មង្គលការមួយឥតព្រាងទុក (តំណាលបព្វតា)
ពន្លឺភ្លើង Spotlight រាប់សិបបាននិងកំពុងតែបញ្ចាំងស្រោចទៅលើរាងកាយតូចច្រឡឹង ដែលឈប់គាំងធ្មឹងនៅក្នុងជណ្តើរយន្តពណ៌មាស ។
រ៉ូបសូត្រពណ៌សដែលខ្ញុំខំជ្រើសរើស ឱបរឹតរាងកាយ ទេពធីតាបានយ៉ាងសមល្អឥតខ្ចោះ ស្នាដៃជាងដេរទាំងក្រុមដែលប្រើពេលវេលាមិនដល់២៤ម៉ោងផង ។
ដាហ្ស៊ីមិនអាចនឹងពន្យារពេលវេលារបស់ពួកយើងបានយូរជាងនេះទៀតឡើយទីបំផុតក្មេងតូចរបស់ខ្ញុំត្រូវតែឈានជើងចេញមកក្រៅយឺតៗ ។
កែវភ្នែកដ៏ស្រស់ស្អាតរបស់នាងបើកធំៗ សម្លឹងមើលទិដ្ឋភាពសមុទ្ទផ្កាកុលាបស និងហ្វូងមនុស្សរាប់រយនាក់ដែលកំពុងទះដៃអបអរសាទរ ។
គេសម្លឹងរកមើលខ្ញុំ… កែវភ្នែកនោះពោរពេញដោយភាពភ្ញាក់ផ្អើល និងថប់បារម្ភ ។ មាត់គេញញឹមគួរសមទៅនឹងកិច្ចសាទរ តែក៏មិនអាចលេបចោលភាពខ្វល់ខ្វាយបានទាំងស្រុងដូចគ្នា ។
តែយើងក៏មិនគួរទុកពេលឱ្យកូនក្រមុំឯកោយូរពេកនោះដែរ… ខ្ញុំបោះជំហានវែងៗដើរលើកម្រាលព្រំក្រហមតម្រង់ទៅរកគេ ។ កាមេរ៉ារបស់អ្នកសារព័ត៌មានចាប់ផ្តើមបញ្ចេញពន្លឺភ្លឹបភ្លែតខ្លាំងឡើងយ៉ាងលើសលុប ។
ពេលដែលរាងកាយពួកយើងទៅដល់សឹងកៀកគ្នា ខ្ញុំមិនបាននិយាយអ្វីនៅឡើយ ទុកឱ្យបេះដូងសងខាងលាន់ជាសំឡេងក្ដុកក្ដាក់តាមចិត្តវា ។
ក្នុងនាមជាកូនកំលោះ ខ្ញុំគ្រាន់តែលូកដៃទៅចាប់ក្រសោបកដៃគេយ៉ាងណែន រួចទាញរាងកាយទន់ភ្លន់នោះមកផ្អឹបនឹងទ្រូងខ្ញុំ ទម្លាក់ស្នាមថើបដ៏ជ្រាលជ្រៅមួយនៅលើថ្ងាសរបស់គេ ជាការប្រកាសសិទ្ធិផ្តាច់មុខនៅចំពោះមុខពិភពលោកនេះ ។
«បងទីន… លេងល្បែងអី ? មនុស្សច្រើនម៉្លេះ ?»
គេខ្សឹបសួរភ្នែកគេក្រឡង់មើលមក ខណៈខ្ញុំស្រទន់ ។
សំឡេងគេញាប់ញ័រណាស់ តែដូចជាព្យាយាមរក្សាទឹកមុខញញឹម ព្រោះគេក៏ដឹង… ថាមានកាមេរ៉ារាប់សិបកំពុងតម្រង់មក ។ ក្មេងនេះឆ្លាតណាស់… ចេះលេងតាមឆាកល្ខោនរបស់ខ្ញុំ ។
«ស៊ុបប្រាយ !» ខ្ញុំខ្សឹបតបខ្លី រួចក្រសោបចង្កេះកៀងនាំកូនក្រមុំដើរទៅកណ្តាលឆាក។
ពេលខ្ញុំតម្រង់ទិសឱ្យដាហ្ស៊ីសម្លឹងទៅកាន់តុ VIP ខាងមុខគេបង្អស់ គេធ្វើតាមភ្លាម ហើយមិនយូរ រាងកាយក៏ទន់ជ្រាយសឹងតែដួល បើគ្មានដៃខ្ញុំទប់ទេ ព្រោះ…
«ប៉ា… !» កូនស្រីកតញ្ញូម្នាក់នេះឧទានឡើងទាំងទឹកភ្នែក ។
បុរសចំណាស់ដែលធ្លាប់តែដេកសន្លប់ស្តូកស្តឹងសម្លឹងពិតាននៅលើគ្រែពេទ្យ ពេលនេះកំពុងតែអង្គុយនៅលើរទេះរុញមានស្លៀកពាក់ឈុតខោអាវធំយ៉ាងស្អាតបាតជាមួយកែវភ្នែកបើកស្រឡះស្រឡំសម្លឹងមើលថ្ងៃដ៏មង្គលរបស់កូនស្រីទាំងស្នាមញញឹមសែនរំភើប ។ នាងស្ទុះទៅអង្គុយចុះក្បែរជើងគាត់ជាមួយពាក្យខ្សឹបខ្សៀវ ៖
«ប៉ា ប៉ាបានធូរហើយ ?»
ប៉ាគេងក់ក្បាលញញឹមហើយអង្អែលសក់គេ ខណៈដែលម្តាយរបស់គេវិញក៏កំពុងឈរក្បែរនោះជាមួយឈុតអលង្ការភ្លឺរន្ទាលជាអំណោយពីកូនប្រសាប្រុស ។
ស្ត្រីម្នាក់នេះធ្លាប់ឈឺចាប់ដែលពួកសេដ្ឋីវណ្ណឆៃជាន់ឈ្លីបេះដូងគាត់ ពេលនេះបានយកកន្សែងមកផ្តិតជូតទឹកភ្នែកដោយក្តីរំភើបចិត្តព្រោះសម្រស់កូនស្រីតែមួយគត់កំពុងអង្រួនបេះដូងគ្រប់គ្នា ។
ប៉ាម៉ាក់របស់គេគឺជាកាដូធំបំផុតមួយដែលខ្ញុំដឹងថាគេមិនអាចបដិសេធថាមិនជំពាក់គុណខ្ញុំបានជាដាច់ខាត ! ការព្យាបាលកម្រិតកំពូលដែលខ្ញុំចំណាយលុយក្បែរលានដុល្លារ ទីបំផុតអាចដាស់ឪពុកនាងឱ្យដឹងខ្លួនមកវិញទាន់ពេល មកចូលរួមថ្ងៃពិសេសរបស់នាង ។
«ឯងស្អាតណាស់ ដាហ្ស៊ី !» សំឡេងស្រែកយ៉ាងរំភើបរបស់នីកូលលាន់ឡើងពីក្បែរនោះ នាងកំពុងតែលើកមេដៃអបអរសាទរមិត្តសម្លាញ់របស់ នាង ។ សូម្បីតែមិត្តភ័ក្ដិគេដែលធ្លាប់ស្អប់ខ្ញុំ ក៏ពេលនេះត្រូវខ្ញុំទិញទឹកចិត្តដោយការរៀបចំពិធីដ៏កក់ក្តៅនេះដែរ ។
ខ្ញុំឱនមុខទៅខ្សឹបក្បែរត្រចៀកប្រពន្ធតូចរបស់ខ្ញុំដែលកំពុងតែស្រក់ទឹកភ្នែកសម្លឹងគ្រប់គ្នាដោយភាពរំភើបហួសថ្លែង ៖
«មើលចុះ… គ្រប់គ្នាកំពុងតែមានក្តីសុខ គ្រប់គ្នាកំពុងតែញញឹម ។ ប៉ាអូន ម៉ាក់អូន និងមិត្តអូន… គ្មានអ្នកណាម្នាក់ចង់ឱ្យអូនដើរចេញពីរង្វង់ដៃបងទេ ដាហ្ស៊ី ! សូម្បីតែបេះដូងអូនខ្លួនឯង… ក៏មិនចង់រត់ចោលបងដែរ មែនទេ ?»
នាងងើបមុខសម្លឹងខ្ញុំ ។ កែវភ្នែកដែលធ្លាប់តែរឹងរូស ពេលនេះត្រូវរលាយបាត់អស់ដោយសារទឹកភ្នែកនៃការដឹងគុណ និងក្តីស្រលាញ់ដែលនាងលាក់ទុក ។ នាងគ្មានពាក្យតវ៉ា នាងគ្មានផ្លូវដើរថយក្រោយ… ខ្ញុំបានកាត់ផ្តាច់រាល់លទ្ធភាពនៃការរត់គេចរបស់នាងតាមរយៈស្នាមញញឹមរបស់គ្រួសារនាងអស់ទៅហើយ ។ នាងត្រូវតែជាប់ឃុំនៅក្នុងទ្រុងមាសនេះ ដោយក្តីស្ម័គ្រចិត្តជារៀងរហូត ។
ប៉ុន្តែ… នៅក្នុងភាពល្អឥតខ្ចោះនៃក្ដារអុករបស់ខ្ញុំ តែងតែមានចន្លោះប្រហោងមួយដែលខ្ញុំរៀបចំទុក ដើម្បីឱ្យល្បែងនេះកាន់តែមានរសជាតិ !
កែវភ្នែករបស់ដាហ្ស៊ីរេចេញពីគ្រួសារនាង សម្លឹងឆ្លងកាត់ហ្វូងមនុស្សទៅទង្គិចនឹង «រ៉ូបពណ៌ក្រហមឆ្អៅ» ដែលកំពុងឈរផឹកស្រាសំប៉ាញនៅក្បែរអាងទឹក ។ កន្និកា !
កន្និកាលើកកែវស្រាឡើងជាសញ្ញាអបអរសាទរមករកខ្ញុំតែស្នាមញញឹម ប្អូនជីទួតមួយម្នាក់នោះ ពោរពេញដោយការចំអក និងការឌឺដងឱ្យកូនក្រមុំក្រីក្ររបស់ខ្ញុំ ។
ខ្ញុំមានអារម្មណ៍ដឹងភ្លាម ពីរាងកាយរបស់ដាហ្ស៊ីដែលកំពុងតែកន្ត្រាក់រឹងឡើងវិញដោយទោមនស្ស ដៃតូចរបស់គេដែលកំពុងឱបចង្កេះខ្ញុំចាប់ផ្តើម ក្តាប់ណែនឡើងៗ ។
ល្អណាស់ កូនឆ្មា ! ប្រចណ្ឌចុះ… ខឹងចុះអូន… ហើយយកសភាវៈជាម្ចាស់ស្រីនេះ មកប្រយុទ្ធទាមទារយកបងទៅវិញផងណ៎ា !
ឃើញស្រីៗលេងទឹកមុខដាក់គ្នាដូចខ្លាពីរគ្រហឹមចែកចំណី ខ្ញុំធ្វើជាមិនដឹងមិនឮ តែឱនមុខទៅរកប្រពន្ធតូចនេះម្តងទៀត ហើយខ្សឹបខ្សៀវ ៖
«ប្រពន្ធបងស្អាតជាងស្រីៗទាំងអស់ដែលបងធ្លាប់ឃើញ !»
គ្រាន់តែពាក្យខ្សឹបដ៏រោលរាលនេះធ្លាក់ចូលទៅក្នុងត្រចៀករបស់ដាហ្ស៊ី ថ្ពាល់នាងក៏ប្រែជាក្រហមងាំងបានភ្លាមៗ ឯភ្លើងប្រចណ្ឌអម្បាញ់មិញត្រូវបានជំនួសវិញដោយភាពអៀនខ្មាសគួរឱ្យទាក់ទាញបំផុតមួយ ។ ខ្ញុំសម្លឹងមុខគេធ្មាំងដោយសំណួរជាងច្រើនជែងគ្នាក្នុងទ្រូងនេះ… អូនឮបងសរសើរក៏មានប្រតិកម្មខ្លាំងៗភ្លាម ព្រោះនឹកឃើញបាតដៃបងធ្លាប់ឆែកឆេរអូនកាលពីយប់មិញ ? អូនតែងតែមានអារម្មណ៍ស្រេកឃ្លានជាមួយគ្នា ដូចបងមានអារម្មណ៍បែបនេះជានិច្ចពេលនៅឆ្ងាយគ្នាពិតមែន ?
ខ្ញុំញញឹមពេញចិត្ត ក្តាប់មាត់ត្រៀមនឹងទាញចង្កេះនាងអូសចូលទៅក្នុងចង្វាក់រាំបើកឆាកទៅហើយ… ប៉ុន្តែ អ្ហឺយជីវិត… ក្នុងទិដ្ឋភាពល្អឥតខ្ចោះមួយ… តែងតែមានអ្នកលួចមើលហើយចង់បំផ្លាញ !
ផ្លេក ! ផ្លេក ! ផ្លេក !
ពន្លឺកាមេរ៉ារាប់សិបគ្រឿង ស្រាប់តែបាញ់ចូលភ្នែកយើងទាំងពីរយ៉ាង កម្រោល ព្រមជាមួយហ្វូងអ្នកកាសែតមួយក្រុមទៀតដែលមកដល់ដូចមានគម្រោងទុកជាមុន ។ ពួកនោះប្រញាយរុញទម្លុះរបាំងអង្គរក្សសម្រុកចូលមកកណ្តាលឆាក ។
ទីធ្លាដែលធ្លាប់តែអ៊ូអរដោយភ្លេងមង្គលការ ប្រែជាតានតឹងនិងច្របូកច្របល់ភ្លាមៗ ។
«លោក បព្វតា !» អ្នកកាសែតម្នាក់ស្រែកសួរយ៉ាងគឃ្លើន ដោយតម្រង់មេក្រូហ្វូនមកចំមុខខ្ញុំ «តើការរៀបការដ៏តក់ក្រហល់នៅថ្ងៃនេះ គឺជាការបិទបាំងសំណុំរឿងឃាតកម្មលើអ្នកឌីហ្សាញឈ្មោះវេហា កាលពីម្សិលម្ង៉ៃមែនទេ ?»
រាងកាយរបស់ដាហ្ស៊ីនៅក្នុងរង្វង់ដៃខ្ញុំ កន្ត្រាក់រឹងដូចដុំថ្ម ។ ខ្ញុំក្រសោបចង្កេះគេ មើលមុខគេបន្តិច ឃើញថាគេមិនសម្លឹងខ្ញុំទេ គេក៏កំពុងត្រូវសំណួរនេះសំពងយ៉ាងដំណំឱ្យភ្ញាក់ខ្លួនព្រើតចាកចេញពីមនោសញ្ចេតនារបស់ពួកយើង ។
វេលាដែលមនោសញ្ចេតនាមួយហៀបនឹងហោះអណ្ដែតបានដល់ឋានសួគ៌… ក៏ជាកម្លាំងសុភមង្គលមួយដែលពេញមួយជីវិតនេះ ខ្ញុំមិនធ្លាប់ឈោងដល់ បែរជាត្រូវកម្ទេច… ? ខ្ញុំបញ្ចេញខ្សែភ្នែករបៀបចង់តែសម្លាប់មនុស្សទៅកាន់ពួកអ្នកកាសែតអស់ទាំងនេះ… ប្រាកដណាស់ មិនមែនឃ្មុំសម្បុកយើងទេ ។ អ៊ីសានមិនបានរៀបចំពួកនេះមកឡើយ ។ ដូច្នេះ… មានបាតដៃផ្សេង ។ អ្នកណា ?
«អ្នកនាង ដាហ្ស៊ី !» អ្នកកាសែតម្នាក់ទៀតងាកទៅសួរប្រពន្ធខ្ញុំម្តង
«មានព័ត៌មានលេចធ្លាយថាអ្នកនាងធ្លាប់ជាម្ចាស់ហាងតុក្កតារួមគ្នាជាមួយជនរងគ្រោះ ហើយថែមទាំងមានវត្តមាននៅកន្លែងកើតហេតុ មុនពេលគេស្លាប់ប៉ុន្មានម៉ោងប៉ុណ្ណោះ ! តើអ្នកនាងពិតជាមិនដឹងរឿងនេះមែនឬយ៉ាងណា ? ឬមួយ… »
ខ្ញុំសម្លឹងដៃភរិយាតូចដែលញាប់ញ័រ… សន្សឹមៗ… គេក៏ទម្លាក់ដៃគេចេញពីក្នុងបាតដៃខ្ញុំទៀត ។ សភាវៈបិសាចរបស់ខ្ញុំរកកលតែនឹងផ្ទុះឡើង ហើយខ្ញុំគ្មានពេលពិចារណាថា មុខនេះក្លាយជាកាចកម្រិតណាទេ ។
ហេតុអ្វីពួកគេនេះមានចេតនាឱ្យនាងអាក់ចិត្តក្នុងការកាន់ដៃខ្ញុំជាស្វាមី ?
«ឈប់សិន អ្នកសារព័ត៌មានទាំងអស់ !»
នេះជាសំឡេងដ៏ក្រអួនក្រឳនិងពោរពេញដោយភាពថ្លៃថ្នូរមួយ បានបន្លឺឡើងគ្របដណ្តប់ពីលើបរិយាកាសដ៏តានតឹង ។
មនុស្សប្រុសម្នាក់ក្នុងឈុតអាវធំសាច់ក្រណាត់អង់គ្លេសពណ៌ខៀវក្រមៅ បោះជំហានចូលមកឈរបាំងពីមុខរវាងកាមេរ៉ា និងគូស្នេហ៍យើងទាំងពីរ ។ គេមានស្នាមញញឹមសុភាពបុរស តែបង្កប់អំណាចហើយស្រស់សង្ហា ។
…អភិរដ្ឋ គេជាមិត្តភ័ក្ដិរបស់ខ្ញុំកាលរៀនជាមួយគ្នានៅ Warwick ប្រទេសអង់គ្លេស ។
«ទីនេះជាពិធីមង្គលការ… ជាថ្ងៃដ៏ពិសិដ្ឋរបស់គ្រួសារអភិជន ។»
គេនិយាយដោយសំនៀងរាបស្មើ តែមុតស្រួច ច្បាស់លាស់ធ្វើឱ្យគ្រប់គ្នាស្ងាត់ ។ ដៀងទៅមនុស្សសំណព្វចិត្ត ឃើញនាងលេបទឹកមាត់ស្លេកស្លាំង ។ ខ្ញុំចាប់ដៃដាហ្ស៊ីជាថ្មី នាងមិនរើទេ តែនាងមើលទៅអភិរដ្ឋដោយដឹងគុណ ។
មិត្តខ្ញុំនិយាយឡើងទៀត ៖
«បើអ្នកទាំងអស់គ្នាចង់បង្កើតការចោទប្រកាន់ដោយគ្មានភស្តុតាងនៅទីនេះពេលនេះ ដើម្បីតែយក Views ខ្ញុំនឹងកោះហៅមេធាវីមកដោះស្រាយតាមច្បាប់ !!! អាចភាគរយច្រើនស្ថាប័នព័ត៌មានរបស់អ្នកទាំងអស់គ្នាដែលពាក់ព័ន្ធនឹងត្រូវបិទទ្វារនៅព្រឹកស្អែក !»
ពាក្យសម្ដីប៉ុន្មានម៉ាត់នេះមានឥទ្ធិពលធ្វើឱ្យហ្វូងអ្នកកាសែតថយក្រោយមួយជំហាន ។
ខ្ញុំដកដង្ហើមធំដោយកំហឹង ទោះយ៉ាងណា ប្រសើរជាងឱ្យគេឃើញកូនកំលោះជាអ្នកគំរាមបញ្ចេញនូវភាសាឃ្លាឃ្លោងមុននេះដែរ ។
អភិរដ្ឋ មិត្តចាស់ដែលទើបតែហោះមកពីអង់គ្លេសកាលពីយប់មិញ គេចេញមុខត្រូវណាស់ សមនឹងតួអង្គគេបំផុត ។
ខ្ញុំងាកទៅមើលដាហ្ស៊ីទៀត… កែវភ្នែករបស់នាងដែលកំពុងតែភ័យរន្ធត់ ស្រាប់តែប្រែមកជាសម្លឹងមើលទៅអភិរដ្ឋដោយក្តីធូរស្បើយនិងកោតសរសើរ ដូចនារីទន់ខ្សោយម្នាក់ដែលទើបតែចួបវីរបុរសសង្គ្រោះជីវិតអ៊ីចឹង !
ខ្សែភ្នែកនាង… លើកនេះ… ធ្វើឱ្យសរសៃករបស់ខ្ញុំឡើងប៉ោង ។ សំឡេងមួយខ្សឹបមកក្នុងត្រចៀកខ្ញុំ… នាងជារបស់ខ្ញុំ ! ខ្ញុំមិនត្រូវការឱ្យអ្នកណាមកធ្វើជាសុភាពបុរសការពារនាងជំនួសខ្ញុំទេ ! អ្នកណាក៏ដោយ ។
«អភិរដ្ឋ… ទៅញ៉ាំស្រាវិញទៅ ។ ទីនេះយើងចាត់ការបាន !»
ខ្ញុំនិយាយសំឡេងត្រជាក់ស្រេបកាត់មុខគេ រួចងាកទៅប្រឈមមុខនឹងអ្នកកាសែតដោយរុញដាហ្ស៊ីឱ្យមកឈរខាងក្រោយខ្នងវិញ ។
«អ៊ីសាន ?»
ឮខ្ញុំបញ្ជាកាលណា ជនជាតិឥណ្ឌាស្ទុះមកពីធ្វើដៃរារាំងអ្នកសារព័ត៌មានមកឱនពីមុខខ្ញុំ ។ «នាំអ្នកណាដែលចង់បានចម្លើយ… តាមខ្ញុំទៅបន្ទប់ VIP ! កុំឱ្យសាច់រឿងស្រមៃរបស់មនុស្សខ្លះដែលចូលចិត្តអានប្រលោមលោកឃាតកម្មមកប្រឡាក់រ៉ូបប្រពន្ធខ្ញុំ !»
ខ្ញុំក្តាប់ដៃដាហ្ស៊ីមួយភ្លែត ជាសញ្ញាប្រាប់នាងឱ្យរង់ចាំ រួចក៏បោះជំហាននាំហ្វូងអ្នកកាសែតនោះឆ្ពោះទៅបន្ទប់ទទួលភ្ញៀវ VIP នៅក្បែរនោះ ដោយមានអង្គរក្សតាមហែហមការពារទាំងក្នុងនិងក្រៅ ។ ខ្ញុំទាមទារសិទ្ធិឆ្លើយតបតែម្នាក់ឯង ព្រោះខ្ញុំមិនចង់ឱ្យដាហ្ស៊ីត្រូវរងសម្ពាធពីពាក្យថា “សាក្សី” ទៀតទេ ។
…
ដប់ប្រាំនាទីក្រោយមក ។ ពេលដែលខ្ញុំចាត់ការបិទមាត់អ្នកកាសែត និងរៀបចំបង្វែរសាច់រឿងក្នុងបន្ទប់ VIP បានស្អាតបាតរួចរាល់ ខ្ញុំបោះជំហានយ៉ាងលឿនត្រលប់មកវិញ ក្នុងខួរក្បាលគិតតែពីបារម្ភថា ក្មេងតូចរបស់ខ្ញុំនាងកំពុងភ័យខ្លាចនិងអាក់អន់ចិត្តកម្រិតណា ។
ប៉ុន្តែ… ទិដ្ឋភាពដែលភ្នែកខ្ញុំរេទៅទង្គិច ធ្វើឱ្យបេះដូងខ្ញុំត្រជាក់ស្រេបដល់ឆ្អឹងខ្នង !
នៅក្បែរវាំងនននិងសមុទ្ទផ្កាកុលាបដាហ្ស៊ីកំពុងតែឈរញញឹមស្រាលៗទទួលយកកែវស្រាពណ៌ក្រហមពីដៃរបស់អភិរដ្ឋ ។
អាសុភាពបុរសមុខកូរ៉េម្នាក់នេះ ជាកំពូលអភិជនព្រាននារីនៅ UK កំពុងតែទាញអារម្មណ៍ខ្ញុំឱ្យវិលមករកតក្កហើយពិចារណាស្ងាត់ៗវិលវល់ឡើងចុះ
គេកំពុងឱនមុខខ្សឹបខ្សៀវរឿងអ្វីម្យ៉ាង ដែលធ្វើឱ្យកូនក្រមុំរបស់ខ្ញុំហាក់ដូចជាបន្ធូរអារម្មណ៍តានតឹងបានទាំងស្រុង ប្រុងប្រៀបស្តាប់គេ ។ នាងស្គាល់វាពីអង្កាល់មកដាហ្ស៊ី… ស្រីស្រួលបោក !!!
សភាវៈនៃការអានចិត្តមនុស្សដែលជាជំងឺប្រចាំកាយខ្ញុំ បែរជាលោតញាប់ដូចម៉ាស៊ីនស្កេន ។ ខ្ញុំថយមកជ្រុងមួយ ហើយកំបាំងខ្លួនបង្អង់គិត… ឈប់សិន… ហេតុអីអភិរដ្ឋដែលទើបតែចុះពីលើយន្តហោះ សម្រេចចិត្តលោតមកកាត់ចង្វាក់អ្នកកាសែតបានយ៉ាងទាន់ពេលវេលានិងក្នុងកិរិយាមានទំនុកចិត្តខ្ពស់បែបនេះ ?
ក្រុមអេលីតពួកយើង ប្រុងប្រយ័ត្នបំផុតគឺការដែលចេញប្រតិកម្មនៅចំពោះមុខអ្នកកាសែត ។ រឿងក្តីឃាតកម្មគឺជារឿងសម្អុយបំផុតមួយ វាលើសពីករណីពុករលួយ ឬសហាយស្មន់ទៅទៀត ហើយបើថាមិនមែនទឹកដល់ច្រមុះទេ ក្រុមអភិជនដូចជាពួកយើង មិនព្រមសូម្បីដើរកាត់ កុំថាឡើយចេញមុខមកជួយស្រាយបញ្ហា ។
ពាក្យគំរាម «បិទស្ថាប័នកាសែតស្អែក» តើអភិរដ្ឋចង់បង្ហាញឫទ្ធិគេ ឬចង់ប្រាប់គ្រប់គ្នាអំពីចរិតអុងអាត់ផ្ដាច់ការរបស់ខ្ញុំ ?
ឥឡូវនេះ ខ្ញុំបាត់ខ្លួនបន្តិចសោះ ក៏ឃើញគេមកនៅក្បែរៗកូនឆ្មាល្ងង់ៗនោះ ? … ពិចារណាបន្តិច ម៉េចក៏មានអារម្មណ៍ថា ហាក់ដូចជាអភិរដ្ឋមិនមែនទើបតែមានស្រមោលក្នុងរឿងនេះ ?
ហើយ… បើគេមកជួយដោយស្មោះ… ហេតុអី… ក្នុងចំណោមមនុស្សរាប់រយនាក់ គេបែរជាតម្រង់គោលដៅមករកដាហ្ស៊ី នៅពេលដែលខ្ញុំទើបតែងាកខ្នងទៅតែបន្តិចសោះ ?
ភាពវិកលចរិត និងសភាវៈជាអ្នកការពាររបស់ខ្ញុំផ្ទុះឡើង ! ក្លិនគ្រោះថ្នាក់សាយភាយចេញពីរាងកាយរបស់អភិរដ្ឋម្នាក់នេះយ៉ាងច្បាស់ ។ អាមិត្តចាស់ម្នាក់នេះ មិនមែនមកទីនេះដើម្បីអបអរខ្ញុំទេដឹង… អាចទេ… គេជា «មេខ្លោង» ជាអ្នកបៀមឈាមព្រួសដាក់ខ្ញុំក្នុងរឿងវេហាផង ?
គ្មានអីទៅមិនរួចទេ !!! ពួកអេលីតដូចយើង ស្គាល់ចរិតក្រុមខ្លួនច្បាស់ !!
គ្មានអ្នកណាជាប្រភេទមិត្តពិត ឬជាសត្រូវរហូតឡើយ ។ ប្រយោជន៍អ្វីមួយក៏អាចញ៉ាំងឱ្យល្ខោនមនោសញ្ចេតនា ទំនាក់ទំនងទាំងអស់ ត្រូវប្តូរសាច់រឿងបាន ។
ខ្ញុំលូកដៃទៅទាញទូរសព្ទចេញពីហោប៉ៅ ដោយទឹកមុខរាបស្មើ តែម្រាមដៃវាយអក្សរយ៉ាងញាប់ផ្ញើទៅអ៊ីសាន ដែលឈរយាមនៅច្រកចេញ ៖
«ឆែកប្រវត្តិហោះហើរ និងការទាក់ទងទាំងអស់របស់អភិរដ្ឋ អំឡុងពេលវានៅអង់គ្លេស ! ស្វែងរកភស្តុតាង ដែលវាមានពាក់ព័ន្ធនឹងបំណុលរបស់វេហា… ឥឡូវនេះ !»
ផ្ញើចប់ ខ្ញុំស៊កទូរសព្ទចូលហោប៉ៅវិញ រួចបោះជំហានរហ័ស ដូចខ្លាដំបងដែលត្រៀមហែកសាច់ចំណី ត្រង់ឆ្ពោះទៅរកអ្នកទាំងពីរ ។
«រម្ងាប់អារម្មណ៍បន្តិចសិនទៅដាហ្ស៊ី ! កុំខ្លាចអី… »
អភិរដ្ឋ កំពុងតែនិយាយយ៉ាងទន់ភ្លន់ទៅកាន់ដាហ្ស៊ីជាមួយសំឡេងលួងលោមដ៏សុភាពរម្យទមជាទម្លាប់យូរមកហើយ ។
ប៉ុន្តែមុនពេលដែលដៃអូន ដាហ្ស៊ី អាចប៉ះនឹងគែមកែវស្រានោះ… ដៃដ៏រឹងមាំរបស់ខ្ញុំ បានលូកទៅទាញយកចេញពីដៃនាងវឹប ! រួច… បោះចោលទៅលើថាសរបស់អ្នកបម្រើដែលដើរកាត់នេះធ្វើព្រងើយ ។
«អូ៎ ! ទីន… » អភិរដ្ឋ ធ្វើមុខភ្ញាក់ផ្អើល ។
ខ្ញុំមិនខ្វល់ពីព្រានប្រចាំពិភពអេលីតម្នាក់នេះទេ ! ដៃខ្ញុំទាញកន្ត្រាក់ចង្កេះដាហ្ស៊ីមកអឹបជាប់នឹងខ្លួនខ្ញុំ ។ កម្លាំងដៃសង្កត់នេះកំពុងកៀបនាងឱ្យដឹងថា នាងគ្មានសិទ្ធិញញឹមដាក់ប្រុសណាផ្សេងក្រៅពីខ្ញុំដាច់ខាត ។
«អរគុណដែលឯងខំយកចិត្តទុកដាក់មិត្តឯង… »
ខ្ញុំញញឹមត្រជាក់ស្រេប សម្លឹងជ្រៅទៅក្នុងភ្នែករបស់អភិរដ្ឋ ជាការប្រកាសសង្គ្រាមលាក់មុខ ហើយនិយាយបន្តរដឹក ។
«តែប្រពន្ធអញ គេហត់ហើយ… ពួកអញសុំសម្រាក !»
មិនរង់ចាំស្តាប់ចម្លើយតបរបស់មនុស្សនេះទេ… ខ្ញុំអូសដៃដាហ្ស៊ី ដែលកំពុងតែបើកភ្នែកធំៗដោយក្តីឆ្ងល់ ដើរចេញពីកន្លែងនោះភ្លាមៗ ។ ខ្ញុំក្តាប់កដៃនាងណែនសឹងតែបន្សល់ស្នាមជាំ ។
«បងទីន… កើតអី ? គាត់ជួយយើងមិញមែនអត់ ? មានសុជីវធម៌ជាមួយគេបន្តិចក៏អត់… » នាងព្យាយាមតវ៉ាខ្សឹបខ្សៀវពេលត្រូវខ្ញុំអូសកាត់របៀង ។
«បិទមាត់ !» ខ្ញុំព្រមានស្រាលបំផុត
«ហើយកុំហ៊ានឱ្យឃើញទៅនៅក្បែរៗវាទៀត ដាហ្ស៊ី !»
ខ្ញុំគ្រហឹមខ្សឹបៗដាក់ត្រចៀកនាង សំឡេងធ្ងន់ និងពោរពេញដោយការអត់ធ្មត់ជាមួយអារម្មណ៍សៅហ្មង ។
«មកតាមបង !»
ខ្ញុំរុញនាងចូលទៅក្នុងបន្ទប់សម្រាកសម្រាប់កូនក្រមុំ Bridal Room យ៉ាងលឿន រួចបិទទ្វារ គ្រាំង ចាក់សោយ៉ាងជិតឈឹង ។ ក្នុងបន្ទប់ដ៏ស្ងាត់ជ្រងំនេះ មានតែសំឡេងដង្ហើមហក់ញាប់របស់ខ្ញុំ និងកែវភ្នែកដ៏តក់ស្លុតរបស់គេតែប៉ុណ្ណោះ ។
មានភាគបន្ត!


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ