ទោះមិនទាន់បានចម្លើយថាយ៉ាងណា តែចិត្តអ្នកកាសែតស្រីបានកាត់យល់រួចជាស្រេចហើយថា អ្នកណាម្នាក់នោះ កំពុងតែប្រមូលចាប់ពួកគេមកជុំគ្នានៅទីនេះ ដើម្បីតែម្យ៉ាង គឺ ឱ្យសង្ស័យ ឱ្យបំផ្លាញគ្នាឯង ដើម្បីបញ្ចប់សំណុំរឿង L-34 ។ ជនទុច្ចរិតចង់ឱ្យគ្រប់យ៉ាងក្លាយទៅជាអតីតកាល មិនត្រូវការឱ្យមានអ្នកក្រៅដឹងថា តើមានអ្វីកើតឡើងពិតប្រាកដ ចំពោះគ្រូដែលស្លាប់ និងសិស្សបាត់ខ្លួននោះទេ ។
ស្រឺត ! ….
សំឡេងកម្រើកនៃសន្ទះខ្យល់ពីខាងលើ លាន់ចេញមកស្រិបៗ ច្បាស់ឡើងៗ ហាក់ដូចជាមានអ្វីមួយ កំពុងតែរំកិលចុះមក ។ ពួកគេទាំងបួននាក់ភ្ញាក់ដឹងខ្លួនភ្លាមៗថា តាមពិត ខ្លួនមិនមែនជាអ្នកប្រមាញ់បន្ទប់ពិសោធន៍អាថ៌កំបាំងទេ តែកំពុងបានត្រូវគេ “ប្រមាញ់” ។
ស្នូរទ្រហឹងនៃសន្ទះខ្យល់ដែលកំពុងដាក់សម្ពាធរំកិលចុះមកខាងក្រោម បង្កប់នូវសញ្ញាណនៃ … សេចក្តីស្លាប់ ។
ភាពតានតឹងក្នុងនេះ លែងស្ថិតនៅលើកាណុងកាំភ្លើងដែល Roy កំពុងកាន់នោះទៀតហើយ តែស្ថិតនៅលើញាណចិត្តគំនិត ដែលម្នាក់ៗនៅទីនេះកំពុងមមាញឹកគិត ។
ហ្សឺឌី គឺជាមនុស្សទីមួយដែលដឹងខ្លួនថា ក្តីមរណៈកំពុងតែឈានមកដល់ … ម្រាមដៃគេលែងវាយ Keyboard បានតែបែរជាសង្កត់បិទគ្របកុំព្យូទ័រ
មកយឺតៗ ។
គេដឹងថា បើសិនជាគេបន្ត Hack ទៀត នោះប្រព័ន្ធការពាររបស់សត្រូវនឹងដឹងពីទីតាំងពិតប្រាកដរបស់ពួកគេភ្លាមៗ ។
ប្រុសក្មេងងាកមកសម្លឹង Royដោយវិប្បដិសារី ។ ភ្នែកនាយ Hacker មិនមែនបង្ហាញភាពភ័យខ្លាចឬសង្ស័យRoy ដូចមុនទេ តែបង្ហាញពីដំណឹងថា គេត្រៀមខ្លួន កៀកស្មាប្រយុទ្ធជាមួយគ្នា ព្រោះអ្វីដែលគេរកឃើញក្នុងវិនាទីចុងក្រោយនេះ បានទាត់ចោលគំនិតមុនៗដែលគេគិតថា រនុកក្នុងមានពាក់ព័ន្ធនឹង Roy… ។
«Digital Signature នៃការចូលប្រើប្រាស់ប្រព័ន្ធ … តាមពិតចេញមកពី IP Address ដែលកំពុងលាក់ខ្លួននៅផ្នែកខាងលើក្បាលពួកយើង … មិនមែនចេញពីឧបករណ៍របស់ស្នងការRoyទេ … ខ្ញុំគិតខុសហើយ ! ពួកវារៀបចំធ្វើឱ្យកាមេរ៉ារបស់ស្នងការ Roy ក្លាយជាគោលដៅដំបូងគេ ដើម្បីឱ្យយើងសង្ស័យខុស !»
ហោចណាស់ រួចពីការសង្ស័យម្នាក់ … អតីតស្នងការធូរចិត្ត … ហើយរេទៅរកភារម្យ ។ ឯកសារសម្ងាត់មួយពីអាល្លឺម៉ង់ នៃបណ្តាញសាកលវិទ្យាល័យសន្តិសុខបច្ចេកវិទ្យា Royធ្លាប់ទៅស្នាក់រៀន មានបានបង្ហើបមកមុននេះប៉ុន្មានម៉ោងថា «អតីតប៉ូលិសម្នាក់នៅរតនគិរី កំពុងមានទំនាក់ទំនងជាមួយម៉ាហ្វៀ រុស្ស៊ី ហើយអតីតស្នងការRoy ខំស្កាត់មកដល់ L-34 ក៏ព្រោះតែតម្រុយនោះ គឺគេផ្តោតលើអធិការភារម្យ ។ តែ … ពេលនេះ គេប្រហែលជាយឺតពេលបន្តិចហើយ ក្នុងការវិភាគថា ឯកសារនោះ ក៏ជា “អន្ទាក់” ដែលបង្កើតឡើងដើម្បីឱ្យ
គេទាំងបួនសម្លាប់គ្នា ។
ដំបូងញ៉ាំងឱ្យ ហ្សឺឌីសង្ស័យគេ គេសង្ស័យភារម្យ ?
ទោះយ៉ាងណា ចរិតRoy គឺស្ងៀមស្ងាត់ក្នុងវិនាទីលំបាកបំផុត ។
ស្នាមសង្វារលើថ្ងាសគេរឹតតែជ្រៅទៅដោយការត្រិរិះសង្គ្រោះជីវិតគ្រប់គ្នា ។ បុរសនេះ មិនដាក់កាំភ្លើងចុះទេ តែសន្សឹមៗគេបែរមកសម្លឹងធីតា ៖
«ធីតា … មកណេះ មកក្រោយខ្នងខ្ញុំ !»
ធីតា ដើរមកកណ្តាលបន្ទប់ ។ អ្នកកាសែតម្នាក់នេះ មិនមែនជាមនុស្សស្រីម្នាក់ដែលនៅក្មេងដល់ថ្នាក់ ត្រូវការនរណាមកបញ្ជាឬមកការពារទេ គ្រប់គ្នាក៏ដឹង ។ ស្រីសម្លឹងមើលភ្នែកបុរសទាំងបី ដោយភាពហ្មត់ចត់ហើយនិយាយ
«មានវិធីអីបើកទ្វារ ?»
នៅក្នុងភាពងងឹតនៃផ្សែង … ហ្សឺឌី ក៏ដូចជា Roy នៅតែដកដង្ហើម ញាប់ៗ គ្មានមធ្យោបាយ ឯកាំភ្លើងរបស់ Roy ទោះបីរាងសំយុងចុះក្រោមបន្តិចមែន តែក្រសែភ្នែកអតីតស្នងការ នៅតែសម្លឹងភារម្យដោយភាពមន្ទិលមិនទាន់ដាច់ស្រឡះ ។
ធីតា ដឹងថា នាងត្រូវតែបញ្ឈប់ការសង្ស័យនេះជាបន្ទាន់ បើមិនដូច្នេះទេ ពួកគេនឹងបរាជ័យជាក្រុម ព្រោះរវល់សង្ស័យគ្នាមិនមានឱកាសតតាំងឧបសគ្គចំពោះមុខឡើយ ។
ស្រីឈានដើរចូលទៅជិតភារម្យ ហើយឈប់នៅចំពោះមុខគេ ។ ទោះណាជាធីតាមិនបានសម្លឹងចំជម្រៅភ្នែកគេ តែនាងរេសម្លឹងមើលទៅស្មាស្តាំរបស់គេដែលបានពាំងគ្រាប់ឱ្យនាងមុនពេលគេបាត់ទៅអស់ជាង១០០០ថ្ងៃ ។
ក្រឡេកមកវិញ ម្តងណេះ ស្រីសម្លឹងចំកែវភ្នែកដែលធ្លាប់តែមុតស្រួចដូចកាំបិតតែពេលនេះ … ពោរពេញដោយការឈឺចាប់ដែលលាក់ទុក … ពេលនេត្រាទាំង៤ប៉ះគ្នា ។
«អ … ធិ … ការ … ភារម្យ … » ធីតាខ្សឹប សំឡេងនាងផ្តើមញាប់ញ័រខ្លាំង «បើសិនបងជាមនុស្សពិត … មិនមែនមនុស្សយន្តជីវសាស្ត្រ របស់ពួក រុស្ស៊ី … ប្រាប់ខ្ញុំមក … យប់ចុងក្រោយនៅលេណដ្ឋានមុនពេលបងបាត់ខ្លួន … តើបង … ឮ … ខ្ញុំនិយាយថាម៉េចខ្លះ ?»
Roy រឹតតែតម្រង់កាំភ្លើងផ្ចង់ជាងមុន ព្រោះធីតានៅកៀកនឹងជននោះពេក ។ ករណីបើភារម្យ៥ឆ្នាំមកនេះ បានសម្រេចចិត្តចាកចោលផ្លូវត្រូវ ចូលទៅនៅជាម៉ាហ្វៀជីវសាស្ត្របម្រើបរទេស តើកាំភ្លើងនេះការពារធីតាបានប៉ុន្មានភាគ ?
ទោះយ៉ាងណា សំណួររបស់នាង ជាអ្វីដែល “មិនមានក្នុងកំណត់ត្រាប៉ូលិស” ក៏មិនមានក្នុងប្រព័ន្ធទិន្នន័យមនុស្សយន្តរបស់រុស្ស៊ីដែរ … បច្ចេកវិទ្យាទំនើបកម្រិតណា គង់តែមិនអាចចងចាំអស់ភាសាបេះដូងរវាងមនុស្ស២នាក់ឡើយ ។
ភារម្យ មិនឆ្លើយភ្លាមទេ ។ គេសម្លឹងនាង … ថ្គាមគេឡើងញាប់ញ័រ ភ្នែកស្រទន់ តែរឿងអស់នេះ ទាំងហ្សឺឌីនិងRoy ដឹងថា មនុស្សយន្តឬមនុស្សផ្ទុកVirus អាចបន្លំបាន លើកលែងតែគេហានិយាយ បានយើងអាចកំណត់ដឹង ។
សម្រាប់ធីតា … សម្លឹងជននេះដែលស្ងប់ស្ងាត់ នាងយល់ថា … គេមិនមែនកំពុងគិតរកពាក្យកុហកទេ តែគេកំពុង “ហាមខ្លួនឯង” មិនឱ្យរំជួលចិត្ត ។
នាងញញឹម តែទឹកភ្នែកហូរ ហើយនាងនិយាយ ៖
«ខ្ញុំកម្រើកដៃជើងមិនរួចទេ ! មនុស្សសរសៃប្រសាទនេះ មិនដឹងវាបានធ្វើអីលើខ្ញុំទេភារម្យ !»
របួសផ្លូវចិត្តកាលពី៥ឆ្នាំមុន មិនដែលក្លាយជាអតីតកាលសម្រាប់គេឡើយ … សូម្បីតែម្តងណា ! ព្រោះថាពេលនេះ … ភ្នែកគេរលើបហើយ … នាងឃើញច្បាស់ណាស់ ព្រោះនេះជាពាក្យដែលនាងនិយាយអង្វរគេឱ្យជួយ ក្នុងលេណដ្ឋាន … មុនពេលគេត្រូវប្អូនប្រុសគេបាញ់ ។
«ជួបគ្នាដំបូង … បង … ប្រាប់ខ្ញុំទៀតថា … មនុស្សមិនលាបថ្នាំ មិនបានន័យថាគេគ្មានរបួសទេ !» ធីតាបន្ត … ខាំមាត់ … ព្រោះទឹកភ្នែកនាងបានស្រក់ចុះដូចភ្លៀងរលឹម … តែស្រីម្នាក់នេះត្រដរនិយាយបន្តព្រោះពួកគេអស់ពេលវេលាហើយ «ចុះបងចាំបានទេថា ខ្ញុំបាននិយាយអ្វីខ្លះពេលជួបគ្នាដំបូងៗ ?»
នាងឈ្ងោកមុខយំជូតទឹកភ្នែកដែលផ្សារកាំ …
«ប៉ូលិសបានស៊ើបមិនដល់១០ថ្ងៃផង ក៏សុខចិត្តបញ្ចប់វាត្រឹមហេតុផលថាគ្រោះថ្នាក់ចៃដន្យ ! អស្ចារ្យណាស់ !» ធីតាងើបមុខមកវិញភាំង សម្លឹងគេទាំងភ្នែកក្រហមហើម … គេនិយាយពាក្យនាង … បេះបិទ … គឺប្រយោគពេលនាងទៅដល់រតនគិរីដំបូង ។ ឃើញខាងស្រីភាំង បុរសនេះស្រាប់តែញញឹម ។ ជាស្នាមញញឹមដ៏ឈឺចាប់មួយហើយមាត់គេវាចាបន្ថែម ៖
«មកពីលោកប្រកាន់ភាពមានះមិនព្រមស្តាប់សម្តីញាតិអ្នករងគ្រោះសោះ ! សូម្បីតែបន្តិច !»
ធីតាខ្ទប់មាត់ស្រែកយំព្រោះនេះ … ជាសម្តីនាង កាលជួបគេដំបូង …នាងបន្ទោសគេថា មិនព្រមសើរើសំណុំរឿងមរណភាពលោកពូនាង … ។ គឺគេ … ទាំងសាច់ទាំងឈាម … Roy ទម្លាក់ដៃសន្សឹមៗ ។
មានភាគបន្ត!


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ