រឿង៖ បន្ទប់ពិសោធន៍L34 (ភាគ៤)

បេះដូង​របស់​មាណវី​លោត​ញាប់ ​ពេល​នាង​ចាប់​យក​ Tablet ​របស់​នាងមកពិនិត្យ​មើល ។ មែន ! ​កំពុង​លុប​អ្វី​គ្រប់​យ៉ាងពីទីនេះ ឱ្យតែទាក់ទងនឹងថ្ងៃដែល​ក្មេងជំទង់បានបាត់ខ្លួន ។

«ហ្សឺឌី !»

«ថីហើយ ?» គេខ្សឹបសួរបារម្ភព្រោះសំឡេងនាងញ័រ ។

«មេខ្ញុំនៅនេះដែរគាត់មកមុនយើង គាត់កំពុងបំផ្លាញអីមួយក្នុងរ៉ាដា !»

ធីតារអ៊ូដាក់មីក្រូហ្វូន ។

«ឱ ! ធីតា ! កំពុងTrack កុំព្យូទ័រគេហ្មែន ? ឈប់ភ្លាម !»

មិត្ត​និយាយឃាត់មិនទាន់ចប់ផង សំឡេងរោទ៍បន្លឺឡើងផូង ជាការជូនដំណឹងអាសន្ននៃប្រព័ន្ធសុវត្ថិភាព AI ។

ថេប្លេតរបស់ធីតាលេចសញ្ញាភ្លើងក្រហម ដែលបញ្ជាក់ថា នាងត្រូវបានបណ្តាញ​រកឃើញពីការចូលប្រើទិន្នន័យ​អ្នកក្រៅដោយគ្មានការអនុញ្ញាត ។

ភ្នែក​របស់​លោក ផន មុត ងើបមុខមកសម្លឹង​មាត់​ទ្វារ ។

«ចេញមកភ្លាមធីតា !» ហ្សឺឌីបង្គាប់ ។

ធីតាដែល​បាន​រំកិលថយមកបាំងនឹងទ្វារ ដកខ្លួន​ក្រោយ​យ៉ាង​លឿន ​ទៅ​ក្នុង​ស្រមោលរាត្រីកាល ដោយ​រំកិល​ខ្លួនផ្តេក​ថយកាត់​តាម​ជួរកម្រាល​ដ៏​រលោង ក្រោមកិច្ច​ការពារផ្តាច់រលកសញ្ញាទាំងអស់ចេញពី TABLET របស់នាង ។

«គេរកទីតាំងយើងមិនឃើញទេ តែត្រូវ​គេចឱ្យបាន មុនគេឃើញដានជើងយើងធីតា !!! ខ្ញុំបង្កើតរលកសញ្ញាក្លែងក្លាយ … ប្តូរគោលដៅពួកគេឱ្យបានត្រឹម … ត្រឹម២០វិនាទី ! ហើយចេញតាមរលកសញ្ញាលើវ៉ែនតាយើង !ឮ ???? យើងចេញបានច្រកទី៧ !»

​អ្នកកាសែត​ស្រី អាចឮពីក្រោយ​ពាក្យរបស់ហ្សឺឌី នូវសព្ទសំឡេងមេកានិចសុវត្ថិភាព ដែលលាន់ប៊ីបៗមកពីឆ្ងាយ ។ បានន័យថា សំឡេងនេះកំពុងជួយបំភាន់លោកផន ។

សូម្បីតែកំពុងមាន​ពេល​គេចខ្លួនត្រឹម​២០វិនាទីត្រលប់រកច្រកចេញក្រៅ តែនាង​នៅតែចិញ្ចឹមចិត្ត​វិលមកវិញ គឺមកទីនេះ ដើម្បីចាប់យកព័ស្តុតាងបញ្ជាក់ថា លោកផនមានជាប់ពាក់ព័ន្ធជាមួយករណីជួយបិទបាំងឧក្រិដ្ឋកម្មនៅ L-34 ។

—–

ភាពត្រជាក់ស្រេងនៃកម្រាលថ្មម៉ាប បានដាស់រាងកាយនារី​ឱ្យភ្ញាក់ដឹងខ្លួន​មុនខួរ​ក្បាល​​ដំណើរការត្រឹមត្រូវតាមគន្លងវិញ ។ ក្លិនថ្នាំសម្លាប់មេរោគភាយចូលច្រមុះ ធ្វើឱ្យ​ធីតាឮ​​សូរសំឡេងក្អករបស់ខ្លួនឯង ក្នុងសភាពខ្សោយខ្សោះ ។ មាណវីប្រឹងបើកភ្នែកសម្លឹងជុំវិញទាំងក្បាលឱ្យសញ្ញាឈឺខ្ទោកៗដូចត្រូវវាយនឹងដុំដែក ។ ចាប់អារម្មណ៍មុនគេ … គឺរស្មី​ពណ៌បៃតងព្រាលៗបញ្ចេញមកពីអេក្រង់ម៉ូនីទ័រ ជះពន្លឺពេញបន្ទប់ក្រោមដីដ៏សែនតូចចង្អៀតមួយនេះ ។

«កុំកម្រើក !»

សំឡេងគ្រហឹមព្រមាន​ត្រជាក់ស្រេង និងពោរពេញដោយអំណាច លាន់ឡើង​បំបែក​ភាព​​ស្ងាត់ជ្រងំ ។ ដូចស្គាល់សំឡេងនេះ ?

… ស្នងការRoy ក៏មកដល់បន្ទប់ពិសោធន៍នេះដែរ ?

គេព្រមានអ្នកណា ? គេមកជួយយើង ? ហើយពួកខិលខូចកំពុងត្រូវបានRoyភ្ជង់ ? ​

ធីតាប្រឹងងើបក្បាលឡើងសន្សឹមៗជាមួយនឹងសំណួរជាច្រើនបន្តគ្នារដឹក ​។ នៅចំពោះមុខនាងចម្ងាយមិនដល់បីម៉ែត្រ ស្នងការ Roy កំពុងឈរត្រង់ខ្លួន ដៃស្តាំ​កាន់​កាំភ្លើង​ពណ៌ខ្មៅរលោង តម្រង់ចំកណ្តាលថ្ងាសមនុស្ស​ម្នាក់ ។ 

«អធិការ … ភា … រម្យ … បែកគ្នា៥ឆ្នាំហើយ !»

បុរសដែលកំពុងឈរផ្អែកខ្នងនឹងទ្វារដែក និងឈ្មោះដែលត្រូវបាន​អតីតស្នងការRoy​រលាក់ហៅ បានញ៉ាំងឱ្យសតិធីតាវិលមករកគ្រប់យ៉ាងវិញលឿនជាងការដែលនាងរំពឹងទុក។

នារីអ្នកព័ត៌មាន​ងាកទៅសម្លឹងប្រភពទីតាំងមនុស្ស​ម្នាក់ ដែលទើបតែឮឈ្មោះកាលណា​បេះដូងនាង​លន្លង់លន្លោច ​។​​ មើលភិនភាគគេមិនទាន់ច្បាស់ព្រោះទីនោះខ្វះពន្លឺ ឃើញតែ នៅជ្រុង​ម្ខាង​ទៀត ហ្សឺឌី ដែលមានស្នាមឈាមប្រឡាក់ជាប់ចុងចិញ្ចើម កំពុងឈរឈប់ ហើយគាំងដៃ​នៅ​លើ​​ក្តារចុចកុំព្យូទ័រនាធ្នើរដែកជាប់ជញ្ជាំង ។ សភាពគេ កំពុងធ្វើការរុករកទិន្នន័យឬហែកអ្វីមួយយ៉ាងប្រញាប់ តែឃើញនាងដឹងខ្លួន ហើយឃើញស្នងការភ្ជង់មនុស្ស​ដែលទើបនឹងបង្ហាញវត្តមាន​បានជាគេអាក់ម្រាមទាំង១០ ។

ក្រែងហ្សឺឌី នៅស្រុកគេ ? គេមិនអាចមកបេសកកម្មជាមួយយើងបានហើយសន្យាការពារយើងតាមបណ្តាញ ​។ មនុស្ស​នេះ … យើងទុកចិត្តគេ១០០ភាគរយ ហេតុអីពេលដឹងខ្លួនមក គេនៅទីនេះដែរ ?

ក្រសែភ្នែកHackerសម្លឹងទៅRoyយ៉ាងថ្លាឆ្វង់ហាក់កំពុងរកមធ្យោបាយណាមួយ​មក​តទល់​ជាមួយសភាពការណ៍តឹងតែងនេះ ។

«បង Roy … មិញ … ហៅអ្នកណា ?»

ទាំងក្បាលនៅឈឺណាស់ ទ្រូងក៏អួល … ស្រីអ្នកកាសែតរេ ធីតាត្រដរសួរ តិចៗខ្សោយៗរលកនៃភាពរន្ធត់ដំឡើងកម្រិតមួយស្រទាប់ហើយមួយស្រទាប់ទៀត …

អតីតស្នងការខ្ពស់សង្ហា​មិនទាន់ឆ្លើយអ្វី … តែនារីនេះ ហាក់បានឈប់ភ្នែកនៅជ្រុង​ងងឹត​នោះ​ទៅហើយ ។ ទំនងជាធីតាមើលស្គាល់គេ បានជាមាត់នាង​ចំហភាំងលែងសួរ ។

«បើលែងធ្វើជាស្នងការយូរហើយ … ដាក់កាំភ្លើងចុះ !»

សំឡេង … គេ … !!! … អធិការភារម្យ ?

ស្រីស្រស់រឹតតែភាំងជាមួយសំណួរខ្លួនឯង … ខណៈសំឡេងគេម្នាក់នេះមានសភាពស្ងប់ស្ងាត់តែជើងបន្តឈាន​ព្រហើនៗ ដើរមករកកាណុងកាំភ្លើង គេដឹង … ប៉ូលិសល្អដូចRoy មិនចេះតែកេះកៃទេ … ។

នៅក្រោមពន្លឺភ្លើងពណ៌សថ្លា ​… ម្ចាស់សំឡេងបង្ហាញខ្លួនជាមួយសាច់ដុំថ្គាមឡើងទម្រង់រឹងមាំ ជាសក្ខីនៃអារម្មណ៍មួយតានតឹង ។ … គេ … ចាស់ជាងមុនតិចតួចណាស់ …​ បើធៀបនឹងពេលវេលា៥ឆ្នាំ … នៃការបាត់ខ្លួនទៅ …

ជាមួយប្អូនប្រុសគេ ។

«ភារម្យ ?????»

ស្រីថ្លៃ​ស្រែកខ្លីដង្ហោយហៅគេ … តែបុរសនេះមិនងាក … ដូចជាគេបានតាំងចិត្ត​ជាស្រេចមកហើយ … ថា … បើថ្ងៃណាមួយ … ពួកយើងជួបគ្នា ​…ប្រុសម្នាក់នេះ … នឹង​ត្រូវធ្វើយ៉ាងណាចំពោះនាង ?

ប្រហែលជាមានតែ Roy ដែលនៅជិតភារម្យបំផុត​ទើបអាចឃើញទុក្ខសោកពិតប្រាកដ ពេលអតីតអធិការមិចភ្នែក​បន្លប់ ធ្វើដូចមិនឮសំឡេងដង្ហោយរបស់ស្រីស្អាត ។

«គ្រប់គ្នា​មានសិទ្ធិកម្ទេច​រនុកក្នុងរបស់បណ្តាញម៉ាហ្វៀ !»

Roy ឆ្លើយឡើងខ្លី តែមុតៗ ញ៉ាំងឱ្យម្នាក់ៗងាកមក​សម្លឹងអតីតអធិការដែលបាន​បាត់ខ្លួនទៅ និងចុងក្រោយហ្សឺឌី រេភ្នែកផ្តោតលើធីតា ។

នាង​ក្រោកមកហើយ … បានន័យថា ជាតិថ្នាំកំពុងរំសាយចេញពីឥទ្ធិ     ពលស្មារតីរបស់នាង ?

Hacker មិននិយាយអ្វីសូម្បីតែមួយម៉ាត់ណា ប៉ុន្តែ … គេដឹងថា សភាពការណ៍នេះ តឹងជាងអ្វីៗដែលគេធ្លាប់គ្រោងមក ។

«ឈប់ត្រង់ហ្នឹង !»

Roy គំហក ញ៉ាំងឱ្យុភារម្យ​ឈប់ដំណើរ ខណៈកាណុងកាំភ្លើងនៅតែតម្រង់ជាប់ម៉ឺងតែមិនបាញ់នៅឡើយ ។  នាយប៉ូលិសអតីតស្នងការដ៏មានបទពិសោធរូបនេះ ទោះជាបច្ចុប្បន្នគេ​លែងកាន់តួនាទីចាស់ហើយ ក៏គ្រប់គ្នាដែលស្គាល់ នៅតែហៅគេជាញឹកញាប់ថា ស្នងការ Roy ដដែល ។

ចួបគ្នាសប្តាហ៍ក្រោយ !

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*