រឿង៖ នាងនិងគេ (ភាគ២០)

ស្រីតូចតន់របស់ខ្ញុំ គេត្រដេត្រដរចង់ក្រោកឈរឡើងពីកម្រាលព្រំខណៈ ដែលខាងខ្ញុំបោះជំហានវែងៗឆ្ពោះទៅ ។ ម្ចាស់បេះដូងនេះ នាងប្រហែលជាដឹងថា ខ្ញុំប្រុងធ្វើអ្វី តែខ្ញុំរហ័សជាង… មុនពេលគេអាចស្ទុះក្រោកគេចបានពេញលេញ ខ្ញុំលូកដៃទាំងពីរទៅត្រកងបីរាងកាយតូចច្រឡឹងលើកឡើងផុតពីដី ។

«ហើយ… ! ធ្វើអីហ្នឹង ? ដាក់ខ្ញុំចុះ !»

ស្រីតូចស្រែកតវ៉ាភ័យស្លន់ស្លោ ដៃទន់ៗទះតប់វាយលើស្មាខ្ញុំដូចប្រគំជាបទភ្លេងបេះដូង ។

ខ្ញុំមិនខ្វល់ ! …ខ្ញុំបីទេពអប្សរមកទម្លាក់ខ្លួនអង្គុយលើសាឡុងយ៉ាងទន់ល្មៃនេះ ទុកឱ្យរាងកាយគេនៅអង្គុយពីលើខ្ញុំ… លើភ្លៅរបស់ខ្ញុំ ។

 ខ្ញុំឃុំកាយគេមកក្នុងរង្វង់ដៃនេះផ្អឹបជាប់នឹងដើមទ្រូង… យ៉ាងណែន ។

នេះជា Cuddling  ដែលម្សិលមិញ អូទេ តាំងពីម្សិលម្ង៉ៃខ្ញុំដេកស្រមៃម្នាក់ឯង តែពេលនេះបានក្លាយមកជាការពិត ។

«មនុស្សឆ្កួត លែងខ្ញុំ !»

នាងអៀនជាខ្លាំងក្រហមតាំងពីមុខដល់ចុងជើង បម្រះអស់មួយទំហឹងកូនស្រី តែរឹតបម្រះ ខ្ញុំរឹតតែដ្បិតនាងដូចពស់ថ្លាន់រឹតចំណី ។

«បើរើទៀត មិនមែននៅត្រឹមលើសាឡុងទេ យកឡើងទៅបន្ទប់ដេកម្តង !»

ថារួច ខ្ញុំស៊កម្រាមដៃចូលទៅប្រទាក់នឹងម្រាមដៃគេ ហើយរអ៊ូខ្សឹបៗដាក់ត្រចៀកគេ ៖

«កុំធ្វើដូចគ្មានបេះដូងមើល៍ !»

ឮហើយកាលណា រាងកាយស្រីម្នាក់នេះ រឹងស្តូកក្នុងដៃខ្ញុំ ។  ការរើបម្រះត្រូវបានបញ្ឈប់ដោយស្វ័យប្រវត្តិ ។ ដង្ហើមនាងដង្ហក់ញាប់ៗ ពេលដែលខ្នងនាងប៉ះនឹងចង្វាក់បេះដូងខ្ញុំ ។

«ទីន…» នាងខ្សឹបតវ៉ាដោយសំឡេងញ័រៗ តែនិយាយទៀតមិនចេញ ថែមមិនហ៊ានរុញខ្ញុំចេញ ខ្លាចខ្ញុំធ្វើមែន… គឺបីនាងទៅលើផ្ទះ ។

នាងអស់ល្បិចតវ៉ា ក៏ទម្លាក់សំឡេងខ្សោយៗស្នើឡើងមកថា ៖

«អង្គុយ… ស្រួលៗបានទេ ?»

ខ្ញុំឈ្ងោកឃើញម្ចាស់សំឡេងស្នើសុំដោយសំឡេងខ្សោយៗនេះ និយាយដោយបិទភ្នែកហាក់ដូចជាកំពុងព្យាយាមគេចចេញពីក្លិននិងអំណាចរាងកាយរបស់ខ្ញុំដែលកំពុងរុំព័ទ្ធគេ ។

…សភាពគេកំពុងចាញ់សម្រស់ខ្ញុំពិតៗ បើមិនបែបនេះ គេអៀនធ្វើអី ?

អត់ទោសឱ្យពាក្យជេរមុននេះបាន ព្រោះបេះដូងខ្ញុំកំពុងហោះហើរ ។

«អង្គុយលើគ្នា… ម៉េចស្រួលដូចគេង… លើ… គ្នា ?!»

«អៃ…»

គេស្រែកព្រោះខឹងសម្ដីរលាមដែលខ្ញុំពិតជាពេញចិត្តនឹងនិយាយ ។

«និយាយខុស ? ចង់ដឹង ទាល់តែសាកមើល !»

ស្រីម្នាក់នេះស្តាប់ចប់ បើកភ្នែកមកខ្វាកព្រោះខ្ញុំធ្វើជាចង់បីគេក្រោក ។ គេប្រតោងកខ្ញុំទាំងភ័យហើយខ្សឹបខ្សៀវដាក់កែវភ្នែកស្រទន់របស់ខ្ញុំ ៖

«កុំ… នៅស្ងៀមទៅ !»

ខ្ញុំស្តាប់ឮសំឡេងខ្លួនឯងគ្រហឹមសើចតិចៗក្នុងបំពង់កយ៉ាងសិចស៊ី ។

ភ្នែកខ្ញុំដៀមដាមនាងដែលសម្លឹងមកមមីចង់បានការយល់ចិត្ត មនុស្សគេនេះ ខ្ញុំរើសត្រូវហើយ ។ សម័យនេះទៅហើយ តែគេអៀនជាងនាងទាវក្នុងរឿងទៀត ។

ការទប់ទល់របស់នាង ជារឿងគួរឱ្យកំប្លែងបំផុតក្នុងឆាកជីវិតរបស់ខ្ញុំ ។ ឆាប់ចាញ់សម្លុត គ្មានល្បិច ហើយ… មានសំឡេងបេះដូងដែលញាប់ញ័រចាញ់ក្រោមឥទ្ធិពលរបស់ខ្ញុំ ។

«ដាក់… ណ៎ាខ្ញុំចុះ ខ្ញុំមិនរត់ទៅណាទេ !»

ខ្ញុំដកដង្ហើមធំ… អត់ទ្រាំតទល់យ៉ាងលំបាកនឹងធាតុឈ្មោលដែលកញ្ជ្រោលស្រេកឃ្លានយ៉ាងកំណាច ពីក្នុងជម្រៅបេះដូងក៏ដូចជាសរសៃ      សសូងពេញមួយតួខ្លួនរបស់ខ្ញុំ ។ ដើម្បីរម្ងាប់ និងទារការប្រាក់ខ្លះ ខ្ញុំឱនស្រូបយកក្លិនក្រអូបពីសក់របស់នាងសិន រួចទើបសន្សឹមៗបន្ថយដៃដាក់គេទៅម្ខាង ។ ទោះយ៉ាងណា ដៃខ្ញុំនៅលើស្មាគេ ហើយខាងគេក៏មិនហ៊ានលេបសម្ដីដែរ ។

«ដាហ្ស៊ី…»

គេមិនឆ្លើយ… ហើយរឹតប្រឹងបែរខ្នង ។

«អូន ?»

ខ្ញុំហៅម្តងទៀត គេភ្ញោចស្មាទៅរឹតតែឆ្ងាយម្តង នាំឱ្យក្តីមានះហួងហែងរបស់ខ្ញុំចេះតែនៅមិនស្ងៀម ។ ដៃខ្ញុំម្ខាងទៀតកេវយកចង្កេះគេបកមកក្បែរខ្ញុំវិញ ។ ខាងគេភ្ញាក់ផ្អើលខ្លាំងដោយការភ័យបារម្ភ ទើបព្រមឆ្លើយ«ចាស !» ហើយបែរមកសម្លក់ខ្ញុំ ។

ភ្នែកគេធំៗ ខឹងៗក្នាញ់ៗខ្ញុំ តែក៏មមីព្រួយៗ ឯខ្ញុំញញឹមៗដោយស្រទន់សម្លឹងគេដល់ជម្រៅប្រស្រីសងខាង ។

«ហៅធ្វើអី ?»

«នឹក !»

ខ្ញុំរង្គើស្មាគ្រវីនិម្មិតឆ្លើយពាក្យដ៏ខ្លីក្នុងន័យ «នឹក» សូម្បីកំពុងនៅក្បែរៗហើយមានតែពីរនាក់តទល់ ។

គេងាកមុខចេញជាមួយសំឡេងអួលៗខ្សឹបៗ ៖

«មិនដែលទេ ! មនុស្សមួយគំនរ ម៉េចបានមកនឹកខ្ញុំ ?»

ថាហើយ គេខិតចេញបន្តិចវិញទៀត នាំឱ្យខ្ញុំចាំបាច់ត្រូវលូកទៅច្បាមយកគេបកមកកន្លែងដើមវិញ ។

«ហៅបង !!! …ហៅឱ្យ… ដូច… កាលពីល្ងាចនោះ… កាលនៅរោងពុម្ព !»

ខ្ញុំដាក់បញ្ជាទាំងរម្លឹកមកវិញទាំងអស់សភាពដែលគេញញឹមស្រស់ ស្រាយដាក់ខ្ញុំនៅថ្ងៃស្គាល់គ្នាដំបូង ។ តែពេលនេះ មិនដឹងជាខាងគេមានការចាំងត្រលប់នូវអនុស្សាវរីយទាំងនោះមកវិញដែរឬអត់ទេ ?

ពេលនេះ ដាហ្ស៊ីមិនឃើញមាត់ក មិនតបត ដៃក្តាប់ចូលគ្នាដូចជាគេមិនរហ័ស មិនសកម្ម មិនរួសរាយ… ខុសពីចរិតធម្មជាតិរបស់គេ ។

«រួច… រឹងៗម៉្លេះ ? មិនដែលមានប្រុសឱបទេ ?»

ខ្ញុំខ្សឹបដាក់ត្រចៀកដោយឱនដល់ តែមាត់ខ្ញុំប៉ះសាច់គេ ឯគេគេចរេចេញភ្លាមៗ ។ ហេតុតែគេគោរពសម្ដី មិនហ៊ានក្រោកចោលខ្ញុំ គេងាកមកសម្លឹងខ្ញុំដោយកន្ទុយភ្នែកក្នក់ក្នាញ់មាត់រលាមរបស់ខ្ញុំ ។

«ឮសួរដែរ ? មានអ្នកណាគេឱបទេពីមុនមក ?»

ក្នុងរង្វង់ដៃគេ (តំណាលដាហ្ស៊ី)

ពេលនេះ បេះដូងខ្ញុំអត់ដំណើរការប្រក្រតីទេ ។

វាមិនដែលលោតញាប់បែបនេះឡើយ សូម្បីកាលបងវេហាមកសារភាពស្នេហ៍ ។

អូយ ! លោកព្រះ… ចង់ធ្លាយទ្រូងទៅហើយ !

គេសួរថា «មានអ្នកណាគេឱបទេពីមុនមក ?»

សំណួរនេះស្តាប់ទៅដូចឌឺ តែខ្សែភ្នែកស្រាលៗ… កាចៗរបស់គេដែលកំពុងសម្លឹងមក បញ្ជាក់ថា គេប្រចណ្ឌទុកមុនបាត់ទៅហើយ ។

ខ្ញុំខាំបបូរមាត់ខ្លួនឯង មិនហ៊ានងាកមើលមុខគេចំទេ ព្រោះមុខគេឥឡូវនៅជិតណាស់ កៀកសឹងតែប៉ះច្រមុះគ្នា ។

«រឿងអីខ្ញុំត្រូវប្រាប់ ?»

អរគុណខ្លួនឯងខ្លាំងដែលអាចប្រឹងធ្វើមាត់រឹង តបទៅវិញខ្សឹបៗ កំបុតៗ ទាំងដែលដៃនៅទប់ទ្រូងគេនៅឡើយ ។

«អត់ប្រាប់មែន ?»

សំឡេងគេស្រាលឡើងៗ ។ ទោះបព្វតាគេញញឹមចុងមាត់ តែកម្លាំងដៃដែលឱបចង្កេះខ្ញុំ រឹតបង្ខំទាញខ្ញុំឱ្យខិតចូលទៅជិតគេជាងមុនទៀត រហូតរាងកាយយើងសឹងតែក្លាយជាមនុស្សតែម្នាក់ ។

«គិតខ្ញុំផង !» ខ្ញុំភ្លាត់សំឡេងនិយាយទោមនស្សតិចៗ ព្រោះមិនអាចប្រកែកនឹងកម្លាំងទាញរបស់គេ ។

ប្រហែលគេដឹងថាខ្ញុំអន់ចិត្ត បានជាគេសន្សឹមៗគេលែងដៃ ។ តែមុខគេនៅឈ្ងោកមកចរចា ៖

«បើអត់ប្រាប់… បងចាត់ទុកថាអត់មាន ! តែ… បើពីមុនធ្លាប់មាន…  ក៏បងលុបចោលទុកថាគ្មានបាន !»

គេខ្សឹបក្បែរត្រចៀកខ្ញុំជាមួយសព្ទសំឡេងស្អកៗតែបញ្ជាក់ពីភាពជាម្ចាស់ច្បាស់ៗ «ព្រោះ… ចាប់ពីថ្ងៃនេះទៅ គ្រប់យ៉ាងដែលអូនមាន ជារបស់បង… !»

ខ្ញុំគាំង ! កោតគេនិយាយបែបផ្ដាច់ការ ហើយរឹងរូសអត់មើលហេតុផលអីបន្តិចសោះ ។

តែ… ហេតុអីខ្ញុំអត់ខឹង ? ហេតុអីក្លិនខ្លួនគេ ស្នាមញញឹមគេ និងទំហំទ្រូងដ៏កក់ក្តៅរបស់គេកំពុងតែធ្វើឱ្យខ្ញុំលែងចង់រើចេញ ?

ខ្ញុំលួចដៀងភ្នែកមើលថ្គាមរបស់គេ… មើលទៅសង្ហាជាងកាលចួបគ្នានៅរោងពុម្ពដាច់ !

«រួច… មើលយូរម៉្លេះ ចង់ញ៉ែបងវិញមែន ?» គេសួរទាំងញញឹមខួចថ្ពាល់តូចមួយ ជាស្នាមខួចដែលខ្ញុំទើបតែនឹងឃើញ ។

ខ្ញុំទម្លាក់ភ្នែកចេញ… តែមិនបានប៉ុន្មាន ខ្ញុំងើបមកសម្លឹងគេវិញទៀតដោយមិនដឹងខ្លួន ឬនិយាយបានថាជម្នះខ្លួនឯងមិនបាន ។

កែវភ្នែកម្នាក់នេះ… ភ្លឺផ្លេកដូចមនុស្សខូច ហើយគេហាក់បីដូចជានៅរង់ចាំស្តាប់ខ្ញុំសាសង ។

«លេងសើចអ៊ីចឹង សប្បាយត្រង់ណា ?»

ឮពាក្យខ្ញុំ គេរហ័សទម្លាក់ស្នាមញញឹមចោលហើយភាពត្រជាក់ៗកាចៗ របស់គេវិលមកវិញ ។

ដ្បិតតែគេមិនបានឱបរឹតបង្ខាំងខ្ញុំ តែខ្ញុំមានអារម្មណ៍សម្ពាធ… ខ្ញុំខំងាកមុខចេញ ព្រោះថ្ពាល់ក្តៅភាយដូចមានអ្នកណាម្នាក់យកភ្លើងមកដុត ។

«បព្វតា… ទីន !  ខ្ញុំ… ខ្ញុំចង់ទៅផ្ទះ !»

គេសម្លឹងខ្ញុំ ម្ល៉ោះហើយ ខ្ញុំគេចក៏មិនបានយូរដែរ មានតែមើលទៅគេវិញចំៗដើម្បីបញ្ជាក់ថា ខ្ញុំពិតជាមានបញ្ហាក្នុងការប្រឈមមុខពីរនាក់ជាមួយគេ ហើយពាក្យថាចង់ទៅផ្ទះ គឺជាពាក្យពិត​ ។

«ខ្ញុំ… ខ្ញុំមានការងារច្រើនទៀត… ហើយ… ម៉ាក់ខ្ញុំចាំ… !»

គេមិចភ្នែកគិត ។ ខ្ញុំគិតថា គេមិនមានហេតុផលមកបង្ខាំងខ្ញុំ ឬអ្វីទាំងអស់ ! នេះបើគេជាមនុស្សធ្វើតាមហេតុផល ។ តែចិត្តមួយខ្សឹបនឹងខ្ញុំថា ដូចជាមិនងាយដល់ម្ល៉ឹងទេ ។

ស្រាប់តែគេលូកដៃមកចាប់ខ្ញុំ ហើយក្រោកឡើងមុនយឺតៗ ទើបទាញខ្ញុំក្រោកតាម ។

ដោយមិនស្រដី បព្វតានាំខ្ញុំទៅដល់ខាងក្រៅ ។ ដៃគេចុចបញ្ជាឡាន ហើយជើងឱនពាក់ស្បែកជើង ។

ដៃខ្ញុំក្នុងប្រអប់ដៃគេរហូត សូម្បីពេលគេបើកបរ ។ ដល់ជំនិះនាំពួកយើងលូនមកលើផ្លូវកៅស៊ូរាបស្មើ គេផ្តើមនិយាយ ៖

«កន្លងមក គិតថា នេះជារឿងលេងសើច ?»

គេនៅគិតពីពាក្យខ្ញុំកាលពីនៅក្នុងផ្ទះទៀត ?

ខ្ញុំនៅស្ងៀម ឯគេនិយាយមួយៗ ៖

«មិនយូរទេ យើងនឹងក្លាយជាមនុស្សតែមួយហើយ នៅគិតថាលេងសើចបានទៀត ប្រពន្ធអ្នកណានេះ ?»

ចួបគ្នាថ្ងៃស្អែក …

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*