ពាក្យថា «មនុស្សតែមួយ» និង «ប្រពន្ធ» ធ្វើឱ្យបេះដូងខ្ញុំហេងហាង ។
«យើងមិនស្គាល់គ្នាទេ !»
ខ្ញុំតបខ្លីៗហើយឈ្ងោកមុខសម្លឹងម្រាមដៃខ្លួនឯងដែលញាប់ញ័រពេលរឹតដ្បិតនិយាយអំពីហេតុនិងផល ឱ្យដូចមនុស្សចាស់ចិត្តចាស់គំនិត ។
«ហើយ… ថ្ងៃនោះ… ក្នុងរោងពុម្ព… ខ្ញុំគិតថា… បើអ្នកនោះជាអ្នកផ្សេង… ក៏ខ្ញុំចង់ជួយគេដែរ ! មិនសំខាន់ថាអ្នកណាទេ… គឺ… វា… ធម្មតាបំផុតហើយ… សម្រាប់ខ្ញុំ !»
គ្រាន់តែពាក្យនេះរបូតចេញពីមាត់ខ្ញុំចប់ភ្លាម ខ្ញុំឃើញស្នាមញញឹមដ៏ស្រស់សង្ហារបស់គេថមថយ ។ គេដូចជាផ្ដោតស្តាប់តែ… មិនមែនសប្បាយចិត្តឡើយ ។
តែខ្ញុំចាំបាច់ត្រូវនិយាយបន្តឱ្យច្បាស់លាស់ ៖
«បើ… បើកាលហ្នឹង ខ្ញុំធ្វើឱ្យមានការច្រឡំ… ថ្ងៃនេះ… ហោចណាស់ យើងបាននិយាយគ្នាច្បាស់ហើយ ! ពួកយើងអត់មាន… !»
ង៉ឺត !
គេឈប់ឡានង៉ឺត… សឹងកង់បង្វិលលឿនស្លេវតាមចិត្តរបស់គេដែលប្រែប្រួល ។ រាងកាយខ្ញុំហក់ទៅមុខ… តាមកម្លាំងចាប់ហ្វ្រាំង តែត្រូវខ្សែក្រវាត់ទាញមកវាយផ្ទប់នឹងកៅអីវិញ ។ បេះដូងខ្ញុំធ្លាក់ក្ដុក !
បរិយាកាសក្នុងឡានធ្លាក់ចុះត្រជាក់ស្រេបសូន្យអង្សាមួយរំពេច ។
គ្មានសំឡេងអីទាំងអស់ ក្រៅពីសំឡេងម៉ាស៊ីនឡានគ្រហឹមតិចៗ និងដង្ហើមធ្ងន់ៗរបស់មនុស្សប្រុសដែលអង្គុយក្បែរនេះ ។
ខ្ញុំមិនទាន់បាត់ភ័យផង ស្រាប់តែឮសូរ «តឹប !» ។
គេដោះខ្សែក្រវាត់ឡានរបស់គេចេញ រួចទម្លាក់ខ្លួនសង្កត់មកលើកៅអីខ្ញុំ បិទផ្លូវមិនឱ្យខ្ញុំរត់ចេញឬសូម្បីតែចង់កម្រើក ។
ជិតឈឹង… រាងកាយធំស្កឹមស្កៃរបស់គេ… គ្របដណ្ដប់មកលើតួខ្លួនខ្ញុំដូចស្រមោលមច្ចុរាជ ។ ដៃទាំងពីររបស់គេច្រត់សង្កត់លើខ្នងកៅអីសងខាងក្បាលខ្ញុំ… ទុកទីទំនេរមិនឱ្យកម្រើកបានសូម្បីតែមួយចំអាម ។
ខ្ញុំកន្ត្រាក់ខ្លួនថយរហូតខ្នងអឹបជាប់នឹងកញ្ចក់ឡាន ។ ក្លិនទឹកអប់ឈើប្រណីតលាយឡំនឹងដង្ហើមកំហឹងរបស់គេ វាយលុកទម្លុះសួតខ្ញុំ មិនឱ្យស្រូបខ្យល់បានស្រួលដូចមនុស្សម្នាឡើយ ។
«ចិត្តបុណ្យម៉្លេះ ?»
គេសួរខ្សឹបៗ តែចុងដង្ហើមមុតដូចឡាម ។ កែវភ្នែកដែលធ្លាប់តែទន់ភ្លន់អម្បាញ់មិញ ប្រែជាក្រហមងាំង សម្លឹងទម្លុះមុខខ្ញុំដូចចង់ស៊ីសាច់អង្កៀមឆ្អឹង ។
«អ្នកណាផ្សេងក៏បាន ? ហឹស !» គេសើចចុងមាត់ ជាសំណើចដែលគ្មានភាពសប្បាយសូម្បីមួយភាគរយ «បងប្រាប់អូនឱ្យដឹង… សាកទៅប៉ះដៃ ឬធ្វើចិត្តបុណ្យជួយអាប្រុសណាផ្សេងមើល៍… ចាំមើល បើបងមិនបំបាក់កវាមែនឬអត់ !»
«… ខ្ញុំ…» ខ្ញុំភ័យឡើងគាំងមាត់ ពេលឃើញក្រសែភ្នែករោលរាលនិងឆ្កួតលីលារបស់គេ ។ គេប្រចណ្ឌសូម្បីតែជាមួយ «មនុស្សស្រមើស្រមៃ» អ្នកណាមិនដឹងដែលគ្មានទាន់កើតឡើង… ?
«ហើយនឹងអាលចូលគុកមែនទេ ?»
ខ្ញុំខ្សឹបសួរឌឺទាំងក្តាប់ដៃសងខាង ។
មនុស្សខ្ញុំនេះ ស្អប់ណាស់ពាក្យព្យាបាទគំរាមកំហែងគ្នា ។ ខ្ញុំកាន់តែភ័យ ខ្ញុំកាន់តែខំទប់ ។ ខ្ញុំខ្លាច តែមិនឱ្យគេនេះជាន់ទេ ។
«គុក ???» គេគំហកស្រាលៗ តែផ្តើមមកសើចបញ្ឈឺខ្ញុំវិញ ។ ដឹង ! គេមានលុយរមែងតែងមានអំណាច តែបើអង្គុយព្រមឱ្យគេព្រមានរឿងកាច់កអ្នកនេះអ្នកនោះ មានតែខ្ញុំជាមនុស្សប្រភេទណា ?
«ហេតុអី ខ្ញុំជួយអ្នកណា… តែខ្ញុំ… មានពាក់ព័ន្ធអី ? ហេតុអីចង់ទៅហិង្សាដាក់គេ ???»
ថាហើយ ខ្ញុំបញ្ចេញទឹកមុខធុញថប់ងាកចេញ តែខាងគេដកដៃម្ខាងពីបង្អែកកៅអី មកចាប់ទាញចង្កាខ្ញុំ បង្ខំឱ្យងើបមុខទៅទល់ភ្នែកជាមួយគេវិញភ្លាមៗ ។
ម្រាមដៃគេក្តាប់ជាប់ មិនឈឺ តែក៏រើមិនរួច ។
«ដា… ហ្ស៊ី !» ដង្ហើមក្តៅៗរបស់គេរោលលើបបូរមាត់ខ្ញុំ ។
«ទោះមុននេះ… អូនធ្លាប់ជួយអាឆ្កែអាឆ្មាណា បងមិនខ្វល់ទេ ! តែអូនឯងប៉ះបងហើយ… គឺចប់ ! យល់ពាក្យថាចប់ទេ ? ចប់ ឈប់សូម្បីទៅអត់ការងារក្បែរៗអាប្រុសណា !»
ខ្ញុំសម្លឹងកែវភ្នែកផ្ដាច់ការរបស់គេទាំងសងខាង ។ គេនេះ… ថាឆ្កួតមិនចំ… ថាលេងធ្វើពុតក៏មិនមែន… ទ្រូងនេះលោតញាប់ម៉្លេះ ? តិចគេដឹងថាខ្ញុំខ្លាចគេទៅ… បានចិត្តងាប់ហើយ ?
គេនេះឆ្កួតបាត់ហើយ !
«ខ្លួនឯង… ខ្លួនឯងមិនអាចបង្ខំខ្ញុំបែបនេះទេ…» ខ្ញុំខំប្រឹងតវ៉ាខ្សាវៗ ។
គេមិនតបហើយញញឹម ។
«លើកលែង… តែ !»
«លើកលែងអី ?» ខ្ញុំសួរភ្លែតដោយគ្មានការលាក់លៀម គឺខ្ញុំចង់ចេញពីរង្វង់ឆ្កួតៗនេះ ។ «លើកលែងតែអាប្រុសនោះ ឆ្អឹងដែកស្បែកស្ពាន់ !»
«ខ្ញុំ… ខ្ញុំស្រលាញ់ប្រុសណា ចាំបាច់ខ្លួនមកដាក់លក្ខខណ្ឌដែរ ?»
ខ្ញុំតបញ៉ែតៗតាមទំហំចិត្តក្នាញ់ ហើយចង់ឈ្នះមនុស្សផ្ដាច់ការ តែ… សឹងមិនទាន់និយាយចប់ គេឱនមកខាំចុងបបូរមាត់ខ្ញុំប៉ាច់…
អូយ !
ខ្ញុំឈឺតិចៗ… តែគេមិនបានខាំខ្លាំងឡើយ ។ នេះមិនមែនជាការថើប តែជាការដាក់ទណ្ឌកម្ម និងការបោះត្រាបញ្ជាក់កម្មសិទ្ធិដែលធ្វើឱ្យរាងកាយខ្ញុំព្រឺសម្បុរខ្ញាកទទួលស្គាល់ថាចាញ់ប្រៀបគេ ។
ខ្ញុំថប់សឹងគាំងដង្ហើម បិទភ្នែកគ្រឹប… ជិតឈឹង មិនចង់ឱ្យគេឃើញតំណក់ទឹកភ្នែក និងភាពទន់ជ្រាយនេះ ។
គេនៅដំអក់សម្លឹងតាមភ្នែកសើមជោករបស់ខ្ញុំនៅឡើយ ព្រោះខ្ញុំឮដង្ហើមគេសែនជិត ។
តាំងពីកើតមក ខ្ញុំមិនដែលចួបមនុស្សប្រុសណាព្រហើន ផ្ដាច់ការ យកមេឃទ្រាប់អង្គុយដូចគេទេ ។ ខ្ញុំគួរតែស្អប់គេ តែហេតុអី… ហេតុអីប្រយោគគំរាមកំហែង និងការហួងហែងកម្រិតបិសាចអម្បាញ់មិញនេះ… បែរជាធ្វើឱ្យបេះដូងខ្ញុំលោតខុសចង្វាក់ លាយឡំនឹងអារម្មណ៍កក់ក្តៅម្យ៉ាងដែលខំប្រឹងបដិសេធសឹងមិនឈ្នះបែបនេះ ?
«ដាហ្ស៊ី ?»
គេហៅខ្ញុំមិនឆ្លើយ តែបបូរមាត់នេះញាប់ញ័រ តូចចិត្តចង់តែស្រែកយំឡើងខ្លាំងៗ តែខ្ញុំខំទ្រាំ ។ គេជាអី ? គេមានសិទ្ធិអីមកធ្វើឱ្យខ្ញុំយំ ហើយគេមានសិទ្ធិអីមកឃើញខ្ញុំចាញ់គេដោយអំពើផ្តាច់ការអស់នេះ ?
«ដាហ្ស៊ី !»
ខ្ញុំបន្តបិទភ្នែករឹតតែជិតលើសមុន… ខណៈបាតដៃមួយគ្រើមរឹងនិងធំប៉ះខ្នងខ្ញុំពីក្រោយ ហើយអ្វីមួយទៀតទន់ៗប៉ះពាល់ទងត្រចៀកខ្ញុំ ។
គឺបបូរមាត់របស់គេ…
«ចង់ដឹងរឿងនៅពេទ្យដែរ ?» គេសួរខ្ញុំ ។ ឮកាលណា ខ្ញុំបើកភ្នែកមកវិញដោយសភាវៈគតិ ។ គេ ? …គេសាហាវនិងអន់ស្មោកគ្រោកដល់ថ្នាក់យកប៉ាខ្ញុំដែលជាអ្នកជំងឺម្នាក់មកឡូកឡំគំរាមខ្ញុំ ?
ខ្ញុំមើលគេក្រឡង់ៗខណៈខាំមាត់ព្រោះខឹងនិងតូចចិត្តជាទីបំផុត ។
ទំនងទឹកភ្នែកខ្ញុំធ្វើឱ្យគេដឹងសម្ពាធចិត្តដ៏ធ្ងន់នេះ បានជាគេផ្លាស់ទឹកមុខបន្តិចព្រមថយខ្លួនទៅកៅអីគេវិញ ហើយនិយាយ ៖
«អាអាវសព្រឹកមិញ ត្រូវគេប្តឹងហើយ ! ចង់ជឿវាទៀតដែរ ?»
គេនិយាយពីអ្នកណា ? ផាណង្គ ? គេនេះនៅប្រចណ្ឌ មិនទាន់ចេញពីរឿងនៅហាងកាហ្វេទៀត ? តែក៏ល្អបន្តិចដែរ ដែលគេមិនបានយកប៉ាយើងមកឡូកឡំដូចការស្មាន ។
ខ្ញុំនៅស្ងៀមរង់ចាំស្តាប់ គេប្រាប់មកទៀតថា ផាណង្គត្រូវបានស្រីៗជាច្រើនប្តឹងផ្តល់ដោយសារការបៀតបៀន ។
គេនិយាយគ្រប់យ៉ាង ខ្ញុំភ្ញាក់ផ្អើលយ៉ាងណានៅតែមិនមាត់មិនក ព្រោះមិនចង់ឱ្យគេដឹងចិត្ត ទោះណាជាដំណឹងនេះបណ្តាលឱ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងណាក្តី ។
ម្រាមគេប៉ះមកលើម្រាមខ្ញុំ ខ្ញុំដកចេញ គេក៏បះមកទៀតតាមរបៀបមានះរបស់គេ ធ្វើឱ្យខ្ញុំលែងខ្ចីដកដោយសារមុននិងក្រោយ… ដដែលជា ដដែល ។
«បងស្រលាញ់អូន !»
គេនិយាយហើយជាន់ហ្គាចេញឡានទាំងដែលខ្ញុំនៅមិងមាំងនឹងពាក្យបួនម៉ាត់នេះ ។ ដៃខ្ញុំក្នុងបាតដៃគេ ។ ប្រាណខ្ញុំក្នុងឡានគេ ។ ចិត្តខ្ញុំនៅងប់នៅពាក្យពេចន៍របស់គេ ។
«ស្រលាញ់តាំងពីឃើញគ្នាភ្លាមៗ !»
គេបន្ថែមមកទៀតធ្វើឱ្យខ្ញុំរឹតតែហេងហាង ។ ហេតុអ្វី ? គេនេះ… ? គេមានសព្វបែបយ៉ាង គេសង្ហា គេមានសមត្ថភាព ហេតុអីគេខ្វះមនុស្សស្រី ?
ហេតុអីខ្ញុំមិនចួបគេ មុនពេលចួបប្រុសក្បត់ចិត្តម្នាក់នោះ ?
«ស្មានថាខ្ញុំជឿ ?» ខ្ញុំរអ៊ូម្នាក់ឯង ។
«តេស្ដបងទៅចឹង ?»
«អត់ចំណូលចិត្តទេ !»
«រៀនទៅ ! រៀនបណ្តើរៗ បងចាំបាន ! បងអាចមកឱ្យអូនរៀនស្រលាញ់បងរាល់ថ្ងៃ !»
ខ្ញុំងាកទៅរកគេ ។ ទឹកភ្នែកដែលខ្ញុំខំទប់របូតមកសាជាថ្មី ។ ខ្ញុំមិនយំ មិនពេប ឬសូម្បីទន់ជ្រាយ តែវានៅតែស្រក់ ។ ខ្ញុំសើចទាំងទឹកភ្នែក…
មុខគេក្រហមមើលមកខ្ញុំ ។ គេបើកឡានផង គេងាកមកផង… ម្តងៗ គេងាកទៅវិញមើលផ្លូវធ្វើដំណើរ តែមិនអាចនៅយូរឆ្ងាយពីមុខខ្ញុំឡើយ ។
ខ្ញុំវាសទឹកភ្នែកចេញ ហើយងាកទៅរកទិសផ្សេង ។
«សុំតែម្យ៉ាង ! តេស្ដមនុស្សតែម្នាក់បានហើយ ! ហាមមានមុខក្រោយ !»
ខ្ញុំប្រិចភ្នែក… ហើយនិយាយមួយៗ ៖
«យើងខុសគ្នា ! តេស្ដមិនចេញទេ ! យើងខុសគ្នាខ្លាំង… កាន់តែនៅជិត យើងកាន់តែខុសគ្នា !»
«មនុស្សមិនល្អ ក៏មានសិទ្ធិមកស្រលាញ់គេល្អៗដែរ… មិនអ៊ីចឹង ?»
ខ្ញុំទទួលអារម្មណ៍ថាចម្លែក… ខ្ញុំគិតថាពួកយើងមានឋានៈខុសគ្នា គេខ្ពស់ ខ្ញុំគ្មានអ្វី មានតែបន្ទុកនិងបរាជ័យទាំងស្នេហាទាំងការងារ ឯគេ… គេបែរជាគិតថា គេនេះជាមនុស្សមិនល្អ ហើយខ្ញុំល្អ ?
ខ្ញុំងាកមកសម្លឹងគេ ។ បព្វតាមិនមើលមកខ្ញុំទៀតទេ តែច្រមុះស្រួចខ្ពស់របស់គេហាក់កំពុងតូចចិត្ត ។
«អ្នកណាមនុស្សអាក្រក់ ?»
ខ្ញុំសួរដោយឱបក្រពាត់ដៃ… ធ្វើដូចរឹងមាំ តែចិត្តនេះលបអាណិតគេ ស្រាយកំហឹងទាំងប៉ុន្មានបានភ្លាមៗវិញតែម្តង ។
«មនុស្សដែលគេមិនស្រលាញ់ !»
បព្វតាថាហើយដៀងមកញញឹមដាក់ខ្ញុំ ដូចចង់ឱ្យខ្ញុំប្រដេញសួរទៀតថា «អ្នកណាមិនស្រលាញ់ ?» តែខ្ញុំមិនចូលអន្ទាក់គេងាយៗចឹងទេ ។ ខ្ញុំនិយាយដោតឈ្ងោកមុខគិត ៖
«បើគេមិនស្រលាញ់ ក៏ចួនកាលមិនមែនមកពីយើងអាក្រក់ អាចថា… មកពីគេ… គេមិនស្គាល់យើង !»
ឡានពណ៌ខ្មៅរបស់គេរអិលមកឈប់ង៉ក់នៅមុខខ្លោងទ្វារវីឡាតឿ ចាស់ និងផ្ទះទ្រុឌទ្រោមចាស់ទុំរបស់ខ្ញុំ ។
ខ្ញុំប្រញាប់ដោះខ្សែក្រវាត់ ត្រៀមនឹងឈានចុះ ព្រោះតែសម្ពាធនៃការដកដង្ហើមមិនស្រណុកនៅក្នុងឡានជាមួយគេយូរពេក ។ តែ… គ្រាន់តែម្រាមនេះប៉ះគន្លឹះទ្វារ…
«យប់នេះ… ចាំទូរសព្ទបង !»
សំឡេងផ្ដាច់ការខ្សឹបពីក្រោយខ្នង ធ្វើឱ្យខ្ញុំអាក់ដំណើរ ។ ខ្ញុំមិនងាកទៅមើលមុខគេទេ គ្រាន់តែរុញទ្វារចុះយ៉ាងលឿន រួចដើរចូលផ្ទះដោយមិនងាកក្រោយ ។ ទោះខំប្រឹងដើរឱ្យត្រង់ខ្លួនយ៉ាងណា ក៏បេះដូងនេះនៅតែលោតញាប់ដូចគេវាយស្គរជ័យ ដរាបណាសំឡេងម៉ាស៊ីនឡានរបស់គេមិនទាន់បរចេញផុត ។
គ្រាន់តែរុញទ្វារផ្ទះចូលមកដល់… បរិយាកាសដែលធ្លាប់តែកក់ក្តៅនៅទីនេះ បែរជាអាប់អួខុសធម្មតា ។
ម៉ាក់កំពុងអង្គុយកៅអីផ្ដៅនៅកូនសួនផ្កាចំហៀងផ្ទះ ។ មើលពីក្រោយទៅ គាត់មានទុក្ខទៀតហើយ ។
រឿងបារម្ភអនាគតខ្ញុំ ? គាត់បារម្ភវត្តមានកប់ពពករបស់បព្វតា ? គាត់ខ្លាចគេធ្វើបាបកូនគាត់ដូចលំនាំអ្នកមុន ?
មិនបាច់ឆ្ងល់ទេ ក្រោយពេលប៉ាឈឺ ផ្ទះយើងលែងដូចដើមហើយ ។ មេផ្ទះមិនដែលខ្វះអ្វីម្នាក់ បានត្រូវទៅបម្រើពួកអភិជន ហើយជារឿយៗគាត់បានលបប្រាប់ខ្ញុំអំពីចរិតពិបាកផ្គាប់នៃមនុស្សក្នុងគេហដ្ឋានលោកវណ្ណឆៃ ។
«ម៉ាក់ ?»
ខ្ញុំហៅថ្នមៗ គាត់ងាកមកបន្តិច ។ ខ្ញុំបោះសោទៅលើខ្នងទូតាំងស្រឹប ! ឯបេះដូងធ្លាក់ស្រពោនវិញភ្លាមៗ បាននិម្មិតឃើញរបស់មួយ…
ស្រោមសំបុត្រពណ៌មាសដ៏ប្រណីតមួយ… ។
ធៀបការ ?
ខ្ញុំកន្ត្រាក់យកកាតនោះមកមើល ។ បេះដូងខ្ញុំបាក់ស្រឹប !
ធៀបការរចនាឡើងពីក្រដាសនាំចូលពណ៌មាស ចាំងផ្លេក ហ៊ឺហាដូច ឋានៈរបស់ម្ចាស់វា ។ អក្សរធំៗបោះពុម្ពនៅចំកណ្តាល៖
«វេហា និង មាណាកា» ។
មុននេះពួកគេនាំគ្នាមកបញ្ឈឺម្តាយខ្ញុំ ?
ខ្ញុំងាកទៅរកម៉ាក់ហើយឈានទៅយ៉ាងប្រញាប់ ! គ្រាន់តែឃើញខ្ញុំដើរចូលមក គាត់ប្រញាប់យកដៃជូតទឹកភ្នែកលាក់កំបាំងទុក្ខព្រួយ ។
«ម៉ាក់… ម៉ាក់កើតអី ?» ខ្ញុំស្ទុះទៅរកគាត់ភ្លាម ។
«អត់… អត់មានអីទេកូន…» គាត់ឆ្លើយទាំងអួលដើមក ។
«កូនចៅតាវណ្ណឆ័យ ទើបតែយកមកឱ្យអម្បាញ់មិញ ។ គេផ្តាំប្រាប់ម៉ាក់ថា មានពេលទៅជួយតាំងពីមុនថ្ងៃក៏ល្អ ព្រោះភ្ញៀវសុទ្ធតែអភិជនត្រូវការរៀបចំច្រើន គេខ្វះគូលីកម្មករ !»
ម៉ាក់ពោលនិយាយទាំងយំខ្សឹកខ្សួលតិចៗ អាណិតខ្លួន អាណិតកូនស្រី អាណិតជីវិតកំព្រាដែលត្រូវគេទុកជាវត្ថុគ្មានជីវិត… ពួកអ្នកមាន… ដែលមិនយល់ចិត្តមនុស្សដូចគ្នា ។
«តែ… ដាហ្ស៊ី… កុំគិតច្រើនកូន… ម៉ាក់មិនទៅពាក់ព័ន្ធពួកហ្នឹងទេ… !»
ខ្ញុំដៀងសម្លឹងមើលធៀបការលើខ្នងទូតាំង ហើយដៀងមកម្តាយ ។ ពួកនោះចាំបាច់អីមកបញ្ឈឺម៉ាក់ ?
ជាគំនិតអ្នកណា ? តាវណ្ណឆៃ ឬកូនស្រីសំណព្វរបស់គាត់ ? គាត់ក៏ដឹងដែរថា អនាគតកូនប្រសារបស់គាត់ធ្លាប់ពាក់ព័ន្ធគ្រួសារនេះ ម្តេចនៅងងើលមករកម្តាយខ្ញុំទៅជួយ ?
ហឹម !
ខ្ញុំថយមកចាក់ទឹកលេប សម្រន់សម្ពាធនិងទុក្ខព្រួយអំពីជីវិត ។
បើសិនថា រឿងនេះកើតឡើងកាលពីពីរថ្ងៃមុន ខ្ញុំប្រាកដជាយំសន្លប់បោកខ្លួន រហូតដាច់ខ្យល់មិនខាន ឬអាចបិទទ្វារបន្ទប់ជាប់មិនខ្ចីចេញ ។
ប៉ុន្តែ… គួរឱ្យចម្លែក ! វិនាទីនេះ ពេលឃើញឈ្មោះប្រុសក្បត់ បញ្ញើក្អែកលើធៀបមាស ម្តេចបានជាក្នុងខួរក្បាលខ្ញុំបែរជានឹកឃើញដល់ប្រយោគ កំបុតៗ របស់មនុស្សប្រុសម្នាក់ផ្សេង ?
ក្លិនគេនៅជាប់ទីនេះ… ជុំវិញខ្យល់ដែលខ្ញុំកំពុងដកដង្ហើម ។
បព្វតា… ទីន… ខ្លួនជាអ្នកណា ? ខ្លួនម្នាក់ទៀតមែនទេ ដែលចូលមកក្នុងជីវិតខ្ញុំក្រោមល្បិចពួកអភិជន ?
ចង់បានអី ?
តែ… ស្នាមខាំបបូរមាត់ខ្ញុំមុននេះ ម្តេចក៏នៅឈឺតែផ្អែមម្ល៉េះ ? ខ្ញុំមិន ស្តាយ ស្នាមមួយដែលត្រូវគេខាំនេះទេ មើលទៅមិនដូចជាទណ្ឌកម្មសោះ… បែរជាអ្វីមួយដែលមាន… អត្ថន័យ… ពិតមែន ។
«បើនឹកអាសំរាមនោះទៀត បងទៅសម្លាប់វា !»
ខ្ញុំព្រឺសម្បុរខ្ញាក នេះជាសម្ដីលើកទីមួយ ដែលគេសម្រុកចូលមកក្នុងហាងខ្ញុំ នៅល្ងាចដែលវេហាមកសុំបែកគ្នា ។
ឈប់ ! គេម្នាក់ហ្នឹង ដូចជា… ដឹងគ្រប់យ៉ាងជុំវិញខ្ញុំ ?
«ចាំទុក ដាហ្ស៊ី… » សំឡេងគ្រលរៗត្រជាក់របស់គេដែលបន្លឺនៅល្ងាចនោះរម្លឹកឡើងមកវិញយឺតៗ តែចាក់ដោតដល់ជម្រៅបេះដូង «កុំឱ្យសោះ ! …កុំហ៊ានបោះបោកឬបដិសេធរាល់របស់ដែលបងប្រគល់ឱ្យអូនឱ្យសោះ… មិនអ៊ីចឹងទេ បងនឹង… កុំឱ្យបងធ្វើរឿងដែលបងមិនចង់សូម្បីនិយាយវា !»
អំណាចរបស់ទីន កំពុងតែគ្របដណ្ដប់ខួរក្បាលខ្ញុំទាំងស្រុង ធ្វើឱ្យរឿងឈឺចាប់របស់វេហា ក្លាយជារឿងសោះកក្រោះ គ្មានរសជាតិ ។
«កូន ?»
ខ្ញុំភ្ញាក់ធ្លាក់កែវទឹកប្រាវបែកខ្ចាយ…
ចួបគ្នាជាថ្មីនៅថ្ងៃស្អែក


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ