

“ហាសហា! យើងធ្វើជាទាសកររបស់ឯងយូរហើយ ពេលនេះយើងមានសេរីភាពវិញហើយ ហាសហា ហាសហា”

ចន្តាមណីកាន់កាំបិតដែលប្រឡាក់សុទ្ធតែឈាមហូរស្រក់ពីកាំបិត ឈរសម្លឹងមើលទៅសាកសពសក្កកំពុងតែដេកស្លាប់ផ្កាប់មុខទៅហ្នឹងក្តារ។ នាងបានទាញសពរបស់សក្ក ទាញទម្លាក់តាមកាំជណ្តើរ អូសទៅបោះចោលនៅគុម្ពព្រៃខាងក្រោយផ្ទះ ហើយរៀបចំសម្អាតឈាមចេញ។ ទឹកមុខរបស់នាងប្រែជាញញឹមនិងសើចបិទមាត់មិនជិត ដូចមនុស្សសម្លាប់មនុស្សដោយមិនញញើតទាំងឈាមត្រជាក់។

ព្រឹកព្រលឹមភ្លឺជះ គន្ធាមិនដឹងរត់មកពីណា ស្ទុះឡើងតាមកាំជណ្តើរផ្ទះចន្តាហើយគោះទ្វារ ផាំង ផាំង។ ចន្តាមណីបើកទ្វារ គន្ធាដើរចូលទៅខាងក្នុង។ សភាពគន្ធាសក់សំពីងសំពោង ខោអាវដាច់រហែក ប្រឡាក់សុទ្ធតែដី។

“ឯងកើតអីឬអត់ហ្នឹង?” ចន្តាមណីស្ទុះឱបគន្ធា។

“ចុះឯងវិញ ហើយវាម្នាក់នោះ?”

“វាហ្អី? យើងបានសម្លាប់វាចោលបាត់ទៅហើយយប់មិញ ឯងកុំបារម្ភអី”

“ឯងសម្លាប់វាដោយរបៀបម៉េច?”

រឿងគឺបែបនេះ សម្លដែលចន្តាមណីប្រគល់ទៅឱ្យគន្ធាយកឱ្យសក្កហូបនោះ គឺជាសម្លកកូរត្រីអណ្តែង ដែលត្រីអណ្តែងនោះ នាងបានឱ្យគ្រូអំពើធ្វើអាគមត្រីអណ្តែង វាជាអំពើដ៏សាហាវឃោឃៅបំផុត នៃអំពើអាគមផ្លូវងងឹត។

ចំណែកឈាមក្នុងដបទឹកនោះវិញ នៅពេលដែលគន្ធាជួបចន្តាដំបូងពួកគេរកវិធីសម្លាប់សក្ក ចន្តានាងដឹងពីវិធីសម្លាប់សក្កបាន លុះត្រាតែបំផ្លាញអាសនៈនិងគ្រូដើមរបស់សក្ក។ ឱ្យចន្តាបានឱ្យប្រើឈាមរដូវក្រមុំបរិសុទ្ធ ដោយខ្លួនមិនមានភាពបរិសុទ្ធនឹងព្រហ្មចារី ដោយសារតែសក្កតែងតែបង្ខំនាងឱ្យដេកជាមួយគេសឹងតែរាល់ថ្ងៃ។

ចៃដន្យចំពេលដែលគន្ធាមករដូវផងនោះ គន្ធាបានយកឈាមរដូវរបស់ខ្លួនច្រកដបទុក ដោយនាងបានប្រើស្លឹកចេកស្ងួតដើម្បីត្រងយកឈាមរដូវរបស់នាង មុននឹងសក្កបានដេកជាមួយនាងមុននឹងទៅទៀត។ ហើយឈាមរដូវនេះហើយ ដែលគន្ធាយកទៅចាក់លើអាសនៈរបស់សក្ក ហើយបានដុតបំផ្លាញចោល។

ចំណែកនៅយប់ដែលសក្កត្រូវអំពើនោះ គឺអាគមត្រីអណ្តែងវាបានបញ្ចេញឬទ្ធិរបស់វា ធ្វើឱ្យអំពើនោះអាចសម្លាប់សក្កមុនីបាន ព្រមទាំងហ៊ានប្រមាថគ្រូធំដោយប្រើឈាមរដូវស្រីក្រមុំព្រហ្មចារីផងនោះ គ្រូដើមបានមកកាច់បំបាក់កឱ្យសក្កស្លាប់មួយរំពេច។

ក្រោយពីគន្ធាស្តាប់រឿងនេះចប់ គន្ធាក៏លាចន្តាមណី ដើម្បីទៅរកមិត្តភក្តិខ្លួននិងទៅមើលអាការរបស់សិទ្ធិ។ នាងបានចុះតាមកាំជណ្តើរ សំឡេងល្ហៀងៗហៅឈ្មោះគន្ធាពីចម្ងាយ។ គន្ធានៅចាំសំឡេងនេះច្បាស់ ជាសំឡេងរបស់មិត្តភក្តិខ្លួន គន្ធាក្រឡេកមើលឆ្វេងស្តាំ។ ចុះជណ្តើរផុត សំឡេងហៅឈ្មោះនាងម្តងទៀត៖

“គន្ធា គន្ធាជួយខ្ញុំផង!”

គន្ធាស្ទុះបែរទៅខាងក្រោយខ្នងភ្លាម ឃើញស៊ីណាកំពុងតែឈរនៅពីក្រោយផ្ទះចន្តាមណី។ គន្ធាស្ទុះដើរទៅរកស៊ីណា តែពេលទៅដល់មិនឃើញស៊ីណាសោះ។ នាងបង្វិលខ្លួនមើលទៅជុំវិញ ខ្លួនកំពុងនៅគុម្ពព្រៃក្រោយផ្ទះចន្តា។ នាងដើរថយក្រោយតិចៗ ហើយបោះជំហានចេញពីកន្លែងនោះ ក៏បានជាន់របស់អីម៉្យាង។

នាងឱនមើលរបស់ដែលខ្លួនជាន់នោះ គឺជាខ្សែដៃ ស្រាប់តែវែកស្មៅមើល ក៏ឃើញសាកសពស៊ីណា មានឈាមពេញខ្លួនដេកផ្ងារខ្លួនស្លាប់។ គន្ធាយកដៃខ្ទប់មុខ ទឹកភ្នែករលីងរលោង ឱបស៊ីណា។

“ស៊ីណាបងសម្លាញ់ អូនសុំទោស អូនសុំទោស”

គន្ធាស្រមៃរូបភាពដែលខ្លួនបានឈ្លោះជាមួយស៊ីណា ពេលស៊ីណាតាមទាន់ខ្លួននៅជាមួយសក្ក មិនដឹងថាខ្លួនជាអ្នករៀបគំរោងសម្លាប់សក្ក  មិនបានស្រលាញ់សក្កទេ។ គន្ធាក៏ស្រលាញ់ស៊ីណាដែរ នាងមិននឹកស្មានថាស៊ីណាខឹងនឹងរឿងមួយនេះ ហើយចាកចេញពីគេដូច្នេះ។

នាងចាប់កាន់ខ្សែដៃ ហើយសម្លឹងមើលទៅខ្សែដៃមួយនោះ នឹកឃើញពេលដែលសិទ្ធិបានទិញខ្សែដៃនេះពាក់ឱ្យចន្តាមណី។ គន្ធាប្រែជាទឹកមុខចងកំហឹង ស្ទុះចេញពីកន្លែងសាកសពស៊ីណា សម្លឹងឃើញកាំបិត នាងស្ទុះយកវាមកកាន់ ហើយឡើងតាមកាំជណ្តើរឡើងទៅខាងលើ ដោយលាក់កាំបិតនៅក្រោយខ្នង។ ចន្តាមណី នាងកំពុងអង្គុយសិតសក់មុខកញ្ចក់ ឃើញគន្ធាដើរមករកនាងតាមកញ្ចក់។

“នាងមិនទាន់ទៅទេ?”

គន្ធាមិននិយាយអ្វីទាំងអស់ នាងកាន់តែដើរចូលជិតចន្តាមណី។ ចន្តាមណីរាងសង្ស័យ ក៏ងាកខ្លួនមកចំពេលដែលគន្ធាដកកាំបិតយកទៅចាក់ចំពោះចន្តា។

“ម្តេចបានជាឯងសម្លាប់មនុស្សដែលយើងស្រលាញ់? ហេតុអី? តើបងស៊ីណាមានកំហុសអ្វី? បានជាឯងសម្លាប់គាត់”

គន្ធាស្រែកមួយទំហឹង ហើយដកយកាំបិត រួចចាក់បន្ថែម ២-៣កាំបិតបន្ថែមទៀត។ ចន្តានាងបាន ធ្លាក់ពីលើកៅអីដេកស្លាប់នៅលើរនាបក្តារ យ៉ាងអាណោចអាធ័ម។ គន្ធាគ្រាន់ពីបានសម្លាប់ចន្តាហើយ នាងកាន់កាំបិតស្ទុះចុះពីលើផ្ទះ ចាកចេញពីផ្ទះនោះ ដោយអាវនាងប្រឡាក់សុទ្ធតែឈាមចន្តាមណី។

ការស្លាប់របស់ស៊ីណាគឺនៅយប់មួយ ចំពេលដែលគន្ធាបំផ្លាញអាសនៈរបស់សក្ក។ សក្កនិងចន្តាកំពុងនៅជាមួយគ្នា នៅក្នុងផ្ទះ។ ស៊ីណាបានរុញទ្វារចូលទៅ កាន់កាំបិតដើរទៅក្បែរគ្រែពួកគេកំពុងតែដេកជាមួយគ្នា។

ស៊ីណាបានលើកកាំបិតបម្រុងចាក់សក្កទៅហើយ គេស្ទុះរត់ចេញទាន់ទៅក្បែរទូ។ ស៊ីណាដោយមានកំហឹងក្នុងខ្លួនយ៉ាងឃោរឃៅ ដែលសក្កបានដណ្តើមគន្ធាចេញពីខ្លួន។ សក្កអស់ផ្លូវគេចខ្លួន នាងបានលើកកាំបិតចាក់លើសក្ក តែស្រាប់តែចន្តាចាក់សម្លាប់ស៊ីណាពីក្រោយ ហើយបោះកាបិតឱ្យសក្កចាក់សម្លាប់ស៊ីណាពីមុខបន្ថែម។

មូលហេតុដែលចន្តាធ្វើបែបនេះ ដោយសារខ្លួនត្រូវបានសក្កធ្វើអំពើលើខ្លួន ទាំងអំពើស្នេហ៍សារិកាលិនថោង និងអំពើសណ្តំបញ្ជាបានតាមចិត្តទៅចន្តាមណី។ រួចពួកគេក៏បានអូសសពស៊ីណាទៅចោលក្រោយផ្ទះ ពួកគេក៏សាសងស្នេហាបន្តទៀតហើយ ក៏បានរួមរ័កមេត្រីជាមួយគ្នារួចទេ។ ទើបអាការរបស់សក្កត្រូវអំពើអាគមត្រីអណ្តែង ចំពេលដែលគន្ធាបានបំផ្លាញអាសនៈបាន។

គន្ធាបានមកដល់ផ្ទះលោកយាយភ្លាម វិជ្ជនីនិងនីស័កកំពុងតែអង្គុយលើគ្រែ ទាំងទឹកមុខស្រពោន ពួកគេសម្លឹងមកមើលគន្ធា ទាំងសភាពគន្ធាមើលមិនយល់ និងមានឈាមប្រឡាក់លើអាវ។

“ឯណាសិទ្ធិ? សិទ្ធិគេយ៉ាងម៉េចហើយ? ចុះលោកយាយ?” គន្ធាស្ទុះចូលទៅក្នុងផ្ទះ រួចចេញមកវិញ

“ស័ក វិជ្ជនីឮខ្ញុំសួរឬអត់? ខ្ញុំបានសម្លាប់វាចោលបាត់ហើយ សិទ្ធិគេនឹងជាឡើងវិញ”

“សិទ្ធិនិងលោកយាយ បានស្លាប់បាត់ហើយ”

“សិទ្ធិនិងលោកយាយស្លាប់? ស័កឯងនិយាយអីហ្នឹង? មិនពិតទេ! មិនពិតទេ!” គន្ធាទម្លាក់ខ្លួនអង្គុយលើគ្រែ។

“ខ្ញុំខំតាមរកឯងនិងស៊ីណា ប៉ុន្មានថ្ងៃហើយ តែមិនឃើញពួកឯងសោះ ខ្ញុំបារម្ភពីពួកឯងណាស់ដឹងអត់?”

“ហ៊ឺ…ហ៊ឺ… ស៊ីណាគេស្លាប់បាត់ហើយ”

“ស៊ីណាស្លាប់? គន្ធាស៊ីណាស្លាប់យ៉ាងម៉េច?” វិជ្ជនីក្រោកឈរមុខគន្ធា ហើយចាប់ស្មាគន្ធា។

“គឺគេស្លាប់ដោយសារតែខ្ញុំ កូនមេភូមិជាអ្នកសម្លាប់គេ”

“ពុទ្ធោស៊ីណា!”

“តែខ្ញុំក៏បានសម្លាប់នាងដូចគ្នា ពួកឯងឃើញឈាមលើអាវយើងទេ គឺជាឈាមរបស់នាង ហាសហា”

“គន្ធា ឯងធ្វើអីហ្នឹង? វិជ្ជនីចឹងយើងឆាប់ចេញពីទីនេះទៅ មិនយូរទេគេនឹងមកសម្លាប់ពួកយើងមិនខាន” គ្រប់គ្នាស្ទុះស្ទា រៀបចំអីវ៉ាន់ដើម្បីចាកចេញពីទីនោះ។

“ខ្ញុំមិនទៅទេ! ទោះបីជាខ្ញុំស្លាប់ ខ្ញុំសុខចិត្តស្លាប់នៅទីនេះដែរ”

“គន្ធាក្រោកឡើងមក! ប្រយ័ត្នពួកគេមកតាមសម្លាប់យើង”

“ហាសហា! ពួកឯងអីក៏កំសាកអាត្មានិយមយ៉ាងនេះ? គ្រប់គ្នាស្លាប់តែពួកឯងដូចមិនខ្វល់និងបារម្ភពីពួកគេសោះ?”

“គន្ធាឯងនិយាយអី? ថាពួកខ្ញុំមិនខ្វល់ ចុះឱ្យពួកខ្ញុំធ្វើបែបម៉េច? បើយកជីវិតខ្ញុំទៅប្តូរជួយពួកគេឱ្យរស់ឡើងវិញខ្ញុំនឹងប្តូរ”

“ហាសហា! និយាយបានល្អណាស់ស័ក គ្រាន់តែនិយាយអ្នកណាក៏ចេះនិយាយដែរ ទៅពួកឯងទៅៗ ខ្ញុំមិនទៅទេ”

“តស់! វិជ្ជនីកុំខ្វល់នឹងនាង”

“នីស័ក! គន្ធាជាមិត្តភក្តិរបស់យើងណា ទៅចោលនាងឱ្យនៅម្នាក់ឯងម៉េចនឹងកើត?”

“ទៅៗ វិជ្ជនី ខ្ញុំសុខចិត្តនៅទីនេះ” វិជ្ជនីស្ទុះទៅឱបគន្ធា ទាំងស្រក់ទឹកភ្នែក នីស័កទាញដៃវិជ្ជនីចាកចេញពីផ្ទះលោកយាយ។

និយាយពីមេភូមិវិញក្រោយពីដំណឹងថាកូនគាត់ស្លាប់ គាត់បានប្រមែប្រមូលអ្នកភូមិ ហើយបានហៅគ្រូខាងអាគមមកជួយធ្វើពីធីដើម្បីរកអ្នកដែលបានសម្លាប់កូនគាត់។ គ្រូអាគមម្នាក់នោះ គឺជាគ្រូដែលធ្លាប់និយាយជាមួយសក្ក កុំឱ្យសក្ករាប់អានអ្នកមិនស្គាល់ហើយគាត់ក៏ជាឪពុកបង្កើតរបស់សក្កដែរ។

គេបាននាំគ្នាធ្វើពីធីនៅពីមុខផ្ទះចន្តាមណី គ្រូនោះបានដាក់ទៀនធូបនៅខាងមុខខ្លួន ព្រមទាំងចានឈាមមួយគូ មាន់ឆ្កាងមួយ ដើម្បីអន្ទងព្រលឹងអ្នកដែលសម្លាប់កូនមេភូមិ។ គាត់បានយកខ្សែកអង្កាំមកកាន់ហើយសូត្រចុះ សូត្រឡើង អ្នកស្រុកអ្នកភូមិអង្គុយចាំមើលគ្រប់គ្នា។

ចំណែកគន្ធាមិនដឹងជាមកពីណា ដើរសំដៅទៅកន្លែងគេធ្វើពិធីអន្ទងព្រលឹងនោះ ទាំងអាវសុទ្ធតែឈាម និងមានកាន់កាំបិតជាប់ដៃ ហើយដើរដូចជាមនុស្សត្រូវថ្នាំសណ្តំរបស់គេ។ គ្រាន់តែបង្ហាញខ្លួនភ្លាម មេភូមិមានកំហឹងជាខ្លាំងបានឱ្យអ្នកបម្រើរបស់ខ្លួនចាប់គន្ធាចងនឹងខ្សែ។

“តើយើងគួរធ្វើយ៉ាងម៉េចទៅលោកគ្រូ? ឥឡូវក្នុងភូមិក៏វឹកវអុកឡុកដោយព្រលឹងព្រាយបិសាចក្នុងភូមិ ធ្វើឱ្យអ្នកស្រុកអ្នកភូមិគ្មានក្តីសុខទេ”

“ខ្ញុំមានវិធីរបស់ខ្ញុំហើយ ខ្ញុំនឹងយកព្រលឹងក្មេងស្រីម្នាក់នេះ ធ្វើឱ្យព្រលឹងនាងកាច ដើម្បីបង្រ្កាបព្រលឹងព្រាយបិសាចទាំងអស់នោះ កុំឱ្យមករំខានអ្នកភូមិទៀត ២០ឆ្នាំជាងមកហើយ មិននឹកស្មានសោះថាពួកឯងមកចង់សងសឹកនឹងយើង”

“អ្នកណាគេទៅលោកគ្រូ?”

“លោកមេភូមិមិនចាំទេឬ? គឺប្តីប្រពន្ធធ្មប់កាលពី២០ឆ្នាំមុននុះ! ដែលបានធ្វើសម្លាប់កូនលោក”

“អូ! ខ្ញុំនៅចាំបាន ព្រលឹងពួកវារួចពីអាគមសង្កត់ព្រលឹងហើយ? ចឹងតើបានជាមួយរយៈនេះអ្នកស្រុកអ្នកភូមិរស់នៅមិនបានសុខសោះ មានតែលោកគ្រូទេដែលអាចចាត់ការលើរឿងនេះបាន”

“ទុកចិត្តលើយើងចុះ!”

“បងប្អូន! បងប្អូនស្ងាត់! ស្រីម្នាក់នេះហើយ ជាអ្នកចំណូលថ្មីដែលអុកឡុកអ្នកភូមិមិនឱ្យរស់នៅបានក្តីសុខ តើបងប្អូនគួរធ្វើយ៉ាងម៉េចចំពោះនាង?”

“សម្លាប់នាងចោលទៅ! សម្លាប់នាងចោលទៅ! នាងព្រាយ នាងធ្មប់” អ្នកស្រុកអ្នកភូមិស្រែក។

“ខ្ញុំមិនមែនជាធ្មប់ ជាព្រាយអីទេ ដោះលែងខ្ញុំទៅ!”

“បាទ! បងប្អូនទាំងអស់គ្នា យើងទុកឱ្យលោកគ្រូជាអ្នកធ្វើពិធីនេះទៅចុះ”

លោកមេភូមិបានបញ្ជាឱ្យគេយកនាងទៅចងឱបនឹងឈើ ដូចឈើឆ្កាង ចងដៃនាងជាប់ទាំងសងខាងជាមួយឈើ និងជើងនាងគេចងឱបគ្នានៅឈើដែរ។ ពួកគេបានសែងនាងដើរសំដៅទៅកន្លែងអណ្តូងដែលធ្លាប់ធ្វើពីធីលើម៉ែឪវិជ្ជនី។ អ្នកស្រុកអ្នកភូមិដើរតាមហែហមពីក្រោយ លោកគ្រូដើរនៅខាងមុខគេ ចំណែកមេភូមិដើរចំហៀង។

ចៃដន្យអីវិជ្ជនីនិងនីស័ក ដើរចុះដើរឡើងដើម្បីចាកចេញពីភូមិមួយនេះ តែចេញមិនផុតសោះ បែរជាវង្វេងផ្លូវមករកកន្លែងដើមទៅវិញ។ ឃើញអ្នកភូមិជុំៗគ្នាដើរពីក្រោយពួកគេក៏ព្យាយាមដើរចូលទៅឱ្យជិត ស្រាប់តែឃើញគន្ធាគេកំពុងតែចងឱបនឹងឈើហើយមានគេសែងនាងទៅ។

ស័ករករត់ចូលទៅជួយ តែវិជ្ជនីឃាត់ទាន់ ចាំរកឱកាសល្អបានអាចជួយគន្ធាបាន។ ពីរនាក់គេក៏បន្លំខ្លួនដើរតាម ពីក្រោយអ្នកភូមិ។ វិជ្ជនីយកក្រមាមករុំក្បាល ស័កធ្វើជាធម្មតាដូចអ្នកស្រុកអ្នកភូមិដែរ។ ពួកគេបានសែងគន្ធាមកដល់អណ្តូងទឹក ហើយបានឱ្យគ្នាដើរប្រមូលអុស ដើមឈើងាប់ មកដាក់គរលើគ្នា នៅក្បែរអណ្តូង ហើយបានយកគន្ធាដាក់ពីលើជាលក្ខណៈមនុស្សឈរលើគំនរអុសនោះ។ គន្ធាត្រូវបានគេចងជាប់ រើខ្លួនមិនរួច មាត់ក៏គេចងកំណាត់ជាប់មិនអាចនិយាយឬស្រែកបាន។

“សូមបងប្អូនទាំងអស់គ្នាអង្គុយចុះ រង់ចាំមើលពីធីរបស់លោកគ្រូធ្វើ”

“ហាមមិនឱ្យអ្នកណាមករំខានយើងពេលកំពុងតែធ្វើពិធីជាដាច់ខាត ចាំឱ្យច្បាស់!” គ្រូធ្មប់ម្នាក់នោះបែរមុខនិយាយទៅកាន់មេភូមិ។

“ហើយសូមឱ្យបងប្អូនទាំងអស់គ្នា កុំមករំខានពេលលោកគ្រូធ្វើពីធីឱ្យសោះ បើមិនអ៊ីចឹងប្រយ័ត្នមានគ្រោះថ្នាក់ដល់ខ្លួន”

គ្រប់គ្នាស្ងាត់មាត់ពេលមេភូមិនិយាយដល់កន្លែងនេះ។ គ្រូធ្មប់ម្នាក់នោះចាប់ផ្តើមរៀបចំ មានបាយសីអាសនៈនៅខាងមុខ មានមាន់ឆ្កាង ឈាមមាន់ខ្មៅ ស្រូវល្ងពោតសណ្តែក ដែលគេរៀបចំមួយថាស គាត់ចាប់ផ្តើមអុជទៀនមួយគូ ហើយយកធូបអុជ។ គាត់កាន់មកសំពះបួងសួង សូត្រអ្វីខ្លះមិនដឹង ស្រាប់តែមេឃខ្មៅអែ ព្រលឹងខ្មោច ព្រាយបិសាចមិនដឹងហោះមកពីសើច ស្រែកក្អះក្អាយពេញផ្ទៃមេឃគួរឱ្យខ្លាច។

វិជ្ជនីនិងនីស័កបន្លំខ្លួនអង្គុយនៅពីក្រោយគេ មើលការរៀបចំកម្មវិធីនេះ។ គ្រូនោះបានដោតធូបនឹងកំប៉ុងជើងធូបរួច គាត់បានកាន់ចានឈាមមាន់ខ្មៅទាំងពីរ រួចយកមកសូត្រជិតមាត់ ហើយក៏ក្រោកឈរជះទៅលើខ្លួនគន្ធា។

នីស័កព្យាយាមទប់អារម្មណ៍ម្តងៗមិនចង់ជាប់ តែវិជ្ជនីបានកាន់ដៃនីស័កជានិច្ច ខ្លាចនីស័កមានបញ្ហាមួយទៀត។ គ្រូនោះបានអង្គុយចុះវិញ ហើយបានសូត្រអ្វីខ្លះទេ រួចយកគ្រាប់ពោតសណ្តែកទាំងនោះ បាចទៅអណ្តូង។ ព្រលឹងពុកម៉ែវិជ្ជនីបង្ហាញខ្លួនលើអាកាស សើចក្អះក្អាយគួរឱ្យរន្ធត់ចិត្ត។ វិជ្ជនីគ្រាន់តែឃើញព្រលឹងពុកម៉ែភ្លាម ស្រក់ទឹកភ្នែករលីងរលោង ចង់ហៅតែមិនអាច។

“មកហើយអ្ហះពួកឯង! តិចទៀតពួកឯងនឹងដឹងហើយ ថាអាណាខ្លាំងជាងអាណា ហាសហា…ហាសហា…”

“យើងនឹងតាមសងសឹកសម្លាប់ពួកឯង ដែលពួកឯងបំបាក់បំបែកគ្រួសារយើង ហាសហា ហាសហា”

គ្រូអាគមម្នាក់នោះបានឱ្យគ្រប់គ្នាត្រៀមភ្លើង ដើម្បីដុតគំនរអុសបូជាគន្ធា។ អ្នកកាន់ភ្លើងត្រៀមបីនាក់ឈរចាំតាមការស្តាប់បញ្ជា។ ខ្យល់មកវូៗ អង្គើរដើមឈើគ្រវីចុះ គ្រវីឡើង អ្នកស្រុកអ្នកភូមិប៉ះរោម បះសក់គ្រប់ៗគ្នា សឹងតែទប់ខ្លួនមិនចង់ជាប់ជាមួយខ្យល់បក់មកម្តងៗ។

គ្រូអាគមនោះបានក្រោកឈរ ហើយយកគប់ភ្លើង ពីអ្នកឈរក្បែរនោះ បម្រុងនឹងដុតគំនរអុស នីស័ករត់ស្ទុះចេញទៅដោយវិជ្ជនីមិនអាចឃាត់បាន។ គេស្ទុះទៅរុញគ្រូអាគមនោះចេញ គ្រូនោះដួលបោកទៅនឹងដី មេភូមិបានបញ្ជាឱ្យគេចាប់នីស័ក វាយគ្នាទៅវិញទៅមក។ តែដោយគេគ្នាច្រើន នីស័កមិនអាចតរួចត្រូវបានពួកគេវាយឡើងដំណំ។ គ្រូអាគមនោះក្រោកឡើង ហើយបានទាញកាំបិតពីជើងពានទៅចាក់ចំពោះនីស័ក នីស័កដួលខ្លួនទៅដីគ្រាំង។ វិជ្ជនីបានតែស្រែកក្នុងចិត្ត មិនអាចជួយនីស័កបាន។

“បងប្អូនទាំងអស់គ្នា អ្នកណាទៀតដែលចង់បំផ្លាញពិធីមួយនេះចេញមក? បើចង់ដូចអាក្មេងទើបតែជ្រុះពន្លៃពីក្បាលមួយនេះ” គ្រប់គ្នាគ្រវីក្បាល។

មេឃកាន់តែខ្មៅៗទៅ សឹងតែមើលអ្វីមិនចង់ឃើញ រសៀលម៉ោងប្រហែល៦ទេ។ សំឡេងនិងព្រលឹងអមនុស្សនៅជុំវិញ តែមិនអាចចូលយីយាអ្នកភូមិបាន ដោយសារតែគ្រូនោះបានសូត្រមន្តអាគមកន្លែងដែលធ្វើពិធី។ គ្រូអាគមនោះបានទាញផ្គប់ភ្លើងយកមកកាន់នឹងដៃហើយសូត្ររួចបានយកទៅដុតនឹងគំនរអុស ភ្លើងបានឆេះសន្ធោសន្ធៅវារឡើងទៅខាងលើ ទៅរករូបកាយគន្ធាយកជីវិតរបស់នាង។ អ្នកស្រុកអ្នកភូមិនាំគ្នាក្រោកឈរមើលការបូជាគន្ធា ឆ្លៀតឱកាសពេលនោះ វិជ្ជនីបាននឹកដល់សម្តីលោកយាយ៖

“កាំបិតភ្លុកដំរីសមួយនេះនៅពេលដែលវាបានប៉ះឈាមស្រីក្រមុំព្រហ្មចារីកាលណា ទោះបីជាគ្រូធ្មប់ខ្លាំងពូកែក៏វាអាចសម្លាប់បានដែរ”

វិជ្ជនីទាញកាំបិតពីចង្កេះ ហើយបានដើរតិចៗទៅខាងមុខ មិនឱ្យគេសង្ស័យ ពេលជិតដល់គ្រូអាគមនោះ នាងបានយកកាំបិតមកឆូតបាតដៃនាង ហើយសម្រស់ឈាមលើកាំបិតនោះ ចំពេលដែលគ្រូអាគមនោះងាកមករកអ្នកភូមិ វិជ្ជនីស្ទុះទៅចាក់គ្រូនោះពីមុខ ចំពោះគ្រូនោះ។ គ្រូនោះបានច្រាញនាងចេញ ដួលទៅម្ខាង សម្រែកគ្រូនោះស្រែកឡើង៖

“អូយ… ឈឺណាស់ យើងស្លាប់ហើយ យើងចាញ់ពួកឯងហើយ” ហើយក៏ដួលខ្លួនទៅនឹងដី មានស្រមោលខ្មោចរុំព័ន្ធគ្រូអាគមម្នាក់នោះបញ្ចេញសម្រែគួរឱ្យខ្លាចបែបកំហឹងចងគំនុំ។ គាត់រមៀលរមួលខ្លួននៅលើដី ហើយសុខៗស្រាប់តែក្រោកអង្គុយ ភ្នែកប្រែជាក្រហម ដូចមនុស្សមិនមានសតិនៅក្នុងខ្លួនមានគេចូលសណ្ឋិត។ គាត់បានយកដៃមកចាប់កាន់ក្បាលរបស់ខ្លួនឯង ហើយចាប់កាច់ក្បាលខ្លួនឯងស្លាប់មួយរំពេច។

អ្នកស្រុកអ្នកភូមិចាប់ផ្តើមចលាចល នាំគ្នារត់បែកវ៉ូងគ្នា ដោយសារតែខ្មោចព្រាយបិសាច តាមយីយាពួកគេ។ មេភូមិត្រូវបានម្តាយវិជ្ជនីចូលសណ្ឋិត ហើយបានបោកក្បាលខ្លួនឯងទៅនឹងអណ្តូងទាល់តែអស់ជីវិត។ ស័កកម្រើកបានតិចៗ វិជ្ជនីព្យាយាមក្រោកបម្រុងទៅជួយគន្ធា តែមិនអាចជួយទាន់ពេលទេ គឺបានត្រូវភ្លើងដុតរូបរាងកាយនាង ឆក់យកជីវិតរបស់នាងស្លាប់បាត់ពេលនោះទៅ។

“គន្ធា! ស័ក!” វិជ្ជនីស្ទុះទៅក្បែរស័ក។

គំនរភ្លើងដែលដុតគន្ធា ព្រលឹងពុកម៉ែវិជ្ជនីបានធ្វើឱ្យវាហោះពាសពេញនោះទៅបុកសម្លាប់អ្នកភូមិ សឹងតែគ្រប់ៗគ្នា។ ស្រាប់តែព្រលឹងម៉ែវិជ្ជនីបានហោះមកច្របាច់កវិជ្ជនី សឹងតែដកដង្ហើមមិនរួច នីស័កក៏មិនអាចជួយបាន វិជ្ជនីព្យាយាមរើ ម្តាយវិជ្ជនីបានឃើញខ្សែកមួយខ្សែនៅលើ-កវិជ្ជនី ស្រមៃពេលដែលគាត់យកខ្សែកនេះទៅពាក់ឱ្យវិជ្ជនីពេលកំពុងចេះដើរតេសតាសកាលនៅតូច គាត់ក៏បានទម្លាក់ដៃចុះវិញ។

“ខេះ! ខេះ! ពុកម៉ែឈប់សាងកម្មសាងពៀរទៀតទៅ ឆាប់ទៅកាន់សុគតិភូមិទៅពុកម៉ែ”

“គឺកូនរបស់ម៉ែមែនទេ?”

“កូនពុក កូននៅមានជីវិតទេ?”

“ពុកម៉ែឈប់ធ្វើបាបនិងចងកម្មជាមួយអ្នកភូមិទៀតទៅ មនុស្សដែលបានបំផ្លាញគ្រួសារយើង គេទទួលកម្មដែលពួកគេបានសាងហើយ”

“កូនថែរក្សាខ្លួនណា ម៉ែនិងពុកនឹងស្តាប់សម្តីកូន ម៉ែនិងពុកលាកូនសិនហើយ” វិជ្ជនីលុតជង្គង់ថ្វាយបង្គំលាព្រលឹងម៉ែពុករបស់ខ្លួន។

“វិជ្ជនី! វិជ្ជនី!” នីស័កស្រែកហៅវិជ្ជនីតិចៗ ទាំងខ្លួនកំពុងតែដេកនៅលើដីមិនអាចក្រោកបាន យកដៃខ្ទប់របួសស្នាមកាំបិតដែលចាក់នោះ ហូរសុទ្ធតែឈាម។

“នីស័ក! នីស័កឯងកុំទាន់អាលទៅចោលយើងណា” វិជ្ជនីទឹកភ្នែករលីងរលោងត្រកងនីស័កនៅនឹងដៃរបស់ខ្លួន។

ព្រលឹងមិត្តភក្តិគេគ្រប់គ្នា បានបង្ហាញខ្លួននៅលើមេឃ ញញឹមមកកាន់នីស័កនិងវិជ្ជនី ហើយក៏រលាយបាត់អស់ទៅ។ ស័កក៏កាន់តែធ្ងន់ធ្ងរឡើង ឈាមក៏ចេះតែហូរសឹងតែអស់ពីខ្លួន ភ្លៀងចាប់ផ្តើមរលឹមតក់ៗស្រក់ចុះមក ទៅលើពួកគេ គួរឱ្យអាណិតខ្លាំងណាស់។

“វិជ្ជនី! ថែរក្សាខ្លួនផងណា! ខ្ញុំស្រលាញ់នាង មានជាតិក្រោយយើងនឹងជួយគ្នាម្តងទៀត?” នីស័កក៏លែងមាត់ក។

“នីស័ក! នីស័ក! បងកុំទៅចោលអូនណា អូនក៏ស្រលាញ់បងដែរ!” នាងកំពុងតែបីត្រកងស័កនៅដៃ ដោយទឹកភ្នែករបស់នាងស្រក់ចុះមកលាយលំជាមួយដំណត់ទឹកភ្លៀង ។ នាងស្រែកយំឱ្យនីស័ក ទាំងមិនអាឡោះអាល័យ គិតថារូបនីស័កនឹងចាកចេញពីនាងរហូតហើយ។ ស្រាប់តែមានម្នាក់មនុស្ស មិនស្គាល់មុខថាជាអ្នកណាគេ បានយកដំបងវាយទៅលើខ្លួននាងពីក្រោយខ្នង នាងក៏សន្លប់បាត់ទៅ។

ពួកគេភ្ញាក់កំពុងតែនៅក្នុងមន្ទីរពេទ្យខេត្តបាត់ដំបង។ អាការរបស់ស័កបានធូរស្រាលជាងមុន ពេទ្យបានពិនិត្យនិងរុំរបួសឱ្យគេ។ ចំណែកវិជ្ជនីមិនមានបញ្ហាអីទេ គ្រាន់តែសុខភាពខ្សោយខ្លាំងត្រូវនៅតាមដានសុខភាពបន្តទៀតសិន ទើបអាចឱ្យពួកគេចាកចេញពីមន្ទីរពេទ្យបាន។

ក្រោយពេលចេញពីមន្ទីរពេទ្យក្រុមគ្រួសារពួកគេបានមកយកពួកគេត្រលប់ទៅផ្ទះវិញ។ នៅលើខ្លួនវិជ្ជនីមានខ្សែកដែលលោកយាយបានប្រគល់ឱ្យនាង ជាកេរ្តិ៍របស់ម្តាយ ហើយនៅលើម្រាណដៃនាងក៏មានចិញ្ចៀនភ្លុកដំរីសដែលនាងធ្លាប់ឃើញលោកយាយពាក់ ប្រហែលជាមាននរណាម្នាក់ពាក់ឱ្យនាង។

នាងនៅចាំខ្លះៗ ពេលមានគេវាយនាងសន្លប់គឺជាមនុស្សប្រុសម្នាក់ គេកាន់កាំបិតភ្លុកដំរីសជាប់ ហើយនាងបានឮសំឡេងគេយំអាឡោះអាល័យហៅឈ្មោះលោកយាយ លោកយាយ ទៅចោលចៅហើយ។ ក្រោយមកពីមកដល់ភ្នំពេញវិញ វិជ្ជនីនិងនីស័កក៏មានទំនាក់ទំនងស្នេហាជាមួយគ្នា ហើយពួកគេតាមសើបរកភូមិដែលគេបានទៅទីនោះជាមួយមិត្តភក្តិរបស់ពួកគេ តែមិនមានដំណឹងអ្វីសោះ ពុំមាននរណាម្នាក់ស្គាល់ឡើយ។

ទោះបីជាគេរកឃើញឡានរបស់ខ្លួនដែលខូចទុកចោលនៅក្រោមដើមឈើក្តី តែផ្លូវទៅកាន់ភូមិនោះគឺគ្មានទេ គឺគ្រាន់តែជាដីព្រៃធម្មតាគ្មានអ្នករស់នៅទេ។ នីស័កនិងវិជ្ជនីអង្គុយផឹកកាហ្វេនៅហាងមួយក្រុងបាត់ដំបង គោលបំណងទៅរកភូមិមួយនោះ គឺដើម្បីយកសាកសពរបស់មិត្តភក្តិខ្លួនមកបូជាធ្វើបុណ្យតាមប្រពៃណីរបស់ខ្មែរ។

វិជ្ជនីចាប់ភ្លឹកនឹងបុរសម្នាក់ មាឌរាងធាត់បន្តិចសម្បុរស្រអែម មានពាក់ខ្សែកមានបណ្តោងដូចគ្នាទៅចិញ្ចៀនដែលនាងពាក់ តែគេងាកមកមើលពួកគេហើយ ក៏ដើរទៅបាត់។ វិជ្ជនីស្ទុះរត់ទៅតាមរកគេម្នាក់នោះ ក្រែងលមានតម្រុយខ្លះ តែមិនដឹងជាគេដើរទៅណាបាត់ទៅហើយ។ ដោយព្យាយាមស្វែងរកទីកន្លែងនោះអស់ជាច្រើនថ្ងៃគេក៏បានផ្អាកឈប់រក។ ពួកគេតែងតែធ្វើបុណ្យឧទ្ទិសកុសលទៅឱ្យមិត្តភក្តិខ្លួន លោកយាយនិងឪពុកម្តាយរបស់វិជ្ជនី។

 វិជ្ជនីនិងនីស័កបានចូលរោងការជាមួយគ្នា ពួកគេទាំងពីរស្រលាញ់គ្នាណាស់។ នៅថ្ងៃមួយនីស័កបានយល់សប្តិឃើញមិត្តភក្តិរបស់ខ្លួនមកលេង។

“ចូលរួមអបអរឯងផង បានរៀបការជាមួយវិជ្ជនី” ពួកគេគ្រប់គ្នា។

“ចុះពួកឯងសុខសប្បាយអត់?”

“មានអីទេសុខសប្បាយ! តែមិនទាន់បានចាប់ជាតិទេ” ស៊ីណានិយាយកាន់ដៃគន្ធាជាប់។

“ម៉េចបានជាពួកឯងមិនទាន់ចាប់ជាតិ?”

“រង់ចាំធ្វើជាកូនរបស់អ្នកទាំងពីរហ្នឹងហើយ!” ស៊ីណានិយាយចប់ក៏សើច។

“អ្ហាស! កូនរបស់ខ្ញុំ?”

“ឥឡូវគ្នាសុំរស់នៅជាមួយផង?” សិទ្ធិកៀកអេឡិច។

“អាសិទ្ធិកុំមកដណ្តើមខ្ញុំ នីស័កខ្ញុំសុំនៅជាមួយផងពីរនាក់គន្ធា”

“អេឡិច អត់មាត់អត់កចឹង ឥឡូវខ្ញុំព្រមឱ្យអាសិទ្ធិនិងអេឡិចនៅជាមួយខ្ញុំហើយ…”

“បងអ្ហះក្រោកឡើង! អត់ទៅធ្វើការទេអីថ្ងៃហ្នឹងបង?” នីស័កភ្ញាក់ព្រើត ក្រោកឡើង ហើយបានយករឿងមួយនេះប្រាប់វិជ្ជនី។ វិជ្ជនីសើចមិនជឿថានីស័កកុហក និយាយលេងសើចកំប្លែកជាមួយនាង។ រំលងបាន៥ខែ វិជ្ជនីចាញ់កូន នីស័កបាននាំវិជ្ជនីទៅឆ្លុះអេកូ។ ទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានពិនិត្យផ្ទៃពោះឱ្យវិជ្ជនី៖

“ប្អូនមានផ្ទៃពោះពីរខែហើយ គឺជាកូនប្រុស” នីស័កញញឹមដាក់ប្រពន្ធ ហើយថើបថ្ងាសប្រពន្ធ។

“ឈប់សិន! ប្រពន្ធប្អូនគឺមានកូនភ្លោះ ២នាក់ ជាប្រុសទាំងពីរ សូមចូលរួមអបអរពួកប្អូនផង”

“អ្ហាស! កូនភ្លោះ?” ពួកគេនិយាយតំណាលគ្នាហើយសើចដាក់គ្នា។

“តិចអេឡិចនិងសិទ្ធិមកសុំបងនៅកាលនោះទៅ?”

“ប្រហែលមែនហើយបង”

ក្រោយពីពពោះ៩ ខែ ១០ថ្ងៃកន្លងមក វិជ្ជនីបានសម្រាលកូន កូនទាំងពីរមានសុខភាពល្អណាស់ កូនមួយនោះសខុសគេដូចកូនជនជាតិបរទេស ម្នាក់ទៀតសម្បុរស្រអែម។

“បងកូនយើងម្នាក់នេះជាអេឡិចទេដឹង ហើយម្នាក់នេះជាសិទ្ធិ”

“ចឹងបងដាក់ឈ្មោះកូនកាត់បរទេសនេះឈ្មោះអេឡិចដដែល ហើយកូនម្នាក់នេះបងដូរឈ្មោះដាក់ថាសត្យា យ៉ាងម៉េចដែរអូន?”

“មានអីពីរោះតើបង អេឡិច សត្យា” វិជ្ជនីញញឹមសម្លឹងមើលកូនទាំងពីរ ងាកបែរមុខទៅនីស័ក នីស័កញញឹមហើយគេបានថើបវិជ្ជនីយ៉ាងមានសុភមង្គល៕

ចប់!!!

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*