រឿង៖ នាងនិងគេ (ភាគ៣១)

បិសាចចង់ លេងតុក្កតា (តំណាលបព្វតា)

ទ្វារជណ្តើរយន្ត VIP របស់មន្ទីរពេទ្យរំកិលបិទជិតឈឹង កាត់ផ្តាច់រាល់ភាពវឹកវរ និងសំឡេងយំសោកពីខាងក្រៅ ទុកឱ្យបរិយាកាសធ្លាក់ចូលក្នុងភាពស្ងាត់ជ្រងំ ។

ខ្ញុំសម្លឹងមើលទម្រង់មុខដ៏រាបស្មើ និងត្រជាក់ស្រេបរបស់ខ្លួនឯងនៅក្នុងកញ្ចក់ជណ្តើរយន្ត ។ ខ្ញុំខំប្រឹងរៀបឫកពាឱ្យរឹងមាំនៅចំពោះមុខនាងអម្បាញ់មិញ តែពេលនេះនៅសល់ត្រឹមខ្ញុំម្នាក់ឯង រូបភាពដែលផុសឡើងជាន់លើកញ្ចក់ បែរជាទឹកមុខស្លាំងៗ កែវភ្នែកក្រហមងាំង និងស្រមៃឃើញដិតដាមជាប់ភ្នែកពីរូបរាងកាយញ័រទទ្រើកដោយភាពទាល់ច្រករបស់ដាហ្ស៊ី

តំណក់ទឹកភ្នែកដែលហូរចុះមកកាត់ថ្ពាល់នាង ខណៈដែលនាងសម្លឹងមកខ្ញុំដោយក្តីស្អប់ និងភាពភ័យរន្ធត់… វាប្រៀបដូចជាកាំបិតរាប់សិបមុខដែលកំពុងចាក់ឆ្កៀលទ្រូងខ្ញុំពីខាងក្នុង ។

ល្បែងហាងកាហ្វេប៉ុណ្ណឹង… គេខឹងលែងមើលខ្ញុំក្នុងសភាពទន់ភ្លន់ និងជឿជាក់ដូចកាលក្រោកមកពីគេងនៅផ្ទះកញ្ចក់ពិតមែនឬអី ?

…ខ្ញុំមិនជឿ !

ខ្ញុំ… ឈឺ… ដែលឃើញគេយំខ្លាំងយ៉ាងនេះ ។ តែ… ហេតុអីខ្ញុំមិនទុកពេលឱ្យគេ ? ព្រោះ… ខ្ញុំក៏ញៀននឹងអំណាចដែលអាចធ្វើឱ្យគេ… ស្គាល់ថាខ្ញុំជាអ្នកណា អាចធ្វើអីបានខ្លះ ហើយនាងត្រូវរត់មកពឹងផ្អែកលើខ្ញុំដដែលជាដដែល… ។

«បងសុខចិត្តដើរតួជាអ្នកដាក់ទណ្ឌកម្ម… កាត់ស្លាបអូន ព្រោះនេះជាមធ្យោបាយតែមួយគត់ដែលអាចបង្ខាំងអូនពីប្រុសដទៃ !»

ទីង !

សំឡេងជណ្តើរយន្តបន្លឺឡើងបញ្ជាក់ថាបានចុះមកដល់ចំណតឡានជាន់ផ្ទាល់ដីដែលកាលពីព្រឹកខ្ញុំបានបើកឆាកមួយធំគួរសមជាមួយគេ ។ ទ្វាររបើកឡើងយឺតៗ ។ ខ្ញុំដកដង្ហើមធំបោះបង់ភាពទន់ជ្រាយកាលពីមួយវិនាទីមុនចោលទាំងស្រុង រួចទាញរបាំងមុខជា «បព្វតា ទីន» ដ៏សាហាវត្រជាក់មកពាក់បាំងវិញ ។

ពេលចូលដល់ក្នុងរថយន្តដែលមានអ៊ីសានជាអ្នកបើក…

«អ៊ីសាន… » ខ្ញុំហៅឈ្មោះគេក្នុងសព្ទសំឡេងគ្រលរទាបដែលមានតែគេម្នាក់គត់ទើបស្គាល់ថា នេះគឺជាសំឡេងមុនពេលដែលមេបិសាចក្នុងខ្លួនខ្ញុំចាប់ផ្តើមចេញសកម្មភាព ។

«បាទ ចៅហ្វាយ !»

«កំពុងទៅណា ?»

អ៊ីសានសម្លឹងកញ្ចក់បន្តិច មុននឹងឆ្លើយទាំងសំឡេងបារម្ភតានតឹង ៖

 «វីឡាកញ្ចក់ បាទចៅហ្វាយ ។»

«បត់ !» ខ្ញុំបញ្ជាដាច់អហង្ការ រួចដកដង្ហើមធំ «ទៅផ្ទះ… !»

តាមពិត កន្លែងនោះបរិសុទ្ធពេក មិនស័ក្តិសមនឹងភ្លើងកំហឹងនិងទណ្ឌកម្មរបស់ខ្ញុំប្រដៅអ្នកដោះចិញ្ចៀនខ្ញុំចោលយប់នេះទេ ។ ផ្ទះនោះគេបានសុំខ្ញុំរៀបការ… វាសមជាកន្លែងផ្នែកល្អៗរបស់ពួកយើងជារៀងរហូត ។ ចំណែកមេរៀនដែលគេត្រូវរៀន គួរតែនៅកន្លែងផ្សេង ។

«បាទ … ?» អ៊ីសានចង់សួរអ្វីទៀតតែគេស្ទាក់ស្ទើរ ។

ខ្ញុំញញឹមចុងមាត់លូកយកចិញ្ចៀនដែលអ៊ីសានបានឱ្យមកខ្ញុំកាលពីល្ងាចមកបង្វិលលេងក្នុងប្រអប់ដៃ ។ ដៃម្ខាងឈោងយកដបទឹកមកក្រេបរម្ងាប់ចិត្តតក់ក្រហល់ ។

បន្តិចទៀត… កូនឆ្មានេះនឹងទទួលសាររបស់ខ្ញុំ… ! បន្តិចទៀត !

ក្លាយជាកម្មសិទ្ធិបិសាចមានឈាម (តំណាលដាហ្ស៊ី)

នៅក្នុងបន្ទប់ទឹកមន្ទីរពេទ្យសំឡេងទឹកម៉ាស៊ីនកំពុងបើកហូរកំដរសំឡេងយំរបស់នីកូល ដែលកំពុងអង្គុយឱបជង្គង់នៅលើឥដ្ឋការ៉ូ ។ ខ្ញុំដើរចូលទៅអង្គុយចុះក្បែរនាងរួចទាញរាងកាយដែលកំពុងញ័រទទ្រើកនោះមកឱបជាប់នឹងទ្រូង ។

«ដាហ្ស៊ី… យើងសុំទោស… យើងធ្វើឱ្យឯង… »

នីកូលយំអណ្តឺតអណ្តកនិយាយមិនចប់ ។ ខ្ញុំអង្អែលសក់នាងថ្នមៗទាំងញញឹមលាយទឹកភ្នែក ។

«យំអី ? កុំរៀបការជាមួយតាចាស់នោះដាច់ខាត ឮទេ ? រឿងគំនូរអ៊ីតាលីអីនោះ… យើង… ទៅមើលបាន ។»

«តែក្រែងឯង… ឯងខ្លាចគេណាស់មែនទេ ?»

ស្នូរ SMS… គឺគេ… ខ្ញុំដកដង្ហើមធំហើយចុចអាន… ព្រោះមនុស្សនេះដាច់ខាតគេមិនដូរចិត្តរឿងយប់នេះទេ… អាចថាគេដូរចិត្តឱ្យខ្ញុំទៅពេលនេះឱ្យហើយតែម្តងផងក៏ថាបាន… អ្វីក៏ដោយ ខ្ញុំមានសិទ្ធិត្រឹមតែឆ្លើយ «យល់ព្រម» ប៉ុណ្ណោះ ។

ខ្ញុំចុចអានក្រោយពីបិទភ្នែកទុកពេលឱ្យខ្លួនឯងពីរដង្ហើមយ៉ាងវែង ។

«អូន ! ប្រាប់រឿងមួយកុំខឹង ឈុតអូនមិញនេះ អន់ខ្លាំង ! ចាស់ទុំណាស់ ! បងចង់ឃើញឈុតពិសេសៗជាងនេះ ! ត្រូវស្អាតបំផុត តាំងពីលើ ដល់… ក្រោម !»

ដូចមេឃបាក់លើ !

ខ្ញុំស្លេក ។ នីកូលដឹង… នាងចង់ដណ្តើមមកមើល… តែខ្ញុំដកយកលាក់ក្រោយខ្នង ។

«ឯងកុំទៅ !»

នាងទ្រហោយំ ខ្ញុំញ៉ុកទូរសព្ទក្នុងហោប៉ៅហើយចាប់មុខនាងថ្ពាល់នាងទាំងសងខាងក្នុងបាតដៃនេះដោយខ្សឹបដាក់ភ្នែកអស់សង្ឃឹមរបស់នីកូល ។

«ចាំទេ ?» ខ្ញុំនិយាយផ្ដាច់ការយំរបស់មិត្ត «កាលពីយើងនៅតូច…  ពេលដែលម៉ាក់យើងខឹងខ្លាំង ចង់វាយយើង ព្រោះយើងធ្វើខូចគំនូររបស់ប៉ា ។ ពេលនោះ ឯងជាអ្នកចេញមុខមកឈររាំង ហើយឆ្លើយទទួលកំហុសជំនួសយើង ។ ប៉ាឯងខឹងខ្លាំងណាស់ គាត់វាយឯងឡើង ១០០ រំពាត់ រហូតឯងក្តៅខ្លួនដេកពេទ្យ តែឯងមិនមាត់សូម្បីមួយម៉ាត់… វិនាទីនោះ យើងប្រាប់ខ្លួនឯងថា មួយជីវិតនេះ យើងជំពាក់ឯង !»

ខ្ញុំជូតទឹកភ្នែកឱ្យនាង «ពេលនេះ… ទុកឱ្យយើងជាអ្នកឈរទទួលរំពាត់ជំនួសឯងម្តងចុះ !»

នីកូលគ្រវីក្បាល យំកាន់តែខ្លាំង ។

ខ្ញុំបិទភ្នែកដកដង្ហើមធំ… រូបភាពបុរសដែលបង្ខំថើបខ្ញុំក្នុងឡាន និងកំហឹងដែលលាយឡំដោយតណ្ហា សភាពដូចវិកលចរិតរបស់គេ លោតចូលមកក្នុងខួរក្បាល ។

«អាចថា… គេជាបិសាចគួរឱ្យខ្លាច… » ខ្ញុំខ្សឹប សំឡេងខ្ញុំចាប់ផ្តើមស្អក តែពោរពេញដោយអារម្មណ៍ដ៏ជ្រៅមួយ «តែនីកូល…  យើង… យើងចង់ដោះស្រាយជាមួយគេ… យើងមិនអស់ចិត្តទេរឿងយើងជាមួយគេ ហើយវាគ្រាន់បើជាងឯងក្លាយជាកញ្ជះតណ្ហាតាម្នាក់នោះ ។»

នីកូលគាំងយំ នាងងើបមុខសម្លឹងខ្ញុំទាំងភ្ញាក់ផ្អើល ភ្នែកបើកធំៗ ។ ខ្ញុំក្រហមមុខ លែងយំ បន្លំធ្វើដូចខ្ញុំនៅលង់បព្វតា ហើយ… នាងនឹងយល់ថា ទណ្ឌកម្មរបស់គេ ជាម្រះលាយទឹកឃ្មុំដែលខ្ញុំ… ក៏ចង់សាក ។

«ឯង… ឯងល្ងង់ណាស់ ដាហ្ស៊ី ! កុំប្រាប់យើងណា៎… ថាឯងស្រលាញ់គេមែនទែននោះ ? ចុះ… ចុះបើឯងមានវាសនាដូចបងវេហា ?»

ខ្ញុំងើបមុខសម្លឹងនាងដោយភ្នែកគ្រលួងៗ តែចិត្តខ្ញុំមិននៅកន្លែងនេះទេ

«ហើយ… លោកនឹង… ច្រានខ្ញុំទម្លាក់ ដូចស្រីតារាម្នាក់ឈ្មោះលីហ្សា ដូចបងវេហា និងដូចពួកអែលីតដែលឆ្កួតអំណាចនានានោះមែនទេ ?»

ខ្ញុំញញឹមល្វីងជូរចត់តែម្នាក់ឯងជាមួយទឹកភ្នែកមួយតំណក់រមៀលធ្លាក់កាត់ថ្ពាល់ ។ បេះដូងខ្ញុំកំពុងតែធ្វើសង្គ្រាមជាមួយខ្លួនឯង ហើយចម្លើយដែលចេញមក គឺជារសជាតិដ៏ឈឺចាប់ និងផ្អែមល្ហែមបំផុតក្នុងពេលតែ       មួយ ។

«យើងក៏មិនដឹងដែរ… »

ខ្ញុំសម្លឹងមើលកញ្ចក់ដែលឆ្លុះបញ្ចាំងពីស្រីល្ងង់ម្នាក់ កំពុងឱបមិត្ត តែតាមពិតចិត្តខ្ញុំនឹកឃើញតែស្នាមថើបនិងរង្វង់ដៃគេ

«យើងមានអារម្មណ៍ថា… ទាំងស្អប់…  ទាំងស្រលាញ់ !»

នាងសម្លឹងខ្ញុំ ដៃនាងចាប់ស្មាខ្ញុំ ។ នីកូលពិបាកចិត្តណាស់ តែខ្ញុំត្រូវបញ្ចប់សម្ពាធទាំងនេះ ៖

«បើយើងស្លាប់ ឯងនឹងមើលម៉ាក់ប៉ាយើង មិនអ៊ីចឹង ?»

នាងយំ ខ្ញុំទៅជាសើចទាំងទឹកភ្នែក «នាងល្ងង់ ! ប្រុសស្អាតដូចគេ យើងទ្រាំបាន !» នីកូលឱបខ្ញុំ ។ ខ្ញុំមិនដឹងទេថា ថិរវេលានោះមិត្តខ្ញុំបានគិតឃើញរឿងផ្សេង…

ចួបគ្នាស្អែក !

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*