ខ្ញុំមិនខ្វល់ពីសម្តីប៉ាទេ ព្រោះបារម្ភពីប្អូនស្រីស្ទើរតែដាច់ដង្ហើមទៅហើយ។ ខ្ញុំចង់ទៅក្បែរប្អូនស្រី តែប៉ាចង្អុលមុខឱ្យខ្ញុំនៅឱ្យឆ្ងាយពីនាង ខ្ញុំខឹងណាស់ តែក៏មិនចង់ឃើញសុដាកាន់តែពិបាក។
បន្ទាប់ពីប៉ាស្រែកហៅនិងដាក់ប្រេងកូឡាឱ្យហិត សុដាក៏ភ្ញាក់ដឹងខ្លួនសើងមម៉ើងវិញ តែនាងមិនបាននិយាយអីក្រៅពីយំ។ ពេលនោះទើបខ្ញុំដឹងថាខ្លួនឯងទន់ជ្រាយបំផុត ពេលដែលឃើញប្អូនស្រីជាទីស្រលាញ់ត្រូវឈឺចាប់ ទឹកភ្នែកមួយតំណក់របស់ខ្ញុំបានស្រក់ចុះ តែយ៉ាងណាខ្ញុំមិនចង់ឱ្យម្តាយកូនប្រពន្ធចុងប៉ាឃើញវាឡើយ។
ទោះដឹងហើយថាប៉ាចាប់ផ្តើមស្អប់ខ្ញុំដល់ឆ្អឹង តែឃើញគាត់នៅសេសសល់ក្តីស្រលាញ់ខ្លះបារម្ភពីសុដា ខ្ញុំក៏ធូរចិត្តបន្តិច ខ្ញុំទម្លាក់កំហុសគ្រប់យ៉ាងទៅលើមីងប្រពន្ធចុង បើអាចខ្ញុំចង់តែចាប់ទាញពួកគេយកទៅឃុំឱ្យបាត់ពីមុខមាត់គ្រួសារមួយនេះ បើគ្មានគាត់ ប៉ាក៏មិនក្លាយជាបែបនេះដែរ។
ខ្ញុំលែងចង់ឈ្លោះជាមួយប៉ា ហើយក៏មិនចង់ប្រឈមមុខនឹងប្អូនស្រីដែលត្រូវមករងគ្រោះដោយសារខ្ញុំ ថាប្រុងឡើងទៅបន្ទប់ដើម្បីសំងំលាក់ខ្លួន រង់ចាំរឿងកន្លងផុត មិនទាន់បានដើរដល់ជណ្តើរផង មីងម្តាយចុងស្រែកឃាត់ខ្ញុំ៖
«ឯងចង់ឡើងទៅប្រមូលរបស់អីទៀតហើយ? លក់ម៉ូតូមួយនៅចាយមិនគ្រាន់អ្ហេស?»
«មីងឯងអីក៏អាក្រក់ម៉េស? កុំឃើញខ្ញុំមិនមាត់បានចិត្តពេក!»
ប៉ាស្រាប់តែស្ទុះមកទាញខ្ញុំបោះចេញក្រៅទ្វារ ខ្ញុំឃើញគាត់ខឹងខ្លាំងណាស់ ភ្នែកគាត់ក្រហមទឹកមុខមាំដែលខ្ញុំមិនធ្លាប់ឃើញគាត់បែបនេះពីមុនសោះ ហើយក៏មិនសមថាធ្វើព្រោះតែខឹងខ្ញុំមួយឆាវទេ៖
«ចេញពីផ្ទះអញទៅ ហើយកុំមកឱ្យអញឃើញមុខទៀត!»
«ប៉ាដេញខ្ញុំព្រោះតែស្រីម្នាក់នេះ?»
ខ្ញុំហ៊ានលើកដៃចង្អុលមុខមីងដែលកូនប្រុសទាំងពីររបស់គេប្រុងនឹងស្ទុះមកដាល់ខ្ញុំចំពោះមុខប៉ា តែពេលឃើញខ្ញុំសម្លក់ពួកវាវិញ ទើបធ្វើនៅស្ងៀមបានត្រឹមខឹងតែមិនហ៊ាន ចរិតកំសាកពួកវាគ្មានអីមកហក់នឹងខ្ញុំកើតទេ បើមិនមែនអាងប៉ានិងម៉ាក់វា។
«ចាប់ពីថ្ងៃនេះទៅ ឯងមិនមែនជាកូនអញទៀតទេ!»
ប៉ាទាញទ្វារបិទគ្រាំង ខ្ញុំបានឃើញមុខសុដាលើកចុងក្រោយពេលនោះ ហើយប្អូនស្រីខ្ញុំយំខ្លាំងណាស់ តែរឿងនេះវាពិបាកនឹងហាមឃាត់ក៏ព្រោះតែចរិតគុំគួននិងឆេវឆាវរបស់ខ្ញុំដែរ។ យ៉ាងណាខ្ញុំក៏គ្មានថ្ងៃលំទោនចំពោះស្រីម្នាក់នោះ ហើយក៏គ្មានអារម្មណ៍ល្អអីជាមួយឪពុកកូនតទៅទៀតដែរ។ ខ្ញុំតូចចិត្តពេកក៏រត់ទៅស្រែជាមួយអ៊ំប្រាំថ្ងៃ។
«ងាប់ហើយប៉ាឯងវាយកូនខ្លាំងថ្នាក់នេះ?»
អ៊ំដែលជាបងបង្កើតម៉ាក់ខ្ញុំស្អំពន្លៃដែលដុតក្តៅៗលើខ្នងខ្ញុំ។ ខ្ញុំភ្ញោចៗស្មា ព្រោះតែឈឺពេក តែវាឈឺមិនស្មើចិត្តដែលចាញ់ម្តាយកូនមួយក្រុមនោះទេ។
«របួសលើខ្លួនប៉ុណ្ណឹង វាមិនស្មើរបួសក្នុងចិត្តទេអ៊ំ!»
«ហើយអាដាប្អូនឯងវាយ៉ាងម៉េចហើយ?»
អ៊ំសួរបារម្ភព្រោះខ្ញុំប្រាប់ថា មួយទំហឹងដៃប៉ាដែលប្រុងវាយបំបាក់ឆ្អឹងខ្នងខ្ញុំត្រូវសុដារងជំនួស តែសំណាងហើយដែលពេលនោះខ្ញុំចាប់ទាញសុដាទាន់ បើមិនអ៊ីចឹងប្អូនខ្ញុំទេដែលត្រូវដេកស្អំបែបនេះ ថាមិនស្រួលប្រហែលដេកពេទ្យព្រោះតែចិត្តគ្មានមេត្តារបស់ឪពុកដូចជាប៉ាហើយ។
«សុដាមិនអីទេអ៊ំ ប្រហែលរន្ធត់ចិត្តពេក ទើបវាដួលសន្លប់!»
«ហ៊ើយ…ប៉ាឯងមិនគួរងប់នឹងស្រីនោះដល់ថ្នាក់នេះទេ មើលចុះ ហើយបើជ្រុលដៃវាយកូនស្លាប់ មិនល្អមើលទៅហើយទេអ្ហី? ហ៊ើយ…អ្នកណាដែលថាមនុស្សគេចេះតែចោទ ប្រពន្ធចុងគ្មានមួយណាល្អទេ ដប់មានតែមួយហ្នឹងឯង របៀបដូចប្រពន្ធប៉ាឯងនេះ បើឯងបន្តនៅទៀត ក៏គ្មានក្តីសុខដែរ!»
ខ្ញុំស្នាក់នៅជាមួយអ៊ំតែក្នុងចិត្តចេះតែបារម្ភពីសុដាមីងគាត់កំចាត់ខ្ញុំ ហើយច្បាស់ជាមិនទុកឱ្យសុដានៅបានសុខទេ បងប្អូនយើងទាំងពីរទាល់តែត្រូវឪពុកបោះបង់ទើបគាត់សុខចិត្ត។ តែខ្ញុំក៏មិនងាយចុះចាញ់ លើកនេះខ្ញុំនឹងទ្រាំធ្វើមុខក្រាស់ដើម្បីនៅការពារប្អូនស្រី។ ខ្ញុំព្រមត្រលប់ទៅផ្ទះវិញ ហើយប្រឈមមុខនិងប៉ា ទោះជាគាត់ដេញខ្ញុំយ៉ាងណាក៏ដោយ តែពេលទៅដល់ខ្ញុំក៏ដឹងថាប៉ាបានលើកសុដាឱ្យទៅជនជាតិជប៉ុនដែលធ្វើការអ៊ុនតាក់ជាមួយមីង។ ខ្ញុំខឹងណាស់ដែលប៉ាព្រមលើកកូនស្រីឱ្យជនបរទេសក៏ព្រោះតែគេឱ្យថ្លៃទឹកដោះចំនួនប្រាំពាន់ដុល្លារ។ ល្ងាចនោះខ្ញុំក៏ទៅរករឿងប៉ានិងប្រពន្ធចុងគាត់ម្តងទៀត៖
«ទោះយ៉ាងណាក៏ខ្ញុំមិនឱ្យសុដាការជាមួយអាជប៉ុននោះដែរ!»
«សុដាជាកូនអញ ចង់ឱ្យការជាមួយអ្នកណាអញឪវាជាអ្នកសម្រេច គ្មានពាក់ព័ន្ធនឹងឯងទេ!»
ប៉ាកាន់តែសោះកក្រោះជាមួយកូនហើយ ពាក្យសម្តីគាត់គ្រប់ម៉ាត់តបជាមួយខ្ញុំពិបាកទទួលយកណាស់ តែខ្ញុំមិនបានខ្វល់ទេ ព្រោះខ្ញុំមកនេះដើម្បីការពារប្អូនស្រី៖
«ទោះយ៉ាងណាក៏ខ្ញុំមិនឱ្យប្អូនស្រីការជាមួយពួកអាបរទេស ប៉ាមិនឃើញទេ? សុដាមិនចេះភាសាគេ ហើយនៅក្មេងទៀត កោតតែប៉ាដាច់ចិត្តឱ្យវាការជាមួយគេដែរ?»
«មិនចេះភាសាគេគ្មានអីពិបាកទេ សំខាន់គេផ្តល់កិត្តិយសដល់ប្អូនស្រីឯង ហ៊ានឱ្យថ្លៃផ្ទះខ្ពស់កប់ពពក ចាត់ទុកថាប្អូនស្រីឯងសំណាងណាស់ហើយ!»
«បើអ៊ីចឹងមីងឯងមិនការជាមួយវាខ្លួនឯងទៅ? ហេតុអីត្រូវជាប្អូនខ្ញុំ?»
«បង…!»
មិនបាច់លើកអំបោសមកវាយខ្ញុំទៀត តែខ្សែភ្នែកដែលប៉ាសម្លក់ខ្ញុំ ក៏ដឹងថាគាត់ខឹងប៉ុណ្ណាទៅហើយ គាត់ជេរខ្ញុំដាច់សាច់មើលតែមិនមែនកូនប្រុសគាត់៖
«អាក្មេងឈ្លើយអត់ពូជ សម្តីហែងនេះកាន់តែកោងប្រដៅលែងបានហើយ!»
«បើគេដឹងថាសុដាមានបងប្រុសចរិតធននេះ ច្បាស់គ្មានអ្នកណាមកស្តីដណ្តឹងនាងទេ មិត្តភ័ក្ដិអូនគេមិនប្រកាន់ ហើយស្រលាញ់អាណិតសុដា ទើបខំមកស្តីដណ្តឹងតាមប្រពៃណី បងឯងថាទៅ? កូនបងបានប្តីបរទេស មានលុយចាយ រស់នៅសុខស្រួលមិនចង់ទេអ្ហេស?»
«មីងឯងហ៊ានធានាលើអនាគតប្អូនខ្ញុំទេ?»
ខ្ញុំឈានមួយជំហានកាន់តែកៀកប្រពន្ធគាត់ព្រោះខឹងពេក ប៉ាក៏ទាញខ្ញុំចេញដូចខ្ពើមកូនខ្លួនឯងណាស់៖
«អ្ហែងមិនបាច់មកនិយាយទេ អញនៅតែឱ្យវាការ បើអ្ហែងមិនពេញចិត្តចេញទៅ!»
គាត់ដេញខ្ញុំចេញពីផ្ទះ ចិត្តជាកូនប្រុសល្មមថាមិនបាច់ពឹងលើលុយឪពុកបែបនេះទៀតទេ ខ្ញុំគួរដើរចេញពេលនោះលែងត្រលប់មកវិញទៀត មានដៃពីរជើងពីរដែរ ខ្ញុំរកលុយចិញ្ចឹមខ្លួនឯងមិនរស់អ្ហេស? តែអ្វីដែលខ្ញុំត្រូវគិតដល់មុនគេ គឺសុដា វាខ្សោយណាស់មួយរយៈនេះ ខ្ញុំមិនចង់ឃើញវាយំ ហើយអស់សង្ឃឹមព្រោះតែខ្ញុំទេ។
ខ្ញុំទ្រាំបន្តរស់នៅព្រោះដើម្បីប្អូន យ៉ាងណាក៏បាននៅការពារវាខ្លះ ហើយមួយទៀតខ្ញុំក៏គិតថា គំនិតប្តីវាអាចល្អជាងចិត្តបីសាចរបស់ប្រពន្ធប៉ា ទើបខ្ញុំទ្រាំមើលសុដាភ្ជាប់ពាក្យនឹងជនជាតិជប៉ុននោះ។
មានភាគបន្ត!


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ