កាហ្វេបញ្ច្រកដោយបេះដូង និងបន្ទប់សម្ងាត់ (តំណាលដាហ្ស៊ី)
មកដល់ក្នុងបន្ទប់ ខ្ញុំត្រូវបានអ្នកបម្រើនៅជាន់នេះ ជាស្ត្រីវ័យបងខ្ញុំប្រហែល១០ឆ្នាំ គាត់ប្រាប់ថាសម្លៀកបំពាក់ដែលអ៊ីសានបញ្ជាទិញគាត់បាន បោកអ៊ុតតាំងពីយប់មិញ ហើយពេលនេះរួចរាល់ក្នុងបន្ទប់សម្លៀកបំពាក់ មួយដែលនៅជាប់នឹងបន្ទប់នេះ គឺអាចរុញទ្វារឆ្លងទៅបានតែម្តង ។
ទើបតែមានពេលនឹងផ្ចង់លើសភាពបន្ទប់នេះ ព្រោះពេញមួយយប់មិញ មក គ្រប់យ៉ាងជាសង្គ្រាមដ៏អាម៉ាស់និងឈឺចាប់ណាស់ ។ ក្រៅពីទីនេះ មានគ្រែហើយ ថែមមានទ្វារចេញទៅបន្ទប់តុបតែងទៀត ។ ធ្លាប់មានមនុស្សស្រីរស់នៅកន្លែងនេះពីមុនមក ?
ខ្ញុំទម្លាក់ទូរសព្ទចុះលើពូកវិញយឺតៗ ក្រោយពេលដែលអ្នកបម្រើដក ថយ ។ បេះដូងខ្ញុំពិតជាឯកា ហើយមានរឿងច្រើនណាស់ ខ្ញុំចង់បានមនុស្សគួរទុកចិត្តណាម្នាក់មកស្តាប់និងឱ្យជាយោបល់ផង ។ ចិត្តនេះចង់ខលហៅ នីកូលមកកំដរជាខ្លាំង តែដៃខ្ញុំមិនហ៊ានចុចទេ ខ្ញុំមិនអាចទាញមិត្តសម្លាញ់តែម្នាក់គត់ ឱ្យមកផុងខ្លួនក្នុងរឿងដ៏គ្រោះថ្នាក់នេះម្តងទៀតបានឡើយ ។
កាលដែលមេបិសាចយល់ព្រមឱ្យនីកូលបានរួចខ្លួនពីការចោទប្រកាន់កាលពីម្សិលមិញ អាចទុកថាជាដំណោះស្រាយមួយល្អណាស់ទៅហើយ ។
ខ្ញុំដកដង្ហើមធំបោះជំហានទៅបើកទូខោអាវដ៏ធំដែលភ្ជាប់នឹងផ្ទៃជញ្ជាំងបន្ទប់ជាប់គ្នា ។ គ្រាន់តែទ្វាររបើក ពន្លឺភ្លើងអូតូក៏ភ្លឺឡើង បង្ហាញរ៉ូបម៉ាកល្បីៗរាប់សិបឈុត ចម្រុះពណ៌ តម្រៀបគ្នាយ៉ាងមានរបៀប ។ នៅក្បែរនោះ មានទូកញ្ចក់ដាក់តាំងទឹកអប់ កាបូប និងគ្រឿងអលង្ការថ្លៃៗ… និងស្លាកមួយមេផ្ទះបានសរសេរច្បាស់ថា (សម្រាប់អ្នកនាងដាហ្ស៊ី) ។
ទាំងអស់នេះជារបស់ដែលគេទិញមកបំពាក់លើខ្លួន «តុក្កតា» មួយនេះ យើងជារបស់លេង… សម្រាប់គេ ។
ខ្ញុំសម្រេចចិត្តទាញមួយឈុតមកស្លៀកព្រោះមានលក្ខណៈសាមញ្ញតែទន់ល្មើយ ស័ក្តិសមនឹងអាកាសធាតុពេលព្រឹក ។
ពេលខ្ញុំចុះមកដល់ជាន់ក្រោម ប្រញាប់ដើរចូលទៅរកផ្ទះបាយភ្លាម ។ ទីនេះធំទូលាយ និងប្រណីតជាទីបំផុត ។ បម្រុងនឹងរកទឹកញ៉ាំមុនរៀបចំអាហារសម្រាប់ម៉ាក់ ស្រាប់តែអ្នកបម្រើស្រីពីរនាក់ដែលកំពុងរៀបចំអ្វីជាច្រើនលើតុមួយនៅម្ខាងទៀត ញញឹមគួរសមដាក់ខ្ញុំ ៖
«អ្នកនាងដាហ្ស៊ី… លោកប្រុស និងលោកស្រីកំពុងតែពិសារអាហារពេលព្រឹកនៅឯសួនច្បារខាងក្រោយចាស !»
ខ្ញុំងក់ក្បាលទទួលរួចបោះជំហានដើរចេញទៅតាមទ្វារកញ្ចក់ខាងក្រោយផ្ទះ ។ ទីនេះថ្មីណាស់សម្រាប់មនុស្សជាប់ទ្រុងដូចខ្ញុំ ។
គ្រាន់តែជើងខ្ញុំឈានផុតពីរបៀងសួនច្បារបន្តិច… ខ្ញុំគាំងធ្មឹងវិញ !
ពន្លឺព្រះអាទិត្យពេលព្រឹកជះកាត់ស្លឹកឈើ ប៉ះលើផ្ទាំងក្រណាត់គំនូររាប់សិបផ្ទាំងដែលត្រូវបានគេដាក់តាំងលើជើងទម្រយ៉ាងមានរបៀប ។ ក្នុងចំណោមនោះ មានទាំងគំនូរទេសភាព គំនូរអរូបី និងផ្ទាំងគំនូរបុរាណដែលកម្ររកបាន ។ ក្លិនថ្នាំពណ៌ និងប្រេងលាបគំនូរ ហោះមកប៉ះច្រមុះ ធ្វើឱ្យសរសៃប្រសាទដែលកំពុងតានតឹងរបស់ខ្ញុំរលាយបាត់សូន្យឈឹងនូវសម្ពាធបេះដូង ។
«ស្អាត… ស្អាតណាស់ !» ខ្ញុំឧទានឡើងដោយភ្លេចខ្លួន ស្នាមញញឹមមួយលេចឡើងនៅលើបបូរមាត់ ហើយខ្ញុំថែមទាំងលួចសើចតិចៗដោយក្តីរំភើប ខណៈដែលជើងបោះជំហានទៅស្ទាបផ្ទាំងគំនូរទាំងនោះថ្នមៗ ។
ខ្ញុំស្រលាញ់សិល្បៈ ស្រលាញ់គំនូរ វាជាពិភពលោកតែមួយគត់ដែលខ្ញុំអាចរកសន្តិភាពផ្លូវចិត្តបាន ។
«មើលទៅ… ប្រពន្ធខ្ញុំពេញចិត្តគំនូរ ជាងគ្រប់យ៉ាងនៅក្នុងជីវិតគេ ទៅទៀត !»
សំឡេងគ្រលរទាប និងពោរពេញដោយអំណាច បន្លឺឡើងពីក្រោយខ្នង ធ្វើឱ្យខ្ញុំភ្ញាក់ព្រើត ។ បព្វតា ទីន ឈរឱបដៃសម្លឹងមកខ្ញុំ ។ គេស្លៀកខោសាច់ក្រណាត់ពណ៌ប្រផេះ និងអាវសឺមីបញ្ចេញឡេវលើពីរគ្រាប់ មើលទៅសង្ហាទាក់ទាញ តែ… គ្រោះថ្នាក់ ។
«បើប្រពន្ធខ្ញុំព្រមញញឹមដាក់ប្តីដូចដែលកំពុងញញឹមដាក់ផ្ទាំងគំនូរទាំងនេះ… ធានាថា រាល់យប់បងនឹងធ្វើឱ្យអូនហត់នឿយ រហូតគ្មានកម្លាំងកាន់ជក់គូររូបនៅពេលព្រឹកមិនខាន !»
គេខ្សឹបឌឺដងក្បែរត្រចៀកខ្ញុំ ហើយពាក្យពេចន៍ក្ដៅគគុកនោះបានធ្វើឱ្យថ្ពាល់ខ្ញុំក្រហមងាំង ។
«បងទីន !» ខ្ញុំខាំមាត់ខ្សឹបសម្លក់មុខគេ ព្រោះម្តាយខ្ញុំនៅតុអាហារនៅឡើយ ។ ទីនេះជាបន្ទប់កញ្ចក់ ដែលចោមព័ទ្ធដោយបុប្ផាប្រណីតៗពិបាកត្រូវកម្ដៅថ្ងៃ និងមានតុអាហារ មានផ្ទាំងគំនូរ ។ នេះជាទិដ្ឋភាពឋានសួគ៌សម្រាប់ខ្ញុំ…
«កូនស្រីម៉ាក់ !» ម៉ាក់ដើរចេញពីតុមកជាមួយកាបូបគាត់ ។ ទឹកមុខម៉ាក់ពោរពេញដោយក្តីសុខ ពេលឃើញខ្ញុំ និងគេនេះឈរកៀកកិតគ្នា «ឃើញពួកកូនមានក្តីសុខបែបនេះ ម៉ាក់អស់បារម្ភហើយ ! ម៉ាក់មិនរំខានពេលវេលាពួកកូនទេ ម៉ាក់សុំលាទៅផ្ទះសិនហើយ ត្រូវរៀបចំខោអាវប៉ាកូនឯង ខាន ស្អែកដល់ថ្ងៃអេតាស៊ីវិលហើយ !»
ខ្ញុំលបសម្លក់គេដែលលលាមដល់ម៉ាក់ខ្ញុំត្រូវរត់ ។ បព្វតាម្នាក់នេះវិញ គេញញឹមយ៉ាងទន់ភ្លន់ តែភ្នែកមិនដកចេញពីខ្ញុំដាច់ខាត ។ សម្រាប់ខ្ញុំ… នេះត្រឹមជាស្នាមញញឹមក្លែងក្លាយដ៏ល្អឥតខ្ចោះដែលគេតែងតែប្រើជាមួយប៉ានិងម៉ាក់ ។
មនុស្សសម្ដែងម្នាក់នេះលូកដៃទៅដកកាតធនាគារមួយសន្លឹកពីហោប៉ៅ ហុចទៅឱ្យម៉ាក់។
«ម៉ាក់យកកាតនេះទៅប្រើ… ទិញគ្រប់យ៉ាងដែលម៉ាក់ចង់បាន សម្រាប់ត្រៀមពិធីអាពាហ៍ពិពាហ៍នៅខានស្អែក ។ ចំណែកប៉ា ម៉ាក់កុំបារម្ភអី អ៊ីសាននឹងឱ្យកូនចៅគេទៅទទួលគាត់មកផ្ទះនេះ នៅយប់នេះ !»
គេសង្កត់ពាក្យចុងក្រោយប៉ុន្មានម៉ាត់ ដោយសម្លឹងជ្រៅក្នុងភ្នែកខ្ញុំ ។ ខ្ញុំងាកចេញមិនចង់មើលគេយូរទេព្រោះបេះដូងខ្ញុំលោតច្រើនរបៀបណាស់… ពេលប្រទាក់ភ្នែកជាមួយមនុស្សនេះ ។
ខ្ញុំប្រញាប់ស្ទុះទៅរកម៉ាក់ «កូនជូនម៉ាក់ទៅ…»
«មិនបាច់ទេ ដាហ្ស៊ី !» បុរសនេះលូកដៃមកក្រសោបចង្កេះខ្ញុំទាញមកក្រោយវិញយ៉ាងលឿន «បងមានកន្លែងមួយចង់នាំអូនទៅមើល !»
ម៉ាក់ញញឹមដោយមានក្តីសុខ រួចដើរចេញទៅ ។
នៅខាងក្រៅបន្ទប់កញ្ចក់ ខ្ញុំឃើញមានគេតាមជូនដំណើរម៉ាក់ ហើយឡានរបស់កូនចៅអ៊ីសាននៅរង់ចាំគាត់ជាស្រេចមិនឆ្ងាយពីទីនេះ ។
គ្រាន់តែម៉ាក់ចេញបានផុតកន្ទុយភ្នែកបន្តិច… ស្នាមញញឹមរបស់ខ្ញុំក៏រលត់បាត់ ។ ពាក្យថា «កន្លែងមួយ» របស់គេ ធ្វើឱ្យខួរក្បាលខ្ញុំគិតដល់រឿងអាក្រក់ភ្លាមៗ ។
ថ្លោះចិត្ត !
តើជាបន្ទប់ងងឹតដែលឃើញក្នុងកុនកំណាចៗនោះមែនទេ ?
ឆាប់យ៉ាងនេះ ?
បន្ទប់ BDSM ដែលគេតែងតែនិយាយដើមថា កន្លែងពួកមហាសេដ្ឋីរោគចិត្តចូលចិត្តលេងល្បែងស្នេហ៍លាយទារុណកម្មនោះ ? រាងកាយខ្ញុំចាប់ផ្តើមត្រជាក់ស្រេប មុខប្រែជាស្លេក ។
មិនដឹងគេនោះដឹងដែរទេពីអ្វីដែលកំពុងបន្លាចខ្ញុំ ។ ខ្ញុំលបមើលតាមកន្ទុយភ្នែក ក៏ឃើញខាងគេដើរទៅកាន់ពែងកាហ្វេពីថាសអ្នកបម្រើដែលឈរធ្មឹងនៅក្រៅបន្ទប់កញ្ចក់ ។
កាហ្វេមើលទៅនៅផ្សែងរវិច… ទើបនឹងឆុងរួច ។
ខ្ញុំសម្លឹងគេគ្រលួងៗ ព្រោះគេបោះជំហានយឺតៗចូលមករកខ្ញុំហើយ ។ កែវភ្នែកគេរោលរាលមាត់គេវិញញឹមៗតែពោរពេញដោយអំណាចផ្តាច់ការ ។
«ញ៉ាំអីបន្តិចទៅ… » គេហុចពែងកាហ្វេមកត្រង់… ពីមុខខ្ញុំ ។
«ខ្ញុំ… ខ្ញុំមិនញ៉ាំទេ !» ខ្ញុំថាហើយថយក្រោយមួយជំហាន គ្រវីក្បាលបដិសេធ ខាំមាត់បិទជិត ។ ប្រុសម្នាក់នេះញញឹមបន្ថែម ធ្វើឱ្យចុងមាត់ស្តាំរបស់គេបះទៅលើជាស្នែង ។ គេសង្ហា… ពេលញញឹមបែបនេះ តែ… បេះដូងខ្ញុំភ័យរឿង… បន្ទប់ដែលគេនឹងនាំខ្ញុំទៅ ។
គិតថាកាហ្វេនេះគេនឹងមិនបង្ខំខ្ញុំទេ ព្រោះ… ខ្ញុំភ័យលែងឃ្លានអីទាំងអស់… តែដឹងអីថា… ស្រាប់តែលើកពែងកាហ្វេនោះទាំងក្តៅ ហើយផឹកខ្លួនឯងមួយក្រេបធំ ។
ខ្ញុំបើកភ្នែកធំជាងមុនជាមួយសំណួរថា គេនេះមិនចេះរលាកទេ ?
ស្រាប់តែ… ដៃគេម្ខាងទៀតយារមកទាញកន្ត្រាក់ចង្កេះខ្ញុំឱ្យផ្អឹបទៅជាប់នឹងរាងកាយគេ ។ ឆឹង… ដៃម្ខាងទៀត ទម្លាក់ពែងកាហ្វេចោលទៅលើឥដ្ឋ…
ខ្ញុំឃើញអ្នកបម្រើនៅមាត់ទ្វារនោះ… រត់ចាកចេញប៉ផាប់ពភីង ដូចដឹងថាមានអ្វីកំពុងកើតឡើង ។
គ្មានពេលគិតទៀតឡើយ… ដៃនោះទម្លាក់ពែងយ៉ាងអនាធិបតេយ្យហើយ… គេសង្កត់កញ្ចឹងកខ្ញុំមិនឱ្យរើបម្រះ… ឱនមុខមកប្រថាប់បបូរមាត់លើខ្ញុំយ៉ាងកម្រោល !
«អ្ហឹម… !» ខ្ញុំបើកភ្នែកធំៗ ព្យាយាមរុញទ្រូងគេ តែទឹកកាហ្វេដ៏កក់ក្តៅ និងមានរសជាតិល្វីងផ្អែម បានហូរពីមាត់គេ ចូលមកក្នុងមាត់ខ្ញុំបន្តិចម្តងៗ តាមរយៈស្នាមថើបដ៏ជ្រាលជ្រៅនោះ ។
ខ្ញុំត្រូវបង្ខំចិត្តលេបវាចូលបំពង់កដូចក្នុងសុបិនព្រោះតក់ក្រហល់ពេក ។ បើមិនអ៊ីចឹងទេ ច្បាស់ជាឈ្លក់ស្លាប់មិនខាន ។
ពេលដែលកាហ្វេអស់ពីមាត់ គេនៅមិនព្រមដកបបូរមាត់ចេញភ្លាមៗទេ គេបន្តបឺតជញ្ជក់ និងលេងសើចជាមួយចុងអណ្តាតខ្ញុំ រហូតទាល់តែរាងកាយខ្ញុំទន់ជ្រាយ សឹងស្រុញចុះ… ទើបគេព្រមលែង ។
ខ្ញុំដង្ហក់ហត់ ទាំងខឹង ទាំងខ្លាច តែក្នុងជម្រៅចិត្ត… រសជាតិកាហ្វេលាយឡំនឹងក្លិនប្រចាំកាយរបស់គេ ផ្អែមល្ហែមលាយល្វីងរហូតធ្វើឱ្យបេះដូងខ្ញុំលោតខុសចង្វាក់ ។
«តស់ !» គេបញ្ជាភ្លាមៗ និងចាប់ខ្ញុំដឹកដៃដើរសំដៅត្រលប់ទៅក្នុងភូមិគ្រឹះវិញ ។
…ជើងគេវែងៗ ខ្ញុំមានតែរត់ទើបទៅតាមទាន់សង្វាក់របស់គេ ។
យើងមកដល់ជាន់ទី៣ នៃមហាភូមិគ្រឹះទាំងហត់គឃូស ។ ទីនេះ មានរបាំងទ្វារប្រណីតជាមួយ ប្រអប់សោប្រើកាមេរ៉ាយ៉ាងប្រណីត ដែលមានតែក្រឡាបាតដៃរបស់គេទើបម៉ាស៊ីននេះស្គាល់ អាច បើកសោចូលបាន ។
មើលទៅគ្មានអ្នកណាឡើងមកបានទេ ទំនងជាតំបន់ហាមឃាត់ប្រាកដហើយ ។ គិតបែបនេះកាលណា… ដៃខ្ញុំនៅក្នុងបាតដៃគេ ប្រែជាត្រជាក់កម្រិតណា គេគួរយល់ហើយ…
បេះដូងខ្ញុំវាយស្គរញាប់ស្មេ ពេលគេឈប់ដំអក់នៅមុខទ្វារឈើពណ៌ខ្មៅដ៏ធំមួយនេះ មិនទាន់ឈានចូល ។
គេសម្លឹងខ្ញុំពីលើដល់ក្រោម ព្រោះថា ដៃខ្ញុំម្ខាងទៀតចាប់ពីលើកដៃគេ ទោះខ្ញុំមិនហ៊ានរើចេញ តែខ្ញុំ… ប្រហែលអាចនឹងធ្វើឆាប់ៗនេះ ។
«ម៉េច ?»
គេខ្សឹបសួរចំពោះសញ្ញាដែលខ្ញុំដូចចង់រលាស់ដៃរត់បន្តិចអីបន្តិច ។
ខ្ញុំគ្រវីក្បាល… មិនដឹងខ្លួនឯងចង់និយាយថា Yes ឬ No ទេ ។
គេញញឹមនេះ… ហើយ… រុញទ្វារចូលង៉ឺតយ៉ាងយឺត… ធ្ងន់ ។
នេះច្បាស់ជាបន្ទប់ដាក់ទារុណកម្មហើយ ! ខ្ញុំបិទភ្នែកជិតឈឹង រាងកាយញ័រទទ្រើក ពេលឮសំឡេង… ទ្វាររបើក ។ គេរុញខ្ញុំទៅមុន…
«បើកភ្នែកឡើង ដាហ្ស៊ី !» គេខ្សឹបពីក្រោយខ្នង ។
ខ្ញុំខាំមាត់ បើកភ្នែកយឺតៗ… ត្រៀមខ្លួនប្រឈមមុខនឹងរំពាត់ ឬច្រវាក់ ឬខ្នោះឃ្នាងអ្វីច្រើនទៀត តែ… ទិដ្ឋភាពនៅចំពោះមុខ ធ្វើឱ្យខ្ញុំគាំងធ្មឹងសឹងតែភ្លេចដកដង្ហើម !
នេះ… មិនមែនជាបន្ទប់ BDSM អ្វីទាំងអស់ ! តែជាស្ទូឌីយោ (Studio) លើអាកាសដ៏ធំទូលាយដែលមានពន្លឺធម្មជាតិជះចូលយ៉ាងស្រស់ស្អាត ។
ហើយ… អ្វីដែលធ្វើឱ្យខ្ញុំរន្ធត់ចិត្តបំផុតនោះគឺ… នៅលើធ្នើរ និងទូកញ្ចក់ជុំវិញបន្ទប់ពោរពេញទៅដោយ «តុក្កតា» គ្រប់ម៉ូត គ្រប់ទំហំដែល… ជាស្នាដៃខ្ញុំផ្ទាល់ដៃ ! តុក្កតាខ្លះដែលខ្ញុំគិតថា បាត់បង់ ឬត្រូវគេទិញយកទៅបាត់នៅពេលពួកអ៊ីសានមកដាក់ផ្កាពេញហាងរបស់ខ្ញុំ តាមពិត បែរជាមកប្រមូលផ្តុំគ្នានៅទីនេះទាំងអស់ ។
«នេះ… នេះជា… » ខ្ញុំនិយាយលែងចេញ លើកដៃខ្ទប់មាត់ខ្លួនឯង ។
គេឈានមកឈរក្បែរខ្ញុំ ឯខ្ញុំភ្នែកជក់រេសម្លឹងមើលស្នាដៃខ្លួនឯងទាំងអស់យឺតៗ ដោយការភ្ញាក់ផ្អើលវិលវល់ ។
នឹកឃើញហើយ !
របស់នោះ មិនមែនទើបតែធ្វើឥឡូវទេ ពីរឬបីឆ្នាំមកហើយ ខ្លះតាំងពីខ្ញុំចេញលក់ដំបូងផង ហេតុអីមកនៅទីនេះទាំងអស់ ។
«អត់ទេ !»
ខ្ញុំរអ៊ូ ។ សំឡេងគេសើចមកតិចៗធ្វើឱ្យខ្ញុំបែរសម្លឹងប្រុសម្នាក់នេះ ។ គេមិចភ្នែកដាក់ខ្ញុំហើយប្រាប់ ៖
«បងបានប្រមូលទិញវាត្រលប់មកវិញទាំងអស់ហើយ !»
ខ្ញុំមានអារម្មណ៍សែនអស្ចារ្យ តែក៏ភ័យបុកពោះដូចគ្នា ។ បើគេម្នាក់នេះមិនមែនជារាជបុត្រសេះសរបស់ខ្ញុំ គេពិតជាបិសាចដែលអាចនាំខ្ញុំទៅនរកភ្នែកស្រស់ ព្រោះថា… គេឆ្កួតខ្លាំង ហើយអាចធ្វើអ្វីៗគ្រប់យ៉ាងឱ្យខ្ញុំត្រូវចប់… ក្នុងដៃគេ ។
«ហើយនៅខែក្រោយ បងនឹងប្រើឈ្មោះក្រុមហ៊ុនអចលនទ្រព្យរបស់បង ដើម្បីបើកការតាំងពិព័រណ៍ និងនាំយកប្រ៊ែនតុក្កតារបស់អូន វាយលុកចូលទីផ្សារអឺរ៉ុប !»
ទឹកភ្នែកមួយតំណក់លេចខ្ជោលមក ទោះបីជាវាមិនស្រក់ចុះមកបាននៅឡើយ តែបានជ្រៀតមកផ្សើមរលើបក្នុងភ្នែកខ្ញុំ ។
ធ្លាប់មានបុរសម្នាក់ កាលពីអតីតកាលបានសន្យាបែបនេះ ។ គេបានសន្យាថា យើងនឹងមានថ្ងៃណាមួយដែលអាចដាក់ស្នាដៃរបស់យើងទៅបរទេស ។ តែថ្ងៃនេះ គេទើបតែស្លាប់ ហើយបែរជាអ្នកដែលសម្លាប់គេ បង្ហាញខ្លួនមកធ្វើឱ្យសុបិនតុក្កតាយើងទាំងពីរបានក្លាយជាការពិត ?
ខ្ញុំនេះ ត្រូវសើចឬយំទៅ ?
ក្តីស្រមៃធំបំផុតក្នុងជីវិតខ្ញុំ ត្រូវបានមនុស្សដែលខ្ញុំគិតថា… ជាបិសាចម្នាក់នេះ យល់ ? ដោយរបៀបណា ?
ពីក្នុងកញ្ចក់ធំមួយ ខ្ញុំឃើញម្ចាស់គេហដ្ឋាននេះឈរគាំង កែវភ្នែករបស់គេសម្លឹងមើលភាពសោយសោករបស់ខ្ញុំ ដោយភាពស្រឡាំងកាំង ហាក់ដូចជាគេកំពុងត្រូវមន្តអាគមដែលស្មានមិនដល់ថា ម្តេចបានអាចធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែកជាមួយស្នាដៃសិល្បៈខ្លួនឯង ?
ភាពរឹងមាំ និងអំនួតរបស់ស្តេចបិសាច រលាយបាត់អស់ គេទាញកន្ត្រាក់រាងកាយខ្ញុំចូលទៅក្នុងរង្វង់ដៃរបស់គេរួចឱបខ្ញុំយ៉ាងតឹង តឹងបំផុត ។
ចួបគ្នាស្អែក !


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ