រឿង៖ នាងនិងគេ (ភាគ៤៦)

ចម្លើយសម្រាប់បង  (តំណាលដាហ្ស៊ី)

ម្តាយគេ … មកនិយាយរឿងអស់នេះ តើវាយឺតពេលពេកទេដឹង ? ខ្ញុំជាមនុស្សស្រីម្នាក់ដែលចង់បានខ្លាំង ហើយណាយ … ក៏លឿន ។

កាលពីមុន ខ្ញុំធ្លាប់គិតថា ស្នេហាជាមួយបងវេហាគឺជាភាពផ្អែមល្ហែមនៃជីវិត … តែពេលដែល ពួកយើងបានសេពគប់ … គេធ្លាប់បានសុំ … រឿងថើបនិងលើសពីនេះ … ហេតុអីកាលនោះ … បែរជាបេះដូងឱ្យសញ្ញា … No !!! ខ្ញុំបែរជាត្រជាក់ស្រេបដូចទឹកកក ហើយមិនមានចំណង់ចិត្តចង់បានរឿងបែបនេះជាមួយគេ ?

ស្នេហាជាមួយបងវេហា … ឆាប់រសាយ … ឆាប់ឆ្អែតឆ្អន់ត្រឹមប្រើមនោសញ្ចេតនា … បានត្រឹមជាសង្សារតែ … មិនចង់ស៊ីជម្រៅ ? តែងតែមានអ្វីម្យ៉ាង … អាថ៌កំបាំងនៃចិត្តសាស្ត្រមកដាក់គម្លាតរារាំងពួកយើង … ។

តែជាមួយបព្វតា … ខ្ញុំក៏មិនដែលយល់ខ្លួនឯងដែរថា ហេតុអ្វីបានជាខ្ញុំស្រេកឃ្លានចង់ដឹង ចង់សាក ចង់ប៉ះ … មានអារម្មណ៍ជាខ្លាំងជាមួយគេ ?

ឬខ្ញុំជាមនុស្សស្រីទន់ភ្លន់ខាងសីលធម៌ តែចិត្តសាស្ត្រភេទបែរជាចូលចិត្តមនុស្សកាច ផ្ដាច់ការ ទើបអាចទាញយកសេចក្តីត្រូវការដ៏ជ្រៅក្នុងរាងកាយនេះឱ្យកម្រើកឡើងមកបាន ?

តាំងពីល្ងាចមួយ … ភ្លៀងធ្លាក់ … បព្វតា បានដើរចូលមកក្នុងជីវិតខ្ញុំ ។

សម្រាប់វត្តមាននេះ គេមិនមែនគ្រាន់តែជាអ្នកមានអំណាច ឬជាមហាសេដ្ឋីដែលមករកប៉ាម៉ាក់ខ្ញុំដើម្បីទិញយកសិទ្ធិគ្រប់គ្រងនោះទេ តែគេគឺជាបិសាចដែលហ៊ានចូលមកដោះរបាំងមុខដ៏ក្រាស់របស់ខ្ញុំទម្លាក់ ។ គ្រាន់តែឃើញវត្តមានគេនៅនឹងមុខផ្ទះ … ភាពត្រជាក់ក្នុងទ្រូងខ្ញុំ ក៏ចាប់ផ្តើមពុះកញ្ជ្រោលចម្លែក … ដោយភាពភ័យខ្លាចផង និងភាពស្រេកឃ្លាន … លាយឡំគ្នាផង ។

ពន្យល់យ៉ាងណា បើខ្ញុំមិនទាំងយល់ពីខ្លួនឯងដែរ ?

កាលណោះ គេទុកខ្ញុំក្នុងផ្ទះកញ្ចក់ពេញមួយយប់ … មិនប៉ះពាល់ … មិនបង្ខំ តែគ្រប់ដង្ហើមចេញចូលរបស់គេ ហាក់ដូចជាកំពុងដាក់អន្ទាក់ចិត្តខ្ញុំឱ្យជាប់ចំណង ។ ប្រៀបធៀបទៅបងវេហាផ្តល់ឱ្យខ្ញុំនូវក្តីស្រលាញ់មួយដែលរាបស្មើដូចផ្ទៃទឹក តែបងទីនផ្តល់ឱ្យខ្ញុំនូវព្យុះសង្ឃរាដែលបោកបក់រហូតបេះដូងខ្ញុំរញ្ជួយចាកចេញពីលំនាំពីមុន ។

ខ្ញុំចាប់ផ្តើមយល់ហើយថា … ស្នេហាមិនមែនជាការរស់នៅជាមួយមនុស្សដែលល្អឥតខ្ចោះនោះទេ តែជាការព្រមចុះចាញ់ … ព្រមផ្តល់គ្មានលក្ខខណ្ឌ … ព្រមយល់ … សូម្បីតែមនុស្សនោះមានចំណុចខ្សោយ ព្រោះចំណុចខ្សោយរបស់យើងម្នាក់ៗ លាក់កប់ជ្រៅខ្លាំងបំផុតក្នុងរបស់យើង ហើយយើងពិបាកក្នុងការរកបានដៃគូម្នាក់នេះទៀតដែលអាចមកទទួលយក និងដាស់ផ្នែកខ្មៅងងឹតនោះចេញមកយ៉ាងពុះកញ្ជ្រោលជាមួយគ្នា ។

មួយតួខ្លួនខ្ញុំនេះ … ដែលខ្ញុំមិនធ្លាប់ដឹងថា … មនុស្សដូចគេនេះហើយ ដែលខ្ញុំចង់បានយ៉ាងខ្លាំង ។ មនុស្សដែលនៅស្អិតមិនចាកចេញពេលខ្ញុំដេញ … មិនបកស្រាយពេលខ្ញុំគិតខុសចំពោះគេ ហើយ … ឥឡូវនេះ ខ្ញុំមិនអាចឈប់ចង់បានគេនោះទេ … ខ្ញុំចង់ប្រយុទ្ធនឹងឧបសគ្គទាំងអស់ យកគេមកជារបស់ខ្ញុំ ។

«លោកជំទាវមិនជ្រាបទេថា នៅយប់មួយដែលខ្ញុំបានចួបគេដំបូង … គេបានក្លាយមកជាខ្ញុំ ចំណែកខ្ញុំ គឺជាគេ ! ពួកយើងជាចំណែករបស់គ្នាទៅវិញទៅមក ! យើងមិនរត់ចោលគ្នាទេ !»

«តែ … » គាត់យំរលោងរលើបភ្នែក …

«តែ … វាឈឺចាប់ណាស់ … ពេលដែល … គេស្រលាញ់យើង តែយើងទទួលយកមិនបាន !»

ស្តាប់ដល់ចំណុចនេះ ខ្ញុំនៅស្ងាត់បន្តិចវិញ … ព្រោះខ្ញុំបានអានអំពី BDSM ច្រើនឡើងៗ បន្ទាប់ពីល្ងាចមួយដែលបងវេហាបានមកបន្លាចខ្ញុំអំពីបព្វតា ។

ខ្ញុំបានរកឃើញរឿងសម្ងាត់មួយផ្នែកចិត្តសាស្ត្រ ដែលខ្ញុំមិនធ្លាប់ប្រាប់អ្នកណា … ឬសូម្បីតែប្រាប់ខ្លួនឯង ! នោះគឺ … រាល់ពេលដែលបងទីនខឹងសន្ធោសន្ធៅ … រាល់ពេលដែលគេ ប្រើកម្លាំងបាយសង្កត់កដៃខ្ញុំជាប់នឹងជញ្ជាំង ភ្នែករបស់គេ ដែលសម្លឹងមកខ្ញុំ … មិនមែនជាភ្នែកឃាតករទេ តែជាភ្នែករបស់មនុស្សប្រុសអស់សង្ឃឹមហើយ … ខ្វះក្តីស្រលាញ់ម្នាក់ ! គេដូចជា… កំពុងលង់ទឹក លង់ក្នុងតម្រូវការចម្លែកមួយ ហើយគ្មានអ្នកណាម្នាក់ដែលគេសង្ឃឹមថា នឹងអាចបំពេញឱ្យគេ ។

រាល់សូរសំឡេងបន្សល់ពីឈុតឆាកប៉ះគ្នារវាងខ្ញុំនិងគេ … នៅខ្ទរក្នុងការចងចាំនេះ … យប់ដែលពួកគេគំរាមចាប់នីកូលដើម្បីបង្ខំឱ្យខ្ញុំទៅរកគេដល់ផ្ទះ … ជាយប់ដែលខ្ញុំឃើញខ្លួនឯងក្នុងរូបភាពពីរ … ទីមួយ ខ្លាចគេណាស់ … ទីពីរ ចង់បានគេជាខ្លាំង … ចង់ប្រើស្នេហារបស់ខ្ញុំ បញ្ចប់ភាពផ្ដាច់ការរបស់គេ តើខ្ញុំជាអ្វីឱ្យពិតប្រាកដ ?

សំឡេងដែលខ្ញុំធ្លាប់ស្រែកដាក់គេ «ខ្ញុំ … ស្អប់ … មនុស្ស … ផ្ដាច់ការ ! មនុស្ស … ល្បិច … ច្រើន … ធ្វើអីគ្រប់យ៉ាង … ក្រោយខ្នងខ្ញុំ … »

គេវិញបានចំអកមកថា «ស្អប់ ?» សំឡេងបិសាចរបស់បងទីនដែលសើចង៉ុលៗ ហើយឌឺដងខ្ញុំ តាមពិតមិនបានធ្វើឱ្យខ្ញុំខឹងទេ … បែរជាជាប់ចិត្ត… ហើយចង់តែឮគេនិយាយក្នុងសំឡេងបែបនេះមករកខ្ញុំតែម្នាក់ ។

… ស្រមៃថា បើគេហ៊ានតែ … និយាយសំឡេងបែបនេះ ទៅរកស្រីណាផ្សេង ខ្ញុំនឹងប្រចណ្ឌដាច់ខ្យល់ស្លាប់មិនខាន ។ «តែខ្លួនអូន … អត់ប្រាប់បងអ៊ីចឹងផង … វាប្រាប់មកថា … អូនចូលចិត្ត … អូនចង់បាន … បង !» គេឃើញអ្វីមួយដែលខ្ញុំមិនឃើញខ្លួនឯង !

«ចង់បានបងមែនទេ ?»

គេសួរអ្វីមួយ … ដែលធ្វើឱ្យខ្ញុំ … ដេញដោលខ្លួនឯង ។

ខ្ញុំតបជាមួយម៉ាក់គេភ្លាមៗ ៖

«ភាពកាចសាហាវរបស់គេ គ្រាន់តែជារបាំងបិទបាំងភាពភ័យខ្លាច … គេខ្លាចពិភពលោកនេះក្បត់គេ គេខ្លាចគ្រប់គ្នាដែលគេស្រលាញ់ … ចាកចោលគេដូចអ្នក ! គេខ្លាចការត្រូវគេបោះបង់ម្តងទៀត ដូចដែល … ម៉ាក់ដែលគេស្រលាញ់និងទុកចិត្ត ពឹងផ្អែកបំផុត … ធ្លាប់បានធ្វើដាក់គេ !»

ម៉ាក់គេគ្រវីក្បាលយំគគ្រូក ។ ខ្ញុំដកដង្ហើមធំ រួចញញឹមស្រាលៗ … ជាស្នាមញញឹមមួយដែលចេញមកពីបេះដូងខ្ញុំយ៉ាងពិតប្រាកដ ហើយលូកដៃទៅរុញសន្លឹកសែកលុយរាប់លានដុល្លារ ត្រលប់ទៅរកគាត់វិញយឺតៗ ។

«លោកជំទាវគិតថា ខ្ញុំជាស្រី ជាភាគីទន់ខ្សោយ ដែលនឹងត្រូវគេធ្វើបាបរហូតដល់ស្លាប់ទាំងរស់មែនទេ ?»

ខ្ញុំសួរតបសំឡេងខ្ញុំលែងញ័រតែបង្កប់ដោយថាមពលដែលធ្វើឱ្យអភិជន ម្នាក់នេះត្រូវងើបមុខសម្លឹងមកខ្ញុំ ។

«កូនឯងនៅក្មេងណាស់ ដាហ្ស៊ី កូនឯងមិនទាន់ស្គាល់ភាពកាចសាហាវ នៃជំងឺនេះទេ … » គាត់ប្រកែក

«ខ្ញុំទេ ខ្ញុំស្គាល់ច្បាស់ជាងអ្នកណាទាំងអស់ !» ខ្ញុំកាត់ពាក្យគាត់ភ្លាមៗ ៖

«លោកជំទាវរត់ចេញ ព្រោះលោកជំទាវចាត់ទុកការហួងហែងរបស់ប៉ាគេ គឺជាទ្រុងដែក ។ តែសម្រាប់ខ្ញុំ … ខ្ញុំនៅ ព្រោះការហួងហែងរបស់គេជាសុភមង្គលរបស់ខ្ញុំ ! មនុស្សម្នាក់ៗចេះស្រលាញ់ដូចគ្នា តែក្នុងរបៀបខុសគ្នា !»

លោកជំទាវម្នាក់នេះបើកភ្នែកធំៗហាក់ដូចជាភ្ញាក់ផ្អើលនឹងទ្រឹស្ដីស្នេហាចេញពីមាត់ខ្ញុំ … ខ្ញុំព្រិចភ្នែកជាសញ្ញាប្រាកដប្រជាដាក់គាត់ ។ មែនហើយ ! នៅក្នុងទំនាក់ទំនងដែលមើលទៅដូចជាការចាប់បង្ខំមួយនេះ តាមពិតទៅ … រាល់ពេលដែលខ្ញុំព្រមចុះចាញ់ … ព្រមទន់ភ្លន់ដាក់គេ … រាងកាយ និងបេះដូងរបស់ខ្ញុំបានក្លាយជា «ថ្នាំសណ្ដំ» ដ៏ស័ក្តិសិទ្ធិបំផុតដែលអាចរំលាយសភាវៈបិសាចរបស់គេ ឱ្យក្លាយជាទាសករស្នេហាខ្ញុំវិញយ៉ាងមានប្រសិទ្ធភាព ។

គេប្រហែលជាគ្រប់គ្រងរាងកាយខ្ញុំ តែខ្ញុំ … ជាអ្នកគ្រប់គ្រងចង្វាក់        បេះដូង និងដង្ហើមរបស់គេ ។

ខ្ញុំនិយាយឃ្លាចុងក្រោយ ៖

«បងទីនមិនមែនមានរោគចិត្តទេ លោកជំទាវ !» ខ្ញុំបញ្ជាក់ម៉ឺងម៉ាត់ តែទឹកភ្នែកមួយតំណក់ស្រក់ចុះមកជាទឹកភ្នែកនៃការប្ដេជ្ញាចិត្ត «គេគ្រាន់តែមានអ្វីមួយ ដែលអ្នកដទៃមិនយល់ ហើយខ្ញុំ … ខ្ញុំមិនចាំបាច់ពន្យល់អ្នកណាទាំងអស់ … សំខាន់ … ខ្ញុំសុខចិត្តទៅរស់នៅក្នុងភាព … មិនយល់នោះ … ជាមួយគេ ! បើកាលដែលខ្ញុំនៅក្បែរគេ ធ្វើឱ្យ បងទីនមានអារម្មណ៍ថាសុវត្ថិភាព លែងឯកោ … ខ្ញុំសុខចិត្តធ្វើអស់មួយជីវិត !»

មានភាគបន្ត!

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*