ខ្ញុំមិនទាន់ទទួលយកការជួយរបស់នាងទាំងស្រុងទេ តែខ្ញុំងើបមុខមកជាថ្មីប្រទាក់សម្លឹង ចូលដល់ជម្រៅភ្នែករបស់នាង ។ ពាក្យសម្ដីដ៏កក់ក្តៅរបស់នាង បានទម្លុះរបាំងការពាររបស់ខ្ញុំ ហើយដាស់សភាវៈបិសាចក្នុងខ្លួនខ្ញុំឱ្យពុះកញ្ជ្រោលឡើង ។
ស្មាខ្ញុំរង្គើតិចៗ ព្រោះបេះដូងនេះឱ្យសញ្ញា… «ត្រួតត្រា» ។
បើនាងហ៊ានលូកដៃចូលមកក្នុងភាពកខ្វក់របស់ខ្ញុំ… អូនត្រូវតែត្រៀមខ្លួនជាប់នៅក្នុងភាពងងឹតនេះ.… ជារៀងរហូត ។
«ដកដៃសិន !»
ខ្ញុំនិយាយប្រាប់គេបែបនេះក្តី តែក្នុងចិត្តកំពុងគិតផ្សេង ។
ដៃគេនេះប្រហែលជា… លែងអាចកាន់អ្នកណាក្រៅពីខ្ញុំទៀតហើយ… អំណើះតទៅ !តែនៅចំពោះមុខគេ… ខ្ញុំលេចចេញថាមពលពីរ… មួយចង់បណ្តេញគេឱ្យចាកចេញពីមនុស្សគ្រោះថ្នាក់ដូចខ្ញុំ… មួយទៀត… ខ្ញុំចង់គ្រប់គ្រងគេ ! … យកមកលាក់ទុកសម្រាប់តែខ្ញុំម្នាក់គត់… ទាំងមិនដែលស្គាល់… មិនដឹងថាស្រីម្នាក់ញញឹមពព្រាយនេះជាអ្នកណា… កម្មសិទ្ធិអ្នកណា ? នាងឈ្មោះអី ? អត់ខ្វល់…
គេញញឹមទៀត… ឌឺខ្ញុំ ឬមួយរឹងរូស ? គេតបវិញ ៖
«ខ្ញុំជួយ ! មានះម៉្លេះ ?!»
មានះ ?
ខានឮពាក្យនេះ ២០០០០ ឆ្នាំហើយ ! ទើបនឹងដឹងថា ពួកបំបង់បាយជុំវិញខ្ញុំ ចេះតែពីរម៉ាត់ទេ គឺ Yes និង OK !
សម្ដីដ៏បរិសុទ្ធរបស់នាងប៉ុណ្ណឹងសោះ ម្តេចមកដាស់សភាវៈបិសាចក្នុងខ្លួនខ្ញុំឱ្យពុះកញ្ជ្រោលឡើងបាន ? ម្តេចថិរវេលាខ្លីមួយប្រថុចញ៉ុច ដែលយើងចួបគ្នា គេអាចញ៉ាំងឱ្យខ្ញុំងាកមកឆ្លុះបញ្ចាំងជីវិតខ្ញុំឡើងវិញ ?
គេក្រោកឡើងមកជាមួយខ្ញុំ ខណៈខ្ញុំរុញដៃគេចេញ ។ ញើសស្រោចរាងកាយតែបរិយាកាសសែន… ក្រអូប… នឹកឃើញដល់បណ្តាដបទឹកអប់រាប់ពាន់ដុល្លារដែលខ្ញុំបានបោកកម្ទេចព្រោះមានក្លិនម៉ាក់… នឹកដល់បណ្តាស្នាមឆូត ស្នាមក្តិចខ្លួនឯង ដែលខ្ញុំធ្វើរាល់ពេលខ្ញុំនឹកគាត់…
ងាកមកវិញ… ព្រោះស្រីម្នាក់នេះមិនព្រមថយសោះ… ខ្ញុំខាំមាត់សម្លឹងដៃនាងដែលហុចក្រដាសជូតមក… ភ្នែកនាងដែលសែនបារម្ភ ហើយ… ស្មោះ ! ខ្ញុំភាំងប្រទាក់ជាមួយនាង… ព្រោះ… មាត់ អណ្តាត និងស្នាមញញឹមស្ទាក់ស្ទើររបស់គេផ្គើនបេះដូងសាបឈ្លេមរបស់ខ្ញុំ ។
នាង… មករកខ្ញុំដោយខ្លួនឯង!!! គតិសម្ងាត់មួយប្រាប់មកយ៉ាងដូច្នេះ ខណៈដើមទ្រូងពើងក្រោម អាវការិយាល័យនោះផ្ដោតស្វាគមន៍បេះដូងខ្ញុំ ។
ខ្ញុំលូកដៃទៅយកក្រដាស… ស្នាមញញឹមមួយ ដែលខ្ញុំសឹងភ្លេចថាជាកម្មសិទ្ធិរបស់ខ្ញុំ បានលេចឡើង ហើយចុងម្រាមដៃរបស់ខ្ញុំ ហួសទៅប៉ះស្បែកដៃនាងដោយ «មានចេតនា» ។
សុភាពនារីទំនងជាភ្ញាក់បន្តិចជាមួយស្នាមញញឹមបិសាចដែលខ្ញុំបញ្ជូនទៅ បានជាភ្នែកញញឹមមមីទាំងគូរបស់គេ ពង្រីកបើកធំៗជាងមុន សម្លឹងមកខ្ញុំ ហើយស្នាមញញឹមគេក៏ត្រូវទម្លាក់វិញយឺតៗ…
នាងអៀន ? កែវភ្នែកលាក់ភាពភ័យខ្លាច លាយឡំនឹងការចង់ដឹងនៃស្រីម្នាក់នេះ កំពុងស្រូបយក ដង្ហើមខ្ញុំ ។ ប្រហែលជាសរសៃធំរឹងៗលើកំភួនដៃខ្ញុំបានបញ្ចេញធាតុឈ្មោលទៅពាក់ព័ន្ធប្រលោម យកធាតុញីមកពីក្នុងជម្រៅរាងកាយគេ ?
តែ ! ក្នុងវិនាទីនេះ ម្តេចស្រីម្នាក់សាមញ្ញយ៉ាងនេះ អាចបញ្ចេញអំណាចសម្ងាត់មួយទាញសត្វតោដែលកំពុងសំងំក្នុងជីវិតខ្ញុំ ឱ្យគ្រហឹមស្រេកឃ្លាន ?
ស្នាមញញឹមខ្លាចៗរបស់នាង ជាប់នឹងការសម្លឹងរបស់ខ្ញុំយូរពេកទៅ ទំនងនាងយល់… ទើបស្រីស្អាតបែរគេចៗចេញសន្សឹមៗ ។
យឺតពេលហើយអូន ! ភាពស្រស់ស្អាតដែលបេះដូងខ្ញុំស្រេកឃ្លានហើយ ខ្ញុំត្រូវតែយកមកគ្រប់គ្រង មិនថាដោយវិធីណាក្តី ។
«អរគុណ… »
ខ្ញុំនិយាយ ហើយលើកយកក្រដាសនោះមកជូតញើសលើកញ្ចឹងក និងមុខ តែភ្នែកខ្ញុំ មិនដកចេញពីបបូរមាត់នាងសូម្បីមួយវិនាទី ។
ទងវងប្រញាប់ឱបដៃនាង ដោយធ្វើជាញញឹមតិចៗតែលាក់កំបាំងភាពអៀនប្រៀន និងថប់ដង្ហើម ខណៈសសៀរខ្លួនដើរចេញទៅវិញផង ។
«នេះបង ! តុក្កតាគំរូ !»
សំឡេងបុគ្គលិកខ្ញុំដែលបញ្ជូនរបស់ឱ្យនាង ។ តាមពិត នាងបានកុម្ម៉ង់តុក្កតាពីខាងខ្ញុំ ។ នេះប្រហែលរបស់គំរូដែលត្រូវពិនិត្យមុនពេលនាងដាក់បញ្ជាទិញ ។
ខ្ញុំឈរមើលផែនខ្នងនាង មុននឹងលើកក្រដាសនោះមកទម្លាក់ក្នុងហោប៉ៅ ។ ក្លិនរបស់នាងនៅជាប់ទីនេះហើយ… ឯតុក្កតាលើដៃនាង ខ្ញុំរឹតតែចង់មើលថា… ប្រុសឬស្រី ?
ទោះណាជាទុកគម្លាតឱ្យគេទៅនិយាយជាមួយបុគ្គលិកស្រីរបស់ខ្ញុំ តែ… ខ្ញុំបានបញ្ឈប់ការជួសជុលម៉ាស៊ីន ដោយផ្ដោតទាំងស្រុងលើវត្តមានគេ… ចិត្តនេះដក់ជាប់លើ… ប្រធានបទថ្មី ។
មនុស្សខ្ញុំនេះ កន្លងមកអផ្សុកណាស់ ។ ការងារជាច្រើនលើលោកនេះ ខ្ញុំចង់សាកទាំងអស់ មិនថាម៉ាស៊ីន ឬមនុស្ស ។
តែមួយរយៈដ៏វែងមកនេះ ខ្ញុំធុញថប់ខ្លាំងឡើងៗ ! …គ្មានអ្វីថ្មីមកញ៉ាំងចិត្តយើងឱ្យជក់ចិត្តចង់បានចង់ដណ្តើមចង់ហួងហែង គឺស្មើនឹង… សាបឈឹង… ។
មករោងពុម្ពថ្ងៃនេះ ស្មានថាគ្មានន័យដដែល ដឹងអីថា ចំណីមួយថាសមាស ត្រូវបានព្រហ្មលិខិតលើកមកដល់តុបាយខ្ញុំ ។
«ស្អាតណាស់បង !» នាងនិយាយខ្សឹបៗដោយអំណរ ។
«ចាស បងឌីហ្សាញបានល្អ ស្នាដៃ និងក្បាច់ខ្មែរយើងទាំងអស់ ! គ្នាខ្ញុំសុទ្ធតែសរសើរថា ស្អាត !»
បុគ្គលិករបស់ខ្ញុំសរសើរស្នាដៃភ្ញៀវតូច ធ្វើឱ្យបេះដូងខ្ញុំញាប់ញ័រឡើង ។
«មែនក៏អី ? ខ្ញុំសប្បាយចិត្តណាស់ណា៎ !»
ខ្ញុំបែរខ្នងបើកទូទឹកកក តែដឹងខ្លួនឯងថា កំពុងញញឹមដោយមិនកម្រើកបបូរមាត់… ។ គេនោះនៅលើសាឡុងនេះនៅឡើយ ។ គេអង្គុយនិយាយជាមួយបុគ្គលិកខ្ញុំ ក្នុងរោងពុម្ពរបស់យើងកខ្វក់ធំល្វឹងល្វើយត្រជាក់ល្ហល្ហេវ ក្លិនថ្នាំ… តែ… ភាពបរិសុទ្ធនៃសម្រស់ចម្លែក ក្រោមកិរិយាស្រគត់ស្រគំ តែរាក់ទាក់របស់គេ បានមកភ្ញោច «ចិត្តងាប់» ក្នុងទ្រូងមួយនេះឱ្យរស់រវើកឡើងវិញ ។
ដូចដែលខ្ញុំចូលចិត្តក្លិនប្រេងម៉ាស៊ីន និងការងារកខ្វក់ៗនៅក្នុងរោងពុម្ពដ៏ធំមួយនេះ… ជ្រើសរើសលាក់ខ្លួននៅទីនេះ លេងប្រឡែងជាមួយប្រស្នានៃបច្ចេកទេសទំនើប គឺជក់ចិត្តជាងទៅអង្គុយលើកៅអីប្រេស៊ីដិន ឯពេលឃើញគេ គេគឺទាក់ទាញជាងអ្វីគ្រប់យ៉ាងដែលខ្ញុំធ្លាប់ចង់ធ្វើ ។
ខ្ញុំទាញដបទឹកសុទ្ធត្រជាក់មួយមកកាន់ដើរសំដៅទៅ ។ ពេលនារីទាំងពីរមើលមករបៀបដែលខ្ញុំយកក្រដាសពីលើតុមកជូតបាតដៃគ្រើមៗរបស់ខ្ញុំឱ្យស្អាត ដើម្បីកុំឱ្យប្រឡាក់ដល់ដបទឹក រួចទើបហុចទៅឱ្យនាង…
ខ្ញុំញញឹម តិចតួច ៖
«ញ៉ាំទឹក !…»
សំឡេងខ្ញុំរាបស្មើ សុភាព តែតាមទម្លាប់ ខ្ញុំភ្ជាប់ជាអំណាចរឹងមាំដែលគ្មានអ្នកណាប្រកែកបាន ដូចបទបញ្ជាខ្លីមួយ រាល់ពេលនិយាយទៅកាន់គ្រប់គ្នា ។
«ខាងក្រៅភ្លៀង… អង្គុយលេងសិនទៅ !»
ខ្ញុំបន្ថែមបែបនេះបានន័យថា នាងប្រហែលជាត្រូវនៅយូរបន្តិច ទើបធ្វើឱ្យស្រីតូចបង្ខំចិត្តទទួលយកដបទឹកដោយបញ្ចេញស្នាមញញឹម… ខំៗ ។
«អរគុណបង !»
ត្រឹមពាក្យសាមញ្ញបីម៉ាត់របស់គេ បែរជាអាចចាក់ឫស «ឈឹប» ធ្ងន់ចូលទៅក្នុងភាពងងឹតក្រោមចរិតធម្មជាតិជាបិសាចរបស់ខ្ញុំ ។ គេថយទៅអង្គុយទុកខ្ញុំនៅឯកោម្នាក់ឯងដូចជីវិតកន្លងមក ។ តែថ្ងៃនេះ ម៉ោងនេះ សំណួរជាច្រើនបុកមកសួរខ្ញុំស្ងាត់ៗក្នុងសភាវៈគតិ«គេឈ្មោះអី ?»
«មានសង្សារឬនៅ ?» «មានអ្នកណាបានថើបឬនៅ ?» «បើយើងឱបគេ គេនឹងរឹងកំព្រឹសបែបណាទៅ ?» «តើប្រើពេលយូរប៉ុនណា ទើបគេស្គាល់យើង ? ព្រមឱបយើងវិញ ?» ។
«សុំមើលបន្តិច !»
ខ្ញុំថាស្រាលៗ ដោយផ្ដោតភ្នែកទៅតុក្កតារបស់គេដែលមានតួឆ្លាក់ថា «រាជបុត្រ» ។ អ្វីមួយគ្រាតៗទង្គិចក្នុងចិត្តខ្ញុំ ។ របៀបដែលនាងឱបរបស់នេះ និងឈ្មោះដែលនាងដាក់ឱ្យ ។
គេមានសិទ្ធិអីឱ្យរបស់នោះស្និទ្ធយ៉ាងនេះហើយហៅវាថា«រាជបុត្រ» ទៀត ? ឱ! ច្បាស់ណាស់ ជំងឺហួងហែងរបស់ខ្ញុំ រើមកវិញទាល់តែបាន ទាំងដែលធ្លាប់បានគិតថា គ្មានស្រីណាម្នាក់គួរឱ្យចង់ហួងហែងសោះឡើយ ។
ខ្ញុំដកដៃចេញលែងទាមទារមើល… តែមាត់ខ្ញុំបង្អាប់… ៖
«ស្គមណាស់ !»
«មានហ្ន៎ា ! ត្រូវតាមស្តង់ដាហើយ !»
មានភាគបន្ត…


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ