រឿង៖ បន្ទប់ពិសោធន៍ L34 (ភាគ២)

ក្រុមឧក្រិដ្ឋកម្មបរទេសដែលទើបនឹងសម្លាប់គ្រូម្នាក់ថែមទៀតហើយ

ចាប់ ក្មេងទៅ៥នាក់ … ដើម្បីរក្សាអាថ៌កំបាំងរបស់ពួកគេ ! ឃ្លានេះ បានបំបុកបេះដូងនាងឱ្យតបតនឹងថ្នាក់លើ ៖

«Channel N-News មិនអាចស្ងាត់ធ្វើមិនដឹងរឿងអីបានទេពូ !»

នាងនិយាយបន្ថែមញ័រៗខ្សឹបៗ ។

«ខ្ញុំឱ្យបិទៗ !» លោក ផន ព្រមានមុននឹងក្រោកបោះកៅអីចេញទៅម្ខាង គ្រាំ ។ ធីតាចំហមាត់ ។ អាកប្បកិរិយាស្អី ?

ហេតុអីគាត់មានសម្ពាធថ្នាក់នេះ ? តរុណីក៏ដឹង គាត់មិនដែលច្រងេង  ច្រងាងថ្នាក់នេះទេ ពិសេសជាមួយធីតា ។

​«ពូឈប់សិន !»

«ពូទៅដេកហើយ ! ឯងក៏អ៊ីចឹងដែរ !»

«អូខេ ! ​យើង​នឹង​និយាយ​នៅ​ព្រឹក​ស្អែក !»

ធីតារត់តាមគាត់ តែបុរសគ្រវីដៃបង្អាក់នាងដោយសម្តីខ្សោយ ៖

«និយាយរឿងផ្សេងបាន ! រឿង L-34 … ​បិទ !!!»

ធីតានៅស្ងៀមក្បែរទ្វារ សម្លឹងដំណើរហត់នឿយនៃនិពន្ធនាយកម្នាក់ ដែលធ្លាប់មានប្រវត្តិក្បាលដែកបំបែកវិញ្ញាសាឧក្រិដ្ឋកម្មមកជាងមួយទសវត្សរ៍មកហើយ ។ លោកផន ត្រូវបានគេស្គាល់តាំងពីនៅជាកូនចៅអ្នកយកពត៌មានសន្តិសុខសង្គម​ម្នាក់កាលពីសម័យកាសែតកាន់ដៃអាន​ រហូតពេលនេះជានិពន្ធនាយកសារព័ត៌មានអនឡាញលំដាប់ប្រទេស ។

L-34 មានឥទ្ធិពលអ្វីបានជាគាត់អាចបំភ្លេច​ខ្លួនឯងចោល ?

​នាង​ថយមកវិញ ហើយខ្ទប់ទ្វារបន្ទប់ការិយាល័យ សំងំឈរបិទភ្នែក

សម្រាលការតឹងតែងចិត្ត ​។ អនុស្សាវរីយ៍​បាន​ហូរ​ត្រលប់​មក​វិញ … ផ្លូវរូងក្រោមដី … ភាពភ័យរន្ធត់ … អ្វីដែលបានកើតឡើងកាលពី៥ឆ្នាំមុន ។ មុខបុរសម្នាក់ វាងវៃ សាមញ្ញ សប្បុរស រឹងមាំ វិលមកវិញ … ភារម្យ ! បុរស​ដែល​បាន​ជួយ​នាង ហើយជាថ្នូរនឹងអាយុសង្ខារបស់ធីតា គេផ្ទាល់ ​​បាន​បាត់​ខ្លួនគ្មានពាក្យផ្តាំសូម្បីមួយម៉ាត់ណា ។

ពេលវេលាកន្លងមកនេះ អវត្តមានរបស់គេគឺជាមោឃមួយ ដែលធីតាមានអារម្មណ៍​ខ្វះៗ ហើយមិនអាចមានអ្វីមកបំពេញជំនួសបាន ។

ប៉ុន្តែឥឡូវនេះ … ស្រីអ្នកកាសែតបើកភ្នែកមកវិញ ។

នៅពេលដែលករណី L-34 បានលេចចេញជាថ្មី តរុណីអាចមានអារម្មណ៍ថា រឿងចាស់កំពុងឈានត្រលប់មកវិញម្តងទៀត ដូចខ្មោចអន្ទោល តែលើកនេះខុសគ្នា​ត្រង់ថា នាងគ្មានអធិការភារម្យនៅក្បែរទេ ។

ស្រីងាកទៅទាញយកសន្លឹកPrintពីកម្រាលឥដ្ឋ ហើយរៀបចំកាតាប ផ្ទុកTablet និងទូរសព្ទ ។ ដៃម្ខាង​បានច្បាមយកអាវមួយទៀតលើថ្នាក់បង្អែកកៅអីមកចងពីលើចង្កេះ ហើយចាកចេញដោយប្រញឹកប្រញាប់ពីការិយាល័យរបស់នាង ។

——

នៅក្រោមពន្លឺថ្ងៃដ៏ស្រទន់ គ្រប់យ៉ាងខាងក្រៅក្លាយជាពណ៌ពេជ្រថ្លា ព្រោះតំណក់ភ្លៀងតិចៗបានស្រោចស្រពប បោសមកលើផ្ទាំងកញ្ចក់ឡានទំនើបដែលធីតាទាញទ្វារចូល ។

នាងមានវត្តមាន​លើកៅអីដ៏ប្រណីត និងលក្ខណៈស្រណុកបែប 

Ergonomic តែមិនមែននាងបើកបរដូចកាលពីសំណុំរឿងរូបខ្មៅស្រអាប់ទៀតនោះទេ ។ ឆ្នាំ​នេះ មនុស្ស​ដែលធ្វើការ​បែបធ្វើដំណើរផ្លាស់ទី ច្រើនបាននិយមរំលស់យក​​យាន​ស្វ័យប្រវត្តិមកជួយកំដរ​ជីវិតប្រចាំថ្ងៃហើយ ។ រថយន្តនេះគ្មានអ្នកបើកបរទេ ​តែយានជំនិះដែលផ្ទុកដោយកម្មវិធីដែលអាចបញ្ជាឱ្យផ្លាស់ទី និងរុករកគោលដៅ​ដោយមិនចាំបាច់មានមនុស្សចូលនៅក៏បាន ។  AI អាចយល់អំពីបរិស្ថានជុំវិញ និងទីតាំងគោលដៅ តាមរយៈឧបករណ៍ចាប់សញ្ញា កាមេរ៉ា AI និងរ៉ាដា ហើយ​ចេញដំណើររហ័សជាងរថយន្តធម្មតា​ច្រើនដងដោយឯករាជ្យ ទោះណាជាយើងមិនទាន់មាន​ផ្លូវល្បឿនលឿនបែប Hyper -Express Highway ក្តី។

«ទៅ Boy យើងមានបេសកកម្មធំ ! រតនគិរី !!!»

នាង​ប្រាប់ទៅDashboard ដែលកំពុងតែបន្លឺឡើងយ៉ាងស្រទន់នូវ​ការរង់ចាំចេញដំណើរ ដោយបង្ហាញនូវចំណុចប្រទាក់ឌីជីថល ដែលពោរពេញដោយក្រាហ្វិកដ៏រស់រវើក ។

AI បានបញ្ចេញផ្លូវពីភ្នំពេញទៅរតនគិរី ។

«អរុណសួស្តី ធីតា !» AI របស់រថយន្តបានស្វាគមន៍នាងដោយសំឡេងសុភាពបុរស ។ «ត្រៀមចេញដំណើរហើយឬនៅបាទ ?»

នារីងក់ក្បាលទាំងស្រពោន និងហត់នឿយ ។

ជាមួយនឹងសូរបញ្ឆេះដ៏ស្រទន់ រថយន្តតូចបានរេចេញពីចំណត ហើយបង្កើនល្បឿនស្រាលស្រិប រួមផ្សំជាមួយនឹងចរាចរណ៍ពន្លឺថយក្រោយនាមហា  វិថី ឆ្លាតវៃ ខ្ពស់ស្រឡះពីផ្លូវខាងក្រោម​ ។

ស្រីស្អាត​សម្លឹងមើលទេសភាពទីក្រុងភ្នំពេញ​ ដែលរលាយទៅជាពណ៌បៃតងលាយភាពខៀវស្រងាត់នាខែវស្សា ។ នៅតាមបង្អួចបែប Panoramic នាង​លើកកាមេរ៉ាសំណព្វមកថតផ្តិត ។

«នេះ ផែនទី !» AI ប្រាប់មួយៗ ។

ស្រីងាកមកពិនិត្យ​ក្រវ៉ាត់ផ្លូវបានកំពុងតែបង្ហាញខ្លួននៅលើអេក្រង់ ដោយមានចំណុចប្រទាក់ជាមួយនឹងការអាប់ដេតជាក់ស្តែងភ្លាមៗអំពីស្ថានភាពចរាចរណ៍ និងអាកាសធាតុ ។

«យើងទៅដល់ពេលណា ?» នាង​សួរ ។

«ការមកដល់ប៉ាន់ស្មាន អាចក្នុងរវាងពីរម៉ោងនិងដប់ពីរនាទី !»

«ចាស៎ អរគុណ !» នាង​តបដោយឱនមកបិទកាមេរ៉ាដាក់ទៅម្ខាង​ហើយទាញយកនំក្រៀមពីក្នុងកាតាបមកហែកយឺតៗ ។

«ធីតា ! ​ចង់​ស្តាប់​ផតខាស​ព័ត៌មាន​ចុង​ក្រោយ​បំផុត ឬ ​List ​បទចម្រៀង​ដែល Favorite ?»

​ AI បានសាកសួរពេលធីតាទំពានំបន្តិចបន្តួច ដៃនាង​ចុចរកកន្លែងកាហ្វេ​ហើយចុចប៊ូតុង ។

​បបូរមាត់នាង​ឆ្លើយតប៖

«​តស់ !​ ស្តាប់​ព័ត៌មាន​សិន !​»

បេះដូងស្រី​លោត​ញាប់ឡើងវិញ ទាំង​ក្នុង​ការ​គិត​ពី​សំណុំក្តីL-34 ដែលនឹង​ត្រូវប្រឈម​​ស៊ើប​អង្កេត​នាពេលពីរម៉ោង​ខាង​មុខ ។

ម៉ាស៊ីនកាហ្វេតូចរបស់យាន លាន់ប្រាវ តែមិនរងំយូរឡើយ ។ គ្រប់យ៉ាង​

គឺទំនើបដូចឋានសួគ៌ទៅហើយ ម្តេចឡើយមនុស្ស​នៅគិត មកកាប់សម្លាប់គ្នាបានទៀត ? ក្មេងៗអស់នោះ គេបរិសុទ្ធណាស់ ពួកគេដឹងអីគេ ?​ចុះលោកគ្រូ ហេតុអ្វីចាំបាច់ត្រូវសម្លាប់គាត់ ?

កាហ្វេខ្មៅ ចាស់​ ខ្មៅហើយស្អិត បាន​ហូរចេញមករ៉ាវ នាំមកជាមួយនូវក្លិនដ៏មាន​ថាមពលពាសពេញយាន ។  នៅពេលដំណាលគ្នានេះដែរ សំឡេងស្រទន់នៃផតខាសបានលាន់មកពាសពេញរថយន្តទំនើប ។

«រាជធានីភ្នំពេញ​មមាញឹកជាមួយពាក្យចចាមអារ៉ាមនៃការបាត់ខ្លួនក្មេងជំទង់៥នាក់នៅខេត្តរតនគិរី ! ឪពុកម្តាយពួកគេ ប្រចាំការនៅអធិការដ្ឋាន       ប៉ូលិស !»

អធិការដ្ឋាននោះ … ស្រីផ្អៀងស្មា​ទៅក្រោយ ដោយអនុញ្ញាតឱ្យរាងកាយ​អាចស្រូបយកបរិយាកាសនាពេលល្ងាច ក្នុងល្បឿនដ៏ទន់ភ្លន់របស់រថយន្តអភិនីហារ ។ ធីតាមានអារម្មណ៍ថា ស្ទើរតែដូចជាកំពុងអណ្តែត ដោយរំភើយឆ្ពោះទៅរក​អតីតកាលមួយ ។

«សាកមើលចុះ ! កាហ្វេនេះហ្វ្រីសម្រាប់អ្នកភ្នំពេញថ្ងៃដំបូង !»

«យី ! មាន Promotionទៀត ! អូយ ល្វីង !»

«លេបចូលដល់បំពង់ក នឹងក្លាយជាផ្អែមឈ្ងុយវិញ !»

សំឡេងគេ ទឹកមុខគេ ភាពជាមនុស្ស​ប្រុសពេញដោយការទទួលខុសត្រូវរបស់គេ ជាតិ​នេះ ធីតាភ្លេចមិនបានពិតមែន ។ នារីនេះធ្លាក់​ស្រពោន ដោយសម្លឹងពែងកាហ្វេថ្មី … មាត់នាងរអ៊ូតិចៗម្នាក់ឯង …

សប្តាហ៍ក្រោយជួបគ្នាម្តងទៀតណា …

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*