រឿង៖ ស្នាមសាក់រូបខ្លា (ភាគ៦)

វគ្គ៖ បក្សី​ជំទើរ​ដែល​គ្មាន​សម្បុក​

ខ្ញុំ​ស្គាល់​ម៉ា​លើកដំបូង​នៅ​ឆ្នំា​១៩៩៦​…

អា​ម៉ា​នោះ​​រូប​សេះ​ ពណ៌​ផ្កាឈូក​ ខ្ញុំ​រត់​ការ​ថ្នាំ​ឱ្យ​បង​លុច្ស​នៅ​ផ្សារចាស់​។ ដំបូង​ខ្ញុំ​ខ្លាច​ណាស់​ព្រោះ​តែ​ម៉ាក់​តែង​ប្រដៅ​ខ្ញុំ​រឿយៗ​ថា​ អា​សារធាតុ​ញៀន​ស្អី​អស់នេះ​វា​មិនដែល​នាំផល​ល្អ​ដល់​ខ្លួន​ទេ​ មានតែ​បំផ្លាញ​ខ្លួនឯង​ គ្រួសារ​ ហើយ​សង្គម​ថែមទៀត​។

តែ​ពេល​ដែល​ខ្ញុំ​ដល់​ដំណាក់កាល​ទៅ​ លុយ​ក៏​អត់​ ផ្ទះ​ក៏​គ្មាន​ សាច់ញាតិ​ក៏​មិន​ខ្វល់​ មានតែ​វា​ទេ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយចិត្ត​ ហើយ​ឱ្យ​បាយ​ខ្ញុំ​ស៊ី​ ព្រោះ​គេ​ឱ្យ​ចំណេញ​មួយ​គ្រាប់​មួយ​ពាន់​រៀល​ ខ្ញុំ​ចែក​ចាយ​បន្ត​មួយ​យប់​ៗ ជួនកាល​មួយ​ពាន់​គ្រាប់​ក៏​មាន​ដែរ​។

និយាយ​តាមត្រង់​ទៅ​ ខ្ញុំ​អត់​ស្គាល់​ទេ​ថ្នាំញៀន​ គេ​ថា​ថ្នាំ​ខ្លាំង​សម្រាប់​រឿង​លើ​គ្រែ​ ខ្ញុំ​រកស៊ី​បាន​លុយ​ច្រើន​ណាស់​ តែ​ចាយ​អស់​ៗ មិនដែល​សល់​ទេ​ ខ្ញុំ​ធ្លាប់​ដេក​ប៉ុស្តិ៍​ម្តង​​​ប្រាំ​យប់​ ប៉ូលិស​ក៏​បាន​ទូរស័ព្ទ​ទៅ​ប៉ាតាំ​ងពី​ថ្ងៃ​ដំបូង​ដែល​ខ្ញុំ​បាន​មកដល់​ប៉ុស្តិ៍​…

«ម៉េច​ហើយ​? ខាង​គ្រួសារ​វា​ថាម​កយកពេល​ណា​?»

មក​ពី​កាលនោះ​ខ្ញុំ​ត្រូវ​គេ​ចាប់​ក្រោយពេល​ដែល​លក់​ថ្នាំ​អស់​ ប៉ូលិស​មិន​ទាន់​ដាក់​បន្ទុក​ខ្ញុំ​ថា​ត្រូវ​តែ​ជាប់​ទោស​ធ្ងន់ធ្ងរ​ពី​ករណី​ជួញដូរ​គ្រឿងញៀន​ទេ​ អ៊ីចឹង​ហើយ​បើ​មាន​អ្នកធានា​ខ្ញុំ​ច្បាស់ជា​អាច​ចេញទៅ​ផ្ទះ​វិញ​បាន​ តែ​…

«អត់មាន​ទេ​លោកនាយ​ គេ​ថា​មិន​ខ្វល់​ បើ​បាន​វា​ដេក​គុក​គឺ​ល្អ​ហើយ​!»

ចម្លើយ​បែប​ហ្នឹង​ ខ្ញុំ​ទាយ​ដឹង​តាំងពី​ដំបូង​ ទើប​មិន​ស្លុតចិត្ត​មិនបាច់​ឈឺចាប់​អី​ខ្លាំង​។ បើ​គាត់​មាន​ចិត្ត​នៅ​គិតថា​ខ្ញុំ​ជា​កូន​ ច្បាស់ជា​តាម​រក​ខ្ញុំ​តាំងពី​ថ្ងៃ​ចេញ​ពី​ផ្ទះ​ដំបូង​មក​ហើយ​ មិនមែន​ទុក​ឱ្យ​ខ្ញុំ​ធ្លាក់​ខ្លួន​ប្រឡែង​ថ្នាំ​រហូតដល់​ត្រូវ​ប៉ូលិស​ចាប់​ទេ​។

ដល់ពេល​អា​ជាតិ​ថ្នាំ​អស់​ហ្នឹង​វា​ច្រៀប​ពេញ​ខ្លួន​ទៅ​ មនោសញ្ចេតនា​គ្រួសារ​ជាមួយ​ខ្ញុំ​ក៏​កាន់តែ​ផ្តាច់​អស់​ ខ្ញុំ​ប្រែក្លាយ​ជា​រឹងប៉ឹង​ មិនបាន​លួច​តូចចិត្ត​នឹង​អ្នកផ្ទះ​ បែរជា​គិត​យ៉ាង​ធូរ​ទៅវិញ​ថា​ បើ​បាន​ចេញ​ក៏​ល្អ​ បើ​អត់ទេ​ដេក​បន្ត​ស៊ី​ស្រួល​ក្នុង​គុក​ហ្នឹង​ទៅ​។

«ហ៊ើយ​…អា​ក្មេង​អស់នេះ​ វា​ហួស​នឹង​ប្រដៅ​ហើយ​ ទើបដល់​ថ្នាក់​ពុក​ម៉ែ​វា​លែង​រវល់​យ៉ាងនេះ!»

មេ​ប៉ុស្តិ៍​រអ៊ូ​មើល​មុខ​ខ្ញុំ​ហើយ​គ្រវី​ក្បាល​។ ប៉ូលិស​អស់​ហ្នឹង​ឃើញ​ខ្ញុំ​ត្រឹមតែ​ជា​ក្មេង​បាត​សង្គម​ បំពុល​សង្គម​ដែល​គ្មាន​អ្នកណា​រាប់រក​ ធ្វើឱ្យ​តែ​ពួកគាត់​ត្រូវ​រវល់​មក​ដេញ​ចាប់​ តែ​ពាក្យ​គាត់​អស់​ហ្នឹង​វា​មានន័យ​សម្រាប់​តែ​អា​ក្មេង​ដែល​មាន​ពុក​ម៉ែ​ស្រលាញ់​ នៅ​មើលថែ​បាន​ដិតដល់​ តែ​សម្រាប់​ក្មេងប្រុស​ដែល​ជួបប្រទះ​នឹង​រឿង​គ្រួសារ​បែបនេះ​ដូចជា​ខ្ញុំ​ស្តាប់​មិន​ចូល​ទេ​។

គាត់​មិន​ចង់​សួរនាំ​ពីដើម​ហេតុ​សោះ​ ថា​ខ្ញុំ​នៅក្នុង​គុក​ថ្ងៃនេះ​ក៏​ព្រោះតែ​អ្នកណា​? បើ​កុំមក​ហត់​នឹង​ចាប់​ខ្ញុំ​ ទៅតាម​ដាន​ល្បិច​កល់​ប្រពន្ធចុង​អស់នោះ​ ប្រហែល​គ្មាន​ពួក​ខ្ញុំ​នៅ​ទីនេះ​ទេ​។ យ៉ាងណា​ខ្ញុំ​នៅ​មានសាច់​ញាតិ​ម្នាក់​ដែល​បារម្ភ​ សុ​ដា​ប្អូន​ខ្ញុំ​មិនដែល​ទុក​ខ្ញុំ​ចោល​ទេ​ ប្រាំ​ថ្ងៃ​ក្នុង​មន្ទីរ​ឃុំខ្លួន​វា​នេះ​ហើយដែល​យក​បាយ​យក​ទឹក​មក​ឱ្យ​ខ្ញុំ​។ ខ្ញុំ​ខ្មាស​ប្អូន​សឹងតែ​មិន​ហ៊ាន​មើល​មុខ​វា​ចំ​ បាយ​ក៏​លេប​លែង​ចូល​ ទឹកភ្នែក​មួយ​តំណក់ៗ​របស់​វា​សឹង​តែ​ពុះ​ប្រ​ម៉ាត់​ខ្ញុំ​ឱ្យ​ដាច់​៖

«បង​ឯង​ខំ​ហូប​ឱ្យ​ច្រើន​ទៅ​ ឃើញ​អត់​ស្គម​ច្រើនណាស់​!»

អស់ពី​ម៉ាក់​ទៅ​ មានតែ​វា​ទេ​ដែល​ស្រលាញ់​ខ្ញុំ​ជាងគេ​ តែ​ខ្ញុំ​មិន​គួរ​តបស្នង​ការ​ស្រលាញ់​ប្អូនស្រី​ដោយ​ជំនួស​នឹង​បាយ​ម្ហូប​យក​មកដល់​គុក​នេះ​ទេ​។ នឹកឃើញ​អនុស្សាវរីយ៍​នៅ​ពីក្មេង​របស់​បងប្អូន​យើង​ម្តង​ៗ ខ្ញុំ​ចង់​ត្រលប់​ទៅផ្ទះ​វិញ​ណាស់​ ខ្ញុំ​ចង់​ធ្វើជា​មនុស្សសាមញ្ញ​ម្នាក់​ដែល​មិនបាច់​ប្រឡូក​នឹង​ជីវិត​បាត​សង្គម​ទាំងនេះ​ទៀត​ តែ​ចិត្ត​ស្អប់​ប៉ា​និ​ង​ប្រពន្ធ​គាត់​ វា​ធ្វើឱ្យ​ខ្ញុំ​លែង​ខ្វល់​ពី​រឿង​ត្រឹមត្រូវ​។ បើ​ខ្ញុំ​មិន​រស់​ខ្លួនឯង​ មិន​ចាយ​លុយ​ខ្លួនឯង​ មីង​នៅតែ​បាន​លេស​មើលងាយ​ខ្ញុំ​។

ខ្ញុំ​លេប​បាយ​មួយម៉ាត់​ក្នុង​មាត់​ ម្ហូប​ស្នាដៃ​ប្អូនស្រី​នៅតែ​ឆ្ងាញ់​ ខ្ញុំ​ចង់​សួរនាំ​ពី​រឿង​ប្តី​វា​ណាស់​ តែ​ហាមាត់មិនរួច​សោះ​ខ្ញុំ​ខ្មាស​សុ​ដា​ដែល​ការពារ​មិន​ឱ្យ​វា​រៀបការ​នឹង​អា​ជប៉ុន​នោះ​មិនបាន​។ ឃើញ​មុខ​មាត់​សុ​ដា​ស្រស់បស់​ គ្រាន់តែ​រាង​ស្គម​បន្តិច​ ប្រហែលជា​ប្តី​វា​មិនមែន​មនុស្ស​អាក្រក់​ធ្វើបាប​វា​ដូចដែល​ខ្ញុំ​គិត​ទេ​។

«អូន​ឯង​មករ​ក​បង ​ពួក​នោះ​មាន​ដឹង​ទេ​?»

ខ្ញុំ​មិនបាន​រាប់​ទាំង​ប៉ា​ គឺ​សំដៅ​តែ​លើ​ម្តាយកូន​បី​នាក់​នោះ​ ខ្លាច​ថា​មីង​យកពាក្យ​ទៅ​និយាយ​ឱ្យ​ប៉ា​ខឹង​សុ​ដា​ ដោយសារ​ខ្ញុំ​ទៀត​។ ទោះ​យ៉ាងណា ​ពាក្យ​ម៉ាក់​ដែល​ប្រដៅ​ឱ្យ​ខ្ញុំ​គោរព​ប៉ា​នៅតែ​មាន​ប្រសិទ្ធភាព​ តែ​សម្រាប់​អ្នកដទៃ​ដែល​មិន​ជាប់សាច់​ឈាម​សោះ​ ខ្ញុំ​គ្មាន​អី​ត្រូវ​មក​គោរព​ទេ​។

«ទោះ​គាត់​ដឹង​ក៏​ដឹង​ទៅ​ ខ្ញុំ​មិន​ខ្វល់​ទេ​! ចាំ​មើល​ខ្ញុំ​សាក​ទៅ​និយាយ​នឹង​ប្តី​ខ្ញុំ​ ក្រែង​អាច​មក​ធានា​បង​ឱ្យ​ចេញក្រៅ​ឃុំ​បាន!»

«មិនបាច់​ទៅ​ពឹង​គេ​ នាំ​តែ​មានរឿង​ដល់​ឯង​ទេ​ មិន​ប៉ុន្មាន​ថ្ងៃ​បង​នឹង​ចេញទៅ​វិញ​ហើយ​!»

«បង​ឯង​ចេញ​ម៉េច​បើ​គ្មាន​អ្នកធានា​នោះ​?»

ខ្ញុំ​លើកដៃ​អង្អែល​សក់​ប្អូនស្រី​ ព្រោះ​ចង់​ឃាត់​កុំ​ឱ្យ​វា​យំ​ មិនដឹង​ត្រូវ​តប​ម៉េច​បើ​ខ្ញុំ​ខ្លួនឯង​ក៏​មិន​ប្រាកដ​ថា​តទៅ​អាច​នឹង​មាន​សេរីភាព​ដើរលេង​តាម​អំពើ​ចិត្ត​ទៀត​ឬ​អត់​។ ខ្ញុំ​មានតែ​បន្លប់​វា​ដោយ​ខំ​ហូបបាយ​ឡើង​អស់ពី​ស្រាក់​ ហើយ​ប្រញាប់​ដេញ​ឱ្យ​វា​ទៅផ្ទះ​វិញ​ ខ្លាច​ប៉ា​មកវិញ​រក​វា​មិនឃើញ​។

តាំងពី​ថ្ងៃ​នោះ​មក ​ខ្ញុំ​លែង​បាន​ជួប​សុ​ដា​ទៀត​ ព្រោះ​បង​លុច្ស​ជួយ​រត់ការ​ឱ្យ​ខ្ញុំ​ចេញ​វិញ​ ពេលនោះ​ពួក​ខ្ញុំ​បួន​នាក់​ស្ម័គ្រចិត្ត​ធ្វើកូន​ចៅ​គាត់​ ហើយ​គាត់​ដាក់ឈ្មោះ​ឱ្យ​ខ្ញុំ​ថា​ អា​ Tiger​… ខ្ញុំ​បាន​សាក់​រូប​ខ្លា​នៅដើម​ដៃស្តាំ​ ជីវិត​របស់ខ្ញុំ​កាន់តែ​ឃ្លាតឆ្ងាយ​ពី​អ្វី​ដែលគេ​ហៅថា​ រឿង​ត្រឹមត្រូវ​…

វគ្គ៖ ក្រោម​លំហ​មេឃ​ដ៏​ថប់ដង្ហើម​

ក្រោយពេល​បាន​ចេញពី​គុក​ម្តង ​ពួក​យើង​កាន់តែ​មាន​ភាព​ក្លាហាន​ ហើយ​ហ៊ាន​ប្រឡូក​ជាង​មុន​ ព្រោះ​មិនបាច់​ទៅ​ខ្វល់​អី​នឹង​គ្រួសារ​ បើ​ពួកគេ​មិនដែល​ទុក​យើង​ក្នុងចិត្ត​ផង​ មានតែ​បងប្អូន​ខាង​នេះ​ទេ​ដែល​ទុក​យើង​សំខាន់​ ឱ្យ​លុយ​ចាយ​ ឱ្យ​បាយ​ស៊ី​ អ៊ីចឹង​ហើយ​ ពួក​យើង​មានតែ​ខំ​លក់​វា​ឱ្យ​បាន​ចំនួន​ច្រើន​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​។ កាល​យប់​មួយ​នោះ ​ភ្លៀង​ខ្លាំង​ណាស់​ដូចជា​ធ្លាយ​មេឃ​…

អា​ជា​និង​ខ្ញុំ​ឈរ​ចាំ​អា​ទ្រី​នៅផ្ទះ​បែកបាក់​មួយ​ដើម្បី​ចេញដំណើរ​ទៅ​រកស៊ី​ តែ​បាត់​មួយ​ល្ងាច​មិន​ឃើញ​វា​ត្រលប់​មកវិញ​សោះ​។

«អា​ទ្រី​វា​មកដល់​អង្កាល់​វ៉ី​?»

ខ្ញុំ​រអ៊ូ​ទាំង​បារម្ភ​ ព្រោះ​វា​ប្រាប់​ថាទៅ​អើត​ផ្ទះ​តែមួយ​ភ្លែត​សោះ​ នេះ​ជាង​មួយថ្ងៃ​ទៅ​ហើយ​ អ្វី​ដែល​សំខាន់​មិនដឹង​វា​យក​ថ្នាំ​ទៅជាមួយ​ឬ​អត់​ ខ្លាច​តែ​ប៉ូលិស​កាក់​បាន​ដូច​លើក​មុន​ទេ​។

«អើៗ​ រាប់​ម៉ោង​ហើយ​អ្ហី​? មិន​ទាន់​ចេញ​លក់​បាន​មួយ​គ្រាប់​សោះ​ អ្ហែង​ចង់​ចាំ​វា​ទៀត​ឬក៏​ម៉េច​?»

អា​ជា​វា​ធ្វើមុខជូរ​ប្រឹង​ក្តោប​ថ្នាំ​ក្នុង​កាបូប​ជាប់​ ព្រោះ​មេឃ​មិន​ត្រឹមតែ​ភ្លៀង​ទេ​ ថែមទាំង​មាន​ខ្យល់​បោកបក់​សាច​មក​ប៉ះ​យើង​ទៀត​ ដំបូលផ្ទះ​ដែល​បាក់បែក​ លិច​ស្ទើរតែ​គ្រប់កន្លែង​ បើ​ត្រូវ​ថ្នាំ​រលាយ​ច្បាស់ជា​ខាតចុងខាតដើម​ហើយ​។ ខ្ញុំ​មិនទាន់​អស់ចិត្ត​ ព្រោះ​តាម​ដឹង​ផ្ទះ​អា​ទ្រី​ក៏​នៅ​រាង​ឆ្ងាយ​ដែរ​ ហើយ​មេឃ​ភ្លៀង​ទៀត​ក្រែង​វា​មិនទាន់​ចេញ​មកវិញ​ក៏​តប​ទៅ​អា​ជា​ថា​៖

«ចាំ​តិច​ទៅ​អ្ហា!»

«អញ​ខ្លាច​តែ​វា​មានរឿង​ទេ​អ្ហា​ វាយ​ក​ថ្នាំ​ទៅ​តាម​អ្ហេស?»

ខ្ញុំ​កាន់តែ​ភ័យ​បន្តិច​ដែរ​ តែ​ក៏​រហ័ស​ទាញ​កាបូប​របស់​វា​មក​រាប់មើល​ ហាក់​ធូរចិត្ត​បន្តិច​ ដែល​វា​ឆ្លាត​មិន​ចេះ​យក​ថ្នាំ​ទៅជាមួយ​៖

«មាន​ណា​ វា​ទុក​នៅ​ហ្នឹង​ទាំងអស់​ហ្នឹង​!»

«អ្ហើយ​! ភ្លៀង​ៗៗ​ មិន​ទាន់​រកស៊ី​បាន​មួយ​រៀល​ផង​ សង្ស័យ​ស្អែក​អត់បាយ​ស៊ី​ទេ​អ្ហា!»

អា​ជា​វា​ដើរចុះ​ដើរ​ឡើង​មិនឈប់​ ណាមួយ​ខ្លាច​ថា​លក់​មិនបាន​ ណាមួយ​មិនដឹង​អា​ទ្រី​វា​មានរឿង​មែន​ក៏​អត់​ ឯខ្ញុំ​ដែល​អង្គុយ​ស្ងៀម​តែ​ចិត្ត​មិនបាន​ស្ងប់​នោះ​ទេ​ ពួក​យើង​ទាំង​បី​នាក់​ជា​បងប្អូន​ ច្បាស់​មិន​ចង់​ឃើញ​អ្នកណាមួយ​ត្រូវ​ដេក​គុក​ម្តង​ទៀត​ដែរ​។ ពេលនោះ​សំឡេង​គោះ​ទ្វា​ក៏​លាន់​ឡើង​…

តុ​កៗៗៗ​

មានភាគបន្ត!

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*