ខ្ញុំស្រលាញ់មនុស្សរោគចិត្ត? (តំណាលដាហ្ស៊ី)
ស្នូរសំឡេងទ្វារបន្ទប់គេងបិទវិញជិតឈឹង បន្សល់ទុកត្រឹមភាពស្ងាត់ជ្រងំ និងក្លិនទឹកអប់ឈើប្រណីតរបស់គេ ដែលនៅជាប់ដាមសម្លៀកបំពាក់ ក៏ដូចគ្រប់សរសៃសសូងលើរាងកាយខ្ញុំ ។
ខ្ញុំដេកសម្លឹងមើលពិតានបន្ទប់ដ៏ធំល្វឹងល្វើយ ទាំងដង្ហើមនៅហក់ញាប់នៅឡើយ ។ រាងកាយខ្ញុំនៅតែក្តៅភាយ រីឯកដៃទាំងពីរដែលទើបតែត្រូវបានគេចងដោយខ្សែក្រវាត់ស្បែកអម្បាញ់មិញ នៅមានអារម្មណ៍ស្រៀបៗរំញោចដល់សរសៃឈាម ។ ខ្ញុំលើកម្រាមដៃមកប៉ះបបូរមាត់ខ្លួនឯងដែលនៅហើមប៉ោងដោយសារការខាំញក់ញីរបស់គេ ។
«ខ្ញុំ… ស្រលាញ់បងទីន !»
រាល់ពាក្យពេចន៍ដែលខ្ញុំទើបតែស្រែកប្រាប់គេទាំងទឹកភ្នែក លាន់ខ្ទរឡើងវិញនៅក្នុងខួរក្បាល ។ ខ្ញុំសួរខ្លួនឯងថា… តើអម្បាញ់មិញ ខ្ញុំនិយាយព្រោះតែការភ័យខ្លាច ? ព្រោះតែទាល់ច្រក ? ឬព្រោះតែត្រូវគេបង្ខំ ?
ខ្ញុំបិទភ្នែក… ដកដង្ហើមធំ រួចញញឹមសើចចំអកឱ្យខ្លួនឯងកណ្តាលផ្ទៃបន្ទប់ឯកជនគ្មានអ្នកណាទាំងអស់ ។ … កុំកុហកខ្លួនឯងទៀត ដាហ្ស៊ី ! ឯងសារភាពពាក្យនោះចេញមកព្រោះតែឯងពិតជាស្រលាញ់គេមែន !
ស្រលាញ់រហូតដល់សឹងតែឆ្កួតខ្លួនឯងទៅហើយ ។
ឯងរឹងពីដំបូងៗ បិទមាត់មិនសារភាព ព្រោះឯងស្អប់ចរិតផ្តាច់ការរបស់គេ តែក្នុងជម្រៅបេះដូងឯង… ត្រូវការគេ ។
បព្វតា ទីន មិនមែនជារាជបុត្រសេះស ក្នុងរឿងព្រេងនិទានដែលមកជួយសង្គ្រោះតួស្រីក្រីក្រដោយភាពទន់ភ្លន់នោះទេ ។ គេជាបិសាច ! គេជាមនុស្សមានល្បិចកល ផ្ដាច់ការ និងចូលចិត្តប្រើអំណាចជាន់ឈ្លីអំនួតឯង ហើយឯងទាំងស្អប់ ទាំងឆ្ងល់ ទាំងមិនអាចដកចិត្តចេញពីគេបាន ។
គេហ៊ានស្វែងរកប្រមូលទិញស្នាដៃរបស់ខ្ញុំមកទាំងអស់ ដើម្បីត្រឹមជាន់ឈ្លីខ្ញុំ ? មិនទំនងទេ ។
តើគេពិតជាចង់ប្តូរយកស្នាមញញឹមខ្ញុំ ហើយគេក៏ហ៊ានបិទភ្នែក ចងដៃខ្ញុំ ដើម្បីទារយកការចុះចាញ់ពីខ្ញុំដំណាលគ្នា… !
តើមនុស្សប្រុសធម្មតាៗឯណា គេមកធ្វើរឿងបែបនេះ ? គ្មានទេ ! មានតែមនុស្ស «រោគចិត្ត» ប៉ុណ្ណោះដែលយកការគ្រប់គ្រងមកបង្ហាញពីសេចក្តី ស្រលាញ់ ។ គេនេះ ឆ្កួតហើយ… តែ… ក៏ជាមនុស្សឆ្កួតម្នាក់ដែលខ្ញុំចង់វង្វេងក្រោមដៃគេ ។
គេរោគចិត្ត… គេវិកលចរិត គេមានជំងឺហួងហែងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដែលមិនអាចឱ្យខ្ញុំមានគំនិតសូម្បីតែនឹកដល់ឈ្មោះអ្នកផ្សេង ។
ប៉ុន្តែ… អ្វីដែលគួរឱ្យខ្លាចបំផុតនោះ គឺមិនមែនភាពរោគចិត្តរបស់គេទេ… តែជា… បេះដូងរបស់ខ្ញុំខ្លួនឯង !
បេះដូងមួយនេះ បែរជាលោតខុសចង្វាក់ ពេលដែលត្រូវគេគំរាម ។ រាងកាយមួយនេះ បែរជាទន់ជ្រាយ និងស្រេកឃ្លានការប៉ះពាល់ពីគេ ពេលដែលគេបង្ហាញភាពកាចសាហាវ ។ ខ្ញុំស្អប់ការដែលគេលេងសើចនឹងអារម្មណ៍ខ្ញុំ តែខ្ញុំបែរជាញៀននឹងរសជាតិអំណាច រួចហើយសេចក្តីការពារ និងបំពេញបំណងដ៏ងងឹតងងល់ដែលគេប្រគល់ឱ្យយ៉ាងភ្ញាក់ផ្អើល ។
ខ្ញុំក្រោកទៅវេរ៉ង់ដារភ្លាម ហើយរត់រកបន្ទប់កញ្ចក់ក្នុងសួន… បន្ទប់នេះមានជ្រុង១៦០ដឺក្រេដែលខ្ញុំមិនពិបាករកឃើញបន្ទប់តាំងបណ្តាផ្ទាំងគំនូរ អ៊ីតាលីសោះឡើយ ។ កាលនៅពេទ្យ ខ្ញុំស្មានថាគេគំរាមខ្ញុំឱ្យមកកន្លែងនេះ ដោយយកពាក្យ «គំនូរអ៊ីតាលី» ជាលេស តែតាមពិត គេបានប្រមូលវាមកមែន ? មិនមែនការងារងាយស្រួលទេ ខ្ញុំដឹង ! តែ… គេធ្វើអ៊ីចឹងធ្វើអី បើគ្រាន់តែចង់ជាន់ឈ្លីខ្ញុំ ? យើងទើបតែស្គាល់គ្នាហ្នឹង ?
បើគេជាមនុស្សរោគចិត្តក្នុងការហួងហែងខ្ញុំ… ចុះខ្ញុំវិញ ? តើខ្ញុំជាមនុស្សឆ្កួតកម្រិតណា ដែលសុខចិត្តរុញខ្លួនឯង ឱ្យធ្លាក់ចូលទៅក្នុងជ្រោះជ្រៅនៃក្តីស្រលាញ់ដ៏គ្រោះថ្នាក់មួយនេះ ?
«ខ្ញុំចាញ់លោកហើយ ទីន… » ខ្ញុំខ្សឹបប្រាប់បេះដូងនេះក្នុងសភាពស្ងាត់ជ្រងំ ឯទឹកភ្នែកមួយតំណក់ក៏ហូរចុះមក តែជាទឹកភ្នែកនៃការព្រមទទួលស្គាល់ការពិត ។
ចិញ្ចៀនពេជ្រនៅលើម្រាមដៃនេះ បញ្ចេញពន្លឺផ្លេកដោយក្តីស្រលាញ់ ដែលលែងមានការប្រឆាំង ។ ខ្ញុំមិនខ្វល់ថា ថ្ងៃស្អែក ក្រដាសអេតាស៊ីវិលនោះ នឹងចងជើងខ្ញុំដល់ឋាននរកជាន់ទីប៉ុន្មានទេ ខ្ញុំត្រៀមខ្លួនរួចហើយ… ខ្ញុំត្រៀមខ្លួនធ្វើជាម្ចាស់ក្សត្រីរបស់ស្តេចបិសាចរោគចិត្តម្នាក់នេះ ដោយក្តីស្ម័គ្រចិត្ត ។ ទោះបីជាពិភពលោកទាំងមូលប្រាប់ថាគេអាក្រក់ ក៏ខ្ញុំសុខចិត្តអាក្រក់ និងឆ្កួតទៅជាមួយគេដែរ ។
ថ្ងៃស្អែក… ខ្ញុំនឹងរង់ចាំមើលថា គេនឹងមានល្បែងផ្លូវចិត្តអ្វីទៀតសម្រាប់បញ្ជាក់ថា ខ្ញុំជារបស់គេ !
ស្នូរគោះទ្វារ… មានអ្នកបម្រើលើកថាសកាហ្វេនិងនំសម្រន់ ផ្លែឈើមក ដល់ ។ គេថាម្ចាស់ប្រុសគេបញ្ជា ។ ខ្ញុំញញឹមជាសម្ងាត់… ព្រោះប្រហែលគេដឹងថា ខ្ញុំឃ្លាន ហើយខ្ញុំនៅទ្រោមក្នុងការចុះទៅក្រោមប្រឈមនឹងគេគ្រប់គ្នា
«គេនៅឯណាបង ?»
ខ្ញុំសួរបងស្រីម្នាក់នោះ គាត់ក៏ខ្សឹបៗថា «លោកប្រុសទីននៅក្នុងបន្ទប់ភ្ញៀវជាមួយអ្នកច្នៃម៉ូត !»
ខ្ញុំវិលមកវិញញ៉ាំផង នឹកឡើងវិញគ្រប់សកម្មភាពរវាងពួកយើងដែលកើតមានក្នុងបន្ទប់តុក្កតា ។ មិនមានខ្នោះដៃ ឬប្រឡៅកអ្វីទេ គឺខ្ញុំបានបន្លាចខ្លួនខ្ញុំ ។ គេជាមនុស្សមានសភាវគតិជាអ្នកគ្រប់គ្រង តែគេមិនធ្វើបាបខ្ញុំឡើយ ។ នេះជាអារម្មណ៍តាំងពីដំបូងៗ ដែលយើងចួបគ្នារហូតមកដល់ពេលនេះ ។
មនុស្សដូចគេ ចូលចិត្តបង្កើតឆាកភ្ញាក់ផ្អើលប្លែកៗ តែគេដូចជាមិនមែន BDSM ដែលខ្ញុំធ្លាប់ឃើញក្នុងកុនដាច់ខាត ។
ខ្ញុំគិតក្នុងចិត្តបែបនេះ ទាំងស្នាមញញឹម មុននឹងបិទភ្នែកទម្លាក់ខ្លួនចូលទៅក្នុងដំណេកដ៏ស្កប់ស្កល់បំផុត ដែលខ្ញុំមិនធ្លាប់មានអស់រយៈពេលប៉ុន្មានថ្ងៃមកហើយ ។
…
ម៉ោង ៨ ព្រឹក ។
ពន្លឺព្រះអាទិត្យជះកាត់វាំងននសូត្រពណ៌សចូលមកដាស់ខ្ញុំ ។ ខ្ញុំកម្រើកខ្លួនរកមើលកម្តៅពីរាងកាយរឹងមាំដែលខ្ញុំរំពឹងថានឹងគេងក្បែរខ្ញុំ ។ ប៉ុន្តែ… គ្រែមួយចំហៀងទៀតនេះ… នៅទទេស្អាត ។
បងទីនមិនបានត្រលប់មកគេងក្នុងបន្ទប់នេះទេ កាលពីយប់មិញ ? គេមានបន្ទប់ឯកជនរបស់គេ ?
ខ្ញុំក្រោកអង្គុយដែលហាក់បីដូចជាមានអារម្មណ៍ស្រងូតស្រងាត់វាយលុកបន្តិច តែរំពេចនោះ ខ្សែភ្នែកខ្ញុំក៏រេទៅទង្គិចនឹង ប្រអប់ស្បែកពណ៌ខ្មៅមួយ ដែលត្រូវបានយកមកដាក់ដោយមានរបៀបរៀបរយនៅលើតុចុងគ្រែ អមដោយកាតពណ៌សមួយសន្លឹក ។
ខ្ញុំលូកដៃទៅទាញកាតនោះមកអានមុន ។
“អរុណសួស្តី ម្ចាស់ក្សត្រីតូចក្បាលរឹង… ! សុំទោសដែលមិនបាននៅក្បែរអូនពេលក្រោកពីគេង ! បងមានសំរាមខ្លះ ត្រូវបោសសម្អាតឱ្យរួចរាល់ មុនពេលយើងចុះអេតាស៊ីវិល ។ បើកប្រអប់នេះទៅ… ហើយបងចង់ឃើញអូនស្លៀកវា ដើរមករកបងយ៉ាងអន្ទះសា… យល់ទេ ?”
ខ្ញុំទម្លាក់កាតនោះចុះ រួចបិទភ្នែកសម្រាកចិត្តពីការគិតលើបងវេហា ។ គេស្លាប់ហើយ ស្លាប់ពេលគេឈប់ស្រលាញ់ខ្ញុំ ខ្ញុំក៏មិនបាននឹកនាគេ… តែពួកយើងធ្លាប់បានស្រលាញ់គ្នា ទោះមិនស៊ីជម្រៅអ្វី តែបេះដូងខ្ញុំធ្លាប់ឱ្យទៅគេ ។ តើថ្ងៃនេះ ខ្ញុំនឹងស្លៀកឈុតរៀបការជាមួយមនុស្សដែលសម្លាប់គេ ?
«ហេតុអី លោកចាំបាច់ធ្វើជាឃាតករ ?»
ខ្ញុំគិតទាំងស្រងូត… ដៃឈានទៅបើកប្រអប់ស្បែកនោះយឺតៗដោយមិនដឹងខ្លួនទេ ព្រោះតែក្រៀមក្រំផង អារម្មណ៍ច្រាស់ច្រាល់ផង… លាយឡំគ្នា ។
តាមពិតក្នុងនេះ… ជារ៉ូបពណ៌ស… តែធំណាស់ ពេញមួយប្រអប់នេះ… មិនមែនជារ៉ូបធម្មតាទេ ។ ពេលលើកមកពិនិត្យ គឺជារ៉ូបរចនានិងកាត់ដេរដោយដៃពពួកកម្រ ធ្វើអំពីសូត្រយ៉ាងម៉ដ្ដទន់ល្មើយ មានម៉ូតបញ្ចេញសាច់ខ្នង និងប៉ាក់ឌិនត្បូងគ្រីស្តាល់តូចៗបញ្ចេញពន្លឺភ្លឺផ្លេកប្រណីត ។
ស្រស់ស្អាត… ថ្លៃថ្នូរ… តែបង្កប់ភាពសិចស៊ីពេកហើយ… ដែលមានតែមនុស្សរោគចិត្តហួងហែងដូចជាគេនេះទេទើបហ៊ានជ្រើសរើសមកឱ្យប្រពន្ធស្លៀក ។
តើគេរៀបចំតាំងពីពេលណា ? ម្តេចដឹងថា យើងស្លៀក Size នេះ ? គ្រាន់តែទៅស៊ីញេក្រដាសនៅមុខមេឃុំសោះ តើចាំបាច់ស្លៀករ៉ូបប្រណីតកម្រិតអន្តរជាតិបែបនេះទេ ?
«អ្នកនាងដាហ្ស៊ី… »
សំឡេងគោះទ្វារលាយឡំនឹងសំឡេងមីងរ៉ូហ្សាដែលជាមេផ្ទះធំ «ក្រុម តុបតែងមុខមកដល់ហើយចាស… ហើយ… លោកប្រុសបញ្ជាឱ្យពួកខ្ញុំជួយអ្នកនាងរៀបចំខ្លួន… ឥឡូវនេះ !»
ខ្ញុំញញឹមម្នាក់ឯង លើកនេះមិនមែនញញឹមចំអកទេ តែជាស្នាមញញឹម ព្រមទទួលយកអំណាចរបស់គេ ។
«ចាសមីង… ១៥នាទីទៀត !»
ងូតទឹករួច ខ្ញុំចុះទៅរកបន្ទប់តុបតែងខ្លួនមួយទៀតដែលគេរៀបចំនៅជាន់ផ្ទាល់ដីសម្រាប់កម្មវិធីនេះ ។ មនុស្សប្រុសភេទទី៣ បួននាក់អង្គុយរង់ចាំខ្ញុំ ហើយពេលខ្ញុំញ៉ាំកាហ្វេចប់ ពួកគេបានធ្វើការតាមជំនាញដោយរៀបចំខ្ញុំតាំងពីលើដល់ចុងជើង សូម្បីចុងក្រចកដៃក៏មិនរំលង ។
គ្នាគេច្រើន… តែជាង២ម៉ោងកន្លងផុតទៅ ទើបការងារនេះចប់ ។ ខ្ញុំសម្លឹងមើលខ្លួនឯងក្នុងកញ្ចក់… ។ មានសេរីភាពបានបន្តិចវិញហើយ ព្រោះមីងមេផ្ទះបានរៀបចំឱ្យពួកគេចេញក្រៅសួនញ៉ាំកាហ្វេនិងនំសម្រន់សម្រាកលេងសិន ។
តាមមើលជាងតុបតែង ត្រូវនៅចាំបិសាចម្ចាស់វិមានមកពិនិត្យការតុបតែងនេះសិន ទើបអាចវិលត្រលប់ទៅវិញបាន ។ រ៉ូបពណ៌សដែលគេរៀបចំឱ្យស័ក្តិសមនឹងរាងកាយខ្ញុំឥតខ្ចោះ ។ សក់របស់ខ្ញុំត្រូវបានលើកបួងឡើង បញ្ចេញកញ្ចឹងកសខ្ចី ដែលសង្ឃឹមថាគ្មានអ្នកណាសម្គាល់បាននូវស្លាក ស្នាម ក្រហមព្រាលៗស្នាដៃមនុស្សកំណាចកាលពីយប់មិញ ។
បងទីននៅមិនទាន់ត្រលប់មកវិញទេ ទាយថា គេទៅធ្វើការងារសុចរិតរបស់គេទៅចុះ កុំឱ្យគេធ្វើអ្វីៗដែលនាំឱ្យចិត្តខ្ញុំតក់ស្លុត ។ ទោះយ៉ាងណា បន្តិចក្រោយមក ពួកជាងចូលមកថតរូបខ្ញុំ ហើយផ្ញើទៅគេ ព្រោះឮគេប្រាប់ថារវល់ និងឱ្យអ៊ីសានមកទទួលខ្ញុំដោយផ្ទាល់ ។
ទោះណា… នេះជាអាពាហ៍ពិពាហ៍អ្វីមួយ ដែលខ្ញុំមិនអាចឱ្យតម្លៃច្បាស់ លាស់សម្រាប់ខ្លួនឯងបាននៅឡើយក៏ខ្ញុំចេះមានអារម្មណ៍រំភើបនឹងសម្រស់ក្នុងកញ្ចក់ជាសម្ងាត់ដែរ ។ លើកទីមួយ ក្នុងជីវិតដែលត្រូវបានគេចាប់មក តុបតែងទ្រង់គ្រឿងលំដាប់នេះ ។
ខណៈដែលខ្ញុំកំពុងតែអង្អែលចិញ្ចៀនពេជ្រនៅលើដៃដោយស្នាម ញញឹមរឹមៗ… រង់ចាំពេលវេលា ស្រាប់តែស្នូរស្បែកជើងកែងចោត លាន់សង្កៀរត្រចៀក បានទាញអារម្មណ៍ខ្ញុំ ។
ក្នុងបន្ទប់នេះ បើមិនមានការអនុញ្ញាត អ្នកណាចូលបាន ?
ខ្ញុំងើបមុខសម្លឹងតាមកញ្ចក់ហើយភ្ញាក់ព្រើត… ព្រោះមិនមែនជាអ្នកផ្ទះនេះ ឬតុបតែងមុខទេ តែជានារីខ្មែរវ័យក្មេងដ៏ស្រស់សោភាម្នាក់ ។ នារីនោះមានទឹកមុខស្មើ ពេញដោយទំនុកចិត្ត ក្នុងឈុតពណ៌ឈូកចាស់ឆ្អិនឆ្អៅ ឯបបូរមាត់លាបពណ៌ផ្កាកុលាបដិតៗដែរ ។ នាងសម្លឹងមកខ្ញុំតាំងពីក្បាលរហូតដល់ចុងជើង ដោយខ្សែភ្នែកម្យ៉ាង… ពិនិត្យមិនក្រែងចិត្ត មិនគោរពគ្នា ហើយអាចថា ពោរពេញដោយពន្លឺភ្នែក… ច្រណែន ។
«… ?»
ខ្ញុំងើបឈរ រកសួរដោយចិត្តពិភាល់ តែនិយាយសំណួរមិនទាន់ចេញ ។
ខ្ញុំឆ្ងល់ថានាងជាញាតិរបស់ម្ចាស់ផ្ទះ ? បើមិនមែន… ហេតុអីគេអាចចូលមកដល់ក្នុងបន្ទប់នេះបាន ?
«ខ្ញុំឈ្មោះ កន្និកា !»
ថាហើយស្រីមានរាងស្គមស្តើងបោះជំហានចូលមករឹតតែជិត សើចខ្លី ទម្លាក់ភ្នែកសម្លឹងជើងខ្ញុំ ទើបស្កេនខ្ញុំពីក្រោមមកលើទៀតម្ដងទៀត ។
ខ្ញុំខ្ទប់ទ្រូងបន្តិច ឱបដៃបន្តិច ព្រោះមានអារម្មណ៍ប្លែកៗនឹងការសម្លឹងនេះ ។ តើនាងជានរណា ? បងប្អូនជីដូនមួយគេ ឬ… សង្សារចាស់ ?
សំឡេងនារីនេះស្ទើរសើច ស្ទើរចំអក បន្តមកទៀត ៖
«កូនក្រមុំរបស់បងទីន ? រ៉ូប… ប៉ិនរើសមែន… ស្នាដៃបងទីនរើសច្បាស់ចែស… ពិតជាស័ក្តិសមនឹងឋានៈគ្រួសារមែន !»
នាងម្នាក់នេះ និយាយផង ដើរក្រវែលជុំវិញខ្ញុំផង ហាក់ដូចជាកំពុងវាយតម្លៃទំនិញ ????
ពេលខ្ញុំថ្លោះទឹកមុខឈរធ្មឹង ខ្ញុំទើបនឹងដឹងថា ខ្លួនឯងភ្លេចគិតអំពីតួច្រណែនដែនអាចនឹងមានសមាសភាពជុំវិញជីវិតគេ តែពេលនេះបានលេចមុខមកមែន ។
សំឡេងស្រីចម្លែកលាន់មកទៀត ៖
«ទោះជារបស់ប្រណីត… មិនទាន់សូវសមនឹងមនុស្ស… តែក៏… អាចប្រើបណ្ដោះអាសន្នបាន !»
ខ្ញុំខាំមាត់ជ្រួញចិញ្ចើម ។ ខ្ញុំហត់ណាស់… ស្រលាញ់ប្រុសម្នាក់នេះខ្ញុំហត់សឹងគ្មានពេលដកដង្ហើមទៅហើយ កុំថាឡើយមកថែមតួច្រណែនឱ្យខ្ញុំម្នាក់ទៀតអ៊ីចឹង… ខ្ញុំមិនចង់តបតអ្វីទាំងអស់ ។
ដែលខ្ញុំមិនសប្បាយចិត្តភ្លាមៗនឹងវត្តមានស្រីម្នាក់នេះ ព្រោះខ្ញុំមិនចូលចិត្តកែវភ្នែកសម្លឹង របៀបនៃការនិយាយធ្វើហាក់ដូចជាស្គាល់បងទីនច្បាស់ជាងខ្ញុំ ទាំងដែលខ្ញុំទើបជាអនាគតប្រពន្ធរបស់គេ ។
រំពេចនោះ ទូរសព្ទនៅក្នុងកាបូបដៃតូចរបស់កន្និកាក៏រោទ៍ឡើង ។ នាងទាញវាចេញមក ញញឹមចុងមាត់ពេលឃើញឈ្មោះអ្នកខលចូល រួចក៏ចុចទទួលដោយវាចាផ្អែមល្ហែមដែលខុសពីពេលនិយាយជាមួយខ្ញុំដាច់ស្រឡះ
«អាឡូ… បងទីន ?» នាងនិយាយសំឡេងស្រាលទន់ «អឹម… អូនទើបតែមកដល់ ! ឃើញ… ឆៀងចូលកូនក្រមុំបង… ស្អាតតើ ! … មែនឬ ? បងសប្បាយចិត្ត ? អូខេ… ចាំចួបគ្នានៅទីនោះតែម្តងក៏បាន !»
នាងចុចបិទទូរសព្ទ រួចងាកមកសម្លឹងខ្ញុំដោយកែវភ្នែកដែលលាក់អាថ៌កំបាំងរាប់សិបជំពូក ។ បន្ទប់នេះមិនមានកាមេរ៉ា តែមាត់ទ្វារមាន បែបនោះហើយដឹង បានជាបព្វតាឃើញគេ ហើយខលមក ? មិនអ៊ីចឹង តើគេនេះសំខាន់ប៉ុនណា បានជាត្រូវខលមកផ្អែមល្ហែមនៅនឹងមុខខ្ញុំ ?
បេះដូងខ្ញុំក្តៅភាយ… គេខលមករកនាង ? ខលមកសួរថានាងមកដល់ឬនៅ ? ចុះខ្ញុំវិញ ? តាំងពីព្រឹកមក ខ្ញុំជាកូនក្រមុំ តែគេមិនបានខលមកសួរខ្ញុំមួយម៉ាត់សោះ ក្រៅពីទុកក្រដាសកាតបង្គាប់បញ្ជាមួយសន្លឹក ?
«អ្នកនាងកន្និកា… »
សំឡេងមីងរ៉ូហ្សាលាន់ឡើងពីមាត់ទ្វារ ទាញចំណាប់អារម្មណ៍យើងទាំងពីរ ។ មីងមេផ្ទះដើរចូលមកដោយឫកពាគួរសមបំផុត ហាក់ដូចជាកន្និកាជាម្ចាស់ផ្ទះទីពីរ «វ៉ាលិសរបស់អ្នកនាង ខ្ញុំបានឱ្យក្មេងៗយកទៅទុកនៅបន្ទប់ដើមរបស់អ្នកនាងរួចរាល់ហើយចាស ។ ចំណែកអាហារពេលព្រឹកដែលអ្នកនាងចូលចិត្ត ក៏រៀបចំរួចរាល់ដែរ… តើអ្នកនាងចង់ពិសាឥឡូវនេះទេ ?»
«អរគុណ មីងរ៉ូហ្សា !» កន្និកាញញឹមទទួល រួចងាកមកកាច់កសម្លឹងខ្ញុំ
«តាមពិតទៅខ្ញុំចង់នៅកំដរកូនក្រមុំបន្តិចទៀត តែ… ក្រពះមិនអំណោយផលសោះ !!!»
ថាចប់ ក៏បោះជំហានចេញទៅដោយកាយវិការអំនួតស្មើអ្នកបង្ហាញម៉ូត បន្សល់ទុកឱ្យខ្ញុំឈរគាំងធ្មឹងនៅកណ្តាលបន្ទប់ ទាំងមិនទាន់បានវាចាសូម្បីមួយម៉ាត់ណា ។
បន្ទប់ដើម ? អាហារដែលចូលចិត្ត ? ខួរក្បាលខ្ញុំវិលវល់ ។ កន្និកាជាចំណោទថ្មីក្នុងជីវិតខ្ញុំ ។ នាង… ជាអ្នកណា ?
ខ្ញុំខាំមាត់តិចៗគិតដល់បិសាចដ៏សង្ហារបស់ខ្ញុំ ។
តើគេលេងល្បិចអី ? បាត់ខ្លួនឈឹង ហើយយកស្រីម្នាក់នេះមកលេងល្បែងផ្លូវចិត្ត ដើម្បីឱ្យខ្ញុំប្រចណ្ឌ ឬក៏… ពួកគេធ្លាប់មានអតីតកាលស៊ីជម្រៅជាមួយគ្នា ហើយនាងធ្លាប់រស់នៅក្នុងផ្ទះនេះ ? ការសន្យារបស់គេ ការបង្ខំឱ្យខ្ញុំសារភាពថាខ្ញុំនេះស្រលាញ់គេ តើមានន័យអ្វីដែរ ?
ពិធីចុះអេតាស៊ីវិលនេះ ចាំបាច់អីមានវត្តមានមនុស្សស្រីឫកធំម្នាក់នេះ ?
«អ្នកនាងដាហ្ស៊ី !»
សំឡេងគ្រលររបស់បុរសម្នាក់បន្លឺឡើង ។ ខ្ញុំងាកទៅមាត់ទ្វារឃើញអ៊ីសានឈរឱនក្បាលគោរព នៅក្បែរគាត់ មានអ្នកបម្រើស្រីពីរនាក់កំពុងកាន់ប្រអប់កម្ញីពណ៌ក្រហមដ៏ប្រណីតមួយ ។
«ចៅហ្វាយបញ្ជាឱ្យយកគ្រឿងអលង្ការនេះមកបំពាក់ជូនអ្នកនាង… »
អ៊ីសានងើបមុខឡើង សម្លឹងខ្ញុំដោយកែវភ្នែកស្មោះត្រង់ តែដាច់ខាត
«ជិតដល់ម៉ោងចេញដំណើរហើយទាន ! គ្រប់គ្នា… និងលោកប្រុសទីន ទៅដល់មុនហើយ… កំពុងតែរង់ចាំអ្នកនាង ។»
សំឡឹងនីកូលលាន់មកយ៉ាងរំភើប ៖
«អ្ហូយយើងរំភើបខ្លាំង ចង់ឃើញឈុតគេជ្រើសសម្រាប់ឯងហ្នឹងណាស់ See you my Queen !»
នាងបិទទូរសព្ទទុកឱ្យខ្ញុំនៅទទួលការបំពាក់អលង្ការដ៏ធ្ងន់ដែលខ្ញុំពុំធ្លាប់មានថែមទាំងមិនដែលបានទ្រង់គ្រឿងទាំងនេះសូម្បីម្តងណាក្នុងជីវិត ។
តើទេពអប្សរដែលកំពុងឈរក្នុងកញ្ចក់នេះ ត្រូវបានតួប្រុសតុបតែងនាងឡើងមកតាមភាសាបេះដូងដែលមានក្តីស្រលាញ់ពិត ឬគ្រាន់តែដើម្បីបង្អួតភ្នែកសង្គមជាន់ខ្ពស់របស់ពួកគេ ?
ខ្ញុំគិតដោយឈ្ងោកមុខស្រពោនវិញភ្លាម… ខណៈពាក្យ… បងស្រលាញ់អូន លោតមកលើអេក្រង់ទូរសព្ទ ។
ទីបំផុត… មនុស្សដៃឆៅចេះនិយាយពាក្យរ៉ូមែនទិកមករកយើងហើយ ?
ខ្ញុំលើកមកអានទាំងមុខក្រហម ។
ថ្ងៃអាទិត្យចួបគ្នាទៀត ហាសហា !


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ