លី សុផាត ដែលខ្ញុំបានឃើញក្នុង «នាង និងគេ»!

អារម្មណ៍ដំបូង ខ្ញុំគិតថា ឯករ៉េណា វិលមកវិញហើយ! តែខុសស្រឡះ!! ពេលអាន «នាងនិងគេ» ខ្ញុំមិនសូវមានអារម្មណ៍ថា លី សុផាត កំពុង “និទានរឿង” ឱ្យយើងស្តាប់ទេ។ ផ្ទុយទៅវិញ គាត់បានទាញយើងឱ្យចូលទៅក្នុងក្បាលរបស់តួអង្គ ដើម្បីឮការគិត ការភ័យខ្លាច ការប្រកែកគ្នាក្នុងសម្បជញ្ញៈ និងអារម្មណ៍ដែលកញ្ជ្រោលឡើង មុនពេលដែលតួហើបមាត់និយាយទៅទៀត។

ពេល បព្វតា សម្លឹងទៅ ដាហ្ស៊ី គេមិនបានមើលត្រឹមតែរូបរាងនោះទេ តែក្នុងខួរក្បាលរបស់គេមានទាំងសំណួរ ការវាស់វែង អារម្មណ៍ចង់គ្រប់គ្រងកាន់កាប់ និងបេះដូងដែលចង់ប្រឆាំងនឹងខ្លួនឯង កើតឡើងមកព្រមៗគ្នា។

រចនាបថរបស់ សុផាត មាន Rhythm មួយដែលធ្វើឱ្យខ្ញុំជក់ចិត្តនិងចងចាំ គឺប្រយោគមិនចាំបាច់ត្រូវតែស្អាតរលូនតាមវេយ្យាករណ៍ (Grammar) នោះទេ តែវាដើរតាមចង្វាក់ដង្ហើមរបស់ «មនុស្សពិត»។ ពេលតួភ័យ ប្រយោគខ្លីៗ។ ពេលចិត្តច្របូកច្របល់ ប្រយោគដាច់ៗ។ ពេលឈឺចាប់ មានពាក្យខ្លះដែលយើងអានហើយ អួលឆួលក្នុងចិត្ត… ធ្វើឱ្យការអានមានអារម្មណ៍ដូចកំពុងស្តាប់មនុស្សពិតម្នាក់គិតនៅក្នុងក្បាល មិនមែនជាការដែលអ្នកនិពន្ធអង្គុយពន្យល់ពីអារម្មណ៍តួទាល់តែសោះ។

មួយទៀតដែលខ្ញុំគិតថាពិបាកនឹងស្រមៃពេលសរសេរឱ្យបានដូចគាត់គឺ Body Language។ តួអង្គមិននិយាយថា “ខ្ញុំខ្លាច” ទេ ប៉ុន្តែដៃនឹងញ័រ ដង្ហើមនឹងរអាក់ ភ្នែកនឹងរង់ចាំ ឬរាងកាយនឹងបញ្ចេញអាការៈប្រាប់យើងមុនមាត់ហារនិយាយ។ សូម្បីតែឆាកស្នេហា ក៏អារម្មណ៍មិនបានកើតចេញពីពាក្យផ្អែមល្ហែមតែមួយមុខដែរ តែវាកើតពីការរង់ចាំ ភាពស្ទាក់ស្ទើរ និងការឆ្លងកាត់សង្គ្រាមរវាងខួរក្បាលនិងបេះដូងរបស់មនុស្សពីរនាក់។

Dialogue គឺប្រៀបដូចជាសមរភូមិប្រយុទ្ធ។ ម្នាក់រុញ ម្នាក់ទប់។ ម្នាក់ប្រើអំណាច ម្នាក់ទៀតភ័យ តែមិនព្រមឱ្យគេជាន់ឈ្លី។ មានចរិតមួយដែលមើលឃើញយ៉ាងច្បាស់ក្នុង «នាងនិងគេ» គឺ៖ ខ្ញុំខ្លាច តែខ្ញុំមិនចាញ់។ ដូច្នេះ Chemistry រវាងតួប្រុសនិងតួស្រី មិនមែនកើតពីការសរសើរគ្នាទៅវិញទៅមកទេ តែវាកើតពីការទាញគ្នាទៅវិញទៅមករវាងអំណាច និងឆន្ទៈ។

ចំពោះតួប្រុស មានវិធីសរសេរមួយដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង គឺមិនត្រូវការឱ្យ Male lead ស្រែកឡូឡាក្ឌុងក្ឌាំងទើបមានអំណាចនោះទេ។ គ្រាន់តែឈរ សម្លឹង និយាយដោយសំឡេងធ្ងន់ៗ ឬឈានជើងដើរមួយជំហាន ក៏អាចធ្វើឱ្យបរិយាកាសទាំងមូលផ្លាស់ប្តូរ និងសង្កត់ធ្ងន់ក្នុងទ្រូងអ្នកអានបានបាត់ទៅហើយ (ចំណុចនេះខ្ញុំសារភាពថា ខ្ញុំធ្វើអត់សូវដល់ដែរសម្រាប់ ឥន្ត្រា)។ ក្នុងឆាកមួយ បព្វតា គ្រាន់តែឈរទល់មុខមនុស្សចាស់ដោយការគោរព ប៉ុន្តែគេនៅតែបញ្ចេញសម្ពាធរហូតគ្មានអ្នកណាចង់ប្រកែកជាមួយ។ ខ្ញុំគិតថា នេះជាមូលហេតុដែលតួ Dominant របស់គាត់មើលទៅមាន “Presence” មិនមែនមានត្រឹមតែភាពកាចសាហាវ។

អ្វីដែលធ្វើឱ្យសាច់រឿងមិនធ្ងន់រហូតដល់ហត់ គឺគាត់ចេះបញ្ចូលកំប្លែងតូចៗ និងភាសាមនុស្សសម័យនេះចូលទៅក្នុងភាពងងឹត (Darkness)។ ពាក្យ Yes, OK, Fake, Seen ឬការជេរខ្លួនឯងក្នុងចិត្ត ធ្វើឱ្យតួអង្គមើលទៅរស់រវើក មិនមែនជាតួក្នុងប្រលោមលោកដែលនិយាយតែពាក្យផ្លូវការគ្រប់ពេលនោះទេ។
ខ្ញុំក៏សង្កេតឃើញថា លី សុផាត ចូលចិត្តសរសេរពីមនុស្សដែលមានពីរស្រទាប់ផ្ទុយគ្នាក្នុងខ្លួន (Dark/Light)៖ បិសាចដែលលាក់ភាពទន់ភ្លន់ ឬការហួងហែងដែលកើតចេញពីភាពភ័យខ្លាចការបាត់បង់។

នៅក្នុងតួអង្គ បព្វតា មានទាំងការច្បាមយកកម្មសិទ្ធិ និងការដោះលែង ដែលលាក់នៅក្រោមអំណាចផ្តាច់ការ។ ខ្ញុំយល់ថា នេះជាចំណុចដែលធ្វើឱ្យសាច់រឿងរបស់គាត់មាន Psychological Flavor ច្បាស់ជាងរឿង Romance ធម្មតា។ បើឱ្យខ្ញុំដាក់ឈ្មោះលើរចនាបថនេះ ខ្ញុំនឹងហៅវាថា៖ Intimate Cinematic Psychological Romance។ វាជាប្រភេទប្រលោមលោកដែលខ្ញុំស្រលាញ់តាំងពីក្មេង គឺសរសេរមកដូចមានកាមេរ៉ាមួយដាក់បង្កប់នៅក្នុងខួរក្បាលតួអង្គអីចឹង។

«នាងនិងគេ» មិនមែនជាស្នាដៃដែលខ្ញុំទៅអានព្រោះចង់ដឹងថាជក់អត់ តួពីរនាក់ហ្នឹង Build character ឡូយអត់ ឈុតឆាកនិងអារម្មណ៍ OK អត់ ឬចុងក្រោយបានគ្នាឬអត់នោះទេ។ តែអ្វីដែលគួរឱ្យតាមដានបំផុត គឺល្បិចនៃការ Transform មនុស្សម្នាក់ដែលធ្លាប់ជឿថាស្នេហាគឺការគ្រប់គ្រង ឱ្យងាកមករៀនស្រឡាញ់ដោយមានហេតុផលត្រឹមត្រូវ មិនមែនគ្រាន់តែនិយាយត្រូវគ្នា ធ្វើល្អដាក់គ្នា ហើយក៏អាចលុបលាងបញ្ហាចាស់បានភ្លាមៗនោះទេ។
ហើយពេលអានដល់… «គិរី» ៣ ជំពូកដំបូង… ខ្ញុំឡើងបះសក់ម្តងទៀត…!!! ពីអ្នកនិពន្ធ ម៉ីសន សុធារី | ០១ ​កញ្ញា ​២០២៦

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*