ស្រមោលអតីតកាលឡុងដុង (តំណាលបព្វតា)
ជណ្តើរយន្តកំពុងរំកិលចុះយឺតៗ ។ ខ្ញុំឈរមើលតួលេខជាន់… ដែលលោតផ្លាស់ប្តូរដោយទឹកមុខស្ងប់ស្ងាត់ខុសពីធម្មតា ។ ហេតុអី មុននេះខ្ញុំលង់ប្រចណ្ឌគេយ៉ាងងងឹតមុខ បែរជាមិនដាច់ចិត្តលើកដៃធ្វើអ្វីគេ ? ខ្ញុំខ្លាចគេយំ ខ្លាចគេរុះរោយក្រោមចរិតដ៏អន់ដែលខ្ញុំបានលាក់កំបាំងពីពិភពលោកមួយនេះជាយូរមកហើយ ?
អ៊ីសានឈរនៅពីក្រោយខ្នងខ្ញុំ ដៃគេកាន់អាយកូម (Walkie-Talkie) ត្រៀមតែបញ្ជាកូនចៅគ្រប់ច្រកល្ហក តែគេបែរជាចំណាយពេលខ្សឹបខ្សៀវពន្យល់ខ្ញុំ ៖
«ចៅហ្វាយ… ពិតជាចង់… ចុះទៅចួបលោកអភិរដ្ឋមែន ? មិនសមទេ ! បើគេមានចេតនាល្អ ចាំកម្មវិធីរួចសិនទៅការសំខាន់យ៉ាងណាដែលនិយាយ នៅខាងលើមិនបាន ?»
ខ្ញុំដៀងភ្នែកគិត ។ អ៊ីសានកំពុងរម្លឹកខ្ញុំ ។ ពាក្យថា មានរឿងសំខាន់តើជាអ្វី ? ល្បែងក្មេងៗ ! ហេតុអីខ្ញុំត្រូវដើរចូលអន្ទាក់ដែលគេជីកទុក ? បើទាញខ្ញុំចេញពីពិធី មានតែគេចង់បំផ្លាញពិធីរបស់ខ្ញុំ ? ក្នុងខួរក្បាលខ្ញុំពេលនេះវិលវល់មួយពេល ព្រោះឱ្យតម្លៃមនុស្សដែលមកបង្ហាញវត្តមានក្បែរៗទេពធីតារបស់ខ្ញុំ តាមពិតគិតឡើងវិញ ខ្ញុំមិនមានសល់កន្លែងទំនេរសម្រាប់មកខ្វល់ពីអ្នកណាទាំងអស់ អាអភិរដ្ឋក៏ដូចគ្នា ។
បេះដូងនេះ ភ្នែកនេះ គឺមានតែទិដ្ឋភាពដែលដាហ្ស៊ីទន់ជ្រាយក្នុងរង្វង់ដៃខ្ញុំអម្បាញ់មិញ គេឱបខ្ញុំ គេនិយាយថា «បើលោកឈឺចាប់ ត្រូវឱ្យប្រពន្ធដឹង… អីក៏ដោយ » ។
ខ្ញុំញញឹមនឹកឃើញសភាព… នាងព្រមយំនៅលើស្មាខ្ញុំ ។ បេះដូងដែលធ្លាប់តែលោតក្នុងភាពឯកោ ពេលនេះមានអារម្មណ៍ថាមានសុវត្ថិភាពម្យ៉ាងដែលខ្ញុំមិនធ្លាប់មាន ។
«OK អ៊ីសាន ! យើងមិនចាំបាច់ចុះទៅចួបវាទេ !»
ខ្ញុំបញ្ជាខ្សោយៗ តែក្នុងភាពដាច់ខាត ។
«ពន្លឿនកម្មវិធី ! ហៅមន្ត្រីអត្រានុកូលដ្ឋានមកត្រៀមលើឆាកភ្លាម ។ កុំខាតពេលសូម្បីមួយវិនាទីទៀតក៏ដោយ !»
«បាទ លោកប្រុស !» អ៊ីសានឱនក្បាលទទួលបញ្ជាយ៉ាងរីករាយ រួចចាត់ចែងការងារភ្លាមៗ ។
…
ត្រឹម១០នាទីក្រោយមកប៉ុណ្ណោះដែលអភិរដ្ឋរង់ចាំខ្ញុំនៅក្រោម ពន្លឺភ្លើង Spotlightបានជះមកលើកម្រាលព្រំក្រហមនៅកណ្តាលឆាកដ៏មហិមានៃដំបូល V-Tower ។ ខ្យល់អាកាសពេលរាត្រីបក់មកត្រជាក់ តែបេះដូងខ្ញុំកំពុងលោតញាប់ដូចស្គរជ័យ ពេលទ្វារកញ្ចក់បើកឡើង ។
ដាហ្ស៊ី ឈានជើងដើរចេញមក ។ រ៉ូបពណ៌សដ៏ប្រណីតនោះ ស័ក្តិសមនឹងកូនឆ្មាតូចរបស់ខ្ញុំឥតខ្ចោះ តែអ្វីដែលធ្វើឱ្យខ្ញុំសឹងតែភ្លេចដកដង្ហើម គឺ «កែវភ្នែក» របស់គេ ស្នាមញញឹម ដែលស្រីម្នាក់នេះមានពេលនេះ ហាក់បីដូចជាមិនមានភាពភ័យខ្លាច មិនមានការបង្ខិតបង្ខំ ឬថប់បារម្ភដូចពីមុនទៀតទេ ។ កែវភ្នែកកូនក្រមុំម្នាក់នេះ ដែលសម្លឹងត្រង់មករកស្វាមីចំពោះមុខ គឺពោរពេញទៅដោយភាព «ទន់ភ្លន់ ក៏ដូចជាការយល់ចិត្ត» យ៉ាងជ្រាលជ្រៅមួយ ។
ពេលវេលារវាងពួកយើងបានមកដល់ហើយ… គេបោះជំហានមករកខ្ញុំដោយភាពជឿជាក់ ហុចបាតដៃដ៏ទន់ល្មើយមកដាក់លើបាតដៃខ្ញុំដោយ… ស្ម័គ្រចិត្ត ។ កម្ដៅពីដៃនាងហូរចូលដល់ក្រឳបេះដូងកំព្រានៃខ្ញុំ ។
នៅក្រោមស្នូរទះដៃនិងការចុចថតរាប់រយសន្លឹក មន្ត្រីអត្រានុកូលដ្ឋានផ្តើមអានសេចក្តីប្រកាស ។ ខ្ញុំមិនខ្វល់ស្តាប់ទេ ភ្នែកខ្ញុំសម្លឹងតែផ្ទៃមុខប្រពន្ធខ្ញុំ ។ ចុងប៊ិករបស់យើងទាំងពីរ បានអូសកាត់ក្រដាសអេតាស៊ីវិល ។ ស្នាមហត្ថលេខាត្រូវបានផ្ដិត ។ នាងបានក្លាយជា លោកជំទាវ បព្វតា ពេញច្បាប់ !
កម្មវិធីជប់លៀងចាប់ផ្តើម ភ្ញៀវកិត្តិយសនិងអភិជនរាប់រយនាក់ លើក កែវស្រាសំប៉ាញអបអរសាទរ ។ ខ្ញុំក្រសោបចង្កេះដាហ្ស៊ី ទាញនាងមកកៀកទ្រូងប្រុងនឹងឱនទៅទម្លាក់ស្នាមថើបដ៏ផ្អែមល្ហែមមួយដើម្បីអបអរ… តែភ្លាមនោះ !
ព្រឹប ! ភ្លើងនៅលើឆាកធំទាំងមូល ស្រាប់តែរលត់ ។ សំឡេងតន្ត្រីកាត់ផ្តាច់ ។ ប្រាវ ! អេក្រង់ LED ដ៏ធំនៅពីក្រោយខ្នងយើង ស្រាប់តែបញ្ចេញជាពន្លឺភ្លឺចិញ្ចែងចិញ្ចាច ។
មានអារម្មណ៍ថាសង្គ្រាមមួយកំពុងចាប់ផ្តើមក្នុងទ្រង់ទ្រាយធំ ។ ព្រោះនោះមិនមែនជារូបភាពមង្គលការ ឬឡូហ្គោក្រុមហ៊ុនទេ… តែជាវីដេអូកម្រិតច្បាស់ត្រជាក់ភ្នែក (HD) បញ្ចេញទិដ្ឋភាពមួយកាលពីច្រើនឆ្នាំមុន នៅទីក្រុងឡុងដុង !
រូបភាពរបស់ខ្ញុំក្នុងវ័យក្មេងជាងនេះ កំពុងតែទាញកន្ត្រាក់រាងកាយ កន្និកា ក្នុងបារអភិជនមួយកន្លែង និងថើបបឺតជញ្ជក់នាងយ៉ាងរោលរាល ។ នោះជាឈុតឆាកស្នេហាយុវវ័យដ៏កម្រោលបំផុតដែលយើងនិយមធ្វើនៅ កណ្តាលពិធីជប់លៀងជាន់ខ្ពស់បែបផែនឯកជនរវាងក្រុមអេលីតជាច្រើនមកពីជុំវិញពិភពលោក ។ សំឡេងថ្ងូរ និងសំឡេងសើចកក្អឹករបស់កន្និកា លាន់ចេញពីឧបករណ៍បំពងសំឡេង (Speaker) យ៉ាងច្បាស់កាត់ភាពស្ងាត់ជ្រងំនៃរោងការមួយនេះ ។
ភ្ញៀវកិត្តិយសទាំងអស់បើកភ្នែកធំៗ ហើយចាប់ផ្តើមខ្សឹបខ្សៀវគ្នា ពេលក្រុមអ្នកកាសែតប្រញាប់លើកកាមេរ៉ាមកផ្ដិតថត ។ ខ្ញុំរេសម្លឹងរកមើល កន្និកា បែរជាឃើញអភិរដ្ឋកំពុងឈរលើកកែវស្រាញញឹមស្ងប់ៗ ហាក់ចង់បង្ហាញខ្ញុំនូវសភាពគេជាអ្នកឈ្នះសង្គ្រាមនេះ ។
ខ្ញុំប្រញាប់ងាកមកមនុស្សសំខាន់ជាងគេនៅទីនេះ គឺដាហ្ស៊ី ។ ភ្នែករបស់ប្រពន្ធតូចខ្ញុំកំពុងសម្លឹងទៅអេក្រង់នោះធ្មាំង ដៃគេកាន់កែវស្រាសំប៉ាញ ចាប់ផ្តើមរឹតតឹងណែនសឹងស្រក់ក្លាយជាឈាម ។
រាត្រីគ្មានទិសដៅ (តំណាលដាហ្ស៊ី)
ប្រាវ… !!!
កែវស្រាសំប៉ាញរបូតពីដៃខ្ញុំ ធ្លាក់បែកខ្ចាត់ខ្ចាយផ្ទាល់នឹងកម្រាលព្រំ ។
ដង្ហើម… សំឡេងថ្ងូរ និងការសើចកក្អឹករបស់កន្និកានៅលើអេក្រង់ធំនោះ លាន់ខ្ទរពេញទីនេះ នៅនឹងមុខមនុស្សម្នា ។ ទោះណាដឹងដោយសភាវគតិភ្លាមៗថា បងទីនកំពុងត្រូវអ្នកណាម្នាក់លេងល្បែងថោកទាបមកបំបាក់មុខយ៉ាងធ្ងន់ តែអ្វីម្យ៉ាង បន្លឺឡើងក្នុងខួរក្បាលខ្ញុំខ្លាំងជាងនេះទៅទៀត… ខ្លាំងជាងរន្ទះ ឬសំឡេងគំរាមគ្រប់យ៉ាង ។
ខ្ញុំឈរធ្មឹង ភ្នែកបើកធំៗសម្លឹងទៅភាពរោលរាលរបស់ស្រីប្រុសទាំងពីរដែលបញ្ចាំងរវើកលើផ្ទាំង LED ។ អ៊ីសាននិងកូនចៅរត់ពភីងទៅរកបន្ទប់ Operation…
ខ្ញុំចង់ឈានទៅរកប៉ានិងម៉ាក់ ឬនីកូល អ្នកណាក្តីដែលយល់ចិត្តខ្ញុំ តែខ្ញុំគាំងដូចមានជើងជាប់ស៊ីម៉ង់ត៍ ។ នេះជាអតីតកាលរបស់ស្វាមីខ្ញុំ… ខ្ញុំប្រាប់ខ្លួនឯងបែបនេះ… ប្រាប់ថាជារឿងយូរហើយ… អ្នកណាក៏មានអតីតកាលដែរ… តែហេតុអ្វី ហេតុអ្វីបេះដូងខ្ញុំឈឺចាប់សឹងតែបែកធ្លាយបែបនេះ ?
ខ្ញុំងាកមកសម្លឹងមុខគេ ។ មនុស្សដែលខ្ញុំទើបតែរៀបការជាមួយ គេកំពុងឈរគាំង ភ្នែកគេបើកធំៗសម្លឹងមកខ្ញុំវិញ ដៃគេលោមករកឱបខ្ញុំ…
«កុំប៉ះខ្ញុំ… !»
ខ្ញុំខ្សឹប សំឡេងខ្ញុំស្ងួតហួតហែង គ្មានទឹកភ្នែកសូម្បីមួយតំណក់តែជាភាពទទេស្អាតដែលខ្ញុំខ្លួនឯងខ្លាចសភាពខ្លួនឯងពេលនេះបំផុត ។
ខ្ញុំមិនរង់ចាំស្តាប់ការពន្យល់ ខ្ញុំមិនខ្ចីងាកទៅមើលមុខអភិរដ្ឋ ឬអ្នកកាសែត… ខ្ញុំចាប់សំពត់រ៉ូបពណ៌សដ៏ធ្ងន់នេះ បង្វិលខ្លួនរត់ចេញ… ខ្ញុំរត់កាត់ហ្វូងភ្ញៀវកិត្តិយស រត់កាត់ពន្លឺភ្លើងកាមេរ៉ា រត់ឆ្ពោះទៅរកជណ្តើរយន្ត ខណៈពេលបែរមុខមកវិញ ខ្ញុំឃើញរលកអ្នកកាសែតចោមព័ទ្ធគេជុំជិត ។
«ឆ្លើយទៅបព្វតា ! ឆ្លើយកុហកទៅ ! ខ្ញុំស្អប់បង ! ខ្ញុំស្អប់… !»
ខ្ញុំគិតធ្មាំងបែបនេះកណ្តាលចំណោមសំឡេងគ្រហឹមហៅឈ្មោះខ្ញុំពីប្រុសម្នាក់ដែលខ្ញុំកំពុងស្រលាញ់និងខូចចិត្តរហូតទ្វារបិទមកវិញទើបខ្ញុំបានដកដង្ហើមសម្រាកហើយស្រែកយំចេញសំឡេង ។
ដូច្នេះ… គេនិងស្រីឡូយឆាយអេលីតម្នាក់នោះ មានពាក់ព័ន្ធគ្នាបានជាឃើញមុខនាងកាលណា ខ្ញុំមានអ្វីមួយចាក់ៗក្នុងចិត្តនេះ ។
បើនារីម្នាក់នោះ មានន័យត្រឹមជាអតីត តើហៅគេមកអាពាហ៍ពិពាហ៍យើងធ្វើអី ? ហេតុអ្វីបានជាធ្វើបែបនេះចំពោះខ្ញុំ ? ហេតុអ្វីខ្ញុំត្រូវស្រលាញ់មនុស្សម្នាក់ដែលបង្ហាញថា គេជាបង្អែកធំមួយ តាំងតែពីដំបូងមក ?
ជណ្តើរយន្តចុះមកដល់ជាន់ផ្ទាល់ដីយឺតជាងសន្ទុះចិត្តវិលវល់របស់ខ្ញុំណាស់ ។ បានដល់គោលដៅកាលណា ខ្ញុំស្ទុះរត់ចេញទៅក្រៅអគារទាំងភ្លើង រាត្រី ស្រាប់តែធ្លាក់រលឹមមកស្រិចៗខុសការព្យាករណ៍ទុក ។
ខ្ញុំឃើញឡាន Grab មួយគ្រឿងទើបតែទម្លាក់ភ្ញៀវ ខ្ញុំក៏ស្ទុះទៅបើកទ្វារឡើងជិះភ្លាម ។
«ទៅណាក្មួយ ?» ពូអ្នកបើក Grab សួរទាំងភ្ញាក់ផ្អើលពេលឃើញភ្ញៀវក្នុងឈុតកូនក្រមុំស្លៀករ៉ូបទំនើបធំវែង ទាំងសក់សើមតិចៗ ភ្នែកប៉ោងហើយរត់ឡើងឡាន ។
«ទៅណាក៏បានពូ… បើកចេញពីនេះឱ្យលឿនបំផុត… សូមអង្វរ !»
ខ្ញុំខ្សឹបទាំងអួលដើមក ។ យល់ចិត្តខ្លាំង បុរសនោះរេភ្នែក ទំនងជាឃើញពួកដៃជើងអ៊ីសានរត់មកស្រ គាត់ក៏សម្រេចចិត្តបើកឡាន Grab រ៉ាវសឹងភ្លាត់ខ្ញុំរបូតជំហរ ។
«មានរឿងអី ? ពួកហ្នឹងធ្វើអីក្មួយ ? ត្រូវការទៅប៉ុស្តិ៍ប៉ូលិសទេ ?»
«អត់ទេពូ ! អត់ទេ !»
គាត់ងក់ក្បាល ហើយធ្វើតាមខ្ញុំចេញរថយន្តយ៉ាងស្ទាត់ជំនាញ បន្សល់ទុកអគារដ៏ខ្ពស់កប់ពពកនោះរសាត់ឆ្ងាយទៅៗនៅពីក្រោយខ្នងយើង ។
«ពូ !!! ពួកគេនោះតាមមកទាន់យើងទេដឹង ?»
ខ្ញុំអង្គុយផ្អែកខ្នងនឹងកៅអីឡានតែរសាប់រសល់ខ្លាំងហើយសួរគាត់ តែបុរសចំណាស់ចិត្តសឿងសម្លឹងមើលមកខ្ញុំតាមកញ្ចក់មើលក្រោយ ហើយឆ្លើយ ៖
«កុំភ័យ ! ពូអាចបំបាំងកាយ !»
ខ្ញុំងាកមកវិញសម្លឹងគាត់ ហើយញញឹមទាំងទឹកភ្នែក ។
«ក្មួយ… ប៉ាម៉ាក់នៅឯណា ពូជូនទៅ !»
ខ្ញុំរុះរោយស្នាមញញឹមវិញអស់ ។ តើ… ប៉ាម៉ាក់ខ្ញុំ ???
ខ្ញុំពេបមាត់… សម្លឹងគាត់ហើយ… បែរចេញមើលទៅតំណក់ភ្លៀងដែលស្រក់កាត់កញ្ចក់ឡាន ។ ទីក្រុងភ្នំពេញពេលនេះធំល្វឹងល្វើយ… តែខ្ញុំបែរជាគ្មានកន្លែងត្រូវទៅ លុយក៏អត់ ទូរសព្ទក៏គ្មាន ។ ត្រលប់ទៅផ្ទះប៉ាម៉ាក់ ? ទេ… ខ្ញុំមិនអាចយកមុខបែបនេះទៅចួបពួកគាត់ទេ ។ ទៅផ្ទះនីកូល ? ពួកកូនចៅរបស់អ៊ីសានប្រាកដជាទៅរកខ្ញុំនៅទីនោះមុនគេមិនខាន ។
ខ្ញុំអង្គុយឱបដៃខ្លួនឯងភាពត្រជាក់ពីម៉ាស៊ីនត្រជាក់ឡាន មិនអាចប្រៀបនឹងភាពរងាកណ្ដោចក្នុងបេះដូងខ្ញុំពេលនេះបានទេ ។
ទីបំផុត… ទឹកភ្នែកដែលខ្ញុំខំទប់ ក៏បាក់ទំនប់ហូរស្រក់ចុះមកលើថ្ពាល់សាជាថ្មីខ្លាំងជាងមុន ។
ហេតុអ្វី… ហេតុអ្វីខ្ញុំឈឺចាប់ម្ល៉េះ ? ខ្ញុំទើបតែស្គាល់គេត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ។ គេទើបតែចាប់បង្ខំខ្ញុំ គេទើបតែប្រើអំណាចផ្ដាច់ការមកលើខ្ញុំ ។ តាំងពីដំបូង ខ្ញុំចាត់ទុកគេជាឃាតករ ជាបិសាច ជាមនុស្សរោគចិត្ត ។ ខ្ញុំគួរតែសប្បាយចិត្តដែលបានរត់រួចពីទ្រុងរបស់គេ ។
ប៉ុន្តែ… ហេតុអ្វីក្បាលខ្ញុំពេលនេះ គិតឃើញតែពីកែវភ្នែកដ៏ឯកោរបស់គេ ? គិតឃើញតែពីកម្ដៅដៃគេពេលចាប់ក្រសោបខ្ញុំ ? ហេតុអ្វីរូបភាពដែលគេថើបកន្និកាក្នុងវីដេអូនោះ អាចក្លាយជាកាំបិតចាក់ទម្លុះទ្រូងខ្ញុំជ្រៅដល់ថ្នាក់នេះ ?
ពូអ្នកបើកតាក់ស៊ីសួរតិចៗតាមកញ្ចក់មើលក្រោយ ៖
«ឈ្លោះជាមួយកូនកំលោះមែនទេ ? កុំគិតច្រើនអី មនុស្សប្រុសពេលខ្លះឆ្កួតអ៊ីចឹងឯង ។ … ចង់ឱ្យពូជូនទៅណាឱ្យប្រាកដ ?»
ខ្ញុំអួលដើមក មិនអាចឆ្លើយបាន ។
ខ្ញុំត្រូវការកន្លែងស្ងាត់មួយដើម្បីសួរខ្លួនឯងថា តើខ្ញុំគួរតែបន្តរត់… ឬត្រលប់ទៅប្រឈមមុខនឹងបិសាចរបស់ខ្ញុំវិញ ? ខ្ញុំទើបតែប្រាប់ខ្លួនឯងមុននេះបន្តិច ថាខ្ញុំនឹងព្រមធ្វើជា “ថ្នាំសង្គ្រោះ” សម្រាប់ជំងឺផ្លូវចិត្តរបស់គេ… ខ្ញុំព្រមទទួលយកបិសាចម្នាក់នេះ ។ តែវីដេអូនោះបែរជា… បែរជារម្លឹកខ្ញុំថា ខ្ញុំមិនមែនជាមនុស្សស្រីដំបូងដែលគេជ្រើសរើសដើម្បីបន្លប់ភាពឯកោរបស់គេនោះទេ ! ខ្ញុំគ្រាន់តែជា “កន្និកាទីពីរ” ដែលគេយកមកបិទបាំងជំងឺខ្លាចការបោះបង់របស់គេប៉ុណ្ណោះ ! មែនដែរទេ ?
«ពូ… បត់ស្តាំទៅ !» ខ្ញុំហៅគាត់ សំឡេងស្អក «ហើយ… ដល់ម៉ាតមួយនោះបត់ស្តាំទៀត… !»
ខ្ញុំឱបដៃយំពេលនិយាយចប់… នោះជាកន្លែងតែមួយគត់ដែល «គេ» និងមនុស្សរបស់គេ មិននឹកស្មានដល់ថាខ្ញុំទៅ…
មានភាគបន្ត!


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ