ក្រសែភ្នែករលោងស្រអាប់របស់គេ មិនបង្ហាញអារម្មណ៍អ្វីទាំងអស់ ក្រៅពីការត្រៀមកេះកៃបញ្ចប់មនុស្សប្រុសនៅពីមុខគេ ។
ប្រោក ! ធីតាកេះកៃ …
«ដាក់កាំភ្លើងចុះ !»
នាងនិយាយត្រជាក់ស្រេង … ញ័រៗ … ខ្សោយៗ … តែម៉ឺងម៉ាត់ ហើយកាំភ្លើងនាងភ្ជង់គេ ។ ស្រីម្នាក់នេះ … ធ្លាប់ជាមនុស្សគោរពច្បាប់ ហើយមាន សច្ចធម៌បំផុត ក្នុងចំណោមមនុស្សស្រីទាំងអស់ដែលគេបានស្គាល់ ។ Roy រេភ្នែកសម្លឹងចុងកាំភ្លើងស្រីស្អាតដែលភ្ជង់មកគេយ៉ាងដាច់ធម៌មេត្តា បង្ហាញថា … ក្នុងគ្រាតក្កមា … ចិត្តនាង … បេះដូងនាង … ទើបតែក្រោកឡើងមកកាលណា … ក៏មិនភ្លេចការពារមនុស្សប្រុសម្នាក់នេះ … ម្នាក់ដែលបានបាត់ទៅ៥ឆ្នាំ … គ្មានព័ត៌មាន … គ្មានដំណឹងសូម្បីមួយចម្រៀក … ហើយវេលានេះ គេវិលមកវិញ … ក្នុងសភាព … មិនព្រមសូម្បីក្រឡេកមើលវត្តមាននាង … ឯនាងក៏នៅតែព្រមជ្រើសយកគេ … ??????
នៅក្នុងវិនាទីដ៏គ្រោះថ្នាក់នេះ … ហ្សឺឌី រឹតផ្អាកទម្លាក់ម្រាមចេញពីបន្ទះ កុំព្យូទ័រដោយមិនដឹងខ្លួន ។ ប្រតិកម្មធីតាការពារភារម្យ ជាប្រតិកម្មដែលមិនមានអ្នកណា អាចដកដង្ហើមស្រណុកបានឡើយ ក្នុងចំណោមមនុស្សប្រុសពីរនាក់ដែលស្គាល់នាងច្បាស់ ។
ហ្សឺឌីគ្រហែមនិយាយ ៖
«System បន្ទប់នេះនឹងសាយឧស្ម័នពុល យ៉ាងយូរបំផុត១០នាទីទៀត ! »
ធីតារេមុខតែបន្តិច តែភ្នែកនាងបង្ហាញកិរិយាស្រឡាំងកាំងនឹងព័ត៌មាននេះ … ។ ស្រីលេបទឹកមាត់ រេភ្នែកសម្លឹងហ្សឺឌី … សម្តីគេដូចជាកំពុងក្រើន រំឭកនាងមកវិញថា មុននេះ … ហេតុអីនាងមកដល់ទីនេះ … ហើយហេតុអីបានជានាងសន្លប់ … ។
ស្រីស្រស់ជ្រួញថ្ងាសដែលនៅឱ្យសញ្ញាឈឺស្រវាំង … ទោះជាប្រឹងប្រមូលការចងចាំថា … តើនាងមកដល់ទីនេះដោយរបៀបណា ? តែស្រីនៅតែជម្នះភ្ជង់បង្ខំអតីតស្នងការ ឱ្យទម្លាក់កាំភ្លើងជាមួយវាចាច្បាស់ៗ ៖
«បងRoyដាក់កាំភ្លើងមុន ! យើងត្រូវការនិយាយគ្នា !»
មនុស្សដែលនាងខានឃើញ ខានឮដំណឹងជាយូរមកហើយ គឺភារម្យ … ពេលនេះ ជីវិតគេ បែរជាស្ថិតនៅលើចុងកាណុងអតីតស្នងការជាអ្នកសម្រេចទៅវិញតើមកពីហេតុអី ? នាងមិនមានពេលគិត ដឹងតែម្យ៉ាង នាងចង់ការពារគេ ។
«ក្នុងចំណោមពួកយើងទាំង៤ … មានម្នាក់ជារនុកក្នុងរបស់អង្គការ L-34 ហើយអ្នកនោះ … មានលេខកូដបើកទ្វារចេញ !» Royបញ្ជាក់ ។
«ហើយក៏មកសង្ស័យថាខ្ញុំ ?» ភារម្យឆ្លើយដោយសើចចំអកតិចៗ សឹងមើលមិនឃើញសំណើចតាមមាត់ តែបែរជាបង្អួតភាពមិនខ្លាចស្លាប់ តាមរយៈពន្លឺភ្នែកដែលសម្លឹងបកទៅកាណុងកាំភ្លើងរបស់ Roy ។
ចាប់តាំងពីថ្ងៃដែលធីតាតែម្នាក់គត់បានឃើញបុរសខ្មែរមកពីទឹកដីជ្រោះជ្រងម្នាក់នេះ យកទ្រូងរងគ្រាប់កាំភ្លើង ដែលបាញ់នាងដោយដៃប្អូនប្រុសគេផ្ទាល់ ធីតា មិនដែលបានឮតម្រុយណាមួយអំពីពួកគេទៀតនោះឡើយ សូម្បី
តែបន្តិចណា ។
៥ឆ្នាំមកនេះ … យប់នេះ ជាការជួបគ្នាវិញក្នុងស្ថានភាពដែលគ្មានអ្នកណាស្មានបាន ។
ខណៈដែលស្រីអ្នកកាសែត សម្លឹងអតីតអធិការ ដោយរន្ធត់ពិភាល់លាយឡំគ្នា … ភ្នែកគេក៏ស្រាប់តែរេចោលកាណុងកាំភ្លើង មកសម្លឹងនាងវឹប ។
ស្រីស្អាតប៉ប្រិចភ្នែក … ភាពស្រងូតនៅក្នុងជម្រៅកែវភ្នែកបុរសនេះ បានឆ្លើយតបមកគ្រប់សំណួរ … គ្រប់យ៉ាងដែលនាងសួរខ្លួនឯង … ។
មិនញញឹម … មិនទោមនស្ស … ភារម្យសារជាថ្មី បញ្ចេញអាការហាក់បីដូចជាមិនខ្វល់អ្វីពីនាងទៀត ដោយគេគ្រវីស្មាឌឺដងដាក់ Roy ៖
«ចោទខ្ញុំច្រើនហើយ … ដល់វេនខ្ញុំ … ដាក់សំណួរវិញម្តង ! … ចុះបើខ្ញុំយល់ថានេះ ជាឆាកដែលប៉ូលិសរៀបចំដើម្បីសម្លាប់សាក្សីបំបាត់ព័ស្តុតាង ?»
«ត្រូវ !» ហ្សឺឌីបន្ថែមពីក្រោយ ។ គ្មានអ្នកណាងាកមើល Hacker សង្ហាមកពីវិមានក្រអូបទេ ។ ព្រោះអតីតស្នងការ និងអតីតអធិការ កំពុងសម្លក់គ្នា ដូចតោពីរដណ្តើមចំណី ។
«ធីតា !» ហ្សឺឌីពោល ៖ «Firewall នេះកម្រិតខ្ពស់កប់ពពក ! បើគ្មានអំណាចលំដាប់នាយឧត្តមសេនីយ៍ គ្មានបង់បត់បំបាំងកាយណា លបសង់កើតទេ !»
ក្រឹប !
Roy កាច់កៃកាំភ្លើង ។ ដង្ហើមគ្រប់គ្នាក្នុងបន្ទប់ដាច់ភឹង … ស្ងាត់ … ទោះយ៉ាងណា ស្នងការ មិនមែនកេះបាញ់ទេ …
«គ្មានអ្នកណាអាចចូលមកក្នុងមន្ទីរពិសោធន៍នេះបានទេ បើគ្មានលេខកូដឯកសិទ្ធិខ្ពស់បំផុត របស់សម្ព័នម៉ាហ្វៀរុស្ស៊ី !» Roy បន្លឺឡើងដោយក្តាប់កាំភ្លើងណែន ហើយសំឡេងគេតឹងតែង ភ្នែកបង្កប់ដោយការសង្កេតយឺតៗមិនប្រហែស ។ គេឈប់នៅត្រឹមហ្សឺឌីម្នាក់ទៀត ៖
« … ឯង … Hacker ដែលមានឈ្មោះល្បី សមត្ថភាពកំពូល តែមិនរារាំងការ Hack ពីខាងក្រៅបាន ? ឬមួយ … កំពុងមកបន្លំធ្វើជារងគ្រោះ ?»
ហ្សឺឌីឈប់វាយ Keyboard មួយភាំង គេងាកមកសម្លឹង Roy ទាំងលេចចេញស្នាមញញឹមដែលមិនទទួលយកបាននូវការចោទប្រកាន់មួយមិនសមហេតុផល ។
«កុំព្យាយាមបង្វែរដានមេ !» Hackerនិយាយឌឺៗ តាមចរិតឌឺរបស់គេ
«ប្រព័ន្ធការពារនៅឯណេះ មានកម្រិតបច្ចេកទេសខ្ពស់ស្មើបញ្ចកោណ ! មេក៏ដឹងថា ខ្ញុំមិនអាចធ្វើការពីរក្នុងពេលតែមួយទេ ! ការពារធីតាផង … ចាប់មនុស្សពីរនាក់ទៀត មកដាក់ក្នុងបន្ទប់នេះបានដំណាលគ្នាទេ !»
ថាហើយហ្សឺឌីបន្តសម្លឹងចំកែវភ្នែកRoy ស្វែងរកភាពកុហកផង និយាយឌឺបន្ថែមរដឹកដោយងក់ក្បាលផ្ងក់ៗផង ៖
«ម្យ៉ាងទៀត … បើខ្ញុំជារនុកក្នុង … ខ្ញុំចាំបាច់អីមកនៅទីនេះ ឱ្យមេភ្ជង់កាំភ្លើងលេង ?»
ធីតាដកដង្ហើមវែងៗ ព្យាយាមរក្សាស្មារតីឱ្យនឹងនរ ។ នាងសម្លឹងមើល
បុរសទាំងបីម្តងម្នាក់ៗ។
ពួកគេមិនមែនសង្ស័យគ្នា ១០០% ដល់ថ្នាក់ចង់សម្លាប់គ្នាទេ តែពួកគេកំពុង “អាន” គ្នាទៅវិញទៅមក ។
គ្រប់ពាក្យសម្តី សុទ្ធតែមានការគណនា មានទិន្នន័យ មានហេតុនិង ផល ។ ធីតាដឹងថា បើសិននាងបង្ហាញភាពភ័យខ្លាច ឬភាពទន់ខ្សោយ នោះ នាងក៏អាចនឹងក្លាយជា “ជនសង្ស័យ” ទីពីរបានដូចគ្នា ។
«គ្មានអ្នកណាក្នុងចំណោមពួកយើងជា រនុកក្នុងរបស់ពួកL-34 ទេ !»
ភារម្យដែលឈរនៅមួយចំហៀង និយាយឡើងដោយសព្ទសំឡេងស្ងប់ស្ងាត់មួយ ។ គេមិនបានកាន់អាវុធពិតមែន តែអាកប្បកិរិយារបស់គេ ធ្វើឱ្យ Roy និងហ្សឺឌី ងាកមកចាប់អារម្មណ៍មួយរំពេច ។
«ព័ស្តុតាងអី ?» Roy សួរវឹង … ដោយភ្នែករវៀសមិនទុកចិត្ត ។
ភារម្យមិនតប តែម្រាមគេចង្អុល ហើយងើយមុខសំដៅទៅលើលេណដ្ឋានដែលលាក់កាមេរ៉ាខ្នាតតូចគ្រប់ជ្រុង ។
ហ្សឺឌីរេភ្នែកគិត … គេដឹងថា ក្រុមណាមួយ ឬហោចណាស់ នរណាម្នាក់កំពុងមើលមកអ្នកទាំង៤ ដូចជាសត្វនៅក្នុងទ្រុង ។ ម្នាក់នោះអាចទេ … កំពុងតែចង់ឃើញថា តើពេលដែលប៉ូលិស និងអ្នកជំនាញបច្ចេកវិទ្យាអស់សង្ឃឹម គេនឹងធ្វើអ្វីដាក់គ្នាទៅវិញទៅមកដូចក្នុងកុន ?
ពេលអតីតស្នងការRoy ទម្លាក់ភ្នែកគិត ហ្សឺឌីម្រាមគេចាប់ផ្តើម Hack ទៅលើប្រព័ន្ធកាមេរ៉ា ។ ធីតាស្ទុះមកពេលដែល ផ្ទៃមុខរបស់គេប្រែជាស្លេកក្រោយម្រាមបានធ្វើការ មិនដល់ប៉ុន្មានវិនាទី ។
«អា … ចោល … … … »
«ពូផន ???» ធីតាសួរដោយតក់ស្លុត ។
ចួបគ្នាសប្តាហ៍ក្រោយ !


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ