រឿង៖ បន្ទប់ពិសោធន៍L34 (ភាគ៣)

សំឡេងនិងសំណួរពី AI បានបញ្ចប់ភាពរវើរវាយរបស់នាង ហើយបង្ខំសតិគ្រប់យ៉ាង​​ត្រលប់មករកបេសកកម្មចំពោះមុខវិញ ។ តរុណីយើង​​ញញឹម  បន្លប់ រួចធ្វើជាក្រេបជាតិគ្រាប់ធញ្ញជាតិដែលលីងឈ្ងុយឈ្ងប់តែសែនល្វីង ។

«កុំប៉ិនពេក Boy !» ស្រីបន្ទោសមនុស្ស​យន្ត ។

«ពាក្យនេះគ្មានក្នុងវចនានុក្រមសោះ ខ្ញុំឆែកជានិច្ច ​! ធីតានិយាយច្រើនដងហើយ !»

នាង​សើច ៖

«ឆែកទៀតទៅអ៊ីចឹង !»

ដោយគ្មានដៃចង្កូតដើម្បីកាន់ ឬឈ្នាន់ដើម្បីគ្រប់គ្រង គ្រប់យ៉ាង ​ដូចជានាងគ្រាន់តែជាអ្នកដំណើរក្នុងជីវិតរបស់នាងផ្ទាល់ ដោយមើលពិភពលោកដែលកំពុងគំហុកប្តូរពណ៌ទៅជាងងឹត ។

បន្ទះស្រូបពន្លឺព្រះអាទិត្យបានតម្រង់ជួរនាបណ្តោយផ្លូវដើម្បីបង្កើត និង​ខ្ជាក់ផ្តល់ថាមពល មិនត្រឹមតែសម្រាប់បណ្តា​យានយន្តទំនើបប៉ុណ្ណោះទេ ប៉ុន្តែដល់សហគមន៍ខ្មែរទាំងមូល ។

ស្រីក្រឡេកមើលទៅខាងក្រៅបង្អួច ឃើញក្មេងៗកំពុងអំណរសប្បាយលេងក្នុងសួនឧទ្យានដែលបំពាក់ដោយឧបករណ៍ចាប់សញ្ញាឆ្លាតវៃ ចេះកែតម្រូវពន្លឺដោយផ្អែកលើពេលវេលាផង ។ ឥឡូវមេឃងងឹតផង ​ភ្លៀងផង តែAI នៅឯឧទ្យាន​អាចបង្កើតពន្លឺបាន ។

គ្រប់យ៉ាងក្នុងដៃយើង ហេតុអី L-34 មួយ យើងត្រូវខ្លាច ?

សំណួរនេះកំពុងបង្កើនថាមពលចិត្ត​ដល់ស្រីអ្នកសារព័ត៌មាន​ទំនើប ដែលចង់ដឹងនិងចង់ឃើញការពិតត្រូវបានលាតត្រដាង ។

«ចង់ឱ្យខ្ញុំគ្រប់គ្រងលើការរុករកក្នុង L-34 Lab ទេ ?» AIសួរធ្វើឱ្យនាង​ងាកមកវិញ ។

«កុំអី ! ខ្ញុំនឹងដោះស្រាយបានខ្លួនឯង !» ធីតាឆ្លើយទាំងការតាំងចិត្តដែលហូរពេញសព្ទសំឡេងរបស់នាង ។

«គ្រាន់តែ … ជួយ​តាម​ដាននូវ​រាល់​ឧបសគ្គ​ដែល​អាច​កើត​មាន !»

AIបន្ថែម ។

«អូ ល្អទេតើ !» ធីតាញញឹមដាក់ Dashboard ហើយផ្អែកខ្នង​បង្ហើយសារធាតុរាវក្នុងដៃយ៉ាងស្ងប់ស្ងាត់ ។ បទចម្រៀងមួយលាន់មក ជាបទដែលនាង​តែងតែស្តាប់ … «ពេលវេលាណាមួយដែលស័ក្តិសម​ឱ្យយើងជួបគ្នា … »

នាងបិទភ្នែកសំងំយកកម្លាំងព្រោះប្រព័ន្ធរបស់យានជំនិះបានរំកិលតាមក្រិតខ្នាត ហើយបង្កើនល្បឿន ។

លោកផន ! … ចិត្ត​នាងនឹកបាចហាចដល់បុរសដែលចូលមកហាមប្រាម ទាំងដែលគាត់ដឹងហើយថា នាងមិនស្តាប់គាត់ទេ ។ ស្រីបិទភ្នែកហត់នឿយ រួចលង់ភ្លឹប​ទៅក្នុងការសម្រាក ។

​Boy ស្រែកឡើងថា ៖

«ចូលដីរតនគិរីហើយ !»

ធីតាមមិងមមាំងបើកភ្នែក និងរេសម្លឹងជុំវិញ ។

«តើឱ្យខ្ញុំជួយរៀបចំទិសដៅទៅមន្ទីរពិសោធន៍ L-34 ដែរទេ ?»

ធីតាងក់ក្បាលចិត្តរបស់នាងវិលមកថ្លាឆ្វង់វិញ​ភ្លេចចោលនូវបណ្តាអារម្មណ៍ងោកងុយហត់នឿយ ។

ទីនេះ … ជម្រកព្រៃបៃតង ដីក្រហម និងភូមិករ ទឹកជ្រោះ បានដាស់ភ្ញោចអតីតកាល ។ រថយន្តស្វយ័តបន្តដំណើរដោយស្ងៀមស្ងាត់ កាត់តាមទីប្រជុំជន និងដំណើរចុះឡើងនៃក្រុមមនុស្សមិនស្គាល់មុខ ។

ធីតា​បាន​ចត​រថយន្ត​​នៅ​ឆ្ងាយ​ពី​មន្ទីរពិសោធន៍ L-34 ដែល​កំពុង​មាន   ស​ភាព​ស្ងប់ស្ងាត់​ព្រោះជាពេល​យប់ ។ សំឡេងតែមួយគត់ដែលឮមក គឺសំឡេងស្រទន់នៃយន្តហោះគ្មានមនុស្សបើកដែលដើរល្បាតក្នុងតំបន់នេះ ។ ៥ឆ្នាំមុន ទីនេះធ្លាប់តែជាព្រៃក្រាស់ដីក្រហម ។ គ្រប់យ៉ាងគឺ​ធម្មជាតិសុទ្ធសាធ តែមិនមាន​អ្នកណា​ដឹងឡើយថា ៥ឆ្នាំក្រោយ ដែនដីខ្ពង់រាបប្រែក្លាយជាជម្រកដ៏សម្បើមនៃបច្ចេកវិទ្យាបែបនេះ​ឡើយ ។

«ម៉ោង ៩ យប់ !»  នេះជាដំណើរការសំឡេងផ្តល់ដំណឹងស្វ័យប្រវត្តិពីប្រព័ន្ធសុវត្ថិភាព ប្រកបដោយបច្ចេកវិទ្យាខ្ពស់របស់មន្ទីរពិសោធន៍ ដែលត្រូវបានគេបំពាក់​ជុំវិញបរិវេណនេះ ​ដោយប្រើរ៉ូបូត ។

ឮកាលណា ធីតា​រុញ​កែទីតាំង​កាស​តូច​ក្នុង​ត្រចៀក​របស់​នាង ហើយនិយាយតិចៗស្ទើរខ្សឹប ៖

«ឃើញដូចខ្ញុំទេ ?» តរុណីយើង​ខ្សឹប​ខ្សៀវ ខណៈភ្នែក​របស់​នាងបង្វិល​​ស្គែន​ចំណុច​ប្រទាក់​នីមួយៗ​ដែល​មាន​ពន្លឺ​លើ ​Tablet ។ ​នាង​កំពុងបង្ហាញព័ត៌មានសុវត្ថិភាពផ្ទាល់ខ្លួនទៅកាន់ ហ្សឺឌី ដែល​ជា​មិត្តចាស់ ហើយថ្នឹកខាង ​

Hack លុកចូលទិន្នន័យ ។

ហ្សឺឌីកំពុងតែគ្រប់គ្រងការលុកចូលឆ្មក់មើលពីចម្ងាយ ។ រាល់ច្រករបៀងរបស់មន្ទីរពិសោធន៍ដែលកំពុងបញ្ចេញពន្លឺជាមួយនឹងឧបករណ៍ចាប់សញ្ញាចលនា គេមើលឱ្យធីតាទាំងអស់ ។

ឆ្មាំមនុស្សយន្តបានដើរប្រទាក់ជុំវិញនេះដូចស្រមោច ។  ភ្នែកក្រហមៗរបស់ពួកគេ អាចស្គែនរកមើលរាល់ការកម្រើក​នានា សូម្បីតូចប៉ុនណាក៏    ដោយ ។

ធីតាស្មុគស្មាញចិត្តបំផុតហើយ  តែត្រូវហ្សឺឌីប្រាប់មកភ្លាមថា ៖

«ចូលបាន ! ប៉ុន្តែត្រូវលូន និង … បិទដង្ហើម !!! AI សុវត្ថិភាពដែលដាក់រាយ ​វាឆ្លាតខ្លាំង វាអាចចាប់រលកសញ្ញាកម្ដៅ និងដង្ហើមក្នុងរង្វង់កន្លះម៉ែត្រ !»

ធីតា​​ទម្លាក់ iPad​ ក្នុងថ្នក់អាវ ហើយញ៉ុកឆ្នុកជំនួយអុកស៊ីសែនដូចបានត្រៀម ដោយ​ឱន​ចុះ​ដី លូនវារយ៉ាងញាប់ចំណាប់ឆ្ពោះ​ទៅរក​ផ្លូវ​ចូល ។ រាល់ការរំកិល​របស់​នាង​ស្ងាត់​ ថែមទាំងមិនដកដង្ហើម ។

ដោយ​សារ​ស្បែកជើង​កវែង​ដែល​ធន់​នឹង​សំឡេងត្រូវបានត្រៀម នេះជាលក្ខខណ្ឌនៃ​អ្នក​សារព័ត៌មានទំនើបសម័យAI  ​ដែលតម្រូវ​ឱ្យ​​មាន​ជំនាញ​ខាង​បច្ចេកវិទ្យាខ្ពស់ គួបផ្សំនឹង​ការបង្វឹក​ផ្នែកស៊ើបអង្កេត ជំនាញវារលើដី ប្រតោង មុជទឹក អត់ដង្ហើម ធីតាមាន​ឧបករណ៍ជំនួយមកតាមទាំងអស់ ។

នៅពេលរាងកាយ​ទៅដល់បន្ទះសុវត្ថិភាព នាងបានដកឧបករណ៍តូចមួយចេញ ដើម្បីឆ្មក់លួចចូលទៅក្នុងប្រព័ន្ធដើម្បីរំលង Biometric keys ដែលស្គែនជីពចរ ។

ជាមួយសំឡេងគ្រឹក … ទ្វារបានរបើកឡើងមែន ។

«ធ្វើបានល្អម៉ាដាម !»ហ្សឺឌីសរសើរដោយអំណរ ។

សាលដំបូងដែលនៅពីក្រោយទ្វារពោរពេញទៅដោយច្រកបញ្ឆោត​ជារបៀប labyrinthine ។

«ចប់ហើយហ្សឺឌី !»

«ដើរបានប៉ិ !» ហ្សឺឌីប្រាប់មកវិញ ខណៈពន្លឺបញ្ឆោតរលត់អស់ដូចអភូតហេតុ ។ ស្រីញញឹម​ដោយអំណរ​ហើយសរសើរឡើងភ្លាម ៖

«ខ្លាំងប៉ិ !»

អ្នកកាសែតរំកិល​យ៉ាងរហ័ស ទៅរកទ្វារមែនទែនដែលសល់តែមួយ​​ក្រោយទ្វារបញ្ឆោតដោយថាមពល​រលាយអស់ ។

«ទៅមុខបានធម្មតា !» ហ្សឺឌីប្រាប់ ។

នាងបោះពួយកាត់​តាម​ច្រក​របៀងដែលអមដោយ​ផ្ទាំង​កញ្ចក់យ៉ាងទំនើប ស្រាប់តែគាំងឈប់ជើង ។

«ស្អីគេ ?» ហ្សឺឌីខ្សឹបសួរនឹងត្រចៀក ។

នាងហាក់ភាំងស្លុតដែលបានមកវាក់នឹងអ្វីមួយបានជាហ្សឺឌីមិនឮនាងឆ្លើយទេ ។ ពីនេះទៅ ធីតា​សម្លឹង​ឆ្ពោះ​បន្ទប់​ឃ្លាំ​មើល​នៅ​ចុង​ផ្លូវ  តាម​ទ្វារបន្ទប់មួយធំចំហ ​នាង​អាច​ឃើញ​ខ្នង​​និពន្ធនាយក​​របស់​នាង … គឺ​លោក ផន ។

គាត់បែរមកហើយ … តែឱនមុខ ។ គាត់កំពុងមមាញឹកនឹងអ្វីមួយ​លើ   កុំព្យូទ័រដែលឱបជាប់ប្រាណ ហើយមុខរបស់គាត់ត្រូវបានបំភ្លឺដោយពន្លឺដ៏ស្រទន់នៃអេក្រង់ 3D display ។ ម្រាមដៃរបស់គាត់ផ្លាស់ទីយ៉ាងលឿនឆ្លងកាត់ចំណុចប្រទាក់ ហើយពេលចូលរឹតកៀក ធីតាអស់សង្ឃឹម​ព្រោះតានេះដូចជាកំពុងដំណើរការលុបឯកសាររសើបចេញពីមូលដ្ឋានទិន្នន័យនៃបន្ទប់ពិសោធន៍ ។

ចួបគ្នាសប្តាហ៍ក្រោយ !

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*