ឋានសួគ៌ក្លែងក្លាយ និងរ៉ូបពណ៌ស (តំណាលដាហ្ស៊ី)
ពន្លឺព្រះអាទិត្យជះកាត់វាំងននសូត្រពណ៌ស ចូលមកចាក់ទម្លុះត្របកភ្នែកដ៏ធ្ងន់របស់ខ្ញុំ ។ ខ្ញុំកម្រើកខ្លួនតិចៗ អារម្មណ៍ឈឺក្បាលខ្ទោកៗវាយលុកឡើងមកភ្លាមៗ រួមជាមួយនឹងការចងចាំដ៏ខ្មៅងងឹតសល់ពីយប់មិញ…
«អាវេហាងាប់ហើយ !»
សំឡេងគ្រហឹមរបស់ឃាតករឈាមត្រជាក់ម្នាក់នោះ លាន់ខ្ទរក្នុងខួរក្បាល ធ្វើឱ្យខ្ញុំស្ទុះងើបអង្គុយព្រើតទាំងដង្ហើមហក់ញាប់ ។ ខ្ញុំមិនបានស្លៀកឈុតងូតទឹកពណ៌សនោះទៀតទេ តែរ៉ូបគេងពណ៌មាសសាច់កប្បាសយ៉ាងស្អាតបាត ហើយមានភួយដ៏ក្រាស់ដណ្តប់លើខ្ញុំយ៉ាងកក់ក្តៅ ។ ខ្ញុំលើកដៃឆ្វេងមកមើល ចិញ្ចៀនពេជ្រវង់នោះ នៅតែភ្លឺផ្លេកចងជើងខ្ញុំជាប់ដដែល ។
«ចាស អរុណសួស្តី អ្នកនាងដាហ្ស៊ី !»
សំឡេងទន់ភ្លន់ និងគួរសមមួយ បន្លឺឡើងពីចុងគ្រែ ធ្វើឱ្យខ្ញុំភ្ញាក់ព្រឺសម្បុរ ស្ទុះភ្លែតងាកសម្លឹង ។
ស្ត្រីវ័យកណ្តាលម្នាក់ក្នុងសម្លៀកបំពាក់ជាអ្នកគ្រប់គ្រងផ្ទះយ៉ាងមានរបៀបរៀបរយ កំពុងឈរញញឹមយ៉ាងស្រស់ស្រាយមករកខ្ញុំ ។ នៅលើដៃគាត់ មានកាន់ឈុតសម្លៀកបំពាក់ យ៉ាងស្រស់ស្អាតបង្ហាញមក ។ ខ្ញុំគាំងធ្វើភ្នែកគ្រលួង… គាត់ក៏ណែនាំខ្លួន ៖
«ខ្ញុំឈ្មោះ រ៉ូហ្សា ជាអ្នកមើលការខុសត្រូវក្នុងភូមិគ្រឹះនេះ ។ លោកទីនបញ្ជាឱ្យខ្ញុំមករៀបចំខ្លួនជូនអ្នកនាង ព្រោះថ្ងៃនេះជាថ្ងៃពិសេស ។»
ស្ត្រីនោះបន្តដោយស្នាមញញឹមមិនប្រែប្រួល ។
ខ្ញុំខិតខ្លួនថយក្រោយរហូតខ្នងទង្គិចនឹងក្បាលគ្រែ ។ ថ្ងៃពិសេស ? ថ្ងៃពិសេសស្អី ? ថ្ងៃអបអរដែលគេសម្លាប់មនុស្សបានសម្រេចមែនទេ ?
«ខ្ញុំ… ខ្ញុំមិនទៅណាទាំងអស់ ! ខ្ញុំមិនចួបគេទេ ! ប្រាប់ចៅហ្វាយមីងទៅបានទេ ថា… ខ្ញុំនៅគេង !» ខ្ញុំតបខំធ្វើធម្មតាតែទាំងតាមពិតញ័រមាត់ខឹង ។
ខ្ញុំមិនចង់ឃើញមុខបិសាចម្នាក់នោះទេ ខ្ញុំខ្លាច… គ្រប់គ្រងខ្លួនឯងមិនបាន ហើយស្ទុះទៅក្តិចខ្ញាំគេទៀត ។
មីងរ៉ូហ្សាមិនបានបង្ហាញទឹកមុខខឹងសម្បាឬភ្ញាក់ផ្អើលនឹងប្រតិកម្មរបស់ខ្ញុំឡើយ ។ គាត់គ្រាន់តែដកដង្ហើមធំ រួចបោះជំហានចូលមកជិតគ្រែ យឺតៗ ហើយនិយាយដោយសំនៀងរាបស្មើ តែមានទម្ងន់ ៖
«ខ្ញុំគិតថាអ្នកនាងប្រាកដជាត្រូវតែចុះទៅក្រោមហើយ… ព្រោះលោកស្រីជាម្ដាយរបស់អ្នកនាង អង្គុយរង់ចាំអ្នកនាងនៅបន្ទប់ទទួលភ្ញៀវតាំងពីព្រលឹមម្ល៉េះ ។»
«ម៉ាក់ ?»
បេះដូងខ្ញុំធ្លាក់ក្ដុកដល់បាតជើង ។ ពាក្យគំរាមរបស់បព្វតា ទីន កាលពីយប់មិញ ផ្ទុះឡើងក្នុងសតិខ្ញុំដូចគ្រាប់បែក … «អាយុជីវិតរបស់មនុស្សជុំវិញខ្លួនអូន… បានសុខឬអត់ អាស្រ័យលើសកម្មភាពរបស់អូននៅក្នុងផ្ទះនេះ !»
«គេ… គេគិតធ្វើអីម៉ាក់ខ្ញុំ ?» ខ្ញុំស្រែកសួរទាំងទឹកភ្នែករលោង ស្ទុះទម្លាក់ជើងពីលើគ្រែ «គេចាប់ម៉ាក់ខ្ញុំមកមែន ? … ចេញឱ្យឆ្ងាយពីខ្ញុំ !»
ខ្ញុំមិនខ្វល់ពីឈុតដែលមីងរ៉ូហ្សាកាន់នោះទេ ស្ទុះរត់ចេញពីបន្ទប់ទាំងជើងទទេ សក់ក្បាលរញ៉េរញ៉ៃ និងទឹកមុខស្លេកស្លាំង ។
ជើងទាំងពីររបស់ខ្ញុំរត់ចុះកាំជណ្តើរថ្មម៉ាបដ៏ធំទូលាយយ៉ាងលឿន សឹងតែដួលអុកគូទកណ្តាលទី ។
ខួរក្បាលខ្ញុំគិតដល់រូបភាពដ៏អាក្រក់បំផុត ។ ខ្ញុំគិតថាខ្ញុំនឹងឃើញម៉ាក់កំពុងយំ ឃើញអង្គរក្សឈរចាប់គាត់ ឬឃើញទីនកំពុងយកកាំភ្លើងភ្ជង់គាត់ ដើម្បីគំរាមខ្ញុំ ។ ខ្ញុំត្រៀមខ្លួនរួចហើយក្នុងការលុតជង្គង់អង្វរគេ ឱ្យតែគេព្រមដោះលែងម៉ាក់ ។
ប៉ុន្តែ… ពេលដែលជើងខ្ញុំឈានមកដល់ជាន់ផ្ទាល់ដី កាត់ចូលមកដល់បន្ទប់ទទួលភ្ញៀវដ៏ធំស្កឹមស្កៃ… ទិដ្ឋភាពនៅចំពោះមុខ បានធ្វើឱ្យខ្ញុំគាំងធ្មឹង ឈានជើងទៅមុខលែងរួច !
គ្មានអង្គរក្សមុខកាច… គ្មានសម្រែកយំ… គ្មានឈាម ។
ផ្ទុយទៅវិញ អ្វីដែលខ្ញុំបានឃើញ គឺរ៉ូបអាពាហ៍ពិពាហ៍ពណ៌សដ៏ប្រណីតកម្រិតអន្តរជាតិ៥ឈុត ត្រូវបានគេដាក់តាំងតម្រៀបគ្នាយ៉ាងត្រចះត្រចង់នៅកណ្តាលបន្ទប់ ។
បុគ្គលិកហាងកាត់ដេរលំដាប់ខ្ពស់ប្រហែល៥ឬ៦នាក់ កំពុងរៀបចំវាស់ស្ទង់ពិនិត្យសម្ភារៈពួកគេដាក់តាំងញាប់ដៃជើង ។
ហើយនៅកណ្តាលឆាកល្ខោនដ៏ល្អឥតខ្ចោះនេះ… គឺម៉ាក់របស់ខ្ញុំ ! គាត់កំពុងតែអង្គុយលើសាឡុង ដៃកាន់ពែងតែ សើចញញឹមយ៉ាងមានក្តីសុខបំផុត ជជែកនិងស្តាប់អ្នកច្នៃម៉ូតម្នាក់ ដែលមានការតុបតែងខ្លួនដូចអភិជន កែវភ្នែកគាត់ភ្លឺថ្លាពោរពេញដោយមោទនភាព និងសេចក្តីអំណរ ។
«អូ ! ដាហ្ស៊ី កូនម៉ាក់ !» ម៉ាក់ងាកមកឃើញខ្ញុំ គាត់ប្រញាប់ដាក់ពែងតែចុះ រួចងើបឈរដើរមករកខ្ញុំដោយទឹកមុខរំភើប «មើលកូនមើល… ម៉េចក៏រត់ចុះមកទាំងជើងទទេ មិនទាន់ផ្លាស់ខោអាវបែបនេះ ? ប្រញាប់ឡើងកូន… អនាគតស្វាមី… បានហៅក្រុមអ្នកច្នៃម៉ូតរ៉ូបការ ពីស្រុកគេមកឱ្យកូនរើសផ្ទាល់តែម្តង ! ស្អាតៗណាស់កូន !»
ម៉ាក់ដើរមកចាប់ដៃខ្ញុំទាំងសងខាង ទឹកមុខគាត់ពោរពេញដោយពន្លឺនៃក្តីសង្ឃឹម ។
ខ្ញុំឈរស្ងៀមដូចមនុស្សត្រូវគេបាញ់ថ្នាំស្ពឹក ។ ខ្ញុំដកដង្ហើមសឹងមិនដល់គ្នា ។ កែវភ្នែកខ្ញុំ សម្លឹងរំលងស្មាម៉ាក់ ទៅមើលរ៉ូបពណ៌សដ៏បរិសុទ្ធទាំងនោះ… រ៉ូបដែលមនុស្សស្រីគ្រប់រូបប្រាថ្នាចង់ពាក់ តែសម្រាប់ខ្ញុំពេលនេះ វាប្រៀបដូចជា «សម្លៀកបំពាក់អ្នកទោស» ដែលគេត្រៀមសម្រាប់យកទៅប្រហារជីវិត ។
នេះហើយ… នេះហើយ គឺជាល្បែងផ្លូវចិត្តដ៏គួរឱ្យខ្លាចបំផុតរបស់គេ… បព្វតា ទីន !
គេមិនបាច់យកកាំភ្លើងមកភ្ជង់ម៉ាក់ខ្ញុំទេ គេគ្រាន់តែប្រើលុយ និងអំណាច បង្កើតជា «ឋានសួគ៌ក្លែងក្លាយ» មួយនេះឡើង ដើម្បីទិញស្នាម ញញឹមម៉ាក់ខ្ញុំ និងកាត់ផ្តាច់ខ្ញុំពីពិភពលោកខាងក្រៅទាំងស្រុង ។
បើខ្ញុំស្រែកយំប្រាប់ម៉ាក់ពេលនេះថា «ទីនជាឃាតករ ទីនសម្លាប់បងវេហា »… ម៉ាក់ច្បាស់ជាគិតថាខ្ញុំឆ្កួត ខ្ញុំរវើរវាយ ហើយអ្នកគ្រប់គ្នានៅទីនេះនឹងសើចចំអកឱ្យខ្ញុំ ។ គេម្នាក់នេះសាហាវណាស់ គេបានចងដៃចងជើងខ្ញុំ ទាំងរាងកាយ ទាំងចិត្តសាស្ត្រ ។ ខ្ញុំគ្មានផ្លូវរត់រួចទេ… លុះត្រាតែខ្ញុំព្រមដើរតួជាកូនក្រមុំដ៏មានក្តីសុខនៅក្នុងរឿងល្ខោនរបស់គេ ។
«យ៉ាងម៉េចហើយ ? ម្ចាស់ក្សត្រីរបស់យើង ស្រលាញ់រ៉ូបមួយណាជាងគេ ?»
សំឡេងគ្រលរទាប តែបង្កប់អំណាច និងអំនួតនៃអ្នកឈ្នះ លាន់ឡើងពីជណ្តើរខាងក្រោយខ្នងខ្ញុំ ។ ខ្ញុំព្រឺសម្បុរខ្ញាក… មិនបាច់ងាកមើល ក៏ដឹងថា បិសាចមុខស្រស់ដែលពាក់របាំងមុខជាព្រះបុត្រា បានចុះមកដល់ហើយ ។
ខ្ញុំទាញដៃម៉ាក់ចេញពីភាពអ៊ូអរធ្វើមិនដឹង ថែមមិនឆ្លើយអ្វីតបទៅនឹងសំណួរនៃប្រុសឈាមត្រជាក់ជាម្ចាស់ផ្ទះ ដែលគ្រប់គ្នាសែនយកចិត្តទុកដាក់
ចូលមកក្នុងបន្ទប់កញ្ចក់តូចមួយ ដែលគេរៀបចំទុកសម្រាប់ទទួលទានកាហ្វេ ។ គ្រាន់តែទ្វារបិទជិតភ្លាម ម៉ាក់ក៏ដាក់ពែងកាហ្វេចុះ រួចងាកមកសម្លឹងខ្ញុំដោយកែវភ្នែកហ្មត់ចត់ ។
«ម៉េចបានជាកូន ធ្វើព្រងើយកន្តើយដាក់ប្តីនៅខាងក្រៅអ៊ីចឹងដាហ្ស៊ី ?»
ម៉ាក់បន្ទោសខ្ញុំតិចៗ សំឡេងតឹងរ៉ឹង «គេជាមនុស្សមានមុខមាត់ មានអំណាច កូនត្រូវចេះទុកកិត្តិយសឱ្យគេនៅមុខអ្នកបម្រើ និងអង្គរក្ស ។ ធ្វើចរិតបែបនេះ មិនល្អទេ !»
ខ្ញុំខាំមាត់ សម្លឹងមើលផ្ទៃមុខដែលពោរពេញដោយក្តីបារម្ភ និងសេចក្តីសុខក្លែងក្លាយរបស់ម៉ាក់ ទាំងបេះដូងឈឺខ្ទោក ។
តើម៉ាក់ដឹងទេថា«ប្តី»ដ៏ល្អឥតខ្ចោះដែលម៉ាក់កំពុងការពារនេះ ជាបិសាចដែលកំពុងតែចាប់កូនស្រីម៉ាក់ដាក់ទ្រុង ? ទេ… ខ្ញុំមិនអាចឱ្យគាត់ដឹងដាច់ខាត ! ការលាក់បាំងការពិតមិនឱ្យគាត់ដឹងរឿងរ៉ាវដ៏ខ្មៅងងឹតនេះ គឺជាជម្រើសតែមួយគត់ដើម្បីរក្សាសុវត្ថិភាពឱ្យគាត់ ។
ម្យ៉ាងវិញទៀត ខ្ញុំអាចលួងខ្លួនឯងថា អ្វីដែលកំពុងកើតឡើងនេះ មិនមែនជាពិធីរៀបការអីធំដុំ មានសែនព្រេន ចងដៃ ចងជើង តាមប្រពៃណី ឯណា គេគ្រាន់តែប្រើអំណាចហៅមន្ត្រីមកដើម្បីបង្ខំខ្ញុំផ្ដិតមេដៃលើ«ក្រដាសអេតាស៊ីវិល» មួយសន្លឹក ដើម្បីចងខ្ញុំធ្វើជាកម្មសិទ្ធិផ្លូវច្បាប់របស់គេប៉ុណ្ណោះ ធ្វើអ៊ីចឹង ពេលគេរំលោភបំពានរាងកាយខ្ញុំ គេគិតថា គ្មានអ្នកណាអាចចាប់ទោសគេបាន ?
ខ្ញុំដឹងថា ហេតុផលអ្វី ដែលខ្ញុំត្រូវឈានមកដល់ចំណុចនេះ ។ ទ្រាំបិទភ្នែកធ្វើតាមគេសិនទៅចុះ ឱ្យតែអ្នកផ្ទះខ្ញុំបានសុខ ។
«ម៉ាក់ដឹង… ថាកូនកំពុងតក់ស្លុតរឿងវេហា.. .»
ម៉ាក់ទម្លាក់សំឡេង ស្រដីលួងលោម ពេលឃើញខ្ញុំនៅស្ងៀម «តែកុំគិតច្រើនពេកអីកូន គ្រប់យ៉ាង… ជាកម្ម ។ ប៉ូលិសបញ្ជាក់ហើយថាគេ… ស្រវឹងជោកជាំទើបរអិលជើងធ្លាក់ពីលើអគារ ។ កុំយកទុក្ខមកដាក់ខ្លួនក្នុងថ្ងៃពិសេសនេះអីកូន… គេចោលយើងទៅតោងស្រីអ្នកមានមុន !»
កម្ម ? ស្រវឹងរអិលជើង ? ទាំងក្បាលព្រលប់ ?
ខ្ញុំលួចសើចចំអកឱ្យព្រហ្មលិខិត នៅក្នុងចិត្តទាំងឈឺក្បាលខ្ទោកៗ ។
អ្នកណាក៏ជឿលើឆាកល្ខោនដែលពួកអភិជនរៀបចំដែរ ។ ប៉ូលិសក៏គេទិញបាន អំណាចក៏គេមាននៅក្នុងដៃ ។
ខ្ញុំព្រឺសម្បុរខ្ញាក ពេលគិតដល់កម្រិតនៃភាពសាហាវរបស់មនុស្សម្នាក់ដែលខ្ញុំជិតត្រូវគេហៅថា «ប្តី» ។ ងាកមកវិញ ម៉ាក់ញញឹមដើរចេញពីខ្ញុំ ហើយសម្លឹងសួនខាងក្រៅដោយសោមនស្សតាមបណ្តារបាំងកញ្ចក់ ។
ប្រណីតភាពទាំងនេះកំពុងក្លាយជាទ្រុងមាស គាត់មិនដឹងទេ ។
ខ្ញុំបារម្ភពីម៉ាក់ បារម្ភពីប៉ាដែលកំពុងឈឺ ហើយបារម្ភពីនីកូល មិត្តតែមួយគត់របស់ខ្ញុំ ។ នឹងមានរឿងទៀតមិនខាន បើខ្ញុំមិនព្រមធ្វើតាមលក្ខខណ្ឌរបស់គេ ។
បងវេហា… ដ្បិតតែអស់ស្រលាញ់ តែហោចណាស់មនុស្សធ្លាប់មានមនោសញ្ចេតនានឹងគ្នា ។
«ខ្ញុំអហោសិកម្មឱ្យបង !»
ខ្ញុំខ្សឹបហើយដើរមួយៗទៅរកម្តាយ ។
«ហើយម៉ាក់ពិសាអីទេ… កូនសុំទៅងូតទឹកមួយភ្លែត ហើយចុះមកធ្វើញ៉ាំជាមួយគ្នា !»
ខ្ញុំលាម៉ាក់ រួចបោះជំហានចេញពីបន្ទប់កាហ្វេដើរត្រង់ឡើងទៅជាន់លើ ជាមួយបំណងស្វែងរកមនុស្សដែលកំពុងក្តោបក្តាប់ជោគវាសនាខ្ញុំដើម្បីបញ្ជាក់រឿងរវាងគេនិងខ្ញុំឱ្យច្បាស់មុនពេលចុងប៊ិករបស់ខ្ញុំអូសកាត់ក្រដាសអេតាស៊ីវិល ។
តាមបងៗក្នុងផ្ទះប្រាប់ខ្ញុំ រកគេឃើញនៅជាន់ទីពីរ ។ បន្ទប់គេមានទ្វារក្រាស់… ខ្ញុំរុញចូលទៅដោយមិនបាច់គោះ ។
បព្វតា ទីន កំពុងអង្គុយបង្ហុយផ្សែងបែរខ្នងលើសាឡុងស្បែក ។ គេឮសូរជើងខ្ញុំ គេងាកមកតែបន្តិច តែបង្កប់នូវអំនួត ។
«បើស្អប់ខ្ញុំណាស់… »
ខ្ញុំបន្លឺសំឡេងកាត់ភាពស្ងាត់ជ្រងំ ប្រឹងសង្កត់ភាពញាប់ញ័រក្នុងបំពង់ក
«ចង់ធ្វើបាបខ្ញុំ ចង់ឃុំឃាំងខ្ញុំ ឬចង់ធ្វើទារុណកម្មផ្លូវចិត្តខ្ញុំយ៉ាងម៉េចក៏បាន ។ ប៉ុន្តែ… ត្រូវសន្យាថា កុំប៉ះពាល់អ្នកណាទៀត ! កុំប៉ះពាល់គ្រួសារខ្ញុំ និងមិត្តភ័ក្ដិខ្ញុំឱ្យសោះ !»
គ្មានចម្លើយ… ខ្ញុំបោះជំហានចូលទៅជិតគេបន្តិច រួចប្រកាសដោយសំឡេងដាច់អហង្ការ ៖
«បើមិនសន្យាទេ… ខ្ញុំមិនរៀបការ !»
ទីនមិនបានខឹងនឹងការគំរាមរបស់ខ្ញុំទេ ។ ផ្ទុយទៅវិញ គេសើចខឹកក្នុងបំពង់ក ជាសំណើចចំអកដែលធ្វើឱ្យរោមដៃខ្ញុំត្រូវបះច្រូងទៀត ។ គេក្រោកញេចចោលបារី ហើយបោះជំហានវែងៗចូលមកកៀកខ្ញុំ រហូតទាល់តែក្លិនទឹកអប់ឈើប្រណីតរបស់គេវាយលុកច្រមុះខ្ញុំ ។
«ស្អប់ ?» គេខ្សឹបសំឡេងគ្រលរទាប តែគ្រោះថ្នាក់ដូចមុខកាំបិត ម្រាមដៃដ៏រឹងមាំរបស់គេលូកមកចាប់ចង្កាខ្ញុំងើបឡើងឱ្យប្រឈមមុខនឹងកែវភ្នែករបស់គេ ខ្ញុំវិញខំធ្វើឫកខែងរ៉ែងដូចមិនចេះញ៉មគេ តែតាមពិតខ្ញុំកំពុងវង្វេងមិនដឹងលង់សម្រស់គេ ឬខ្លាចគេ ឬស្អប់គេ ។
«…បងមិនដែលស្អប់អូនទេ !» គេនិយាយខ្សឹបៗ «តែបងស្អប់គ្រប់គ្នា… អ្នកណាក្តី… ដែលមាន Space ក្នុងបេះដូងអូន ! បងស្អប់ភ្នែកគ្រប់គ្នាដែលហ៊ានសម្លឹងមករបស់ណាដែលជាកម្មសិទ្ធិរបស់បង !»
«គេទុកខ្ញុំជាវត្ថុ ចឹងបានគេកម្ទេចបេះដូងខ្ញុំ !»
ខ្ញុំគិតតែខ្ញុំខាំមាត់មិននិយាយស្តី កុំឱ្យមើលទៅទន់ជ្រាយពេក ។ ទោះយ៉ាងណាខ្ញុំព្យាយាមគ្រវីមុខចេញពីបាតដៃគេ តែគេនៅចាប់ជាប់យ៉ាងណែន
«ចង់ទៅណា ?»
គេញញឹមចុងមាត់ រួចឱនមុខមកកៀកសឹងតែច្រមុះប៉ះគ្នា «ព្រមធ្វើជាក្មេងល្អ… រស់នៅល្អ ស្លៀកពាក់ស្អាត ញ៉ាំឱ្យបានត្រឹមត្រូវ សើចឱ្យច្រើន កុំឱ្យបងធុញអូន !!! ហើយ… »
គេដៀងមើលរូបរាងរហេមរហាមរបស់ខ្ញុំពីលើដល់ក្រោម រួចនិយាយង៉ូវៗ «កុំបំផ្លាញសម្រស់ខ្លួនឯង ឬយកពាក្យថាស្លាប់មកគំរាមបង… ព្រោះបើអូនស្លាប់ បងនឹងបញ្ជូនមនុស្សដែលអូនស្រលាញ់ទាំងអស់ ទៅកំដរអូននៅឋាននរកមិនឱ្យខ្វះម្នាក់ឡើយ !»
ខ្ញុំដកដង្ហើមធំទាំងតឹងទ្រូង ។
ការសន្យារបស់បិសាច គឺជារឿងដែលគួរឱ្យឆ្កួតចិត្ត តែម្តេចពេលនេះ ខ្ញុំខ្លាចម្ល៉េះ… ភ្នែកខ្ញុំមើលគេថ្មែ ។ គេលេបទឹកមាត់ មុខគេស្លេកដូចខឹងដែលខ្ញុំរឹង មិនយំ មិនអង្វរគេ ។ តែតាមពិត ខ្ញុំចង់ហាមាត់ណាស់… តែខ្ញុំស្អប់ចរិតមានះអំនួតនេះពេក មិនអាចបន្ទន់ឥរិយាបថបាន ។
«OK !» គេពោលខ្សឹប រួចគេព្រលែងដៃចេញពីចង្កាខ្ញុំ ហើយឆ្លៀតអូសខ្នងដៃកាត់ថ្ពាល់ខ្ញុំថ្នមៗហាក់ដូចជាប្តីម្នាក់ដែលស្រលាញ់ប្រពន្ធស្ទើរលេប
«ម៉ាក់ក្មេកកំពុងរង់ចាំមើលអូនលឈុត និងមើលអូនញញឹមយ៉ាងមានក្តីសុខ ! រៀបខ្លួនឱ្យលឿនបន្តិច ប្រពន្ធសម្លាញ់ !»
ខ្ញុំក្តាប់ដៃចូលគ្នាណែន រហូតក្រចកចាក់ទម្លុះបាតដៃ ។ សង្គ្រាមពាក្យសម្ដីនេះ ខ្ញុំចាញ់គេយ៉ាងអាម៉ាស់… តែយ៉ាងហោចណាស់ ខ្ញុំទទួលបានការធានាសុវត្ថិភាពសម្រាប់ប៉ាម៉ាក់ពីមាត់របស់ឃាតករម្នាក់នេះ !
ស្អែកចួបគ្នា …


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ