ខ្ញុំនិងនីកូលរត់ផងដើរផង ត្រហេបត្រហបមកដល់មុខបន្ទប់ VIP របស់ប៉ាត្រៀមជាស្រេចក្នុងការប្រមូលអីវ៉ាន់យកពួកគាត់ចេញភ្លាមៗមុនស្អែកមកដល់… តែទិដ្ឋភាពដែលខ្ញុំឃើញមកតាមផ្ទាំងកញ្ចក់លើទ្វារ បែរជាធ្វើឱ្យជើងខ្ញុំគាំងង៉ក់… ។
នៅលើសាឡុងក្បែរគ្រែពេទ្យ បព្វតាកំពុងអង្គុយគូររូបលេងជាមួយប៉ាខ្ញុំយ៉ាងស្និទ្ធស្នាល ។ ស្នាមញញឹមរបស់គេស្រស់ស្រាយ កក់ក្តៅ និងពោរពេញដោយភាពជា… អនាគតកូនប្រសាដ៏ល្អឥតខ្ចោះ ។
គេសង្ហា… សង្ហាខ្លាំងណាស់ តែសម្រាប់ខ្ញុំនៅពេលនេះ ភាពសង្ហារបស់គេគឺជារបាំងមុខដ៏គួរឱ្យខ្លាចបំផុតមួយ ។ មិនយូរទេ គេឈប់សើច ឯច្រមុះខ្ពស់របស់គេកំពុងបង្វែរមកយឺតៗ ប្រហែលគេដឹងថាខ្ញុំមក…
ដៃនីកូលក្តោបមកដល់កដៃខ្ញុំ… យើងទាំងពីរគដូចគ្នា ។ ប្រុសស្អាតរបស់ខ្ញុំ គេងាកមកហើយ គេសម្លឹងខ្ញុំជាមួយកែវភ្នែកស្រទន់… ដែលខ្ញុំស្រៀវខ្លាច ។
សូរជើង… ម៉ាក់ដើរមកដល់ពីក្រោយខ្នង ទាំងយួរថង់ផ្លែឈើពេញដៃ ទឹកមុខពោរពេញដោយក្តីសុខ ។
ខ្ញុំងាកទៅដោយហួសចិត្ត ដែលម្តាយខ្ញុំទុកប៉ាឱ្យនៅជាមួយម្នាក់នេះ ។
«អូ ! ដាហ្ស៊ី ? នីកូល ? ចូលមក !» ម៉ាក់រុញទ្វារចូលទៅមុនខ្ញុំ ។
បព្វតាងើបមុខឡើងសម្លឹងមកខ្ញុំមិនដកទៅណា មិនឃើញសូម្បីម៉ាក់ឬនីកូលដែលទើបមកដល់ ។ ភ្នែកខ្ញុំប្រទាក់ជាមួយគេ ព្រោះខ្ញុំ… ចង់ដឹងថា គេកំពុងគិតអី ?
ដោយកែវភ្នែកឥន្ទ្រីដ៏មុតស្រួច តែបបូរមាត់បែរជាងើបគែមទាំងសង ខាងញញឹមយ៉ាងទន់ភ្លន់ញ៉ាំងឱ្យខ្ញុំរឹតខំក្តាប់ដៃណែនឡើងគ្មានពាក្យវាចា ។
មិនទាន់ទាំងបានឈានចូលផង… ស្រាប់តែ…
ស្នូរជើងលាន់មកក្រោយទ្វារជណ្តើរយន្តត្រូវរបើកឡើងម្តងទៀត… គឺអ៊ីសាន ឈានមករកចៅហ្វាយគេយ៉ាងតក់ក្រហល់ ។ ជនជាតិឥណ្ឌានេះដើរចូលមកដោយទឹកមុខរាបស្មើ គេដើរវាងពួកយើង សំដៅទៅឱនខ្សឹបក្បែរត្រចៀកចៅហ្វាយរបស់គេ ។
ទោះជាគេខ្សឹប តែបរិយាកាសស្ងាត់ជ្រងំ ធ្វើឱ្យខ្ញុំស្តាប់ឮយ៉ាងច្បាស់ ៖
«ប៉ូលិសព្រហ្មទណ្ឌមកដល់ជាន់ក្រោមហើយ… ពួកគេកាន់ដីកាមកចាប់ខ្លួនកញ្ញានីកូលបុគ្គលិកយើង !»
«អ្ហះ ?» ម៉ាក់ខ្ញុំលាន់មាត់ ទាំងដាក់ថង់ផ្លែឈើលើតុភ្លាមៗ ព្រោះគាត់ភ័យ ។ ខ្ញុំងាកទៅឃើញមិត្តញ័រដៃរបូតពីការកាន់ខ្ញុំ ។ ហើយ… ពេលខ្ញុំមើលទៅអ៊ីសាន រួច… ដៀងមើលអភិជនជាម្ចាស់គេ គឺ… បព្វតាមិនបានសម្លឹងមកនីកូលទេ… ភ្នែកគេនៅតែប្រទាក់ជាមួយខ្ញុំ ។
ខ្ញុំគាំងទាំងដែលមិនអាចឆ្លើយនឹងសំណួរប៉ាខ្ញុំដែលគាត់សួរឡើងថា ៖
«ឈរធ្វើអី ? ចូលមកកូន ! ញ៉ាំផ្លែឈើ ! គូដណ្តឹងឯងជាមនុស្សល្អ ! »
ប៉ាខ្ញុំមិនទាន់ជា១០០ភាគរយទេ ។
ធ្លាក់ថ្លើមខ្លាំង តែមិនអាចដកភ្នែកចេញពីសេដ្ឋីបិសាចទេ ។ បញ្ហាគឺគេ ចំណែកដំណោះ ស្រាយ… ក៏ជាគេ ។
តាមថា ខ្ញុំនឹងចាកចេញ ហើយមិន… ត្រូវការសូម្បីមើលមុខគេ តែ… ម្តេចខ្ញុំឈានមិនរួច និងដកភ្នែកមិនកើតចេញពីគេ ?
មាត់គេមិនសើចមិនខឹង តែខ្ញុំឃើញអំនួតឌឺដងមួយក្នុងពន្លឺនៃផ្ទៃមុខស្ងប់ស្ងាត់សង្ហាៗរបស់គេ ។
ស្នូរជើងជាច្រើនលាន់មកពីឆ្ងាយ ខ្ញុំងាកព្រើតទៅមើលនីកូល ។ មិត្តសម្លាញ់របស់ខ្ញុំពេលនេះ ស្លេកមុខដូចខ្មោច ជើងទាំងពីរទន់មិនអាចឈរបានល្អ ក៏អង្គុយប៉ុកលើកៅអីភ្លាមៗ ។ ម្តាយខ្ញុំឱបនាង… ទឹកភ្នែកម៉ាក់ហូរស្រក់ចុះមកតក់ៗដោយភាពភ័យរន្ធត់ ។
«នីកូល ! ឯងកើតអី ? ប៉ូលិសចាប់ឯងរឿងអី ?»
ខ្ញុំស្ទុះទៅខ្សឹបខ្សៀវទាំងដែលទឹកមុខនាងគឺមិនមានពាក្យតវ៉ា ។
ហេតុអី ? ហេតុអីនាងមិនហ៊ានសម្លឹងមុខខ្ញុំ ? ខ្ញុំសង្ស័យណាស់ ! គ្រប់គ្នាជិតធ្វើឱ្យខ្ញុំឆ្កួតហើយ !
«និយាយមក !» ខ្ញុំស្រែកតិចៗហើយយំយកតែម្តង ។
មួយថ្ងៃនេះ ខ្ញុំអស់រលីងហើយកម្លាំងចិត្ត ។ ពេលនេះខ្ញុំមិនចង់បែបនេះនៅចំពោះមុខប្រុសម្នាក់ហ្នឹងឡើយ ។
គ្មានចម្លើយទេ !
នីកូលបានត្រឹមឱនមុខយំសស្រាក់ របៀបសារភាពថា…
ខ្ញុំគ្រវីក្បាលហើយងាកទៅរកអ៊ីសាន ៖
«គេចាប់នីកូលធ្វើអី ស្នាដៃអ្នកណា ?»
ជនបរទេសឮសំណួរខ្ញុំហើយ ដៀងមើលទៅចៅហ្វាយគេបន្តិច ខណៈ នីកូលស្ទុះមកឱបខ្ញុំ រួចខ្សឹបប្រាប់ការពិតដែលធ្វើឱ្យខ្ញុំគាំងបេះដូង ៖
«យើង… យើងសុំទោស ដាហ្ស៊ី ! យើងពិតជាបានលួចឯកសារក្រុមហ៊ុនរបស់លោកទីនលក់ឱ្យ… មនុស្សម្នាក់ ! … តែ … យើងមិនដឹងទេថាគេ… ក្រុមហ៊ុនគូប្រជែង… ! គេថាគេ… គេគ្រាន់តែចង់ចេះ !»
ខ្ញុំបើកភ្នែកធំៗព្រោះស្លុតសម្លឹងនាងទាំងដែលសំឡេងរបស់អ៊ីសានលាន់មក ៖
« … ធ្វើឱ្យក្រុមហ៊ុនខាតរាប់សិបម៉ឺនដុល្លារ… »
ខ្ញុំចង់សួរនាងភ្លាមៗថា «ហេតុអី ? ឯងឆ្កួតដែរទេនីកូល ?» តែខ្ញុំបែរជាឮម្តាយខ្ញុំស្រែកទួញសោកឮៗ ហើយពុកខ្ញុំយំតាមព្រោះគាត់ផ្តើមវង្វេង ។
«អ្នក អ្នកណាធ្វើអីកូនខ្ញុំ ?»
ខ្ញុំចង់ស្រែកសួរទាំងមិនជឿត្រចៀកព្រោះមិត្តខ្ញុំ១០០ភាគរយជាមនុស្សល្អ នាងមិនដែលរវីរវល់រឿងឡូយឆាយអ្វីទាំងអស់ ថែមមិនមែនជាមនុស្សលោភលន់ ញៀនល្បែង ជក់ថ្នាំ ។ ល ។ និង ។ ល ។
ពេលខ្ញុំបម្រុងថាស្ទុះទៅរកប៉ាកុំឱ្យគាត់ភ័យ តែឃើញម្តាយខ្ញុំស្ទុះខ្ទប់ទ្វារព្រោះតាមកញ្ចក់ យើងឃើញប៉ូលិស៤នាក់ដើរមកពីចម្ងាយ ខ្ញុំក៏ទៅទាញគាត់មកវិញ ព្រោះម្តាយខ្ញុំហាក់គ្រប់គ្រងអារម្មណ៍មិនបានឡើយ ។ ពួកយើងទុកនីកូលជាគ្រួសារតែមួយ ។
ខ្ញុំគ្រាម៉ាក់មកដាក់លើសាឡុង ឯនាងយំយែកសារភាព ៖
«យើងគ្មានជម្រើសទេ !»
នាងមកតោងដៃខ្ញុំ ខ្ញុំរលាស់ចេញដោយឈឺចាប់ ព្រោះមនុស្សប្រុសអ្នកមានម្នាក់នោះកំពុងបានចិត្តក្នុងការបញ្ចប់ពួកយើង ហើយយើងមានចំណុចខ្សោយមិនអាចស៊ូជាមួយពួកគេ ។
វាអាម៉ាស់ខ្លាំងណាស់សម្រាប់ខ្ញុំ ។
ខ្ញុំបែរខ្នងចេញ មិនសម្លឹងអ្នកណាទាំងអស់ ចិត្តខ្ញុំងងឹតស្លុប ។
«ប៉ាយើងជំពាក់លុយបំណុលល្បែងតាចាស់នោះ ឯងនៅចាំអត់ ? កាលប៉ានៅរស់… ! ឥឡូវតាចាស់នោះមកទារបំណុល គំរាមរឹបអូសផ្ទះ និងតម្រូវឱ្យយើងរៀបការសងបំណុលគាត់ បើគ្មានលុយសងក្នុងសប្តាហ៍នេះទេ ! យើងខ្ពើមតាចាស់នោះណាស់ដាហ្ស៊ី… យើងលែងដឹងត្រូវធ្វើម៉េចហើយ…»
ខ្ញុំតក់ស្លុតញ័រដៃជើងរហូតនិយាយលែងចេញ តែខ្ញុំងាកទៅមើលមិត្ត ។ ភាពស្អប់ខ្ពើមនិងសម្ពាធដ៏ធ្ងន់ធ្ងរបានរុញច្រានឱ្យមនុស្សស្រីដ៏ស្អាតស្អំម្នាក់ហ៊ានប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ។ រៀបការនឹងមនុស្សចាស់តណ្ហាក្រាស់អាយុស្មើតា ស្លាប់ទៅ មានអីខុសគ្នា ?
ខ្ញុំបែរទៅ ហើយឱបនាងជាប់ ទាំងទឹកភ្នែកហូរមកមិនដឹងខ្លួន ។ ពួកយើងទាល់ច្រកហើយ ។
ប៉ូលិសរុញទ្វារចូល… ហើយឈរនៅខាងក្រៅសម្លឹងចូលមក ។
«អ្នកណាឈ្មោះនីកូល ?»
ខ្ញុំរឡេះរឡះសម្លឹងពួកគេខណៈនីកូលផ្ទប់មុខមកក្នុងទ្រូងខ្ញុំ ។ ភស្តុតាងនៅនឹងមុខ តើមានអ្នកណាអាចជួយនាងបាន ? ក្រុមហ៊ុននេះមានចំណុចខ្សោយនាងក្នុងដៃ ពួកគេចោទប្តឹងនាង… យើងធ្វើអីបាន ?
ទ្រូងខ្ញុំរហែក… និយាយខ្សឹបឡុលៗលើសក់នាង ៖
«អត់ទេ ! កុំខ្លាច ! យើងមិនព្រមឱ្យឯងទៅទេ !»
តាមពិតខ្ញុំរវើរវាយហើយ… ! មិនដឹងធ្វើម៉េចពិតមែន ។
ស្នូរសំឡេងស្បែកជើងគឹបៗ… បោះជំហានមកយឺតៗពីក្រោយខ្នង… ពួកយើង ។
ខ្ញុំស្គាល់ក្លិនគេ… និងស្នូរដកដង្ហើមធំរបស់គេដែលលាក់ពុតធ្វើដូច… មកខ្វល់នឹងទុក្ខលំបាកពួកយើង ។ ខ្ញុំងើបមុខសន្សឹមៗខាំមាត់មិនងាកទៅទេ តែត្រចៀកស្តាប់ឮគេនិយាយក្នុងសព្ទសំឡេងរាបស្មើស្រាលៗ ៖
«យើង… ដកពាក្យបណ្តឹងហើយអ៊ីសាន ! ប្រាប់ពួកគេទៅ ! រីឯបំណុលក្រុមហ៊ុន និងករណីបើមានសំណួរពីក្រុមប្រឹក្សាភិបាល ខ្ញុំជាអ្នកចាត់ការដោយខ្លួនឯង ។»
ប្រយោគតែមួយឃ្លានេះ ធ្វើឱ្យបន្ទប់ទាំងមូលស្ងាត់ជ្រងំ ។ អ៊ីសានឱនក្បាលទទួលបញ្ជា រួចដើរចេញទៅទាញក្រុមប៉ូលិសខ្សឹបខ្សៀវនៅឆ្ងាយពីមាត់ច្រកទ្វារបន្ទប់ ។
មិនយូរទេ ប៉ូលិសដែលត្រៀមនឹងបំពាក់ខ្នោះ ត្រូវដកថយទៅវិញឆ្ងាយលែងឃើញនិងលែងឮសំឡេង ។
ខ្ញុំដឹងពីអំណាចនៃឈ្មោះមនុស្សម្នាក់… «បព្វតា ទីន» ។
ហោចណាស់ នីកូលងើបមុខឡើងមកដូចមនុស្សលង់ទឹកទើបនឹង ដណ្តើមបានដង្ហើមមកវិញឬហៅម្យ៉ាងថារួចខ្លួនដូចគេប្រោសឱ្យរស់ពីនរក
ខ្ញុំស្ងួតទឹកភ្នែក ព្រោះស្រាលពីរឿងមួយ ប្រតោងរឿងមួយថ្មីក្នុងជម្រៅបេះដូង ធ្ងន់ជាងមុនទៅទៀត តែមិនដឹងត្រូវពន្យល់ថាម៉េច ។
ក្រោយពីជួយរំដោះមិត្តខ្ញុំចេញពីមាត់ជ្រោះនេះហើយ គេក៏ងាកមកសម្លឹងខ្ញុំជាមួយឫកពារមទមជាមនុស្សថ្លៃថ្នូរ តែភ្នែកក្រអឺតគួរឱ្យ… ។
ខ្ញុំមិនមើលមុខគេទេ… ទោះដឹងថាគេចង់បង្ខំថ្ពក់ភ្នែកជាមួយខ្ញុំ ។ ទោះយ៉ាងណា នីកូលក្រោកទៅត្រុនៗក្បែរគេហើយនិយាយ ៖
«Chairman ខ្ញុំ…ខ្ញុំ !»
នាងអាក់ ហើយងាកមករកខ្ញុំដែលកំពុងដើរដូចគ្មានវិញ្ញាណចេញមកឈរសម្លឹងទឹកភ្លៀងតក់ៗនៅវេរ៉ង់ដារ ។
អ្នកមានម្នាក់នោះតបនឹងនីកូលខ្លី ៖
«យើង… ជាមិត្តសម្លាញ់របស់ប្រពន្ធខ្ញុំ នីកូល ! ស្អែក… អាចទៅធ្វើការធម្មតាបានដើម្បីឱ្យគ្រប់យ៉ាងក្លាយត្រឹមជាពាក្យចចាមអារ៉ាម ។»
ទីនតប ខណៈខ្ញុំឈរបែរខ្នងក្តាប់ដៃទាំងបារម្ភព្រួចថា តទៅ ខ្ញុំ… សងគេរបៀបណា… ជាមួយពាក្យថា «ប្រពន្ធ» ?
គេលាប៉ាម៉ាក់ខ្ញុំយ៉ាងទន់ភ្លន់ មុននឹងឈានមកក្បែរៗខ្ញុំ ឈរទន្ទឹមគ្នាសម្លឹងមេឃភ្លៀងខ្ជោលៗ ។
ទ្រូងខ្ញុំលោតញាប់ ។
«ដាហ្ស៊ី… » គេហៅឈ្មោះខ្ញុំស្រទន់ ឯខ្ញុំក្តាប់ដៃព្រឹប ។
សម្តីបងវេហាលាន់មកវិញ «ពួកនេះជាមនុស្សនិយម BDSM»
«បងមានគំនូរខ្លះគេទើបតែបញ្ជូនមកពីអ៊ីតាលី ! ប្រពន្ធបងជាវិចិត្រករ បងចង់ឱ្យអូនទៅជួយមើល និងគិតបន្តិច ថាតើអាចយកទៅច្នៃធ្វើតុក្កតាបានឬអត់ ?»
ខ្ញុំ… ស្ងាត់… ខណៈភ្នែកខ្ញុំនៅកញ្ចឹងក… ព្រោះគេឱនមកមើលមុខខ្ញុំ ។ ជិតគ្នា… សឹងច្រមុះគេអាចប៉ះថ្ពាល់ខ្ញុំបាន ឱ្យតែខ្ញុំកម្រើកតែបន្តិច ។
«យប់នេះ… !» គេបន្ថែមជាមួយសព្ទសំឡេងគ្រហឹមគល់ក ។
ផ្ដាច់ការច្បាស់ចែសគេមិនទុកឱ្យយើងសូម្បីនឹងបានដកដង្ហើមស្រណុកបន្តិចក៏អត់ !
ខ្ញុំព្រិចភ្នែកទាំងគូដែលផ្សាក្តៅ… សម្លឹងកែវភ្នែកគេ… មុខគេញញឹមឈឺៗ ភ្នែកគេក្រហមខុសពីឫកពាដែលគេបានសម្ដែងនៅនឹងមុខចាស់ៗ ។
ខ្ញុំដឹងច្បាស់ ! ការទៅមើលគំនូរនេះ… គឺ… គេនឹងចិញ្ច្រាំខ្ញុំព្រោះកំហឹងគេ គ្មានអ្នកណាមើលឃើញ ឯបេះដូងខ្ញុំស្គាល់ច្បាស់ ។
សំណាងហើយ គេនៅមានចិត្តខ្លះមិនប្រមាថខ្ញុំនៅមុខចាស់ៗ ។
ខ្ញុំញញឹមឈឺទៅវិញដូចគ្នា ជំនួសពាក្យថា «ការទារសំណងសម្រាប់ការជួយសង្គ្រោះនីកូលអម្បាញ់មិញ ខ្ញុំមិនគេចវេះទេ !»
«តស់ !»
គេញាក់ចិញ្ចើម ហើយបញ្ជាខ្លី ។
ខ្ញុំទម្លាក់ភ្នែកចេញព្រោះខ្ញុំធ្លាក់ទឹកភ្នែកមកយ៉ាងធ្ងន់ពេក មិនចង់ឱ្យមនុស្សនេះបានចិត្តចំពោះភាពចាញ់យ៉ាងអាណោចអាធ័មរបស់ខ្ញុំនោះទេ ។
ខ្ញុំខាំមាត់ទប់ភាពញាប់ញ័ររបស់ខ្លួនឯង រួចឆ្លើយយឺតៗ ៖
«ចាស !»
ស្នាមញញឹមពេញចិត្ត លេចឡើងលើបបូរមាត់គេ ខ្ញុំឃើញតាមកន្ទុយភ្នែក ។ ដៃគេដាក់មកលើស្មាខ្ញុំ ។
«ខ្ញុំទៅតាមក្រោយ ! ខ្ញុំ… ត្រូវនិយាយនឹងនីកូលខ្លះសិន ! …បានទេ ?»
សំឡេងខ្ញុំខំខ្សឹបកុំឱ្យម៉ាក់នៅក្នុងបន្ទប់យល់ការណ៍ បានជាតួខ្លួននេះអួលណែនខ្លាំង រហូតដល់តឹងទ្រូងអណ្តឺតអណ្តកហួសហេតុ ទើបមនុស្សនេះគេសំកាំងគិតបន្តិចមុនពេលងក់ក្បាលឆ្លើយ ៖
«បាន ! អ៊ីសាននឹង… !»
«ខ្ញុំទៅខ្លួនខ្ញុំបាន !»
គេមិនមាត់ ហើយលើកម្រាមដៃមកចង្អុលច្រមុះខ្ញុំ មុនពេលគ្រវីម្រាមដៃនោះជាសញ្ញាបដិសេធ ។ ខ្ញុំស្អប់គេ ថែមស្អប់មនុស្សរបស់គេ តែ… អ៊ីសាននឹងមកទទួលខ្ញុំ ខ្ញុំដឹង ។
សម្លឹងខ្ញុំមួយឆ្វាច់ទៀត ទើបមនុស្សនេះបែរបោះជំហានដើរចេញទៅបាត់ ទុកឱ្យខ្ញុំនៅប្រឈមមុខនឹងកាតព្វកិច្ចដែលត្រូវបំពេញយប់នេះជាមួយភាព… គ្មានមធ្យោបាយ ។
ចួបគ្នាថ្ងៃស្អែក !


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ