គេជារបស់ខ្ញុំតែម្នាក់! (តំណាលដាហ្ស៊ី)
កាលបងវេហាប្រាប់ខ្ញុំថា បព្វតាជាប្រភេទមនុស្សប្រុសអ្នកមានដែលនិយមប្រព្រឹត្តចំពោះដៃគូដូចវត្ថុយ៉ាងឈឺចាប់និងទារុណខ្ញុំភ័យណាស់ រហូតដល់ដោះចិញ្ចៀនគេចេញពីម្រាម ។ តែយប់នេះ ខ្ញុំឃើញអារម្មណ៍ឆេវឆាវខ្លួនឯងដែលចង់គ្រប់គ្រងជាឯកសិទ្ធិលើជីវិតនិងរាងកាយ បេះដូងរបស់គេ ខ្ញុំមានអារម្មណ៍ថា គេ … ព្រមគ្រប់យ៉ាង … គេទំយើខ្ញុំ … ហើយគេឱ្យមកនូវគ្រប់អ្វី … ដែលខ្ញុំកំពុងទាមទារចង់បាន ។
ខ្ញុំក្តិចម្រាមគេដែលលូកមករារាំងដៃខ្ញុំ គេក៏គ្រលាស់បាតដៃមកចាប់យកម្រាមខ្ញុំទាំង១០ទៅគ្រងជាប់ ។ ជាមួយស្នាមញញឹមស្អាតដូចបិសាចក្នុងស្រោមទេវបុត្រ គេសម្លឹងមុខខ្ញុំស្រទន់ហើយនិយាយចំអក ៖
«ចង់ដោះអាវបង ត្រូវយកមាត់ដោះ … !»
ខ្ញុំភាំងសម្លឹងគេដោយសេចក្តីស្នេហានិងហួងហែង ។ គេញាក់ចិញ្ចើមផ្គើនខ្ញុំ ភ្នែកគេឆេះងំជាមួយក្តីស្រលាញ់មួយធំជាងអ្វីដែលខ្ញុំចង់បាន ។ នៅជាមួយគេពេលនេះ ខ្ញុំទទួលបានពេញលេញនូវអារម្មណ៍មួយលើសពីការទទួលបានសេចក្តីស្នេហាធម្មតាៗ ។
ខ្ញុំដកដង្ហើមវែងៗ រួចចាប់ផ្តើមនិយាយក្នុងសំឡេងខ្សឹបខ្លីៗឌឺដងគេវិញ
«ខ្ជិលណាស់ !»
ខ្ញុំថាហើយញញឹមស្រស់ រលាស់ដៃចេញពីគេ រេខ្លួនបម្រុងចុះចោលស្នេហារបស់គេទាំងកណ្តាលទី ដូចដែលគេតែងធ្វើចំពោះខ្ញុំ … តែតាមពិតទៅ ខ្ញុំចង់ដឹងខ្លាំងណាស់ថា ពេលនេះ គេនៅនឹកអតីតរបស់គេទៀត ឬគេគិតតែពីរឿងពួកយើង ?
តែ … ដៃដ៏ក្រាស់និងរឹងមាំរបស់គេ ស្រាប់តែលោមកចាប់ក្រសោបចង្កេះខ្ញុំទាញត្រលប់ទៅវិញជាបន្ទាន់ រួចបាតដៃគេផ្អឹបរាងកាយខ្ញុំទៅលើទ្រូងគេវិញយ៉ាងកម្រោល !
«កុំទាន់អាលទៅណា … » សំឡេងគេខ្សឹបស្អកគ្រលរ ។
ជាមួយសភាពខ្ញុំដែលស្ថិតនៅលើរាងកាយគេ ហើយឆេះរោលដោយសេចក្តីស្នេហាដ៏ក្តៅសន្ធំភ្លេចគ្រប់យ៉ាងនៅខាងក្រៅ គេងើយមកភ្ជាប់បបូរមាត់គ្នាសាជាថ្មី ដូចជាមុននេះ ខ្ញុំផ្តល់ឱ្យគេមិនបានគ្រប់ ។ បាតដៃសងខាងគេទម្លាក់មកលើចង្កេះខ្ញុំ រួចអូសម្រាមដៃ មកដោះខ្សែរូតលើខ្នងខ្ញុំ ។
«ប្រពន្ធតូច … មើលមកបង !» គេដកខ្លួនពីការថើបមាត់ ហើយបញ្ជាខ្ញុំ តែខ្ញុំមានះគ្រវីក្បាលតតាត់ ។ តែតាមពិតខ្ញុំបើកភ្នែកមកសម្លឹងគេ ព្រោះចិត្តនេះចង់ស្គាល់ចិត្តគេបន្ថែមជានិច្ច ។ ដៃម្ខាង គេដោះមកុដខ្ញុំទុកទៅលើធ្នាក់សាឡុង ហើយផ្តើមច្បូតសក់ខ្ញុំដោយទឹកមុខងប់ងុល ។
ស្នាមញញឹមនិងការសម្លឹងមើលខ្ញុំដោយភ្នែកបែបនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯងមានអំណាចខ្លាំងបំផុតសម្រាប់គេ ។ ភ្នែកខ្ញុំទម្លាក់រករាងកាយខាងក្នុងអាវគេដែលមានស្នាមសាក់ និងភាពរឹងមាំលើស្មា គួរឱ្យនឹក គិត ។ គេក៏តាមដានដឹងពីគោលដៅភ្នែកខ្ញុំ ហើយញញឹមពិសពុល ។
«អូខេ មេធ្មប់តូច ! ឃ្លានប៉ុនណា យកប៉ុណ្ណឹងទៅ អូន !»
គេប្រើដៃម្ខាង ដោះឡេវអាវខ្លួនឯងថ្វាយរាងកាយគេមកឱ្យខ្ញុំជាមួយផ្ទៃមុខក្រហមរងាល ។ ខ្ញុំខាំមាត់ ក្តិចខ្ញាំគេ ហើយតបត ៖
«អត់ត្រូវការទេ !»
គេសើចខឹកៗ ហើយលើកខ្ញុំទម្លាក់មកនៅពីក្រោមវិញ ។ យប់នេះ នៅទីនេះ … យើងបានក្លាយជារបស់គ្នាទៅវិញទៅមក គ្មានល្បិចកល គ្មានឆាកល្ខោន និងគ្មានលក្ខខណ្ឌអ្វីទាំងអស់ ។
រាល់ការទាមទាររបស់ខ្ញុំ គឺជានិមិត្តរូបនៃសេចក្តីស្រលាញ់ដែលធំជាងការគ្រប់គ្រង ហើយគេផ្តល់ឱ្យខ្ញុំគ្រប់យ៉ាងដោយពេញចិត្ត ក៏ជាវិធីសាស្ត្រមួយយើងទាំងពីរបានបើកចំហរបួសផ្លូវចិត្តដាក់គ្នាទៅវិញទៅមកយ៉ាងស្មោះត្រង់ ។
នៅពេលដែលខ្ញុំសម្រេចចិត្តថាខ្លួនឯងគឺជា «ម្ចាស់» នៃហ្គេមនេះ ខ្ញុំមិនមែនគ្រាន់តែទាមទាររាងកាយឬស្នេហាពីគេនោះទេ តែខ្ញុំកំពុងទាមទារ «ការជឿជាក់» ។
មនុស្សជាច្រើននៅជាមួយគ្នា តែមិនដែលយល់ចិត្តគ្នា ឯខ្លះទៀតស្គាល់ចិត្តគ្នា តែមិនបាននៅជាមួយគ្នា ។ បងទីន … និងខ្ញុំ សំណាងជាងពួកគេទាំងនោះ ។
ស្នេហាមួយនេះបានបញ្ជាក់ឱ្យគេដឹងថា រាល់ស្លាកស្នាមអតីតកាលដែលគេធ្លាប់ឆ្លងកាត់មិនអាចធ្វើឱ្យគេបាត់បង់តម្លៃក្នុងកែវភ្នែកខ្ញុំបានឡើយ ហើយសម្រាប់ខ្ញុំ គេមិនមែនជាសេដ្ឋីមានកប់អាកាស តែត្រឹមជាបុរសឯកោម្នាក់គ្មានជម្រកពិតប្រាកដ ហើយគេរស់វិលវល់ក្នុងការភាន់ច្រឡំ ។
ដង្ហើមយើងទាំងពីរ បានក្លាយជាបទភ្លេងដ៏ស្ងប់ស្ងាត់មួយនៅក្នុងបន្ទប់តូចនេះ ។ យើងមិនបាននិយាយអ្វីច្រើនទេ ព្រោះពាក្យសម្ដីអ្វីក្តីក្នុងពេលនេះ ក៏មានអត្ថន័យទាបជាងអ្វីដែលយើងកំពុងជឿទៅហើយ ។
នេះមិនមែនជារឿងត្រឹមតែជាកិច្ចសន្យាផ្នែករាងកាយឡើយ តែជាកិច្ចសន្យានៃបេះដូង និងព្រលឹងពីរក្នុងជីវិតតែមួយ ។
«អរគុណអូន … ធ្វើឱ្យបងស្គាល់របៀប ដែលប្រុសម្នាក់ត្រូវបានស្រីម្នាក់ស្រលាញ់ !»
ខ្ញុំមិនឆ្លើយ តែខ្ញុំបានឱបគេយ៉ាងណែន ។ នៅក្នុងរាត្រីដំបូងនេះ ពួកយើងមិនត្រឹមតែបានស្គាល់រាងកាយគ្នាទេ តែយើងបាន «មើលឃើញ» មុខរបួសរបស់គ្នាទៅវិញទៅមក ។ ភាពរោលរាលដែលធ្លាប់តែជាអាវុធសម្រាប់វាយប្រហារនៅក្នុងតណ្ហារវាងមនុស្សលោក បានប្រែមកជាភាពកក់ក្តៅដែលចាក់បញ្ចូលបំពេញឱ្យគ្នា ។
មានអ្នកណាខ្លះមានស្នេហារបៀបពួកយើង ?
ជំងឺចាស់ដែលលាក់ខ្លួន រើឡើងមកវិញ (តំណាលដាហ្ស៊ី)
បន្ទាប់ពីរាត្រីដ៏វែងឆ្ងាយ ផ្អែមជាងទឹកឃ្មុំនៅក្នុងរោងពុម្ពចាស់ ពួកយើងបានត្រលប់មកដល់ភូមិគ្រឹះវិញនៅថ្ងៃត្រង់បន្ទាប់ ។
ខ្ញុំបានទទួលម៉ាក់និងប៉ា នីកូល មកញ៉ាំបាយសំណេះសំណាលបង្ហាញពួកគេថា ជីវិតរៀបការរបស់ពួកយើង គឺគាប់ប្រសើរលើសពីអ្វីដែលគ្រប់គ្នាបានឃើញនៅក្នុងពិធីចុះអេតាស៊ីវិល ។
ល្ងាចមកដល់ ខ្ញុំអង្គុយបត់សម្លៀកបំពាក់រដូវរងា និងរ៉ូបស្អាតៗដាក់ចូលទៅក្នុងវ៉ាលិសម៉ាកល្បីពីរនៅកណ្តាលបន្ទប់តុបតែងខ្លួន ។ សំបុត្រយន្តហោះទៅកាន់ប្រទេសអ៊ីតាលី ត្រូវបានដាក់នៅលើតុ ។ បងទីនបានសន្យាថានឹងនាំខ្ញុំទៅមើលផ្ទាំងគំនូរនៅទីក្រុង Florence ថែមចំណាយពេលក្រេបទឹកឃ្មុំនៅទីនោះដោយបោះបង់ភាពវឹកវរនៅភ្នំពេញចោលចេញទៅមួយឡែក ។
ខ្ញុំញញឹម … របួសកាលពីយប់មិញ ហាក់ដូចជាត្រូវបានជូតសម្អាតអស់ទៅហើយ ។
ប៉ុន្តែ សន្តិភាពតែងតែមានអាយុខ្លីសម្រាប់មនុស្សដូចជា បព្វតា ។
សំឡេងកែងជើងដើរគោះផ្ទាល់នឹងកម្រាលថ្មម៉ាប បន្លឺឡើងពីមាត់ទ្វារបន្ទប់ដែលបើកចំហ ។ ខ្ញុំងើបមុខឡើង ។ កន្និកា ?
នាងមិនបានស្លៀកពាក់ហ៊ឺហាអួតរាងដូចមុនទេ តែនាងពាក់អាវធំពណ៌ខ្មៅ ទឹកមុខស្លេកស្លាំង តែបង្កប់នូវភាពអាថ៌កំបាំង ។ អ៊ីសាន និងអង្គរក្សរត់តាមមកពីក្រោយ ប្រុងនឹងចាប់នាងចេញ … តែប្តីខ្ញុុំដែលទើបតែចេញពីបន្ទប់ទឹក ក៏លើកដៃឃាត់ ។
«ឯងមកទីនេះធ្វើអីទៀត ?» បងទីនសួរប្អូនជីទួតមួយម្នាក់នេះក្នុងសព្ទសំឡេងត្រជាក់ស្រេប ។
កន្និកាសម្លឹងមើលវ៉ាលិសដែលបើកចំហ រួចញញឹមចុងមាត់ ៖
«ប្រុងទៅក្រេបទឹកឃ្មុំនៅអឺរ៉ុប ? Cancel Trip នេះចោលទៅ បងទីន ។ បងគិតថាវីដេអូកាលពីយប់មិញ ខ្ញុំជាអ្នកបញ្ចាំងវាដើម្បីបំបែកបង និងស្រីម្នាក់នេះមែនទេ ?»
ខ្ញុំក្រោកឈរយឺតៗ បេះដូងចាប់ផ្តើមលោតខុសចង្វាក់ ។ ប្ដីខ្ញុំនៅស្ងៀម តែសាច់ដុំថ្គាមរបស់គេកន្ត្រាក់ឡើងរបៀបកំហឹងកំពុងត្រូវបានទប់ ។
«ខ្ញុំអត់បានធ្វើទេ !» កន្និកាស្រែក សំឡេងនាងញ័រ
«វីដេអូនោះ មានតែមនុស្សម្នាក់គត់ដែលរក្សាទុក … គឺម៉ាក់របស់បង ! គាត់ជាអ្នកបញ្ជាឱ្យគេយកវាទៅបញ្ចាំងនៅរោងការ ។ គាត់ប្រាប់ខ្ញុំថា គាត់មិនត្រូវការកូនប្រសាស្រីដែលក្រីក្រ និងគ្មានប្រវត្តិគ្រួសារច្បាស់លាស់ទេ ! បើបងចង់រៀបការ គឺត្រូវរៀបការជាមួយខ្ញុំ !»
ម៉ាក់ … គ្រាន់តែពាក្យនេះលាន់ចេញពីមាត់កន្និកា ខ្ញុំសង្កេតឃើញរាងកាយដ៏រឹងមាំរបស់បុរសដែលបានឱបថ្នមខ្ញុំពេញមួយយប់ គាំងង៉ក់ដូចត្រូវគេវាយនឹងដុំដែក ។
កែវភ្នែកដែលធ្លាប់តែទន់ភ្លន់ដាក់ខ្ញុំរហូតមកនេះ ស្រាប់តែប្រែជាទទេស្អាត ។ … ជាភាពទទេស្អាតដែលពោរពេញដោយ ភាពភ័យខ្លាច ភាពឯកោ និងកំហឹងដែលកប់ជ្រៅបំផុត … ជាជំងឺមួយជ្រៅតាំងពីគេនៅក្មេង ។
«និយាយម្តងទៀត ?»
បងទីនដើរទៅរកកន្និកា ហើយបញ្ជាស្រាលៗឡើងបែបនេះ ។ សង្កេតឃើញថា បាតដៃរឹងមាំរបស់គេដែលធ្លាប់អង្អែលសក់ខ្ញុំ កំពុងតែញ័រទទ្រើក
«ម៉ាក់បង !!! កំពុងរង់ចាំបង ! តែបើបងចង់ចួបគាត់ បងត្រូវទៅឥឡូវ !»
គេចាកចេញមែន … គេមិនបានសូម្បីងាកមកមើលខ្ញុំ ដង្ហើមគេហក់ញាប់ជំងឺផ្លូវចិត្តរបស់គេដែលខ្ញុំខំប្រឹងប្រើក្តីស្រលាញ់ព្យាបាលគេពេញមួយយប់ បានរើឡើងមកវិញក្នុងទំហំមួយដែលខ្ញុំនឹកស្មានមិនដល់ ។ គេទាញអាវធំពីលើសាឡុង រួចដើរចេញទៅក្រៅយ៉ាងលឿនសឹងតែស្មើរត់ ដោយមានកន្និកាដើរតាមពីក្រោយ ។
«បងទីន … » ខ្ញុំហៅគេ សំឡេងខ្សោយៗ ស្ទើរតែមិនឮដល់មាត់ទ្វារ ផង ។ គេមិនបានងាកក្រោយទេ ព្រោះថា គេមិនឮអ្វីទាំងអស់ … ស្នូរជើងរបស់គេ និងកន្និកា ចេញទៅឆ្ងាយបន្តិចម្តងៗ រហូតដល់បាត់សំឡេងឡានបរចេញពីភូមិគ្រឹះ ។
ខ្ញុំសល់នៅម្នាក់ឯង … កណ្តាលបន្ទប់ដ៏ធំល្វឹងល្វើយនេះ សម្លៀកបំពាក់នៅក្នុងវ៉ាលិសដែលត្រៀមសម្រាប់រាត្រីទឹកឃ្មុំដ៏សែនរ៉ូមែនទិក ពេលនេះមើលទៅហាក់ដូចជាការសើចចំអកដ៏ ជូរចត់បំផុត ។
ទឹកភ្នែកដែលខ្ញុំគិតថាស្ងួតអស់ទៅហើយ ស្រាប់តែស្រក់ចុះមកម្តងទៀត តែលើកនេះ មិនមែនជាការយំដោយសារការប្រចណ្ឌ ឬការត្រូវគេបង្ខិតបង្ខំ តែជាភាពអស់សង្ឃឹមដ៏ធ្ងន់មួយ ។
របួសរវាងខ្ញុំ និងគេ កាលពីយប់មិញ ត្រូវបានព្យាបាលជាសះស្បើយហើយ ។ ពួកយើងបានយល់ចិត្តគ្នា បានក្លាយជារបស់គ្នាទៅវិញទៅមក ។ ប៉ុន្តែ … ខ្ញុំភ្លេចគិតថា បព្វតា ទីន មិនមែនគ្រាន់តែមានរបួសលើស្បែកទេ គេមាន «ជំងឺមហារីកផ្លូវចិត្ត» ដែលចាក់ឫសយ៉ាងជ្រៅដោយសារ ពាក្យថា «ម្តាយ» ក្នុងជីវិតរបស់គេ ។
ពេលដែលជំងឺចាស់របស់គេរើឡើង … គេបានបោះបង់ខ្ញុំចោលកណ្តាល ទីដោយមិនស្ទាក់ស្ទើរទេ មែនទេ ? គេជួយខ្លួនគេមិនបានផង គេម្តេចនឹងមានពេលមកយល់អំពីខ្ញុំក្នុងសភាពដូចពេលនេះ ? តើខ្ញុំជាចំណែកអ្វីឱ្យប្រាកដនៅក្នុងជីវិតគេ ? តើខ្ញុំគ្រាន់តែជាថ្នាំបំបាត់ការឈឺចាប់បណ្ដោះអាសន្ន ពេលដែលគេគ្មានអ្នកណា ? ឬខ្ញុំគ្រាន់តែជាកូនសត្វដែលគេចិញ្ចឹមទុក តែអាចបោះបង់ចោលបានគ្រប់ពេលដែលម្ចាស់ពិតប្រាកដរបស់គេត្រលប់មកវិញ ?
ខ្ញុំឱបជង្គង់ខ្លួនឯង សម្លឹងមើលសំបុត្រយន្តហោះទៅអ៊ីតាលី ។ នៅក្នុងសង្គ្រាមនេះ ខ្ញុំអាចតទល់នឹងស្រីកំណាន់ ខ្ញុំអាចតទល់នឹងគូសត្រូវជំនួញ … តែខ្ញុំមិនអាចតទល់នឹង «ម្តាយ» ដែលជាអ្នកបង្កើតបិសាចម្នាក់នេះបានឡើយ ។ អ័រម៉ូនគេ ពេញដោយរូបស្ត្រីម្នាក់នោះ ស្ត្រីដែលបន្សល់ទុកនូវការចង់បានដ៏ធំមួយក្នុងជីវិតគេ !
បេះដូងខ្ញុំឈឺ … ឈឺជាងការត្រូវគេធ្វើទារុណកម្មលើរាងកាយទៅទៀត ខ្ញុំយំ … យំមិនចេះស្ងួត … តែរំពេចនោះ ស្រាប់តែទឹកភ្នែកខ្ញុំស្ងួតកកនៅលើថ្ពាល់ ពេលដែលខួរក្បាលខ្ញុំលោតភ្លែត … នឹកឃើញដល់រឿងមួយ !
«មនុស្សប្រុសដែលរឹងមាំបំផុត … តែងតែលាក់បិសាចដែលទន់ខ្សោយមួយនៅក្នុងខ្លួន ។» «បើកូនរត់ចេញចោលគេ … គេនឹងក្លាយជាបិសាចពិតប្រាកដ !»
ពាក្យសម្ដីរបស់គាត់លោតកាត់ខួរក្បាលខ្ញុំម្តងមួយឃ្លាៗ ញ៉ាំងខ្ញុំឱ្យត្រូវក្រោកឈរឡើងមកភ្លាមៗឥតព្រាងទុក ???
ចួនគ្នាណាស់ ! ចិញ្ចៀនគាត់ ក៏ដូចនឹងចិញ្ចៀនរៀបការរបស់ខ្ញុំ ?
ខ្ញុំភ្នែកបើកធំៗ ។
គាត់មែនទេ ? ស្ត្រីអភិជនចម្លែកដែលមើលទៅដឹងរឿងគ្រប់យ៉ាង … គាត់យល់ពីបងទីនច្បាស់ជាងអ្នកណាៗទាំងអស់ ។ ទេ ! សភាពគាត់ដែលលាបក្រែមឱ្យខ្ញុំ … គាត់មិនមែនជាសត្រូវទេ … គាត់គឺ ម៉ាក់របស់ទីន ! ចុះហេតុអ្វីកន្និកាប្រាប់ថា គាត់ជាអ្នកបញ្ជាឱ្យបញ្ចាំងវីដេអូនោះ ដើម្បីបំបែកពួកយើង ? ហេតុអ្វីគាត់ហៅទីនទៅចួបក្នុងពេលដ៏តានតឹងនេះ ?
ខ្ញុំដកដង្ហើមវែងៗងក់ក្បាល …
ម៉ាក់របស់ទីន កំពុងតែសាកល្បងបេះដូងខ្ញុំ ? ហើយខ្ញុំនៅបន្តអង្គុយយំនៅមុខវ៉ាលិសនេះ ?
«ទេ … បព្វតា ទីន ជាស្វាមីខ្ញុំ ! ខ្ញុំស្រលាញ់គេ !»
ខ្ញុំខ្សឹបប្រាប់ខ្លួនឯងដោយភាពម៉ឺងម៉ាត់ ។ ហើយរុញវ៉ាលិសនោះចេញដើរទៅទាញទូរសព្ទចុចហៅទៅមនុស្សជំនិតបំផុត ។
«អាឡូ អ៊ីសាន !» សំឡេងខ្ញុំលែងញ័រ លែងជាកូនក្រមុំដែលពេញដោយការភ័យខ្លាចដូចកាលពីម្សិលទៀតហើយ
«ជូនខ្ញុំទៅរកប្តីខ្ញុំឥឡូវនេះ … ខ្ញុំត្រូវការហៅគេត្រលប់មកវិញ !»
ចួបគ្នាថ្ងៃអាទិត្យនេះ !


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ