ក្ដារអុករបស់ស្តេចបិសាច (តំណាលបព្វតា)
ខ្ញុំឈរឱបដៃសម្លឹងមើលទិដ្ឋភាពទីក្រុងភ្នំពេញពីលើដំបូលអាគារ V-Tower ដ៏ខ្ពស់កប់ពពក ។ ខ្យល់អាកាសបរិសុទ្ធ បក់បោកប៉ះផ្ទៃមុខដែលធ្លាប់តែឯកោគ្មានអារម្មណ៍ជាមនុស្សរស់ពេលនេះខ្ញុំរស់រវើកខ្លាំង ។
ភាពអន្ទះសា តណ្ហា និងសភាវគតិគ្រប់គ្រងកំពុងពុះកញ្ជ្រោលក្នុងទ្រូងខ្ញុំ១០០ភាគរយ ។ ខ្ញុំរស់វិញហើយ ! ខ្ញុំជាមនុស្សម្នាក់មានសមរភូមិដែលខ្ញុំចង់ប្រកួត ហើយភាពជាអ្នកចម្បាំងវិលមកវិញពេលណា ថ្ងៃនីមួយៗរបស់ខ្ញុំ… ពោរពេញទៅដោយអារម្មណ៍ ! ពេទ្យធ្លាប់ប្រាប់ខ្ញុំថា មនុស្សប្រភេទខ្ញុំមានពីរជំពូក មួយចូលចិត្តបង្ខំរាងកាយដៃគូដែលខ្ញុំដាក់គោលដៅ មួយទៀត ចូលចិត្តលេងអារម្មណ៍ដៃគូដែលខ្ញុំបានដាក់គោលដៅ ។ តែ… ខ្ញុំនេះឃើញខ្លួនឯងមានមនុស្សទាំងពីរប្រភេទមកក្នុងរាងកាយតែមួយ ។
ខ្ញុំចង់លេងអារម្មណ៍គេ ! មនុស្សស្រីដែលខ្ញុំដាក់គោលដៅ… ខ្ញុំចូលចិត្តឃើញគេដោះស្រាយជាមួយប្រស្នាជុំវិញរឿងរបស់ខ្ញុំតែម្នាក់គត់ !
នៅពីក្រោយខ្នងខ្ញុំនេះ បុគ្គលិកបដិសណ្ឋារកិច្ចកម្រិតផ្កាយ៥ កំពុងខ្វែងដៃគ្នារៀបចំពិធីមង្គលការ (Wedding Reception) លំដាប់អន្តរជាតិ ដែលមហាសេដ្ឋីនិយមធ្វើ ។ ខ្ញុំបញ្ជាឱ្យកូនចៅប្រើពេលត្រឹមតែមួយយប់ ដើម្បីបង្កើតទិដ្ឋភាពនេះឡើង ។ ផ្កាកុលាបរាប់ម៉ឺនទង ភ្លើងគ្រីស្តាល់ អ្នកកាសែត និងភ្ញៀវកិត្តិយសលំដាប់ខ្ពស់… ទាំងអស់នេះគឺដើម្បីរង់ចាំស្វាគមន៍ «ម្ចាស់ក្សត្រី» តែមួយគត់របស់ខ្ញុំ ។ ហើយ… ខ្ញុំចង់ឃើញ… អារម្មណ៍របស់គេ ។
គេគិតថា រឿងជាមួយខ្ញុំ ជារឿងលេងៗ ?
ដា… ហ្ស៊ី… !!! អូន… គាស់បងច្បាស់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ…
…បងនឹងរៀបចំពិធីតាមប្រពៃណីខ្មែរតាមក្រោយ ពេលរកពេលាបានសមរម្យតែថ្ងៃនេះបងមិនអាចចាំបានទេបងត្រូវតែប្រកាសប្រាប់ពិភពលោកសិន ថាបងមានស្រីម្នាក់មកលេងហ្គេមជីវិតជាមួយគ្នាយ៉ាងអធិក ។
«បងស្រលាញ់អូន !» ខ្ញុំទើបតែចុចបញ្ជូនសារនេះទៅកាន់កូនឆ្មាតូចម្នាក់នោះ ។ ខ្ញុំដឹងថា… នាងកំពុងតែអានវា… ខ្ញុំដឹងថានាងកំពុងតែឡើងមុខក្រហម ហើយខ្ញុំក៏ដឹងច្បាស់ណាស់ថា… ក្នុងចិត្តគេពេលនេះកំពុងតែច្របូកច្របល់ សង្ស័យ ចង់ដឹងចង់ចួប និង «ប្រចណ្ឌ» ខ្ញុំផងដែរ ។
ខ្ញុំញញឹមចុងមាត់ ជាស្នាមញញឹមរបស់អ្នកលេងអុកម្នាក់ទើបតែបានរុញកូនអុកដ៏សំខាន់មួយបន្ថែមចូលក្នុងក្ដារ ។
កាលពីយប់មិញ ខ្ញុំខំប្រឹងទប់អារម្មណ៍មិន «ឆី» នាង ក៏ព្រោះតែខ្ញុំចង់ឱ្យរាងកាយ និងបេះដូងនាងស្រេកឃ្លានខ្ញុំ ។ ហើយព្រឹកនេះ កាលដែលខ្ញុំបាត់មុខ មិននៅកំដរនាងតុបតែងខ្លួន ជាចេតនាទីមួយ ចង់ឱ្យនាង «នឹក» ការប៉ះពាល់របស់ខ្ញុំ ចង់ឱ្យនាងមានអារម្មណ៍ស្រងូតស្រងាត់ ពេលភ្ញាក់មក មិនឃើញខ្ញុំ ព្រោះអារម្មណ៍ឯកោនេះហើយ ដែលធ្វើឱ្យមនុស្សស្រីកាន់តែទន់ខ្សោយ និងត្រូវការបង្អែក ។
ចំណែកចេតនាទីពីរ…គឺកន្និកា !
មនុស្សស្រីដែលកំពុងស្លៀករ៉ូបស្រស់ខ្លាំង ឈរញញឹមលើកកែវស្រាសំប៉ាញក្បែរអាងទឹកនោះ គឺជា «នុយ» ដ៏ល្អឥតខ្ចោះដែលខ្ញុំរៀបចំឡើង ។ ខ្ញុំហៅកន្និកាមក មិនមែនព្រោះខ្ញុំមានអាល័យអីជាមួយគេទេ តែព្រោះខ្ញុំត្រូវការ «តួអង្គច្រណែន» ម្នាក់មកចូលសមរភូមិនេះឱ្យល្ខោនកាន់តែឡើងរសជាតិ ហើយក៏ដើម្បីបង្វែរចំណាប់អារម្មណ៍របស់ដាហ្ស៊ីឱ្យមកផ្ដោតលើ… ខ្ញុំ !
ដាហ្ស៊ី ជាស្រីល្អិតដែលមានទាំងសម្រស់ ឆ្លាត និងរឹងរូស ។ គេនេះតែងតែសង្ស័យពីទង្វើរបស់ខ្ញុំ និងតែងតែគិតរឿងអ្នកណាសម្លាប់អាវេហា ដូច្នេះ ខ្ញុំត្រូវតែបង្កើត «សត្រូវទីពីរ» ឱ្យគេ !
ពេលដែលគេឃើញកន្និកា ដែលជាមនុស្សស្រីធ្លាប់មានអតីតកាលជាមួយខ្ញុំ មកបង្ហាញឫកពាឌឺដង និងអំនួតនៅក្នុងភូមិគ្រឹះតែមួយជាមួយគ្នា… សភាវៈជា «ម្ចាស់» នៅក្នុងខ្លួនដាហ្ស៊ី នឹងត្រូវបានដាស់ឡើងមកមិនខាន ។
គេនឹងលែងគិតរឿងរត់គេច នឹងលែងខ្វល់ពីរឿងសង្ស័យករណីវេហា… តែគេនឹងប្រែក្លាយជាកូនឆ្មាកំណាច ដែលចង់ក្រោកឈរប្រកួតប្រជែង ដើម្បីការពារតំណែងជា «ម្ចាស់ក្សត្រី» លើបល្ល័ង្ករបស់ខ្ញុំវិញ ។
ខ្ញុំចង់ឱ្យគេកើតចិត្តចង់ឈ្នះសង្គ្រាមស្នេហ៍មួយនេះ ! ខ្ញុំចង់ឱ្យគេដើរចូលមកក្នុងរោងការនេះ ដោយឫកពាអង់អាច និងប្រកាសប្រាប់គ្រប់គ្នាថា គេជាប្រពន្ធរបស់ខ្ញុំ ។
ចំណែកចេតនាទី៣ និងជាចេតនាធំបំផុត… គឺខ្ញុំចង់ «ចង» គេមួយជីវិត !
ការរៀបចំពិធីដ៏មហិមានៅថ្ងៃនេះមិនមែនគ្រាន់តែជាការបង្អួតភ្នែកសង្គមទេ តែជាការលេបយកសេរីភាពចុងក្រោយរបស់នាង ។ ខ្ញុំចង់ឱ្យស្រីល្អិតដឹងថាសេចក្តីស្រលាញ់ដែលខ្ញុំមានចំពោះគេ គឺធំធេង និងអស្ចារ្យកម្រិតណា ។
បើខ្ញុំជាបិសាច ខ្ញុំក៏ជាបិសាចដែលមិនអាចលេងសើចជាមួយបានងាយនោះដែរ ។
«ចៅហ្វាយ… » សំឡេងរបស់អង្គរក្សម្នាក់លាន់ឡើងមកជ្រែករំលត់ការគិតក្នុងទ្រូងខ្ញុំ ។
«ឡានកូនក្រមុំ មកដល់ចំណតខាងក្រោមហើយទាន !»
ខ្ញុំងាកខ្លួនមកវិញ ដកដង្ហើមធំប្រមូលសមាធិ រួចលើកដៃកែទម្រង់ក្រវាត់ក ពណ៌ខ្មៅរបស់ខ្លួនឯងបន្តិច ។ កែវភ្នែកខ្ញុំសម្លឹងត្រង់ទៅមាត់ទ្វារ ជណ្តើរយន្ត ។
«ត្រៀមរួចហើយ ?»
ខ្ញុំបញ្ជាខ្លី ព្រោះថា គ្រប់គ្នាបានដឹងតួនាទីខ្លួនឯងអស់ហើយគឺ «ពេលទ្វារបើក… ចាំងភ្លើងទាំងអស់ទៅរកនាង !» ឱ្យពិភពលោកនេះឃើញ នាងជាវត្ថុប្រណីតក្នុងដៃខ្ញុំ ។ សម្រាប់ខ្ញុំ បើយើងស្រលាញ់អ្វីមួយ យើងត្រូវតែធ្វើឱ្យវត្ថុនោះ ក្លាយជាអ្វីមួយដែលគេគ្រប់គ្នាច្រណែនចង់បាន ។
មកទីនេះមក… កូនឆ្មាតូចរបស់បង ។ ដើរចូលមកក្នុងទ្រុងមាសដែលបងរៀបចំដោយក្តីស្រលាញ់ និងភាពវិកលចរិតមួយនេះមក ។ ថ្ងៃនេះទីក្រុងទាំងមូលនឹងក្លាយជាសាក្សី ថារាងកាយ ព្រលឹង និងដង្ហើមរបស់អូន… គឺជារបស់បព្វតា ទីន តែម្នាក់គត់ !
កាដូអាពាហ៍ពិពាហ៍ពីមនុស្សស្មោះត្រង់ (តំណាលដាហ្ស៊ី)
ឡាន Rolls-Royce ពណ៌ខ្មៅរលើបរលោង កំពុងតែបរយឺតៗឆ្ពោះទៅកាន់អគារពាណិជ្ជកម្ម V-Tower ស្មើនឹងប្រស្នាជាច្រើនក្នុងខួរក្បាលខ្ញុំអំពីគេ… បព្វតា ទីន ។
ខ្ញុំអង្គុយនៅកៅអីខាងក្រោយ សម្លឹងមើលខ្សែកពេជ្រ និងក្រវិលដែលទើបតែត្រូវបានបំពាក់នៅលើរាងកាយ ទាំងអារម្មណ៍ធ្ងន់ក្ឌុក ។ គេផ្ញើពាក្យរ៉ូមែនទិកមក៤ម៉ាត់ ក៏បាត់ទៅរាប់ម៉ោង ។ ស្រីស្អាតឫកធំម្នាក់មានទឹកមុខមើលងាយគេឯង ពេលនេះតែងខ្លួនចង់លើសកូនក្រមុំ ហើយចេញពីភូមិគ្រឹះទៅជាមួយឡានដ៏ទំនើបមួយរបស់បងទីនទៀត… គ្រប់យ៉ាងលេងផ្លូវចិត្តខ្លាំង… ធ្វើឱ្យខ្ញុំវិលវល់ ។
សំខាន់នាងនោះចេញទៅមានបរិវាតាមការពារពេញឡាន ពេលនេះខ្ញុំជាកូនក្រមុំ មានតែអ៊ីសានម្នាក់គត់ ដែលមកដឹក ហើយគាត់នៅខាងមុខក្នុងនាមជាអ្នកបើកបរទៀត ? ជំនួយការ ពិសេសមកបើកឡានផ្ទាល់ ? ហឹមៗ ចម្លែកៗ… ។
ទ្រីង… ទ្រីង… ទូរសព្ទខ្ញុំដែលដាក់លើតុសម្អាងរោទ៍ឡើង ។ ខ្ញុំងាកទៅទាញមកមើល ទាំងងរង៉ក់ តែមិនមែនគេទេ បែរឃើញឈ្មោះ នីកូល !
«អាឡូ នីកូល !» ខ្ញុំប្រញាប់ទទួល ទាំងរំភើបផង បារម្ភផង ព្រោះតាំងពីម្សិលមិញ ខ្ញុំមិនទាន់បានទាក់ទងនាងទេ ។
«ដាហ្ស៊ី ! ឯងយ៉ាងម៉េចហើយ ?»
សំឡេងនីកូលលាន់មក ហាក់ដូចជានៅកណ្តាលចំណោមមនុស្សច្រើន
«ឯងរៀបការហើយ យើងមិនទាន់បានទៅជួយ ! តែទើបតែចេញពីកម្មវិធីបុណ្យ… បុណ្យ… បងវេហាទេ ។ …អូខេ… កុំគិតច្រើនណា… បន្តិចទៀតយើងចួបគ្នានៅហាងតែម្តង… ជូនពរពួកម៉ាក !»
ខ្ញុំភាំងតិចៗជ្រួញចិញ្ចើមដាក់ទូរសព្ទចុះ ភ្លេចទាំងពាក្យថា «See you» ។
នៅក្នុងខួរក្បាលខ្ញុំពេលនេះ ពោរពេញទៅដោយ… រូបភាពសាកសពរបស់បងវេហា និងស្នាមញញឹមចំអកៗរបស់កន្និកា ។ តើខ្ញុំកំពុងតែធ្វើដំណើរទៅកាន់រោងការ ឬទៅបាតដៃរបស់ឃាតករ ?
ពេលខ្ញុំងើបមុខឡើង សម្លឹងមើលទៅកញ្ចក់សម្រាប់មើលមកក្រោយ ក៏ឃើញខ្សែភ្នែកស្ងប់ស្ងាត់របស់អ៊ីសាន ដែលកំពុងកាន់ចង្កូត ។
«ហេតុអី… ហេតុអីមានតែលោកមកទទួលខ្ញុំ អ៊ីសាន ?»
ខ្ញុំសួរភាសាអង់គ្លេសទម្លាយភាពស្ងាត់ជ្រងំសំឡេងខ្ញុំលាក់ការភ័យខ្លាចមិនជិតទេ ទៅជាញាប់ញ័រ ៖
«គេ… ចៅហ្វាយលោកនៅឯណា ? គេ… គេ… ខ្ញុំមានអារម្មណ៍ថាប្លែកៗណាស់ គេកំពុងធ្វើអីឱ្យប្រាកដ ? តើគេឱ្យលោកដឹកយកខ្ញុំទៅសម្លាប់ឯណា ក៏ខ្ញុំមិនដឹងដែរ ! … គឺតាមរបៀបដែលចៅហ្វាយលោកសម្លាប់ម្នាក់នោះនៅហាងកាហ្វេម្សិលមិញ !»
ឡានបន្តល្បឿនយ៉ាងរលូន តែអ៊ីសានដកដង្ហើមធំ ។ គាត់សម្លឹងមកខ្ញុំតាមកញ្ចក់ រួចបន្លឺតបរហ័សជាងការរំពឹងទុករបស់ខ្ញុំក្នុងសព្ទសំឡេងរាបស្មើ តែម៉ឺងម៉ាត់ ៖
«ចៅហ្វាយមិនបានសម្លាប់ម្នាក់ម្សិលមិញទេ ! …»
ខ្ញុំចំហមាត់ស្តាប់ជននោះនិយាយបញ្ជាក់ទៀតហាក់បីមិនអស់ចិត្ត ៖
«ហឹម… ក្នុងនាមខ្ញុំជាកូនចៅម្នាក់ ខ្ញុំគ្មានសិទ្ធិលូកលាន់រឿងផ្ទៃក្នុងមេខ្លួនឯងទេ… តែថ្ងៃនេះ ខ្ញុំសុំល្មើសច្បាប់ប្រគល់កាដូអាពាហ៍ពិពាហ៍មួយជូនអ្នកនាង !»
ខ្ញុំងឿងឆ្ងល់ជ្រួញចិញ្ចើម ៖
«កាដូអ្វី ? មិនចាំបាច់ទេអ៊ីសាន !»
«គឺ… ការពិត !» អ៊ីសានសង្កត់ធ្ងន់ «ចៅហ្វាយមិនបានសម្លាប់មនុស្សល្បិចឈ្មោះវេហានោះទេ អ្នករកស៊ីធំគេមិនចាត់ការផ្តេសផ្តាសឱ្យខូចឈ្មោះ គេដាច់ខាត ! មនុស្សនោះស្លាប់ដោយសារតែភាពលោភលន់របស់ខ្លួនឯង… គេលួចជំពាក់បំណុលពួកម៉ាហ្វីយ៉ាក៏ច្រើន ទាក់ទងស្រីមានអំណាចក៏ច្រើន ពេលគេចែកសំបុត្រការ តើអ្នកណាដឹងថា អ្នកមកជម្រះបញ្ជីគេដល់កន្លែងជាអ្នកណា ?»
ខ្ញុំគាំងធ្មឹង… បេះដូងលោតខុសចង្វាក់ ។ បងវេហាជំពាក់បំណុលគេ ? គាត់ទាក់ទង RugarMaMa ?
«ធម្មតាលោកជាគ្នាឯង តែងការពារនិងជឿចៅហ្វាយខ្លួនឯង !»
ខ្ញុំរអ៊ូតិចៗ នឹកដល់សភាពដែលយប់នោះ គេមិនបានប្រកែកអីជាមួយខ្ញុំរឿងបងវេហាស្លាប់ទេ ។
«អ្នកនាងជាស្ត្រីជាន់ខ្ពស់ ជាភរិយា Chairman ! កុំគិតតាមអារម្មណ៍ ឬតាមដែលមនុស្សធម្មតាគិត ! គិតតាមតក្កវិញ ក្នុងរឿងនេះមនុស្សនោះស្លាប់ ចៅហ្វាយអត់មានចំណេញអីទាំងអស់ ! ចាត់ការគេ ចៅហ្វាយមិនបាច់អីសម្លាប់គេទេ តែមានមនុស្សចង់ឱ្យចៅហ្វាយជាន់ដាន !»
ខ្ញុំក្ដុកចិត្តភ្លាម តែមាត់តវ៉ា ៖
«… តែ … ពេលខ្ញុំសួរ… គេមិនបានប្រកែកអីទាំងអស់អ៊ីសាន !»
បុរសឥណ្ឌាស្ងាត់បន្តិចហើយផ្ចង់លើការបើកបរ គេលែងចង់តបឆ្លើយ ដូចទំនងចង់ឱ្យខ្ញុំគិតដោយខ្លួនឯង ។ ខ្ញុំដំឡើងសព្ទសំឡេងបន្តិច ៖
«ដឹងហើយ ! ល្ងាចនេះ… មកដឹកខ្ញុំផ្ទាល់តែម្នាក់ឯង ក៏ព្រោះ… ចង់មកនិយាយរឿងនេះ លាងឱ្យចៅហ្វាយលោក ?»
ថាហើយ ខ្ញុំងាកមុខចេញមិនសប្បាយចិត្ត ស្រាប់តែជនបរទេសពោលតបវិញស្រាលៗ ៖
«ចៅហ្វាយ មិនដែលត្រូវការអ្នកណាលាងអ្វីឱ្យគាត់ទាំងអស់ !»
ខ្ញុំងាកមកវិញ តែមិនមែនមើលឃើញអ៊ីសានទេ ខ្ញុំឃើញមុខមនុស្សប្រុសសែនឌឺ និងស្លុយពន់ពេកម្នាក់នោះ ។ បេះដូងខ្ញុំស្រៀវស្រើបនឹកឃើញដល់ម្រាមដៃគេដែលប្រឡែងលេងសើចនឹងអារម្មណ៍របស់ខ្ញុំសឹងផុតដង្ហើមម្តងៗ ។
«ចង់និយាយថា គេមិនខ្វល់ខ្ញុំគិតយ៉ាងណា… ? គេមិនខ្វល់ថាអារម្មណ៍ខ្ញុំបែបណា… ហើយគេចង់ឱ្យខ្ញុំក្លាយជាមនុស្ស … ឆ្កួត … ក្រោមដៃគេ !»
ខ្ញុំរអ៊ូឡើងដាច់ៗម្តងបន្តិចៗតាមអារម្មណ៍ក្នាញ់បព្វតាដោយមុខក្រញូវ
«ថ្ងៃណាមួយអ្នកនាងនឹងយល់ !»
«គ្មានទេ ! ខ្ញុំនឹងនៅតែមិនយល់ !»
អ៊ីសានសើចតិចៗ…
«អ្នកនាងដាហ្ស៊ី… បន្តិចទៀតនេះ អ្នកនាងនឹងដូរមកប្រើត្រកូលគាត់ជាផ្លូវការ ! សូមចាំពាក្យខ្ញុំជម្រាបល្ងាចនេះថា នៅក្នុងពិភពជំនួញដ៏ច្របូកច្របល់នេះ មានមនុស្សជាច្រើនដែលចង់កម្ទេចចៅហ្វាយ ។ ពេលនេះករណីម្នាក់ឈ្មោះវេហា អាចមានគេណាម្នាក់ ឬក្រុមណាមួយកំពុងតែរៀបចំល្បែងបៀមឈាមព្រួសដាក់គាត់ ទម្លាក់កំហុសលើចៅហ្វាយ ដើម្បីបំផ្លាញកិត្តិយសគាត់ ឬចង់ទាញអ្នកនាងចេញពីគាត់ ។ ប៉ុន្តែ ចៅហ្វាយសុខចិត្តស្ងៀម… គាត់សុខចិត្តឱ្យអ្នកនាងស្អប់ ឱ្យអ្នកនាងគិតថាគាត់ជាបិសាច ឱ្យតែអ្នកនាងខ្លាច ហើយព្រមនៅក្នុងដៃគាត់ ព្រោះនៅទីនេះ ទើបអ្នកនាងមានសុវត្ថិភាពពីពួកនោះ !»
ទឹកភ្នែកមួយតំណក់រលោងបាំងភ្នែកខ្ញុំ មិនមែនខ្ញុំជឿគេទាំងស្រុងទេគឺខ្ញុំគិត ហើយស្មុគស្មាញខ្លាំងពេក ។
«លោកប្រុសទីន មើលទៅរឹងមាំ កាចសាហាវ… តែការពិត គាត់ជាមនុស្សឯកោ និងទទួលរងសម្ពាធខ្លាំងណាស់ ។»
សំឡេងអ៊ីសានស្រទន់ចុះ ប៉ុន្តែមិនឈប់និយាយទេ «សូមអ្នកនាង ផ្តល់កម្លាំងចិត្តឱ្យគាត់ផង មានតែអ្នកនាងម្នាក់គត់ ដែលជាពន្លឺក្នុងជីវិតគាត់ ។»
«I am nobody !»
ខ្ញុំនិយាយបែបនេះចង់ប្រាប់គេថា ម៉េចខ្ញុំមានភាពពិសេសកម្រិតនេះ ? តែគេគ្មានឱកាសឆ្លើយព្រោះឡានបានលូនឡើងពីមុខអគារ ហើយបញ្ឈប់យឺតៗនៅទ្វារធំជាន់ផ្ទាល់ដីនៃ V-Tower ។
ខ្ញុំលើកកន្សែងដៃផ្ដិតជូតទឹកភ្នែកចេញយ៉ាងលឿន ហើយបេះដូងដែលធ្លាប់តែភ័យខ្លាច ពេលនេះត្រូវបានជំនួសដោយភាពក្លាហាន និងរលក សេចក្តីក្លាហានចង់ការពារមនុស្សប្រុសម្នាក់ មានពាក់កណ្តាលជាមនុស្សកំពុងសំខាន់ក្នុងបេះដូងរបស់ខ្ញុំ ។
ខ្ញុំបោះជំហានចេញពីឡានសំដៅទៅកាន់ជណ្តើរយន្តដោយឃើញមនុស្សមួយក្រុមក្នុងឈុតស្អាតបាតហំហានរាយគ្នាមកអមដំណើរពួកយើង ។
ចួបគ្នាថ្ងៃស្អែក!


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ