គ្រប់យ៉ាងស្ងាត់ជ្រងំ ពេលដែលពួកគេរេភ្នែកហួសពីនាងមកសម្គាល់ខ្ញុំ
ខ្ញុំគ្មានពេលប្រទាក់ភ្នែកជាមួយពួកនោះទេ ដោយសាររវល់ក្នក់ចិត្តដែលអូនដាហ្ស៊ីត្រូវខាំបបូរមាត់ខ្លួនឯង ម្រាមដៃក្តាប់ចូលគ្នាយ៉ាងតឹង ។ គេកំពុងតែឈឺចាប់… និងខឹងការប្រមាថនេះ ។
«ឆាច់ !»
ខ្ញុំវាយទម្លាក់កាំបិតហាន់សាច់ពីក្នុងដៃដាហ្ស៊ីចេញ ព្រោះខ្លាចនាងក្តាប់វាដល់ត្រូវមុតដៃខ្លួនឯង ។ ខ្ញុំមិនងើបឈរ មិនដំឡើងសំឡេង គ្រាន់តែទាញកន្សែងមកជូតមាត់យឺតៗ រួចទម្លាក់ខ្សែភ្នែករបៀបត្រៀមសម្លាប់មនុស្ស ទៅរកអ្នកគ្រប់គ្រងហាង ។
«Manager…» ខ្ញុំបន្លឺសំឡេងរាបស្មើ តែមានអំណាចល្មមអាចសង្កត់ក្បាលមនុស្សបាន «ចាំបានថា ខ្ញុំទិញផ្តាច់ជាន់នេះដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ ម៉េចឥឡូវនៅសល់សំរាមស្អុយរលួយហើរចូលបានពេញហ្នឹងអ៊ីចឹង ?»
មាណាកាបើកភ្នែកធំៗប្រុងស្រក់ឈាម ៖
«ឯង ? … »
«អ្នកណានិយាយមើលងាយអនាគតភរិយាខ្ញុំ… ទាត់ចេញ !»
ខ្ញុំកាត់សម្ដីនារីដែលល្បីកេរ្តិ៍រឿងប្រុស ហើយសម្លក់កន្ទុយភ្នែកទៅរកមេដឹកនាំភោជនីយដ្ឋានជាន់ខ្ពស់ជនជាតិហ្វីលីពីនម្នាក់នេះ ដោយកែវភ្នែកម្យ៉ាងដែលធ្វើឱ្យអ្នកណាក៏ត្រូវគាំងលែងហ៊ានតមាត់ ។
ពាក្យថា «អនាគតប្រពន្ធខ្ញុំ» ធ្វើឱ្យដាហ្ស៊ីងើបមុខមកសម្លឹងខ្ញុំភ្លឹះៗទាំងភ្ញាក់ផ្អើល ។
តាមថានាងកាចណាស់ នាងក្តិចខ្ញុំហើយបណ្តេញខ្ញុំចេញកាលពីខ្ញុំទិញផ្កា១០០០ទងយកទៅតាំងហាងនាង ។ ហេតុអីពេលនេះម៉ោងនេះ… ដាហ្ស៊ីហាក់ស្លូតនិងបាក់បប ? តើដោយសារស្លុតចំពោះរឿងអាស្រូវនៅមន្ទីរពេទ្យដែលបានធ្វើបាបប៉ារបស់នាង ឬមួយក៏នាងចាញ់ច្រាបអាអតីតម្នាក់នេះឱ្យពិតប្រាកដ ?
ខ្ញុំមិនមើលសំរាមមួយកន្ត្រក្នុងជីវិតគេពីមុន នាំខាតភ្នែកទេ តែក៏ដឹងថា វានោះញ័រកន្ទុយបែបណាពេលឃើញអ៊ីសានដើរមកពីជ្រុងងងឹត ។ អ៊ីសានបានទៅទិញដាហ្ស៊ីចេញពីជីវិតវេហាមកដោយលុយមួយលាន រឿងអីល្ខោនដល់ឆាកនេះអ្នកឌីហ្សាញសំគិសមិនយល់អ្នកណាកំពុងកាន់ឆាកនិងកាន់សាច់រឿង ?
បើខ្ញុំឱ្យតួវាចប់ វានឹងចប់ !
«សន្តិសុខ !» ខ្ញុំហៅកំបុតៗ ដោយមិនខ្ចីមើលមុខអ្នកណា ក្រៅពីទេពធីតារបស់ខ្ញុំ ។ ក្រុមអង្គរក្សអាវខ្មៅដែលអ៊ីសានរៀបចំ ស្ទុះចូលមកព្រាត ។
«រក្សាទីនេះឱ្យស្ងប់ស្ងាត់ ! ដាហ្ស៊ីអត់ចូលចិត្តរញ៉េរញ៉ៃ !»
អង្គរក្សស្ទុះទៅរុញទ្រូងវេហាថយ ខណៈក្រុមអ្នកហែហមរបស់នាងអភិជនគ្រួសារធនាគារ ក៏មកទប់អង្គរក្សខ្ញុំមិនជាប់ដែរ ។ ពួកនោះបានត្រឹមស្រែកឡូឡារហូតដល់ឮល្វើយឡើងៗដោយអាម៉ាស់បំផុត យ៉ាងអាម៉ាស់ ។
ស្ងាត់វិញហើយ… ខ្ញុំដៀងមកមើលកូនបក្សីតូចរបស់ខ្ញុំវិញ ។
គេនៅគាំងអង្គុយដកខ្លួនភ្នែកស្រពោនសម្លឹងមកខ្ញុំដោយអារម្មណ៍ច្របូកច្របល់ ។
«ញ៉ាំបន្តទៅអូន !» ខ្ញុំខ្សឹបហើយទទួលយកកាំបិតដែលអ្នករត់តុត្រុនៗយកមកថ្មីប្រុងថាកាត់សាច់បន្ត ធ្វើដូចគ្មានរឿងអីកើតឡើង ។
«ហេតុអី… យើងចាំបាច់ធ្វើអ៊ីចឹង ???»
នាងសួរខ្សឹបៗមុខឡើងក្តៅភាយពេលប៉ះនឹងស្នាមញញឹមត្រជាក់របស់ខ្ញុំ ។ ខ្ញុំញញឹមចុងមាត់ ជាស្នាមញញឹមដែលបង្កប់នូវអំនួត និងការតាំងចិត្តដ៏មុតមាំ ។
«ចង់ឱ្យបងធ្វើម៉េចវិញ ? អង្គុយមើលពួកសំរាមមកឡូឡាប្រឡាក់កន្លែងពិសេសរបស់យើង ?»
នាងងាកជុំវិញខ្លួនដូចជាពាក្យពិសេសនេះចម្លែកសម្រាប់នាង ៖
«នេះជា Date រវាងយើង !»
ស្រីស្អាតបែរមកវិញភ្លាម នាងហាក់ចាប់បានពាក្យនេះបាន ហើយនឹកឃើញឡើងវិញ ។ នាងវាចាដាក់ពន្លឺភ្នែកស្រទន់ដែលខ្ញុំកំពុងតែផ្តល់ទៅឱ្យ
«បងទីន ! ខ្ញុំ… ពាក្យ… អនាគតប្រពន្ធ… កុំយកមកលេងទៀត !»
គេខំណាស់ ខំនិយាយទាំងចាញ់ច្រាបមន្តស្នេហ៍របស់ខ្ញុំ ។ ជាប្រុសម្នាក់ទ្រូង៥ហត្ថ ដង្ហើមគេដង្ហក់ចុះចាញ់យើង ខ្ញុំមានរឿងអីថាមើលមិនយល់ ?
ដោយអំនួត ខ្ញុំគ្រវីស្មាតិចៗរង់ចាំឱ្យគេនិយាយចប់ ។ សំឡេងគេរឹតតែស្រាលឡើង ៖
«បងមានគុណលើគ្រួសារខ្ញុំ ! រឿងពីមុន… ខ្ញុំលើកទោសឱ្យ !»
ខ្ញុំចងចិញ្ចើម… រឿងពីមុន ? រឿងដែលខ្ញុំបង្ខំថើបគេ… ?
ខ្ញុំទម្លាក់កាំបិតក្នុងដៃចុះលើចានអ៊ីតាលី ឮសូរ… តឹប !
«អ្នកណាសុំឱ្យលើកទោស ?»
ខ្ញុំសួរតបកំបុតៗតែឱនមុខរំកិលទៅរកមនុស្សនៅត្រើយម្ខាងតុយឺតៗ ភ្នែកខ្ញុំ ចាក់ស្រេះលើបបូរមាត់ក្រហមប្រឿងៗដែលប្រែមកជាញាប់ញ័រ… ភ្នែកខ្ញុំមានចេតនាបង្ហាញឱ្យគេឃើញមួយទំហឹងនូវគំនិតអាក្រាតៗដែលបេះដូងខ្ញុំកំពុងគិតមមៃ ។
«រឿងថើប រឿងឱប ឬ… រឿងអីទៀត ?»
នាងមិនបានគេច… ឬសូម្បីតែថយខិតមួយសង់ទីម៉ែត្រព្រោះកំភួនដៃខ្ញុំកំពុងក្រៀកចង្កេះគេ ។ ភ្នែកគេមិនមានទឹកភ្នែកទៀតដូចកាលពីអានឯកសារតាមផ្លូវក៏ពិតមែន តែគេមើលមកខ្ញុំដូចអង្វរករ សង្ស័យចង់ដឹង… ចង់បញ្ជាក់… លាយឡំគ្នា ។
ខ្ញុំអាណិតគេព្រួច… តើគេម៉េចបានមិនកាច់ដូចមុនទៀត ?
គេចាញ់ព្រោះខ្លាចខ្ញុំ ឬគេចាញ់ព្រោះដឹងគុណ ?
ខ្ញុំខ្សឹបញ៉េះញោះគេ ៖
«ចុះបើប្រាប់ថា… មិនត្រឹមតែមិនចង់បានការលើកទោស ថែមទាំងចង់បំពានទោសចង់បន្តធ្វើច្រើនជាងហ្នឹងទៀត… គិតម៉េច ?»
ភ្នែកភ្លឺរលោងដែលនៅកៀកនឹងខ្ញុំ រឹតបើកភ្នែកធំៗឡើង… ថ្ពាល់ដែលក្តៅស្រាប់ រឹតតែក្រហមទែងដូចរងើកភ្លើង ។ គេប្រញាប់ទាញខ្លួនថយក្រោយ តែខ្នងអឹបជាប់កៅអីគាំងលែងទៅណារួចបាត់ទៅហើយ ។
«បងទីន !» គេខ្សឹបស្រាលមែនទែន ហៅឈ្មោះខ្ញុំតិចៗ ដូចអង្វរផង ដូចព្រមានផង ។
គេគិតថាខ្ញុំទិញពេទ្យមួយទាំងមូល ចាប់មនុស្សដាក់គុកទាំងក្រុម ព្រោះចង់បានពាក្យអរគុណ និងការលើកទោស… ប៉ុណ្ណឹង ?
«ស្តាប់ឱ្យច្បាស់ ក្មេងល្ងង់ !» ខ្ញុំសង្កត់សំឡេង រួចលូកដៃទៅចាប់ទាញកៅអីរបស់គេឱ្យរអិលខិតមកជិតខ្ញុំ… កណ្តាលតុ ។
«អ្ហៃ !» គេភ័យឧទាន ពេលត្រូវទាញមកកៀកភ្លាមៗ ។
ខ្ញុំលូកម្រាមទៅច្បូតចុងចង្កាគេថ្នមៗ តែដាច់ខាតមិនឱ្យងាកចេញបានព្រោះខ្ញុំចង់មើលគេឱ្យលះ ។
«ដាហ្ស៊ី ! … មនុស្សដូចបង… មិនដែលធ្វើអីមួយដើម្បីចង់បានគុណបំណាច់ទេ ! តែ… ព្រោះបងចង់ធ្វើ !!! ហើយពាក្យថា អនាគតប្រពន្ធ ក៏មិនមែនជារឿងយកមកនិយាយលេងសើចដែរប៊ែរ (Beb) !»
ខ្ញុំវាសសក់ដែលធ្លាក់ប៉ះមុខគេចេញ បង្ហាញភាពទន់ភ្លន់ដែលលាក់ក្នុងអំណាចផ្ដាច់ការ ។
«អូនជារបស់បង ! ក្រចកដៃ សក់មួយសរសៃ ដង្ហើមចេញចូល ឬសូម្បីតែបេះដូងដែលកំពុងលោតញាប់ហ្នឹង… ក៏ជារបស់បង ។»
គេសម្លឹងខ្ញុំ ភ្នែកមូលក្រឡង់ផ្តើមរលើបរលោង តែមិនមែនដោយសារខ្លាចទេ គឺកំពុងចាញ់ច្រាប ។ បេះដូងគេកំពុងលោតញាប់ប្រកួតនឹងបេះដូងខ្ញុំ ។
«ចុះ… ចុះបើខ្ញុំមិនព្រម ?» គេនៅមានះសួរខ្សឹបៗសាកល្បងចិត្ត ។
ខ្ញុំសើចតិចៗង៉ុលៗក្នុងបំពង់ក ជំនួសឱ្យចម្លើយហើយដកដៃមកវិញ រួចរុញចានសាច់ដែលកាត់រួច ទៅតម្រៀបមុខគេ ។
«ញ៉ាំ !» ខ្ញុំងើបចិញ្ចើម ធ្វើសំឡេងគំរាមបែបខូចៗ ៖
«បបូរមាត់ហ្នឹង បងមិនចង់ឱ្យឈាមដូចក្នុងឡានពីព្រឹកទេ ដាហ្ស៊ី ?»
គេឱនមុខង៉ក់ យកសមមកចាក់សាច់ញ៉ាំទាំងមិនហ៊ានតមាត់មួយម៉ាត់ តែជ្រុងមាត់គេ… ខ្ញុំមើលឃើញច្បាស់ណាស់ថា គេកំពុងលួចញញឹមខ្លះ ទម្លាក់មកពិចារណាខ្លះ ។
ខ្ញុំផ្តេកខ្លួនទៅក្រោយវិញ លើកកែវស្រាមកក្រេប…
រសជាតិស្រាយប់នេះ ផ្អែមជាងរាល់ដង ។
ការចិញ្ចឹមកូនបក្សីតូចមួយនេះ បាននិងកំពុងធ្វើឱ្យស្តេចបិសាចដូចជាខ្ញុំ ញៀនដកខ្លួនលែងរួចហើយ ។
គេថាស្រលាញ់ខ្ញុំ? (តំណាលដាហ្ស៊ី)
សាច់ស្តេកក្នុងមាត់ ខ្ញុំទំពាស្ទើរតែមិនដឹងរសជាតិ ។ ពាក្យសម្តីគំរាមកំហែងបែបកាចៗ លាយឡំនឹងការហួងហែងកម្រិតអភិជនរបស់គេ កំពុងតែរត់ខ្វែងខ្វាត់ពេញខួរក្បាលខ្ញុំ ធ្វើឱ្យសរសៃប្រសាទទាំងសំណុំត្រូវតានតឹង តែបេះដូងបែរជាលោតញាប់ខុសចង្វាក់ក្លាយជាកម្ដៅកក់ក្តៅអាថ៌កំបាំងមួយ ។
«អូនជារបស់បង ! ក្រចកដៃ សក់មួយសរសៃ ដង្ហើមចេញចូល ឬ សូម្បីតែបេះដូងដែលកំពុងលោតញាប់ហ្នឹង… ក៏ជារបស់បង … »
ខ្ញុំលួចដកដង្ហើមធំ ។ ខ្ញុំគួរតែខ្លាចគេ… ខ្ញុំគួរតែស្អប់អំណាចផ្ដាច់ការរបស់គេដែលចាត់ទុកខ្ញុំដូចជារបស់លេងក្នុងកណ្តាប់ដៃ… តែហេតុអីពេលសម្លឹងមើលទម្រង់មុខដ៏សង្ហានិងសោះអង្គើយដែលកំពុងក្រេបស្រាយឺតៗនៅត្រើយម្ខាងតុនេះ ខ្ញុំបែរជាមានអារម្មណ៍ថា… កក់ក្តៅ ?
ដើម្បីលាក់បាំងថ្ពាល់ដែលកំពុងឡើងកម្តៅ និងការលួចរំភើប ខ្ញុំខ្លួនឯងប្រញាប់ទាញកែវស្រាទំពាំងបាយជូរដែលគេរុញមកឱ្យមុននេះ លើកមកអកផឹកមួយក្អឹកធំសឹងតែអស់ពាក់កណ្តាល ។
ខ្ញុំធ្វើអីនេះ ?
បញ្ឈឺគេ ឬធុញនឹងជីវិតខ្លួនឯង ?
…រសជាតិចត់លាយផ្អែមរត់កាត់បំពង់ក ធ្វើឱ្យខ្ញុំក្រហាយសឹងក្អួតពុលទាំងទឹកមាត់ តែ… ពិតណាស់… វាអាចជួយបន្លប់ភាពអៀនខ្មាសបានខ្លះ ។
គេមិនមាត់ គេអង្គុយសម្លឹងអាកប្បកិរិយាខ្ញុំ ។
សំឡេងខ្ញុំក្លាយជាគ្រលរទាប ហើយបន្លឺឡើងមករ៉ាវ ៖
«បងទីន… បព្វតា… មើលឱ្យច្បាស់ ខ្ញុំជាមនុស្សតុកសិក ! …យល់ ? ខ្ញុំជាមនុស្សមានបញ្ហា ! សង្សារទាត់ចោល… ឮ ? ហើយ… មើលផ្ទះខ្ញុំចុះ… ប៉ាខ្ញុំ ម៉ាក់ខ្ញុំ… (រអាក់រអួលស្អកៗ) គាត់ចាស់ៗអស់ហើយ… ខ្ញុំនៅអង្គុយគូរតុក្កតា… កូនទោលធុនខ្ញុំ… ដោះអីក៏មិនចេញ… ស្រាយអីក៏មិនបាន ! បងឯងឃើញអស់ហើយតើ !»
អូយ !
មិញនេះ… រូៗ… ម៉្លេះ ? និយាយអីខ្លះហើយហ្នឹងខ្ញុំ ?
ចួបគ្នាសប្តាហ៍ក្រោយ !


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ