រឿង៖ នាងនិងគេ (ភាគ៤១)

បើគេជាបិសាចតោងជាបិសាចដ៏សង្ហាបំផុត (តំណាលដាហ្ស៊ី)

គ្រាំង !

ទ្វារបន្ទប់កូនក្រមុំ ត្រូវបានរុញបិទ ។

ខ្ញុំធ្វើភ្នែកម៉ក់ៗ សម្លឹងកម្លាំងដៃដ៏កម្រោលរបស់គេមួលចាក់សោច្រើនជុំ ។ ពន្លឺភ្លើងក្នុងបន្ទប់នេះភ្លឺចិញ្ចែងចិញ្ចាចយ៉ាងស្តុកស្តម្ភ ក្លិនទៀនក្រអូប និងប្រណីតភាពនានា តែខាងគេនៅតែឈរបែរខ្នងទ្រោបមុខទៅនឹងទ្វារ ។

ដង្ហើមគេហក់ញាប់… ដើមទ្រូងរបស់គេពើងឡើងចុះរញ្ជួយដល់ខ្នង… ដូចជាគេកំពុងប្រឆាំងនឹងអ្វីម្យ៉ាងក្នុងខ្លួនគេផ្ទាល់ ។

ខ្ញុំឈរគាំងមើលទៅសភាពដែលគេនៅទ្រឹងពីមុខខ្ញុំរហូតដល់សម្គាល់ឃើញថា… គេ មានសភាពយ៉ាប់ឡើងៗ…

«បងទីន… » ខ្ញុំហៅឈ្មោះគេតិចៗ ទាំងបេះដូងលោតញាប់ស្មេស្មើសភាពរបស់គេដែរ ។

មិនទាន់ផុតពីមាត់ផង គេបែរខ្វាកមកវិញ… ដូចជាការហៅរបស់ខ្ញុំបានដាស់ភាពកម្រោលក្នុងទ្រូងគេ ។ ម្រាមដៃដ៏ក្រាស់និងក្តៅគគុករបស់គេ ក៏លូកមកក្រសោបជុំវិញកញ្ចឹងកខ្ញុំ ! ត្រៀមហើយ… តែមិននឹកស្មានថារហ័សបែបនេះទេ ។ គេគួរគិតដល់កម្មវិធីលើឆាកដែលនៅរង់ចាំពួកយើងនៅក្រៅ…

 ដៃខ្ញុំទាំងពីរដែលព្យាយាមរុញទ្រូងគេការពារបណ្ដោះអាសន្ន ត្រូវបានគេឈ្ងោកមកមើលទាំងសម្លក់ភ្នែកក្រហម ធ្វើឱ្យខ្ញុំលែងហ៊ានរារាំង មានតែប្រើបាតដៃទាំងសងខាងទៅប៉ះថ្ពាល់គេ បង្អង់កំហឹងគេមកវិញខ្លះ ។

ប្រុសស្អាតម្នាក់នេះ មិនដែលដឹងថា មុខគេសង្ហាបែបណាពេលដែលឡើងកំណាចនិងក្រហមក្នុងភ្លើងប្រចណ្ឌរបៀបនេះ ។ ភ្នែកគេរេមកថ្ពក់ជាមួយខ្ញុំ… ខ្ញុំខំញញឹមតែញញឹមមិនចេញ ហានិយាយតែនិយាយមិនរួច ព្រោះអ្វីដែលខ្ញុំឃើញ មិនមែនជាកំហឹងធម្មតាទេ តែជាការប្រយុទ្ធគ្នារវាង “បិសាច” និង “មនុស្ស” ក្នុងខ្លួនគេ ។

គេចង់កម្ទេចខ្ញុំ តែគេក៏ចង់ថ្នាក់ថ្នមខ្ញុំ ។

«មាន… រឿងអី ?» ខ្ញុំហៅឈ្មោះគេក្នុងសព្ទសំឡេងញ័រ ។

គេមិនឆ្លើយតែ… ឈ្ងោកមុខមករឹតជិត… ឆ្ងាយពីបបូរមាត់ខ្ញុំត្រឹមតែប៉ុន្មានមិល្លីម៉ែត្រប៉ុណ្ណោះ ។ ដង្ហើមគេក្តៅគគុក ប៉ះនឹងផ្ទៃមុខខ្ញុំ ។ ខ្ញុំដឹងថា គេចង់ថើប ខ្ញុំដឹងថា គេចង់លេបត្របាក់… តែគេ “ទប់” ។

នេះគឺជាភាពឈឺចាប់ដ៏ផ្អែមល្ហែមបំផុតមួយដែលគេកំពុងតែប្រឈម ហើយខ្លួនខ្ញុំមិនធ្លាប់ចួប តែខ្ញុំយល់ ។

«ហេតុអ្វី… ខ្ញុំ… ខ្ញុំធ្វើអីខុសមែនទេ ?»

ខ្ញុំខ្សឹបសួរសឹងថាឮបានតែក្នុងបេះដូងខ្លួនឯង សឹងមិនចេញសំឡេងចេញមកបាន១០%ទេ ព្រោះសម្ពាធពេក ។

បព្វតានៅតែសម្លឹងមើលចូលក្នុងប្រស្រីភ្នែកខ្ញុំ ខណៈភាពកាចសាហាវក្នុងភ្នែកគេស្រាប់តែប្រែសន្សឹមៗមកជាភាពរំជួលចិត្ត ។ គេលូកដៃមកប៉ះថ្ពាល់ខ្ញុំវិញ ម្រាមដៃគេញ័រតិចៗ ។

«ឈប់និយាយជាមួយវា ដាហ្ស៊ី… ! អា…អភិរដ្ឋ ។»

គេខ្សឹបហើយរឹតនិយាយ សំឡេងគេរឹតស្អកគ្រលរ ។ ពេលខ្ញុំងក់ក្បាលតាមគេគ្រប់យ៉ាង បព្វតាទម្លាក់ដៃខ្ញុំចេញពីថ្ពាល់គេ មកក្តាប់ទាំងសងខាងក្នុងបាតដៃធំៗគ្រើមៗរបស់គេ ។

«បងចង់បានបេះដូងអូន ! ដែលគ្មានស្រមោលអ្នកណាទាំងអស់ ។»

ខ្ញុំនេះឬ ទៅមានស្រមោលមិត្តគេដែលទើបបង្ហាញខ្លួន ?

«ពេលអូនញញឹមដាក់វា… គឺអូន… ចាក់បង… ចាក់ត្រង់នេះ !»

ខ្ញុំទម្លាក់ភ្នែកមកមើលប្រអប់បេះដូងគេ ដែលគេលើកដៃខ្ញុំឡើងទៅស្ទាប ហើយសំកាំងនៅទីនោះ ។ មិនថាមានរឿងអីរវាងយើង… មិនថាគេបានរុករានរាងកាយខ្ញុំ ហើយមិនបានបន្តដល់ទំនាក់ទំនងស៊ីជម្រៅ ឬគេអាចជាមនុស្សប្រុស… ដែលគ្មានសមត្ថភាពភេទ មិនអាច បន្តការរួមភេទដូចគេឯងធម្មតាបាន… អ្វីក៏ដោយ លក្ខខណ្ឌជាច្រើនដែលផុសឡើងនៅនឹងមុខខ្ញុំ… ខ្ញុំទាត់ចោលបានគ្រប់យ៉ាង… ហើយខ្ញុំនឹងចចេសនៅជាមួយគេដោយស្មោះត្រង់បំផុត ។

«បងជាមនុស្សអាក្រក់មែនទេ ? រឿងនៅខាងក្រៅមិញនេះ បងចង់តែដាក់គ្រាប់បែកឱ្យផ្ទុះបញ្ចប់អ្វីៗគ្រប់យ៉ាងគួរឱ្យស្អប់នោះ… បងចង់សម្លាប់អូនភ្លាមៗពេលឃើញអូននៅជាមួយវា… តែបន្ទាប់មក… ពេលអូនឈរបែបនេះ នៅត្រង់នេះ… បងបែរជាស្អប់ខ្លួនឯងដែលធ្វើឱ្យអូន… យំ »

«បងឯងឆ្កួតហើយ… » ខ្ញុំខ្សឹបតបទាំងដកដៃមកវិញម្ខាងប្រញាប់រាវរកទឹកភ្នែក ។ ខ្ញុំពិតជាយំមែន ! បើកុំគេនិយាយ ខ្ញុំមិនដឹងទេ ។ តែ… ពិតទេ ទឹកភ្នែកដែលស្រក់ចុះមកនេះ អាចបង្អាក់សភាវៈ BDSM ក្នុងរាងកាយគេ ?

«តើ… តើបងទីនស្អប់ខ្លួនឯងដែលស្រលាញ់ខ្ញុំដែរ… មែនទេ ?»

គេគាំងង៉ក់ ហាក់ត្រូវចាក់ចំចំណុចស្លាប់… រង្វង់ដៃដែលធ្លាប់តែឃុំឃាំងខ្ញុំ ពេលនេះរបូតចេញ ។

«អ្នកណានិយាយ… » គេខ្សឹបតិចៗហើយបែរខ្នងទៅក្បែរតុរាវចាក់ទឹក   បន្លប់ ។ មើលពីទីនេះទៅ គេមិនអាចបញ្ឈប់ការហួងហែងរបស់គេបាន តែគេក៏មិនចូលចិត្តវាដូចគ្នា ។ ខ្ញុំមិនស្គាល់គេអស់ផង ម៉េចខ្ញុំមានអារម្មណ៍ថា… មានរឿងជាច្រើនទៀតដែលដល់ថ្ងៃរៀបការទៅហើយ ខ្ញុំមិនធ្លាប់ដឹងអំពីគេ ?

គេលើកកែវទឹកអកយ៉ាងគំហុក… តំណក់ទឹកដោយបង្ខំបានផ្តុំជាសរសៃសសូងលើបំពង់កសិចស៊ីរបស់គេ ។ សភាពគេពេលនេះ… ជាសក្ខីនៃការដែលទប់ចិត្តមិនប៉ះពាល់ខ្ញុំតាមទម្លាប់គេពេលប្រចណ្ឌ ។ តើគេមានបញ្ហាអីឱ្យពិតទៅ ?

គេមានកប់ពពកគេបែរជាទៅជួសជុលម៉ាស៊ីននៅរោងពុម្ពអន្ទ្រក់មួយ ?

ហេតុអីបានជាចរិតគេតែងប្តូរផ្លាស់ ? ពាក្យ BDSM ដែលបងវេហាបង្ហើបមកប្រាប់មុនស្លាប់ មានការពិតកម្រិតណា ? ហេតុអ្វីនៅពេលនេះ ឈរមើលគេបែបនេះ ឈឺចាប់ជាងការត្រូវគេធ្វើទារុណកម្មផ្លូវចិត្តទៅទៀត ?

ខ្ញុំដើរយ៉ាងលឿនទៅឱបគេពីក្រោយ… ហើយចំទើតជើងថើបកញ្ចឹងកគេវិញភ្លាមៗ សឹងតែគេមិនអាចមានប្រតិកម្មទាន់ព្រោះមិននឹកស្មានដល់ ។

 នៅទីនេះ… គ្មាន BDSM គ្មានការបង្ខំ គ្មានភាពសាហាវយង់ឃ្នងអ្វីទាំងអស់ មានតែបុរសម្នាក់ដែលកំពុងតែប្រយុទ្ធនឹងជំងឺផ្លូវចិត្តម្យ៉ាងរបស់គេ ខ្ញុំមិនដឹងជាជំងឺអ្វី តែខ្ញុំដឹងច្បាស់ថា គេខំប្រឆាំងខ្លួនគេ កំហឹងគេ ដើម្បីថែរក្សាសុវត្ថិភាពស្រីម្នាក់ដែលគេស្រលាញ់ ។

«បើលោកឈឺចាប់… » ខ្ញុំផ្អឹបបបូរមាត់ទៅនឹងត្រចៀកគេ

«ត្រូវឱ្យប្រពន្ធដឹង… អីក៏ដោយ ! » ខ្ញុំនិយាយលែងរួចព្រោះរអាក់រអួលហើយទឹកភ្នែកហូរមកខ្ជោកៗ ។ ខ្ញុំចង់ប្រាប់គេថា ឈប់លេងល្បែងប្រចណ្ឌនេះទៅ… ដោះលែងខ្លួនឯងពីភាពងងឹតពីអារម្មណ៍ BDSM អស់ទាំងហ្នឹង ហើយ… ខ្ញុំជារបស់គេ… ខ្ញុំមិនទៅណាទេ បើគេមិនដេញខ្ញុំ ។

តែ… ខ្ញុំហាមិនរួច… បានត្រឹមយំសោកក្បែរត្រចៀកគេ ។

បងទីនបែរមុខមកវិញយឺតៗ គេសម្លឹងមើលខ្ញុំ ដោយភ្នែកដែលពោរពេញដោយក្តីស្រលាញ់ និងភាពត្រេកត្រអាល… ហើយក៏ទម្លាក់ស្នាមថើបដ៏ជ្រាលជ្រៅបំផុតមួយមកលើបបូរមាត់ខ្ញុំ ។

ខ្ញុំប្រញាប់ទទួលយកគេដោយចំណង់ ដោយបេះដូង និងស្នេហាដ៏ជ្រៅមួយដែលនៅខ្វះចន្លោះមិនទាន់បំពេញ ។ គេម្នាក់នេះ មិនបានសម្លាប់បងវេហាផង តែមួយម៉ាត់ណា ក៏គេមិនបកស្រាយ តើជីវិតគេចួបបញ្ហាអ្វីខ្លះបានជាគេក្លាយជាមនុស្សមិនចង់ពន្យល់ ? សូម្បីខ្ញុំ គេចង់ឱ្យខ្ញុំស្អប់គេធ្វើអី ?

នៅពេលដែលខ្ញុំកំពុងតែពេញចិត្តនឹងទទួលយកគ្រប់យ៉ាងពីខ្លួនគេមកក្នុងបំពេញរាងកាយខ្ញុំ គេបែរជាដកបបូរមាត់ចេញ មកសម្លឹងមើលភ្នែកខ្ញុំ ដូចជាកំពុងអានអត្ថន័យនៅក្នុងបេះដូងរបស់ខ្ញុំ ។

«អ៊ីសាន !» គេស្រែកហៅតាមកាសទាំងហត្ថាទ្វេឱបប្រលោមខ្ញុំ

«ហៅអ្នកផាត់មុខមកភ្លាម !!!»

ប្រហែលជាស្នាមក្រែមខ្ញុំខូចហើយបន្តិចទៀតយើងត្រូវឡើងឆាកស៊ីញេផង ។ ខ្ញុំឃើញគេសម្លឹងមកខ្ញុំម្តងទៀត ស្នាមញញឹមគេស្រាលស្រទន់ ហើយភាពបិសាចរបស់គេបានក្លាយជាសុបិន មិនមែនជាការពិតទេនៅចំពោះមុខខ្ញុំ ។

ការងាររបស់អ៊ីសាន គឺដូចទេវតាជប ។ ក្រុមអ្នកផាត់មុខឡើងមកដល់ភ្លាម រីឯពេលដែលពួកគេកំពុងតែរៀបចំកែសម្រួលផ្ទៃមុខខ្ញុំយ៉ាងញាប់ដៃ ។ បងទីន ឈរមើលខ្ញុំពីចំហៀងជាមួយកែវភ្នែកស្ងប់ស្ងាត់ ។

ទោះយ៉ាងណាបុរសម្នាក់នេះតែនៅតែបង្កប់អំណាចនៃភាពជាម្ចាស់លើរាងកាយនិងជីវិតខ្ញុំ ។ រំពេចនោះ ទូរសព្ទនៅក្នុងហោប៉ៅអាវធំរបស់គេញ័រឡើង ។

គេទាញចេញមកមើលក្រោមការតាមដានរបស់ខ្ញុំ ។ មិនពិបាកយល់ទេ ខ្ញុំឃើញសាច់ដុំថ្គាមរបស់គេកន្ត្រាក់ឡើងមួយរំពេច មុននឹងខ្សែភ្នែកដ៏មុតស្រួចនោះ រេទៅរកទ្វារ ។

«អូនរៀបចំខ្លួនទៅ… បងសុំចេញទៅក្រៅចួបភ្ញៀវបន្តិច !»

អ្នកផ្នួងងាកចេញអស់… ព្រោះគេដើរមកដល់ហើយឱនមកថើបសក់ខ្ញុំមួយខ្សឺត ទាំងដង្ហើមធ្ងន់ៗ មុនពេលដាច់ចិត្តបោះជំហានចេញពីបន្ទប់បាត់ទៅ ដោយមានអ៊ីសានចាំនៅមាត់ទ្វារនិយាយតាមពីក្រោយ ៖

«ម៏! នាំគ្នាមកយកលុយធីប ! បើការងារហើយៗ ឆាប់ចេញមក កូនក្រមុំត្រូវការសម្រាក !»

ពួកអ្នក Makeup ប្រមូលគ្នាចាកចេញភ្លាមៗ ។ អ៊ីសានក៏ឈានមកម្តងទៀតសម្លឹងខ្ញុំនិងបន្ទប់នេះមួយជុំ មុនពេលទាញទ្វារបិទ ។

«ដាក់មនុស្សការពារដាហ្ស៊ី !»

សំឡេងស្វាមីខ្ញុំ… លាន់មកតាមខ្យល់ ។  បន្ទាប់មក ស្នូរជើងពួកគេរំលងទៅឆ្ងាយ សល់តែសភាពដែលស្ងប់ស្ងាត់និងប្រស្នាអន្ទោលក្នុងចិត្តខ្ញុំ ។

ម្តងៗ ខ្ញុំងាកទៅសម្លឹងមើលទ្វារដែលបិទជិត ទាំងអ្វីម្យ៉ាងលោតខុសចង្វាក់ក្នុងបេះដូងនេះ គ្រាន់តែបព្វតាចេញផុតមិនបានប៉ុន្មាននាទីទូរសព្ទ របស់ខ្ញុំដែលដាក់លើតុសម្អាង ក៏ភ្លឺអេក្រង់ឡើង ។ ជារូបភាពឯកសារ PDF មួយដែលបញ្ជូនមកពីលេខរបស់… Private ។

ខ្ញុំស្ទាក់ស្ទើរ តែចុងម្រាមដៃបែរជាចុចបើកវាដោយអន្ទះសា ។

ម្ចាស់សារសរសេរខ្លីថា «សំខាន់ ! ខ្ញុំ… អភិរដ្ឋ !»

ខ្ញុំញ័រដៃ ល្វីងមាត់ ហើយពិនិត្យឯកសារនោះភ្លាមៗ ។ នេះមិនមែនជារឿងជំនួញ ឬរឿងបងវេហាអីទាំងអស់… តែវាជាទម្រង់វេជ្ជសាស្ត្រដែលមានឡូហ្គោរបស់មន្ទីរពេទ្យចិត្តសាស្ត្រលំដាប់អន្តរជាតិនៅអង់គ្លេស ។

អក្សរពណ៌ខ្មៅដិតៗបោះពុម្ពចំកណ្តាលក្រដាស ៖

[ឈ្មោះអ្នកជំងឺ ៖ បព្វតា ទីន][រោគវិនិច្ឆ័យ៖ Severe Possessive & Attachment Trauma (ជំងឺប៉ះទង្គិចផ្លូវចិត្តកម្រិតធ្ងន់ ដែលបង្កជាការហួងហែងផ្ដាច់ការ និងការខ្លាចការបោះបង់ )]

បេះដូងខ្ញុំធ្លាក់ក្ដុក !

ម្រាមដៃខ្ញុំអូសអានអត្ថបទខាងក្រោមយ៉ាងញាប់ញ័រ ។ ពាក្យពេចន៍វេជ្ជសាស្ត្រជាច្រើនបានរៀបរាប់ពីអាការៈរបស់គេ…

«អ្នកជំងឺមានទំនោរចង់គ្រប់គ្រង (Control) ដៃគូទាំងស្រុង ដើម្បីបំពេញភាពទទេស្អាត និងការភ័យខ្លាចក្នុងចិត្ត… អាចមានសកម្មភាពជ្រុលហួសហេតុពេលប្រចណ្ឌ… »

នៅខាងក្រោមឯកសារនោះ មានសារខ្លីមួយរបស់អភិរដ្ឋដែលខ្ញុំត្រូវអានដោយញាប់ញ័រ ៖

«ដាហ្ស៊ី… ទីនជាមនុស្សដែលនៅស្រុកគេ គេមិនឱ្យដើរហើរទេ ! គេមានបញ្ហាផ្លូវចិត្តធ្ងន់ នាងឃើញហើយ ! ឥឡូវ ដើម្បីជួយនាង ខ្ញុំបានហៅគេចេញមកក្រៅហើយ ។ ពេលនេះ នាងមានពេល ៥នាទី ដើម្បីបដិសេធមង្គលការនេះ ហើយដើរចេញពីជីវិតគេ ។ បើនាងយល់ព្រម មនុស្សរបស់ខ្ញុំនឹងទៅដល់ភ្លាមៗ យកនាងចេញ ហើយពួកដែលគេដាក់នៅមាត់ទ្វារនោះគ្មានអីអស្ចារ្យទេ ! ណាមួយ ខ្ញុំធានាអាចការពារនាង និងគ្រួសារនាងបាន… Think and Call me !»

ទូរសព្ទនេះមានរំញ័រសឹងរបូតធ្លាក់ពីដៃខ្ញុំ… ។

ខ្ញុំដកដង្ហើមហក់ៗ អារម្មណ៍ពេលនេះ មិនមែនភ័យខ្លាចអ្វីដែលអភិរដ្ឋលើកឡើងទេ តែខ្ញុំកំពុងតែ “តក់ស្លុត” នឹងទំហំនៃការឈឺចាប់ដែល បព្វតា ទីន កំពុងលាក់ទុក ។

ទង្វើកម្រោលរបស់គេ ការចងដៃ ការបិទភ្នែក… វាមិនមែនជាចំណង់ BDSM ដូចដែលខ្ញុំធ្លាប់ស្រមៃទេ តែវាជា “រោគសញ្ញា” នៃបុរសម្នាក់ដែលកំពុងលង់ទឹក ហើយព្យាយាមតោងខ្ញុំដើម្បីរស់ !

ក្រាក…

សំឡេងចំណុចទ្វាររបើក ។ ខ្ញុំងាកព្រើត ស្មានតែគេត្រលប់មកវិញ តែមិនមែនទេ ។ ជានារីវ័យកណ្តាលម្នាក់ ក្នុងឈុតរ៉ូបសូត្រពណ៌មាសស្រាល ដើរចូលមកយ៉ាងស្ងៀមស្ងាត់ ។ ឯនីកូលបានលេចឡើងពីក្រោយខ្នងគាត់ ។

«នែ !  លោកជំទាវម្នាក់នេះទទូចសុំចួបឯង !»

ខ្ញុំសម្លឹងមិត្តហើយសម្លឹងមកស្ត្រីរូបស្អាតចំណាស់ម្តាយខ្ញុំ តែមានរូបឆោមបែបអភិជន ។ ដំណើររបស់គាត់ស្រាល តែបង្កប់អំណាច និងភាពថ្លៃថ្នូរដែលធ្វើឱ្យខ្ញុំត្រូវក្រោកមកទទួលគាត់ ។

«គាត់ថាមានរឿងសំខាន់ យើងទម្រាំសុំអ្នកយាមខាងក្រៅបាន ! ឯងនិយាយនឹងគាត់ទៅ យើងនៅមាត់ទ្វារនិយាយលេងបន្លប់ពួកគេ ។»

នីកូលចេញទៅរកអ្នកយាមដែលបងទីនដាក់មក ហើយនិយាយសើចកក្អឹកជាមួយពួកគេទាំងពីរនាក់ទុកឱ្យក្នុងបន្ទប់នេះសល់ត្រឹមភាពស្ងាត់ជ្រងំរវាងខ្ញុំនិងស្ត្រីចំណាស់ ។

«អញ្ជើញអង្គុយ !»

ខ្ញុំរុញកៅអីខ្លួនឯងទៅជូនគាត់ ។ ផ្ទៃមុខគាត់បង្ហាញភាពតឹងណែនអារម្មណ៍ តែស្រស់ស្អាតឥតខ្ចោះ ហាក់ដូចជាឆ្លងកាត់ការកែសម្ផស្សយ៉ាងប្រណីតបំផុត ធ្វើឱ្យពិបាកស្មានដឹងពីអាយុពិត ។ ខ្ញុំមិនដែលស្គាល់គាត់ទេ តែគាត់មិនមែនជាភ្ញៀវធម្មតាដែលអាចឡើងមកសណ្ឋាគារនេះដែរ ។

«កូនស្រីគឺដាហ្ស៊ី ?»

«ចាស ! …»

 ពេលដែលកែវភ្នែករបស់គាត់សម្លឹងមកខ្ញុំ… ខ្ញុំមានអារម្មណ៍ថា ខ្ញុំធ្លាប់ស្គាល់កែវភ្នែកមួយគូនេះ ! … ដូចជា … កែវភ្នែកឯកោ ស្រពោនៗរបស់… បងទីន ?

«៤៥នាទីទៀត កូនស្រីត្រូវស៊ីញេក្រដាសហើយមែនទេ ?»

គាត់និយាយបន្ត សំឡេងសព្ទស្រទន់ តែធ្ងន់ និងចាក់ដោត ។

ខ្ញុំពិភាល់ណាស់ ! អាពាហ៍ពិពាហ៍មួយនេះ មានរឿងជាច្រើន មានមនុស្សច្រើនឡើងៗ ហើយដែលមកពាក់ព័ន្ធ ។

ពេលគាត់ក្រោកបោះជំហានមកជិតតុសម្អាង ខ្ញុំដកថយ ។

«កុំខ្លាច !»

គាត់ថាហើយ ទម្លាក់ភ្នែកមើលទូរសព្ទខ្ញុំដែលកំពុងបើកចំហ… ខ្ញុំស្រវាចាប់ តែគាត់ចាប់បានមុន ហើយថ្លោះទឹកមុខពិនិត្យមើលឯកសារនោះ ។

«អ្នកមីង… ជាអ្នកណា ?» ខ្ញុំសួរ ខណៈជង្គង់ខ្ញុំនៅញ័រ ។

ស្ត្រីចំណាស់មិនឆ្លើយសំណួរខ្ញុំទេគាត់បង្ហាញការឈឺចាប់មួយជ្រៅពេលពិនិត្យឯកសារទាំងនោះ ។ កាយវិការនេះញ៉ាំងឱ្យខ្ញុំរឹតភ័យ ។

«បើអ្នកមីងមិននិយាយ មិនឱ្យហ្វូនមកខ្ញុំវិញ ខ្ញុំនឹង… »

រំពេចនោះ ខ្ញុំក្រឡេកឃើញចិញ្ចៀនលើម្រាមដៃគាត់… ខ្ញុំគាំង ។ វាដូចបេះបិទទៅនឹងចិញ្ចៀនដែលស្ថិតនៅលើម្រាមដៃខ្ញុំ… ដែលបព្វតាបានឱ្យខ្ញុំពាក់មិនឱ្យដោះ ។

«ហេតុអីចិញ្ចៀននេះមានពីរ ?»

ស្ត្រីដាក់ហ្វូនខ្ញុំទុកចុះលើទូវិញជាមួយតំណក់ទឹករលោងរលើបភ្នែកសងខាង ។ គាត់លូកដៃទៅយកក្រែមលាបមាត់ពណ៌ក្រហមទុំពីលើតុ រួចឈានជើងមកឈរទល់មុខខ្ញុំ ។ ម្រាមដៃដ៏ត្រជាក់របស់គាត់ចាប់លើកចង្កាខ្ញុំឡើងថ្នមៗ រួចផ្តើមលាបក្រែមនោះលើបបូរមាត់ខ្ញុំយ៉ាងផ្ចិតផ្ចង់ ។

«មនុស្សប្រុសដែលរឹងមាំបំផុត… តែងតែលាក់បិសាចដែលទន់ខ្សោយមួយនៅក្នុងខ្លួនពួកគេ ។»

គាត់ខ្សឹប តែភ្នែកដែលពេញដោយសោកាសម្លឹងមើលបបូរមាត់ខ្ញុំដែលគាត់កំពុងតែតុបតែង ខ្ញុំគាំងព្រោះរបៀបគាត់ចាប់ចង្កាខ្ញុំ ដូចគ្នាណាស់នឹងរបៀបដែលបងទីន… ចាប់ ។

«កាលពីក្មេង គេធ្លាប់ត្រូវមនុស្សដែលគេស្រលាញ់បំផុតបោះបង់ចោល… ជំងឺហួងហែងរបស់គេ មិនមែនកើតចេញពីការចង់ធ្វើបាបអ្នកណាទេកូន តែវាដុះចេញពីភាពភ័យខ្លាច… ខ្លាចត្រូវរស់នៅម្នាក់ឯង ក្នុងលោកឯកោដ៏ងងឹតនោះម្តងទៀត !»

ខ្ញុំគាំងធ្មឹង ។ ទឹកភ្នែកមួយតំណក់រមៀលធ្លាក់ចុះមក ព្រោះគាត់ដូចជាកំពុងនិយាយពីទីន ? គាត់ជាអ្នកណា ? ម្តេចគាត់ដឹងពីរឿងនេះ… គាត់ដឹងពីភាពឈឺចាប់របស់គេច្បាស់ជាងអ្នកណាៗទាំងអស់ ។

«កុំអាណិតគេ… » ស្ត្រីនោះបន្ត ដោយដាក់ក្រែមចុះ ហើយប្រើម្រាមដៃគាត់ជូតទឹកភ្នែកឱ្យខ្ញុំ ជាមួយកាយវិការមួយធ្វើឱ្យខ្ញុំកក់ក្តៅដល់ក្រឳបេះដូង «តែត្រូវស្រលាញ់គេ ភាពកាចសាហាវរបស់គេ គឺគ្រាន់តែជារបាំងមុខ គេត្រូវការកូន… ដាហ្ស៊ី… មានតែកូនទេដែលអាចជាថ្នាំសង្គ្រោះពិតប្រាកដប្រឆាំងនឹងជំងឺផ្លូវចិត្តរបស់គេបាន  បើកូនរត់ចេញ… ចោលគេ គេនឹងក្លាយជាបិសាចពិតប្រាកដដែលបំផ្លាញទាំងខ្លួនគេ និងពិភពលោកជុំវិញគេ ។»

គាត់និយាយរួច ក៏ថយក្រោយមួយជំហាន សម្លឹងមើលរូបរាងខ្ញុំតាំងពីក្បាលដល់ចុងជើង ដោយស្នាមញញឹមមោទនភាព និងស្រក់ទឹកភ្នែករលីងរលោង ។

«កូនក្រមុំរបស់ទីន… ស្អាតណាស់ !»

និយាយចប់ ស្ត្រីអភិជនក៏បង្វិលខ្លួន ដើរចេញពីបន្ទប់យ៉ាងលឿនដូចជាខ្យល់ មិនបន្សល់ទុកសូម្បីតែឱកាសឱ្យខ្ញុំបានសួរឈ្មោះរបស់គាត់ ។

មានភាគបន្ត!

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*