Roy ដកអារម្មណ៍ ងាកមកប្រឈមនឹងវត្តមានឧបសគ្គដល់ជីវិត ដែលនៅចំពោះមុខ ។ សត្វឆ្កែមេកានិច ត្រូវបានស្រោបដោយលោហៈពណ៌ខ្មៅរលោង … ភ្នែកបញ្ចេញពន្លឺឡាស៊ែរពណ៌ក្រហម និងមានចង្កូមធ្វើពីលោហៈទីតានីញ៉ូម ដែលអាចខាំកាត់បំពង់ទីបដែកដាច់ជាពីរយ៉ាងងាយ ពេលនេះបានមានវត្តមានចេញពីភាពយន្តហូលីវូដ ហើយមកខមដាក់អតីតឧត្តមសេនីយ៍យើង ។
ឆ្កែយន្តទីមួយ ហក់ត្រង់ស្រាលដូចគ្មានទម្ងន់ ឆ្ពោះមកខាំករបស់ Roy ! អតីតស្នងការលើកកាំភ្លើងបម្រុងថាបាញ់ តែយឺតពេលទៅហើយ សត្វនោះមានល្បឿនលឿនពេក ។
រំពេចនោះស្រមោលមួយបានស្ទុះមកពាំងពីមុខRoy ។ គឺភារម្យកំភួនដៃស្តាំរបស់គេ អុកផាំងទៅរងមុខចង្កូមរបស់ឆ្កែយន្តវឹប …
គ្រាំង … !! ក្រឺត … !!
សំឡេងមិនមែនសាច់ដាច់ ឬឆ្អឹងបាក់ទេ តែជាសំឡេងលោហៈទង្គិចលោហៈយ៉ាងកក្រើក ! ធ្មេញទីតានីញ៉ូមរបស់ឆ្កែយន្ត បានខាំកប់ចូលទៅក្នុងសាច់កំភួនដៃរបស់ភារម្យមែន តែអ្វីដែលធ្វើឱ្យ Roy និង ហ្សឺឌី បើកភ្នែកធំៗ
សឹងជ្រុះគ្រាប់ភ្នែកនោះគឺ … ធ្មេញរបស់ឆ្កែយន្តនោះ បែរជា ប្រេះស្រាំនិងបាក់ខ្ទាត ចេញពីមាត់វាទៅវិញ !
តាមរយៈមុខរបួសដែលរហែកសាច់លើកំភួនដៃភារម្យ គ្មានឈាមហូរចេញមកច្រើនដូចមនុស្សធម្មតា ឬដូចកាលធ្មេញកាំបិតសត្វពីងពាងអារមកប៉ះដើមដៃគេទេ តែបែរជាមើលឃើញ សរសៃលោហៈពណ៌ប្រាក់ ដែលរុំព័ទ្ធស្រោបជាប់នឹងឆ្អឹងកំភួនដៃរបស់គេយ៉ាងក្រាស់ឃ្មឹក ចាំងពន្លឺផ្លេកៗ ។
«ឯង … ឯងជាស្អីគេ ភារម្យ ?» Roy លាន់មាត់សួរទាំងតក់ស្លុត ។ មើលស្គាល់ច្បាស់ណាស់ថា ទាំងនោះជា Titanium-Alloy Mesh ដែលប្រហែលជាត្រូវបានបំពាក់ត្រឹមកែងដៃចុះក្រោម ។
ភារម្យមិនឆ្លើយ ទឹកមុខគេនៅតែត្រជាក់ស្រេង ។ គេប្រើកំភួនដៃដែលឆ្កែយន្តកំពុងខាំជាប់នោះ គ្រវាត់សត្វឧត្បាតទៅបោកនឹងជញ្ជាំងបំពង់យ៉ាងពេញទំហឹង រួចហក់ស្ទុះទៅប្រើ ជង្គង់ បុកផ្ទប់ចំកណ្តាលឆ្អឹងជំនីរមេកានិចរបស់ឆ្កែយន្តទីពីរ ។
ផាំង !!!
កម្លាំងនៃជង្គង់នោះធ្ងន់ដូចរថយន្តដឹកទំនិញបុកកម្ទេចជញ្ជាំង ។ សម្បកលោហៈរបស់ឆ្កែយន្តវៀចផតចូលក្នុង បំផ្លាញបន្ទះឈីបកណ្តាលរបស់វា ធ្វើឱ្យសត្វចង្រៃនោះទន់ដួលកន្ត្រាក់ជើងញ័រៗ រួចគាំងលែងដំណើរការភ្លាមៗមួយរំពេច ។
ពេលសភាពការណ៍ស្ងប់ស្ងាត់ ភារម្យឈរត្រង់ខ្លួន ទាញដៃអាវដែលរហែកចុះក្រោមបិទបាំងមុខរបួសលោហៈរបស់ខ្លួនវិញ រួចងាកមកសម្លឹង Roy
និង ហ្សឺឌី ដែលកំពុងឈរគាំង ។
«យើងមិនអាចយកឈ្នះពួកឧក្រិដ្ឋជនបច្ចេកវិទ្យាដូចអាវ៉ុលកូវ ដោយគ្រាន់តែប្រើសាច់ឈាមជាមនុស្សធម្មតាបានទេ ។»
ភារម្យនិយាយដោយសំឡេងគ្រលរ បង្កប់ការឈឺចាប់ ។
គេងាកមកឃើញធីតាចំហមាត់ គ្មានពាក្យនិយាយ ប្រុសក៏វាចាប្រាប់នាងនូវពាក្យដែលគេមិនទាំងខ្វល់ចង់បកស្រាយប្រាប់អ្នកណា តែនាងជាករណីលើកលែង !
គេមិនចង់ឱ្យស្រីម្នាក់នេះ នឹកឆ្ងល់ និងភ័យបារម្ភអ្វីឡើយ ។
«ថ្ងៃនោះ ចេញពីលេណដ្ឋានខ្ញុំមានរបួសធ្ងន់ណាស់ទៅហើយ ! បរទេសមួយក្រុមបានមកដល់មុនប៉ូលិស ! ពួកវា ចាប់អាសានទៅ … ហើយរុញខ្ញុំទម្លាក់ជ្រោះព្រោះគិតថា ប្អូនខ្ញុំបានសម្លាប់ខ្ញុំ ! មនុស្សម្នាក់ដែលមកពីអឺរ៉ុប គេជាសមាសភាពនៃអង្គភាពសម្ងាត់ក្រោមដីមួយដែលតាមដានពួករុស្ស៊ីជាប់ គេបានជួយខ្ញុំ ។ អវយវៈខ្ញុំខ្ទេចខ្ទីច្រើនកន្លែងណាស់ ! ពួកគេបានវះកាត់ បញ្ចូលកោសិកាឆ្អឹងលោហៈទីតានីញ៉ូម និងរុំព័ទ្ធសរសៃសាច់ដុំខ្ញុំដោយ កាបូនណានូ Carbon Nanofibers !»
ធីតាដកដង្ហើមធំ បន្ទាប់ពីស្រឡាំងកាំងច្រើនខណៈ ។ ខាងប្រុសដើរមកក្រៀកស្មាបណ្តើរនាងទៅមុខ ខណៈហ្សឺឌីនៅឈ្ងោកមុខគិត ។ លើលោកនេះ … តើមនុស្សលោកកំពុងសំងំកសាងអ្វីខ្លះឡើងមកទៅ ? ឆ្កែយន្ត ? ជីវសាស្ត្រ ? តើគេធ្វើមកដើម្បីបំផ្លាញលោកយើងនេះឱ្យរាបដល់ដី នឹងអាលគេឡើងគ្រប់គ្រង ?
Hacker គិតមិនចេញទេ ។
មិនយូរប៉ុន្មាន សម្រឹបជើងធ្ងន់ៗ ភ្លូកទឹកមកដល់ក្បែរ។ ហ្សឺឌី ត្រូវបានRoy កៀកកឱ្យដើរបន្តទៅតាមពីរក្រោយភារម្យនិងធីតាដែរ ។ ខណៈនោះ …សំឡេងភារម្យលាន់ជាបន្តបន្ទាប់ប្រាប់ទៅស្រីស្អាត ៖
«ប្រព័ន្ធប្រសាទរបស់ខ្ញុំត្រូវបានកែច្នៃឱ្យទប់ទល់នឹងឧស្ម័នពុលនានា ព្រមទាំងបង្កើនសមត្ថភាពស្តាប់ឱ្យឡើងដល់កម្រិតអតិបរមា ។ ខ្ញុំ … លែងជាមនុស្សពេញលេញទៀតហើយ … ធីតា ! ខ្ញុំកែច្នៃខ្លួនឯងឱ្យក្លាយជាអាវុធ … ដើម្បីរង់ចាំថ្ងៃដែលខ្ញុំអាចចុះមករកប្អូនប្រុសខ្ញុំដល់កន្លែងនរកមួយនេះ តែ … ចុងក្រោយ … យើងឃើញហើយធីតា ! លទ្ធផលរបស់បងប្អូនខ្ញុំ ម្នាក់ស្លាប់ ម្នាក់ជាសត្វចម្លែក !»
«កុំនិយាយអ៊ីចឹង ! បងជាអធិការភារម្យ ដែលខ្ញុំស្គាល់ដដែល ! ដូចកាលពី៥ឆ្នាំមុន !»
គេសើចខឹកៗកណ្តាលបរិយាកាសក្នុងបំពង់ងងឹតដែលកាន់តែស្ងាត់ជ្រងំឡើង ។
ហេតុអ្វី រលកសំណើចនីមួយៗរបស់នាយ ធ្វើឱ្យចិត្តនាងឈឺយ៉ាងនេះ ?
ការលះបង់របស់បុរសម្នាក់នេះ … ធំធេងលើសពីអ្វីដែលគ្រប់គ្នាអាចស្រមៃដល់ … ក្នុងនាមជាអ្នកសរសេរអត្ថបទកាសែតស៊ីជម្រៅម្នាក់ … ធីតារមែងយល់សាច់រឿងនេះជ្រៅ !
គេហ៊ានបោះបង់ភាពជាមនុស្សធម្មតាបោះបង់សាច់ឈាមខ្លួនឯង គ្រាន់តែដើម្បីប្តូរយកកម្លាំងមហាសាល មកជួយប្អូនប្រុសតែម្នាក់គត់របស់គេ … ។
ការបញ្ចូលលោហៈ ឬណាណូ ឬអ្វីក្តី មិនមែនជាការឈឺចាប់ធម្មតាៗដែលគ្រប់គ្នាអាចស៊ូបានទេ ។
ស្រីលើកដៃជូតទឹកភ្នែក …
គ្រេងៗ …
ទៀតហើយ ! សំឡេងនេះបានព្រមានគ្រប់គ្នាឱ្យចាកចេញពីអារម្មណ៍ដែលពេញដោយភាពលន្លង់លន្លោច ។ ព្រោះថា សូម្បីតែកម្ពស់ទឹកដែលធ្លាប់តែនៅត្រឹមជង្គង់ ស្រាប់តែបោកកួចខ្លាំងឡើងៗ រហូតលិចដល់ត្រឹមចង្កេះមួយប៉ប្រិចភ្នែក ។
ធាតុទឹកត្រជាក់កាត់ឆ្អឹង ប្រែជាសាហាវដូចជាចរន្តទឹកគួច ។
«វាបើកសន្ទះទឹកមេ ! វាចង់ពន្លិចយើងក្នុងបំពង់នេះ !» ភារម្យគ្រហឹមហើយនិយាយយ៉ាងប្រញាប់ ខណៈបួនកាយប្រឹងទប់ជំហររាងកាយដែលនៅទន់ល្វើយក្រោមការតស៊ូដ៏វែងអន្លាយមួយ ។
«រត់ ! ទៅមុខទៀត !» ធីតាស្រែក ដៃម្ខាងក្តាប់ Data-Core ជាប់ដៃម្ខាងទៀតទាញហ្សឺឌីនៅក្រោយខ្នងនាងឱ្យប្រញាប់ប្រញាល់ ។ នៅខាងមុខពួកគេ គឺជញ្ជាំងទាល់ ។ មានតែជណ្តើរដែកមួយខ្សែបញ្ឈរឡើងទៅលើ ដែលនាំទៅរកទ្វារដែកបិទជិតមួយ ឃើញសន្លឹមនៅផ្នែកខាងលើ ។
«ច្រកចេញនៅនោះ !» ធីតាប្រញាប់ចង្អុលហើយប្រតោងឡើងទៅដោយមានភារម្យជាអ្នកលើកយោងនាងឱ្យផុតជើងពីដី ។ នាងវារឡើងយ៉ាងរហ័សខណៈបីកាយតាមមកពីក្រោយ ។ សំឡេងនាងស្រែកប្រាប់មកក្រោម ៖
«តែគេចាក់សោ ! ហ្សឺឌី … ជាសោអេឡិចត្រូនិកកូដ ៣២ ខ្ទង់ !»
ហ្សឺឌីស្ទុះឡើងទៅតាមទាំងត្រដាបត្រដួស ។ ដៃម្ខាងនាយHackerលូកដៃរក Tablet តាមទម្លាប់ តែនឹកឃើញវិញថា មិត្តដ៏ល្អរបស់ខ្លួនត្រូវឆេះខ្ទេចបាត់ទៅហើយនៅអាងទឹកខាងក្រោម ។ កែវភ្នែកយុវជន Hacker ខំទប់លុបពីលើចិត្តដែលស្លន់ស្លោ ក្រឡេកពិនិត្យគ្រប់យ៉ាងខណៈជើងឡើងមករឹតតែកៀក
«ខ្ញុំគ្មាន Tablet ទេ ! ធ្វើម៉េចទៅ ?»
ឱនមកក្រោម ទឹកឡើងលិចដល់ត្រឹមទ្រូង Royនិងភារម្យបាត់ទៅហើយ បើពួកគេនៅទីនេះបើកទ្វារមិនបាន ទឹកនឹងពេញច្រាលដល់លើ សូម្បីធីតានិងហ្សឺឌី ក៏មិនគេចរួចពីភាពលិចលង់ដូចគ្នា ។
ភាពត្រជាក់កាត់ឆ្អឹងចាប់ផ្តើមធ្វើឱ្យសាច់ដុំម្នាក់ៗស្ពឹករឹង ។ សូរកម្លាំងទឹកបោកបាចកាន់តែខ្លាំងឡើងៗ ស្ទើរតែលុបបំបាត់សំឡេងដង្ហើមរបស់ពួកគេទៅហើយ ។ ក្នុងដៃរបស់ Roy នៅក្តាប់កាំភ្លើងមួយដើមដែលសើមជោកជាប់យ៉ាងណែន ត្រៀមតតាំងគ្រប់កាលៈទេសៈ ។
រំពេចនោះដៃភារម្យបានលូកកាត់ស្មាយុវជន Hacker ទៅចាប់ស្រទាប់ដែកនៃប្រអប់សោអេឡិចត្រូនិកនោះ ។
បុរសនេះ គ្រាន់តែប្រើកម្លាំងបង្វិលកដៃ និងកម្លាំងម្រាមដៃដែលទ្រទ្រង់ដោយកោសិកាទីតានីញ៉ូម …
ក្រឹប … ផាំង !
របាំងប្រអប់សោដ៏ក្រាស់ ត្រូវរបើកដាច់ចេញមកក្រៅដូចសម្បកកែសក្រដាស បង្ហាញឱ្យឃើញសរសៃភ្លើងរាប់សិបខ្សែខ្វាត់ខ្វែងគ្នា បញ្ចេញពន្លឺភ្លឹបភ្លែតៗ ។
ហ្សឺឌីស្រែកពន្យល់ដោយតក់ក្រហល់ ៖
«មិនងាយបើកទេបង ! ជាប្រព័ន្ធសោមេដែកអគ្គិសនី ! បើគ្មានកូដទេ វិធីតែមួយគត់ គឺត្រូវផ្តាច់ផ្ទាំង Mainboard ចោល ! តែយើងត្រូវការប្រភពចរន្តភ្លើងកម្លាំងវ៉ុលខ្ពស់ !»
ធីតាឃើញRoyបណ្តែតខ្លួនមកដល់ផ្ទៃខាងលើ ប្រតោងជាប់ចំណុចកោងដូចពិតានផ្ទះ ។ នាងដឹងថា ពេលវេលាលែងរង់ចាំបានហើយ ។ ភារម្យទាញដៃអាវដែលរហែកនោះឡើងបង្ហាញសរសៃលោហៈទីតានីញ៉ូមនិងកាបូន ណានូដែលចាំងពន្លឺផ្លេកៗក្នុងភាពងងឹត ។
«បណ្តាញសរសៃកាបូនណានូនេះ មានផ្ទុកចរន្តអគ្គិសនីកម្រិតខ្ពស់ដើម្បីបញ្ជាសាច់ដុំយន្ត ។»
ភារម្យនិយាយបន្ថែមខណៈហ្សឺឌីស្កុបសម្លឹងមកចំហមាត់ ៖
«ទាញខ្សែភ្លើងមេរបស់វាមកតភ្ជាប់នឹងសរសៃលោហៈលើកំភួនដៃខ្ញុំមក !» ហ្សឺឌីបើកភ្នែកធំៗខ្សឹបសួរដោយអន្ទះសារ ៖
«បងឆ្កួតទេអី ? ទោះបីបងឯងជារាងកាយកែច្នៃ តែកម្លាំងភ្លើងបុក
បញ្ច្រាសគ្នាបែបហ្នឹង អាចទម្លុះដល់ប្រព័ន្ធប្រសាទនិងឆក់បងស្លាប់បានណា៎ !»
«ធ្វើទៅហ្សឺឌី ! គ្មានពេលទេ !» ភារម្យស្រែកគំហកទាំងអណ្តែតឡើងមកលើក្បែរៗគ្នា ។ កម្ពស់ទឹកបានឡើងមកដល់ចង្កាពួកគេទៅហើយ មិនដល់ប៉ុន្មានវិនាទីទៀត ទីនេះនឹងលិចទាំងស្រុង ។ ភារម្យ លូកកំភួនដៃដែលរហែកសាច់នោះ ទៅកៀកនឹងផ្ទាំងសៀគ្វីទ្វារ ។
ហ្សឺឌីខាំធ្មេញបិទភ្នែក គេគ្មានជម្រើសឡើយឯធីតាវិញនាងហាមាត់យំសោក ។ យុវជនទាញសរសៃភ្លើងពណ៌ក្រហម និងខៀវចេញពីប្រអប់សោដោយដៃទទេ មកសង្កត់ផ្ទាល់ទៅលើមុខរបួសលោហៈរបស់ភារម្យយ៉ាងណែន
ឆីប … ឆីប … ផ្លេក !
ចរន្តអគ្គិសនីបាញ់ឆក់ពេញរាងកាយភារម្យភ្លាមៗ ! អតីតអធិការគ្រហឹមគ្រវីក្បាល មុខឡើងក្រហមទុំ សរសៃឈាមនៅសងខាងសៀតផ្កាប៉ោងឡើង សាច់ដុំលោហៈរបស់គេកន្ត្រាក់យ៉ាងខ្លាំងរហូតលាន់សូរក្រឹកៗ ប៉ុន្តែគេមិនព្រមដកដៃចេញឡើយ ។ ថាមពលអគ្គិសនីដែលសេសសល់ក្នុងរាងកាយកែច្នៃរបស់គេបានបុកឆក់ត្រលប់ទៅវាយលុកប្រព័ន្ធបញ្ជារបស់ទ្វារយ៉ាងទាន់ហន់ ។
ក្រាក … ! ទីត !
បន្ទះឈីបរបស់ទ្វារផ្ទុះផ្កាភ្លើងឆេះខ្មៅងងឹត ។ សោមេដែកអស់ថាមពល រួចរបើកគន្លឹះចេញយ៉ាងធ្ងន់ ។
«បើកហើយ ! បើកហើយ !» ហ្សឺឌីស្រែកអរ ។
«រុញទ្វារឡើង !» Roy ប្រើស្មាម្ខាងរុញផ្ទាំងទ្វារដែកនោះឡើងលើដោយកម្លាំងបាយ ផ្តល់ពន្លឺស្រអាប់ៗពីផ្ទៃខាងលើចូលមកក្នុងបំពង់ ។
«ឡើងទៅ ! ឡើងទៅ !» ភារម្យរុញហ្សឺឌី និងធីតាឱ្យលូនចេញទៅក្រៅមុន រួចគេលូកដៃទីតានីញ៉ូមរបស់គេទៅទាញ Roy ដែលកំពុងត្រដាបត្រដួសក្នុងទឹកឡើងមកតាមក្រោយ ។
គ្រាន់តែ Roy ផុតខ្លួនពីមាត់រន្ធ …
ប៊ូម !
មានភាគបន្ត!


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ