«ន…នែ…» ខ្ញុំរៀបនឹងហាមាត់សួរ ។
«កុំឡូឡា…» គេខ្សឹបតិចៗ ទាំងភ្នែកនៅបិទជិត ដៃម្ខាងលូកមកទាញ កដៃខ្ញុំឱ្យស្រុតខ្លួនអង្គុយចុះមកក្បែរគេ ។ ម្រាមដៃដ៏ក្តៅភាយរបស់គេ មិនព្រមលែងដៃខ្ញុំទេ គេក្តាប់វាទុកនៅលើទ្រូងខាងឆ្វេង ។
«នៅហ្នឹងហើយ… ដាហ្ស៊ី…»
សំឡេងរបស់គេប្រែជាខ្សាវ ស្អក តែបង្កប់ការអង្វរករដ៏ជ្រាលជ្រៅដែលមិនធ្លាប់មាននរណានិយាយមករកខ្ញុំពីមុនមក
«សុំពេលតែមួយម៉ោង… ឱ្យបងគេងសិន… កុំរត់ចោលបងណា៎… ក្មេងល្អ… »
មិនដល់មួយនាទីផង មិនទាន់បាននិយាយបដិសេធឬយល់ព្រមផង… ដង្ហើមរបស់គេក៏ប្រែជាចេញចូលស្មើៗ… បង្ហាញថាគេលង់លក់បាត់ទៅហើយ ។
ខ្ញុំអង្គុយគាំងនៅស្ងៀមធ្មឹងក្បែរគេកណ្តាលវិមានដ៏រមនានេះ ។ ដៃរបស់ខ្ញុំនៅតែត្រូវគេក្តាប់ផ្ទាប់នឹងចង្វាក់បេះដូងដែលកំពុងលោតយ៉ាងរឹងមាំរបស់គេ ។ ខ្ញុំមិនដាច់ចិត្តដកវាចេញមក ឱ្យគេដាច់សង្វាក់និន្ទ្រានេះឡើយ ។
នេះជាដំណាក់កាលអ្វីក្នុងជីវិតខ្ញុំ ?
ខ្ញុំមានពេលវេលាគ្រប់គ្រាន់នឹងទម្លាក់ខ្សែភ្នែកសម្លឹងមើលទម្រង់មុខរបស់បិសាចផ្តាច់ការ ដែលខ្ញុំមិនស្គាល់ ថែមទាំងធ្លាប់ភ័យខ្លាចខ្លាំងកាលពីម្សិល ។
ពេលនេះគេកំពុងតែដេកលក់យ៉ាងស្កប់ស្កល់… នៅបង្កើយគ្នា ។ ពេលគេបិទភ្នែក កែវភ្នែក អំណាច និងចរិតស្មើមេឃ ការនិយមគាបសង្កត់ផ្លូវចិត្តខ្ញុំ… ត្រូវបានលាក់បាំងជិតឈឹង… បន្សល់ទុកត្រឹមរោមភ្នែកវែងៗ ទម្រង់ច្រមុះស្រួចនិងថ្គាមដ៏មានមន្តស្នេហ៍នៃបុរសម្នាក់ដែលកំពុងតែនឿយហត់
តើគេនេះមានកប់ពពក… គេមានសមរភូមិជីវិតបែបណាទៅ… គេនៅចង់បានអ្វីទៀត ? ហេតុអ្វីគេត្រូវហត់នឿយកម្រិតនេះ ?
គេជិះឡានឌុបខ្ញុំមកទីនេះទាំងហត់ស្ទើរស្លាប់… គ្រាន់តែដើម្បីចង់នៅជាមួយខ្ញុំតែពីរនាក់ ? គេយកខ្ញុំមកមើលគេគេង ? គេហ៊ានដេកលក់… និងបង្ហាញភាពទន់ខ្សោយរបស់គេនៅចំពោះមុខមនុស្សដែលគេទើបតែស្គាល់ដូចជាខ្ញុំ ?
ប្រុសម្នាក់នេះឆ្កួត ឬក៏គេទុកចិត្តខ្ញុំខ្លាំងដល់ថ្នាក់នេះ ?
ក្លិនកាហ្វេ… ? ស្ត្រីអម្បាញ់មិញបានវិលមកវិញហើយជាមួយថាស កាហ្វេ… តែគាត់លឹបល ។ ខ្ញុំដៀងមកវិញសម្លឹងមើលនាយ… ហើយបែរមកងក់ក្បាលឱ្យគាត់ ជាសញ្ញាថាចូលមកបាន ។ តែខ្ញុំក៏លើកចង្អុលដៃមកដាក់ត្រឹមមាត់បង្ហាញថា គួរចូលមកស្ងាត់ៗថ្នមៗ ។
គាត់ដាក់ថាសដែលមានកាហ្វេនិងនំ ដៃម្ខាងទៀតទាញយកដុំផាហ៊ុមសូត្រពណ៌ខ្មៅនិងធ្ងន់មកឱ្យខ្ញុំ ។
ដៃខ្ញុំដែលទំនេរ ស្រាប់តែលូកទៅទទួលទាំងង៉េមង៉ាមឆ្ងល់ថា ម្តេចគាត់មិនដណ្តប់ចៅហ្វាយគាត់ទៅ ឱ្យមកខ្ញុំធ្វើអី ?ឮ
ទោះយ៉ាងណា ពេលគាត់សសៀរចេញ ខ្ញុំត្រូវប្រើដៃម្ខាងដដែលទាញភួយសូត្រស្តើង ដណ្តប់លើរាងកាយរាជបុត្រ ។
ខ្ញុំខំធ្វើយ៉ាងថ្នមៗ… ដោយមិនដឹងខ្លួន… មិនដឹងទេថា ហេតុអីខ្ញុំចង់ឱ្យគេបានស្កប់… ។ គេមានត្រូវជាស្អីនឹងខ្ញុំ ?
ទឹកអប់របស់គេ ភាពកក់ក្តៅរបស់គេ និងភាពទន់ភ្លន់ដែលលាក់កំបាំងក្រោមសម្បកជាបិសាចរបស់គេ កំពុងតែធ្វើឱ្យកោសិកាក្នុងខ្លួនខ្ញុំរលាយបន្តិចម្តងៗ ។
ខ្ញុំអង្គុយយាមគេគេង… កណ្តាលភាពស្ងប់ស្ងាត់នៃជម្រកប្រណីតមួយនេះ… ហើយសួរខ្លួនឯងទាំងមិនច្បាស់លាស់ថា ៖
«តើខ្ញុំកំពុងតែចាប់ផ្តើមលង់ស្នេហ៍ជាមួយបុរសដែលប្រកាសខ្លួនឯងថាជា “ម្ចាស់ជីវិត” របស់ខ្ញុំនេះមែនទេ ? …ខ្ញុំមិនទាំងដឹងផង ថាគេជាអ្នកណា ?»
នាងក្នុងរង្វង់ដៃ (តំណាលបព្វតា)
ងងឹត… ត្រជាក់… និងឯកោ… នេះជារសជាតិទម្លាប់ដែលបេះដូងខ្ញុំរស់នៅជាមួយអស់រយៈពេលជាង ២០ ឆ្នាំ ។
…យប់មួយដែលម៉ាក់ដើរចេញពីផ្ទះ ទុកខ្ញុំឱ្យនៅប្រឈមមុខនឹងពិភពលោកនេះតែម្នាក់ឯង… មើលឃើញតែកំហឹង និងស្នេហារាយមាយរបស់ប៉ា… និងភាពអាសអាភាសរបស់មេដោះ… ខ្ញុំបានបិទទ្វារបេះដូងខ្លួនឯង ចាក់សោយ៉ាងជិតឈឹង រួចបោះកូនសោនោះចូលទៅក្នុងសមុទ្ទគំនុំដ៏ជ្រៅបំផុតមួយចំពោះព្រហ្មលិខិត ។
ខ្ញុំធ្លាប់ប្រាប់ខ្លួនឯងថា មនុស្សប្រុសដែលរឹងមាំពិតប្រាកដ គេមិនត្រូវការស្នេហាដល់ថ្នាក់បំផ្លាញខ្លួនឯងដូចប៉ាខ្ញុំនោះទេ ។ អ្វីដែលខ្ញុំត្រូវការ គឺអំណាច ដើម្បីទៅច្បាមចាប់យកគ្រប់អ្វីដែលខ្ញុំចង់បាន ។ មិនថាសម្ភារៈឬមនុស្ស គ្មានអ្នកណាចាកចេញពីខ្ញុំទៀតបានទេ ប្រសិនបើខ្ញុំមិនព្រម… ។
ប៉ុន្តែ… វិនាទីនេះ ភាពត្រជាក់សោះអង្គើយនោះ ត្រូវបានវាយបំបែកដោយកម្តៅដ៏ស្រទន់មួយដែលកំពុងសាយភាយនៅលើដើមទ្រូងខាងឆ្វេងរបស់ខ្ញុំ ។
ខ្ញុំបើកភ្នែកឡើងយឺតៗ ។ ពន្លឺថ្ងៃរឹមៗជះកាត់កញ្ចក់ប៉ះបង្ហាញរាងកាយតូចច្រឡឹងមួយដែលកំពុងអង្គុយបត់ជង្គង់គេងលក់នៅលើកម្រាលព្រំ ។
ក្បាលរបស់នាងផ្អែកមកលើគែមសាឡុងក្បែរចង្កេះខ្ញុំ ព្រោះដៃតូចៗរបស់នាងកំពុងត្រូវបានខ្ញុំឃុំគ្រង ។
ថ្ពាល់ដ៏រលោងស្រទន់របស់នាងនៅជិតណាស់ ខ្ញុំចង់ឱនទៅស្រូបស្រង់ក្លិននាង តែ… ខ្លាចរំខាននាង… ខ្លាចនាងភ្ញាក់ ។
ខ្ញុំសម្លឹងដាហ្ស៊ី ដោយអារម្មណ៍មួយ… ដែលពិបាកនឹងបរិយាយ ។ គេមិនបានចេញទៅណាចោលខ្ញុំទេ ? រហូតដល់ទប់មិនបាន ក៏លង់លក់ ?
ក្រឡេកទៅកាហ្វេត្រជាក់អស់ហើយ !
ភួយសូត្រនេះគេដណ្តប់ឱ្យខ្ញុំ ?
ខ្ញុំញញឹមចុងមាត់… នឹកឃើញដល់កែវភ្នែកតវ៉ាដែលគេសម្លក់ខ្ញុំនៅក្នុងហាង ។ សម្ដីគេ «ស្អីទៅ ??? និយាយមក ! សម្លាប់ខ្ញុំ ? ខ្លួនជាអ្នកណា ? ខ្ញុំមិនដែលស្គាល់ផង កុំថាឡើយខ្ញុំបានទៅធ្វើស្អីខ្លួន ? ខ្លួនមានសិទ្ធិស្អី មកនិយាយគំរាមខ្ញុំសាហាវៗម៉្លេះ ?»
ញញឹមទៀតព្រោះនឹកឃើញសូរដង្ហើមអួលៗរបស់គេ ជាស្នាមញញឹម ដែលចេញពីជម្រៅបេះដូងពិតៗ។
ខ្ញុំដកដៃចេញពីគេដោយថ្នមៗបំផុតដើម្បីកុំឱ្យគេភ្ញាក់ ។ កូនឆ្មាតូចមួយនេះត្រូវបានខ្ញុំលើកភួយសូត្រដណ្តប់ឱ្យ ។
…ខ្ញុំក្រោកឈរពេញកម្ពស់ បោះជំហានស្រាលៗដើរទៅកាន់តុបារខ្នាតតូចនៅក្បែរនោះ ។ កាហ្វេដែលត្រជាក់បាត់ទៅហើយ ខ្ញុំនៅតែលើកមកអកមួយក្អឹកខុសទម្លាប់ ព្រោះមិនចង់ហៅអ្នកណាចូលមក ក្រែងរំខានដំណេកនាង ។
សូម្បីកាហ្វេត្រជាក់ គ្មានស្ករ តែសែនមានឱជារសផ្អែមដល់បេះដូង ។
វឺរ… វឺរ…
ទូរសព្ទនៅក្នុងហោប៉ៅខោញ័រតិចៗ ។ ខ្ញុំទាញចេញមកមើល ។ គឺអ៊ីសាន ។ ខ្ញុំដើរចេញទៅឈរនៅយ៉ខាងក្រៅ ទាញទ្វារកញ្ចក់បិទជិតដើម្បីកុំឱ្យសំឡេងរំខានដល់ដំណេករបស់កូនបក្សីតូច រួចចុចទទួល ។
«និយាយមក !»
ខ្ញុំបន្លឺសំឡេងគ្រលររាបស្មើ និងឈាមត្រជាក់ខុសពីអារម្មណ៍ទន់ភ្លន់នៅខាងក្នុងអម្បាញ់មិញ ។
«ចៅហ្វាយ… ព័ត៌មានដែលចៅហ្វាយឱ្យស៊ើបពីពេទ្យផាណង្គ បានមកដល់ហើយទាន !»
សំឡេងអ៊ីសានរាយការណ៍យ៉ាងរហ័សទៀតពេលដែលដឹងថាខ្ញុំនៅចាំស្តាប់ «មិនមែនជាគ្រូពេទ្យធម្មតាទេ ឪពុករបស់វាជានាយកមន្ទីរពេទ្យសមុទ្ទចិត្តនេះតែម្តង ។ អ្វីដែលសំខាន់… ប្រវត្តិវាស្អុយរលួយណាស់ទាន ! វាធ្លាប់ប្រើអំណាចឪពុក គំរាមកំហែង និងបំពានផ្លូវភេទលើនិស្សិតពេទ្យហាត់ការ និងកូនស្រីក្រមុំរបស់អ្នកជំងឺក្រីក្រជាច្រើននាក់ តែរឿងរ៉ាវត្រូវបានឪពុកវាជះលុយបិទមាត់ និងគំរាមជនរងគ្រោះមិនឱ្យប្តឹងផ្តល់ ។»
សាច់ដុំថ្គាមខ្ញុំកន្ត្រាក់ឡើងរឹងភ្លាមៗ ។ កែវភ្នែកខ្ញុំដែលកំពុងសម្លឹងមើលទេសភាពព្រៃព្រឹក្ស ស្រាប់តែប្រែមកជាក្តៅឆៀប ។
ខ្ញុំមិនខ្វល់រឿងអ្នកដទៃទេ តែខ្ញុំដឹងថា ចិត្តអាព្រាននារីគិតអីលើដាហ្ស៊ី ។ ហើយ… ស្រីល្អិតនៅខាងក្នុង… ចួបអ្នកណាក៏ «បង !» ។
ខ្ញុំរលាស់ថ្គាមទប់ចិត្តមិនចង់ធ្វើអ្វីទាំងអស់ មិនចង់ឱ្យនាងខឹងខ្ញុំព្រោះយើងទើបនឹងមានពេលវេលាដ៏ចុះសម្រុងជាមួយគ្នា ។ …តែកាលណាដែលនឹកឃើញអាពេទ្យត្បាញអាយដែលហ៊ានប្រើកែវភ្នែកស្មោកគ្រោកមកសម្លឹងមើលព្រះនាងរបស់ខ្ញុំ… ចិត្តជាទេវបុត្រផ្ដាច់ការលាក់ក្នុងទ្រូងនេះ នៅតែ… ឃ្លេងឃ្លោង… ។
តើកន្លងមកអាព្រានមុខក្រាស់នោះ បានរកលេសអ្វីខ្លះហើយ ដើម្បីទៅជិតដាហ្ស៊ី តាមរយៈជំងឺប៉ារបស់នាង ?
កែវកាហ្វេក្នុងដៃខ្ញុំ សឹងតែប្រេះបែកដោយសារតែការសង្ស័យមួយ ។
«អ៊ីសាន !»
«បាទចៅហ្វាយ !»
«ទិញភាគហ៊ុនមន្ទីរពេទ្យនោះឱ្យដាច់នៅព្រឹកនេះ !»
ជំនួយការខ្ញុំគេស្ងាត់ ? ហេតុអី ? ពេទ្យឯកជនមួយហ្នឹងតម្លៃប៉ុន្មាន ?
ខ្ញុំបន្ថែមច្បាស់ៗហើយដាច់ណាត់ ៖
«ប៉ុន្មានក៏ដោយ ! ប្រើវិធីរបស់ឯង !»
ខ្ញុំបញ្ជាដោយសំឡេងត្រជាក់ៗ… ហើយអ៊ីសានប្រាកដជាយល់ ។
«ការងារបន្ទាប់ ដូរឪពុកវាចេញ ប្រមូលរាល់ភស្តុតាង ជួយជនរងគ្រោះទាំងអស់ ប្តឹងហើយបញ្ជូនឯកសារទៅតុលាការ ! បង្ហាញរឿងខ្មៅៗឪកូននេះឱ្យឮដល់គ្រប់សារព័ត៌មាន !»
នេះឯង រសជាតិដែលតាំងពីដើមមកខ្ញុំជូនទៅអ្នកណាក្តីដែលហ៊ានធ្វើឱ្យខ្ញុំមួហ្មង ។ ការដែលហ៊ានងើបមុខមកសម្លឹងរបស់ដែលជាកម្មសិទ្ធិរបស់ខ្ញុំ ហើយធ្វើស្លូតៗបន្លំនៅនឹងមុខនាង ! ឆ្អើមខ្លាំង ។
ខ្ញុំចុចបិទទូរសព្ទក្រោយស្តាប់ឮ«បាទទាន!» រួចដកដង្ហើមធំ ទម្លាក់កំហឹងចោលនៅខាងក្រៅនេះ មុននឹងរុញទ្វារកញ្ចក់ដើរចូលមកក្នុងវិញ ។
គ្រាន់តែបោះជំហាន ខ្ញុំឃើញដាហ្ស៊ីរើខ្លួន… ទេពអប្សររបស់ខ្ញុំលើកដៃញីភ្នែកតិចៗ រួចងើបក្បាលឡើងមកក្នុងសភាពស្រឡាំងកាំង ។
ស្រីម្នាក់នេះ !!!
…មែនហ្មង ! …គេតែងតែ… ភាន់ភាំង ស្រឡាំងកាំងបែបនេះជារឿយៗ នៅនឹងមុខខ្ញុំ ។ កូនឆ្មាតូចនេះ… ហាក់ដូចជាកំពុងវង្វេងថា… ខ្លួនឯងកំពុងតែនៅកន្លែងណា ។ សភាពគេ គួរឱ្យអាណិតច្រើនជាងអ្វីទាំងពួងក្នុងលោក ។
ពេលគេងាកមកឃើញខ្ញុំដែលកំពុងឈរសម្លឹងជ្រែងចង្កេះសើចស្រស់ ភ្នែកដ៏បរិសុទ្ធទាំងសងខាងរឹតបើកឡើងធំៗ… ថ្ពាល់ដាហ្ស៊ីប្រែជាក្រហមងាំងដោយក្តីអៀនប្រៀន ។
«ខ្ញុំ… »
សប្តាហ៍ក្រោយចួបគ្នាជាថ្មី !


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ