រឿង៖ នាងនិងគេ (ភាគ៤៥)

ម៉ាក់ដែលខ្ញុំរង់ចាំអស់២០ឆ្នាំ (តំណាលបព្វតា)

ប្រាវ !!

កែវទឹកដែលមីងមេផ្ទះលើកមកឱ្យត្រូវខ្ញុំវាសទម្លាក់បែកខ្ចាត់ខ្ចាយពេញកម្រាលព្រំ  ។ ខ្ញុំដកដង្ហើមហក់ញាប់សឹងតែដាច់ខ្យល់ ព្រោះកំហឹងដែលស្ត្រីឈ្មោះថា «ម្តាយ» ទីបំផុតហ៊ានមកជាន់ផ្ទះកញ្ចក់មួយនេះ ជាទីកន្លែងដែលកូនប្រុសឯកាម្នាក់តែងតែដេកព្យាយាមចងចាំគាត់ទាំងក្តីឈឺចាប់ ។

នេះជាផ្ទះកញ្ចក់លាក់កំបាំងរបស់យើងនៅជាយក្រុង ជាកន្លែងអនុស្សាវរីយ៍ រវាងគេនិងខ្ញុំ ក៏ជាទីដែលគេបានសុំខ្ញុំរៀបការ … ។ ខ្ញុំខាំមាត់លើកទូរសព្ទមកចុចសារ … «ដាហ្សុី ! ចាំបងបន្តិច ! បងដោះស្រាយរឿងនេះចប់ហើយ យើងទៅអ៊ីតាលី !»

សរសេរចប់កាលណា ខ្ញុំស្រែកឡូឡាដោយកំហឹង «នៅឯណា ??? ចេញមក !!!»

ក្នុងខួរក្បាលខ្ញុំ … គំនុំ ជំងឺផ្លូវចិត្ត និងវិបត្តិគ្រួសារដ៏ឈឺចាប់ជាច្រើនឆ្នាំមកនេះ នឹងត្រូវបញ្ចប់នៅកន្លែងនេះ ពេលនេះ ម៉ោងនេះ !!! គាត់បានទៅចោលខ្ញុំមិនងាកក្រោយទេ … ឥឡូវខ្ញុំមានអ្នកដែលស្រលាញ់ខ្ញុំជំនួសគាត់ហើយ គាត់ត្រលប់មកវិញធ្វើអ្វី ?

«ម៉ាក់នៅឯណា ?» ខ្ញុំស្រែកគ្រហឹមបន្តម្តងហើយម្តងទៀត ទាំងឃើញភ្នែកខ្លួនឯងក្រហមឆ្អៅ ក្តៅងំសម្លឹងរំពៃរកមើលស្ត្រីម្នាក់ដែលខ្ញុំធ្លាប់ត្រូវការគាត់ជាទីបំផុត បែរជាគាត់បោះបង់ខ្ញុំចោលតាំងពីតូចមិនទាន់ស្គាល់អ្វីគ្រប់យ៉ាងហៅថាជីវិតកូនកំព្រា ។

តែអ្នកដែលដើរចេញមក បែរជាអភិរដ្ឋ ???

ខ្ញុំចំហមាត់ … ងាកមកមើលកន្និកា … ឱ !!! តិចលោពួកគេយកឈ្មោះម៉ាក់មកបំបែកខ្ញុំចេញពីនាង ។ ខ្ញុំលើកដៃចង្អុលមុខពួកគេរេចុះឡើងដោយគ្មានសំណួរ ។ អ្នកទាំងពីរនេះមិនបានបង្អួតទឹកមុខពិសពុលដូចនៅរោងការយប់មិញទេ ។

នៅចំពោះមុខកាយវិការសៅហ្មងរបស់ខ្ញុំ អ្នកទាំងពីរបែរជាដៀងសម្លឹងគ្នាដោយទឹកមុខស្ងប់ស្ងាត់ ហើយចំពោះកែវភ្នែកខ្ញុំ ខ្ញុំសង្កេតមួយខ្វាច់ក៏មើលឃើញចំណងនៃហើយក្តីស្រលាញ់ដ៏កក់ក្តៅមួយ កំពុងចងជាសម្ព័ន្ធរវាងពួកគេ ។

«ស្ងប់ស្ងាត់សិនទៅ ទីន !»

អភិរដ្ឋថាហើយ បានដើរមកទះស្មាខ្ញុំថ្នមៗ ។

មានអារម្មណ៍ថា នេះក៏ … ពុំមែនជាការទះស្មាបែបជាសត្រូវទេ តែជាការប៉ះពាល់របស់អ្នកដែលយល់ចិត្ត ។

«ពួកឯងលេងស្អី ?» ខ្ញុំសួរគំហកប៉ោងសរសៃក តែចិត្តនេះ … ជាសម្ងាត់គឺទទូចចង់ឃើញមុខស្រីម្នាក់នោះ គឺម៉ាក់ !

២០ឆ្នាំហើយ ខ្ញុំដឹងថា គាត់នៅរស់ !

ខ្ញុំតែងបន់ស្រន់ឱ្យគាត់វេទនាខ្វះខាត ក្ស័យធន អ្វីក្តី ឱ្យតែគាត់មកសុំវិលចូលមកក្នុងជីវិតរបស់ខ្ញុំឡើងវិញតែគាត់មិនដែលបង្ហាញមុខទេ … ហេតុអី … ថ្ងៃនេះ ???

«យើងប្រាប់ឯងចុះ … វីដេអូកាលពីយប់មិញ គឺ … »

មិនឱ្យអភិរដ្ឋនិយាយចប់ទេ ខ្ញុំលូកដៃទៅក្របួចកអាវរបស់វា ។

«យើងធ្លាប់ឆ្កួតរួចហើយ អាចង្រៃ តែសម្លាប់មនុស្ស ប្រហែលជាត្រូវសាកមើលថ្ងៃនេះហើយ !»

ខ្ញុំថាបែបនេះទៅកាន់អភិរដ្ឋ ព្រោះនៅតែគិតថា វីដេអូយប់មិញវាជាអ្នកធ្វើ ។ តែពេលកន្និកាស្ទុះមកជួយទាញដៃខ្ញុំចេញ ខ្ញុំសម្លឹងប្អូនស្រីខ្ញុំហើយសួរនាំ ៖

«ឯងដែរ ! ឯងយករឿងចាស់ៗមកចាក់ផ្សាយជាសាធារណៈ ឯងចេះខ្មាសគេទេ ?»

នាងមិនបានតប តែអភិរដ្ឋដែលរលាស់ខ្លួនរួចពីកណ្តាប់ដៃខ្ញុំ នៅតែប្រកាន់ឥរិយាបថស្ងប់ស្ងាត់ ហើយឆ្លើយមួយៗដោយទឹកមុខស្មោះត្រង់ ៖

«ឯងក៏ដឹងដែរ អាទីន ! ថាយើងធ្លាប់លង់ក្នុងរោគសញ្ញា BDSM និងភាពខ្មៅងងឹតផ្លូវចិត្តសឹងតែស្លាប់ខ្លួន ហើយកន្និកាក៏ធ្លាប់មានបញ្ហា Narcissism ស្រលាញ់ខ្លួនឯងជ្រុលរហូតដល់បំផ្លាញគ្រប់គ្នា ! ទម្រាំតែពីរនាក់យើងនេះអាចរស់នៅជាប្តីប្រពន្ធដូចគេឯងបានជាធម្មតា មានជីវិតមួយល្អឡើងវិញសាជាថ្មី យើងបានឆ្លងកាត់ការសាកល្បងផ្លូវចិត្តសឹងស្លាប់រស់ ។ គេនេះធ្លាប់ចងយើងប្រុងដុត … គេនេះ !»

អភិរដ្ឋថាចប់ហើយកាលណា គេចង្អុលទៅកន្និកាប្អូនជីទួតមួយខ្ញុំដែលកាលពីជំទង់ យើងពិតជាធ្លាប់លេងល្បែងស្នេហាឆ្កួតលីលាជាមួយគ្នាតាមបែបក្មេងមានបញ្ហា ។ ទទួលស្គាល់ថា កន្និកាពិតជា Narcissism  ដែលសែនគ្រោះថ្នាក់លើមនុស្សជុំវិញខ្លួន តែមើលទៅសភាពពួកគេដូចជា «ប្តីប្រពន្ធ» មិនខុសពីអភិរដ្ឋលើកឡើងទេ ។

«យើងមិនចង់ដឹងរឿងពីរនាក់ឯងទេ ! បើឯងនិងកន្និកាបែបហ្នឹងហើយ ឯងឱ្យបែកធ្លាយវីដេអូយប់មិញធ្វើអី ? ចង់បានអី ?»

«ពួកយើង … គិតពីឯង ! យើងមិនអាចបណ្តោយឱ្យឯងបំផ្លាញមនុស្សស្រីដែលឯងស្រលាញ់ ដោយសារតែជំងឺហួងហែងផ្ដាច់ការរបស់ឯងឡើយ អាទីន !»

ខ្ញុំគាំងភ្នែកសម្លឹងពួកគេម្តងម្នាក់ដែលមានសភាពពន្យល់ និងយល់ចិត្តព្យាយាមឈរពីមុខខ្ញុំ ។  ដៃដែលចាប់កអាវអភិរដ្ឋ ក៏ព្រមរបូតចុះបន្តិច ។ …ពួកយើងបីនាក់ជាក្មេងមានជំងឺនៅឡុងដុង យើងធ្លាប់ទៅកន្លែងនោះ … កន្លែងដែលពេញដោយមនុស្សរោគចិត្ត ហើយមានកប់ពពកចួបជុំគ្នាលេងល្បែងប្លែកៗ … ខ្ញុំមិនប្រកែកទេ … ហើយដាហ្សុីជាមនុស្សដែលខ្ញុំស្រលាញ់ … ក៏ជាការពិត !

កន្និកា ញញឹមបែបភ័យៗ ហើយនាងខ្សឹបស្រាលៗ ៖

«ម៉ាក់របស់បង គាត់ខ្លាចប្រវត្តិសាស្ត្រជាន់ដាន ។ បើដាហ្ស៊ី ជាមនុស្សស្រីដែលទន់ខ្សោយ គាត់ខ្លាចស្រីម្នាក់នោះនឹងត្រូវបងសម្លាប់ទាំងរស់ … ឬនាងនឹងរត់ចោលបង … ធ្វើឱ្យបងឆ្កួត ។ ពួកយើងត្រូវតែសាកល្បងប្រពន្ធបងឯងសិន ! … សាកល្បងឱ្យដល់ចំណុចដែលឈឺចាប់បំផុត !»

ដូច្នេះមែនទេបានជាកាលពីយប់មិញ ពួកគេបញ្ចេញវីដេអូនោះ ? វីដេអូដែលគ្រប់គ្នាគិតថានឹងវាយនាងផ្តួល បែរជាធ្វើឱ្យភាពជាអ្នកត្រួតត្រាលាក់កំបាំងក្នុងជីវិតគេ រើចេញមកបានពិតមែន ហើយមនុស្ស BDSM ដូចខ្ញុំបែរជាចាញ់ដៃគេ ព្រមឱ្យគេត្រួតត្រាយ៉ាងមានសុភមង្គល ។

តាមថា យើងជាគម្របនិងឆ្នាំងហើយ ដែលក្នុងមួយជីវិតនេះ ខ្ញុំមិនគិតថា អាចរកចួបនោះផងទេ ។

«មើលទៅអាសម្លាញ់អាប់ … »

អភិរដ្ឋចង្អុលទៅកាន់រថយន្តអ៊ីសានដែលបោលក្ឌុងមកដល់យ៉ាងព្រហើននិងកោងកាច ធៀបស្មើចរិតម្ចាស់ក្សត្រីគួរឱ្យរំភើបចិត្តដែលគេបានបញ្ចេញដាក់ខ្ញុំកាលពីយប់នៅក្នុងបន្ទប់រោងពុម្ពកំណប់ស្នេហ៍យើងទាំងពីរ

«ដាហ្សុ ី?»

ខ្ញុំរអ៊ូដោយស្ទុះទៅក្បែរកញ្ចក់សម្លឹងវិចិត្រករដ៏ Slay របស់ខ្ញុំក្នុងឈុតរ៉ូបខ្លីពណ៌ក្រហមយ៉ាងCute កំពុងដើរស្រាលៗស្ងើកលើស្បែកជើងកែងម៉ាក Valentino ក្រហមរងាលឆ្ពោះបន្ទប់នេះ ។

មានអារម្មណ៍ថា ល្អមើលហើយ !

សភាពពេលនេះ ឃើញទេពធីតាបង្ហាញវត្តមាន ខ្ញុំហាក់ភ្លេចគ្រប់យ៉ាង បែរជានឹកឃើញថា ចង់ឃើញគេ … មកចេញច្បាំងយកខ្ញុំចេញពីដៃម៉ាក់ … និងពីដៃគ្រប់គ្នា … នៅទីនេះ ! … នេះ … ជាអារម្មណ៍ពិតនៃបិសាចផ្ដាច់ការដូចខ្ញុំ … អារម្មណ៍ដែលមានគេចង់បានយើងជាខ្លាំង រហូតប្តូរចរិតដើម្បីយើង …។

«នៅស្ងៀម ឮអត់ … »

សំឡេងគេស្រួយៗសែនសិចស៊ីពេលដែលគេចង់ដោះឡេវអាវខ្ញុំកាលពីយប់មិញលាន់ពេញមួយព្រឹកមកហើយក្នុងជម្រៅបេះដូងនេះ … តែពេលនេះកាន់តែឮមកតន្ថើនស្មើទៅនឹងជំហានស្បែកជើងកែងគេ ។

«ពួកឯងចង់ធ្វើស្អី ?»

ខ្ញុំខ្សឹបសួរនេះទាំងភ្នែកចេះញញឹមហើយផ្ដោត តែសម្លឹងទៅមនុស្សស្រីច្រមក់ឈានមកកៀកឡើងៗ ។

«បងឯងលបមើលប្រពន្ធបងឯងសិនទៅ ដឹងហើយ !»

កន្និកាខ្សឹបតបមកខ្ញុំវិញ ។ ខ្ញុំដៀងភ្នែកមើលមុខនាង ។ សំណួររបស់ខ្ញុំ ឬចម្លើយរបស់នាងក្តី … អ្វីៗដូចបេះបិទនឹងអតីតកាលយើងទាំងបីកាលពីច្រើនឆ្នាំមុន … ដែលពួកមនុស្សជំទង់រោគចិត្តដូចយើងតែងប្រើមកជជែកគ្នាយ៉ាងរំភើបក្នុងបន្ទប់ប្រណីតសម្រាប់ល្បែងស្នេហ៍ជាក្រុមដ៏ឆ្កួតវង្វេង បំភ្លេចខ្លួនឯងពីពិភពលោកនេះ ជាមួយភាពអនាចារជាច្រើនសណ្ឋានដែលមនុស្សធម្មតាពិបាកនឹងស្មានដល់ ។

ទាំងនោះមានទាំងការប្រព្រឹត្ត Sex ជាក្រុម សេពថ្នាំរំភើបៗដែលសង្គមហាមឃាត់ ការប្រើហិង្សាលើអ្នកណាដែលលេងចាញ់ ហើយ … ច្រើនទៀត ។

មនុស្សដូចខ្ញុំ … អភិរដ្ឋ … កន្និកា … ច្រើនទៀត … ពួកយើងជាក្មេងដែលគ្មានអ្វីទាំងអស់ … ក្រៅតែ … ពីមានលុយ ! យើងកើតមកជាមួយអំនួតជាសង្គមជាន់ខ្ពស់ … ជិះឡានថ្លៃ … នៅផ្ទះធំ … ទៅបរទេស … ស្លៀកពាក់បែប High-End តែនៅក្រោយឆាក … ជីវិតនេះ … ខ្សោះ ។

គ្មានខ្លឹមសារ !

រៀនធ្វើអី បើយើងនឹងមានអ្វីៗជាស្រេចនៅរង់ចាំយើងទៅគ្រប់គ្រង ?

ខំធ្វើអី ? ទេពកោសល្យទាំងអស់ក្នុងលោកនេះ សុទ្ធតែយើងទិញមកបាន ?

ជំរុញទឹកចិត្តពីអ្នកណា ? បើមនុស្សដែលបង្កើតយើងមកក្នុងលោកនេះ មិនអាចធ្វើជា Idol ឱ្យយើងចង់ធ្វើជាមនុស្សល្អផង ?

ជាមួយលុយដែលច្រើនពេក … ច្រើនហួសហេតុ … យើងចង់ប្រើវាឱ្យមកជួយរំជួលអារម្មណ៍យើងខ្លះ … ក្រែងយើងនៅមានសំឡេងបេះដូងលោតនឹងគេខ្លះ !!!

ក្រាក !

ក្រោយផ្ទៃកញ្ចក់នោះ ទ្វារបន្ទប់មួយទៀតបានរបើកឡើង … គឺដាហ្ស៊ី !

ខ្ញុំអាចមើលគេពីទីនេះតាម Screen ទូរទស្សន៍ធំមួយដែលអភិរដ្ឋបានចុចបើក ។ ទូរទស្សន៍នេះភ្ជាប់ទៅបន្ទប់មួយទៀតដោយកាមេរ៉ា ។

ពេលនេះ វិចិត្រកររបស់ខ្ញុំ បានឈានជើងចូលមកដោយទឹកមុខស្ងប់ស្ងាត់ តែខ្ញុំរវល់ផ្ដោតលើមនុស្សម្នាក់ផ្សេង … គឺ … ម៉ាក់របស់ខ្ញុំ ! ស្ត្រីដែលខ្ញុំរង់ចាំមុខមាត់គាត់ច្បាស់ក្នុងខួរនេះអស់ជាច្រើនឆ្នាំ ពេលនេះផ្ទៃមុខដដែល បែរជាមានតែសម្រស់បែបកែច្នៃថ្មីយ៉ាងប្រណីត … តែខ្ញុំនៅតែចំណាំកែវភ្នែកមួយគូនោះបាន ។

បេះដូងខ្ញុំលោតសឹងតែធ្លុះទ្រូង ខ្ញុំស្ទុះទៅសង្កត់ដៃនឹងផ្ទាំងទូរទស្សន៍ … សម្លឹងមើលមនុស្សស្រីដែលសំខាន់បំផុតទាំងពីរនាក់ក្នុងជីវិតខ្ញុំ ។

«អង្គុយចុះ ដាហ្ស៊ី !» សំឡេងម៉ាក់ខ្ញុំ១០០ភាគរយ !

សំឡេងទាំងនេះ បានឆ្លងមកដល់ខ្ញុំកាត់តាមប្រព័ន្ធភ្ជាប់សំឡេងមីក្រូបង្កប់ជាមួយកាមេរ៉ាមកដល់បន្ទប់ងងឹតដែលខ្ញុំកំពុងឈរ ។

ម៉ាក់ទាញមូលប្បទានបត្រដែលមានតួលេខខ្ទង់លានដុល្លារ និងសំបុត្រយន្តហោះទៅអ៊ីតាលី ដាក់លើតុរុញទៅមុខប្រពន្ធតូចរបស់ខ្ញុំ ។

«យកទៅ ! កុំថាមើលប៉ានាង ម៉ាក់នាងសោយសុខមួយជីវិត សូម្បីនាងរៀបការប្រុសស្អាត១០នាក់ទៀត ក៏ទំនងជាមិនមានបញ្ហាអីដែរ !»

ខ្ញុំផ្ទុះកំហឹងនិងប្រចណ្ឌមួយរំពេចពេលឮពាក្យម្តាយខ្ញុំបង្គាប់ស្រីតូចរបស់ខ្ញុំ ។

«ហើយដើរចេញពីជីវិតកូនប្រុសរបស់ខ្ញុំទៅ !» ម៉ាក់និយាយទៀតដោយសំឡេងទម្លាក់ តែម៉ឺងម៉ាត់ ។

នៅពេលភ្នែកខ្ញុំរកាំដោយការឈឺចាប់ ខ្ញុំស្តាប់ឮគាត់និយាយទៀត ៖

«កូនទីនជាមនុស្សមានជំងឺ … ហួងហែង … ផ្ដាច់ការ នៅបរទេសគេហៅឈ្មោះថាជំងឺ Severe Possessive !!! វាជាតំណពូជដូចជាប៉ាគេអ៊ីចឹង ។ …កាលពីមុន ប៉ារបស់គេ ស្រលាញ់ខ្ញុំ រហូតដល់ចង់ឃុំខ្ញុំក្នុងទ្រុងមាស លែងឱ្យឃើញពន្លឺព្រះអាទិត្យ ។ ខ្ញុំក៏ស្រលាញ់គាត់និងកូនខ្ញុំ … »

ទឹកភ្នែកម៉ាក់ស្រក់ចុះមក ខណៈបេះដូងខ្ញុំហត់ ហើយរាងកាយពីលើដល់ក្រោមគាំងកក ។ ប្រពន្ធតូចរបស់ខ្ញុំមិនប៉ះសន្លឹកសែក ថែមមិនសម្លឹង តែនាងចាក់សួរបក ៖

«លោកជំទាវស្រលាញ់ស្វាមី ? ស្រលាញ់កូន ? បើមែន ម្តេចចេញចោលពួកគេ ???»

«ខ្ញុំបានចាកចេញជាមួយសម្រេចចិត្តដ៏ឈឺចាប់មួយ … ព្រោះទ្រាំដកដង្ហើមលែងបាន … មិនមែនគ្រប់អ្វីដែលយើងស្រលាញ់ … សុទ្ធតែស័ក្ដិសមនឹងនៅជាមួយនោះទេ ! … តែកូនទីន ! ខ្ញុំទុកគេឱ្យនៅជាមួយប៉ាគេ ព្រោះគេជាអ្នកស្នងមរតកតែម្នាក់គត់ »

«លោកជំទាវគិតខុសហើយ … មិនមែនគ្រប់អ្វីដែលស្រលាញ់ … សុទ្ធតែស័ក្ដិសមនឹងនៅជាមួយពិតមែន … តែនោះសំដៅលើរបស់ ! ចំណែកមនុស្ស… និយាយអំពីបេះដូង !»

ខ្ញុំបើកភ្នែកស្រឡះស្រឡំធំជាងមុន សម្លឹងមើលតួស្រីរបស់ខ្ញុំក្នុង    ទូរទស្សន៍ ។ គេតាមខ្ញុំមកដល់ទីនេះ គេមិនព្រមចាញ់ម៉ាក់ខ្ញុំងាយទេ ។ អ្វីមួយកំពុងតែកញ្ជ្រោលក្នុងបេះដូងខ្ញុំជាមួយសំណួរគ្មានសំឡេងថា … តើ … នេះមែនទេ … បេះដូងដែលមានជីវិត ? បេះដូងដែលគេគ្រប់គ្នាទទួលអារម្មណ៍ … ខុសពីកាលមុនចួបគេ … ខ្ញុំគ្រាន់តែជារាងកាយមួយស្ពឹក … មិនចង់ចួបមនុស្ស មិនចង់និយាយស្ដី … តែបើធ្វើសកម្មភាពគឺខ្ញុំចង់ធ្វើអ្វីៗលើសៗពីមនុស្សធម្មតាធ្វើ … ខ្ញុំចូលចិត្តត្រួតត្រា ព្រោះគិតថា … មានតែបែបនេះទើបគេព្រមស្រលាញ់ខ្ញុំ … មិនចេញទៅណាចោលខ្ញុំ ?

តាមពិត … ពេលនេះ … សូម្បីគ្មានខ្ញុំនៅ … ក៏គេនៅតែស្រលាញ់ខ្ញុំ ។

ខ្ញុំងាកមើលមុខកន្និកា និងអភិរដ្ឋ … ពួកគេនៅក្នុងរង្វង់ដៃគ្នា តែមើលមកខ្ញុំដោយអាណិតអាសូរ ។ តើពីរនាក់នេះដែលធ្លាប់តែឆ្កួតចិត្តដូចខ្ញុំ អាចរកឃើញសុភមង្គលពិតប្រាកដឡើងមកវិញពិតមែន ? ឬ … មួយពីរនាក់នេះ… ពិតជាចង់សាកចិត្តមនុស្សស្រីដែលខ្ញុំស្រលាញ់ជំនួសខ្ញុំ ?

ពាក្យសម្ដីរបស់ដាហ្ស៊ី បន្លឺចេញពីឧបករណ៍បំពងសំឡេង

«តើលោកជំទាវបានប្រើបេះដូងទៅព្យាបាលបេះដូងហើយឬនៅ មុនពេលសម្រេចចិត្តបោះបង់គាត់ ? ហេតុអីទៅចោលគាត់ ?»

សំឡេងនាងស្រាលសោះ តែវាចាក់ទម្លុះត្រចៀកខ្ញុំ ជ្រៀតចូលទៅដល់សរសៃឈាម និងតួរាងកាយនេះទាំងមូល ។ ខ្ញុំព្រឺរងា … ឈរគាំងនៅមុខផ្ទាំងអេក្រង់ទូរទស្សន៍ធំនោះ ភ្នែកសម្លឹងមើលកូនក្រមុំរត់ចោលរោងការរបស់ខ្ញុំដោយការស្រឡាំងកាំង ។

ប្រើបេះដូង … ទៅព្យាបាលបេះដូង ?

ខួរក្បាលខ្ញុំស្រាប់តែឆាបឆេះ លោតត្រលប់ថយក្រោយទៅកាន់គ្រប់         វិនាទី ដែលខ្ញុំបានចួប ដាហ្សុី … ហើយនឹកដល់អំពើដ៏បំពានទាំងអស់ដែលខ្ញុំបានធ្វើលើគេ …

នឹកឃើញដល់ស្នាមថើបដំបូងរបស់យើង … នៅក្រោមទងកុលាបទាំង ១០០០ ទងក្នុងហាងរបស់នាង ។ ថ្ងៃនោះ ខ្ញុំប្រើអំណាចចាប់ក្រសោបកនាងផ្អឹបបបូរមាត់ បង្ខំនាងឱ្យទទួលយករសជាតិជីវិតដ៏គ្មានអត្ថន័យរបស់ខ្ញុំ ។

ខ្ញុំគិតថាខ្ញុំកំពុង «បង្ខំ» គេ … ខ្ញុំគិតថាខ្ញុំជាម្ចាស់គេ … ខ្ញុំនឹកឃើញដល់ពេលដែលខ្ញុំរុញនាងផ្ទប់នឹងសាឡុងក្នុងបន្ទប់ស្ទូឌីយោគំនូរ ។ សំឡេងគេយំ … រើបម្រះ តែនៅពេលដែលបបូរមាត់ខ្ញុំប៉ះគេ … នៅពេលដែលរាងកាយខ្ញុំកៀកនឹងគេ ហេតុអ្វីរាងកាយគេបែរជាបញ្ចេញកម្ដៅតបតមកវិញ ? ហេតុអ្វីចង្វាក់បេះដូងគេលោតញាប់ស្មេ … មិនមែនដោយការភ័យខ្លាច តែដោយ «ភាពស្រេកឃ្លាន ចង់បានអ្វីមួយ» ដែលគេខ្លួនឯងក៏មិនដឹងខ្លួន ?

ព្រឺសម្បុររឹតខ្លាំង !

ពេលនេះ វិនាទីនេះ ខ្ញុំទើបតែភ្ញាក់ខ្លួនព្រើត ដូចមនុស្សដែលទើបតែត្រូវគេទះកំផ្លៀងឱ្យក្រោកពីសុបិនមួយដ៏យូរអង្វែង ។

បេះដូងមនុស្ស … មិនដូចជារបស់របរដែលយើងទិញដោយលុយរាប់លានដុល្លារនោះទេ ។ ក្នុងល្បែង BDSM ដ៏ខ្មៅងងឹតដែលខ្ញុំធ្លាប់លេងកន្លងមក ខ្ញុំដឹងច្បាស់ណាស់ថា … យើងមិនអាចបង្ខំអ្នកណាម្នាក់ឱ្យ «ស្រលាញ់» ការឈឺចាប់បានទេ លុះត្រាតែមានសភាវៈនៃការបរិច្ចាគ និងការប្រទានដ៏លាក់កំបាំងនៅក្នុងសរសៃឈាមរបស់ពួកគេមានមកជាស្រេច ឯបេះដូងគេក៏យល់ព្រម !

ដាហ្ស៊ី … ជាវិចិត្រករដែលមានព្រលឹងជ្រៅជាងមហាសមុទ្ទ ។ រាល់ពេលដែលគេរើបម្រះ រាល់ពេលដែលគេស្រែកថាស្អប់ខ្ញុំ … តាមពិតគ្រាន់តែជារបាំងមុខការពារខ្លួនប៉ុណ្ណោះ ។ តាមពិត នៅពេលដែលកម្ដៅរាងកាយរបស់ខ្ញុំទៅប៉ះបេះដូងគេ បេះដូងនិងបេះដូងមិនដែលកុហកទេ ។

ភាព «ចង់បាន» របស់គេបានបញ្ចេញមករកខ្ញុំ ! គេចង់ទាញស្រមោលបិសាចរបស់ខ្ញុំចេញពីជីវិតពិតប្រាកដនេះ ទើបគេស្ម័គ្រចូលមកបំពេញភាពឯកោដែលខ្ញុំមាន … ទីណាមានភាពកក់ក្តៅ … និងក្តីមេត្តា … ក្តីស្រលាញ់… បិសាចនៅមិនបានយូរទេ ។

«បើកូនស្រីមិនព្រម … » សំឡេងម៉ាក់ខ្ញុំបន្លឺឡើងកាត់ការគិតរបស់ខ្ញុំ

«កូនស្រីប្រាកដជាដឹងថា ជំងឺរោគចិត្តរបស់គេ អាចសម្លាប់កូនបានគ្រប់ពេល ដូចដែលយុវវ័យម៉ាក់ធ្លាប់ត្រូវប៉ាគេ ធ្វើទារុណកម្មរហូតដល់សឹងតែគ្មានបានដកដង្ហើមរួចឡើងមកវិញ !»

ខ្ញុំខាំមាត់ សម្លឹងមើលទៅដាហ្ស៊ី ។ តើគេ … នឹងឆ្លើយយ៉ាងណា ? ម៉ោងនេះ វេលានេះ គេដឹងភាពលាក់កំបាំងនៃជីវិតខ្ញុំអស់ទៅហើយ … គេនឹងខ្លាចដែរទេ ? … ហើយ … អូននឹងស្អប់ Psycho ម្នាក់នេះដែរទេអូន ?

មានភាគបន្ត!

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*