វគ្គ៖ ថ្នាំញៀន
ខ្ញុំតប់ប្រមល់រៀនលែងចូល រស់នៅក្នុងផ្ទះដែលគ្មានក្តីសុខដូចជាអ៊ំថាមែន គេយកលុយជប៉ុនទៅទិញម៉ូតូឱ្យកូនៗគេហ៊ឺហាលើគំនរទុក្ខរបស់យើង ខ្ញុំដើរមិនដែលចូលផ្ទះទេ។ ខ្ញុំប្រឡងបាក់ឌុបធ្លាក់ ប្រពន្ធចុងប៉ាកាន់តែបានដៃថាឱ្យខ្ញុំព្រឹកល្ងាច…
ខ្ញុំទាល់ច្រកហើយ ពេលខ្លះគិតថា បើខ្ញុំស្លាប់បាត់ប៉ាមុខជាមានវិប្បដិសារី។ ខ្ញុំចង់បញ្ឈឺប៉ាដោយការសម្លាប់ខ្លួន ល្ងាចមួយក្រោយពេលដែលប៉ាស្តីថាឱ្យខ្ញុំបន្ទាប់ពីប្រពន្ធគាត់ចាក់ចុច ខ្ញុំកាន់ក្រម៉ាដើរទៅដើមឈើធំមួយកន្លែងដីម្ចាស់ទុកចោលប្រុងថាចងក។
ពេលចងក្រម៉ារួចខ្ញុំគិតថា បើបានទៅជួបម៉ាក់ពេលនេះគឺប្រហែលខ្ញុំសប្បាយចិត្តជាងរស់នៅជួបមុខប៉ា តែមិនទាន់បានឡើងលើគល់ឈើផង មិត្តភ័ក្ដិខ្ញុំពីរបីនាក់ក្បែរផ្ទះវារត់មកស្រែកឃាត់៖
«ហេ! អ្ហែងប្រុងលេងមែនទែនអីហា?»
ពួកវាត្រឹមជាអ្នកជិតខាងទេ តែបារម្ភពីខ្ញុំយ៉ាងនេះខុសពីមនុស្សដែលមានឈាមក្នុងខ្លួនខ្ញុំ តែមិនចាប់អារម្មណ៍ថាកូនរស់ឬងាប់បែបណា។ ពួកនោះវាដឹងរឿងក្នុងគ្រួសារខ្ញុំ ហើយឃើញខ្ញុំចម្លែកប៉ុន្មានថ្ងៃទើបវាតាមដានដឹងថាខ្ញុំប្រុងធ្វើរឿងឆ្កួតមួយនេះ។ អាមួយមកចាប់ទាញខ្ញុំ អាមួយឡើងដើមឈើទៅស្រាយក្រម៉ា បើមិនបានពួកវាថ្ងៃនោះខ្ញុំច្បាស់ជាក្លាយទៅជាខ្មោចអនាថាយាមដើមឈើឱ្យគេហើយ។ បន្ទាប់មកពួកវាក៏ចេះតែនាំខ្ញុំទៅនេះទៅនោះដើម្បីបន្លប់ទុក្ខ។ ខ្ញុំចាប់ផ្តើមសេពគប់មិត្តភ័ក្ដិដែលសុទ្ធតែមានបញ្ហាដូចគ្នា អ៊ីចឹងហើយទើបពួកវាយល់ចិត្តខ្ញុំច្បាស់។ ក្រោយពីនោះមក ពួកយើងបានបបួលគ្នាជួលផ្ទះសំណាក់ដេក លក់នាឡិកា ខ្សែក ហើយលក់ម៉ូតូលែងចូលផ្ទះ។
ដើម្បីបន្លប់រឿងដែលកើតឡើងនៅក្នុងគ្រួសារ ពួកយើងអត់មានធ្វើអីច្រើនក្រៅពីផឹកស៊ីសប្បាយ លេងហ្គេម លេងល្បែងដើររកស្រីច្រៀងកំដរ មានសេរីភាពនិងក្តីសុខពេញទំហឹងហើយ។
«អ្ហ៎! លើកឱ្យដាច់វ៉ើយ បើអាណាបន្លំ អាហ្នឹងថោក!»
អាជាវាលួចរអ៊ូ ព្រោះតែខ្លាចផឹកចាញ់គេ អានេះខ្លាចតែអស់លុយច្រើនស៊ីផឹកបានតិចទើបវាផ្តាំទៅអាទ្រីដែលលើកមួយកែវមិនដល់មួយដង្ហើម។ អាទ្រីដឹងខ្លួនថាអាជាឌឺដងវាក៏សើច ខ្ញុំក៏សួរទៅពួកវាបន្លប់បរិយាកាស៖
«ហើយចេញពីនេះទៅណាទៀតយើង?»
«យើងទៅណាក៏បានដែរអ្ហា លុយពេញមួយកាបូបចាយម៉ាអស់ដៃទៅ!»
អាជាវាជឿជាក់លុយរួមដែលពួកយើងប្រមូលរបស់លក់អស់គ្មានសល់ពីខ្លួន វាមិនខ្វល់ថាបន្ទាប់ពីនេះទៅពួកយើងប្រហែលនឹងត្រូវដើរសុំបាយគេស៊ីផងមិនដឹង។
«ចាំអញនាំទៅកន្លែងមួយវ៉ើយ អស្ចារ្យណាស់!»
«ស្អី? កន្លែងមុនហ្នឹងអ្ហី? អូយ! អាណិតអញទៅអាទ្រីអើយអ្ហា មុខឱ្យចាស់ៗដូចម៉ែអ្ហែងហ្នឹងអ្ហាស ហ៊ឹស! ទៅតែម្តងរៀងហើយអ្ហា!»
«ម្តងហ្នឹងអ្ហាស អញធានាថា ម៉ាអេមវ៉ើយ!»
អាជាពែបមាត់ធ្លាប់ម្តងត្រូវអាទ្រីលែងបាក់ចង្កេះនាំទៅរកស្រីខារ៉ាអូខេមុខសុទ្ធតែចំណាស់ម៉ែ បទអីក៏មិនចេះក្រៅពីរាំវង់សារ៉ាវ៉ាន់ចេញពីហ្នឹងវិញ អាជានិងខ្ញុំដេញទាត់អាទ្រីហុយដី ម្តងនេះមិនដឹងថាអាជាវាជឿព្រមប្រថុយទៅតាមអាទ្រីទៀតឬអត់ទេ បើមើលទៅវាដូចជារអាសម្បើមណាស់។
ផឹកស្រា ឱបស្រី ដេកក្រៅផ្ទះ ខ្ញុំចាប់ធ្វើរឿងទាំងអស់ដែលគិតថាធ្វើខ្លួនឯងឱ្យទៅជាមនុស្សប្រុសពិតៗ តែខ្ញុំមិនដែលភ្លេចទេម៉ែ…គាត់តែងតែធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែក នៅពេលដែលខ្ញុំនឹកដល់គាត់…
«មនុស្សស្រីគេមិនចូលចិត្តប្តីប្រមឹកទេ!»
ពាក្យម៉ាក់ស្រាលស្រទន់ពេលគាត់កំពុងធ្វើម្ហូប ហើយនិយាយប្រៀនប្រដៅខ្ញុំដែលបើកឃើញកំពុងស្រាបៀរនៅក្នុងទូរ។ ម៉ាក់ខំរុំក្រណាត់ព្រោះតែខ្លាចខ្ញុំឃើញ គាត់ទុកឱ្យប៉ាហូបតិចៗពេលល្ងាចគ្រាន់នឹងបាយឆ្ងាញ់។
«បើមិនផឹកបានអីនោមម៉ាក់?»
ខ្ញុំធ្វើជាសួរលេងដឹងដែរថាវាឈ្លើយ ហើយនិងគេចមិនផុតពីការសម្លក់របស់ម៉ាក់៖
«មិនមែនថាមិនឱ្យផឹក គ្រាន់តែមិនចង់ឱ្យប្រមឹក!»
«ចុះបើខ្ញុំរៀនផឹកល្អទេម៉ាក់?»
គាត់លើកវែកឆារហ័សប្រុងសំពងក្បាលខ្ញុំ។ ម៉ាក់ស្លូតណាស់ តែស្លូតពេលដែលខ្ញុំស្រួលនិយាយប៉ុណ្ណោះ បើហ៊ានតែខ្ញុំរឹងក្បាល ឈ្លើយដាក់គាត់ម៉ាក់មុខក្លាយជាបងប្អូនខ្លាភ្លាម។ ខ្ញុំខំគេចសឹងថាថ្លោះក ម៉ាក់ខាំមាត់ក្នាញ់នឹងខ្ញុំ៖
«បើឯងចង់ផឹក រំលងវែកឆាម៉ាក់សិនទៅ!»
«ហ៊ើយម៉ាក់! បើអ៊ីចឹងម៉េចនឹងអាចក្លាយជាមនុស្សប្រុសពេញលក្ខណៈដូចគេ?»
ខ្ញុំរអ៊ូលេងនឹងម៉ាក់ មិនមែនចង់ផឹកស្រាបៀរមួយកំប៉ុងនោះប៉ុន្មាន តែចិត្តខ្ញុំចង់ឈ្នះម៉ាក់។ គាត់ក៏បានឱកាសរៀបរាប់ប្រាប់ខ្ញុំឡើងចង់ងងុយដេក៖
«មនុស្សប្រុសពិតៗមិនមែនសំដៅលើផឹកច្រើនមិនស្រវឹង លេងច្រើនមិនចាញ់នោះទេ! តែជាមនុស្សប្រុសដែលអាចធ្វើជាគំរូ និងជាបង្គោលដ៏រឹងមាំមួយសម្រាប់គ្រួសារ!»
ខ្ញុំលូកចាប់ម្ហូបក្នុងខ្ទះមកភ្លក់ហាក់មិនចាប់អារម្មណ៍នឹងការប្រៀនប្រដៅរបស់ម៉ាក់។ ប្រពន្ធដើមប៉ាវាយដៃគ្មានរបបរបស់ខ្ញុំដោយស្នាមញញឹម ពេលនេះទើបខ្ញុំដឹងថាទោះម្ហូបហាងថ្លៃប៉ុណ្ណា ទំនើបប៉ុណ្ណាក៏មិនស្មើនឹងស្នាដៃម៉ាក់ឆាសាច់លាយនឹងបន្លែដែរ។
នឹកដល់វត្តមានម៉ាក់ដែលធ្លាប់រីករាយក្នុងផ្ទះ ខ្ញុំក៏នឹកខឹងដល់ប៉ាភ្លាម បើមិនមែនមកពីគាត់យកស្រីម្នាក់នោះមកនៅក្នុងផ្ទះ ខ្ញុំក៏មិនត្រូវមករស់នៅតែលតោលយ៉ាងនេះដែរ ហើយពេលនេះគាត់ស្រាប់តែឱ្យសុដារៀបការជាមួយជនជាតិជប៉ុនដែលមិនដឹងថាជាប្តីគេឬអត់នោះទៀត។ ខ្ញុំគិតអើយគិតថានឹងត្រូវជួយប្អូនស្រីដោយរបៀបណា តែបើឱ្យនាងមករស់នៅគ្មានគោលដៅបែបនេះដូចជាខ្ញុំច្បាស់ជាមិនបានឡើយ។
«យី! ហើយចុះអ្ហែងធ្វើមុខអីយ៉ាប់ម៉េសអ្ហា?»
អាទ្រីសួរ បន្ទាប់ពីវាអង្គុយមើលមុខក្រៀមផ្អេះខ្ញុំអស់រយៈពេលជិតកន្លះម៉ោង។ ឃើញខ្ញុំមិនផឹកមិនស៊ី ពួកវាស្មានថាខ្ញុំនឹកផ្ទះ តែរឿងនេះមានតែអាជាទេដែលដឹង៖
«ថ្ងៃនេះប្អូនស្រីវាការ វានឹកផ្ទះនឹងណា!»
«អើ! បើថានេះ លើកគ្នាទៅស៊ីតែម្តងទៅអ្ហា អញកំពុងតែដាច់យ៉ៃផង!»
«បើពួកអ្ហែងមិនចង់ឱ្យអញចូលគុកនោះ កុំមកនិយាយពីរឿងទៅផ្ទះជាមួយអញ បើអញទៅឃើញមុខពួកអស់នោះ ប្រហែលជាមានងាប់រស់ម្ខាងៗហើយ!»
ខ្ញុំនិយាយច្រឡោតខឹងជះដាក់ពួកវាទាំងដុល តែក្នុងចិត្តគុំស្អប់នឹងអ្នកផ្ទះជិតឆ្កួតទៅហើយ មួយខ្ញុំបារម្ភពីសុដាដែលត្រូវរៀបការប្តីបរទេសទាំងដែលខ្លួនឯងមិនចេះនិយាយជប៉ុនអីមួយម៉ាត់ ពីរខ្ញុំស្អប់មីងដែលបង្ខំឱ្យអនាគតបងប្អូនខ្ញុំត្រូវវិនាសព្រាត់ប្រាសបានតាមចិត្ត បីខ្ញុំស្អប់ប៉ាណាស់ ដែលគាត់ព្រោះតែស្រីមិនខ្វល់ពីសេចក្តីសុខកូនៗ។
កំហឹងប៉ុណ្ណេះល្មមថាខ្ញុំនាំពួកវាទៅដុតរោងការចោល បើមិនយល់មុខសុដាទេ ខ្ញុំក៏មិនខ្លាចនឹងដេកគុកដែរ។ រវល់តែខឹងពេក ខ្ញុំក្រវាត់ដៃប៉ះកែវមួយធ្លាក់ខ្ចាយដោយអចេតនា អាជានិងអាទ្រីភ្ញាក់សឹងហើបគូទពីតុ។ ខ្ញុំសម្លឹងមុខពួកវាធ្វើមិនដឹង ព្រោះនៅគិតច្រើនរឿងមង្គលការសុដានៅឡើយ គ្មានអារម្មណ៍ទៅសើចនឹងប្រតិកម្មឆ្កួតៗរបស់ពួកវាទេ។
«ថីអានេះ? និយាយលេងផងមិនបានទេអ្ហា?» អាទ្រីនិយាយ មិនតែប៉ុណ្ណឹងវាក៏ច្រៀងឌឺខ្ញុំ៖
«អូនមិនដឹងខ្លួនថាអូននេះហើយ អូនអើយដែលធ្វើឱ្យបងខ្លោចផ្សារ បងក៏មិនយល់ថាពុលស្នេហា…»
អាជាទះស្មាមួយដៃអាទ្រីឈប់ច្រៀង៖
«នែ៎! នៅច្រៀងហ្នឹងហើយអានេះ!»
អាទ្រីងាកមកសួរខ្ញុំបន្លប់ខ្លាចគេថាសំឡេងវាមិនឈ្នះគោរោទ៍៖
«ហើយបើមិនទៅទេ អ្ហែងអង្គុយខ្វល់ធ្វើអីអ្ហា?»
«មកពីអត់លុយមួយរៀលហ្នឹងអ្ហាស!»
«ចង់ចងដៃប្អូនអ្ហេស? អ្ហីក៏ចង់បានលុយដើរលេងអ្ហាស? បើថាចង់រកលុយមិនមែនអត់ក្រឡាឯណា ឱ្យតែហ៊ាន!»
អាទ្រីវាបង្ហើបហើយញាក់ចិញ្ចើម មកដល់ដំណាក់កាលនេះទោះអ្វីក៏មិនខ្លាចដែរ ឱ្យតែមានលុយចាយ មានបាយស៊ី បានដេកឆ្អែតគឺជាសេរីភាពពួកយើងហើយ មិនបាច់ទ្រាំនៅក្នុងផ្ទះចាំស្តាប់តែប្រពន្ធចុងប៉ាទេសនា ប្តឹងប្តល់ប៉ាព្រឹកល្ងាចៗនោះទេ។
មានភាគបន្ត!


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ