បេះដូងពុះកញ្ជ្រោល (តំណាលបព្វតា)
ចំហាយទឹកក្តៅហុយឡើងព្រាលៗពេញបន្ទប់ទឹកដ៏ធំទូលាយនៃជាន់ដំបូលនៃភូមិគ្រឹះមិនដែលមានសំណើចសុភមង្គលមួយនេះ ។ ខ្ញុំធ្មេចសន្ធឹងរាងកាយអាក្រាតត្រាំនៅក្នុងអាងទឹកកួច (Jacuzzi) បណ្តោយឱ្យកម្តៅវាជួយរំលាយភាពតានតឹង និងកំហឹងដែលកកស្ទះក្នុងទ្រូងពេញមួយថ្ងៃនេះ ។
ខ្ញុំកំពុងតែរង់ចាំ… រង់ចាំកូនឆ្មាតូច ដែលកំពុងតែធ្វើដំណើរមករកខ្ញុំដល់បន្ទប់ ។ យប់នេះ ខ្ញុំត្រៀមលក្ខណៈរួចរាល់អស់ហើយ ដើម្បីបំបាក់អំនួតរបស់គេ ហើយគេនឹងយល់ច្បាស់ថា ជាតិនេះគ្មានផ្លូវរត់គេចពីដៃខ្ញុំបានឡើយ ។
រំពេចនោះសំឡេងរបស់អ៊ីសានបន្លឺឡើងតាមរយៈប្រព័ន្ធបញ្ជូនសំឡេងដែលភ្ជាប់មកកាន់បន្ទប់ទឹកដោយផ្ទាល់ ។
«ចៅហ្វាយ… » សំឡេងជនជាតិឥណ្ឌាបន្លឺឡើងដោយការប្រុងប្រយ័ត្ន
«នីកូល ទើបតែខលចូលមកទូរសព្ទដៃរបស់ខ្ញុំ នាងកំពុងយំ ហើយអង្វរសុំនិយាយជាមួយចៅហ្វាយ តើចៅហ្វាយចង់ឱ្យខ្ញុំកាត់ផ្តាច់ទេ ?»
ខ្ញុំងើបចិញ្ចើមបន្តិច ។ មិត្តសម្លាញ់របស់កូនឆ្មា ? ប្រហែលជាចង់ខល មកសុំក្តីមេត្តាជំនួសដាហ្ស៊ីហើយមើលទៅ ។
«ភ្ជាប់មក !» ខ្ញុំបញ្ជាខ្លីៗ រួចកែសម្រួលឥរិយាបថបន្តិចមុនពេលឆ្លើយតោះតើយ ៖
«ជួយតែងខ្លួនឱ្យស្រីមុខរឹងម្នាក់ហ្នឹងឬនៅ ?»
ជាចម្លើយ… ខ្ញុំឮសំឡេងយំខ្សឹកខ្សួលលាន់ចេញពីឧបករណ៍បំពងសំឡេង មុននឹងនីកូលប្រឹងនិយាយទាំងញាប់ញ័រមកថា ៖
«Chairman… លោកទីន ! ខ្ញុំដឹងថាខ្ញុំគ្មានសិទ្ធិនិយាយជាមួយលោកទេ តែ… តែខ្ញុំចង់ប្រាប់រឿងមួយ… កុំ… ធ្វើបាបដាហ្ស៊ីអី… លោកកុំខឹងនឹងវា… បានទេ ?»
ខ្ញុំនៅស្ងៀមមិនតបតសូម្បីមួយម៉ាត់ តែខ្ញុំសើចចំអកង៉ុលៗក្នុងបំពង់កដែលពួកគេស្រលាញ់គ្នាយ៉ាងនេះ ។ សំណាងហើយដែលនីកូលជាមនុស្សស្រី ។ មិត្តគេនិយាយបន្ត ៖
«ប្រហែលជា Chairman គិតថា ដាហ្ស៊ីចង់រត់ចេញពីលោក… តែមិនមែនទេ !» សំឡេងនីកូលអាក់អួល តែប្រឹងនិយាយឱ្យច្បាស់បន្តបន្ទាប់ស្មើសន្ធឹកបេះដូងរង់ចាំដោយអំណត់របស់ខ្ញុំ «វា… វាស្រលាញ់ Chairman ខ្លាំង ! ដាហ្ស៊ីស្រលាញ់លោកខ្លាំងណាស់ ! វាប្រាប់ខ្ញុំផ្ទាល់ !»
ព្រឹប !
បេះដូងខ្ញុំដែលធ្លាប់តែលោតក្នុងចង្វាក់រាបស្មើ និងត្រជាក់ដូចទឹកកក ស្រាប់តែកន្ត្រាក់លោតខុសចង្វាក់មួយរំពេច ។ ពាក្យថា «ស្រលាញ់» ដែលចេញពីមាត់អ្នកដទៃម្នាក់បានវាយប្រហារចំកណ្តាលទ្រូងខ្ញុំយ៉ាងពេញទំហឹង ធ្វើឱ្យសរសៃឈាមរត់ពេញរាងកាយឡើងចំហាយក្តៅភាយ… ជាងសីតុណ្ហភាពទឹកនៅក្នុងអាងដ៏ទំនើបនេះទៅទៀត ។
គេស្រលាញ់ខ្ញុំ ?
«ខ្ញុំធំឡើងមកជាមួយគេ… មានរឿងជាច្រើនដែលគ្មានអ្នកណាដឹង តែខ្ញុំដឹង ! គេមិនដែលស្រលាញ់អ្នកណាកម្រិតនេះទេ… »
«ប៉ិនកុហកឱ្យគ្នាណាស់ !»
ខ្ញុំតបខ្លីៗ ធ្វើហីនឹងបេះដូងលោតចំប្រប់នេះ ។
«ទេទាន ! លោកពិចារណាចុះ ដោយសារតែស្រលាញ់ខ្លាំងពេកហ្នឹងហើយបានជាភ្លាមៗគេលែងហ៊ានទុកចិត្តខ្លួនឯងថាគេមានតម្លៃត្រឹមជាល្បែងសម្រាប់អ្នកមានភ្នាល់គ្នាយកមុខ បានជាគេខឹងខ្លាំង !»
ដាហ្ស៊ីស្រលាញ់ខ្ញុំខ្លាំងដល់ថ្នាក់ហ្នឹងពិតទេ ?
អារម្មណ៍រំភើបមួយដែលខ្ញុំមិនធ្លាប់ស្គាល់បានលាយឡំគ្នានឹងភាពអំណរដែលលាក់ទុកយ៉ាងជ្រៅ ។ របាំងមុខជាបិសាចដែលខ្ញុំខំសាង សឹងតែរលាយបាត់ទៅហើយ តែ… អំនួតនៃភាពជាអ្នកមានអំណាចមិនអនុញ្ញាតឱ្យខ្ញុំបង្ហាញភាពទន់ជ្រាយឱ្យអ្នកណាឃើញឡើយ ។
ខ្ញុំបន្តរក្សាភាពស្ងៀមស្ងាត់ រហូតដល់នីកូលស្ទើរតែដាច់ដង្ហើមព្រោះតែការរង់ចាំ ។
ខ្ញុំបន្លឺសំឡេងគ្រលរទាប ត្រជាក់ស្រេប និងពោរពេញដោយអំណាច «ថាផ្ដោតលើការងារឱ្យល្អ ! រឿងនៅផ្ទះនេះ មានអ្នកដឹងថា ត្រូវចាត់ការបែបណាហើយ !»
ទីត !
ខ្ញុំបញ្ជាកាត់ផ្តាច់ខ្សែទូរសព្ទនោះចោលភ្លាមៗ ដោយមិនរង់ចាំស្តាប់ការអង្វរបន្ត។ បន្ទប់ទឹកដ៏ធំត្រលប់មកស្ងាត់ជ្រងំវិញ ។ ខ្ញុំផ្អែកក្បាលទៅនឹងគែមអាង បិទភ្នែកយឺតៗ ខណៈស្នាមញញឹមមួយដែលមនុស្សក្នុងវិមាននេះ តែងតែលបហៅថា «ស្នាមញញឹមបិសាច» បានលេចឡើងនៅលើជ្រុងបបូរមាត់របស់ខ្ញុំ ។
មិនមែនជាស្នាមញញឹមកំហឹងទៀតទេ… តែជាជ័យជម្នះ ! ខ្ញុំជាមនុស្សស្អប់ការចាញ់ !
«You love me… ?» ខ្ញុំខ្សឹបសួរខ្លួនឯងចំអកៗក្នុងបំពង់ក… ហើយជាបន្តបន្ទាប់ខ្ញុំសើចតិចៗក្នុងសំណើចដែលបង្កប់ទៅដោយតណ្ហា និងភាពជាម្ចាស់គ្រប់គ្រងដ៏ងងឹតងងុលមួយ ។
ល្អទេតើ ! បើគេពិតជាស្រលាញ់ខ្ញុំមែន យប់នេះ បងនឹងទាមទារមើលការស្រលាញ់ហ្នឹងឱ្យច្បាស់នឹងភ្នែកហើយ វិចិត្រករ !
ខ្ញុំក្រោកឈរពីអាងទឹក ទាញអាវគេងមកគ្របលើខ្នង ហើយឈរសម្លឹងតំណក់ទឹកស្រក់ចុះពីរាងកាយមាំមួនតែកំព្រាជាយូរណាស់មកហើយ ។
ជីវិតបុរសភេទរបស់ខ្ញុំ មានតែការរំជើបរំជួលរាងកាយ និងចំណង់តែបែបរាយមាយ ប៉ុន្តែមិនដែលឮសំឡេងដល់បេះដូងដ៏ជ្រៅនិងដ៏កម្សត់មួយនេះបានសូម្បីម្តងណា ។ ខណៈដែលកែវភ្នែកខ្ញុំសម្លឹងត្រង់ទៅកាន់ទ្វារបន្ទប់ រង់ចាំវត្តមានម្ចាស់បេះដូងដែលជិតមកដល់ ។
យប់នេះ អូនមិនអាចគេចផុតពីការកាត់ក្តីលើគ្រែរបស់បងឡើយ !
ចេញមកក្រៅខ្ញុំបន្តឈរបែរខ្នងសម្លឹងមើលតំណក់ភ្លៀងដែលកំពុងវាយសង្កត់លើជញ្ជាំងកញ្ចក់នៃបន្ទប់គេងនេះ ។
ទីក្រុងភ្នំពេញកំពុងលិចលង់ក្នុងភាពងងឹតនិងអ័ព្ទត្រជាក់ តែក្នុងសរសៃឈាមខ្ញុំពេលនេះបែរជាកំពុងឆេះរោលរាលដោយកម្តៅនៃរលកតណ្ហា និងអំនួតនៃជ័យជម្នះ ។
ក្រាក !
សំឡេងទ្វាររបើក ធ្វើឱ្យកែវស្រាវីស្គីក្នុងដៃខ្ញុំកន្ត្រាក់បន្តិច ។ ខ្ញុំដឹងពីក្លិនគេ ដង្ហើមគេ វត្តមានរបស់គេ ។ កូនឆ្មារឹងរូសដែលខំប្រឹងរត់គេចពីខ្ញុំយ៉ាងក្រអឺត ចុងក្រោយក៏ត្រូវស្លាបអំណាចរបស់ខ្ញុំវាយបំបាក់ ឱ្យដើរចូលមករកទ្រុងវិញដោយខ្លួនឯង ។
ខ្ញុំងាកមុខយឺតៗ ។
ទិដ្ឋភាពនៅចំពោះមុខ ធ្វើឱ្យបេះដូងបិសាចរបស់ខ្ញុំលោតខុសចង្វាក់ ។ ដាហ្ស៊ីកំពុងឈរក្នុងសភាពស្រពោន ហើយមើលមកខ្ញុំ ។ ខ្ញុំឃើញភាពញាប់ញ័រលើប្រអប់ទ្រូងនិងចង្វាក់ដង្ហើមរបស់គេ ។
សម្លៀកបំពាក់គេដដែល ហើយទទឹកខ្លះ នៅខ្លះ សឹងរឹតជាប់នឹងរាងកាយតូចច្រឡឹង បង្ហាញខ្នងកោងខ្ទែតដែលធ្វើឱ្យសតិសម្បជញ្ញៈខ្ញុំស្ទើរតែដាច់ដោចចុះចាញ់ភាពមានះនៃតណ្ហា ។
គេមិនបានធ្វើតាមការទាមទាររបស់ខ្ញុំទៅរៀបចំខ្លួនមកទទួលទណ្ឌកម្មទេគេរឹងរូសមិនល្មមហើយមកឈរសម្លឹងខ្ញុំដោយកែវភ្នែកដែលពិបាកទាយចិត្ត ។
តែ… មិនថាគេមករបៀបណា មនុស្សនេះ… នៅតែស្អាត… ស្អាតរហូតដល់ខ្ញុំចង់តែកម្ទេចឱ្យរលាយចូលមកក្នុងសាច់ឈាមខ្ញុំតែម្តង ។
«ចង់អ៊ីចឹងក៏បាន ! គគ្រិច !» ខ្ញុំសង្កត់សំឡេងឱ្យនៅរាបស្មើ និងត្រជាក់ស្រេប បិទបាំងភ្លើងតណ្ហាដោយការចង់ឈ្នះដែលកំពុងឆេះសន្ធោសន្ធៅក្នុងទ្រូង ។
គេវិញ ចង់ថយបន្តិចអត់បន្តិច ពេលឃើញខ្ញុំនេះបោះជំហានយឺតៗទៅរកគេ ។
«ហើយ… ខ្លួននឹងបង្ខំខ្ញុំទាំងដែលខ្ញុំ… !»
ស្រីមុខរឹងពោលដោយសំឡេងញ័រៗ ហើយចុងក្រោយគេត្រូវតែរំកិល ថយ ។ បន្តិចទៀតទៅ… គេនឹងទ័លទល់នឹងជញ្ជាំងកញ្ចក់ហើយ… តើគេមានអីធ្វើមុខរឹងបានទៀត ? ខ្ញុំឈប់បន្តិច គេក៏ឈប់ដែរ… គឺរាងកាយតូចច្រឡឹងដែលទទឹកជោកដោយទឹកភ្លៀងមួយនេះ ត្រូវប៊ូតុងខ្ញុំបញ្ជា ។
ខ្ញុំមិនខ្ចីមើលភ្នែកគេដែលកំពុងតែក្រឡង់ៗដោយទម្លាក់ភ្នែកមកពិនិត្យ ខ្លួនគេពីលើដល់ចុងជើង ញ័រចំប្រប់ដូចកូនសត្វ តែក្តាប់ដៃធ្វើដូចរឹងមាំ ។
«…ចង់… ធ្វើ… អី ?»
ខ្ញុំមិនឆ្លើយ តែបន្តបោះជំហានចូលទៅកៀក រហូតទាល់តែចុងជើងយើងប៉ះគ្នា ។ ក្លិនទឹកភ្លៀងត្រជាក់ៗ លាយឡំនឹងក្លិនក្រអូបប្រចាំកាយរបស់គេត្រូវសត្វសាហាវក្នុងខ្លួនខ្ញុំប្រមាញ់បានហើយ ។
វាកំពុងលោតកញ្ជ្រោលសឹងបែកទ្រូងណា ដឹងទេមេធ្មប់តូចកំណាច ?
គេថយព្រោះខ្ញុំចាប់ផ្តើមញញឹមមួយទំហឹង ជាស្នាមញញឹមដែលខានមានក្នុងផ្ទះនេះ ២០ ឆ្នាំមកហើយ ។ ពេលគេគ្មានកន្លែងថយទៀត ដៃទាំងពីររបស់ខ្ញុំលូកទៅច្រត់នឹងកញ្ចក់សងខាងដើម្បីឃុំរាងកាយគេឱ្យនៅក្រោមស្រមោលខ្ញុំទាំងស្រុង ។ ខ្ញុំឱនមុខទៅកៀក… កៀករហូតដង្ហើមក្តៅគគុកនៃធាតុឈ្មោលបក់ប៉ះសាច់កសខ្ចីរបស់គេ ។
«គំនូរនៅ… ឯណា ?»
គេសួរហើយមើលភ្នែកខ្ញុំមុតៗពីម្ខាងទៅម្ខាង ខ្ញុំសើចខឹកក្នុងបំពង់កភ្នែកគេចេះនិយាយអង្វរ តែមាត់គេមិនព្រមអង្វរ… ខ្ញុំ !
ដោយសារគេខឹង ? និយាយទៅមិនដែលខ្វល់ថាអ្នកណាខឹងទេ ពេលនេះអារម្មណ៍ត្រូវបានអូនខឹង មានជាតិណាស់ !
ខ្ញុំបង្អួតអំណាចជាអ្នកគ្រប់គ្រងជាមួយសូរសំឡេងគ្រលរទាបៗខ្សឹបៗកាត់សភាពស្ងាត់ជ្រងំនៃផ្ទៃបន្ទប់ ៖
«ចុះគំនូរនៅមុខនេះ ? … អត់ចង់មើលទេ ?»
ដាហ្ស៊ីបើកភ្នែកធំៗក្រហមថ្ពាល់ងៅ ។ គេប្រឹងងាកមុខចេញ តែខ្ញុំលូកដៃម្ខាងទៅចាប់ចង្កាគេបង្ខំឱ្យងាកមកវិញ ។ ម្រាមដៃខ្ញុំក្រសោបកញ្ចឹងកគេថ្នមៗ តែបង្កប់អំណាចមួយ ដែលស្រីល្អិតនេះសឹងមិនហ៊ានសូម្បីតែដកដង្ហើមឱ្យរលូនត្រឹមត្រូវ ។
«របស់នេះ… ថោកបន្តិចហើយ ! ទ្រាំៗទៅអូន !»
ខ្ញុំខ្សឹបទាំងដៃម្ខាងទៀតបង្ហាញចិញ្ចៀន ។ ភ្នែកនាងរលោង ហាក់ដឹងកំហុស តែគ្មានពាក្យស្តីតវ៉ាអ្វីទាំងអស់ ។ មាត់គេញាប់ញ័រ ធ្វើឱ្យខ្ញុំចង់បន្តស្លាកស្នាមតាមរបៀបដដែលមុនៗមិនចេះណាយ តែមានអារម្មណ៍ថាដៃគេទាំង១០ម្រាមកំពុងប៉ះមកលើទ្រូងខ្ញុំ ។
ទោះណាជាគេយារដៃមកនេះ គឺមកទប់រាងកាយខ្ញុំកុំឱ្យស្អិតមកជិតហួសហេតុ តែចរន្តបាតដៃគេដូចជាអ្វីមួយអង្វរខ្ញុំឯកឯង ។ ខ្ញុំសម្លឹងក្នុងជម្រៅភ្នែកគេ… ស្រីម្នាក់នេះ… មុននិងក្រោយគង់តែជារបស់ខ្ញុំ… តែ… តែមនុស្សគេនេះកាឡាខ្លួនមិនចេះអស់ ដំបូងរួសរាយ… ក្រោយមកកម្សត់… ហើយឥឡូវនេះ… រឹង !!!
ខ្ញុំលើកដៃខ្ពស់បោះចិញ្ចៀនបញ្ច្រាសទៅក្រោយខ្នងសំដៅគ្រែពូកខណៈភ្នែកមិនដកចេញពីមុខស្លេកៗរបស់គេ ។ ដៃដដែលខ្ញុំទាញរេទៅក្រោយខ្នងរកមើលរូតអាវគេហើយចាប់បម្រុងទាញសម្រាត ។
«បង… ទីន… !»
គេដាច់ចិត្តនិយាយហើយ ?
ខ្ញុំលើកមាត់បន្តិចចំអកគេ តែដៃនៅធ្វើការដដែល ។ ខាងគេវិញ ដៃទាំងពីរដែលធ្លាប់តែព្យាយាមរុញច្រានទ្រូងខ្ញុំ បែរជាប្រែដកមកក្តាប់អាវខ្លួនគេជាប់ណែន ។ រាងកាយនាងទន់ជ្រាយសឹងតែរអិលធ្លាក់ដល់ឥដ្ឋ ប្រសិនបើគ្មានខ្ញុំនៅកៀកផងកុំថាឡើយចង់រារាំងខ្ញុំ ។
ខ្វាក… ខ្ញុំទាញអាវគេសម្រាតបានសម្រេច…
«ប្រាប់ថាឱ្យស្លៀកពាក់ឱ្យបានត្រឹមត្រូវជាងនេះ !»
ខ្ញុំខាំមាត់ស្តីឱ្យគេតិចៗក្បែរគុម្ពត្រចៀក ។
ទឹកភ្នែកគេស្រក់តក់… មកលើខ្នងដៃខ្ញុំ ។ មិនទុកពេលឱ្យវិចិត្រករតូចបានតវ៉ា ខ្ញុំឱនទៅបីត្រកងរាងកាយឡើងផុតកម្រាលព្រំ ទុកចោលសម្បកអាវដែលជ្រុះរោយទីនោះ ហើយឈុតតូចៗពណ៌ឈូកទាំងលើនិងក្រោមបានក្លាយជារបាំងការពារចុងក្រោយរបស់គេ ។
«ដាក់ខ្ញុំចុះ !»
គេឆ្លៀតនិយាយទាំងយំយែក តែមិនអាចធ្វើអ្វីបានទេ ខណៈខ្ញុំបោះជំហានវែងៗសំដៅទៅកាន់បន្ទប់ទឹកដ៏ធំរបស់ពួកយើង ។ ពេលចូលដល់ នាងសម្លឹងជុំវិញហាក់ភ័យស្លន់ស្លោ ខំប្រឹងរើបម្រះ តែខ្ញុំមិនខ្វល់ ដើរត្រង់ទៅកាន់អាងទឹក (Jacuzzi) ដែលនៅក្តៅឧណ្ហៗដដែលនោះ រួចទម្លាក់រាងកាយតូចនេះចូលទៅក្នុងទឹកដែលសល់ពីខ្ញុំ ។
ប្រាវ !
ទឹកខ្ទាតសាចពេញកម្រាល ។ ដាហ្ស៊ីងើបក្បាលពីទឹកមកវិញទាំងក្អកឈ្លក់ ។ តែខ្ញុំសង្ឃឹមថា ភាពកក់ក្តៅបានជួយរំលាយភាពញ័ររងារបស់គេ ភ្លាមៗដូចគ្នា ។ ស្រីម្នាក់នេះ រឹតតែស្អាតខ្លាំងពេលទទឹក១០០ភាគរយទាំងគ្មានម្សៅឬក្រែម ។
របៀបដែលគេសម្លឹងមកខ្ញុំហាក់ចង់ដឹងថាអ្វីជារឿងបន្ត បានធ្វើឱ្យខ្ញុំមិនចង់ប្រញាប់… ។ ខ្ញុំឈោងទាញកន្សែងពោះគោធំមួយមកកាន់ក្នុងដៃ រួច ឱនមុខទៅខ្សឹបក្បែរត្រចៀកនាងដែលកំពុងសើមជោកដោយតំណក់ទឹក ៖
«ងូតទឹកកម្ចាត់ភាពកខ្វក់ និង… ឈាមត្រជាក់… គ្មានបេះដូង… ចេញ !!!»
ថាហើយ ខ្ញុំញញឹមចុងមាត់ដែលចិត្តរឹងរូស… បញ្ជាឱ្យខ្ញុំឌឺភ្នែកគេ សម្លក់គ្នាទៅវិញទៅមក ។
«បងមិនស៊ីអូនទាំងគគ្រិចៗអ៊ីចឹងទេ ធ្វើកុំភ័យមើល៍ !»
ខ្ញុំខ្សឹបដាក់កែវភ្នែករលោងៗដែលគេមើលមកខ្ញុំគ្រប់ចលនា ។
ចួបគ្នាស្អែក!


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ