រឿង៖ នាងនិងគេ (ភាគ២៦)

គេដកដង្ហើមធំវែងៗ… ដង្ហើមដែលពោរពេញដោយការតស៊ូទប់ទល់នឹងសភាវៈឈ្មោលរបស់ខ្លួនឯងយ៉ាងស្វិតស្វាញ ។

បុរសនេះមិនបាននិយាយអ្វីសូម្បីតែមួយម៉ាត់ ។ គេគ្រាន់តែដកដៃចេញពីក្រោមអាវរបស់ខ្ញុំយឺតៗ រួចទាញក្បាលខ្ញុំទៅឱបផ្អឹបនឹងទ្រូងគេវិញ ។

«សុំទោស…» គេខ្សឹប សំឡេងនៅតែស្អក និងញ័រ

«បង… ប្រញាប់… ពេកហើយ ។»

ខ្ញុំនៅស្ងៀម ស្តាប់ចង្វាក់បេះដូងគេដែលកំពុងលោតញាប់។ ការដែលគេព្រមឈប់ ពេលដែលខ្ញុំនិយាយថា «ខ្លាច» ទាំងដែលខ្លួនគេកំពុងតែពុះកញ្ជ្រោលកម្រិតនេះ… ជាការគោរព និងការផ្តល់តម្លៃដ៏ខ្ពស់បំផុតដែលមនុស្សប្រុសម្នាក់អាចធ្វើបាន នេះមិនរាប់ពីរឿងយប់មិញផង ។

«បងទីន… » ខ្ញុំងើបមុខសម្លឹងគេ ទឹកភ្នែករលីងរលោងដោយក្តីរំភើបនិយាយមិនចប់នូវកំណាត់ប្រយោគចុងក្រោយដែលចង់សួរជជីកគេថា

«ហេតុអី… ហេតុអីក៏ល្អចំពោះខ្ញុំ ?»

ប្រុសស្អាតលើកម្រាមដៃមកជូតទឹកភ្នែកឱ្យខ្ញុំថ្នមៗ… បន្តិចមកទើបស្នាមញញឹមដ៏កក់ក្តៅលេចឡើងលើទម្រង់មុខដ៏មោះមុតភ្លឺស្វាងរបស់គេ ។

«ព្រោះអូនជារបស់បង !!!»

ពាក្យសម្ដីខ្លីៗតែមានទម្ងន់អាចវាយបំបែកកំពែងបេះដូងខ្ញុំរហូតដល់គ្មានសល់កម្ទេច ។

គេពោលបន្តដោយដកខ្លួនចេញពីខ្ញុំបន្តិចព្រោះយើងទើបនឹងបញ្ចប់ការប៉ះពាល់គ្នា ៖

«ហើយបង…  មិនចង់ឱ្យរបស់ដែលបងស្រលាញ់បំផុត ត្រូវហូរទឹកភ្នែកដោយសារបងទេ ។»

បេះដូងខ្ញុំត្រូវព្រួញស្នេហ៍របស់ជននេះ ចម្លែកតែអស្ចារ្យ… ពីរោះ… តែកាចៗក្តៅៗគួរឱ្យចង់ភ្លក្សបន្តមិនទ្រលាន់… ខ្ញុំមិនខ្វល់ថាគេជាបិសាច ឬជាទេវតាទេ… វិនាទីនេះ ខ្ញុំដឹងត្រឹមតែថាខ្ញុំព្រមប្រគល់ជីវិតនេះឱ្យគេហើយ ។

«បងទីនមិនស្គាល់ខ្ញុំផង !»

ខ្ញុំតាមទៅពីក្រោយខ្នងគេដែលលើកទឹកក្រេបបំបាត់ភ្លើងស្នេហ៍ដែលរោលដុតរាងកាយគេក្រហមពីលើដល់ក្រោម ។

«បងស្គាល់ទាំងអស់ !» គេតបខ្លីតែច្បាស់ហើយក្រេបទឹក ។

ខ្ញុំខ្មាសណាស់ពេលឮពាក្យនេះ ។ សូម្បីប្រុសការចោលខ្ញុំយ៉ាងអាម៉ាស់ ក៏គេដឹង… ថ្ងៃនោះខ្ញុំឈរយំមុខហាង… គេមកសួរខ្ញុំថាអ្នកណាស្លាប់ ? គេថើបខ្ញុំកាចៗព្រោះ… គេប្រចណ្ឌនឹងវេហា ?

«បងទីន… »

ខ្ញុំហៅគេម្តងទៀត សំឡេងលើកនេះមុតមាំ និងច្បាស់លាស់

«យើង… រៀបការនឹងគ្នាទៅ… បានទេ ?»

គេបើកភ្នែកធំៗ ងាកមកភ្លាម… របៀបដែលបុរសនេះសម្លឹងមកខ្ញុំដូចជាស្ថិតក្នុងសភាពដូចជាមិនជឿត្រចៀកខ្លួនឯង ។ គេថាគេស្គាល់ខ្ញុំ… តែគេមិនស្គាល់រឿងដ៏ជ្រៅមួយនេះទេ… ខ្ញុំខ្លាច… តែខ្ញុំក៏ហ៊ានប្រសិនខ្ញុំមានមានះ គឺខ្ញុំហ៊ានគ្រប់យ៉ាងដូចកាលដែលគេហាមខ្ញុំនៅរោងពុម្ពមិនឱ្យជួយគេ… ខ្ញុំរឹតចង់ជួយ ។ នេះឯងជំងឺប្រចាំជីវិតខ្ញុំ ។

ខ្ញុំដើរទៅដកកែវទឹកពីដៃគេទុកហើយសម្លឹងតទល់ជិតសែនជិតជាមួយបុរសម្នាក់ដែលមានអំណាចកប់ពពក តែងតែចាត់ចែងគ្រប់យ៉ាង ពេលនេះបែរជាគាំងនិយាយលែងចេញ ព្រោះតែសំណើសុំរៀបការពីខ្ញុំ ។

«ម៉េច ? ខ្លាចជាប់ចំណង ?»

ខ្ញុំខ្សឹបសួរបញ្ជាក់ជាមួយកែវភ្នែកព្រិចៗសម្លឹងគេអាក់ៗ ។ ភ្នែកគេ ច្រមុះគេ បបូរមាត់ឌឺដងនេះ សមតែមកជាកម្មសិទ្ធិរបស់ខ្ញុំ… ផ្តាច់មុខ… ដូចគ្នា ។

«ខ្ញុំព្រមធ្វើជាប្រពន្ធបង… ប្រពន្ធរៀបការពេញច្បាប់!» ថាបែបនេះហើយខ្ញុំដឹងថា ភ្នែកខ្លួនឯងផ្តើមរលោង «តែខ្ញុំ… ខ្ញុំមានរឿងច្រើនណាស់… ដែលមិនពេញចិត្តចំពោះខ្លួនឯង…»

«ចាំបងកែឱ្យ!»

បងទីនខ្សឹប។ ទម្លាប់គេដែលខ្ញុំស្គាល់ថ្មីៗនេះគឺ… បើមិនឆ្លើយតបវែងទេគឺគេកំពុងក្រហមមុខដូចមនុស្សមានភ្លើងក្នុងខ្លួន។ គេទាញខ្ញុំមកឱបយ៉ាងណែន… ហើយថើបថ្ងាសខ្ញុំយ៉ាងវែង។ រង្វង់ដៃលើកនេះ… ណែនរហូតដល់ខ្ញុំសឹងតែថប់ដង្ហើម តែទុកថាជាការថប់ដង្ហើមដែលពោរពេញទៅដោយក្តីសុខបំផុតនៅក្នុងលោក។

ម្ចាស់ក្សត្រីក្នុងទ្រុងមាស (តំណាលបព្វតា)

«យើង… រៀបការនឹងគ្នាទៅ… បានទេ ?»

ប្រយោគដែលរបូតចេញពីមាត់តូចក្រហមប្រឿងៗរបស់គេនេះ លាន់ខ្ទរក្នុងត្រចៀកខ្ញុំ ។ ខ្ញុំគាំងធ្មឹង… មិនមែនព្រោះតែភ្ញាក់ផ្អើល តែព្រោះតែ “ជ័យជម្នះ” ដែលបានមកដល់លឿនជាងការរំពឹងទុក ។

គេដើរមកដកកែវទឹកពីដៃខ្ញុំយកទៅទុករួចងើបមុខសម្លឹងតទល់ជាមួយខ្ញុំ ។ កែវភ្នែក ដែលធ្លាប់តែភ័យខ្លាច ពេលនេះបែរជាពោរពេញដោយភាពក្លាហានលាយឡំនឹងមនោសញ្ចេតនាជ្រាលជ្រៅ ។

ដាហ្ស៊ីកំពុងតែ “យល់ច្រឡំ” ថាខ្ញុំជាវីរបុរសដែលសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីនាង ។

ខ្ញុំទាញរាងកាយតូចមកឱបផ្អឹបនឹងទ្រូង ថើបថ្ងាសនាងយ៉ាងវែង ដើម្បីលាក់បាំងស្នាមញញឹមអំនួតរបស់ខ្លួនឯង ។

ខ្ញុំខ្សឹបក្នុងចិត្ត «បងមិនកែអ្វីដែលអូនមានទេ… ដាហ្ស៊ី តែ… បងនឹងធ្វើឱ្យភាពកម្សោយ…និងរឿងរញ៉េរញ៉ៃទាំងអស់ក្នុងជីវិតអូន ក្លាយជាច្រវាក់ដែលចងអូនឱ្យនៅជាប់នៅនឹងបងរហូតដល់ថ្ងៃស្លាប់ ។

មនុស្សស្រីភាគច្រើនលង់ស្រលាញ់បុរសដោយសារលុយ ឬអំណាច ។ តែសម្រាប់ដាហ្ស៊ី គេខុសពីស្រីៗទាំងនោះ… ។ គេជាស្រីមុខរឹងដែលសុខចិត្តដេកអត់បាយ ក៏មិនព្រមលក់កិត្តិយស ម្ល៉ោះហើយខ្ញុំត្រូវប្រើ “ក្តីមេត្តា និងការអត់ធ្មត់កម្រិតទេវតា” ទើបអាចវាយទម្លុះកំពែងបេះដូងគេបាន ។

ការដែលខ្ញុំសុខចិត្តទ្រាំអត់ធ្មត់មិនប៉ះពាល់គេពេញមួយយប់នេះ គ្រាន់តែជាការ “វិនិយោគផ្លូវចិត្ត” មួយប៉ុណ្ណោះ ព្រោះថាខ្ញុំនឹងឈ្នះ ។ ហើយឥឡូវនេះ… ឃើញ ? គេព្រមលើកទង់ជ័យស ចុះចាញ់ ថែមទាំងលុតជង្គង់ហុចបេះដូង ប្រគល់ជីវិតគេមកឱ្យខ្ញុំដោយផ្ទាល់ដៃ ។

នេះហើយជាសិល្បៈនៃការគ្រប់គ្រងមនុស្ស (Manipulation) របស់ស្តេចបិសាចដូចជាខ្ញុំ ស្តេចដែលកំព្រាម្តាយហើយត្រូវដេកឈឺចាប់ម្នាក់ឯងរាប់ឆ្នាំ

មួយទសវត្សមកនេះខ្ញុំធំជាមួយនឹងពាក្យថា «ខ្លាំង ! កាច ! និងអស្ចារ្យ » ពុំនោះទេ ខ្ញុំនឹងឈឺដូចកាលពីអតីតកាល ។ បើម៉ាក់ខ្ញុំពិតជាមានដូចកាលពីមុនមែន ខ្ញុំក៏នឹងយកគាត់មកដាក់ច្រវាក់ទុកដូចគ្នា ។

«ទៅងូតទឹកទៅ !» ខ្ញុំខ្សឹបប្រាប់ «អ៊ីសាយកខោអាវមកឱ្យ ហើយបងទុកក្នុងបន្ទប់ទឹក ។ »

ថាចប់ ខ្ញុំព្រលែងនាងយឺតៗ «បងនាំទៅមើលប៉ានៅពេទ្យ ។»

ដាហ្ស៊ីងក់ក្បាលរហ័ស ថ្ពាល់នៅតែក្រហម រួចដើរសំដៅទៅបន្ទប់ទឹក ។

គ្រាន់តែទ្វារបន្ទប់ទឹកបិទជិតខ្ញុំដើរទៅទាញកែវស្រាដែលនៅសល់កាលពីយប់មិញ មកអកផឹកមួយក្អឹកធំ រួចទាញទូរសព្ទមកចុចហៅទៅអ៊ីសាន ។

«ទាន !» សំឡេងគោរពយ៉ាងម៉ឺងម៉ាត់បន្លឺឡើង ។

«រឿងរោងពុម្ពម៉េចហើយ ?» ខ្ញុំសួរខ្លី ។

«គ្រប់គ្រងបាន ១០០% ហើយទាន ! ក្រុមហ៊ុនគូប្រជែងដែលព្យាយាមលូកដៃចូលទីផ្សារបោះពុម្ពយើង ត្រូវប្រកាសក្ស័យធននៅព្រឹកនេះហើយ ។ ម៉ាស៊ីនបោះពុម្ពទំនើបៗ និងកុងត្រារបស់ពួកគេ ត្រូវបានផ្ទេរចូលក្រុមហ៊ុនយើងទាំងអស់ !»

«ល្អ !» ខ្ញុំញញឹមចុងមាត់ ។

មនុស្សនៅខាងក្រៅប្រហែលជាគិតថា បុរសម្នាក់ដែលមានលុយវាល់លាន ធ្វើជាម្ចាស់ធនាគារ និងអចលនទ្រព្យរាប់មិនអស់ដូចខ្ញុំ ហេតុអីក៏ចាំបាច់ទៅបើក “រោងពុម្ព” តូចមួយ ? ពួកគេមិនយល់ពីតម្លៃនៃ “ព័ត៌មាន” ទេ ។ រោងពុម្ពនោះមិនមែនគ្រាន់តែបោះពុម្ពសៀវភៅទេ តែជាបណ្ដាញ        កណ្តាលសម្រាប់គ្រប់គ្រង និងចែកចាយទិន្នន័យ (Data Center) ទូទាំងប្រទេស ។ អ្នកណាគ្រប់គ្រងព័ត៌មាន អ្នកនោះគ្រប់គ្រងពិភពលោក ។

ហើយសំខាន់បំផុត… គឺនៅថ្ងៃដែលខ្ញុំចុះទៅត្រួតពិនិត្យរោងពុម្ពនោះដោយផ្ទាល់ដៃ គឺខ្ញុំបានប្រទះឃើញស្រីរឹងរូសម្នាក់នេះ… រឹងដែលហ៊ានមកតវ៉ានឹងខ្ញុំដល់កន្លែង ។

«រៀបចំឯកសាររៀបអាពាហ៍ពិពាហ៍ឱ្យរួចរាល់ !» ខ្ញុំបញ្ជាបន្ត ។

«បាទ ? លឿនម៉្លេះទាន ?» អ៊ីសានភ្ញាក់ផ្អើល ។

នេះជាការភ្ញាក់ផ្អើលកម្រមួយគេហ៊ានបង្ហាញចៅហ្វាយច្បាស់ៗ ឬអាចថាគេចង់បង្កាត់ភាពមោទនៈឱ្យខ្ញុំ ។

«ឯងមានរង្វាន់ ! មួយទៀត រៀបចំផ្ទេរហ៊ុនមន្ទីរពេទ្យសមុទ្ទចិត្ត ៣០% ដាក់ឈ្មោះ ដាហ្ស៊ី ។ ខ្ញុំចង់ឱ្យគេមានអារម្មណ៍ថាក្លាយជាម្ចាស់កន្លែងដែលធ្លាប់ធ្វើបាបប៉ារបស់គេ !»

«បាទទាន !»

ខ្ញុំចុចបិទទូរសព្ទ ។ ទ្រព្យសម្បត្តិប៉ុណ្ណឹង គ្មានន័យអ្វីសម្រាប់ខ្ញុំទេ ។ ការចងស្រីម្នាក់ដែលយើងត្រូវការគ្រប់គ្រង ទើបវាមានអត្ថន័យខ្លាំង ។ ខ្ញុំចងនាងបានហើយ… ដោយផ្លូវច្បាប់ ហើយខ្ញុំមានអំណាចពេញទីលើជីវិតគេ… នេះទើបជារឿងសំខាន់ ។

១៥នាទីក្រោយមកស្រីតូចចេញពីបន្ទប់ទឹកក្នុងសម្លៀកបំពាក់ឈុតសុភាពដែលអ៊ីសានទៅយកពីផ្ទះនាង ។ តែ… ទឹកមុខគេស្រស់បស់ឡើងវិញច្រើន បើធៀបនឹងពេលដែលយើងចួបគ្នាថ្មីៗ… កាលណោះគេហ៊ាន    សូម្បីតែជេរខ្ញុំថា «ឆ្កួត» ហើយបោកកម្ទេចផ្កាដែលខ្ញុំជូន ។ ខ្ញុំសម្លឹងមើលគេដែលសើចស្រស់… ផ្កាក្រពុំមួយទងនេះ… ជារបស់ខ្ញុំហើយ ។

ខ្ញុំបើកឡានជូនគេដោយផ្ទាល់ ។ ពួកយើងស្រស់ស្រូបយ៉ាងមានក្តីសុខនៅហាងប្រណីតមួយកៀកមន្ទីរពេទ្យ ហើយទិញផ្កានិងនំ ផ្លែឈើឡើងទៅបន្ទប់ VIP នៃកន្លែងប៉ានាងសម្រាក ។

មន្ទីរពេទ្យសមុទ្ទចិត្ត ថ្ងៃនេះហាក់មានពន្លឺស្រស់បំព្រងជាងរាល់ដង ។

គេខឹង (តំណាលដាហ្ស៊ី)

…ប៉ាបានដឹងខ្លួនហើយ !

គ្រប់យ៉ាងដូចជាអច្ឆរិយ ! គឺដូចពាក្យអះអាងរបស់បព្វតា ។ ទោះបីជាប៉ានៅទន់ខ្សោយ និងមិនទាន់អាចនិយាយបានច្បាស់ៗ តែគាត់អាចចំណាំមុខខ្ញុំបាន ។ ខ្ញុំកាន់ដៃគាត់ យំរហូតដល់ហើមភ្នែក ខណៈដែលម៉ាក់ឈរនៅម្ខាងទៀតជូតទឹកភ្នែកព្រោះរំភើប ។

បងទីនឈរអង្គុយលើសាឡុងឆ្ងាយបន្តិចពីទីនេះ ។ គេក្រពាត់ដៃគងជើងញញឹមសម្លឹងមកពួកយើង ។ ទឹកមុខគេស្ងប់ស្ងាត់ តែខ្ញុំដឹងថាគេក៏កំពុងមានក្តីសុខ ពេលឃើញស្នាមញញឹមរបស់ខ្ញុំ ។

«ប៉ា… ប៉ាចាំគ្រប់យ៉ាងវិញអស់ហើយ ព្រះអើយ មិនគួរឱ្យជឿទេខ្ញុំ ?»

ខ្ញុំខ្សឹបនិយាយមិនចេះហត់ទេព្រោះអំណរពេក ។

ប៉ាងក់ក្បាលយឺតៗ ភ្នែកគាត់រេទៅមើលបុរសសង្ហាមាឌធំដែលអង្គុយច្រងក់ធ្វើខ្លួនជាសមាជិកគ្រួសារយើង ។ គាត់ខំប្រឹងហើបបបូរមាត់ដែលនៅស្ងួតប្រេះនោះ បន្លឺសំឡេងខ្សាវៗ លាយឡំនឹងខ្យល់ដង្ហើម ៖

«វេ… វេហា… មើលថែដាហ្ស៊ី… ផង… »

ព្រឹប !

បរិយាកាសក្នុងបន្ទប់ធ្លាក់ចុះត្រជាក់ស្រេបកាត់ឆ្អឹងមួយរំពេច ។ ម៉ាក់គាំងស្តូក សម្លឹងមកខ្ញុំទាំងស្លេកមុខ ។ ខ្ញុំឯណេះវិញលើកម្រាម៥ខ្ទប់ទ្រូងហើយព្រិចភ្នែកដូចសត្វល្អិតចូល ។ ដោយក្ដុកក្នុងបេះដូង ខ្ញុំប្រញាប់ងាកទៅមើលបងទីន ។

សាច់ដុំថ្គាមរបស់គេកន្ត្រាក់ឡើងយ៉ាងច្បាស់ ។ កែវភ្នែកដែលទើបតែទន់ភ្លន់អម្បាញ់មិញ ប្រែជាក្រហមងាំង និងមុតស្រួចដូចផ្លែដាវដែលត្រៀមនឹងកាប់សម្លាប់មនុស្ស ។

អំនួត Ego នៃបុរសម្នាក់ដែលបានចំណាយលុយរាប់លានមកទិញមន្ទីរពេទ្យនេះឡើងមិនរារែកដើម្បីជួយសង្គ្រោះអនាគតឪពុកក្មេក ត្រូវបានបំផ្លាញខ្ទេចគ្មានសល់ ដោយសារតែឈ្មោះមនុស្សក្បត់ចិត្តម្នាក់នោះ​ ។

គេមិននិយាយសូម្បីតែមួយម៉ាត់ គ្រាន់តែងាកខ្លួនក្រោក ហើយដើរចេញពីបន្ទប់យ៉ាងលឿន ។ ទ្វារបិទមកវិញយឺតៗ… តែអារម្មណ៍ខ្ញុំវិល…

«បងទីន !»

ខ្ញុំស្រែកហៅគេសឹងអាចឮតែម្នាក់ឯងព្រោះខ្សាវពេក… ណាខ្លាចប៉ាឆ្ងល់ឬមានបញ្ហាវិញ… ណាមួយខ្លាចគេ… អន់ចិត្តខ្លាំង ។

«ខ្ញុំទៅសិនហើយម៉ាក់ !»

ថាចប់ ខ្ញុំត្រូវប្រញាប់លែងដៃប៉ា រត់ចេញទៅតាមរកគេទាំងភ័យស្លន់ស្លោ ។ តាមគេមកដល់ចំណតឡាន VIP ដែលស្ងាត់ជ្រងំ ។ គេកំពុងឈរបែរខ្នងក្បែរឡានពណ៌ខ្មៅ ដៃលូកហោប៉ៅទាញបារីមួយដើមមកអុជជក់យ៉ាងតក់ក្រហល់ ។ ផ្សែងបារីហុយឃ្លុំមុខគេ បិទបាំងកំហឹងដែលកំពុងឆេះរោលរាល ។

តាំងពីស្គាល់គ្នា ខ្ញុំមិនដែលឃើញគេជក់បារីទេ… នេះបញ្ជាក់ថាគេខឹងដល់កម្រិត… ហើយ ។

«បងទីន… » ខ្ញុំដើរចូលទៅជិតគេយឺតៗ ហៅឈ្មោះគេខ្សឹបៗ ។

«កុំមកជិត !» គេគំហកសំឡេងទាប តែមានអំណាច ។

ជើងខ្ញុំឈប់ង៉ក់ តែបេះដូងខ្ញុំបែរជាមិនព្រមចុះចាញ់ ។ ខ្ញុំដឹងថា ប៉ាខ្ញុំខុស… គាត់រងសម្ពាធថ្នាំសរសៃប្រសាទយូរពេក គាត់ចំណាំខុសគឺជារឿងធម្មតា តែសម្រាប់បុរសផ្តាច់ការម្នាក់នេះ ការប្រៀបធៀបគេទៅនឹងអតីតសង្សារ គឺជាការប្រមាថដ៏ធំបំផុតមួយ ។

ខ្ញុំដកដង្ហើមធំជម្នះទៅក្បែរៗគេ ។

«គាត់ឈឺ… ក្រែងដឹងដែរតាសហ្អី ?»

ខ្ញុំតោងដៃគេ ហើយអែបក្បាលក្បែរដើមដៃគេ ពេលឃើញគមិនមាត់ ។ ក្លិនបារីលាយឡំនឹងក្លិនទឹកអប់របស់គេ ធ្វើឱ្យខ្ញុំស្រវាំងភ្នែក ។

ភ្នែកគេបោះការសម្លឹងស្រទន់មករកខ្ញុំ ខ្ញុំក៏សម្លឹងតបវិញ ហើយបានបន្តិច លូកដៃទៅដកបារីពីមាត់គេបោះចោលទៅលើដី ។

គេបើកភ្នែកធំៗសម្លឹងមុខខ្ញុំដោយសង្កត់កំហឹងត្រជាក់ៗ…

«ប៉ុណ្ណឹងខឹងដែរ ?»

«ចុះបើអូនវិញ ?»

«ហើយ… បងឯងមានសង្សារចាស់ !»

គេថ្លោះទឹកមុខព្រោះខ្ញុំនិយាយខុសទៀតហើយ ។ បានន័យថា «វេហា» ជាសង្សារចាស់របស់ខ្ញុំមែនទេពេលនិយាយបែបនេះ ?

មិនទុកពេលឱ្យគេខឹងថែមទាន់ ខ្ញុំឈានជើងចូលទៅកៀក ទាញកអាវសឺមីគេចុះបន្តិច រួចងើបចុងជើងដាក់បបូរមាត់របស់ខ្ញុំទៅក្បែរៗបបូរមាត់ដ៏ក្តៅគគុក និងប្រឡាក់ដោយរសជាតិបារីរបស់គេ ។ ខ្ញុំខ្សឹបសួរ ៖

«ប៉ិនខឹងណាស់ ?»

ខ្ញុំរំអួយ ។ រាងកាយគេកន្ត្រាក់ ។ ដៃគេដែលបម្រុងនឹងរុញខ្ញុំចេញ បែរជាប្តូរទិសដៅ មកក្រវាត់ចង្កេះខ្ញុំជាប់… គេរៀបនឹងរឹតខ្ញុំចូលទៅរកទ្រូងគេវិញយ៉ាងតឹងដៃ ខ្ញុំប្រញាប់ខ្សឹប ។

«មន្ទីរពេទ្យ !»

បានខ្ញុំរម្លឹក បព្វតារេសម្លឹងជុំវិញហើយទាញខ្ញុំរុញចូលក្នុងឡាន ។

ផាំង ! ទ្វារឡានបិទជិតឈឹង កាត់ផ្តាច់សំឡេងគ្រប់យ៉ាងពីពិភពខាងក្រៅ បន្សល់ទុកតែភាពស្ងាត់ជ្រងំ និងកម្តៅដែលកំពុងតែផ្ទុះឡើងនៅក្នុង   កាប៊ីនតូចចង្អៀតនេះ ។ កញ្ចក់ឡានស្រអាប់ខ្មៅងងឹត គ្មានអ្នកណាអាចមើលឃើញសកម្មភាពខាងក្នុងបានឡើយ ។

មុនពេលខ្ញុំទាន់នឹងដកដង្ហើមស្រួលបួលផង រាងកាយធំស្កឹមស្កៃរបស់គេក៏ស្ទុះមកសង្កត់ពីលើខ្ញុំ កៅអីឡានត្រូវគេបញ្ជាឱ្យផ្តេកទៅក្រោយដោយស្វ័យប្រវត្តិ ។

«អ្ហៃ… បងទីន !»

ចួបគ្នាម្តងទៀតនៅថ្ងៃស្អែក !

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*