ពេលនេះ គាត់កំពុងឈរនៅទីនោះ ក្នុងសភាពប្រឡាក់ឈាមជោកខ្លួន ដៃម្ខាងកាន់ឧបករណ៍ផ្តាច់ប្រព័ន្ធចាក់សោមេ ដែលអ្នកទាំងបួនស្គាល់ថា ជា Master Override Key ។
លោកផន ទន់ដួល … លុតជង្គង់ចុះក្បែរទ្វារ … ធីតា ស្ទុះឡើងគែមអាងបំណងចង់ចូលទៅក្បែរប្រធានរបស់នាង ធ្វើឱ្យហ្សឺឌីដើរទៅតាម … រីឯភារម្យ និង Roy ក៏ឈប់វាយគ្នា ហើយងាកមកមើល ។
«ពូ … ពូផន …» ធីតាយំសួរទាំងអួលដើមក ខណៈនាងប្រឹងស្រវាទាញរាងកាយដ៏ធ្ងន់ និងជោកជាំដោយឈាមរបស់និពន្ធនាយកចំណាស់នោះ ។
«ហេតុអី … ហេតុអីក៏ពូមកនៅនេះ ? ពូបានឃុបឃិតជាមួយពួកម៉ាហ្វៀបរទេសនេះពិតមែនឬអី ហឺៗ ?»
នាងស្រែកយំសន្ធាប់ ព្រោះកន្លងមក ពេញចិត្តឬមិនត្រូវរ៉ូវទស្សនៈគ្នា គាត់នៅតែជាថ្នាក់លើនិងជារៀមច្បងដែលធីតាកោតគោរព ។
លោកផន ក្អកចេញឈាមគឃុល តែគាត់ខំញញឹមស្រាលៗសម្លឹងមើលកូនចៅម្នាក់ដែលខ្លួនធ្លាប់ស្ដីបន្ទោសរាល់ថ្ងៃ តែស្ងើចសរសើរនាងជានិច្ចក្នុងជម្រៅចិត្តសម្ងាត់ ។
«ធីតា … ស្តាប់ !» គាត់ខ្សឹបកាន់តែលែងឮ រហូតនាងត្រូវឱនទៅកៀកជាងមុនថែមឡើង ។
«ពូតែងរារាំងឯងមិនឱ្យពាក់ព័ន្ធកន្លែងមួយនេះ ព្រោះ … តែរឿងនេះ … មានពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ច្រើនណាស់ ! ការស៊ើបអង្កេតនេះ នឹងនាំឱ្យឯងក្លាយជាគោលដៅសម្លាប់បំបិទមាត់ ។»
«ពូធ្វើពុតជាសេនាធិការវាក្នុងបំណងរកការពិតមែនទេ ?» នាងខ្សឹបញ័រមាត់ ។
«គោលដៅពិតរបស់យើង គឺកម្ទេចមន្ទីរពិសោធន៍សម្ងាត់មួយនេះ … ពីខាងក្នុង និងសើរើមន្ត្រីឃុបឃិត ! តែបេសកកម្ម … បានត្រឹមកណ្តាលផ្លូវទេធីតា … »
គាត់ដកដង្ហើមញាប់ៗ នាងងក់ក្បាល ៖
«យល់ហើយ … យើងចេញពីកន្លែងនេះជាមួយគ្នា ! ខ្ញុំយកពូចេញ !»
ស្រីខំសន្យាទាំងទឹកភ្នែកសស្រាក់ ព្រោះការពិតចំពោះមុខ កុំថាអាចយកបុរសនេះចេញ សូម្បីនឹងឱ្យគាត់និយាយច្រើនជាងនេះ ក៏សឹងថា មិនបានយូរទៀតនោះដែរ នាងឃើញស្ថានភាពពូផនម្នាក់នេះច្បាស់ ។
«យើងមានស្នងការRoy យើងមានហ្សឺឌី ពួកយើងនឹងមានមធ្យោបាយណាពូ !»
ថាហើយនាងងាកទៅរកភារម្យ ៖
«បងភារម្យ ! បងមើលចុះ គាត់ចំណាស់នេះហើយ ក៏គាត់នៅធ្វើគ្រប់យ៉ាងរារាំងពួកម៉ាហ្វៀរុស្ស៊ី … ហេតុអី ? ហេតុអីបងមានះម្ល៉េះ ?»
ដៃប្រឡាក់ឈាមរបស់និពន្ធនាយកលូកទៅចាប់អាវរបស់ធីតាយ៉ាងណែនព្រោះដង្ហើមគាត់ផ្តើមអាក់ៗ ៖
«ពូមិនអាចទៅភ្នំពេញវិញបានទេ … វ៉ុលកូវបានដាក់ឈីបក្នុងខ្លួនពូ ! ហើយ … ពេលវាដឹងថា ពូយកសោមកឱ្យពួកឯង … វាបានពន្លែងជាតិសំយោគពុល Micro ដែលពួកចោលម្សៀតរុស្ស៊ីបង្កប់ក្នុងបេះដូងពូ … ឱ្យសាយភាយ ។ តែពូ … មិនស្តាយក្រោយទេកូន … សល់ពេលមិនដល់២នាទីទៀតទេ មុនពេល
បេះដូងពូឈប់លោត … »
នាងញាប់ញ័រហាមាត់ជានិច្ចតែគ្មានពាក្យនឹងថ្លែងបាន … បានត្រឹមស្រក់ទឹកភ្នែកម៉ាត់ៗដាក់បុរសវ័យចំណាស់ ដែលគាត់កំពុងលូកដៃទៅរាវហោប៉ៅអាវផ្នែកខាងក្នុងរបស់គាត់ ទាញយកវត្ថុម្យ៉ាងមានរាងដូចជា បណ្តូលនាឡិកា (Watch Core Drive) ធ្វើពីទីតានីញ៉ូម ហុចទៅឱ្យធីតា ។
នាងសម្លឹងភ្លឹកៗមិនទាន់លូកដៃទទួលទេ ដោយសារស្រីអ្នកកាសែតផ្សាក្តៅទាំងចិត្ត ផ្សាឈឺទាំងកែវភ្នែក ។ ហ្សឺឌីឱនមកខ្សឹបដាក់នាង ៖
«នោះជា Data-Core ដើម ! យកមកធីតា ! ប្រហែលជាព័ស្តុតាងអីមួយសំខាន់ !»
នាងសម្លឹងរបស់នោះហើយលូកដៃទទួល ។ ពូផនខំនិយាយខ្សាវៗ ៖
«អាវ៉ុលកូវ វាអាចលុបដានគ្រប់យ៉ាងលើក្លោដចោលត្រឹមមួយវិនាទី ! តែវាបានផ្ទុកឈ្មោះមន្ត្រីពុករលួយ និងគម្រោងការទាហានជីវសាស្ត្រទាំងអស់នៅនេះ ! ពូលួចទាញយកបានដោយផ្ទាល់ពីកុំព្យូទ័រមេរបស់វា ធីតា … យើងចេញ Frontpageទៅ នេះជាព័ស្តុតាង !»
«ចាសៗ !» ធីតាឆ្លើយយ៉ាងញាប់ ហើយងក់ក្បាលដៃជូតទឹកភ្នែកក្តាប់យកវត្ថុនោះណែនក្នុងដៃ ។
«ខ្ញុំសន្យាពូ ! ខ្ញុំសន្យា ! Channel N-news នឹងលាតត្រដាងការពិតនេះ !»
លោកផន ងើបមុខសម្លឹងទៅកាន់ភារម្យ ដែលកំពុងឈរត្រាំក្នុងទឹកអាង រួចងាកទៅមើលសាន ដែលកំពុងតែប្រយុទ្ធនឹងមេរោគក្នុងបន្ទប់កញ្ចក់ ។
«ភារម្យ …» លោកផនហៅដោយសំឡេងស្អកៗ «មកណេះ! យករបស់នេះទៅជួយប្អូនប្រុសឯងទៅ !»
គ្រាន់តែឮពាក្យថា «ជួយប្អូន» ភារម្យដែលកំពុងប្រយុទ្ធស្វិតស្វាញជាមួយ Roy អម្បាញ់មិញ ក៏ទម្លាក់ភាពរឹងរូសចោលភ្លាមៗ ។ អតីតអធិការស្ទុះហក់កាត់ទឹកអាងក្រហមឆ្អៅ មកលុតជង្គង់ក្បែរបុរសវ័យចំណាស់ដោយក្តីសង្ឃឹមយ៉ាងពុះកញ្ជ្រោល ។
«របស់អីពូ ? នៅឯណា ? ប្រាប់ខ្ញុំមក ធ្វើម៉េចទើបយកវាចេញបាន ?»
គាត់បក់ដៃហៅ ហើយរុញធីតាឱ្យក្រោកចេញទាំងឆ្លៀតពោលផ្តាំចុងក្រោយ « … ហើយស្តាប់ពូ ! កុំរត់តាមច្រកធំ ! រត់តម្រង់ទៅទិសខាងកើត … ចូលតាមប្រព័ន្ធបំពង់បង្ហូរទឹកត្រជាក់ (Cooling Pipe) ដែលខូច … នោះជាច្រកតែមួយគត់ដែលអាវ៉ុលកូវមិនបានដាក់សេនស័រ (Sensor) !» នាងរេភ្នែកគិត ដោយរុញWatch Core Drive លាក់ទុកក្នុងចង្កេះ ។
ពេលភារម្យឱនមុខទៅកៀកលោកផនសឹងតែប៉ះដង្ហើមគ្នា ដើម្បីស្តាប់សំឡេងខ្សាវៗនោះឱ្យច្បាស់ គាត់សម្លឹងជ្រៅចូលទៅក្នុងកែវភ្នែកដ៏កម្សត់របស់បងប្រុសម្នាក់នេះ ។ និពន្ធនាយកញញឹមទាំងឈឺចាប់ រួចហា … តែមិនមែនហាមាត់និយាយនោះទេ ! ធ្មេញរបស់គាត់ បានខាំបំបែកគ្រាប់កាប់ស៊ុលតូចមួយដែលលាក់ទុកជាសម្ងាត់ក្រោមអណ្តាត រួចផ្លុំខ្យល់ចេញមកក្រៅយ៉ាង ខ្លាំង ។
ភូស !
ផ្សែងពណ៌សស្តើងមួយដង្ហើម បានហុយបាញ់ត្រង់ចូលទៅបោកផ្ទប់នឹងផ្ទៃមុខរបស់ភារម្យពេញទំហឹង ។ អតីតអធិការស្រូបយកផ្សែងនោះចូលសួត ត្រឹមតែមួយប៉ប្រិចភ្នែក ហើយកែវភ្នែករបស់ភារម្យដែលប្រែជាបើកធំៗ ផ្តើមវិលទោរទន់ ។
គេក្អកឃូសៗ ខណៈប្រព័ន្ធសរសៃប្រសាទកណ្តាលត្រូវកាត់ផ្តាច់ការបញ្ជាយ៉ាងទាន់ហន់ ។
«ពូ … ?» ភារម្យខំប្រឹងគ្រហឹម តែសំឡេងរលត់បាត់ត្រឹមក្នុងបំពង់កខ្លួនឯង ។ រាងកាយដ៏មាំមួនរបស់គេ ប្រែមកជាទន់ល្វើយដូចសម្លី ដួលផ្កាប់មុខទៅលើដៃនិពន្ធនាយកចាស់វស្សា។
Roy ដែលស្ទុះមក បានត្រកងដៃជើងរបស់អតីតអធិការភារម្យដែលលែងមានកម្លាំងសូម្បីតែងើបម្រាមមួយក្តី ។
គេចាញ់បោកលោកផនទាំងស្រុង !
«សុំទោស ភារម្យ … » លោកផនខ្សឹបទាំងហត់ដង្ហក់ « … តែឯងត្រូវតែរស់ ដើម្បីជួយធីតាយកព័ស្តុតាងនេះចេញទៅក្រៅ !»
លោកផនរេភ្នែកទៅសម្លឹងមុខ Royនិងហ្សឺឌី យ៉ាងម៉ឺងម៉ាត់ខណៈក្បាលនិងក លែងកម្រើកងាកបាន ៖
«ជាឧស្ម័នធ្វើឱ្យសាច់ដុំទន់ល្មើយជាបណ្តោះអាសន្នប៉ុណ្ណោះ ! ឆាប់យកគេចេញទៅ ! យកវាទៅភ្លាម ! ហើយពិល … នៅជើងខោខាងស្តាំ …»
Roy មិនរារែកយូរឡើយ ។ គេដឹងច្បាស់ថា ការលះបង់នេះមានតម្លៃប៉ុនណា ហើយក៏ជាជម្រើសចុងក្រោយដែរ ។ អតីតស្នងការចាប់ទាញក្លៀកភារម្យម្ខាង រីឯហ្សឺឌីស្ទុះមកជួយគ្រាហ៍ម្ខាងទៀតយ៉ាងរហ័ស ។
«តស់ ! ធីតា ! ទៅ !» Roy ស្រែកបញ្ជាទាំងតក់ក្រហល់ ។
ភារម្យត្រូវគេអូសកាត់ទឹកអាង ចេញទៅរកច្រកទ្វារដែលដាច់ខ្ទាតក្រោមស្នាដៃពូផន ។ ទឹកភ្នែកកូនប្រុសហូរស្រោចកាត់ផែនថ្ពាល់ភារម្យ គេចង់រើ បម្រះ ចង់ស្រែកហៅប្អូន តែមាត់មិនអាចហារួច រាងកាយក៏កម្រើកមិនបាន ក្រៅពីទុកឱ្យភ្នែកសម្លឹងមើលទៅប្អូនប្រុសជាទីស្រលាញ់ ដែលកំពុងនៅជាប់ក្នុងបន្ទប់កញ្ចក់បន្តិចម្តងៗ កាន់តែឆ្ងាយទៅៗ ។ សាន ដែលកំពុងតែប្រកាច់ប្រឆាំងនឹងមេរោគ បានឃើញទិដ្ឋភាពនេះ ។ មុនពេលភារម្យត្រូវគេអូសផុតពីកន្ទុយភ្នែក សានបានបញ្ឈប់ចលនាប្រកាច់មួយរំពេច គេងក់ក្បាលយឺតៗមកកាន់បងប្រុស … ជាការយល់ព្រម ជាការទទួលយកជោគវាសនា និងជាការ អរគុណសម្រាប់ក្តីស្រលាញ់ ។ ស្នាមញញឹមលាគ្នាដ៏បរិសុទ្ធមួយ បានផុសលើបបូរមាត់ដែលប្រឡាក់ឈាមរបស់សាន ។
លោកផន មានម្រាមដៃដែលជោកជាំដោយឈាម ស្ថិតលើគន្លឹះគ្រាប់បែក C4 ពីរគ្រាប់ដែលបានភ្ជាប់គ្នាជាស្រេចលើចង្កេះមាត់គាត់ញញឹម … ពេលដែលស្នូរជើងអ្នករត់ដល់ចំណុចគាត់ចង់បាន ហើយគាត់ប្រាប់ខ្លួនឯង ស្ងាត់ៗ «លាហើយ អាបិសាចភ្នែកស !» ។
ទីត … ទីត … ទីត …
ប្រព័ន្ធទាំងមូលត្រូវបានចុចបំផ្ទុះយ៉ាងកក្រើកសន្ធឹក ។
ពន្លឺពណ៌ក្រហមនៃប្រព័ន្ធរាប់ថយក្រោយលោតញាប់ស្មេ ស្របពេលដែល Roy ហ្សឺឌី និង ធីតា បានអូសរាងកាយទន់ល្វើយរបស់ភារម្យ រត់គេចផុតពីទ្វារធំនៃមន្ទីរពិសោធន៍ រួចបន្តសំដៅទៅរកច្រកចេញដែលងងឹតស្លុបនៅខាងមុខ ។
មានភាគបន្ត !


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ