ក្នុងខួរក្បាលរបស់ខ្ញុំ គម្រោងល្បែងមួយបានលេចជារូបរាងឡើង ។ អាសំគិសនេះគិតថា វាអាចបំភ័យខ្ញុំដោយការទម្លាយការពិត ។ អ្នកណាខ្លះដឹងថា ខ្ញុំកំពុងតែរង់ចាំឱកាស ដើម្បី “តេស្ដ” បេះដូងរបស់គេ ។
ដាហ្ស៊ី… បើអូនទៅរកវាវិញ… អូននឹងដឹងគ្នាជាមួយបង… !
«ឯងទៅរកគេ ! ទៅឥឡូវ !» ខ្ញុំចង្អុលមាត់ទ្វារ ហើយសូម្បីអ៊ីសានក៏ផ្អើលនឹងខ្ញុំដែរ កុំថាពួកបញ្ញើក្អែក ។
«យើងលេងភ្នាល់ធំបន្តិច ! …បើគេយកឯង ឯងរស់ ! បើអត់ទេ… !»
ខ្ញុំសើច វេហាស្ទុះក្រោកឈរ ។
«ស្អី ? ស្រុកមានច្បាប់ ឯងនិយាយរឿងស្លាប់រស់អី ?»
ខ្ញុំថយទៅអង្គុយញញឹម ព្រោះមនុស្សនេះល្ងង់សូម្បីមិនដឹងថា ក្នុងពាណិជ្ជកម្មនិងធុរកិច្ច ស្លាប់រស់តំណាងឱ្យអ្វី ?
បើខ្ញុំបិទទីផ្សារគេ… ជីវិតនេះ គេនឹងក្លាយជាអ្នករើសអេតចាយ ។
អាចគ្មានទាំងអ្នកណាហ៊ានជួលបន្ទប់ឱ្យគេដេកផងក៏មិនដឹង ។ ខ្ញុំលើកដៃចង្អុលទៅមាត់ទ្វារជាលើកចុងក្រោយ ខណៈមុខមនុស្សលោភស្លេកដូចខ្មោច ។ ជននេះស្មានថាខ្ញុំនឹងភ័យតក់ស្លុតលុតជង្គង់លើកលុយឱ្យ ?
ខ្ញុំមើលមុខអ៊ីសាន ហើយជំនួយការខ្ញុំបានបក់ដៃហៅសន្តិសុខនៅខាងក្រៅមកបញ្ជូនសំរាមចេញ ។
ទោះយ៉ាងណា ខ្ញុំមិនអាចរង់ចាំបានទេ ។ ល្បែងភ្នាល់ហើយកាលណា ត្រូវតែលេងឱ្យលះ ។
ល្ងាចនេះ… ក្រោយកិច្ចប្រជុំជាមួយអ្នកនយោបាយដែលចង់ប្រើប្រាស់រោងពុម្ពខ្ញុំតាមដានពួកអ្នកផ្សព្វផ្សាយ ខ្ញុំបកមកកាន់បន្ទប់ Monitoring ក្នុងទីស្នាក់ការកណ្តាលរបស់ខ្ញុំដែលខ្ជិលបើកភ្លើងទុកឱ្យវាងងឹតស្លុប ។
កាលពីក្មេង ពេលខ្ញុំតូចចិត្តដែលម៉ាក់ចាកចោល ហើយមីងមេដោះទៅឡើងគ្រែជាមួយប៉ា ខ្ញុំស្អប់ពិភពលោកនេះ ។ ខ្ញុំស្អប់អ្វីៗដែលភ្លឺ… ខ្ញុំចង់ងងឹតងងល់ម្នាក់ឯងក្នុងបន្ទប់និងជ្រុងតូចមួយគ្មានអ្នកណាឃើញខ្ញុំ ។
ពេលខ្ញុំធំឡើង ប៉ាបានប្រាប់ខ្ញុំថាកាន់កាប់អាណាចក្រមួយ កុំឱ្យអ្នកណាមកគំរាមយើងបាន ! គាត់ថា មនុស្សគ្រប់គ្នាកើតមកគឺខ្លាំង បើគេមិនព្រមចាញ់ ហើយបើយើងហ៊ានភ្នាល់រឹតតែធំ ពួកគេទាំងនោះនឹងរារែកហើយខ្លាចយើង ។
ចាញ់ឬឈ្នះ គឺស្ថិតក្នុងចិត្តមនុស្សយើងខ្លួនឯង ។ បើយើងថាមិនចាញ់ គឺសត្រូវផ្តើមរារែកបាត់ទៅហើយ ។
ខ្ញុំជាមនុស្សហួងហែង តែ… ខ្ញុំច្បាស់… ថាខ្ញុំមិនចាញ់វាទេ រឿងដាហ្ស៊ី ។
យូរមកហើយ ស្រាវីស្គីគឺជាទឹកចិញ្ចឹមខ្ញុំ ។ ហើយវាមិនអាចមានឥទ្ធិពលឱ្យខ្ញុំស្រវឹងបានទៀតឡើយព្រោះខ្ញុំមានវាពេញសរសៃឈាមទៅហើយ ។ ខ្ញុំក្រេបយ៉ាងមានឱជារស រួចផ្តេកខ្នងទម្លាក់ជើងមួយចុះពីសាឡុង សម្លឹងពន្លឺចេញពីអេក្រង់ ។
LED ខ្នាតធំដែលចាំងជះមកលើផ្ទៃមុខខ្ញុំ កំពុងបង្កើតជាផ្ទាំងទស្សនីយភាពមួយរំភើប និងថប់បារម្ភលាយឡំគ្នា នេះជាល្បែងដែល… កូនអ្នកមានកើតរោគចិត្តដូចខ្ញុំ… ចូលចិត្តលេង ។
«ដាហ្ស៊ី ! បើអូនយកវា អូនស្លាប់… បើអូនមិនយកវា វាស្លាប់ ! ការដែលចង់លេងជាមួយបង… គ្មានអ្នកចាញ់ណាម្នាក់… អាចនៅរស់ទេ !»
ក្តីសុខក្លែងក្លាយ ប្រេះជាអំបែង (តំណាលដាហ្ស៊ី)
ខ្ញុំរុញទ្វារកញ្ចក់ហាងកាហ្វេ V-Lounge ចូលទៅខាងក្នុងដោយអារម្មណ៍ពិភាល់ព្រោះទើបនឹងមានរឿងជាមួយគ្នាព្រឹកមិញយ៉ាងក្តៅគគុកនៅក្នុងចំណតឡាន VIP មន្ទីរពេទ្យសមុទ្ទចិត្ត ហើយគេបានបោលឡានចេញបាត់ទៅទាំងតក់ក្រហល់ ។
មិនដឹងហេតុអ្វីបានជាល្ងាចមិនទាន់នេះ អ៊ីសានខលមកប្រាប់ថា បង ទីនមានរឿងបន្ទាន់ចង់ចួបខ្ញុំនៅទីនេះ ?
អារម្មណ៍ពេលនេះពិបាកក្នុងការពណ៌នាបន្តិច ដោយសារខ្លាចផង ស្រលាញ់ផង នឹកផង… លាយឡំគ្នា ។ មនុស្សដូចគេ… ស្រីណាអាចថា មិនខ្លាចចិត្ត ? បេះដូងដូចគេ អ្នកណាថាមិនចង់បាន ។ សំណួរមួយគឺ គេនៅខឹងយើងមែនទេ បានជាចុចមកខ្លួនឯងមិនបាន បែរជាប្រើជំនួយការ ?
ឡានគេថយមកដល់… តែជាអ៊ីសាន…
មិនមែនខ្ញុំដំអក់រង់ចាំឱ្យគេបើកទ្វារយកបុងទេ ប៉ុន្តែខ្ញុំមិនប្រាកដថានេះជាឡានមកទទួលខ្ញុំឬត្រឹមមកប្រាប់ដំណឹង ។
បាច់ផ្កាធំមួយត្រូវបានហុចមកយ៉ាងប្រុងប្រយ័ត្ន ។ ខ្ញុំចំហមាត់ភ្ញាក់ផ្អើលព្រោះដឹងហើយថាជារបស់អ្នកណា ប៉ុន្តែម៉េចបានគេឱ្យ ? គេចង់សុំទោសរឿងល្មើសលើខ្ញុំកាលនៅក្នុងឡាន ? តែ… ម្តេចក៏គេមិនមក ? … គេរវល់ធ្វើអី ?
«បងទីនមែនទេ ? ផ្កាធំម្ល៉េះ ? ឱកាសអី ?»
ឮខ្ញុំសួរដែរតែជនជាតិឥណ្ឌាម្នាក់នេះ ធ្វើហាក់ដូចជាមិនខ្វល់ ។ គេមិនត្រឹមតែមិនឆ្លើយ ថែមទាំងបើកទ្វារឡានរហ័សដូចបង្ខំឱ្យខ្ញុំចូល ហាក់មិនចង់នៅទីនេះយូរ ឬបានន័យថា ចៅហ្វាយឫកធំរបស់គេ កំពុងអន្ទះសាចាំខ្ញុំ ?
តែ… ចុះម្តេចគេមិនមកខ្លួនគេ ?
ចូលដល់ក្នុងឡានកាលណា ដៃខ្ញុំរាវក្នុងកាបូបលើកទូរសព្ទមកក្រៅ តែត្រូវជនជាតិឥណ្ឌាពោលឃាត់ភ្លាម ៖
«ចៅហ្វាយបិទទ្វារប្រជុំ… សូមកុំខល… !»
ខ្ញុំទីទើរសម្លឹងមុខមនុស្សនេះតាមកញ្ចក់មើលក្រោយក្នុងឡាន អ៊ីសាន ចេញឡានភ្លាមៗ ដោយមុខស្មើ តែសំឡេងគេលាន់មកបន្ថែម ៖
«ប្រអប់នោះ… ចៅហ្វាយទិញជូន !»
ខ្ញុំទម្លាក់ភ្នែកមកវិញឃើញជាប់នឹងសំណុំផ្កាមានប្រអប់តូចមួយ ។
វ៉ាស់… ភ្ញាក់ផ្អើលខ្លាំង… ! ទំនងជា… ចិញ្ចៀន ?
ស្រីណាមិនគាំង ?
ខ្ញុំសឹងមិនហ៊ានដកភ្នែកចេញនិងមិនហ៊ានយកដៃទៅប៉ះ ។ តែចុងក្រោយ ខ្ញុំត្រូវបើកយកមកស្រាយខ្សែសូត្រសម្លឹងមើលអំណោយខាងក្នុង ។
ចិញ្ចៀនពេជ្រស្អាតដូចកំពុងសុបិន តែខ្ញុំមិនមានពេលពិនិត្យថាគ្រាប់នោះធំកម្រិតណាទេបានជាភ្លឺចិញ្ចាចបែបនេះ ព្រោះតក់ក្រហល់បើកមើលរមូរក្រដាសសែនតូចក្បែររតនវត្ថុ ។
«ឃើញពេលណា ត្រូវពាក់ភ្លាមពេលហ្នឹង ប្រពន្ធបង !»
ឃើញសំណេរគេ ក៏នឹកឃើញដល់ចរិតស្មើមេឃរបស់គេភ្លាម និងហួសចិត្តជាខ្លាំងថា បព្វតាម្នាក់នេះ អាចដាក់បញ្ជាបានទៀត សូម្បីតែគេមិនបាននៅទីនេះជាមួយយើង ។
ពេលនេះខ្ញុំញញឹមលែងរវល់ថា អ៊ីសានបានឃើញឬអត់ ខ្ញុំលចិញ្ចៀនក្នុងដៃឃើញថាល្មមមិនទាស់ ។
នឹកឃើញហើយ… ពេលយើងស្រវឹង គេបានវាស់ម្រាមដៃយើងឬអ្វី ? ល្បិចច្រើនណាស់គេនេះ ។
នៅពេលដែលបេះដូងមនុស្សយើងកំពុងប្រែប្រួលពីល្វីងជូរចត់មកជាផ្អែមល្ហែម ស្រាប់តែខ្ញុំភ្លេចគិតថា មានអ្វីមួយមិនប្រក្រតីទាក់ទិននឹងបុរសម្នាក់ជាម្ចាស់ចិញ្ចៀននេះ ។ ធម្មតា គេមិនសមថាប្រញាប់ដល់ថ្នាក់មិនអាចរង់ចាំជូននិងពាក់ឱ្យខ្ញុំដោយផ្ទាល់ដៃបាន ?
តែអស់ពេលហើយ… ឡានឈប់ពិតមែន ! ពេលដល់ ត្រូវចូលទៅចាំគេ ដូច្នេះកុំឱ្យមានបញ្ហាច្រើន ខ្ញុំទៅជាមួយចិញ្ចៀនរបស់គេក្នុងរង្វង់ដៃ… ព្រោះមិនហ៊ានជំទាស់… ព្រះរាជបញ្ជា ។
ទើបនឹងបោះជំហានចូលមកដល់ក្នុង… ម្តេចទិដ្ឋភាពខាងក្នុងចម្លែក ? ជើងខ្ញុំឈប់ង៉ក់ ។ ហាងទាំងមូលស្ងាត់ជ្រងំ… គ្មានភ្ញៀវ… គ្មានសូម្បីតែអ្នករត់តុ គឺមានតែបុរសម្នាក់គត់កំពុងអង្គុយនៅតុ VIP កណ្ដាលហាង ។
មិនមែនរាងកាយធំស្កឹមស្កៃ និងក្លិនទឹកអប់ឈើប្រណីតដែលខ្ញុំកំពុងញៀននោះទេ ។ គឺ… មនុស្សក្នុងអតីតរបស់ខ្ញុំ !
វេហា !
ពេលខ្ញុំឈរស្ងៀមដោយពិភាល់ បងវេហាស្លៀកពាក់ហំហានខុសប្លែកពីសព្វមួយដង ហើយក្រោកមកក្រោមទឹកមុខស្លន់លាក់ការភ័យខ្លាចរបស់ខ្ញុំ ។ គ្រាន់តែឃើញខ្ញុំនៅទីនេះ គេស្ទុះដើរសំដៅមកភ្លាម ខណៈខ្ញុំកំពុងស្លាក់…
«ដាហ្ស៊ី !»
«មកហ្នឹងធ្វើអី ?»
ខ្ញុំសួរកំបុតៗ ហើយ… មិនព្រមដើរចូលទៅជិតគេឡើយ ជាមួយសំណួរពេញទ្រូងដោយថប់បារម្ភថា «ចុះបងទីន ?» ។
ប្រហែលខ្ញុំចេះតែដកថយ ហើយរេភ្នែករកមើលបងទីន បានជាបងវេហាទម្លាក់ទឹកមុខសោះកក្រោះហើយពោលបន្ថែម ៖
«ម៉ាហ្វៀរបស់អូនមិនមកទេ !»
ខ្ញុំចងចិញ្ចើមងាកមកវិញ ។ គឺគេ… ចង់និយាយសំដៅបព្វតា ?
វេហាលូកដៃមករកទាញខ្ញុំ ខ្ញុំងាកចេញទៀតហើយថាឱ្យគាត់ ៖
«បងឯងនៅហ្នឹងធ្វើអី ? មានការអីធ្វើ ធ្វើទៅ ខ្ញុំទៅវិញហើយ !»
ខ្ញុំងាកចេញទៅរកទ្វារ តែសម្ដីគេបានឃាត់ជើងខ្ញុំ ៖
«អ្នកមានដែលអូនជឿម្នាក់ហ្នឹងហើយ ដែលបើកផ្លូវឱ្យបងមកចួបអូន ! នៅកន្លែងនេះ ម៉ោងនេះ !»
បញ្ចេញព័ត៌មានចាក់ចិត្តខ្ញុំបានយ៉ាងគំហុក ដល់ខ្ញុំត្រូវគាំងជើងទៅហើយ អតីតរបស់ខ្ញុំ នៅតែមិនឈប់ត្រឹមហ្នឹងឡើយ ។ បងវេហាដើរមកជិតខ្ញុំថែមពីរជំហាន រកតែខ្ញុំថយក្រោយសឹងមិនទាន់ ។
«ដាហ្ស៊ី… ត្រូវតែស្តាប់បង ! អាម្នាក់ទីន… បព្វតាស្អីគេហ្នឹងហើយ នៅពីក្រោយការប្រើល្បិចបំបែកបំបាក់ពួកយើង !»
ខ្ញុំចងចិញ្ចើមទោះបីជាចិត្តក្តុកក្តួល ៖
«បងឯង… កំពុងមកនិយាយរឿងអីទៀតហើយ ? នៅឆ្ងាយៗ ឱ្យខ្ញុំបានសុខខ្លះបានអត់ ? ក្រែងជិតការហើយ ?»
«បងខ្លាចអូនឯងមានបញ្ហា បានខំមកនិយាយប្រាប់ !»
ខ្ញុំទីទើរណាស់ តែចិត្តនេះចង់ដាច់ណាត់ច្រើនជាង ម្ល៉ោះហើយខ្ញុំរុញគេចេញពីផ្លូវទាំងនិយាយមិនមើលមុខ ៖
«មិនខ្វល់ទេ ! កុំមករញ៉េរញ៉ៃក្បែរខ្ញុំទៀត ! ធៀបការ ឪពុកក្មេកបងឯងក៏យកមកដល់ផ្ទះខ្ញុំហើយដែរ ! ល្មមទៅត្រៀមធ្វើកូនប្រសាសេដ្ឋីឱ្យល្អរៀប រយទៅ !»
វេហាលូកដៃចូលហោប៉ៅអាវធំ ទាញរូបថតចម្លងមួយសន្លឹកមករុញមកមុខខ្ញុំ ជារូបថតនៃមូលប្បទានបត្រមួយសន្លឹក…
«១លានដុល្លារ… »
វេហានិយាយហើយសម្លឹងមុខភាន់ភាំងរបស់ខ្ញុំ ។ ឃើញភ្នែកខ្ញុំតក់ស្លុត អតីតម្នាក់នេះនិយាយសម្ដែងទាំងអួលដើមក ៖
«ប៉ុន្មានថ្ងៃ… មុន… មានគេម្នាក់ដើរតួយកលុយនេះមកឱ្យបង ហើយប្រាប់ថា បើបងទិញភាគហ៊ុនធនាគារប៉ាវណ្ណឆៃ គេនឹងអាចលើកកូនស្រីឱ្យបង ! បងមិនចង់ទេ តែ… គេឱ្យបងដើរចេញពីជីវិតអូនព្រោះគេថា គេត្រូវការឱ្យអូនបានសុខ ! ដំបូង បងស្មានថាធ្វើអ៊ីចឹង អូនពិតជាបានសុខ តែតាមពិត… បងដឹងមុននេះបន្តិចថា គេនោះតាមពិតជាអ្នកណា ហើយបានរៀបចំឆាកល្ខោនទាំងអស់នេះឡើងមក មានបំណងយ៉ាងណា ? គេជាខ្មោចរោគចិត្ត ! គេមានចរិតលីលាចង់ធ្វើឱ្យអូនឯកោ ធ្វើឱ្យអូនអស់ផ្លូវដើរ អស់សង្ឃឹមជាមុន ហើយទើបលូកដៃមកធ្វើជាតួហេរ៉ូជួយលើកអូនឡើង ដើម្បីឱ្យអូនលង់នឹងគេ ! បងមិនត្រូវការឱ្យគោលបំណងវាបានសម្រេចទេ ។»
ប្រយោគរាប់សិបម៉ាត់របស់វេហា ប្រៀបដូចជាញញួរដែករាប់ពាន់គីឡូ សំពងកណ្តាលក្បាលខ្ញុំ ។
រាងកាយខ្ញុំត្រជាក់ស្រេបពីចុងជើងដល់សរសៃសក់ ។ ខ្ញុំសម្លឹងមើលតួលេខ ១.០០០.០០០ ដុល្លារ នៅលើក្រដាសនោះ ព្រមទាំងហត្ថលេខាមានឈ្មោះបុរសម្នាក់ដែលខ្ញុំទើបតែហាមាត់សុំគេរៀបការ… ព្រោះតែជឿចិត្តគេ… ខ្លាំង ។
ពេលខ្ញុំស្ងាត់ បងវេហាផ្តើមចាក់វីដេអូ ។ នៅក្នុងហាងនោះ គឺអ៊ីសានជំនួយការគេ បានមកចួបបងវេហាពិតមែន ។ ហើយ clip… មួយទៀត… នៅថ្ងៃដែលបងវេហាមកចួបខ្ញុំ សុំបែក… គឺគេនេះមកអង្គុយមើលទិដ្ឋភាពនោះនៅក្បែរៗហាងខ្ញុំ ។
ទ្រូងនេះឆួល ហើយអស់សង្ឃឹមព្រមៗគ្នា ។
ពិភពលោកដ៏កក់ក្តៅដែលខ្ញុំស្មានថាបានរកឃើញ ស្រាប់តែប្រេះស្រាំធ្លាក់បែកខ្ទេចយ៉ាងមុតស្រួចក្នុងបេះដូងនេះ ។ ខ្ញុំថយទ្រេតបន្តិច ភ្នែកទម្លាក់សម្លឹងឥដ្ឋ ចិត្តគិតភ្នកដល់រឿងជាច្រើនក្នុងរវាងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ។
«បើជីវិតអូនរញ៉េរញ៉ៃ បងនឹងកែឱ្យ… » សម្ដីបព្វតាកាលពីព្រឹកក្នុងផ្ទះកញ្ចក់របស់គេ ហើយពាក្យថា «បងមិនចង់ឱ្យស្រីដែលបងស្រលាញ់បំផុត ត្រូវឈឺចាប់ស្រក់ទឹកភ្នែកទេ… » ពេលនេះម្តេចឈឺម្ល៉េះ ?
សំឡេងគ្រលរទាបៗ ផ្អែមៗ ម៉ាត់ៗរបស់គេ លោតចូលមកក្នុងខួរក្បាលខ្ញុំវិញជាបន្តបន្ទាប់ ។
ខ្ញុំដកដង្ហើមញាប់ៗ ដៃទាំងពីរញ័រទទ្រើក ។ ចិត្តនេះមិនចង់ជឿវេហាទេ មនុស្សដែលខ្ញុំអស់ចិត្ត ឆ្អែតចិត្តណាស់ទៅហើយ រឿងអីខ្ញុំចង់ជឿគេ ? តែនេះ… ស្តែងពេក ។
«ព្រឹកមិញ បងស៊ើបដឹងការពិតថា វាជាមនុស្សមានជំងឺ ហើយ… ហើយជា (ខ្សឹប) ពួក BDSM ដល់ពេលហ្នឹងបានបងយល់ពីអ្វីគ្រប់យ៉ាង… បងគិតពីអូនភ្លាម… តើវាទុកអូនជាស្អី ? ជាកូនសត្វក្នុងចំណងរបស់វា ? បងខឹងណាស់ ! ក៏បងឡើងទៅស្កាត់សួរវាឱ្យច្បាស់ថា បើវាមិនមែនស្រលាញ់អូនទេ ? បើស្រលាញ់ ម្តេចលេងល្បិចពីក្រោយខ្នងអូនច្រើនម្ល៉េះ ? តែវាបានព្រមានបងថា បើបងមកប្រាប់អូន ក៏អូននឹងមិនស្តាប់បង… ! វាភ្នាល់… »
«បានហើយ !»
ខ្ញុំស្រែកកាត់ព្រោះថា ខ្ញុំខ្ជិលស្តាប់ទៀតណាស់ ត្រចៀកខ្ញុំហ៊ឹងហើយ ។ ខ្ញុំយល់គ្រប់យ៉ាងហើយ… ថាហេតុអ្វីគេពាក់ចិញ្ចៀននេះឱ្យខ្ញុំបង្ខំៗ ហើយឱ្យអ៊ីសានដឹកខ្ញុំមកចួបមនុស្សអតីត ? ព្រោះគេ… ចង់សាក… ចង់ភ្នាល់ ?
«ពួកអ្នកមានអស់នេះបងបារម្ភណាស់ វាគ្រាន់តែចាត់ទុកអូនជារបស់លេង ជារបស់ដែលទិញបានដោយលុយ ! តែឥឡូវ… បងមានលុយហើយ ! បងយកលុយមកសងពួកហ្នឹងវិញ… ពួកយើងអាចត្រលប់ទៅដូចដើម បងនឹង… ការពារអូន !»
«ចៀសចេញ !»
ខ្ញុំតបអួលៗបណ្តេញគេព្រោះខ្ញុំត្រូវការដើរចាកចេញ ។ ខ្ញុំចង់គេចចេញពីរឿងវិលវល់អស់នេះទៅកន្លែងមួយដែលស្ងាត់ មានតែម្នាក់ឯង ដើម្បីខ្ញុំអាចសម្លឹងគ្រប់យ៉ាងកន្លងមកឡើងវិញឱ្យបានច្បាស់ ។
ចិត្តនេះទទួលស្គាល់ថា… អូខេ ! ខ្ញុំអត់ស្គាល់អ្នកណាទាំងអស់ ! គ្រប់គ្នា… សុទ្ធតែគួរតែខ្លាច… សូម្បីតែអ៊ីសានដែលកំពុងឈរចាំនៅក្រៅទ្វារ… អ្នកណាក៏ដោយ… ខ្ញុំមិនចង់ឮអ្វីទៀតទាំងអស់ ។
«រឿងយើងចប់ហើយ ! ឈប់មកនៅពីមុខខ្ញុំ !»
ស្រែកដាក់មុខគេទាំងទឹកភ្នែករមៀលធ្លាក់កាត់ថ្ពាល់ ហើយជាមួយអារម្មណ៍ដែលថាកំពុងជាកូនអុកគ្មានតម្លៃដែលត្រូវគេបោកប្រាស់ទាំងសងខាង… ម្នាក់លក់ខ្ញុំព្រោះលុយ ឯម្នាក់ទៀតទិញខ្ញុំឡើងព្រោះចង់យកមកគ្រប់គ្រងលេងល្បែង «ឈ្នះ» ។
មួយទៀត… រឿង BDSM ! ដល់វ័យនេះទៅហើយ… ពួកយើងយល់ពាក្យនេះច្បាស់គឺជាពាក្យកាត់… សម្រាប់ប្រភេទនៃទំនាក់ទំនង… និងសកម្មភាពផ្លូវអារម្មណ៍រវាងមនុស្សដែលនិយម… ការចង និងការគ្រប់គ្រង ហើយទទួលការឈឺចាប់ ឬផ្តល់អារម្មណ៍ឈឺចាប់ដល់ដៃគូ… ស្តាប់ទៅ… ពិតជាគួរឱ្យខ្លាចខ្លាំង ។
ដោយស្ពឹកមុខ… ខ្ញុំងាកខ្លួនបម្រុងនឹងរត់ចេញពីកន្លែងដ៏គួរឱ្យអាម៉ាស់នេះ តែ… កែវភ្នែកខ្ញុំស្រាប់តែដៀងទៅឃើញអ៊ីសានចេះតែផ្ដោតម្តងម្កាលលើកាមេរ៉ាសុវត្ថិភាពតូចមួយដែលបំពាក់នៅជ្រុងហាង ។
ខ្ញុំសើចខឹក… ទីនេះមិនមានមនុស្សសូម្បីម្នាក់ ?
ចួបគ្នាស្អែកទៀត …


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ