រឿង៖ នាងនិងគេ (ភាគ១៨)

ជើងខ្ញុំឈប់ង៉ក់ ។

កំហឹងមួយទំហឹងទ្រូងកូនប្រុសឆេះសន្ធោសន្ធៅឡើងមកចុងសក់ ។

ហៅសន្តិសុខ ? មកចាប់ខ្ញុំ ? នៅលើអគារមន្ទីរពេទ្យដែលខ្ញុំជាម្ចាស់ដី ក៏ជាម្ចាស់ភាគហ៊ុនធំនៃតំបន់សេដ្ឋកិច្ចមួយខ្សែជុំវិញនេះ ?

ខ្ញុំកន្ត្រាក់ខ្លួនបែរក្រោយវិញយ៉ាងរហ័ស ដៃម្ខាងព្រលែងកដៃដាហ្ស៊ី រួចក្តាប់កណ្តាប់ដៃបួងមួយទំហឹង ។ បំបាក់ថ្គាមអាគាត់ព្រហើននេះកណ្តាលវាលសិនទើបសមជាបព្វតា…

«កុំ !»

មុនពេលកណ្តាប់ដៃខ្ញុំត្រូវរុកទៅដល់គោលដៅ រាងកាយតូចច្រឡឹងរបស់ដាហ្ស៊ី បានស្ទុះមករាំងពីមុខខ្ញុំភ្លាមៗ ។ មុខនាងដែលមានសញ្ញាតក់ស្លុតកំពុងតទល់នឹងបបូរមាត់ញាប់ញ័ររបស់ខ្ញុំ ។

ខ្ញុំសម្លឹងគេ… គេគិតយ៉ាងណា ? ឬគេក៏ចង់ឃើញខ្ញុំនេះត្រូវសន្តិសុខមកអូសចេញដែរ ?

ដៃតូចៗទាំងពីររបស់នាងលូកមកក្តាប់ប្រអប់ដៃរបស់ខ្ញុំជាប់យ៉ាងតឹង ឯផែនខ្នងនាងបែរទៅបាំងផ្លូវ…

ប្រឹបៗ…

«មនុស្សរបស់ខ្ញុំដែលនៅក្បែរៗបានស្រចូលមកដោយគ្រាន់តែឃើញខ្ញុំលើកកណ្តាប់ដៃ ។        

«រឿងប៉ុណ្ណឹង វ៉ៃគ្នាដែរ ?»

នាងខ្សឹបដាក់ខ្ញុំបែបនេះ… ខ្ញុំងក់ក្បាលនិយាយទៅកាន់កែវភ្នែកស្រឹមៗរបស់នាងវិញខ្លី ៖

«វាឈ្លើយ !»

ស្រីម្នាក់នេះ បើស្គាល់ខ្ញុំយូរបន្តិច នាងនឹងដឹងថាថ្ងៃនេះ បងពេទ្យរបស់នាងនឹងរបូតឈាមមាត់ដែលប្រឹងសម្ដែងធ្វើសុភាពបុរសការពារស្រីស្អាតមិនត្រូវពេល ។ មួយជីវិតនេះ មនុស្សសម្ដែងធុនណាដែលខ្ញុំមិនធ្លាប់ឃើញ ? តែកុំមកសម្ដែងនៅនឹងមុខខ្ញុំ ជាមួយស្រីដែលខ្ញុំស្រលាញ់ ។

ហាក់ដឹងខ្លួន នាងរេភ្នែកមើលកម្លាំងខ្ញុំដែលស្លៀកឈុតខ្មៅបីបួននាក់ចេញមកព្រាតឡោមព័ទ្ធក្រៅហាងកាហ្វេ និងបិទផ្លូវបងពេទ្យសំគិសរបស់នាង ។

បរិយាកាសប្រែជាតានតឹង អ្នកផ្សេងទៀតនាំគ្នាងាកមកសម្លឹងពីក្នុង  ហាង ។ អ្នកដែលអង្គុយចំហៀងសួននេះដែរ លៃគ្នាក្រោកថយចេញម្តង    ម្នាក់ៗដោយការភ័យខ្លាច ។

ដាហ្ស៊ីបើកភ្នែកធំៗ សម្លឹងមើលក្រុមអង្គរក្សរបស់ខ្ញុំ ហើយងាកមករកខ្ញុំដោយភាពភិតភ័យ ។ នាងលេបទឹកមាត់ រួចងើបមុខមកសម្លឹងខ្ញុំចំៗ ។

កែវភ្នែកដ៏បរិសុទ្ធរបស់នាង ពេលនេះពោរពេញដោយការអង្វរករ ។

«ទីន… »

គេហៅឈ្មោះខ្ញុំ… ជាលើកដំបូង !

សំឡេងខ្សឹបៗស្រទន់ និងញ័រទទ្រើករបស់គេ ប្រៀបដូចជាតំណក់ទឹកអម្រឹតបន្សាបកំហឹង និងចិត្តក្រអឺតរបស់ខ្ញុំ ។

«សុំអង្វរ… កុំមានរឿងអី… យើងទៅវិញទៅ… ណា៎… »

ស្រីល្អិតនេះ តាមពិតប្រឹងលួងលោមខ្ញុំ សំឡេងនាងរឹងណាស់ នាងមើលទៅមិនចេះលួងមនុស្សប្រុសទេ តែបេះដូងនាង ស្អាត… ខ្ញុំចូលចិត្ត…

ខ្ញុំនៅថ្ពក់ជ្រៅក្នុងជម្រៅកែវភ្នែកគេដែលនៅតែសម្លឹងអង្វរខ្ញុំមិនប្រិច ។

«អូខេ ! អត់ឱ្យអ្នកណាឡើងលើទេ ! កុំវ៉ៃគ្នា !»

សំឡេងលួងលោមដ៏ទន់ភ្លន់របស់នាង ធ្វើឱ្យកំហឹងរាប់ពាន់អង្សារបស់ខ្ញុំដែលបម្រុងនឹងសម្លាប់មនុស្សមុននេះ រលាយបាត់ទៅជាទឹកសន្សើម      ភ្លាមៗ ។ បិសាចក្នុងសម្បកកាយនេះ បែរជាព្រមចង្កូមចុះយ៉ាងងាយ គ្រាន់តែឃើញសភាពរបស់នាង ។

ខ្ញុំទម្លាក់ដៃចុះយឺតៗ ដកដង្ហើមធំ រួចងាកទៅសម្លក់ហាងកាហ្វេមិនខ្ចីសម្លឹងមុខពួកហារយ ដែលកំពុងស្លេកៗក្បែរនោះផង មុនពេលដឹកដៃនាងចាកចេញ ។

វិមានកញ្ចក់កណ្តាលព្រៃ (តំណាលដាហ្ស៊ី)

គ្រប់យ៉ាងអំពីគេនេះ… ធ្វើឱ្យខ្ញុំស្រឡាំងកាំងជានិច្ច… តែពេលប្រអប់ដៃយើងប៉ះគ្នា ហើយដើរចេញមកពីហាងកាហ្វេ ខ្ញុំផ្ដោតតែលើសន្ធឹកបេះដូងគេនិងខ្ញុំ ខ្ញុំភ្លេចពីអ្វីៗជុំវិញ ។

ដល់មុខមន្ទីរពេទ្យកងអង្គរក្សរបស់គេលូនឡានមកដល់ដូចនិម្មិត ហើយរាយគ្នាឈររង់ចាំ ។

អង្កាល់បានគេលែងដៃខ្ញុំ ?

ម្នាក់មុខគេបានត្រៀមបើកទ្វាររថយន្តទំនើបទទួលគេ តែទីនបែរជាឈប់ង៉ក់ រួចលូកដៃទៅទារយកអ្វីម្យ៉ាងពីគេទៅវិញ ។ គឺ… សោឡាន ។ គេមិនលែងដៃខ្ញុំទេ… ហើយតមកទៀត រុញខ្ញុំចូលឡាន ។

«មិនបាច់តាមទេ !»

សំឡេងរបស់គេរាបស្មើ តែដាច់ខាតហើយឈានចូលមកពីទ្វារម្ខាង ។

«ប៉ុន្តែចៅហ្វាយ ចៅហ្វាយមិនទាន់បានសម្រាកទេតាំងពីម្សិលមិញ…

គ្នារបស់គេប្រឹងតវ៉ាដោយទឹកមុខបារម្ភ ខណៈគេមួលសោឡានត្រៀមតែនឹងរវៃចង្កូត ។

«ដាក់ខ្សែក្រវាត់ !»

ទីនបញ្ជាខ្ញុំស្រាលៗ រួចងាកបញ្ជារថយន្តស្ព័រដ៏មានអំណាចបន្លឺសំឡេងគ្រហឹម មុនពេលស្ទុះចេញទៅយ៉ាងលឿន បន្សល់ទុកអតីតកាលមុននេះប៉ុន្មានវិនាទីក្លាយជាអស់ន័យ ផ្ដោតមកលើតែជីវិតយើងពីរកាយ ។

បរិយាកាសក្នុងឡានស្ងាត់ជ្រងំ ។ មានត្រឹមតែសំឡេងម៉ាស៊ីនត្រជាក់ និងក្លិនទឹកអប់ឈើក្រអូបប្រហើររបស់គេ វាយលុកខ្យល់ដង្ហើមខ្ញុំ ។ ខ្ញុំលួចដៀងភ្នែកសម្លឹងមើលទម្រង់មុខចំហៀងនៃបុរសនេះ ។

សាច់ដុំថ្គាមរបស់គេកំពុងប្រឹងកន្ត្រាក់ ឯកែវភ្នែកដ៏មុតស្រួចនោះ ទោះបី ជាកំពុងផ្ដោតលើដងផ្លូវ តែវាលាក់បាំងភាពនឿយហត់លែងជិតទៀត       ហើយ ។ គេយកម្រាមដៃម្ខាងមកច្បូតសៀតផ្កាខ្លួនឯងញឹកញាប់ ហាក់ដូចជាកំពុងទប់ទល់នឹងការឈឺក្បាលយ៉ាងខ្លាំង ។

គេនេះ… ងងុយមិនគិតដេកពួន គេយកយើងទៅណា ?

ខ្ញុំគិត តែមិនខ្ចីនឹងពោលសន្ទនាមុនឡើយ… មនុស្សហិង្សាដូចគេ… ថាមិនបានគេអាចនឹងបើកលឿនជាងនេះដោយសារនៅខឹងរឿងពេទ្យផាណង្គ មិនយល់ទេ… គេបានស្គាល់គ្នាពីមុនមកឬអី បានជាឃើញពេទ្យផាណង្គដូចខ្លាពីរដណ្តើមសាច់ ។

«ប៉ុណ្ណឹងសោះ ខឹងគ្នាបានដែរ ?»

ខ្ញុំរអ៊ូ ។ ចង់ឱ្យគេតប តែមនុស្សនេះធ្វើធ្មឹងដូចមិនឮសំដីខ្ញុំ ។

ឡានបានបើកចេញផុតពីភាពអ៊ូអរនៃទីក្រុង ឆ្ពោះទៅកាន់តំបន់ជាយក្រុងដែលពោរពេញដោយដើមឈើធំៗ និងភាពស្ងប់ស្ងាត់ ។ មិនយូរប៉ុន្មាន រថយន្តបានបោលឆ្លងកាត់ខ្លោងទ្វារដែកដ៏ធំមួយ រួចមកឈប់ង៉ក់នៅពីមុខ វិមានកញ្ចក់លាក់ខ្លួនកណ្តាលធម្មជាតិ ដ៏ប្រណីតមួយ ។

សណ្ឋានទីនេះជាកូនវីឡាដែលសាងសង់ឡើងពីកញ្ចក់ថ្លាហ៊ុមព័ទ្ធដោយសួនច្បារនិងបឹងឯកជន ផ្តល់អារម្មណ៍ដូចជាឋានសួគ៌លាក់កំបាំងដែលគ្មានអ្នកអាចចូលមករំខានបាន ។

«ចុះមក !» គេដកសោឡាន រួចហៅខ្ញុំដោយសំឡេងស្អកៗ ។

ខ្ញុំបោះជំហានចុះទៅតាមទាំងស្រឡាំងកាំងនិងគ្រប់យ៉ាងស្អាតរៀបរយ  ពូម្នាក់រត់មកទទួលសោពីគេ ហើយស្ត្រីម្នាក់ទៀតបង្ហាញខ្លួននៅយ៉ខាងមុខផ្ទះ ។ ទាំងពីរនាក់គំនាប់គេ មានសភាពជាអ្នកធ្វើការឱ្យគេជាជាងជាញាតិចាស់ទុំ ។

«យកកាហ្វេពីរពែងមក !»

គេពោលចប់លូកមកចាប់ម្រាមដៃខ្ញុំច្របាច់តិចៗ ហើយនាំដើរបន្តចូលក្នុងផ្ទះរកតែខ្ញុំរៀបចំសមគួរជាមួយមនុស្សពីរនាក់នោះអ្វីក៏មិនទាន់ ។

ខាងក្នុងផ្ទះកញ្ចក់នេះ ពិតជាបានរៀបចំឡើងដោយគ្រឿងសង្ហារិមលំដាប់ High-End បំផុត ដែលមានលម្អជាមួយផ្ទាំងគំនូរយ៉ាងមានតម្លៃនិងកម្រ ព្យួរនៅតាមជញ្ជាំង ថែមទាំងមានសាឡុងរាងរង្វង់ដ៏ធំទូលាយតម្រៀបនៅចំកណ្តាល ។

បន្ទប់កញ្ចក់នេះទាក់ទាញពេកហើយ ។ ខ្ញុំដែលទើបមកដល់ ឈរទីមទើម អាចស្រួលចិត្តភ្លាមដោយគ្រាន់តែសម្លឹងឃើញទេសភាពបឹង និងមេឃពណ៌ខៀវស្រងាត់នៅខាងក្រៅ ។

ទីនដើរទៅដល់កណ្តាលបន្ទប់ គេគ្រវែងសោឡានចោលលើតុក្រាស់មួយលាន់ “ប្រាវ!” រួច ដកដង្ហើមធំ បន្ធូរឡេវអាវសឺមីពីរបីគ្រាប់ បញ្ចេញផែនទ្រូងរឹងមាំដែលកំពុងហត់ខ្មួល ។

រាងកាយដ៏ខ្ពស់សង្ហារបស់គេ ស្រាប់តែទម្លាក់ខ្លួនដួលស្រុតទៅលើ    សាឡុងទន់ល្មៃនោះយ៉ាងទន់ខ្សោយ ហាក់ដូចជាអស់ថ្មសាក ។ គេផ្តេកក្បាលទៅក្រោយ បិទភ្នែកយឺតៗ…

ស្អែកចួបគ្នាណា …

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*