រឿង៖​ ស្នាមសាក់រូបខ្លា (ភាគ៩)

សុ​ដា​នៅ​ស្ទាក់ស្ទើរ​ខ្ញុំ​ក៏​ចាប់ដៃ​វា​ឱ្យ​ទទួល​លុយ​ទាំងនោះ​។ វា​ជា​លុយ​ដែល​រកម​កបាន​ដោយ​ផ្លូវ​មិនល្អ​ តែ​ខ្ញុំ​ឱ្យ​ប្អូន​គឺជា​ទឹកចិត្ត​សប្បុរស​ រស់នៅ​ជា​មួយ​ប៉ា​ ខ្ញុំ​ដឹង​ថា​ប្អូន​ចាយ​មិន​គ្រប់គ្រាន់​ទេ​ ព្រោះ​តាំងពី​មាន​វត្តមាន​ម្តាយចុង​មក​ ខ្ញុំ​ចង់​ឱ្យ​វា​មាន​ជាប់​ខ្លួន​ខ្លះ​កុំ​ពិបាក​នឹង​សុំ​ប៉ា​ ឬ​សុំ​ប្តី​។

«បង​ឯង​ធ្វើ​អី​បាន​លុយ​ច្រើន​ម៉េស​បង​? បង​ឯង​ធ្វើ​ម៉េច​ទើប​បាន​លុយ​?»

«រកស៊ី​ជាមួយ​គេ​ហ្នឹង​អ្ហាស​​! មើល​ ជៀស​បន្តិច​មើល៍​! កុំ​បាំង​បង​ បង​មើល​ទូរទស្សន៍​បន្តិច​!»

រវល់​តែ​រវល់​លេង​នឹង​ប្អូន​ខ្ញុំ​មិនបាន​ចាប់ភ្លឹក​ថា​ប៉ា​ហើយ​មីង​មកដល់​ពេលណា​ គ្រាន់តែ​ឮ​សំឡេង​គាត់​ចច្រាច់​ចេញពី​មាត់​ទ្វា​៖

«យី​សុ​ដា​? ឯង​ឱ្យ​អ្នកណា​គេ​ចូលផ្ទះ​ហ្នឹង​?»

បែកគ្នា​តែ​ប៉ុន្មាន​ឆ្នាំ​ គាត់​ចំណាំ​ខ្ញុំ​មិន​ចង់បាន​។ ខ្ញុំ​ស្គម​ជាង​មុន​ច្រើន​ព្រោះ​តែ​ជក់​ថ្នាំ​មិនសូវ​ស៊ី​បាយ​ ហើយ​ណាមួយ​ដើររក​ស៊ី​យប់​ៗទៀត​។ ខ្ញុំ​ក្រឡេក​ឃើញ​ប៉ា​ក៏​ក្រោក​ឡើង​៖

«ប៉ា​??»

«ហើយ​ឯង​មក​ពីអង្កាល់​ហ្នឹង​?»

ប៉ា​ហាក់​ភ្ញាក់ផ្អើល​នឹង​វត្តមាន​ខ្ញុំ​បន្តិច​ដែរ​ រយៈពេល​កន្លងទៅ​យូរ​យ៉ាងនេះ​ គាត់​ភ្លេច​រឿង​ឈ្លោះ​នឹង​ខ្ញុំ​ហើយ​នៅ​? ប៉ា​មាន​ធ្លាប់​ចង់​ឱ្យ​ខ្ញុំ​មក​នៅផ្ទះ​វិញ​ទេ​? តែ​ពេល​ហ្នឹង​ដល់​ថ្ងៃ​ដែល​ខ្ញុំ​ត្រូវ​ជាប់ឃុំ​ខ្លួន​នៅ​ប៉ុស្តិ៍​ ហើយ​គាត់​មិន​ខ្វល់​ វា​ក៏​ជាច​ម្លើយ​ស្រេច​ហើយ​​ដែល​មិនបាច់​ខ្ញុំ​ត្រូវ​សួរ​គាត់​ផ្ទាល់​ទេ​។

«គឺៗ​…បង​គាត់ទើប​មកដល់​មិញ​នេះ​ទេ​ប៉ា​!» សុ​ដា​ឆ្លើយ​ទៅ​ប៉ា​។

ប៉ា​មិន​មាត់​ទេ​ គាត់​មើល​ខ្ញុំ​ពីលើ​ដល់​ក្រោម​ ខ្ញុំ​មិន​យល់ចិត្ត​គាត់​សោះ​។ មីង​បាន​ក្រឡេក​ឃើញ​លុយ​នៅ​ដៃ​សុ​ដា​ គាត់​សួរ​ពេល​ដែល​នាង​ប្រឹង​លាក់​វា​ក្រោយខ្នង​៖

«សុ​ដា​? ឯង​កាន់​អី​នៅ​នឹង​ដៃ​?»

សុ​ដា​ក្រ​វី​ក្បាល​មិន​ឆ្លើយ​ គាត់​មិន​ដោះលែង​ទេ​ក៏​ទៅ​ទាញ​ដៃ​វា​មក​មើល​៖

«ឯង​យក​លុយ​ពីណា​មក​?»

«គឺ​…គឺ​បង​តិអៀរ​ឱ្យ​ចូលឆ្នាំ​!»

សុ​ដា​ឆ្លើយ​រដាក់រដុប​ វា​ក៏​ប្រហែលជា​ដឹង​ដែរ​ថា​ខ្ញុំ​រកស៊ី​អី​ទើបបាន​លុយ​ច្រើនយ៉ាង​នេះ​ វា​មិន​ចង់​ឱ្យ​ប៉ា​និង​មីង​ដឹង​ ព្រោះ​មិន​ចង់​ត្រូវ​ឃើញ​ពួកគាត់​ដេញ​ខ្ញុំ​ម្តង​ទៀត​ ទើប​មិន​ចង់​ឆ្លើយ​។

«យី​បង​! មើលកូន​បង​ឯង​ចុះ​ ទៅ​យក​អា​លុយ​កង្វក់​ហ្នឹង​ចូលផ្ទះ​ បង​ឯង​ប្រដៅ​កូនបង​ឯង​ផង​មើល​! ឯង​ដឹង​ទេ​សុ​ដា​ វា​ទៅ​ធ្វើ​ស្អី​ខ្លះ​នៅ​ក្រៅ​ផ្ទះ​ ឯង​យក​លុយ​វា​មក​ធ្វើ​ស្អី​? ហ៊ើយ​ ស៊យ​ទាំង​ចូល​ឆ្នាំ​ហើយ​ខ្ញុំ​ ព្រលឹមឡើង​ក្មេងពាល​ចូលផ្ទះ​ទាំង​ព្រឹក!»

ខ្ញុំ​ហឹង​ស្លឹកត្រចៀក​ស្រែក​សម្លុត​ប្រពន្ធ​ប៉ា​៖

«មីង​ឯង​និយាយ​ម្តង​ទៀត​មើល​? អ្នកណា​ពាល​?»

«ឯង​! ឯង​ហ្នឹង​ហើយ​ ឯង​មក​ជាន់​ផ្ទះ​នេះ​ធ្វើ​អី​?»

«ផ្ទះ​ពីណា​? ផ្ទះ​ម៉ែ​ខ្ញុំ​ណា​ ប្អូន​ខ្ញុំ​នៅ​ហ្នឹង​ ខ្ញុំ​ចង់​មក​ម៉ោង​ប៉ុន្មាន​ក៏បាន​ដែរ​ មីង​ឯង​និយាយ​ឱ្យ​ស្រួលបួល​អ្ហាស!»

ឃើញ​ខ្ញុំ​ច្រឡោតខឹង ​ស្រី​នោះ​ធ្វើជា​រំអួយ​៖

«បង​! បង​ឯង​នៅ​ស្ងៀម​ធ្វើ​អី​? បណ្តេញ​វា​ចេញទៅ​!»

«ហ៊ឹស​! ស្រី​កញ្ចាស់​ពុតត្បុត!»

ខ្ញុំ​ជេរដៀល​ប្រពន្ធចុង​គាត់​ទ្រាំ​មិន​បា​នប៉ា​ក៏​លើកដៃ​ទះកំផ្លៀង​ខ្ញុំ​ជា​លើក​ទីពីរ​ បន្ទាប់ពី​រឿង​បាត់​ម៉ូតូ​កាលពី​លើក​មុន​នោះ​។

«អា​កូន​ព្រហើន!»

«ប៉ា​??»

ខ្ញុំ​ស្រែកហៅ​គាត់​ព្រោះ​នៅតែ​មិន​យល់​សោះ​ថា​ ប៉ា​នៅ​តែ​យកប្រពន្ធ​គាត់​ជាធំ​ ទាំង​ដែលគេ​ស្តីថា​ឱ្យ​កូន​គាត់​យ៉ាងនេះ​ហើយ​ គាត់​មិនបាន​ឈឺចិត្ត​ជំនួស​ខ្ញុំ​អ្វី​បន្តិច​ទេ​ កូនប្រុស​គាត់​ក្លាយទៅជា​យ៉ាង​នេះ​ មិនមែន​ព្រោះតែ​គាត់​នាំ​ស្រី​នេះ​ចូលផ្ទះ​ទេ​អ្ហេស?

«ដាក់​! ដាក់​វា​ទៀត​ទៅ​បង​!»

ស្រី​នោះ​ស្រែក​បន្ទរ​ ឯ​សុ​ដា​វា​គិតតែ​យំ​។ ខ្ញុំ​ខឹង​ប៉ា​ឡើង​ញ័រមាត់​ទទ្រើក​៖

«ប៉ា​វាយខ្ញុំ​? កូន​វា​មិន​ស្មើ​នឹង​ស្រី​ប៉ា​ទេ​!»

«អញ​គ្មាន​កូន​ថោកទាប​ដូច​អ្ហែង​ទេ​ អ្ហែង​ធ្វើ​ស្អី​ខ្លះ​នៅ​ខាងក្រៅ​? បើ​ជ្រុល​តែ​អ៊ីចឹង​ហើយ​ កុំ​ត្រលប់​មក​ឱ្យ​អញ​ឃើញ​មុខ​ឱ្យ​សោះ​!»

ខ្ញុំ​អស់​ពាក្យ​តប​នឹង​គាត់ ​ព្រោះតែ​ហួសចិត្ត​ពេក​ ណាមួយ​ក្នាញ់​ស្រី​ប្រពន្ធចុង​នោះ​ផង​។ សុ​ដា​វា​នៅតែ​យំ​អាណិត​ខ្ញុំ​៖

«ប៉ា​! គាត់​គ្រាន់តែ​មកលេង​ផ្ទះ​តើ​ ប៉ា​ថា​ឱ្យ​គាត់​ធ្វើ​អី​?»

«បើ​ថា​មិនដឹង​កុំ​ចេះ​មក​លូក​មាត់​សុ​ដា​ ឯង​ដឹង​ថា​វា​ដើរ​ជាមួយ​ពួក​អា​ញៀន​ថ្នាំ​អ្ហេស?»

«មីង​ឯង​ប្រុងខ្លួន​ កុំ​សង្ឃឹមថា​បាន​សុខ​ឱ្យ​សោះ​ណា​!»

«បង​…ហ៊ឹស​ៗ បង​ឯង​មើល​វា​គម្រាម​ខ្ញុំ​អ្ហេស​? ឱ្យ​ប៉ូលិស​គេ​ចាប់​វា​ញាត់​គុក​ឱ្យ​អស់​ទៅ​បង​ អា​ពួក​ក្មេង​ពាល​ហ្នឹង​!»

សុ​ដា​យំ​កាន់តែ​ខ្លាំង​ ប៉ា​ខ្ញុំ​កាន់តែ​ឈ្លក់​វង្វេង​នឹង​មាយាដកខ្ញី​ប្រពន្ធ​គាត់​ ខាំមាត់​សម្លក់​កូន​ ដូច​ចង់​ហែក​សាច់​ខ្ញុំ​ទាំង​រស់​៖

«មក​ពី​មីង​ឯង​ហ្នឹង​ណា​ បង​គាត់​មកលេង​ខ្ញុំ​ មិនមែន​មក​រក​មីង​ឯង​ទេ​ មីង​ឯង​មកដល់​រករឿង​គាត់​រហូត​…»

«បង​…បង​ឯង​មើល​ មើលកូន​បង​ឯង​ចុះ​ ហិ​ហិ​…!»

ខ្ញុំ​ដើរចេញ​ពី​ផ្ទះ​នរក​ដែល​មួយម៉ាត់​ណា​ក៏​ដៀល​ខ្ញុំ​ពាល​ មួយម៉ាត់​ណា​ក៏​ក្មេង​ញៀន​ថ្នាំ​ បើជា​សាច់ឈាម​ខ្ញុំ​មិន​ខឹង​ទេ​ ទោះ​ខ្លួនឯង​ប្រព្រឹត្តិ​មែន​ក៏ដោយ​ តែ​សម្រាប់​ស្រី​សាច់​ដទៃ​ ទ្រាំមិនបាន​ខ្លាច​តែ​ខ្ញុំ​សម្លាប់​ចោល​ភ្លាម​ៗនៅកន្លែង​ បើ​មិន​យល់មុខ​សុ​ដា​ ខ្ញុំ​វាយ​ប្រពន្ធ​ប៉ា​សុខចិត្ត​ដើរចូល​គុក​ហើយ​។ ខ្ញុំ​អាច​និយាយ​ពាក្យ​អស់នោះ​ចេញទៅ​បាន​ ព្រោះ​ពេលនោះ​ជាតិ​ថ្នាំញៀន​វា​លុក​លុយ​ខ្លួនខ្ញុំ​ពេញ​ទំហឹង​ហើយ​ មិនបាន​ដឹង​ថា​អ្នកណា​ជា​អ្នកណា​ទេ​។

ពេលនោះ​ហើយដែល​ខ្ញុំ​គិតថា​ មិនបាច់​មាន​ប៉ា​មានកូន​តទៅទៀត​ ព្រោះ​គាត់​មិន​សម​ជា​ប៉ា​ខ្ញុំ​ទៀត​ឡើយ​។ ខ្ញុំ​មិន​ខ្វល់​ទោះ​គាត់​ធ្លាក់ខ្លួន​ឈឺ​ ឬក៏​ស្លាប់​ គ្មាន​មុខ​អា​ Tiger​ នឹង​ទៅ​ហែសព​គាត់​ទេ​។

យប់​នោះ​ខ្ញុំ​អង្គុយ​ស្រវឹង​ថ្នាំ​ម្នាក់ឯង​ ពួកម៉ាក​ខ្ញុំ​មិនទាន់​ឃើញ​ត្រលប់​មក​ផ្ទះ​វិញ​ម្នាក់​។ ខ្ញុំ​កាន់តែ​កណ្ដោចកណ្ដែង​ទៀត​ហើយ​ នឹក​ឃើញ​ដល់​រឿង​ពី​ថ្ងៃ​ខ្ញុំ​ឈឺចិត្ត​ណាស់​។ ខ្ញុំ​យល់ថា​បើ​អត់​ថ្នាំ​ទេ​ ខ្ញុំ​ច្បាស់ជា​ចង​ក សម្លាប់​ខ្លួន​នៅផ្ទះ​នោះ​ហើយ​ ព្រោះ​នៅ​ក្រោម​មេឃ​នេះ​អ្ហាស​ ខ្ញុំ​គ្មាន​គ្រួសារ​ គ្មាន​អ្នកណា​ទៀត​ទេ​។

វគ្គ៖ មិត្តស្លាប់រស់

រំលង​បាន​ប៉ុន្មានថ្ងៃក្រោយពី​សែន​ចិន​រួច​ ខ្ញុំ​សំងំ​ក្នុង​ផ្ទះ​ដេក​ផឹកស្រា​ម្នាក់ឯង​… ពេលនោះ​មិនដឹង​អា​ទ្រី​និង​អា​ជាម​ក​ពី​ណា ​វា​រត់​រហន់​មក​គោះ​ទ្វា​បន្ទប់​…តុ​កៗៗៗៗ​

«ស្អី​គេ​អ្ហា​ ទើប​មក​ពីណា​អានេះ​?»

ទឹកមុខ​វា​ស្លាំង​ណាស់​ទាំងពីរ​នាក់​ ហើយ​ដង្ហក់​សឹង​តែ​ដកដង្ហើម​មិនដល់​គ្នា​។ អា​ជា​ងាកឆ្វេង​ស្តាំ​ភ្នែក​ក្រឡាប់​ចុះឡើង​ទំនង​មាន​គេ​តាម​ តាម​មើល​ប្រហែល​មានរឿង​មិនល្អ​ហើយ​។ អា​ទ្រី​ក៏​រហន់​សួរ​ខ្ញុំ​ទៀត​៖

«អ្ហែង​បិទ​ទូរស័ព្ទ​ធ្វើ​អី​? វីវរ​ហើយ​​​ គេ​ចាប់​បង​លុច្ស​និង​អាកុល​ហើយ​វ៉ើយ​!»

«អី​គេ​?» ខ្ញុំ​ស្រែក​ភ្ញាក់ផ្អើល​ ព្រោះ​បើ​បង​លុច្ស​ត្រូវ​ចាប់​ពួក​យើង​ក៏​ប្រហែល​មិន​រួចខ្លួន​ដែរ​។

«បង​លុច្ស​តេ​មក​ប្រាប់​ថា​ ឱ្យ​ពួក​យើង​និង​គេចខ្លួន​សិន​ទៅ​ ព្រោះ​ប៉ូលិស​កំ​ពុង​តាម​រក​ តោះ​រៀបចំ​ទៅ​!»

ពួក​ខ្ញុំ​បី​នាក់​មិន​និយាយ​ច្រើន​ក៏​ប្រញាប់​ប្រញាល់​រៀបចំ​អីវ៉ាន់​ទាំងអស់គ្នា​។ អា​ជា​និង​ខ្ញុំ​ស្រវា​ចាប់​ខោអាវ​ដាក់​កាបូប​ តែ​អា​ទ្រី​បែរជា​ប្រឹង​ប្រមូល​ថ្នាំ​យក​លាក់​ក្នុង​ខោអាវ​ ដំណាក់កាល​នេះ​ហើយ​វា​ចង់​យក​ថ្នាំ​ទៅជាមួយ​ទៀត​ អានេះ​ចង់​ឱ្យ​ប៉ូលិស​ចាប់​បាន​កាន់តែ​ធ្ងន់​ក។

«អា​ទ្រី​! អ្ហែង​យក​ថ្នាំ​ទៅ​ធ្វើ​អី​? អ្ហែង​ចង់​ឱ្យ​ប៉ូលិស​ចាប់​បាន​ទាំង​ខ្លួន​បាន​ទាំង​ភស្តុតាង​អ្ហេស?»

វា​ប្រញាប់​ខ្ចប់​ថ្នាំ​ដាក់​ក្នុង​ខោអាវ​ដោយ​មិន​ខ្វល់​ពី​សម្តី​ខ្ញុំ​ទេ​ អា​ជា​វា​ក៏​យល់​មិន​ខុសពី​ខ្ញុំ​ដែរ​ទើប​ស្ទុះ​ទៅ​ទាញ​កាបូប​ពី​ដៃ​អា​ទ្រី​៖

«អ្ហែង​ឆ្កួត​មែន​អា​ទ្រី​! ទុក​វា​ហ្នឹង​ហើយ​ ចាំ​ពេល​ស្ថានការណ៍​ស្ងាត់​ចាំ​មក​យក​វិញ​!»

«អញ​គ្រាន់តែ​ខ្លាច​ដាច់​បាយ​ ព្រោះ​ពួក​យើង​គ្មាន​សល់​លុយ​ច្រើន​ក្នុង​ខ្លួន​ទេ​!»

ខ្ញុំ​និង​អា​ជា​មើល​មុខ​គ្នា​ ព្រោះ​អា​ទ្រី​និយាយ​ក៏​ម្យ៉ាង ​ពួក​យើង​មិនដឹង​ថាត្រូវ​រត់​ទៅ​ឆ្ងាយ​ប៉ុន្មាន​ថ្ងៃ​ លុយ​ដែល​លក់​ថ្នាំ​បាន​ពី​យប់​ក៏​ចាយ​សប្បាយ​អស់​ ហើយ​មួយចំនួន​ត្រូវ​បង​លុច្ស​ដកហូត​ទៀត​ សរុប​ទៅ​ពួក​យើង​មិនដឹង​បាន​អី​ទីពឹង​ក្រៅពី​ថ្នាំ​សល់​ប៉ុន្មាន​កញ្ចប់​នេះ​ដែរ​ បើ​ស្ថានការណ៍​នៅតែ​តឹងតែង​ ច្បាស់​នឹង​ត្រូវ​ដាច់​បាយ​ដូច​អា​ទ្រី​ថា​មែនហើយ​។ នៅពេល​កំពុង​ច្របូកច្របល់​ស្រាប់តែ​ទូរស័ព្ទ​ខ្ញុំ​រោទ៍​ឡើង​…ទី​តៗៗៗៗៗៗ​…

«ហើយ​ចុះ​អាណា​តេ​មក​ហ្នឹង​អ្ហា​?»

អា​ជា​ជ្រួញ​ចិញ្ចើម​សួរ​ទាំង​ភ័យ​ដល់​មែនទែន​ទៅ​ សូម្បី​សំឡេង​ទូរស័ព្ទ​ក៏​ពួកវា​ខ្លាច​ដែរ​។ ខ្ញុំ​ស្រវា​ពី​ក្រោម​តុ​មក​មើលឃើញ​លេខ​បង​លុច្ស​ក៏​ដកដង្ហើមធំ​ខ្សាក​៖

«បង​លុច្ស​ហ្នឹង​ណា! អា​ឡូ​បង​!»

«ពួក​អ្ហែង​គេចខ្លួន​សិន​ទៅ​អា​ Tiger​ កុំ​ឱ្យ​ប៉ូលិស​ចាប់​បាន​​​ ទៅ​រក​កន្លែង​គេចខ្លួន​សិន​ទៅ​!»

សំឡេង​បង​លុច្ស​ធម្មតា​ដូច​មិនមែន​កំពុង​ភ័យ​ខ្លួន​ដូច​ពួក​ខ្ញុំ​ទាំង​បី​ទេ​ តែ​ពាក្យ​គាត់​ផ្តាំ​វា​ធ្វើ​ឱ្យ​ខ្ញុំ​ចាប់​បែកញើស​ជោក​ថ្ងាស​ ហើយក៏​នឹកឃើញ​ដល់​អាកុល​ ដែល​មុន​នេះ​អា​ទ្រី​បាន​ប្រាប់​ថា​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​បាន​ទាំង​គាត់​និង​អាកុល​ ឬក៏​បង​លុច្ស​គេចខ្លួន​បាន​ ក្រែង​វា​ទៅជាមួយ​គា​ត់​អ្ហេស?

«ហើយ​ចុះ​ឥឡូវ​បង​នៅឯណា​? ហើយ​ចុះ​ឯណា​អាកុល​?»

ឮ​តែ​ឈ្មោះ​អាកុល​ អា​ជា​និង​អា​ទ្រី​វា​ស្ទុះ​មក​ជិត​ខ្ញុំ​ទាំងពីរ​នាក់​ដើម្បី​ស្តាប់​ទូរស័ព្ទ​ ខ្ញុំ​ចុច​បើក​ស្ពីកឃើ​ដើម្បី​ស្តាប់​ទាំងអស់គ្នា​ពី​ដំណឹង​អាកុល​៖

«បង​មិន​អី​ទេ​ ពួក​អ្ហែង​រក​កន្លែង​គេចខ្លួន​សិន​ទៅ​ ម៉ា​រយៈ​នេះ​ណា​កុំ​ទាក់ទងគ្នា​ឱ្យ​សោះ​ ចាំ​ស្ងាត់​ ចាំ​បង​ទាក់ទង​ទៅ​ពួក​ឯង​វិញ​!» «ឥលូវ​អាកុល​នៅ​ណា​បង​?»

មានភាគបន្ត!

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*