ពេលនោះហើយដែលអាជាវាទ្រាំមិនបាន ទោះបីមានលុយចាយមានបាយស៊ី តើវាល្អត្រង់ណាទៅ បើពាក្យថាសុភមង្គលគ្រួសារមិនដឹងនៅត្រង់ណាផងនោះ។ វាទម្លាក់សៀវភៅចុះ រត់ពីលើផ្ទះមកស្រែកដាក់ប៉ាម៉ាក់វា៖
«ឈ្លោះទៅ ឈ្លោះឱ្យឆ្អែតទៅ ឈ្លោះគ្នារាល់តែថ្ងៃ ម្ង៉ៃៗរកតែរឿងគ្នាមិនឈប់!»
ពេលនោះហើយដែលវាសម្រេចចិត្តថាមិនចង់ទៅផ្ទះវិញ វាខ្លាចផ្ទះ វាខ្លាចនឹងសំឡេងដែលប៉ាម៉ាក់វាប្រកែកគ្នា មានពេលខ្លះសូម្បីតែកណ្តាលយប់ក៏វាមិនបានដេកលក់ឆ្អែតដែរ ពួកគាត់មិនដែលសួរវាថាប្រឡងពេលណា បានពិន្ទុប៉ុន្មាន មានតែបង្ករឿងរំខានវាមើលមេរៀន។ ខ្ញុំយល់ចិត្តអាជានៅពេលនោះ វាមិនខុសពីម្តាយចុងរបស់ខ្ញុំដែលបង្ករឿងធ្វើឱ្យខ្ញុំនិងប៉ាមិនត្រូវគ្នានោះទេ។
ខ្ញុំដឹងច្រើនពីជីវិតនៅពេលដែលខ្ញុំចេញក្រៅផ្ទះ គ្មានអ្នកណាម្នាក់ក្នុងក្រុមយើងដែលមិននឹកផ្ទះនោះទេ តែយើងមិនអាចប្រឈមមុខនឹងរឿងរ៉ាវជាច្រើនដែលមនុស្សចាស់បានបង្កើតឡើង មានតែអាកុលទេដែលបន្ទោសខ្លួនឯង វាមិនដែលបន្ទោសអ្នកផ្ទះវាមួយម៉ាត់ទេ រឿងវាផ្សេងពីពួកខ្ញុំ។
ក្រៅពីខ្ញុំ អាទ្រី អាជា នៅមានអាកុលម្នាក់ទៀត។ អានេះក្រក៏មិនក្រ មិនមានម៉ែឪឈ្លោះប្រកែកគ្នា ឬលួចលាក់មានស្រីក្រៅ តែវានៅតែមករាប់អានក្រុមអាជា។ ល្ងាចមួយពេលដែលអាកុលចេញពីសាលា តាមច្រកឌឿងហែមវាត្រូវពួកអាស្ទាវមួយក្រុមធ្វើបាប…
«អេ្ហស! អាម៉ាប់នោះមកហើយ ចាត់ការឱ្យឆាប់ឡើងទៅ!»
«អើ! តោះ! ចូលទៅលឿនទាន់ស្ងាត់!»
អាកុលដើរងាកៗ មុខវាស្លេកដូចមនុស្សអត់ឈាម ព្រោះអាក្រុមនេះមិនមែនចាំសង្គ្រុបវាលើកទីមួយទេ តែវាមិនដឹងថាគេចទៅណារួច បើផ្លូវនេះនៅជាប់នឹងផ្លូវកាច់ផ្ទះវា ពិបាកត្រង់ថាស្ងាត់ដូចចោរលួចសេះ អ៊ីចឹងហើយបានពួកអាស្ទាវវាធ្វើអីតាមចិត្ត។
«អ្ហេអាម៉ាប់! ទៅណាលឿនម៉េសអ្ហា?»
គ្នាវាម្នាក់ចេញពីក្រោយ ពីរនាក់ចេញពីមុខស្ទាក់អាកុលជាប់។ អានេះវាធំតែមាតុចង្អៀតតែមុង គីឡូឱ្យដូចដំរី តែខ្លាចអាពួកក្មេងញៀនថ្នាំអស់នោះឡើងចង់រាគនោមដាក់ខោ។ អាកុលដោះកាតាបស្ពាយឱបជាប់ខ្លួន ព្រោះត្រូវអាពួកនេះចាប់ទាញផ្ញាជើងម្តង។ វាសួរគេឡើងញ័រមាត់ទទ្រើក៖
«ពួកអ្ហែង…រកអីទៀតហើយហ្នឹង?»
«ខ្ចីស្បែកជើងពាក់សិនមកអ្ហា!»
«អញគ្មានទេ!»
អាកុលប្រកែកថយពីវាម្តងមួយជំហាន តែក៏ត្រូវពួកអានោះដេញទាល់តែទល់ជញ្ជាំង។ បានឱកាសចំហៀងខ្លួន អាកុលរហ័សរត់ជ្រែកប្រឡោះក្លៀកពួកអានោះដាក់មេប្រូច។
«ចាប់! ចាប់វាឱ្យបានកុំឱ្យវារត់រួចឱ្យសោះវ៉ើយ!»
អាមួយតម្កើងខ្លួនជាមេធំស្រែកសន្ធប់ អាកុលរត់កាន់តែលឿនមិនថយក្រោយ តែមាឌវាធំពេកយោងតែពោះមិនរួចក៏ត្រូវគ្នាវាចាប់បាន។
«លែងៗៗ លែងអញទៅ!»
«ចង់ងាប់អ្ហេស? អ្ហែងរត់ធ្វើអី? ដោះស្បែកជើងឱ្យឆាប់មក?»
អាម្នាក់ទារស្បែកជើងប៉ាត់តាពណ៌សថ្មីចែសរបស់អាកុល អាម្នាក់រហ័សដៃលូកហោប៉ៅខោវា៖
«ឯណាលុយ? យកចេញឱ្យអស់មក កុំចង់ឈឺសាច់ទាន់អ្ហា!»
«អញគ្មានទេអានេះវ៉ើយ! ពួកអ្ហែងយកអស់ពីម្សិលមិញហើយ!»
អានេះវាប្រហែលដឹងមុនទើបមិនដាក់លុយក្នុងហោប៉ៅ ដោយសារតែអត់ទើបវាទាញខោអាកុលវឹះតែនឹងរហែក៖
«ឱ្យលឿនមកអ្ហា!»
«ពួកអ្ហែងធ្វើអី? នាំគ្នាលែងវាឱ្យឆាប់!»
សំឡេងមាំលាយស្នូរសន្ធឹកម៉ូតូនៅចុងម្ខាងផ្លូវ ពេលនោះហើយដែលអាទ្រីនិងអាជាវាបានយកអាសារអាកុលនិងចាប់ផ្តើមស្គាល់គ្នា។ អាទ្រីចុះពីលើម៉ូតូដើរកាងមករកពួកអាស្ទាវដាច់ស្បាត៖
«ហើយចុះពួកអ្ហែងស្អី បានមកចង់រកស៊ីកន្លែងអញហ្នឹង?»
ឃើញមាឌពួកអាទ្រីនិងអាជាមាំពេក ទោះមិនមានសាច់តែហាប់ដោយសាច់ដុំគ្រាន់ជាងខ្លាចពោះអាកុលទើបពួកអានោះវាភ័យកេះគ្នា៖
«អេ្ហនៅមិនបានទេវ៉ើយ! រត់សិនទៅ!»
អាមួយដាក់មេផាយមុន អាមួយនៅចង្អុលមុខអាកុលផ្តាំទម្រាំតែអាទ្រីដើរទៅដល់វា៖
«អើអាកុលអ្ហែង រួចខ្លួនសិនចុះ គង់តែដឹងគ្នាទេវ៉ើយ!»
អានោះច្រានអាកុលផ្អឹបជញ្ជាំងមុនដាក់មេផាយ។ អាទ្រីស្ទុះទៅទាញអាកុល៖
«អ្ហែងមិនបាច់ខ្លាចទេអាកុល!»
«សំណាងហើយដែលមានពួកអ្ហែងនៅ កុំអីវាវាយយកខ្ទេចទៀតហើយអ្ហា!»
អាជាវាស្រែកមកពីលើម៉ូតូ៖
«ហ៊ឹស! ចូលក្រុមអាជាហើយអ្ហា អាណាហ៊ានក្អកជាមួយវ៉ើយ មិនបាច់ខ្លាចពួកអាប៉ាវសាលាហ្នឹងទេ។»
អាទ្រីសួរ៖
«អ្ហើយចុះអ្ហែងមានលុយទេអ្ហា? ទៅរកស្អីដាក់ក្រពះសិនអ្ហី?»
អាទ្រីវាដឹងថាអាកុលជាកូនអ្នកមាន តាមសម្លៀកបំពាក់ ស្បែកជើងកាតាបវា ម៉ាកថ្លៃៗមានទៅអន់អីឯណា? អ៊ីចឹងហ្នឹងហើយបានជាពួកអាស្ទាវដាច់យ៉ៃវាចូលចិត្តមកឆក់ប្លន់អាកុលណាស់។
«មានតើ! តែជាប់រៀនសិនអ្ហា!»
«រៀនស្អីអ្ហា? ឈប់មួយថ្ងៃសិនទៅ តោះ!»
«តោះឡើងម៉ូតូមក!»
អាកុលវាអត់មានឪពុកទេ ម្តាយវារកស៊ី គាត់មិនសូវមានពេលទំនេរមកតាមដានវា ដូច្នេះវាសម្បូរលុយចាយដើរច្រើនជាងគេ ដល់ពេលវាផុងខ្លួន វាយកឡានផ្ទះទៅបញ្ចាំលែងចូលផ្ទះ ហើយចូលក្រុមអាជាទៀត។ ចាប់តាំងពីពេលនោះមកពួកវាក៏ក្លាយទៅជាមិត្តភ័ក្ដិស្លាប់រស់ជាមួយគ្នា។
វគ្គ៖ ថ្ងៃចូលឆ្នាំ
នៅពេលទទួលអារម្មណ៍កម្សត់បំផុតនោះ គឺពេលចូលឆ្នាំ…
យើងម្នាក់ៗនឹកដល់ផ្ទះ នឹកដល់សកម្មភាពរីករាយក្នុងផ្ទះកាលពីពួកយើងនៅក្មេងៗ តែក៏ដឹងដែរថាមិនអាចត្រលប់ទៅវិញបានទេ។ ថ្នាំញៀនអាចជួយពួកយើងបំបាត់ទុក្ខសោកបាន ខ្ញុំហឹត លេប ចាក់តាមចិត្តចង់ ព្រោះខ្ញុំមានច្រើនណាស់ ការពិតមួយទៀតដែលខ្ញុំចង់រំលឹកដែរ គឺនៅថ្ងៃបុណ្យចូលឆ្នាំចិន…
ឆ្នាំ១៩៩៧…
គេដុតផាវពេញទីក្រុងភ្នំពេញ ហើយផ្សែងធូបទៀននិងក្លិនជ្រូកខ្វៃបានធ្វើឱ្យខ្ញុំមានអារម្មណ៍ស្រងេះស្រងោចណាស់ ដោយសារម្តាយខ្ញុំជាប់ខ្សែចិនកាជីវ ផ្ទះខ្ញុំតែងប្រារព្ធរាល់ឆ្នាំ អ៊ឹកធឹកណាស់កាលម៉ាក់នៅរស់។
ពីរឆ្នាំហើយដែលខ្ញុំងប់ងុលនឹងជីវភាពក្រៅផ្ទះ មិនដែលបានសែនកុងម៉ាជួបជុំគេទេ។ អាទ្រីទៅផ្ទះទាំងព្រឹក ព្រោះគ្រួសារវាក៏ជាប់ខ្សែចិនដែរ វាទៅសែនខ្មោចឪវា អាជាទៅកំពង់ស្ពឺដើរលេងនិងសង្សារវា ហើយអាកុលទៅថៃយកថ្នាំជាមួយបងលុច្សទៅ ឯខ្ញុំនឹកខ្លាំងពេកក៏សម្រេចចិត្តថា ទៅអើតផ្ទះបានមួយភ្លែត។
តុកៗៗៗៗៗ
ខ្ញុំគោះទ្វារដែលមិនសង្ឃឹមថាអ្នកបើកទទួលគឺម្តាយចុងហើយនិងប៉ានោះទេ។ ពេលឃើញសុដាខ្ញុំសប្បាយចិត្តណាស់ ឯវាក៏ដូចគ្នា៖
«អូបង?»
«អើ! ហើយចុះមានអ្នកណានៅផ្ទះខ្លះហ្នឹង?»
«អត់ទេ ទៅដើរលេងអស់ហើយ!»
សុដាបិទទ្វាផ្ទះ ខ្ញុំក៏ដើរទៅអង្គុយលើសាឡុង ហើយសម្លឹងឃើញរូបថតម៉ាក់នៅញញឹមស្រស់មុខកំប៉ុងជើងធូបដែលហុយទ្រលោម។ សុដាច្បាស់ជាសែនរំលឹកម៉ាក់ វាធ្វើតាមប៉ាទើបសំណាងបាននៅសំពះរូបម៉ាក់ គ្រាន់បើជាងខ្ញុំដែលមិនបានអុជធូបឱ្យម៉ាក់សោះ។
«ណេះបងទឹកក្រូច!»
ខ្ញុំទទួលពីដៃប្អូនបន្លំចិត្តស្រងេះស្រងោច។
«ខ្ញុំទៅកម្តៅម្ហូបសិន ក្រែងលោបងហេវ!»
អាដាប្រុងនឹងដើរទៅចង្ក្រានបាយ តែដោយក្រឡេកមិនឃើញមានអ្នកណាសោះ ហើយក៏មិនគួរថាបើទាំងប្តីវាទៅដើរលេងសុខចិត្តឱ្យប្រពន្ធនៅចាំផ្ទះម្នាក់ឯងដូចមិនត្រូវ ខ្ញុំក៏សួរវា៖
«ប្តីឯងទៅណា?»
«ទៅជប៉ុនជាងមួយឆ្នាំហើយ!» សុដាដកដង្ហើមធំមុននឹងតបសំណួរខ្ញុំ។
ខ្ញុំភ្ញាក់ផ្អើលមិនតិចដែរ ជាប្តីប្រពន្ធបែរត្រូវមករស់នៅបែកគ្នា ហើយបើវាចង់ទៅនៅស្រុកវិញ ម៉េចក៏មិនយកប្រពន្ធវាទៅជាមួយ?
«អ្ហាក? ហើយចុះអង្កាល់វាមកយកឯងទៅ?»
«អត់ដឹងផង! ព្រោះគេមិនបានប្រាប់!»
ប្អូនស្រីខ្ញុំនិយាយធម្មតា មើលទៅវាមិនបានកើតទុក្ខទេ តែហាក់សប្បាយចិត្តច្រើនជាងដែលមិនបានទៅប្រទេសជប៉ុនតាមប្តី។ អាជប៉ុននោះវាបោកការជាមួយសុដាទេដឹង? វាមានប្រពន្ធកូននៅស្រុកហើយ? ខ្ញុំចេះតែគិតបារម្ភយ៉ាងខ្លាំង ប្អូនស្រីខ្ញុំនៅក្មេងបើពិតជាត្រូវមកជួបរឿងបែបនេះ គឺកំសត់ណាស់។ វាត្រូវក្លាយជាស្រីមេម៉ាយ មានម្តាយចុងចិត្តធ្មប់បែបនេះអ្នកណាដែលនឹងមកស្រលាញ់វាទៀត? បើសុដាត្រូវជួបរឿងអកុសលយ៉ាងនេះ មានតែប៉ាទេដែលត្រូវទទួលខុសត្រូវ។ ខ្ញុំសួរប្អូនបន្តទៀត៖
«ហើយចុះវាមានផ្ញើលុយឱ្យឯងចាយខ្លះអ្ហេស?»
«កម្រណាស់បង គាត់ថាសន្សំលុយទុកទិញផ្ទះ!»
ខ្ញុំអាណិតប្អូនស្ទើរខ្លោចចិត្ត តែមើលឃើញទឹកមុខវាស្រស់ ហើយនៅញញឹមដាក់ខ្ញុំបានទើបធូរចិត្តបន្តិច។ បើសិនសុដាត្រូវខូចចិត្តនឹងរឿងប្តីវា ប្រហែលក៏មិននិយាយធូរៗនឹងខ្ញុំយ៉ាងនេះដែរ សុដាប្រាកដជានិយាយរៀបរាប់ឱ្យខ្ញុំស្តាប់ ព្រោះថាអ្នកផ្ទះនេះគ្មានអ្នកណាដែលអាចជួយរំលែករឿងក្នុងចិត្តប្អូនស្រីបានទេ។ ឬក៏វាមិនចង់ឱ្យខ្ញុំដឹង? ខ្ញុំក៏ទាញលុយពីកាបូបមួយចំនួនហុចឱ្យប្អូន៖
«អ៊ីចឹងណេះ! យកទៅ!»
«អីគេហ្នឹងបង?»
វាបើកភ្នែកធំៗសួរ ព្រោះចំនួនលុយដែលខ្ញុំឱ្យក៏ក្រាស់ដែរ ហើយសុទ្ធតែលុយតាកាប៉ោង។
«យកទៅ! បងតិអៀរឱ្យឯង!»
មានភាគបន្ត!


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ