រឿង ៖ បេះដូងមួយ ក្រោមមេឃទីទៃ

ខ្ញុំធ្លាប់ជឿថា មនុស្សពីរនាក់អាចដើរលើផ្លូវតែមួយបានរហូត… ដូចស្រមោលដែលអូសតាមពន្លឺថ្ងៃ មិនថាព្រះអាទិត្យផ្លាស់ទីទៅទិសណា ក៏នៅតែជាប់ជានិច្ច។ តែជីវិត មិនមែនជាផ្លូវដែកដែលមានបន្ទាត់ស្របពីដើមដល់ចប់ទេ។ វាជាផ្លូវតូចធំជាច្រើន ដែលកាត់គ្នា បំបែកគ្នា ហើយបាត់គ្នានៅចំណុចណាមួយដោយស្ងៀមស្ងាត់។

ខ្ញុំបានជួបនាងក្នុងរដូវភ្លៀងមួយ។ ថ្ងៃនោះ មេឃស្រអាប់ ខ្យល់ត្រជាក់ ហើយក្លិនដីសើមធ្វើឱ្យបេះដូងខ្ញុំមានអារម្មណ៍ដូចកំពុងរស់ឡើងវិញ។ នាងមិនមែនជាមនុស្សដែលនិយាយច្រើនទេ ប៉ុន្តែរាល់ពាក្យរបស់នាង សុទ្ធតែធ្វើឱ្យខ្ញុំចង់ស្តាប់បន្ត។ យើងចាប់ផ្តើមដើរជាមួយគ្នា… មិនមែនព្រោះសន្យាថានឹងនៅជាមួយគ្នារហូតទេ តែព្រោះពេលនោះ ផ្លូវរបស់យើងចៃដន្យត្រូវគ្នា។

ដំបូងៗ ពួកយើងស្រលាញ់គ្នាខ្លាំងដល់ថ្នាក់គិតថា អ្វីៗគ្រប់យ៉ាងអាចយល់គ្នាបានទាំងអស់។ ខ្ញុំជាមនុស្សចូលចិត្តភាពស្ងប់ស្ងាត់ ចង់មានជីវិតធម្មតា មានផ្ទះតូចមួយ ការងារស្ថិរភាព និងមនុស្សដែលខ្លួនស្រលាញ់នៅក្បែរ។ តែនាងខុសពីខ្ញុំ។ នាងស្រលាញ់ពិភពធំទូលាយ ស្រលាញ់ការផ្លាស់ប្តូរ ហើយមានក្តីសុបិនចង់ចេញទៅមើលពិភពលោកឱ្យឆ្ងាយជាងនេះ។

ដំបូង ខ្ញុំគិតថា វាគ្រាន់តែជាភាពខុសគ្នាតូចតាច។ តែយូរៗទៅ ភាពខុសគ្នានោះ ចាប់ផ្តើមក្លាយជាជញ្ជាំងដែលមើលមិនឃើញ។

នាងចង់ឆ្ពោះទៅមុខឥតឈប់ឈរ ខណៈខ្ញុំចង់ឈប់សម្រាកនៅកន្លែងដែលមានសុវត្ថិភាព។ នាងចង់រស់នៅតាមក្តីស្រមៃ ខណៈខ្ញុំចង់រស់នៅតាមភាពជាក់ស្តែង។

ភាពខុសគ្នានោះ ចាប់ផ្តើមច្បាស់ឡើងនៅពេលដែលជីវិតការងាររបស់យើងផ្លាស់ប្តូរ។

ខ្ញុំធ្វើការនៅក្រុមហ៊ុនតូចមួយ ដែលប្រាក់ខែមិនខ្ពស់ប៉ុន្មានតែមានស្ថិរភាព។ រៀងរាល់ព្រឹក ខ្ញុំក្រោកពីព្រលឹម ជិះម៉ូតូកាត់ផ្លូវដែលធ្លាប់ស្គាល់ ញ៉ាំកាហ្វេនៅតូបចាស់មុខក្រុមហ៊ុន ហើយរស់នៅក្នុងរង្វង់ដដែលៗដែលខ្ញុំគិតថា “គ្រប់គ្រាន់” សម្រាប់ជីវិតមនុស្សម្នាក់។

តែនាងវិញ ខុសទាំងស្រុង។

នាងធ្វើការក្នុងក្រុមហ៊ុនផ្សព្វផ្សាយធំមួយ ដែលពោរពេញដោយការប្រកួតប្រជែង។ នាងតែងតែត្រឡប់មកផ្ទះយប់ជ្រៅជាមួយកុំព្យូទ័រនៅក្នុងដៃ និងក្តីស្រមៃដែលពេញហៀរ សឹងតែបាត់វត្តមានខ្ញុំ…។ ពេលខ្លះ ខ្ញុំភ្ញាក់ពីដំណេកនៅម៉ោងពីរយប់ ឃើញនាងនៅអង្គុយកែ Presentation ក្រោមពន្លឺ Laptop តូចមួយ ខណៈកែវកាហ្វេត្រជាក់នៅក្បែរដៃនាងជាប់ជានិច្ច។

ខ្ញុំធ្លាប់សួរនាងថា៖
“ហេតុអ្វីត្រូវប្រឹងដល់ថ្នាក់នេះ? ជីវិតមិនមែនមានតែការងារទេ…”

នាងឈប់វាយ Keyboard បន្តិច មុនងាកមកមើលខ្ញុំ។
“ព្រោះខ្ញុំមិនចង់រស់នៅត្រឹមពាក្យថា ‘គ្រប់គ្រាន់’ នោះទេ…”

សំឡេងនាងមិនខ្លាំងទេ តែវាបែរជាធ្វើឱ្យបេះដូងខ្ញុំដូចធ្ងន់ចុះក្រោម។ ចាប់តាំងពីថ្ងៃនោះមក យើងចាប់ផ្តើមឈ្លោះគ្នាញឹកញាប់ដោយរឿងតូចៗ។ ខ្ញុំខឹងពេលនាងលុបចោលការណាត់ញ៉ាំអាហារពេលល្ងាច ដើម្បីតែការងារដែលនាងធ្វើដូចពិភពការងារនោះ អវត្តមាននាងមិនបាន។

នាងតែងអន់ចិត្តពេលខ្ញុំនិយាយថា “ការងារមិនគួរធំជាងជីវិតផ្ទាល់ខ្លួនទេ”។ ខ្ញុំគ្រាន់តែចង់ឱ្យនាងសម្រាកខ្លះ តែនាងគិតថា ខ្ញុំកំពុងទាញនាងឱ្យនៅមួយកន្លែងទៅវិញ។

មានថ្ងៃមួយ នាងទទួលបានឱកាសទៅធ្វើការនៅក្រៅប្រទេស។ វាជាតំណែងដែលនាងស្រមៃចង់បានជាយូរមកហើយ។ ថ្ងៃនោះ នាងរត់មកប្រាប់ខ្ញុំទាំងទឹកមុខភ្លឺចែងចាំង ដូចក្មេងដែលទើបទទួលបានផ្កាយពីលើមេឃ។

តែខ្ញុំ… បែរជាស្ងៀម។

“បងមិនសប្បាយចិត្តសម្រាប់ខ្ញុំទេឬ?” នាងសួរ។

ខ្ញុំញញឹមតិចៗ ទាំងព្យាយាមលាក់អារម្មណ៍។
“បងគ្រាន់តែគិតថា… ពួកយើងនឹងនៅយ៉ាងម៉េចបន្ទាប់ពីនេះ?”

នាងសម្លឹងមកខ្ញុំយូរ។ ក្នុងកែវភ្នែកនាង ខ្ញុំមើលឃើញនូវការខកចិត្ត។
“បងដឹងទេ? ពេលខ្លះ ខ្ញុំមានអារម្មណ៍ថា បងស្រលាញ់ខ្ញុំ… តែមិនដែលស្រលាញ់ក្តីស្រមៃរបស់ខ្ញុំទេ…”

ប្រយោគនោះ ពិតជាចាក់ជាប់ក្នុងចិត្តខ្ញុំមិនអាចភ្លេច។ ប្រហែល… នាងនិយាយត្រូវ។ ខ្ញុំស្រលាញ់នាងខ្លាំង រហូតខ្លាចបាត់បង់។ តែព្រោះតែភាពខ្លាចនោះ ខ្ញុំចង់ទាញនាងឱ្យស្នាក់នៅក្នុងពិភពដែលខ្ញុំគិតថាមានសុវត្ថិភាព។ ឯនាង គ្រាន់តែចង់ហោះទៅកន្លែងដែលបេះដូងនាងចង់ទៅ។

មានយប់មួយ យើងអង្គុយស្ងៀមនៅមុខបង្អួច ខណៈភ្លៀងធ្លាក់ប៉ះកញ្ចក់ឭសូរសំឡេងស្រាលៗ។ នាងសួរខ្ញុំថា៖

“បើថ្ងៃណាមួយ ខ្ញុំត្រូវទៅឆ្ងាយ… តើបងនឹងរង់ចាំខ្ញុំទេ?”

ខ្ញុំស្ងៀមបន្តិច មុនឆ្លើយថា៖
“បងខ្លាចថ្ងៃដែលការរង់ចាំ ធ្វើឱ្យយើងបាត់បង់ខ្លួនឯង…”

នាងញញឹមដាក់ខ្ញុំ ដូចមនុស្សដែលបានរៀនទទួលយកអ្វីមួយរួចហើយ។ ខ្ញុំក៏មើលឃើញភាពសោកសៅនៅក្នុងកែវភ្នែកនាងដែរ តែពេលនោះ ខ្ញុំក៏ដឹងដែរថា ស្នេហានេះស្ថិតនៅផ្លូវបំបែករួចទៅហើយ។

“ពួកយើងបានរួមដំណើរជាមួយគ្នាឆ្ងាយគួរសម…” សំឡេងនាងស្រាលស្រទន់តែបង្កប់ភាពសោកសៅ។ នាងងើយមុខឡើងលើបន្តិចដូចជាប្រឹងឃាត់ទឹកភ្នែកពុំឱ្យហូរ មុននឹងវាចាប្រយោគបន្ទាប់ “ហើយក៏សមល្មមទៅចាប់ក្តីស្រមៃរៀងខ្លួនហើយដែរ…”

ខ្លួនខ្ញុំផ្តើមស្រាល ដង្ហើមថប់ៗ ត្រចៀកក៏ហឹងសឹងមិនឮអ្វីដែលនៅជុំវិញខ្លួន ប៉ុន្តែក៏មិនភ្លេចយកដៃអង្អែលសក់នាងដោយក្តីអាល័យដែរ។ នេះជាភាសាកាយវិការដែលមនុស្សប្រុសម្នាក់ ចូលចិត្តធ្វើទៅកាន់នារីដែលខ្លួនស្រលាញ់។ ត្រូវហើយ! ខ្ញុំក៏បានត្រៀមចិត្តមកគ្រាន់ដែរហើយ ទោះបីត្រូវកាត់ចិត្តទាំងគ្រាំទ្រូង…។

ខ្ញុំមិនបានឃាត់នាងទេ។ ព្រោះខ្ញុំយល់ថា គ្មានអ្នកណាម្នាក់អាចដើរលើបន្ទាត់ស្របគ្នារហូតបានទេ។ មនុស្សម្នាក់ៗមានគោលដៅ មានក្តីសុបិន និងមានពិភពក្នុងចិត្តដែលអ្នកដទៃមិនអាចរស់ជំនួសបាន។

ពេលខ្លះ ការចាកចេញ មិនមែនដោយសារអស់ស្រលាញ់ទេ… តែដោយសារមនុស្សពីរនាក់ មិនអាចរស់នៅក្នុងទិសដៅតែមួយបានទៀត។

នាងដើរចេញពីជីវិតខ្ញុំ ដូចស្លឹកឈើដែលរសាត់ពីមែកឈើមួយដោយស្ងៀមស្ងាត់។ មិនមានការស្អប់ មិនមានការបោកបញ្ឆោត… មានតែពេលវេលា ដែលប្រាប់ថា ផ្លូវរួមរបស់យើងបានមកដល់ចុងបញ្ចប់។

ឥឡូវនេះ ពេលខ្ញុំដើរតែម្នាក់ឯង ខ្ញុំលែងខ្លាចភាពឯកោដូចមុនទៀតហើយ។ ព្រោះខ្ញុំបានដឹងថា មនុស្សដែលធ្លាប់ដើរក្បែរយើង មិនមែនចូលមកដើម្បីនៅជារៀងរហូតទេ។ អ្នកខ្លះ ចូលមកដើម្បីបង្រៀនឱ្យយើងស្គាល់ភាពកក់ក្តៅ… មុនពេលបន្តដំណើរទៅរកមេឃរបស់គេ។

ហើយប្រហែល… ខ្ញុំក៏ត្រូវទៅរកមេឃរបស់ខ្លួនឯងដែរ៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*