រឿង៖ នាងនិងគេ (ភាគ២២)

ខ្ញុំភ្ញាក់ធ្លាក់កែវទឹកប្រាវបែកខ្ចាយ…

ម៉ាក់និងខ្ញុំស្រឡាំងកាំងមើលមុខគ្នា ។ ខ្ញុំដូចជាមនុស្សគ្មានវិញ្ញាណទេ…  នៅចំពោះមុខគាត់ ។ តែដាច់ខាត…  មិនមែនឥទ្ធិពលប្រុសបោកប្រាស់ម្នាក់ហ្នឹងឡើយ…  ខ្ញុំស្ទុះទៅរកអម្បោស…  ម៉ាក់ដើរមកតាមខ្ញុំដូចជាគាត់កំពុងតែបារម្ភមែនទែន ។

«កូនមិនកើតអីទេណា៎  សន្យានឹងម៉ាក់មក !» គាត់ខ្សឹបរលីងរលោងធ្វើឱ្យខ្ញុំដកដង្ហើមធំ ទម្លាក់អម្បោសចោល ហើយទាញម៉ាក់មកឱប ។

គាត់យំសសឹកក្នុងទ្រូងខ្ញុំ ។

«មិនមែនជារឿងដែលយើងត្រូវយំទេម៉ាក់ ! ខ្ញុំលែងខ្វល់ពីមនុស្សធុនហ្នឹងយូរហើយ !»

ម៉ាក់ងើបមុខមកដោយបើកភ្នែកធំៗសម្លឹងខ្ញុំ គាត់ហាក់មិនជឿថាខ្ញុំអាចរឹងមាំបានលឿនបែបនេះ ។

«ម៉ាក់ កុំគិតអីទៀត ប្រយ័ត្នឈឺ !»

មិនទាន់បាននិយាយអីបន្តផង ស្រាប់តែទូរទស្សន៍ចាស់ដែលម្តាយខ្ញុំទម្លាប់បើកចោល បានលោតចូលមកនូវព័ត៌មានទាន់ហេតុការណ៍ ៖

«Breaking News ព័ត៌មានក្តៅៗ ! មន្ទីរពេទ្យ សមុទ្ទចិត្ត ត្រូវបានទិញភាគហ៊ុនផ្តាច់ដោយក្រុមហ៊ុនធំមួយនៅព្រឹកនេះ ! អ្វីដែលគួរឱ្យភ្ញាក់ផ្អើល នាយកមន្ទីរពេទ្យ និងកូនប្រុស គឺលោកវេជ្ជបណ្ឌិត ផាណង្គ ត្រូវបានកម្លាំងប៉ូលិសចាប់ខ្លួនភ្លាមៗ ក្រោយពីមានការទម្លាយឯកសារសម្ងាត់រាប់សិបច្បាប់ពាក់ព័ន្ធនឹងការរំលោភបំពានអ្នកជំងឺ ក៏ដូចជាការគំរាមកំហែង និងអំពើពុករលួយ !»

រូបភាពក្នុងទូរទស្សន៍បង្ហាញពីលោកគ្រូពេទ្យផាណង្គដែលធ្លាប់តែសង្ហា និងញញឹមរាក់ទាក់ដាក់ខ្ញុំកាលពីប៉ុន្មានម៉ោងមុន កំពុងត្រូវបានគេវាយខ្នោះអូសចូលឡានប៉ូលិសទាំងមុខស្លេកដូចមនុស្សងើបពីលង់ទឹក ។

ម៉ាក់យកដៃខ្ទប់មាត់ ភ្ញាក់ផ្អើលសឹងគាំងបេះដូង ។

ឯខ្ញុំវិញ… ជើងទាំងពីរទន់សឹងតែដួលស្រុត ។ ត្រចៀកខ្ញុំខ្ទរពាក្យសម្ដីរបស់ទីនដែលគំរាមផាណង្គនៅក្នុងហាងកាហ្វេ ៖

«.… មុនពេលមន្ទីរពេទ្យនេះ.… ត្រូវប្តូរនាយកគ្រប់គ្រង !»

ភ្នែកខ្ញុំរេរកមើលទូរសព្ទ ។

ដ្បិតណាតែកាលពីជិះមកតាមផ្លូវគេបាននិយាយរឿងមន្ទីរពេទ្យសមុទ្ទចិត្តនេះឱ្យខ្ញុំដឹងដែរតែខ្ញុំមិនភ្ញាក់ផ្អើលអ្វីស្មើនឹងឃើញគ្រប់យ៉ាងក្នុងព័ត៌មានទេ ។

ស្នាដៃគេធ្វើមែនទេ ?

បើអ៊ីចឹង ?… គ្រប់យ៉ាង…  គេមិនបាននិយាយលេងសូម្បីតែមួយម៉ាត់ណា ។ ត្រឹមតែប៉ុន្មានម៉ោងក្រោយពីឃើញផាណង្គញញឹមដាក់ខ្ញុំ គេបានកម្ទេចអាជីពកិត្តិយស និងជីវិតគ្រួសាររបស់គេឱ្យរលាយបាត់ពិតមែន ?

បិសាច… គេពិតជាស្តេចបិសាច ! ខ្ញុំលូកដៃទៅស្ទាបបបូរមាត់ខ្លួនឯងដែលនៅសេសសល់ស្នាមដាក់ទណ្ឌកម្មរបស់គេ ។ ការហួងហែងរបស់គេ វាកាចសាហាវ និងគ្រោះថ្នាក់ដល់កម្រិតនេះទៅហើយ តើខ្ញុំកំពុងតែដើរចូលទៅក្នុងភ្លើងនរក ឬក៏ឋានសួគ៌ឱ្យប្រាកដទៅ ?

អន្ទាក់បិសាច​ (តំណាលបព្វតា)

«ចប់ភារកិច្ច !»

ខ្ញុំពោលពាក្យនេះតិចៗតែម្នាក់ឯងខណៈកំពុងឈរឱបទ្រូងសម្លឹងមើលអេក្រង់ទូរទស្សន៍ខ្នាតធំនៅក្នុងការិយាល័យ ។ រូបភាពអាពេទ្យផាណង្គ ត្រូវប៉ូលិសវាយខ្នោះអូសចូលឡានទាំងអាម៉ាស់ កំពុងចាក់ផ្សាយគ្រប់ប៉ុស្តិ៍ និងគ្រប់បណ្ដាញសង្គម ។

នៅពីក្រោយខ្នងខ្ញុំ អ៊ីសានកំពុងឈរឱនក្បាលរាយការណ៍បន្ថែម ៖

«ឯកសារពុករលួយ និងកំណត់ត្រាវេជ្ជសាស្ត្រក្លែងក្លាយរបស់វា ត្រូវបានបញ្ជូនដល់ដៃតុលាការ និងអ្នកសារព័ត៌មានអស់ហើយទាន ! ឪពុករបស់វាក៏ត្រូវដកហូតទ្រព្យសម្បត្តិសងជំងឺចិត្តអ្នករងគ្រោះដែរ  ត្រកូលនេះ… លែងមានផ្លូវងើបមុខរួចហើយ !»

«ល្អខ្លាំង ! ល្អ !» ខ្ញុំឆ្លើយខ្លី ភ្នែកនៅតែសម្លឹងទូរទស្សន៍ ។

«ចុះចំណែករឿង… លោកធន្នក្រៃ ?» អ៊ីសានសួរដោយប្រុងប្រយ័ត្ន ។

«ឱ្យក្រុមគ្រូពេទ្យស្វីស ចាប់ផ្តើមអនុវត្តការព្យាបាលតាមស្ដង់ដាខ្ពស់បំផុត ។ បិទព័ត៌មានកុំឱ្យអ្នកណាដឹងថា កន្លងមកអាផាណង្គវាលួចចាក់ថ្នាំសង្កត់សរសៃប្រសាទគាត់…  កំណត់ត្រាពេទ្យមួយនេះនឹងប្រាប់ទៅដាហ្ស៊ីដោយផ្ទាល់មាត់នៅពេលវេលាសមប្រកបមួយ !»

«បាទទាន !» អ៊ីសានទទួលបញ្ជា រួចថយចេញទៅយ៉ាងស្ងៀមស្ងាត់តាមទម្លាប់ ។ នៅក្បែរខ្ញុំបានយូរព្រោះអ៊ីសានមានទំនោរធ្វើជាមនុស្សយន្តដែលមិនមានអង្គចងចាំនូវរឿងដែលចប់ទៅ ហើយមកផ្ដោតតែលើបណ្តារឿងថ្មីៗទៀតដែលខ្ញុំនឹងត្រូវឱ្យគេធ្វើសកម្មភាព ។

ពេញចិត្តខ្លាំងថ្ងៃនេះ ! ខ្ញុំដើរទៅទាញកែវស្រា Whiskey ដែលមានទឹកកកមួយដុំ មកគ្រវី ។ សំឡេងទឹកកកប៉ះកែវគ្រីស្តាល់លាន់ «កក្អឹកៗ» ស្តាប់ទៅពីរោះរណ្ដំដូចចង្វាក់បេះដូងស្រីល្ងង់ៗឫកពាហំហានម្នាក់ដែលប្រហែលជាកំពុងតែឡេះឡះនឹងជីវិតថ្មីចម្លែកៗរបស់គេ ។

ម៉ោងនេះ វិនាទីនេះ គេអាចនឹងកំពុងឈរស្ងៀមធ្មឹងមុខទូរទស្សន៍ ។ ហើយគេនឹងនឹកយើង… ព្រោះប្រាកដជាដឹងហើយថា នេះមិនមែនជារឿងចៃដន្យទេ ។

ខ្ញុំញញឹមចុងមាត់ លើកស្រាអកបង្ហើយដូចកំពុងក្លែមជាមួយក្លិននិងរសជាតិរបស់នាង នៅតែជាប់នៅចុងបបូរមាត់របស់ខ្ញុំ ។ សំឡេងគេ «គិតខ្ញុំផង !» កាលពីនៅក្នុងឡាន… «បងគិតអូនរួចហើយក្មេងល្ងង់ !» គ្រាន់តែនឹកឃើញពាក្យនេះក្នុងចិត្តម្នាក់ឯង ក៏ធ្វើឱ្យឈាមក្នុងខ្លួនខ្ញុំពុះកញ្ជ្រោល ។

សម្លឹងទីក្រុងធំធេងមួយនេះ… ខ្ញុំគិតថា នាងអាចចង់គេចចេញពីខ្ញុំដោយត្រឹមហេតុផលនៃពាក្យថា «យើងមិនស្គាល់គ្នា» មែនទេ ? ឬនាងគិតថា ខ្ញុំអស្ចារ្យពេកសម្រាប់នាង គួរឱ្យធុញពេក ឬស្អិតពេក… តែនាងនឹងមិនគិតថា ខ្ញុំអន់ពេកនេះមែនទេអូន ? គិតបែបណាក៏ដោយ… អូននៅតែជារបស់បង ។

ក្នុងចិត្តនេះ កាលដែលខ្ញុំកម្ទេចអាផាណង្គ វាគ្រាន់តែជាការព្រមានទីមួយ ។ បងចង់ឱ្យអូនដឹង ដាហ្ស៊ី… ថាបងមិនមែនជាមនុស្សល្អ ហើយបងក៏មិនដែលលេងសើច ។ អំណាចរបស់បងអាចធ្វើឱ្យមនុស្សដែលហ៊ាន      ញញឹមដាក់អូន រលាយបាត់ពីផែនដីត្រឹមមួយប៉ប្រិចភ្នែក ។

ខ្ញុំទាញទូរសព្ទដៃចេញពីហោប៉ៅ អូសរកឈ្មោះដែលខ្ញុំបាន Save ទុក ។ ខ្ញុំប្រាប់នាងឱ្យរង់ចាំទូរសព្ទខ្ញុំ ប៉ុន្តែមនុស្សដូចខ្ញុំមិនចូលចិត្តការរង់ចាំទេ ។ ខ្ញុំចង់ឃើញកែវភ្នែកដ៏ភាំងៗ  ភ័យៗ និងចរិតត្រដរមិនព្រមងាយចុះចាញ់របស់នាងនៅពេលនេះ… ភ្លាមៗនេះ !

ខ្ញុំចុចបញ្ជូនសារមួយខ្សែទៅកាន់នាង ៖

«មើលព័ត៌មានហើយឬនៅ ? បងបានប្រាប់ហើយថាមែនអត់ ? បងមិនចូលចិត្តឱ្យអ្នកណាផ្សេងមកប៉ះពាល់ស្រីបងទេ ។ ល្ងាចនេះ ម៉ោង៧យប់ ញ៉ាំបាយ OK ?»

«ខ្ញុំញ៉ាំជាមួយម៉ាក់ !»

នាងតបភ្លាមៗតែម្តង គឺតបរបៀបបដិសេធបង កូនឆ្មា ?

«ចឹងបងទៅញ៉ាំជាមួយ !»

«អត់ទេៗ កុំមក !»

ខ្ញុំទម្លាក់ទឹកមុខស្មើ ។ ប្រសិននាងប្រកែកព្រោះនាងមិនចង់ចួបខ្ញុំ នាងមានទោសមធ្យម តែបើនាងកុហកហើយមានអ្នកផ្សេងបាយជាមួយនាងនិងម៉ាក់នាង ប្រាកដជាម្ចាស់តុក្កតាម្នាក់នេះមានរឿងធំជាមួយបព្វតា ។

ខ្ញុំដកដង្ហើមឃូរទប់ចិត្តច្របូកច្របល់ហើយសរសេរ ៖

«បងមានរឿងមួយដែលអូនមិននឹកស្មានដល់ ! ចង់ប្រាប់… ពាក់ព័ន្ធនឹងការព្យាបាលប៉ារបស់អូន… ហេតុផលប៉ុណ្ណឹងអាច Date អូនបានឬនៅ ដាហ្ស៊ី !»

ខ្ញុំចុចបញ្ជូន រួចបោះទូរសព្ទចោលទៅលើតុ ។

នុយដ៏ធំបំផុតត្រូវបានបោះទម្លាក់ហើយ ។ គេ… គេមិនអាចមិនខ្វល់ពីប៉ាដែលគេស្រលាញ់ជាងជីវិតទៅទៀតនោះទេ ។ ដូច្នេះ ទោះជានាងភ័យខ្លាចខ្ញុំដល់កម្រិតណា ក៏នាងគ្មានជម្រើសអ្វីក្រៅពីដើរចូលមកក្នុងអន្ទាក់ដែលខ្ញុំបានត្រៀមទុកនៅយប់នេះដដែល ។     

អ្វីៗដូចការរំពឹងទុក ។ ខ្ញុំអង្គុយគោះចង្កូតឡានស្ព័រលេងយឺតៗ កែវភ្នែកសម្លឹងកាត់កញ្ចក់ពណ៌ខ្មៅងងឹត តម្រង់ទៅរកខ្លោងទ្វារផ្ទះវីឡាចាស់ទុំរបស់គេ ។

មិនដល់៥នាទីផង រាងកាយតូចច្រឡឹងក៏ស្ទុះរត់ចេញមកទាំងប្រញាប់ប្រញាល់ ។ ខ្ញុំញញឹមចុងមាត់… លបអាណិតគេដែលស្លើតស្លក់ស៊ីនុយខ្ញុំ ។ ការប្រទាក់យកកូនបក្សីតូចនេះបានមកប្រលោមលួងគឺជាល្បែងម្យ៉ាងរំភើបលាយប្រចណ្ឌដែលធ្វើឱ្យបេះដូងខ្ញុំប៉ុន្មានថ្ងៃមកនេះ អាចរស់រានឡើងវិញដូចគេឯងក្រោយពេលវាគាំងធ្មឹងជាងមួយទសវត្សមកហើយ ។

ខ្ញុំដឹងថា ឱ្យតែជារឿងប៉ាឬម៉ាក់របស់នាង ទោះជាត្រូវដើរចូលរូងខ្លា ក៏ដាហ្ស៊ីមិនរួញរាដែរ ។

តែ… សង្ឃឹមថា… គេមិនទុកខ្ញុំជាសត្វខ្លាមួយក្បាលនោះទេ ។

ទ្វារឡានបើក ហើយនាងក៏ចូលមកអង្គុយតាមសម្រួល ។ ខ្ញុំមិនចាំបាច់អីចេញទៅគាបសង្កត់នាងដូចមុនៗឡើយ ។

វគ្គនេះជាវគ្គដែលខ្ញុំត្រូវបង្ហាញពីភាពកក់ក្តៅ និងសេចក្តីពិតដ៏ឃោរឃៅដែលពិភពលោកនេះនាងមើលមិនស្គាល់ដោយរវល់តែឱនឈ្ងោកនឹងក្បាច់ចម្លាក់របស់នាង ។ ដើម្បីទាញនាងឱ្យមកជ្រកកោនក្រោមស្លាបរបស់ខ្ញុំ ខ្ញុំត្រូវតែយកដង្ហើមនាងមកគ្រប់គ្រងត្រឹមល្ងាចនេះ… តាមរយៈការលាតត្រដាងនូវស្ថានភាពពិតគួរឱ្យខ្លាចសម្រាប់គ្រួសារនាងដែលនាងមិនអាចរស់បាន ឬទប់ទល់បានទេ ពេលគ្មានខ្ញុំ ។

ទ្វារឡានបិទ ខ្ញុំក្រអូបដង្ហើមរបស់គេ ។ គ្រប់យ៉ាងរបស់គេ វត្តមានគេកំពុងតែបង្កើនសម្រស់និងរសនិយមក្នុងរថនេះ ។ មុនបរឡានចេញ ខ្ញុំហុចសឺមីឯកសារពណ៌ត្នោតទៅឱ្យគេហើយនិយាយតិចៗ ៖

«បើកមើលទៅ !»

ដាហ្ស៊ីទទួលយកទៅ តែនាងមើលមុខខ្ញុំទាំងមិនទាន់បើកមើលទេ ។

«អីគេនេះ ?»

ខ្ញុំលបសង្កេតឃើញស្រីម្នាក់នេះរាងញ័រៗដៃទៅហើយ ។

ចួបគ្នាស្អែកណា …

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*