ស្រានិយាយ ឬខ្ញុំនិយាយ ?
ខ្ញុំបើកភ្នែកឡិងឡង់រកថាសម្គាល់ជុំវិញខ្លួន… តែ… ងឿង វិលហើយ ។ ខ្ញុំទប់ម្រាមក្បែរគែមតុ ព្រោះ… ធីងធោង…
ប្រអប់ដៃដ៏ធំរបស់គេ… លូកមកចាប់ទាញកែវស្រាចេញពីដៃខ្ញុំ មិនឱ្យខ្ញុំផឹកបន្ត ។
«ប៉ុណ្ណឹងសោះស្រវឹងបាត់ហើយ ? … » គេងើបចិញ្ចើម ញញឹមខួចចុងមាត់ចំអកខ្ញុំ ។
«អ្នក… អ្នកណាស្រវឹង ?»
ខ្ញុំបើកភ្នែកធំៗ ប្រកែកលឿនស្លេវ ទាំងរុញកៅអីថយក្រោយបម្រុងនឹងងើបឈរ «ខ្ញុំឆ្អែតហើយបង ! ចង់… ចង់ទៅផ្ទះ !»
តែ… គ្រាន់តែងើបឈរមិនទាន់បានត្រង់ខ្លួនស្រួលបួលផង ពិភពលោកទាំងមូលស្រាប់តែវិលវល់ ។ ជើងខ្ញុំទន់ដូចគេដកឆ្អឹងចេញ ។ ស្រានេះ… មើលទៅពណ៌ក្រហមស្អាត តែជាតិអាល់កុលប្រហែលជាខ្លាំងកប់ពពកហើយ បានជាឆក់យកស្មារតីខ្ញុំបានលឿនបែបនេះ ។
«អ្ហៃ !» ខ្ញុំភ្លាត់សំឡេងស្រែកឡើងខ្សោយខ្សាក ស្របពេលរាងកាយទន់ជ្រាយរៀបនឹងដួលស្រុតទៅលើកម្រាលព្រំ ។
វឹប !
រង្វង់ដៃដ៏រឹងមាំនិងក្តៅភាយបានស្ទុះមកត្រកងក្រៀកចង្កេះខ្ញុំជាប់ពីក្រោយខ្នងយ៉ាងរហ័ស ។ ក្លិនទឹកអប់ឈើប្រណីតរបស់គេ វាយលុកមករកខ្ញុំពេញទំហឹង ។ ខ្ញុំផ្ដេកខ្លួនទាំងស្រុងទៅលើផែនទ្រូងទូលាយរបស់គេដោយគ្មានកម្លាំងតវ៉ា ។
«ដាហ្ស៊ី ?»
គេរអ៊ូក្បែរត្រចៀកខ្ញុំឮល្វើយទៅៗ ។
«វិលមុខ… » ខ្ញុំរអ៊ូខ្សឹបៗ យកដៃតូចៗរបស់ខ្លួនឯងទៅតោងចាប់កអាវសឺមីខ្មៅរបស់គេជាប់ ដើម្បីទប់លំនឹង ទាំងដែលភ្នែកបិទជិតព្រោះបើកលែងរួច ។
ដោយមិនសុំការអនុញ្ញាត គេឱនចុះស៊កដៃក្រោមកែងជង្គង់ខ្ញុំ រួចបីត្រកងរាងកាយខ្ញុំឡើងផុតពីដីបានយ៉ាងងាយស្រួល ដូចបីកូនក្មេង ។
«បងទីន… » ខ្ញុំប្រឹងចង់តវ៉ាខ្សាវៗ ទាំងមុខកប់ក្នុងទ្រូងគេថាដាក់ខ្ញុំចុះ… តែសូម្បីនិយាយក៏មិនចប់ប្រយោគផង ខ្ញុំលែងមាត់… និងលែងអាចប្រឆាំងបាន ។
នៅក្នុងរង្វង់ដៃគេពេលនេះ ប្រៀបដូចកំពុងតែសុបិន ។ តែខ្ញុំបែរជាមានអារម្មណ៍ថាមានសុវត្ថិភាពបំផុតដូចបានមកដល់ផ្ទះ ហើយប្រះគេងសុខសាន្តលើគ្រែមួយដែលមិនខ្លាចអ្វីទាំងអស់ ក្រោយពីបានឆ្លងកាត់រឿងជាច្រើនដូចព្យុះជាច្រើនស្រទាប់ ។
គឹប…
ទ្វារឡានដ៏ទំនើប… បិទវិញយ៉ាងស្រាលស្រឹបក្បែរត្រចៀកខ្ញុំ… ខ្ញុំដឹងខ្លួនព្រាលៗ ពេលដែលគេដាក់ខ្ញុំឱ្យគេងលើកៅអី ទាញខ្សែក្រវាត់មកពាក់ឱ្យ ហើយថែមទាំងមានអាវធំរបស់គេមកដណ្តប់ពីលើខ្ញុំទៀត ។
ក្លិនគេស្រូបពេញបេះដូងដ៏រងានេះ ។ កែវភ្នែកខ្ញុំបិទជិត តែបេះដូងខ្ញុំបើកចំហទាំងស្រុង ។
«បងទីន… » ខ្ញុំរអ៊ូហៅឈ្មោះគេតិចៗក្នុងបំពង់ក ទាំងដែលកំពុងលង់បន្តទៅក្រោមឥទ្ធិពលគ្រឿងស្រវឹង ។
«ខ្ញុំចង់ចួបប៉ា !»
គ្មានចម្លើយ…
កម្តៅថ្ងៃព្រឹកព្រលឹមចាំងកាត់វាំងននពណ៌សស្តើង ចូលមកចាក់ទម្លុះរង្វង់ភ្នែករបស់ខ្ញុំ ។
ខ្ញុំគ្រហឹមក្នុងបំពង់ក រួចបើកភ្នែកឡើងយឺតៗ… ក្បាលនៅតែធ្ងន់ង៉ុល !
…មិនមែនបន្ទប់ខ្ញុំទេ !
ខ្ញុំស្ទុះក្រោកអង្គុយព្រឹប បេះដូងសឹងធ្លាក់ដល់កែងជើង ពេលកត់សម្គាល់ឃើញថា ខ្លួនឯងកំពុងដេកលើគ្រែទំហំ King Size ដ៏ធំទូលាយ ក្រាលកម្រាលសូត្រមិនដែលមានប្រើ… ហើយអ្វីដែលរឹតតែគួរឱ្យរន្ធត់បំផុតនោះគឺ… សម្លៀកបំពាក់កាលពីយប់មិញបាត់អស់ហើយ ! លើខ្លួនខ្ញុំពេលនេះ មានត្រឹមតែអាវសឺមីពណ៌សរលុងៗធំសម្បើម… ដូចរបស់មនុស្សប្រុស… អូយព្រះជួយ !!!
«អ្ហាយ !» ខ្ញុំស្រែកទាំងយកភួយមកខ្ទប់ទ្រូងជាប់ ។
«ភ្ញាក់ហើយ ?»
សំឡេងគ្រលរទាប និងត្រជាក់ស្រេប បន្លឺឡើងពីជ្រុងម្ខាងនៃបន្ទប់ ។
ខ្ញុំងាកខ្វាច់ ។ បងទីន ! គេកំពុងអង្គុយពាក់កណ្តាលខ្លួននៅលើសាឡុងក្បែរមាត់បង្អួចកញ្ចក់ ដៃម្ខាងកាន់កែវកាហ្វេ ដៃម្ខាងទៀតកាន់ iPad ។ គេនៅស្លៀកខោក្រណាត់ពណ៌ខ្មៅកាលពីយប់មិញ តែអាវសឺមីបានដោះឡេវបញ្ចេញដើមទ្រូងហាប់ណែន ឯខ្នងអាវមានស្នាមជ្រួញជុក… បញ្ជាក់ថាគេទំនងមិនបានគេងស្រួលបួលទេ ឬមិនទាន់ងូតទឹកចូលគេងផង… ។
«បង… បងទីន… ខោអាវខ្ញុំ… »
ខ្ញុំសួរទាំងរអាក់រអួល មុខឡើងក្រហមងាំងសឹងធ្លាយជាឈាម ។
គេដាក់កែវកាហ្វេចុះ រួចងើបដើរយឺតៗតម្រង់មកគ្រែ ។ ខ្សែភ្នែកគេសម្លឹងមកខ្ញុំ… ស្រទន់ជ្រាលជ្រៅ តែបង្កប់សេចក្តីប្រាថ្នាម្យ៉ាង… ដែលមើលទៅខ្លួនគេកំពុងខំ…ទប់ ។
«យប់មិញ ក្មេងរឹងក្បាលខ្លះក្អួតប្រឡាក់អស់រលីង ! ត្រូវហៅមេផ្ទះមកជួយប្តូរអាវឱ្យទាំងយប់ យំផង ស្រែកផង… ។»
ខ្ញុំលេបទឹកមាត់គិត ពេលដែលគេអង្គុយចុះក្បែរគែមគ្រែហើយលូកដៃមកវាសសក់ដែលកំពុងរប៉ាត់រប៉ាយលើមុខខ្ញុំចេញថ្នមៗ ។
«ឈឺក្បាលទេ ?»
ខ្ញុំគ្រវីក្បាល ភ្នែកក្រឡង់ៗសម្លឹងគេ ឯរាងកាយហាក់នៅតែរឹងស្តូក ។
«ចុះ… ចុះម៉េចមិនជូនខ្ញុំទៅផ្ទះ ?»
«មានកូនប្រសាណា យកកូនស្រីគេទៅបញ្ជូនផ្ទះទាំងស្រវឹងធ្លាក់ភ្នែក ?»
គេឆ្លើយឌឺ តែជ្រុងមាត់ញញឹម «បងនាំមកផ្ទះបង… សុវត្ថិភាពជាង !»
ខ្ញុំខាំបបូរមាត់ដោយអារម្មណ៍ចម្រុះ… ។
ខ្មាសក៏ខ្មាសរំភើបក៏រំភើប ព្រោះ… ទោះបីជាគេមានឱកាស… គ្រប់គ្រងខ្ញុំទាំងស្រុង គេបែរជាជ្រើសរើសការផ្តល់សុវត្ថិភាព… និងកិត្តិយស ?
«ចុះប៉ា… កាលពីយប់មិញ ខ្ញុំចាំបានថា… ចង់ទៅមើលប៉ា ។»
ខ្ញុំបន្ទាបសំឡេង ។
គេមិនឆ្លើយ តែហុច iPad មកមុខខ្ញុំ ។ នៅលើអេក្រង់ គឺវីដេអូកាមេរ៉ាសុវត្ថិភាពពីបន្ទប់ VIP របស់មន្ទីរពេទ្យ ។ ប៉ារបស់ខ្ញុំកំពុងសម្រាន្តលក់យ៉ាងស្កប់ស្កល់ ដោយមានម៉ាក់អង្គុយកំដរពីចំហៀង ព្រមទាំងមានគិលានុបដ្ឋាយិកាមើលថែនៅរេរាក្បែរៗ ។
«អូយ ម៉ាក់រកខ្ញុំយ៉ាងណា ?»
«បងបានឆាតទៅគាត់ថាអូនរវល់នៅកំដរឪពុកតាំងពីយប់ដល់ភ្លឺ អ៊ីសានបានទៅដឹកគាត់មកបន្តកំដរអ្នកឈឺដែលទើបនឹងព្យាបាលដកថ្នាំពុល ! ហើយថាអូនត្រូវទៅបើកហាង !»
ខ្ញុំដៀងមើលទូរសព្ទដៃខ្ញុំដែលគេបានហុចមក ។
ល្បិចច្រើនមែន មនុស្សនេះ ។ ខ្ញុំលូកទទួលហើយពិតជាចុចឃើញសារទាំងប៉ុន្មានគេសរសេរទៅម៉ាក់ កុំឱ្យបារម្ភចាំផ្លូវខ្ញុំ ។
សំឡេងគេពោលស្រាលៗ ៖
«ពួកគាត់មានសុវត្ថិភាពហើយ ។ ចំណែកអូន… ពេលនេះ គឺត្រូវការ សម្រាក ។»
ខ្ញុំសម្លឹងមុខគេ ។ បុរសម្នាក់នេះ… គេចងចាំរាល់ពាក្យសម្ដីខ្ញុំ ទោះជាពាក្យរអ៊ូពេលស្រវឹងក៏ដោយ ។ គេរៀបចំគ្រប់យ៉ាងបានហាក់បីឥតខ្ចោះ ថែមទាំងល្អិតល្អន់ខ្លាំង ។ គេជាមនុស្ស ឬទេវតា ឬបិសាចដែលចូលមកក្នុងជីវិតដ៏ហត់នឿយមួយនេះ ? ភាពកក់ក្តៅដែលខ្ញុំខំប្រឹងបដិសេធកាលពីយប់មិញ ពេលនេះកំពុងវាយលុកទម្លុះកំពែងបេះដូងយុវវ័យរបស់ខ្ញុំគ្មានសល់ទេ ។
ខ្ញុំលូកដៃទៅប៉ះខ្នងដៃគេដែលកំពុងកាន់iPad… ជារបៀបនៃការទទួលស្គាល់ និងព្រមចុះចាញ់ដោយស្ម័គ្រចិត្តព្រោះ… ដឹងគុណលើសមានចិត្តរបស់គេ ។
គ្រាន់តែម្រាមដៃខ្ញុំប៉ះលើខ្នងដៃគេ រាងកាយធំស្កឹមស្កៃនោះក៏កន្ត្រាក់ បន្តិច ។ កែវភ្នែកដែលធ្លាប់តែស្ងប់ស្ងាត់ ស្រាប់តែប្រែជាមុតស្រួច និងពោរពេញដោយរលកកម្តៅក្រហមៗសម្លឹងមកខ្ញុំ ។
«ដាហ្ស៊ី… »
គេហៅឈ្មោះខ្ញុំសំឡេងស្អកៗដូចមនុស្សអត់ទឹកច្រើនថ្ងៃ ។
គេទម្លាក់ iPad ចុះលើពូក រួចបង្វិលបាតដៃមកក្តាប់ម្រាមដៃខ្ញុំវិញយ៉ាងណែន ។ កម្លាំងទាញតិចៗរបស់គេ ធ្វើឱ្យខ្ញុំដែលកំពុងតែងើបអង្គុយ ត្រូវផ្អៀងខ្លួនទៅរកគេបន្តិច ។
«បង… បងទីន ?» ខ្ញុំហៅគេទាំងញ័រមាត់ ពេលឃើញខ្សែភ្នែករោលរាលនោះកំពុងតែសម្លឹងទម្លុះអាវសឺមីពណ៌សដែលស្តើង និងរលុងសម្បើមនៅលើខ្លួនខ្ញុំ ។
«ដឹងទេថាយប់មិញ… (ខ្សឹបខ្សាវៗជាងមុន)… បងនេះ វេទនាកម្រិតណា ?»
គេខ្សឹបសំឡេងហាក់ដូចជាកំពុងតែស្តីបន្ទោសខ្លួនឯងច្រើនជាងស្តីឱ្យខ្ញុំ ។ ដៃម្ខាងទៀតរបស់គេ លូកមកចាប់ទាញចង្កេះខ្ញុំឱ្យខិតចូលទៅជិត រហូតទាល់តែចុងជង្គង់យើងប៉ះគ្នា ។
«ឃើញមនុស្សដែលខ្លួនឯងចង់បានបំផុត ដេកស្រវឹងទន់ខ្លួននៅលើគ្រែ… ពាក់អាវរបស់ខ្លួនឯង… តែមិនអាចប៉ះពាល់បានសូម្បីតែចុងក្រចក វាជានរកច្បាស់ក្រឡែត ដាហ្ស៊ី ! នរកពេញមួយយប់ដេកពួនមិនបានណាអូន !»
ខ្ញុំគាំង ដង្ហើមស្ទះក្នុងបំពង់ក ។ ខ្ញុំមិនមែនជាមនុស្សប្រុស… ប្រហែលមិនយល់អារម្មណ៍នេះ… តែអានកែវភ្នែកគេ… ខ្ញុំដឹង… គេចង់បានខ្ញុំ គេប្រាថ្នាខ្ញុំកម្រិតណា ។ ហើយខ្ញុំ… ខ្ញុំក៏មិនបានស្អប់ ឬខ្ពើមរអើមការប៉ះពាល់របស់គេដែរ ។ ផ្ទុយទៅវិញ កម្តៅចេញពីបាតដៃគេដែលកំពុងកៀងឱបចង្កេះខ្ញុំ កំពុងធ្វើឱ្យកោសិកាក្នុងខ្លួននេះភ្ញាក់កម្រើក រសាប់រសល់ ខ្វល់ខ្វាយ និងព្រឺសម្បុរដោយអារម្មណ៍ម្យ៉ាងដែលខ្ញុំមិនធ្លាប់ស្គាល់ ។
គេដកដង្ហើមធំវែងៗ… ដង្ហើមដែលពោរពេញដោយការតស៊ូទប់ទល់នឹងសភាវៈឈ្មោលរបស់ខ្លួនឯងយ៉ាងស្វិតស្វាញ ។
បុរសនេះមិនបាននិយាយអ្វីសូម្បីតែមួយម៉ាត់ ។ គេគ្រាន់តែដកដៃចេញពីក្រោមអាវរបស់ខ្ញុំយឺតៗ រួចទាញក្បាលខ្ញុំទៅឱបផ្អឹបនឹងទ្រូងគេវិញ ។
«សុំទោស…» គេខ្សឹប សំឡេងនៅតែស្អក និងញ័រ «បង… ប្រញាប់… ពេកហើយ ។»
«ខ្ញុំ… ខ្ញុំសុំទោស…»
ខ្ញុំខ្សឹបតបទាំងអៀនខ្មាស មិនហ៊ានសម្លឹងភ្នែកគេចំ ។
«អ្នកណាថា… ចង់បានការសុំទោស ?»
គេតបកាត់ភ្លាមៗ រួចឱនមុខមកកៀក រហូតចុងច្រមុះយើងសឹងតែទង្គិចគ្នា ។ ដង្ហើមក្តៅៗរបស់គេរោលលើបបូរមាត់ខ្ញុំ ។
«អ្វីដែលបងត្រូវការ… គឺអូនស្ម័គ្រចិត្ត… យល់ ? …បងត្រូវការអារម្មណ៍មួយ… អារម្មណ៍… អូនស្រលាញ់បង !»
ថាចប់… បបូរមាត់គេទម្លាក់មកថើបថ្ពាល់ខ្ញុំវឹប ! …ថ្នមៗ… មុននឹងរំកិលយឺតៗមកឈប់ត្រង់ចុងមាត់ ។ ដង្ហើមខ្ញុំរង់ចាំការពាក់ព័ន្ធរបស់គេ ហើយលែងជាការថើបមួយដែលសែនព្រមាន… ជម្លើយ… បង្ខំទៀតហើយ …គេនៅអែអង់ដូច… រង់ចាំការអនុញ្ញាត… រង់ចាំការឆ្លើយតប… រង់ចាំការថើបរបស់ខ្ញុំ… តែទោះណា យើងកំពុងតែមានមនោសញ្ចេតនាឱ្យគ្នា មិនមែនជាការបង្ខិតបង្ខំដូចមុនទេ ហើយខ្ញុំចង់សងគុណទឹកចិត្តគេ ក៏នៅតែ… ខ្ញុំស្ពឹកៗមិនអាចងាកទៅថើបគេវិញបាន… ទោះដឹងថាគេកំពុងរង់ចាំ ។
ខ្ញុំមានតែបិទភ្នែក… រាងកាយញ័រទទ្រើកតែក៏មិនបានរុញគេចេញទេ ។ ដៃទាំងពីររបស់ខ្ញុំ បែរជាលូកទៅតោងស្មាដ៏រឹងមាំរបស់គេជាប់… ជាសញ្ញានៃការ… យល់ព្រម ។
គ្រាន់តែដឹងថា… ខ្ញុំមិនប្រឆាំង បព្វតាក៏បន្តរំកិលបបូរមាត់មកគ្របសង្កត់លើខ្ញុំពេញទំហឹង ។ ជាតិកាហ្វេអាមេរិកខេណូដែលសល់លើអណ្តាតគេនៅមិនឈ្ងុយស្មើស្នេហាមួយនេះ… ហើយនេះ… មិនមែនជាការថើបបែបដាក់ទណ្ឌកម្ម តែជាការថើបដែលពោរពេញដោយភាពផ្អែមល្ហែម ស្រេកឃ្លាន… ខ្ញុំមានអារម្មណ៍ថា… គេចង់បានខ្ញុំណាស់… ហើយ… ខ្ញុំជាអ្វីមួយដ៏ពិសេសសម្រាប់គេ ។
នេះមែនទេ សេចក្តីប្រាថ្នាដែលផ្ទុះឡើងមកក្រោយពីបានអត់ធ្មត់អង្គុយមើលខ្ញុំពេញមួយយប់ ?
អារម្មណ៍ខ្ញុំវិលវល់ហាក់ដូចជាកំពុងហោះលើទៅឆ្ងាយលើអាកាសវេហាសឹងភ្លេចបាននូវវិបត្តិគ្រប់យ៉ាង ។ តែខ្ញុំតែងមានសំណួរមួយជានិច្ច… ការពិតដែរទេដែលមានបុរសល្អបែបនេះសម្រាប់ខ្ញុំ ?
ដៃគេរឹតចង្កេះខ្ញុំជាប់ ទាញរាងកាយខ្ញុំឱ្យផ្អឹបនឹងទ្រូងគេកាន់តែជិត ឡើងៗ… ដូចចង់ហួងហែងសូម្បីតែ… អារម្មណ៍ខ្ញុំមិនឱ្យចាកចេញពីឈុតឆាកពួកយើង ។ ចង្វាក់បេះដូងយើងទាំងពីរលោតប្រដេញគ្នាស្ទើរតែក្លាយជាសំឡេងតែមួយ ។
ការថើបមួយនេះជ្រុលលង់កាន់តែជ្រៅទៅៗ… កាន់តែរោលរាលមិនងាយណាយ… រហូតខ្ញុំស្ទើរតែដកដង្ហើមមិនទាន់ ។
«អ្ហឹម…»
ខ្ញុំបញ្ចេញសំឡេងតវ៉ាតិចៗក្នុងបំពង់ក ទើបឃើញគេព្រមលែងដង្ហើមនេះឱ្យមានសេរីភាព ហើយរំកិលចុះមកថើបញក់ញីត្រង់កញ្ចឹងករបស់ខ្ញុំ ។
ដៃគេដែលធ្លាប់តែឱបចង្កេះចាប់ផ្តើមលូកចូលទៅក្រោមអាវសឺមី… ប៉ះនឹងស្បែករបស់ខ្ញុំដូចជារបស់ប្រណីតដែលគេចង់ប៉ះពាល់ជាខ្លាំង ។
កម្តៅពីបាតដៃគេធ្វើឱ្យខ្ញុំព្រឺសម្បុរខ្ញាកៗសឹងខ្សោះខ្លួន ឯស្មារតីដែលនៅសេសសល់តិចតួចកំពុងតែត្រូវបានឆក់យកទៅបាត់ម្តងបន្តិចៗ ។
«បងទីន…» ខ្ញុំហៅឈ្មោះគេទាំងដង្ហក់ ដៃខំប្រឹងទប់ស្មាគេ ។
ប្រុសស្អាតម្នាក់នេះនៅតែបន្តហាក់សំឡេងខ្ញុំមិនឮដល់គេ ខ្ញុំក៏ព្យាយាមទៀត «…ខ្ញុំ… ខ្ញុំខ្លាច…»
ពាក្យថា “ខ្លាច” របូតចេញពីមាត់ខ្ញុំដោយឯកឯងពេលនេះ… មិនមែនជាការខ្លាចថា គេនឹងធ្វើបាបទេ តែជាការខ្លាចនឹងការឈានចូលទៅក្នុងពិភពលោកមួយថ្មី… មិនធ្លាប់បានធ្វើ ខ្លាចនឹងការប្រគល់អ្វីៗគ្រប់យ៉ាង… ទៅឱ្យមនុស្សម្នាក់លឿនពេក ។
ចលនារបស់គេគាំងវិញ ។
ខ្ញុំទទួលអារម្មណ៍ថាសាច់ដុំនៅលើស្មាគេឡើងរឹង ។
ចួបគ្នាថ្ងៃស្អែក …


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ