រឿង៖ បន្ទប់ពិសោធន៍ L34 (ភាគ១)

ខ្ញុំគឺធីតា …

៥ឆ្នាំមុន សំណុំរឿង «រូបខ្មៅស្រអាប់» បានបិទបញ្ចប់ទៅដោយស្ងាត់ជ្រងំបន្សល់ទុកត្រឹមតែផេះផង់នៃក្តីឈឺចាប់និងសំណួរជាច្រើនដែលគ្មានចម្លើយ …

រាងកាយដែលប្រឡាក់ដោយឈាមរបស់នាយ … ការលះបង់យ៉ាងធំធេងនៅលេណដ្ឋានក្រោមជម្រៅវិមានក្រអូប … ហាក់នៅដក់ជាប់កកិតក្នុងកែវភ្នែកនាង មិនមែនតែរៀងរាល់ទិវារាត្រី … ប៉ុន្តែ … រាល់ដង្ហើមចេញចូល ។

ទោះបីជាឃាតករសម្លាប់លោកពូរបស់នាងត្រូវបានវែកមុខ …

តែស្រមោលខ្មៅជាច្រើនទៀតនៅតែបន្តលងបន្លាច និងតាមយាយីគ្រប់ពេលដែលធីតាបិទភ្នែក ។

ខ្ញុំធ្លាប់ប្រាប់ខ្លួនឯងរាប់ពាន់ដងឱ្យបោះបង់ការចងចាំនូវអតីតកាលទាំងនោះ ហើយរៀនរស់ទទួលយកការពិត តែបេះដូងដ៏រឹងរូសមួយនេះ​មិនដែល ព្រមចុះចាញ់​ក្នុង​ការទន្ទឹង​ស្វែងរកមនុស្សម្នាក់នោះឡើយ ។

ជំពូកទី១ ៖ មន្ទីរពិសោធន៍L-34

ធីតា … ធីតា …? ក្រោកឡើងធីតា …

នាងឮសូរសំឡេងខ្សឹបហៅរន្ថាន់នេះ … សន្សឹមៗក៏ស្គាល់ថាជាអ្នកណា … គឺ ហ្សឺឌី … អ្នកដែលបានកំដរនាងមកដល់ទីនេះ … ។

ក្រោកឡើងធីតា …

គេខ្សឹប តែក្នុងសភាពតក់ក្រហល់ហាក់បីដូចជាកំពុងស្ថិតនៅក្នុងសភាពការណ៍ចលាចលមួយ ។ រឿងរ៉ាវមិនបានចប់ទៅរលូនទេ នាងដឹង … ។

————-                                                                           

មុននេះប៉ុន្មានម៉ោង …

រស្មីពណ៌​មាសនៃដំណើរគោចរព្រះអាទិត្យ​រៀបអស្តង្គត ជះមក​ខ្សោយក្នុងវស្សាន្តរដូវ បញ្ចេញជា​ស្រមោល​វែងៗ​លើ​ទីក្រុង​ភ្នំពេញ​ដ៏​ធំ​ទូលាយ ។

ឆ្នាំ២០២៦នេះ ជាកាលវេលា​ដែលភាពទំនើបគ្រប់យ៉ាង​បានបដិសន្ធិមកលើរាជធានីចាស់ ។ បណ្តាសំណង់ខ្ពស់សន្លឹមជ្រែកអាកាស និងផ្ទាំង​កញ្ចក់Vip Mirror ភ្លឺដូចពេជ្រ មិនអាចបិទបាំងរឿងចម្រូងចម្រាសថ្មីបង្អស់នាល្ងាចនេះឡើយ ។

នៅក្នុងការិយាល័យ ធីតាបែរមកពីម៉ាស៊ីនព្រីន ដើរយ៉ាងញាប់សំដៅតុធ្វើការ​ដោយ​ចំហទ្វារបង្ហាញពីសភាពការណ៍សែនប្រញឹក ។

ស្លាក«​ប្រធាន​ផ្នែក​ព័ត៌មាន​ឧក្រិដ្ឋកម្ម»ត្រូវផាត់ចោលទៅម្ខាងព្រោះនាងកំពុងលាតសន្លឹកក្រដាសមកពិនិត្យ ​។

ក្រាក … នាងងើបមុខមកមើល ។ អ្នកមកដល់នេះជាបុរសវ័យ៥១ឆ្នាំ តែមានសភាពចាស់ជាង​វ័យ ជាមួយ​រូបរាងនិងទឹកមុខសើងមម៉ើងហាក់ជាប្រភេទមនុស្ស​ធ្វើការមិនដេកពួន ។

«ពូ ?»

នាង​សួរគាត់ព្រោះឆ្ងល់ ។ ជាមួយសភាពរូបរាងទ្រុឌទ្រោម បង្ហាញពីភាពតានតឹងក្នុងដំណើរការងារអង្កេត​ក្តីនាបន្ទប់ព័ត៌មានមមាញឹក  លោកផន ច្បូតពង្រាប​​សក់ស្កូវ ទុកនូវកែវភ្នែកមុតស្រួចសម្លឹងក្រដាសលើតុធីតា ។

«បើកប៉ុស្តិ៍លេខ ៦»

គាត់បញ្ជាហើយទាញកៅអីមកអង្គុយ ។ ធីតាទាញ Tablet  មក​បើក​រក

Channel -K6 លើ Internet ហើយមិនដល់មួយប៉ប្រិចភ្នែក អ្វីមួយមួយញ៉ាំងឱ្យនាងស្រៀវឆ្អឹងខ្នង ​។

រូបភាព​នៅលើ​អេក្រង់​ជាកន្លែង​ដែលធីតា​​ធ្លាប់​ស្គាល់ ជា​កន្លែង​ដែល​នាង​បាន​កប់ជ្រៅ​ក្នុង​ជម្រៅ​ចិត្ត ​ឥឡូវនេះ​បាន​លេច​ឡើង​នៅ​លើផ្ទាំង​ព័ត៌មានអនឡាញ ។

មន្ទីរពិសោធន៍ L-34 -រតនគិរី …

ទីកន្លែងដែលសុបិនសែនអាក្រក់កាលពីអតីត ត្រូវបានរលុបជិត៥ឆ្នាំមកហើយ ឥឡូវស្រាប់តែបានចាប់ផ្តើម ។

ក្រោយពេលដែលលោកផន​ឱនមកចុចប៊ូតុង … ព័ត៌មាន​បានផ្តើមផ្សាយជាមួយសព្ទសំឡេងស្រួយៗពញ្ញាក់អារម្មណ៍ …

«Breaking News ក្រោយពេលដែល​ក្មេងប្រុសជំទង់ ៥នាក់បានបាត់ខ្លួនក្នុងដំណើរបោះជំរំឯកជនមួយ ហើយ​អាជ្ញាធរកំពុងបិទជុំវិញតំបន់នេះ     ខណៈគ្រូបង្រៀនម្នាក់ដែលចូលរួមក្នុងដំណើរនោះដែរ​ ត្រូវបានរកឃើញស្លាប់នៅម៉ោង៥និង១១នាទីល្ងាចនេះម៉ោងនៅកម្ពុជា ! ការរកឃើញនេះ ប្រមាណ១​៩ម៉ោងក្រោយការបាត់ខ្លួនរបស់ក្មេងៗ ! គួររំឭកថា កន្លែងពួកគេទៅបោះជំរំ ស្ថិត​នៅកៀកមិនដល់៣០០ម៉ែត្រពីអតីតបន្ទប់ពិសោធន៍​ L-34 ដែលត្រូវបានអាជ្ញាធរ​ទទួលសាលដីកា​ឱ្យបិទកាលពីខែមុន» ។

ធីតាគាំងភ្នែកសឹងមិនប៉ប្រិចនៅនឹងមុខកុំព្យូទ័រតូច ។  នាង​ចាំបានថា មន្ទីរពិសោធន៍ L-34 ទើបតែត្រូវបានបិទមិនដល់មួយឆ្នាំ ចាប់តាំងពីមាន​រឿងអាស្រូវដែលភ្ជាប់អ្នកវិនិយោគ​មហាសេដ្ឋីជនជាតិរុស្ស៊ី វ៉ាលី វ៉ុលកូវ  ទៅនឹង     បណ្តឹងដែលនាំទៅដល់ព្រះរាជអាជ្ញាចេញដីកាឆែកឆេរ ហើយចុងក្រោយ ​ត្រូវប្រកាសបិទទីតាំងភ្លាមៗ ។ នៅខណៈដែលគេដឹងថា ​មានមនុស្សមាន​អំណាចជាច្រើនកំពុងរត់ការជ្រោមជ្រែង មិនឱ្យមាន​លទ្ធភាពផ្លូវច្បាប់ ឬដីកាសម្រេចបិទក្រុមហ៊ុននិងមន្ទីរពិសោធន៍របស់ត្រកូល វ៉ុលកូវ  ជាស្ថាពរ ។

ករណី​នេះ ​ត្រូវ​បានតរុណីយើង ចាប់យកមកសរសេរអត្ថបទឡើង​ជាបន្តបន្ទាប់ … សរសេរមិនដកដៃ … ដើម្បីជំរុញយន្តការច្បាប់ប្រឆាំងទៅនឹង​លទ្ធភាពនៃការបង្កើតអាវុធជីវសាស្ត្រនៅលើទឹកដីកម្ពុជា ។

ជាពិសេស … អតីតផ្ទះសំណព្វរបស់លោកពូនាង ដែលបានបញ្ចប់ដោយឈាមនិងទឹកភ្នែក ក្រោយសំណុំរឿងឧកញ៉ាវុទ្ធីជាពូរបស់នាងបិទ​រដ្ឋាភិបាលបានរឹបអូសយកវិមាន​ក្រអូប មកជាសម្បត្តិសាធារណៈដោយអាងលើការរកឃើញលេណដ្ឋាន​បុរាណ​នៅខាងក្រោមនោះ ហើយជាសំណងគេបានប្រគល់សងមកវិញ​នូវដីធ្លីសមតម្លៃដល់ត្រកូលនេះហើយ​​ជំទាវវត្តីនិងបងប្រុសជីដូនមួយរបស់នាង ឧត្តម បានទទួលចំណែកអចលនទ្រព្យថែមបានចាកចេញទៅបន្តជីវិតថ្មីនៅបរទេស ។

មិនយូរប៉ុន្មានរដ្ឋបានធ្វើសម្បទាន​តំបន់នោះទៅឱ្យមហាសេដ្ឋីរុស្ស៊ីដែលបានប្រកាសធ្វើវិមាន​ផ្ទះក្រអូបទៅជាបន្ទប់ពិសោធន៍ឱសថ​ឈ្មោះថា L-34 ។

ជាង៤ឆ្នាំនៃប្រតិបត្តិការរបស់ពួកគេបានបង្កមកមិនដាច់​នូវចចាមអារាម​គ្រោះថ្នាក់ ឬសង្ស័យថា ទីពិសោធន៍នោះមានសកម្មភាពស្មើនឹងឧក្រិដ្ឋកម្មជីវសាស្ត្រទ្រង់ទ្រាយធំ លើសពីអ្វីដែលសមត្ថកិច្ចខ្មែរប៉ាន់ស្មានបាន ជាពិសេស​ពាក់ព័ន្ធនឹង​ការជ្រោមជ្រែងការពារដោយ​​​ឥទ្ធិពលមនុស្ស​ណាម្នាក់ដែលពេញ

ដោយអំណាច ។

តែ … យប់មិញនេះ ការបង្អើល​របស់​​អតីតវិមាន​ក្រអូប​បាន​វិល​មកវិញ … ​ដូច​ខ្មោចតាមលង … នៅក្រោយពេលមាន​ព័ត៌មានមកថា សិស្សជំទង់​មួយឡានបានបាត់ខ្លួន … នៅខេត្តរតនគិរី ។

ឃ្លីក …

ដៃថ្នាក់លើរបស់នាង​ចុចរកវីដេអូបន្ថែម … សំឡេងក៏លាន់មកទៀតពីក្នុងវីដេអូទាំងនោះ …

«សាកសពត្រូវបានគេរកឃើញនៅជិតផ្លូវចូលរូងក្រោមដីមួយដែលត្រូវបានគេបោះបង់ចោលក៏ជាកន្លែងដែលធ្លាប់ជាកូនបន្ទប់ថែទាំជំងឺតូចរបស់ពេទ្យភូមិឈ្មោះសាន … មនុស្ស​ដែលពាក់ព័ន្ធនឹងរឿងរ៉ាវនៅវិមានក្រអូបកាលពីជិត៥ឆ្នាំមុន !»

ធីតាផ្អែកមកក្រោយភឹប ។ ៥ឆ្នាំហើយ … តែដូចកាលពីម្សិល ។ លោកផនក៏អាចមើលឃើញម្រាមដៃនាងញ័រ ។

… ស្រីអ្នកព័ត៌មាន​កំពុងលាក់លៀមចង្វាក់បេះដូងដែលលោតញាប់ ។ ផ្លូវរូងក្រោមដី … មនុស្សម្នាក់ដែលលបលាក់បង្ខាំងបងប្រុសរបស់នាង នៅក្រោមគេហដ្ឋានរបស់ឧត្តមផ្ទាល់ គឺផ្ទះលោកពូរបស់នាង ឧកញ៉ា វុទ្ធី ហើយក្រោយមក នាងក៏ស្ទើរតែបាត់បង់ជីវិតនៅទីនោះ ព្រោះមនុស្ស​ដែលនាងមិននឹកស្មានដល់ បានក្លាយជាមេខ្លោងធំចុងក្រោយ ក្នុងសំណុំរឿងនោះ ថែមទាំងបានល្បួងយកនាងទៅចាក់ថ្នាំស្ពឹកយ៉ាងឃោរឃៅ នៅក្នុងទីជម្រៅលេណដ្ឋាន

«ពូផន ! ខ្ញុំកាន់រឿងនេះ ! ខ្ញុំនឹងបំបែកវា !»

សំឡេងរបស់លោក ផន ស្រពោន ពេលដែលភាពក្រអឺតក្រទមជាធម្មតារបស់គាត់ត្រូវបានបង្អាក់ដោយសញ្ញានៃការព្រួយបារម្ភធ្ងន់ ។ គាត់សួរនាង ៖

«ប្រាកដទេ ?»

ធីតាព្រិចភ្នែក ។ ធម្មតា ៥ឆ្នាំមកនេះ នាងបានបំបែកសំណុំរឿងមិនធម្ម-តាច្រើនណាស់ ទម្រាំបានទទួលឋានៈជាមេផ្នែកព័ត៌មានឧក្រិដ្ឋកម្ម តែលើកនេះ … ហេតុការណ៍ប៉ះលើអតីតមួយដែលធ្ងន់និងមានស្នាម ។

«នេះមិនមែនគ្រាន់តែជាករណីបាត់ខ្លួនទេធីតា ! មានរឿងធំនៅហ្នុង !»

លោកផននិយាយដូចបង្អើលនាងឱ្យដង្ហក់ ។ ស្រីម្នាក់នេះ នៅតែចចេសមិនចង់បញ្ចេញចំណុចខ្សោយទេ ព្រោះនាងជាមនុស្សសាច់ការ ។

«ពូឱ្យឯងបិទរាល់ការស៊ើបឬសូម្បីសរសេរអ្វីក៏ដោយទាក់ទងសំណុំរឿងមួយនេះ … L-34 !»

ធីតាងើបមុខ ។ ភ្នែកនាងក្រហម ។ ពូផនងក់ក្បាលបញ្ជាក់ ៖

«បិទធីតា !!! បញ្ឈប់ ! មនុស្សស្លាប់ម្នាក់ទៀតហើយ ! ហើយអ្នកនៅសល់ … ក្នុងដៃពួកវា ។​»

គាត់គ្រវែងក្រដាសដែលនាងទើបតែPrint ចេញមក ។

ទម្ងន់នៃការស្ទាក់ស្ទើររបស់និពន្ធនាយកផន លើម្រាមដៃដែលគាត់កំពុងតែគោះតិចៗលើតុ បានបញ្ជាក់ពីអ្វីដែលធីតាសង្ស័យ ។

នេះមិនមែនគ្រាន់តែជារឿងបាត់ខ្លួនសិស្សជំទង់នោះទេ តែជាអំពីដែល … សែនឧក្រិដ្ឋ … និងមានមនុស្សដែលពេញដោយអំណាចនៅពីក្រោយ ។

មើលមួយភាគសិនបានហើយ សប្តាហ៍ក្រោយជួបគ្នាជាថ្មី …

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*