រឿង៖ បន្ទប់ពិសោធន៍L34 (ភាគ១៦)

ជំពូកទី ៤៖ ចំហាយកក់ក្តៅក្នុងបំពង់ទឹកកក

ប៊ូម !!! … គ្រាំង !!!

រលកនៃកម្លាំងផ្ទុះ C4 បោកបក់ពីក្រោយខ្នងពួកគេ ធ្វើឱ្យដីញ័ររញ្ជួយដូចរញ្ជួយដីកម្រិតធ្ងន់ ។ ផ្សែង ធូលី និងកម្ទេចកញ្ចក់ បាញ់ខ្ទាតមកតាមច្រកទ្វារ តែសំណាងល្អដែល Roy បានទាញអ្នកទាំងអស់គ្នាឱ្យលោតចូលទៅក្នុង    «ប្រព័ន្ធបំពង់បង្ហូរទឹកត្រជាក់» តាមបណ្តាំចុងក្រោយរបស់លោកផនបានទាន់ពេលវេលា ។

ភាពតានតឹងនៃសេចក្តីស្លាប់រាប់សិបម៉ោងបានបញ្ចប់ ជំនួសមកវិញដោយភាពងងឹតសូន្យឈឹង ព្រមជាមួយសីតុណ្ហភាពទឹកត្រជាក់កាត់ឆ្អឹងនៅក្នុងបំពង់លោហៈដ៏ធំនេះ ។

ទឹកត្រជាក់ត្រឹមជង្គង់កំពុងតែហូរកាត់មកយ៉ាងខ្លាំង ។ ហ្សឺឌី ក៏ដូចជា Roy ត្រូវសែងគ្រាហ៍រាងកាយដ៏ទន់ល្វើយរបស់ភារម្យយ៉ាងលំបាក ខណៈធីតាជាអ្នកដើរនាំមុខ បញ្ចាំងពន្លឺពិល ដែលនៅសេសសល់ពីលោកផន ។ នាងនៅយំមិនឈប់ ស្រណោះវីរភាពមេកោយម្នាក់ ដែលខ្លួនរមែងបានយល់ច្រឡំលើសីលធម៌និងបុព្វហេតុវិជ្ជាជីវៈរបស់គាត់ ។

ដៃម្ខាងស្រីរាវរកនាឡិកា ​Core Data ដែលបានលាក់ទុក ។ ដោយក្តីតាំងចិត្ត​មុតមាំ របស់នេះនឹងបង្កើតនូវទំព័រមុខដ៏ភ្ញាក់ផ្អើលមួយសម្រាប់ព្រះរាជាណាចក្រមួយនេះ ។

«យើង … យើងឈប់សម្រាកបន្តិចសិនទៅ …» ធីតានិយាយដោយសំឡេងញ័រៗ ធ្មេញរណ្តំ​ទង្គិចគ្នាដោយសារភាពត្រជាក់និងអារម្មណ៍សោក    សង្រេង ។

Royងក់ក្បាលយល់ព្រមព្រោះដង្ហើមនាងដង្ហក់ណាស់ ពួកគេរកឃើញ កន្លែងទួលមួយនៅកាច់ជ្រុងបំពង់ ដែលទឹកហូរមិនសូវខ្លាំង ។ Roy និងហ្សឺឌី អាចទម្លាក់រាងកាយភារម្យឱ្យអង្គុយផ្អែកនឹងជញ្ជាំងបំពង់ដែក បន្សល់នៅសូរចរន្តទឹកនិង​ដង្ហើមញាប់របស់ពួកគេ ។

ថ្នាំសណ្តំរបស់លោកផនចាប់ផ្តើមសាបបន្តិចម្តងៗហើយ ព្រោះRoy សង្កេតឃើញម្រាមដៃរបស់ភារម្យចាប់ផ្តើមកម្រើកបានសន្សឹមៗតែអ្វីដែលមិនងាយនឹងស្រោចស្រង់បាននោះ គឺបេះដូងដែលខ្ទេចខ្ទាំរបស់គេ ។ អតីតអធិការរូបនេះ អង្គុយសម្លឹងទៅភាពងងឹត មិនមាត់មិនក បណ្តោយឱ្យតំណក់ទឹកភ្នែកកូនប្រុសនៅតែបន្តហូរមកដោយស្ងាត់ស្ងៀម មិនដាច់លាយឡំនឹង   លំហូរទឹកត្រជាក់ដែលសើមជោកប្រាណ ។

… ធីតាទម្លាក់ពិលចុះហើយអង្គុយចុះពីមុខគេ ។ នារីអ្នកកាសែតដែលធ្លាប់តែរឹងមាំ បានលូកដៃទាំងពីរកំពុងញ័រទទ្រើក ទៅក្រសោបឱបផ្ទៃមុខបុរសនេះ ។

«បងភារម្យ … » ធីតាខ្សឹបទាំងអួលដើមក ទឹកភ្នែកនាងស្រក់ចុះមកចំផែនថ្ពាល់របស់គេ «បងត្រូវតែរឹងមាំ … ដើម្បីសាន ដើម្បីពូផន ដើម្បីមនុស្សច្រើនទៀត  បងមិនបានបោះបង់ពេទ្យសានទេ … តែពេទ្យសាន … ជ្រើសរើស ការពារបង … »

ភារម្យមិនតប តែគេងើបមុខមកសម្លឹងធីតាយឺតៗ ។ ក្នុងជម្រៅនៃកែវភ្នែកដ៏សោកសៅនោះ ធីតាយល់ពីការឈឺចាប់របស់គេ ។ អារម្មណ៍ដែលរកឃើញប្អូនប្រុស តែមិនអាចនាំចាកចេញពីនរកមួយនោះបាន ។ ស្រីអ្នកកាសែតក្រសោបទាញរាងកាយដ៏ត្រជាក់របស់ភារម្យ មកឱបជាប់នឹងទ្រូងរបស់នាង ដើម្បីផ្តល់កម្តៅ ផ្តល់ភាសាសម្ងាត់ថា នេះជាការឈឺចាប់រួមគ្នា នាងចង់ចែករំលែកជាមួយគេ ។

នៅម្ខាងទៀត … ហ្សឺឌី ឈរមើលទិដ្ឋភាពនេះដោយបេះដូងដែលស្ពឹកស្រពន់ ។ យុវជន Hacker រូបនេះ តែងតែបន្តចិញ្ចឹមដើមឈើនៃស្នេហានៃស្នេហាជាមួយស្រីអ្នកកាសែត៥ឆ្នាំមកហើយ ទោះណាជាការជួយសង្គ្រោះក្នុងលេណដ្ឋាន​ និងការបាត់ខ្លួនរបស់ភារម្យ​ បានញ៉ាំងឱ្យធីតាមិនអាចបំភ្លេចឬចាកចេញពីរឿងនោះបានដោយងាយ ក៏៥ឆ្នាំមកនេះ ហ្សឺឌីចិញ្ចឹមចិត្ត​រង់ចាំ ។

គេហ៊ានយកជីវិតមកប្តូរ ទប់ទល់នឹងមនុស្សយន្ត ការពារនាងគ្រប់វិនាទីចុងក្រោយ ត្រូវមកជាប់នៅទីនេះទៀត ក៏ព្រោះតែនាង ។ តែពេលនេះមក ឃើញមនុស្សស្រីដែលខ្លួនស្រលាញ់ កំពុងតែយំឱប ផ្តល់ភាពកក់ក្តៅដល់បុរសផ្សេង … ហ្សឺឌីមានអារម្មណ៍ថា ទឹកក្នុងបំពង់នេះមិនទាន់ត្រជាក់ស្មើនឹងភាព  ឯកោក្នុងចិត្តគេឡើយ ។

ទោះបីជាប្រចណ្ឌ ទោះបីជាឈឺចាប់ តែសេចក្តីស្រលាញ់របស់ហ្សឺឌីចំពោះធីតា គឺធំធេងជាងភាពអាត្មានិយមច្រើនត្រួត ។ យុវជនវ័យក្មេងបានត្រឹមដកដង្ហើមធំ រួចដោះអាវក្រៅរបស់ខ្លួនដែលសើមតិចតួចនោះចេញ ដើរទៅជិតធីតា គ្របដណ្តប់ពីលើស្មារបស់នាងយ៉ាងថ្នមៗ ។

«ពាក់ទៅ … ត្រជាក់ណាស់ » ហ្សឺឌីខ្សឹបប្រាប់ដោយស្នាមញញឹមលាក់ការឈឺចាប់ «បើអ្នកណាម្នាក់ធ្លាក់ខ្លួនឈឺនៅពេលនេះ យើងនឹងទៅមុខលែងរួចហើយ »

ធីតារេមុខមកបន្តិចសម្លឹងហ្សឺឌី នាងយល់ពីទំហំទឹកចិត្តបុរសHacker ម្នាក់នេះច្បាស់ណាស់ ៖

«អរគុណហ្សឺឌី … អរគុណគ្រប់យ៉ាង … »

Roy ដែលឈរយាមនៅផ្នែកខាងក្រោយ បានសង្កេតឃើញទិដ្ឋភាព     «ស្នេហាចតុកោណ» នេះយ៉ាងច្បាស់ ។ អតីតស្នងការរូបនេះ ក៏មានអារម្មណ៍ស្មុគស្មាញមិនចាញ់អ្នកណាដែរ ។ Roy លួចកោតសរសើរ និងចាប់អារម្មណ៍លើភាពក្លាហានរបស់ធីតាតាំងពីយូរមកហើយ ប៉ុន្តែគេដឹងច្បាស់ថា បេះដូងរបស់ធីតាមានតែភារម្យ ។ ចំណែកឯហ្សឺឌី ក៏កំពុងលះបង់ដើម្បីនាងដោយមិនគិតពីខ្លួនឯង ។

សម្រាប់ Roy គេជ្រើសរើសយកការធ្វើជា «ខែល» ការពារអ្នកទាំងបី ជាជាងការដណ្តើម​មនោសញ្ចេតនា ។ អតីតស្នងការ​ដើរទៅទះស្មាហ្សឺឌីតិចៗ ជាសញ្ញាផ្តល់កម្លាំងចិត្ត និងការយល់ចិត្តរវាងមនុស្សប្រុសនិងមនុស្សប្រុសដូចគ្នា​

ធីតាចងចាំភារម្យព្រោះដឹងគុណ ឬមួយក៏បេះដូង ពិតជាមិនអាចរស់ខ្វះគ្នា ? ពីរនេះចែកមិនដាច់ទេ ។ បុរសម្នាក់ដែលស្ម័គ្រជួយនាង រហូតដល់ខ្លួនឯងត្រូវរបួសធ្ងន់ រឿងនេះមិនមែន​នឹកឃើញ បំភ្លេចចោល​ក៏បំភ្លេចបានងាយៗនោះឡើយ ។

ខណៈដែលRoyថយចូលមកអង្គុយចុះក្បែរភារម្យ គេគ្រហែមបង្វែរសភាពការណ៍បន្តិច រួចទើបចូលរួមស្តារអារម្មណ៍ជនដែលទើបតែបាត់បង់ប្អូនប្រុសថា ៖

«យើងទាំងបួន … ម្នាក់ៗមានកាតព្វកិច្ច​មួយ បានជាធ្លាក់មកក្នុងនេះ មែនទេភារម្យ ?» ថាផង Royលូកដៃទៅចាប់ស្មាភារម្យយ៉ាងណែនផង ៖

«ពេទ្យសាន លះបង់ដើម្បីឱ្យឯងរស់ កុំយកជីវិតដែលគេដោះដូរនេះ មកអង្គុយ​យំរង់ចាំសេចក្តីស្លាប់ក្នុងទីងងឹតនេះឱ្យសោះ ​! ក្រោកឡើង អធិការ !»

ភារម្យបិទភ្នែកស្រូបយកដង្ហើមវែងៗ ។ ភាពទន់ល្វើយនៃរាងកាយ ត្រូវបាន​ជំនួស​ដោយ​ភ្លើង​ឆន្ទៈ ស្របតាមចរិតរឹងមាំមិនចុះញ៉មជាមួយគ្រប់យ៉ាងដែលជាបុគ្គលិកលក្ខណៈពិតប្រាកដរបស់គេ ។

គេលូកដៃទៅកាន់បាតដៃរបស់ធីតាដែលកំពុងឱបគេ រួចយោងនាង​ក្រោកឈរឡើងមកវិញយឺតៗជាមួយគ្នាដោយមានការជួយគ្រាហ៍ពី Roy និង ហ្សឺឌី ។

«តស់ … » ភារម្យនិយាយដោយសំឡេងស្អកៗ តែពោរពេញដោយការប្តេជ្ញាចិត្ត «យើងយកព័ស្តុតាងនេះចេញទៅក្រៅ ហើយទាមទារឱ្យរដ្ឋាភិបាល បញ្ជូន​កម្លាំងមកកម្ទេចពួកវាឱ្យអស់ ​!​»​

ទាំងបួនអាត្មា​ បន្តបោះជំហានទៅមុខក្នុងបំពង់ទឹកបង្ហូរស្ងាត់ជ្រងំ​គ្មានវត្តមា​នវត្ថុមានជីវិត​ផ្សេង ។ ទោះបីជារាងកាយរងាញ័រ តែមនោសញ្ចេតនា ការពារ​គ្នាទៅវិញទៅមក ការលះបង់ និងការយល់ចិត្ត រួមជាមួយបុព្វហេតុមនុស្ស​ធម៌ដ៏មាន​តម្លៃ ​បានក្លាយជាភ្លើងកម្តៅដ៏កក់ក្តៅបំផុត ជួយឱ្យពួកគេអាចបន្តកម្លាំងចិត្ត​កាយ ដើរឆ្ពោះទៅរកពន្លឺនៃក្តីសង្ឃឹមនៅខាងមុខឆ្ងាយ ។

ក្រៅពីសំឡេងទឹកហូររអាក់រអួលក្នុងបំពង់ដែកដ៏ធំ លាយឡំនឹងសូរដង្ហើម​ហត់​គឃូស​របស់ពួកគេទាំងបួន ភាពងងឹត ហាក់ដូចជាកំពុងលេបត្របាក់​​អ្វីៗ​នៅខាងមុខ មិនងាយអាចឱ្យពួកគេ​រកឃើញផ្លូវចេញពីមន្ទីរពិសោធន៍​ដ៏អាស្រូវ​​បានសោះ ។ មិនតែប៉ុណ្ណោះពន្លឺពិលទូរសព្ទដ៏ខ្សោយរបស់ធីតា នៅតែជា​ត្រីវិស័យនាំផ្លូវប៉ុន្តែហាក់ព្រឹលស្រអាប់ឡើងៗ ។

រំពេចនោះ …

វូស … វូស …

សំឡេងចម្លែកមួយលាន់រំពងកាត់ខ្សែទឹកពីខាងក្រោយ ?????

វាមិនមែនជាសូរជើងមនុស្សទេ តែជាសំឡេងកកិតនៃលោហៈធ្ងន់ៗត្រូវបាន​បោកផ្ទប់នឹងជញ្ជាំងបំពង់ ។

Roy ងាកក្រោយភ្លាម លើកកាំភ្លើងតម្រង់ទៅទីងងឹត ។ អ្វីមួយព្រមាន​ក្នុង​ចិត្តគេ ព្រោះបទពិសោធន៍នៃនរៈនេះ បានវិភាគដឹងមកជាស្រេចថា ទោះ​ជា​​កាមេរ៉ា​នៅបន្ទប់គីមី មិនប្រាកដអាចចាប់បានពាក្យខ្សឹប​ខ្សៀវនៃពូផនដែលប្រាប់​ផ្លូវ​រត់មុនស្លាប់ តែបើកាលណា សាកសពមិនបែកខ្ទេចខ្ទីហើយ​ជនពាល​ស្គែន​យកមណ្ឌលចងចាំចុងក្រោយរបស់និពន្ធនាយកនៃ Channel N-News បានពេលណាក៏គង់តែបិសាចភ្នែកសអាចដឹងបាន​ថា ពួកខ្លួនគេចចេញមកតាម​ផ្លូវណាជាក់ជាមិនខាន ។ 

«បញ្ជូនឆ្កែយាមមេកានិច មកតាមយើងហើយ ​!» ភារម្យខ្សឹប ព្រោះនាយអាចចាប់បាននូវសព្ទសំឡេងចម្លែករឹតតែកៀកមក ។ ម្ខាង​ គេហុចធីតាទៅឱ្យហ្សឺឌី ហើយឈានមកពីក្រោយអ្នកទាំងអស់ដើម្បីត្រៀមប្រយុទ្ធបើកផ្លូវ ម្ខាងទៀត គេឃើញ​Royដៀងមកសម្លឹងសកម្មភាព និងស្នៀតដៃទទេគ្មានអាវុធ​របស់​ភារម្យ​ ។

ឆ្កែCyber-Houndsរមែង​តែងត្រូវបាន​ប្រើយ៉ាងទូលំទូលាយ​ក្នុងចំណោមពួកមហាសេដ្ឋីលោកខាងលិច  តែមិនដែលគិតថា មន្ទីរពិសោធន៍មួយក្នុងប្រទេស​ខ្លួន ​បានក្លាយជាជង្រុកនៃឧក្រិដ្ឋកម្មអស់នេះសោះឡើយ ។ ទោះយ៉ាង​​ណា​​សម្រាប់Roy ភារម្យមានកម្លាំងពីថ្នាំសណ្តំវិញលឿនពេកហើយ ?

សមត្ថភាពស្តាប់សូរជើង(Cyber-Hounds) ដ៏ពិសេសនិងស្រាលបំផុត

នេះ ពុំមែន​កងកម្លាំងប្រតិបត្តិការគ្រប់គ្នាសុទ្ធតែអាចប្រើបាននោះដែរ ។  ៥ឆ្នាំមកនេះភារម្យនៅជាមួយក្រុមណា ? គេហាត់បង្វឹក​ក្បួនប្រយុទ្ធកម្រិតណាខ្លះ ?

ការដៀងសម្លឹងមកភ្លឹះៗរបស់Royធ្វើឱ្យអតីតអធិការដែលលើកកណ្តាប់ដៃ​ប្រុងប្រៀបទទួលវត្តមានសត្រូវសត្វយន្តកំពូលកំណាចនោះ ញាក់ចិញ្ចើមឌឺ​ដង​សួរ​Royវិញ ទាំងមិនចាំបាច់បញ្ចេញសំឡេងក្នុងន័យថា  «ម៉េចទៀត​ហើយ ?​​»​​

ភ្នែកទាំងគូរបស់Royដែលសម្លឹងមក ​ហាក់កំពុងព្យាយាម​ប្រមូលផ្តុំរាល់សកម្មភាពចម្លែកៗរបស់ភារម្យ មកផ្គុំគ្នាដូចផ្ទាំងរូបភាពឬកុនមួយខ្សែបន្តកន្ទុយ​ ។ ការប្រយុទ្ធគ្នាក្នុងអាងឈាមអម្បាញ់​មិញ … ពេលដែលដៃរបស់គេប៉ះទង្គិចនឹងកំភួនដៃភារម្យ មានអារម្មណ៍ថា រឹងខុសពីឆ្អឹងមនុស្ស ហាក់ដូចជាគេកំពុងវាយបោកនឹងសសរដែកថែប ។ ចុះចំណែកសត្វពីងពាងយន្តមុននេះ ? សម្បកវាស្រោបដោយលោហៈធ្ងន់​ដែលកាំភ្លើងបាញ់មិនងាយធ្លុះផងតែភារម្យប្រើត្រឹមតែមួយជង្គង់ និងការគ្រវាត់ជើងទាត់ អាចបំបែកកម្ទេចគ្រឿងក្នុងវាឱ្យផ្ទុះអសារបាន ?

បើជាឆ្អឹងជើងមនុស្សធម្មតា ទោះហ្វឹកហាត់ដល់កម្រិតព្រះ ក៏ត្រូវបាក់ជាពីរ ឬប្រេះស្រាំបាត់ទៅហើយដែរ !!

ហើយពេលនេះទៀត … ថ្នាំសណ្តំឧស្ម័នរបស់ពូផន ដែលអាចកាត់ផ្តាច់ប្រព័ន្ធសរសៃប្រសាទមនុស្សពេញវ័យ យ៉ាងហោចណាស់ពី ៤ដល់៨ម៉ោង ហេតុអ្វីភារម្យ អាចរំសាយជាតិពុល ហើយងើបឈរមានកម្លាំងមហាសាលវិញ

ត្រឹមតែមិនដល់ ២០ នាទីផង ?

មិនទាន់ទាញរកចម្លើយឃើញនៅឡើយ តែស្រមោលខ្មៅដ៏លឿនដូចផ្លេកបន្ទោរចំនួនពីរ បានស្ទុះហក់ចេញពីភាពងងឹតនៃបំពង់ទឹក !

វ៉ូស ! វ៉ូស ! ង៉ូវៗៗ

ពិតជា Cyber-Hounds !

មានភាគបន្ត …

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*