រឿង៖ នាងនិងគេ (ភាគ៣៣)

គេ…ងូតទឹកឱ្យខ្ញុំ ? (តំណាលដាហ្ស៊ី)

ប្រយោគ «បងមិនស៊ីអូន !» នេះមិនបានធ្វើឱ្យខ្ញុំស្ងប់ចិត្តទេ តែបែរជាធ្វើឱ្យសក់ខ្ញុំបះច្រូងច្រាង ព្រោះក្រៅពីគេមិនបានក្រោកចេញទៅណា ថែមទាំងប្រើម្រាមដៃដ៏ត្រជាក់លូកមកពីក្រោយខ្នងខ្ញុំរាវរកគន្លឹះអាវកាក់របស់ខ្ញុំ       យឺតៗ ។

«កុំ… ខ្ញុំ… ខ្ញុំ… សុំងូត… ខ្ញុំងូតខ្លួនឯងបាន !»

ខ្ញុំនិយាយប្រញិបប្រញាប់ហត់ៗ ដៃទាំងពីរប្រញាប់លូកទៅចាប់ប្រអប់ដៃគេ ដើម្បីរារាំង ។ គេសម្លឹងភ្នែកខ្ញុំជាមួយការផ្តល់ចម្លើយស្ងាត់ថាជំទាស់គ្មានប្រសិទ្ធភាព ! ហើយរលាស់ដៃខ្ញុំរបូតចេញបានដោយងាយស្រួល ទោះខ្ញុំខំតោងទ្រូងខ្លួនឯង… ខ្ញុំដឹងថាមុននិងក្រោយទេ… ។    

«ដកដៃ !»

គេបញ្ជាដោយសព្ទសំឡេងរាបស្មើតែបង្កប់ការគំរាមកំហែងដែលបញ្ជាក់ច្បាស់ថា បើខ្ញុំមិនធ្វើតាម គេនឹងហែកសម្លៀកបំពាក់តូចៗកំប៉ិតនេះជាចម្រៀកៗទៀតមិនខាន ។

ខ្ញុំខាំមាត់ទាំងទឹកភ្នែករលីងរលោង បិទភ្នែកតែមិនព្រមលើកដៃឡើងទេ ក្បាលក៏គ្រវីស្ទើរដាច់ ខណៈធាតុខ្យល់ត្រជាក់បក់ប៉ះស្បែក ធ្វើឱ្យខ្ញុំញ័រទទ្រើកក្នុងការថប់បារម្ភ ។

ដោយក្តីអៀនខ្មាស តាំងពីកើតមក មិនដែលធ្លាប់មាននរណាមកឈរសម្លឹងមើលខ្ញុំក្នុងសភាពទទេស្អាតបែបនេះទេ ហើយមនុស្សដូចគេ… កែវភ្នែករបស់គេដែលនៅលុតជង្គង់មាត់អាងមើលទៅគ្មានអ្វីបញ្ឈប់គេឡើយ

«កុំប៉ះខ្ញុំ… សូមអង្វរ… » ខ្ញុំខ្សឹប ទឹកភ្នែកស្រក់តក់ៗចុះមកលាយឡំនឹងទឹកអាង ។

កាយវិការរបស់គេ មិនមែនជាការរំលោភបំពានទេ ជាចរិត “កាន់កាប់” នៃពួកនិយម BDSM  ដែលខ្ញុំបាន Search និងអាន ពេលកំពុងជិះមករកគេមុននេះ ។

ចង់ប្រាប់ខ្ញុំថា សូម្បីតែសិទ្ធិក្នុងការលាងសម្អាតរាងកាយខ្លួនឯង ក៏ខ្ញុំគ្មានដែរ ។ គ្រប់យ៉ាងនៅលើខ្លួនខ្ញុំ គឺជារបស់គេ ។

ពេលដែលបាតដៃគេរំកិលពីស្មាមកខ្នងហើយប៉ះគន្លឹះអាវរបាំងការពារចុងក្រោយរបស់ខ្ញុំ ក៏ត្រៀមតែនឹងរលំបាក់ស្រុតទាំងស្រុងទៅហើយ ។ ខ្ញុំមិនអាចទ្រាំនឹងការវាយប្រហារផ្លូវចិត្តដ៏សាហាវនេះបានទៀតទេ មានតែយំង៉ោងអង្វរគេដោយបិទភ្នែក ៖

«ឈប់… បងទីន !» ខ្ញុំស្រែកយំអណ្តឺតអណ្តក ដៃទាំងពីរលើកខ្ទប់មុខបិទភ្នែកជិតឈឹង មិនហ៊ានសូម្បីតែសម្លឹងមើលកែវភ្នែករោលរាលរបស់គេ

«ខ្ញុំ… ខ្ញុំព្រមហើយ !» ចលនាដៃរបស់គេឈប់ង៉ក់ ។

«ព្រមអី ?» គេសួរ សំឡេងគ្រលរទាបនោះហាក់ដូចជាកំពុងតែរង់ចាំ  ស្តាប់ចម្លើយដែលគេដឹងមុនទៅហើយ ។

«ខ្ញុំព្រមពាក់ចិញ្ចៀននោះវិញ… ហឹក… ខ្ញុំសន្យា ខ្ញុំសន្យាថានឹងមិនដោះចេញពីម្រាមដៃទៀតទេ… មួយជីវិតនេះក៏បាន !»

ខ្ញុំនិយាយញាប់ស្មេទាំងយំញ័រខ្លួន ព្រោះគ្រាន់តែចង់ប្តូរយកខ្យល់ដង្ហើមសេរីភាពត្រលប់មកវិញ ។ មនុស្សយើងម្នាក់ៗ តែងតែមានពេលមួយចង់យល់អត្ថន័យនៃការប៉ះពាល់រវាងភេទផ្ទុយ ពិសេសមនុស្សស្អាតៗដូចគេ ចុះម្តេចបានពេលរងការលេងពិតប្រាកដ បង្ខំពិតប្រាកដ យើងអន់ចិត្តខ្លាំង ហើយចាញ់ចិត្តខាងគេខ្លាំងកម្រិតនេះ ?

 ឱ្យតែ… ឱ្យតែម្នាក់នេះព្រមដើរចេញពីទីនេះសិនគឺ OK ហើយ !

«ឱ្យខ្ញុំនៅម្នាក់ឯងសិនទៅ… ខ្ញុំអង្វរ ! ចេញទៅ !»

បន្ទប់ទឹកទាំងមូលធ្លាក់ចូលក្នុងភាពស្ងាត់ជ្រងំមានតែសំឡេងទឹកម៉ាស៊ីន និងសូរយំខ្សឹកខ្សួលរបស់ខ្ញុំ ។ ខ្ញុំបិទភ្នែករង់ចាំការកាត់ក្តីទាំងបេះដូងលោតសឹងធ្លាយចេញក្រៅ ។

ទីបំផុត ខ្ញុំទទួលអារម្មណ៍ថាមានម្រាមដៃដ៏កក់ក្តៅលូកមកអង្អែលសក់ដែលសើមជោករបស់ខ្ញុំថ្នមៗ ។ នេះជាការប៉ះពាល់ដែលស្រទន់ខុសពីអម្បាញ់មិញ ។

«បាន ក្មេងតូច… » គេខ្សឹបក្បែរត្រចៀកខ្ញុំ សំឡេងនោះពោរពេញដោយជ័យជម្នះ និងការពេញចិត្តជាទីបំផុត ។ គេផ្តាំបន្ថែម ៖

«ចាំពាក្យខ្លួនឯងផង !»

និយាយចប់ បព្វតាក្រោកឈរ… ខ្ញុំឮសូរជើងគេបោះជំហានចេញទៅក្រៅ រួចស្នូរទ្វារបន្ទប់ទឹកក៏បិទ ។

ហឺយ ! អាចទម្លាក់ដៃចេញពីផ្ទៃមុខសម្លឹងមើលទ្វារដែលបិទនោះទាំងដកដង្ហើមធំប្រឹងទាញយកខ្យល់ចូលសួតបំប៉នវិញ ។

ខ្ញុំឈ្នះបានភាពឯកជនមួយគ្រា តែខ្ញុំដឹងខ្លួនច្បាស់ណាស់ថា… ព្រលឹង និងរាងកាយរបស់ខ្ញុំបានចុះចាញ់នឹងកិច្ចសន្យាដែលមានចិញ្ចៀនពេជ្រនោះជាខ្នោះឃ្នាងបាត់ទៅហើយ ។

ងូតទឹកដោយប្រញិបប្រញាប់ហើយកាលណា… ខ្ញុំរុំអាវងូតទឹកពណ៌សក្រាស់ឃ្មឹក ឈានជើងចេញពីបន្ទប់ទឹកដោយការប្រុងប្រយ័ត្នបំផុត ។ បន្ទប់គេងដ៏ធំទូលាយពោរពេញដោយភាពស្ងាត់ជ្រងំ តែមានពន្លឺភ្លើងពណ៌មាសជះចេញពីអំពូលរាត្រីក្បែរគ្រែ ។

រាងកាយខ្ញុំគាំងង៉ក់ ពេលខ្សែភ្នែករេទៅទង្គិចនឹងវត្ថុមួយដែលត្រូវបានដាក់ទុកស្រេចលើខ្នើយ ។ ចិញ្ចៀនពេជ្រដែលខ្ញុំទើបតែដោះបោះចូលទៅក្នុងបាតដៃរបស់អ៊ីសាន កាលពីល្ងាចមិញ… ហើយមុននេះ គេខ្លួនឯង…   បព្វតា… គេបោះមកលើពូកនេះបញ្ឈឺខ្ញុំ ។

«បងទុកពេលឱ្យអូនពាក់វាវិញដោយខ្លួនឯង មុនពេលបងអស់ការអត់ធ្មត់ !»

នេះជាសំឡេងដែលបេះដូងខ្ញុំខ្សឹបទាំងលោតសឹងតែធ្លាយចេញពីទ្រូង និយាយជំនួសគេ ។ ចរិតគេគឺអ៊ីចឹង…

ខ្ញុំបោះជំហានយឺតៗចូលទៅក្បែរគ្រែ ដៃដែលកំពុងញ័រទទ្រើកក្រោម  សីតុណ្ហភាពម៉ាស៊ីនត្រជាក់និងរាត្រីកាល ក៏លូកទៅកាន់ចិញ្ចៀនពេជ្រនោះឡើងមកពិនិត្យ ។ សម្ដីនិងការឈឺចិត្តទាំងអស់កាលពីល្ងាច ស្រោចមកលើប្រាណនេះ ។

ពាក់កណ្តាលខ្ញុំស្តាយគេ ពាក់កណ្តាលទៀត… ខ្ញុំស្អប់ចរិតគ្រប់គ្រងរបស់គេ ។

តែពេលខ្ញុំខាំមាត់បិទភ្នែក រួចរុញវាបញ្ចូលទៅក្នុងម្រាមដៃនាងខាងឆ្វេងរបស់ខ្លួនឯងវិញ… អលង្ការក៏ប្រែជាក្តៅភាយដុតរលាយការតស៊ូ និងអំនួតចុងក្រោយរបស់ខ្ញុំឱ្យខ្ទេចហ្មត់ ។

«ក្មេងតូច… »

ពាក្យគេនិយាយកាលនៅក្នុងបន្ទប់ទឹក… ពេលនេះឮមកទៀតព្រោះគេរុញទ្វារចូលមកពីវេរ៉ង់ដារ ។ សំឡេងស្អកគ្រលរនេះរលត់ទើបតែបន្តិច គេមកដល់ក្បែរខ្ញុំល្មម… ហើយដៃវែងៗរបស់គេលើកទាញកន្ត្រាក់រាងកាយខ្ញុំមួយទំហឹងឱ្យមកដួលផ្តេកទៅលើគ្រែពូកទន់ល្មើយ ។

បព្វតាបោះទូរសព្ទទៅក្រោយប្លាតលើសាឡុងស្បែក ដូចគេថ្នឹកដឹងចម្ងាយប៉ាន់ត្រូវចំៗគ្មានខុសអ្វីបន្តិច ។

បានន័យថាជីវិតគេ គឺបោះបោកបែបនេះ ។ ជំនាញ !

ងាកមកការពិតចំពោះមុខភ្នែកក្រឡង់ៗរបស់ខ្ញុំវិញ គេមិនបានប្រញាប់ប្រញាល់ថើបបបូរមាត់ខ្ញុំដូចរាល់ដងដូចដែលខ្ញុំស្មានឡើយ ។ បាតដៃដ៏ធំនិងក្តៅគគុករបស់គេម្ខាង បានរុញប្រមូលកដៃទាំងពីររបស់ខ្ញុំទៅសង្កត់ខាងលើក្បាលអឹបជាប់នឹងពូកយ៉ាងណែន ធ្វើឱ្យរាងកាយខ្ញុំបង្ខំពើងឡើងបង្ហាញភាពទន់ខ្សោយ និងការចុះចាញ់ទាំងស្រុង នៅក្រោមស្រមោលដ៏ធំស្កឹមស្កៃរបស់គេ ។

«ទីន… បងទីន !» ខ្ញុំដង្ហក់ ពេលដែលរាងកាយរឹងមាំរបស់គេសង្កត់កៀបមកលើរាងកាយខ្ញុំ ។

ចង្វាក់បេះដូងរបស់គេលោតខ្លាំងៗទង្គិចនឹងទ្រូងខ្ញុំ ។

«ដាហ្ស៊ី… » គេហៅខ្ញុំហត់ៗហើយបញ្ជា «មើលមកបង !» គេខ្សឹបៗ តែក្នុងភាសាមុតៗ… ផុតៗ… សឹងដកដង្ហើមមិនដល់គ្នា ។

ខ្ញុំបើកភ្នែកសម្លឹងគេ… ដែលមិនទាំងដឹងផងថាបិទ… ព្រោះខ្លាចគេតាំងពីពេលណា ?

ប្រុសស្អាតម្នាក់នេះ គេមិនបានថើបខ្ញុំទេ តែគេឱនមុខមកកៀកខ្លាំង  បញ្ចុះចុងច្រមុះដ៏ខ្ពស់របស់គេមកត្រដុសថ្នមៗលើថ្ពាល់ខ្ញុំ រួចរំកិលយឺតៗទៅក្បែរគុម្ពត្រចៀក ។ ដង្ហើមក្តៅៗរបស់គេបក់ប៉ះស្បែកក ធ្វើឱ្យកោសិកាពេញរាងកាយខ្ញុំបះច្រូង ។

ធ្មេញស្រួចៗរបស់គេខាំទាញរ៉ូបកន្សែងងូតទឹករបស់ខ្ញុំឱ្យរបូតធ្លាក់ពីស្មាម្ខាងយឺតៗ… មុននឹងបបូរមាត់ក្តៅគគុកនោះទម្លាក់ស្នាមថើបញក់ញី និងខាំបន្សល់ស្នាមជាំក្រហមចំឆ្អឹងដងកាំបិតរបស់ខ្ញុំ ។

«អ្ហឹម…» ខ្ញុំថ្ងូរតិចៗក្នុងបំពង់ក រាងកាយកន្ត្រាក់ពើងរកការប៉ះពាល់ពីគេដោយមិនដឹងខ្លួន ។ កម្លាំងប្រឆាំងរបស់ខ្ញុំរលាយបាត់សូន្យឈឹង ជំនួសដោយភាពស្រើបស្រាលដែលចាក់ស្រែះដល់ក្រឳបេះដូង ។

ដៃម្ខាងទៀតរបស់គេដែលទំនេរ បានលូកមកប្រទាក់ម្រាមដៃចូលនឹងម្រាមដៃឆ្វេងរបស់ខ្ញុំ… ចំកន្លែងដែលមានចិញ្ចៀនពេជ្រនោះ ។ គេសង្កត់ម្រាមដៃយើងបញ្ចូលគ្នា រួចផ្អឹបវាទៅនឹងទ្រូងខាងឆ្វេងរបស់គេ ឱ្យខ្ញុំមានអារម្មណ៍ដឹងពីចង្វាក់បេះដូងដែលកំពុងលោតកញ្ជ្រោលរបស់ស្តេចបិសាច

«ពាក់វា… ហើយ… មិនមែនមានន័យត្រឹមតែចិញ្ចៀនមួយវង់ទេ ដាហ្ស៊ី…» គេខ្សឹប សំឡេងញ័រដោយតណ្ហា តែបង្កប់អំណាចជ្រាលជ្រៅ «តែតំណាង… បង !!!» «ហើយបង… ជាប្រុសតែមួយគត់… ដែលអូនត្រូវនៅជាមួយ ! គ្រប់ពេល…»

កាយវិការកៀបសង្កត់ដ៏មានអំណាច ការទុកស្នាមលើស្បែក និងការប្រទាក់ម្រាមដៃភ្ជាប់បេះដូងនេះ វាជ្រាលជ្រៅ និងរោលរាលជាងការថើបបបូរមាត់រាប់រយដងទៅទៀត ។ ខ្ញុំលែងមានកម្លាំងទប់ទល់ហើយ ខ្ញុំខាំមាត់ងក់ក្បាលទាំងទឹកភ្នែកហូរចេញមកចុងកន្ទុយភ្នែក… ត្រៀមខ្លួនប្រគល់អ្វីៗគ្រប់យ៉ាងឱ្យគេដោយក្តីស្រលាញ់ ចង់ដឹង ចង់បានគេ តែពាក់កណ្តាលទៀតខឹងគេ ចង់តវ៉ា តែគ្មានសិទ្ធិ គ្មានលទ្ធភាព… ។

«ហើយ… ចាំទៀតថា គ្រប់ឆាក… នៅក្នុងហ្គេមមួយនេះ អូនគ្មានសិទ្ធិដើរចេញទេ លុះត្រាតែ… បងអនុញ្ញាត !»

ខ្ញុំស្អប់អំនួតនេះ ចង់រុញរាងកាយក្តៅគគុករបស់គេចេញពីខ្ញុំ… ចង់… រត់ឱ្យបាត់ ឱ្យគេ ដេកស្រវឹងនឹកខ្ញុំវេទនាមួយកោដិឆ្នាំ… តែ… បានអីនឹងសម្រេចបើពេលនេះ សីតុណ្ហភាពក្នុងបន្ទប់ហាក់ដូចជាហក់ឡើងខ្ពស់តាមចលនារបស់គេ ។ ដៃទាំងពីររបស់ខ្ញុំនៅតែត្រូវបានឃុំ គ្មានសល់កម្លាំងសូម្បីតែនឹងរុញច្រាន ឬដកដៃមកវិញផង កុំថាច្រានគេ ។ ផ្ទុយទៅវិញ ម្រាមដៃបានត្រឹមក្ដាប់ណែនចូលគ្នា ខណៈដែលរាងកាយទាំងមូលកំពុងត្រូវបានអូសទាញទៅរកជ្រោះនៃក្តីសុខដ៏មហិមា សឹងភ្លេចខ្លួនឯងកំពុងនៅឯណា និងតស៊ូជាមួយអ្វី… រវាងស្នេហានិងមុខមាត់ ។

ដង្ហើមរបស់បព្វតាដាច់ៗ ជាកង់ៗ ឯខាងខ្ញុំ បានត្រឹមបើកភ្នែកព្រឹលៗសម្លឹងមើលពិតានបង្កប់អំពូលចរណៃ ហើយដៃម្ខាងនៃបុរសម្ចាស់កន្លែងនេះ កំពុងគ្រប់គ្រងលើខ្លួនប្រាណខ្ញុំ ធ្វើដូចជាកម្មសិទ្ធិរបស់គេគ្មានសល់ទីណាជារបស់ខ្ញុំទៀតឡើយ ។

បាតដៃដ៏ធំ និងក្រាស់របស់គេ រត់ឡើងមកដល់ខ្សែចងចង្កេះ ហើយមិនយូរទេ គេនឹងស្រាយសម្រាតខ្ញុំ… ១០០ភាគរយ ។

«បងទីន !» ខ្ញុំហៅគេតិចៗជាមួយរលកដង្ហើមខ្លីៗ… ហើយរេខ្លួនគេចបានតែបន្តិចៗ ។

«ខ្លាច ?» គេឱនមកខ្សឹបសួរ រួចផ្តើមធ្វើការលើបបូរមាត់ខ្ញុំ ។ តែមិនយូរទេ គេក៏ផ្តើមញៀននឹងការនិយាយបញ្ឈឺខ្ញុំទៀត «រក្សាការភ័យខ្លាចមួយនេះក្នុងបេះដូង ! … រម្លឹកខ្លួនឯងផងថា… អូនជារបស់អ្នកណា !»

កាយវិការគេមិនបានឈប់សូម្បីបន្តិចណាជាមួយពាក្យគំរាមគួរឱ្យក្តៅចិត្តអស់ទាំងនេះទេ មាត់និយាយ ដៃរស់រវើក ។

មនុស្សផ្ដាច់ការរំកិលខ្លួនយឺតៗមកគ្រប់គ្រងខ្ញុំដោយភាពទន់ភ្លន់ តែបង្កប់នូវសិទ្ធិផ្តាច់មុខមកលើរាងកាយនេះ ។

មិនដឹងថា ល្ងាចមិញដែលខ្ញុំដោះចិញ្ចៀនចោលឌឺគេ គេខឹងកម្រិតណាទេ… មើលតែភាពគឃ្លើនពេលនេះ ក៏កាត់ន័យបាន ។

ខ្ញុំដកដង្ហើមធំផ្តាច់ខ្លួនឯងចេញពីការគិតគ្រប់អ្វីៗ ខណៈចុងម្រាមដៃរបស់គេអូសមកកាត់គ្មានញញើត ក្រែងចិត្តតាមបណ្តាទីតាំងនារីភេទដែលខ្ញុំមិនធ្លាប់សូម្បីហ៊ានមើលខ្លួនឯង ។ ហើយ… រាល់កន្លែងដែលម្រាមដៃគេអូសកាត់ ហាក់ដូចជាមានចរន្តភ្លើងឆក់រាលដាលពេញសរសៃឈាម ធ្វើឱ្យរាងកាយដ៏ទន់ខ្សោយនេះញាប់ញ័រខ្សឹបអង្វរហៅឈ្មោះគេ ។

«ខ្ញុំ… ស្អប់… មនុស្ស… ផ្តាច់ការ ! មនុស្ស… ល្បិច… ច្រើន… ធ្វើអីគ្រប់យ៉ាង… ក្រោយខ្នងខ្ញុំ… »

«ស្អប់ ?» បិសាចនេះសើចង៉ុលៗ ហើយឌឺដងខ្ញុំជានិច្ច «តែខ្លួនអូន… អត់ប្រាប់បងអ៊ីចឹងផង ! … វាប្រាប់មកថា… អូនចូលចិត្ត… អូនចង់បាន… បង !»

គេទម្លាក់ដៃមួយទៀតមកផាត់សក់ខ្ញុំ ជាឱកាសដៃទាំងពីរមានសេរីភាព ខ្ញុំក្តិចប្រុសមុខក្រាស់មួយទំហឹងដល់គេទ្រាំលែងបាន ត្រូវមកចាប់ដៃខ្ញុំទៅឃុំវិញដដែល ។

«ស្រមៃឱ្យច្រើនទៅបព្វតា ! កុហកខ្លួនឯងទៅ !»

ខ្ញុំបិទភ្នែកស្រែក តែបានត្រឹមដង្ហក់ៗ ។ គេឱនមកបិទមាត់ខ្ញុំ ។ … ខ្ញុំបានទទួលយករសក្លិនគេ បបូរមាត់គេទាំងពេញចិត្ត និងដូចជាស្គាល់គ្នាច្បាស់ណាស់ មិនបានផ្អើលៗដូចផ្នែកផ្សេងៗនៃរាងកាយទេ ។

ចួបគ្នាស្អែក !

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*