រឿង៖ នាងនិងគេ (ភាគ២៩)

គេដាក់ខ្ញុំឱ្យលេងល្បែងកណ្តុរនិងខ្លាញ់ ហើយអង្គុយមើលខ្ញុំលេង ?

ពន្លឺពណ៌ក្រហមតូចមួយកំពុងលោតភ្លឹបភ្លែតនៅទីនោះ…

ជើងខ្ញុំឈប់ង៉ក់ ។

អរគុណភាពឆ្លាតវៃដែលនៅសេសសល់ ។ ហាងកាហ្វេដែលគ្មានភ្ញៀវ បាច់ផ្កាធំ… ចិញ្ចៀនពេជ្រ… មនុស្សក្បត់ដែលស្រាប់តែលេចមុខ… ការដែលជំនួយការគេទៅដឹកខ្ញុំមកទីនេះ… គ្រប់យ៉ាងមិនមែនចៃដន្យទេ ។

ស្តេចបិសាច… កំពុងតែអង្គុយមើលខ្ញុំ !!! ខ្ញុំដឹង… គេបើកផ្លូវឱ្យវេហាមកប្រាប់ខ្ញុំរឿងលុយ១លាន ព្រោះគេចង់ «តេស្ដ» ខ្ញុំ ???

ខ្ញុំជូតទឹកភ្នែកចេញយ៉ាងរហ័ស ជាមួយកាយវិការកំណាចឃោរឃៅទ្រគោះបោះបោក ។ ទោះណាជាបេះដូងខ្ញុំត្រូវមកបែកខ្ទេចខ្ទាំជាមួយសាច់រឿងដែលលេងក្រឡុកចុះឡើងក្នុងឆាកជីវិតនេះ តែភាពរឹងរូសពីកំណើតមិនអនុញ្ញាតឱ្យខ្ញុំចុះចាញ់ល្បែងផ្លូវចិត្តដ៏ស្មោកគ្រោកនេះទេ ។

ខ្ញុំងើបមុខសម្លឹងចំកាមេរ៉ានោះ សម្លឹងទម្លុះកញ្ចក់កាមេរ៉ាទៅរកកែវភ្នែកឥន្ទ្រីដែលខ្ញុំដឹងច្បាស់ថាអាចនឹងកំពុងអង្គុយមើលខ្ញុំពីកន្លែងណាមួយ ។

«លេងសប្បាយណាស់ … មែនទេ ?»

ខ្ញុំបន្លឺទៀតក្នុងសព្ទសំឡេងរឹងមាំ ដោយសម្លឹងតែកាមេរ៉ា មិនខ្ចីងាកមើលអតីតសង្សារ «ហោចណាស់… អរគុណហើយ… ដែលឱ្យខ្ញុំដឹងទាន់ពេល !»។

និយាយចប់ ខ្ញុំដោះចិញ្ចៀនពេជ្រចេញ លើកបង្ហាញទៅកាន់កាមេរ៉ា រួចញញឹម មុនពេលដើរមកទាញទ្វារហាងចេញមកក្រៅវឹងតែម្តង ទុកមនុស្សឈ្មោះវេហាឱ្យនៅពីក្រោយខ្នងដូចអតីតកាលនានាដែលខ្ញុំធ្លាប់តាំងចិត្តថានឹងបំភ្លេចចោល ។

ពេលកម្លាំងខ្យល់បរិយាកាសខាងក្រៅបក់ប៉ះផ្ទៃមុខស្ពឹកៗរបស់ខ្ញុំ ខ្ញុំងាកទៅញញឹមស្លេកៗដាក់អ៊ីសាន… ហើយចាប់ដៃជននោះដាក់ចិញ្ចៀនពេជ្រទៅលើបាតដៃគេ ។

«ប្រាប់ចៅហ្វាយខ្លួនផង ចិញ្ចៀននេះអន់ពេកហើយ អត់ចង់ពាក់ទេ !»

អូនដាស់បិសាចក្នុងរាងកាយបង (តំណាលបព្វតា)

អេក្រង់ LED ខ្នាតធំនៅតែភ្លឺចាំងមកលើមុខខ្ញុំទាំងដែលតែរូបភាពរបស់ស្រីមុខរឹងម្នាក់នោះ បានបាត់ចេញពីខ្សែភ្នែកទៅហើយ ។

«ចិញ្ចៀននេះអន់ពេកហើយ ! អត់ចង់ពាក់ទេ !»

ប្រយោគចុងក្រោយរបស់នាង និងកាយវិការដែលនាងដោះចិញ្ចៀនពេជ្របោះទៅលើបាតដៃអ៊ីសាន នៅតែលាន់ខ្ទរដូចអេកូក្នុងត្រចៀកខ្ញុំ ។

វា… ប្រៀបដូចជាគ្រាប់បែកកំណាចមួយដែលលាក់ព្យួរក្នុងជីវិតខ្ញុំជាយូរណាស់មកហើយខ្ញុំគាំងធ្មឹងអស់ជាច្រើនវិនាទី កែវភ្នែកនៅតែសម្លឹងត្រង់ទៅកញ្ចក់កាមេរ៉ាដែលនាងទើបតែសម្លឹងមកមុននេះហើយនាងដើរចោល ។

រួច… សំណើចមួយក៏របូតចេញពីបំពង់កខ្ញុំ កណ្តាលបន្ទប់ដ៏ងងឹតស្លុប ជាសូរសំណើច… ដែលកម្រើកចេញពីបាតទ្រូង… ជាសំណើចដ៏វិកលចរិតដែលសូម្បីតែខ្លួនខ្ញុំក៏ភ្ញាក់ផ្អើលនឹងសំឡេងខ្លួនឯង ។

ខ្ញុំលើកកែវស្រាវីស្គីមកក្រេបទៀត… ។

រសជាតិស្រាដែលធ្លាប់តែក្តៅដុតកាត់បំពង់កពេលនេះបែរជាសាបរលីង បើធៀបនឹងកំហឹងអាម៉ាស់លាយឡំនឹង «ក្តីរំភើបបែបអវិជ្ជមាន» ដែលកំពុងពុះកញ្ជ្រោលក្នុងសរសៃឈាមខ្ញុំ ។

អស្ចារ្យណាស់ ដាហ្ស៊ី !  អស្ចារ្យៗបងទះដៃឱ្យ !

អូនមិនបានយំ… មិនបានទន់ចិត្តតាមសម្ដីអាសំរាមវេហា តែថែមងាកមកឌឺក្តៅឆួលនឹងការរៀបចំរបស់បងវិញទៀត ?

ហ៊ានដោះចិញ្ចៀន… ដូចហ៊ានទះកំផ្លៀងបងនៅមុខកូនចៅបង ! ជក់ចិត្តពិតមែន !

មនុស្សស្រីដែលទន់ខ្សោយ យំសុំក្តីមេត្តា បងធុញណាស់ ចួបតាមផ្លូវសឹងរាល់ថ្ងៃទៅហើយ ។ តែ… ភាពមានះរបស់អូនវិញ… កែវភ្នែកដែលហ៊ានសម្លឹងមកប្រកាសសង្គ្រាមជាមួយបង… វាប្រៀបដូចជាថ្នាំសម្រើបដ៏ខ្លាំងក្លាបំផុតដែលដាស់សភាវៈសត្វព្រៃក្នុងរាងកាយនេះឱ្យភ្ញាក់ឡើងមកពេញទំហឹង ។

កាន់តែរឹង កាន់តែចង់កាច់បំបាក់ !

កាន់តែប្រកែក កាន់តែចង់ចាប់ក្រសោប មកសង្កត់នៅក្រោមទ្រូងនេះ ពេលនេះ ម៉ោងនេះ បងចង់ហែកកម្ទេចភាពក្រអឺតក្រទមរបស់អូនចោល ស្រីក្រអឺត ! បងបង់វាមួយលាន ដេញវាចេញពីជីវិតអូន បងខុសអី ?

ហើយ… បងអាចនឹងធ្វើច្រើនជាងនេះទៀត ជាពិសេស… អូន ! ភ្លើង តណ្ហា ក្តីមានះដែលអូនដុតមកនេះ ដាហ្ស៊ី អូនរ៉ាប់រងរួចទេ ?

ខ្ញុំមិចភ្នែកគ្រញែងស្មា… ហើយស្រមៃឃើញថានាងនឹងមកកន្លែងនេះមកហៅឈ្មោះខ្ញុំ… អង្វរខ្ញុំ… ទាល់តែខ្ញុំលែងខឹង !

តែ…

រំពេចនោះ ស្នាមញញឹមនៅលើបបូរមាត់ខ្ញុំក៏រលត់បាត់ ជំនួសមកវិញដោយភាពត្រជាក់ស្រេបកាត់ឆ្អឹងខ្នង និងចិត្តកំព្រាឯការបស់ខ្ញុំ ។

រូបភាពដែលគេងាកខ្នងចាកចេញមិនងាកក្រោយសូម្បីមួយវិនាទី… បានវាយប្រហារចំស្លាកស្នាមរបួសមួយដែលលាក់ទុកយ៉ាងជ្រៅបំផុតនៃបេះដូងខ្ទេចខ្ទាំរបស់ខ្ញុំ ។

ស្រមោលខ្នងរបស់គេ… ត្រួតស៊ីគ្នាជាមួយនឹងស្រមោលខ្នងរបស់មនុស្សស្រីម្នាក់… កាលពីអតីតកាល… មនុស្សស្រីដែលរៀបចំវ៉ាលិស… ទាញទ្វារបន្ទប់បើក… ហើយចាកចេញពីភូមិគ្រឹះ ទោះបីជាក្មេងប្រុសម្នាក់ស្រែកយំពីជាន់ខាងលើយ៉ាងណាក៏ដោយ… ក៏នាងមិនព្រមនៅ ។

ហេតុអី… អ្នកណាៗក៏ដើរចេញពីខ្ញុំ !

«អត់ទេ… ដាហ្ស៊ី ! អូនគ្មានសិទ្ធិដើរចេញពីបងទេ !»

ខ្ញុំគ្រហឹមក្នុងចិត្ត កែវភ្នែកទាំងសងខាងក្តៅដូចភ្លើងដុត ។

ប្រាវ ! កែវស្រាវីស្គីក្នុងដៃ ត្រូវខ្ញុំក្តាប់បំបែកកម្ទេចខ្ទេចខ្ទីដូចរាល់ដង ។ បំណែកកញ្ចក់មួយមុតចូលបាតដៃ ឈាមពណ៌ក្រហមស្រស់ហូរស្រក់តក់ៗមកលើកម្រាលសាឡុងស្បែក… ហេតុអ្វី ខ្ញុំមិនដឹងឈឺសូម្បីតែបន្តិច…

«បព្វតា ! លោកខានលេបថ្នាំតាមវេជ្ជបញ្ជា សូមលោកទទួលខុសត្រូវខ្លួនឯង !»

ខ្ញុំសើចខឹកព្រោះនេះជាសម្ដីពេទ្យនៅសិង្ហបុរី ដែលបានផ្តែផ្តាំតាំងពីព្រឹកម្សិល ពេលនេះ ខ្ញុំមើលឃើញថាខ្លួនឯងកំពុងតែឆ្កួតកម្រិតណាហើយ ។

ការឈឺចាប់លើរាងកាយនេះ មិនដែលប្រៀបបាននឹងភាពឆេះរោលរាលក្នុងចិត្តខ្ញុំយូរយារណាស់មកហើយនោះទេ ។ ដំបៅជីវិត ភាពអនាថា ឯកោ និងសម្ពាធនៃក្តីវេទនាដែលគ្មានរូបរាងបានបង្វែរខ្ញុំឱ្យក្លាយជាមនុស្សដែលចូលចិត្តការគ្រប់គ្រង ខ្ញុំចូលចិត្តឱ្យអ្វីៗគ្រប់យ៉ាង រួមទាំងមនុស្សដែលខ្ញុំចាប់អារម្មណ៍ ត្រូវធ្លាក់មកក្នុងដៃខ្ញុំទាំងស្រុង ។

ទូរសព្ទឱ្យសញ្ញាមកពីរប៊ីប… ខ្ញុំក្រឡេកលដឹងថាជាអ៊ីសានដែលកំពុងច្របូកច្របល់ទប់ស្រីស្អាតមិនជាប់ ។

ដំអក់បន្តិច ទើបខ្ញុំទាញមកចុចទទួលទាំងដៃប្រឡាក់ឈាម ។

«ចៅហ្វាយ… » សំឡេងអ៊ីសានអាក់ៗបារម្ភ ។

ខ្ញុំសើចកាត់តិចៗធ្វើឱ្យជំនួយការឥណ្ឌាម្នាក់នេះភ័យដល់និយាយលែងចប់ ។

«ឱ្យស្រីមុខរឹងហ្នឹងបានចិត្តបន្តិចសិនក៏បាន !»

ខ្ញុំស្រដីដាក់សំឡេងសង្កត់ទាប តែត្រជាក់ៗគ្មានគិតអ្វីច្រើន មិនខ្វល់ខ្វាយអ្វី… តែគិតថា… ប្រហែលជាអ៊ីសានដែលកំពុងស្តាប់អាចនឹងកើតខ្វល់ជំនួសម្ចាស់តុក្កតាមុខរឹងម្នាក់ហ្នឹងវិញផងក៏មិនដឹង ។

ពេលខ្ញុំបន្លាយខ្សែនុយវែង ក៏ជាល្បែងគ្រោះថ្នាក់បំផុតមួយក្នុងជីវិតខ្ញុំ ។ បើខ្ញុំមិនមានប្រតិកម្មខ្លាំង បានន័យថា ខ្ញុំខឹងខ្លាំង… ។

«គឺ… បាទ… ខ្ញុំនឹងបើកឡានតាមអ្នកនាងដាហ្ស៊ីរហូត !»

ខ្ញុំបិទទូរសព្ទយ៉ាងឆ្មើងឆ្មៃ មិនខ្ចីតបនឹងប្រយោគចុងក្រោយរបស់អ៊ីសានទេ ។ ពេលដែលដៃខ្ញុំម្ខាងទាញក្រណាត់មកជូតឈាមលើបាតដៃម្ខាងទៀតយឺតៗ  ខ្ញុំងើបទៅក្បែរផ្ទាំងកញ្ចក់ Office ផងដែរ ។

ភ្នែកទាំងគូសម្លឹងទៅកាន់ទីក្រុងដ៏តូចហើយងងឹតស្រអាប់បន្តិចម្តងៗក្រោមស្បៃអន្ធការ ចិត្តខ្ញុំឃើញតែផ្ទៃមុខហើយនិងភ្នែកក្រឡង់ៗរបស់គេ ។

អូនបដិសេធចិញ្ចៀនរបស់បង… ដាហ្ស៊ី !!!

បងឱ្យពេលអូនរត់ ព្រោះថាពេលដែលបងចាប់អូនបាន… បងនឹងមិនប្រើចិញ្ចៀនពេជ្រមកចងម្រាមដៃអូនទៀតទេ តែបងនឹងបង្រៀនអូន… ឱ្យស្គាល់ថាទណ្ឌកម្មដែលអូនពិបាកហាមចិត្ត ហើយមិនចង់ទទួលតែទៅណាក៏មិនបាន ។

តើ… មានរសជាតិបែបណាដាហ្ស៊ី ? បងនឹងប្រើរាងកាយបងផ្ទាល់ ធ្វើជាច្រវាក់ចងរឹតអូននៅលើគ្រែចាំមើលតើអូនអាចដោះបងគ្រវែងចេញស្រួលៗដូចដោះចិញ្ចៀនដែរឬទេ ?

ស្រីមុខរឹង !

ស្រមោលគេអន្ទោលតាមខ្ញុំ (តំណាលដាហ្ស៊ី)

ខ្ញុំបោះជំហានយ៉ាងលឿនចេញពីហាងកាហ្វេទាំងដៃញ័រទទ្រើក ។ មេឃងងឹតស្លុប… គ្រាប់ភ្លៀងតូចៗត្រូវបានទម្លាក់ចុះមកតិចៗតែរពុយៗ ហាក់ប្រុងតែនឹងចាប់ផ្តើមស្រក់មកលុបពីលើទឹកភ្នែកខ្ញុំ ។

ខណៈដែលខ្ញុំកំពុងរេភ្នែករកមើល ស្រាប់តែឡាន Prius ពណ៌សតូចមួយបើកមកឈប់ង៉ក់កាត់មុខខ្ញុំ ។ កញ្ចក់ឡានរវៃខ្លួនឯងចុះក្រោមបង្ហាញមុខអ្នកបើកបរតូចច្រឡឹងដែលកំពុងតែជ្រួញចិញ្ចើម ។

«ដាហ្ស៊ី !!» នីកូលស្រែកហៅ ។

អរភើត… ខ្ញុំមិនបង្អង់យូរទេ ក៏ស្ទុះបើកទ្វារចូលទៅអង្គុយក្បែរមិត្តទាំងទប់ដង្ហើមសឹងមិនតែចង់ទាន់ ។

«នែ… ឯងកើតអីហ្នឹង ?»

ប្រហែលឃើញខ្ញុំខលហៅគេប្រញាប់ប្រញាល់ ហើយមកដល់កាលណាក៏ស្លេកស្លាំងដូចរត់គេចពីខ្មោច នីកូលងាកមកសំកាំងសួរទាំងភ័យស្លន់     ខណៈខ្ញុំលើកដៃបក់ជាសញ្ញាជំរុញនាងឱ្យចេញឡានឱ្យរហ័សបំផុត ។

ជើងមិត្តខ្ញុំជាន់ហ្គែរបើកចេញពីទីនោះយ៉ាងលឿនក្រោយពីរវៀសរវៃសម្លឹងជុំវិញមួយជុំ ។

«ទៅ… ទៅនីកូល ! ឥឡូវនេះ !»

ខ្ញុំបញ្ជា សំឡេងញ័ររអាក់រអួល ធ្វើឱ្យនីកូលប្រញាប់ធ្វើតាម ។

នៅតាមផ្លូវ ខ្ញុំក្តាប់ម្រាមទាំងសងខាងទប់ស្កាត់ការរំជួលចិត្ត តែទីនេះគ្មានអ្នកណាផ្សេងទៀតទេ ទីបំផុត នៅពេលដែលនីកូលអាចអត់ធ្មត់មិនទាន់សួរនាំខ្ញុំ ខ្ញុំខ្លួនឯងបែរជាទប់លែងបាន ស្រែកយំឡើងមួយទំហឹងលាន់ខ្ទរជំនិះ ។

«មានរឿងអី ?»

នាងភ័យផ្អែមមាត់ ហើយខ្សឹបសួរខ្ញុំទាំងបើកឡានវិលចុះឡើងដូចជាគ្មានគោលដៅ ។ ខ្ញុំនិយាយមិនចេញ គិតតែគ្រវែងម្រាមជូតទឹកភ្នែកដោយឈឺចិត្ត ។ មនុស្សដែលខ្ញុំគិតថានឹងរៀបការជាមួយ ទីបំផុត មិនខុសពីពួកបិសាចអ្នកមានចាយមិនអស់លុយ ហើយនិយមយកជីវិតមនុស្សមកធ្វើជាល្បែងឡើយ… តែ… ហេតុអីជាខ្ញុំ ?

ខ្ញុំឆ្ងក់… ហើយនឹកឃើញឡើងវិញ… នូវព្រលប់ដំបូងដែលខ្ញុំបានឃើញគេប្រឡាក់ប្រលូសទៅដោយប្រេងម៉ាស៊ីន… ? អូ ! ហ្នឹងហើយ! សភាពប្លែកៗរបស់គេ… មានកប់ពពក តែទៅធ្វើការក្នុងរោងពុម្ពតូចមួយ ???

«នីកូល យើងចប់ហើយ !»

ខ្ញុំស្រែកកាត់ការបើកបរប្រយ័ត្នប្រយែងរបស់មិត្តទាំងដែលទឹកភ្នែកដែលខំទប់ក៏បាក់ទំនប់ហូរមកជាថ្មី ធ្វើឱ្យមិត្តខ្ញុំក៏ត្រូវរលីងរលោងតាមដែរ ។

«បព្វតា… នៅពីក្រោយរឿងគ្រប់យ៉ាង នីកូល !»

«Chairman ទីន ?»

ឮនាងហៅមនុស្សនោះថាChairmanបានខ្ញុំត្រូវភ្ញាក់ខ្លួនមកស្រឡាំងកាំងវិញទៀត ។ រូបភាពនីកូលចេញពីផ្ទះខ្ញុំយប់នោះ… នីកូលចូលម៉ាតអណ្ដែតឡើងមកវិញព្រមៗគ្នាដូចចាក់កុនបញ្ចាំង ហើយចុងក្រោយ បំណុលនីកូល ត្រូវសង ? មិនថាតែបងវេហា… គ្រប់គ្នាក្នុងជីវិតខ្ញុំ… បានត្រូវមនុស្សម្នាក់នោះសារ៉េចេញអស់ពិតមែន ?

នឹកឃើញដល់ម៉ាក់ដែលប្រាប់ខ្ញុំថ្មីៗ ថាគាត់មិនសប្បាយចិត្តទេសម្រាប់ពួកអ្នកមានកប់អាកាសដែលឈានចូលមកក្នុងជីវិតយើង ។ ពួកនោះមិនមែនទទេៗមកដោយគ្មានសម្លឹងឃើញអ្វីឡើយ ។

«នីកូល ! ឯង ឯងត្រូវឈប់ធ្វើការភ្លាមថ្ងៃនេះ ! ទៅៗ យើងទៅពេទ្យ ! ហើយសរសេរលិខិតលាឈប់ !»

នីកូលស្លេក… តែមិនបានតបតអ្វីព្រោះនាងបានបែរចង្កូតឡានទៅកាន់ពេទ្យសមុទ្ទចិត្តតាមបញ្ជាខ្ញុំ ។

ខ្ញុំពោលបន្ថែម ៖

«លុយមួយលានដុល្លារណ៎ា នីកូល ដើម្បីឱ្យវេហាបងជីដូនមួយឯងយកទៅវិនិយោគជាមួយគ្រួសារមាណាកា នឹងអាលអាចដណ្តឹងកូនស្រីគេបាន គឺ… គឺលុយរបស់បព្វតា ! ប្រុសម្នាក់ហ្នឹងទិញបងវេហាឱ្យបោះចោលយើងដើម្បីខ្លួនគេចូលមកលេងល្បែងកម្ទេចជីវិតយើង… ឯងយល់ទេ ?»

នីកូលបន្ថយល្បឿនភ្លាម ហើយនាងអែបកៀន ។ សភាពនេះមិនខុសគ្នាច្រើនប៉ុន្មានទេពីការភ្ញាក់… ជាន់ហ្វ្រាំងង៉ឺត ! ឡានកន្ត្រាក់សឹងចុកក្អួតទាំងអស់គ្នា ។

មិត្តខ្ញុំបើកភ្នែកធំៗសម្លឹងមកខ្ញុំ សឹងតែលៀនគ្រាប់ភ្នែកក្រហមៗរបស់នាង… ខ្ញុំងក់ក្បាលទាំងភ្នែកយំរលោងជាការបញ្ជាក់បន្ថែមលើសម្ដីខ្លួនឯងថាគេស្តាប់មិនច្រឡំទេ ។

នីកូលខ្សឹប ៖ « លោកទីន… ហ្នឹង ?»

ខ្ញុំងក់ក្បាល យកដៃខ្ទប់មុខយំហើយទីបំផុតទៅ ខ្ញុំក៏ងើបមករៀបរាប់ប្រាប់នាងគ្រប់យ៉ាង… តាំងពីរឿងកិច្ចសន្យារហូតដល់រឿងកាមេរ៉ាសម្ងាត់ក្នុងហាងកាហ្វេអម្បាញ់មិញ ។ ការនិយាយរវាងពួកយើងយូរគួរសម ទាំងព័ត៌មាន ទាំងអារម្មណ៍ដែលខ្ញុំមានពេលនេះ និងឆាកចុងក្រោយ អភិជននោះឱ្យចិញ្ចៀនពេជ្រខ្ញុំ និងការមកដល់របស់បងវេហា អ្វីដែលខ្ញុំកំពុងខ្លាច ខ្ញុំប្រាប់នីកូលគ្រប់យ៉ាង ។ នីកូលប្រាប់ខ្ញុំវិញថា ពិតជាបានឃើញបងវេហាទៅក្រុមហ៊ុនសួររកបព្វតាពិតមែន ។

បរិយាកាសក្នុងឡានតូចចង្អៀត ប្រែជាត្រជាក់ស្រេបកាត់ឆ្អឹង ។ នីកូលទាញទូរសព្ទមកបម្រុងចុចទៅរកបងវេហា ទាំងដែលពួកយើងកំពុងបើកឡានអែបកៀនចិញ្ចើមផ្លូវ ។ ដៃនាងញ័រទទ្រើកមាត់និយាយ ៖

«ដាហ្ស៊ី… បើអ៊ីចឹង… រឿងនេះមិនមែនជារឿងលេងសើចទេ !»

នីកូលខ្សឹប ទឹកមុខប្រែជាស្លេកដូចក្រដាស ។ ខណៈដែលនាងចុចស្វែងរកទាក់ទងបងជីដូនមួយយ៉ាងតក់ក្រហល់ ។

បេះដូងខ្ញុំធ្លាក់ដល់កែងជើងព្រោះខាងទូរសព្ទរបស់ខ្ញុំ ខ្ញុំឃើញឯកសារខ្លះខាងបងវេហាបានផ្ញើមក ។

ជាមួយកែវភ្នែកពោរពេញដោយភាពភ័យរន្ធត់ ខ្ញុំចុចមើលអត្ថបទដំបូងគេមួយ «ប៉ូលិសសន្និដ្ឋានថា នាងលេបថ្នាំងងុយដេកសម្លាប់ខ្លួននៅក្នុងផ្ទះលម្ហែមួយក្បែរមាត់បឹង… !»

ពោះខ្ញុំភើត ព្រោះពេលដែលខ្ញុំសម្លឹងមើលអត្ថបទព័ត៌មាននោះ ក៏លេចចេញនូវរូបភាពផ្ទះវីឡាដែលត្រូវបានសាងសង់ពីកញ្ចក់សឹងទាំងស្រុង         កណ្តាលចម្ការធំធេង… ប្របមាត់បឹង…

« … សាកសពតារាស្រីលីហ្សា ត្រូវបានរកឃើញនៅក្នុង ‘ផ្ទះកញ្ចក់’ ដ៏ប្រណីតស្ងាត់ជ្រងំមួយ… »

ផ្ទះកញ្ចក់ ! ផ្ទះកញ្ចក់ ដែលបព្វតាធ្លាប់នាំខ្ញុំទៅកាលពីល្ងាចម្សិលមិញ ហើយខ្ញុំបានគេងស្រវឹងពេញមួយយប់ ?

បងវេហាបានសរសេរមុននេះប៉ុន្មាននាទីមកថា «កាលលីហ្សាស្លាប់… អាម្នាក់ហ្នឹងបានបិទព័ត៌មានជិតឈឹង !»

«ដាហ្ស៊ី… » នីកូលខ្សឹបមកធ្វើឱ្យខ្ញុំស្រែកវ៉ាសងើបមុខសឹងរបូតទូរសព្ទ ដៃពីរនាក់យើងចាប់ផ្តើមញាប់ញ័រ ខ្ញុំនិយាយទៅកាន់កែវភ្នែកនាង ៖

«គេមិនមែនត្រឹមតែជាមនុស្សប្រភេទឆ្កួតនឹងល្បែងផ្លូវចិត្តទេ គេ… គេអាចជាឃាតករ !» នីកូលគាំងធ្មឹងមានសភាពដល់ខ្ញុំដែរ គឺខ្យល់ដង្ហើមស្ទះណែនក្នុងបំពង់ក ។

ខ្ញុំចង់ប្រាប់នាងថានេះ… ព័ត៌មាននេះជា… វីឡាដែលតួកុនស្រីល្បីស្លាប់ ជាកន្លែងដែលខ្ញុំបានទៅដល់កាលពីម្សិល ។ គំនិតខ្ញុំពេលនេះ គឺរឿងដែលគេធ្លាប់ប្រើជាមួយមនុស្សស្រីមុនៗ គេកំពុងតែយកមកប្រើជាមួយខ្ញុំក្នុងបច្ចុប្បន្ន ហើយ… សភាពរបស់ខ្ញុំគឺ… គ្មានលុយគ្មានអំណាចអ្វីទៅការពារពីគេម្នាក់នោះបានទេ ។

«យើងត្រូវទៅយកប៉ាម៉ាក់ឯងចេញពីពេទ្យ ឥឡូវនេះ… »

នីកូលប្រញាប់បញ្ចេញយោបល់នេះ មុនពេលខ្ញុំនិយាយអំពីតារាស្រី   លីហ្សាម្នាក់នោះទៅទៀត ។

ដៃនាងទាញលេខអូតូ បម្រុងនឹងចេញឡាន តែ…

ទ្រីង… ទ្រីង !

ទូរសព្ទរបស់នីកូលរោទ៍ឡើង… ។

នាងដៀងមើលហើយងាកមកស៊ីញ៉ូដាក់ខ្ញុំខ្សឹបប្រាប់ផង «បងវេហា !» ខ្ញុំងាកចេញទុកឱ្យនីកូលឱនទៅចុចទទួល រួចបើក Speaker ឱ្យឮទាំងអស់គ្នាព្រោះនាងលូនឡានចេញសន្សឹមៗដំណាលនេះ ។

«អាឡូ… តើនេះជាលេខរបស់កញ្ញា នីកូល មែនទេ ? ត្រូវជាអ្វីនឹងម្ចាស់ទូរសព្ទ ?» សំឡេងបុរសម្នាក់បន្លឺឡើងទាំងខ្ញុំទាំងមិត្តខ្ញុំត្រូវចំហមាត់ក្នុងក្តីសង្ស័យ ។

«ទូរសព្ទនេះជារបស់លោកវេហា… គាត់ទើបតែចួបគ្រោះថ្នាក់ធ្លាក់ពីលើដំបូលអគារ !»

ទូរសព្ទសឹងរបូតធ្លាក់ពីដៃនីកូលព្រោះលែងនៅក្បែរត្រចៀកនាងទៀតហើយ ។ ខ្ញុំយកដៃខ្ទប់មាត់ខ្លួនឯង ភ្នែកបើកធំៗពេលឮអ្នកខលមកនិយាយថាបងវេហាដែលទើបតែមករកខ្ញុំមុននេះប្រហែលជា១ម៉ោងសោះ បែរជាកំពុងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅ ICU ?

ការព្រមានរបស់បព្វតាដែលធ្លាប់និយាយកាលពីមុន លោតចូលមកពេញក្នុងខួរក្បាលខ្ញុំ ។ ពេលនេះគ្រប់ពាក្យពេចន៍… គេពិតជាមិនបាននិយាយលេងទេ ។

គេបិទមាត់បងវេហា… ? គេកំពុងតែកម្ទេចរាល់ភស្តុតាង និងមនុស្សដែលដឹងរឿង ហើយមានឯកសារ ហើយហ៊ានឈររារាំងផ្លូវគេ ?

«ដាហ្ស៊ី… » នីកូលសម្លឹងមកខ្ញុំទាំងក្រហមភ្នែក «យើង… កុំទាន់ជឿពួកដែលខលមកនេះ… អាចល្បិចអ្នកមាននោះ… យើងទៅយកមីងនិងពូសិន ចាំគិត !»

សំឡេងរន្ទះបាញ់គ្រឹម ! នៅកណ្តាលមេឃលាយឡំនឹងសំឡេងភ្លៀងដែលចាប់ផ្តើមធ្លាក់កាន់តែខ្លាំង ។ ខ្ញុំសម្លឹងមើលទៅផ្លូវខាងមុខ… យើងមិនអាចថយក្រោយបានទេ ព្រោះស្តេចបិសាចកំពុងតែហែកមាត់រង់ចាំខ្ញុំពីជ្រុងងងឹត !

ចួបគ្នាសប្តាហ៍ក្រោយ …

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*