៥សំណួរជាមួយម្ចាស់រឿង«ស្នេហ៍គ្រាដំបូង»

១.សូមបងណែនាំអំពីខ្លួនឯង និងស្នាដៃដែលចេញផ្សាញនៅ MST Writer

ជម្រាបសួរ ខ្ញុំឈ្មោះខ្លាដំបង ហើយខ្ញុំមានទីកន្លែងកំណើតស្ថិតនៅក្នុងខេត្តបាត់ដំបង ហើយខ្ញុំពិតថារីករាយណាស់ដែលបានចូលរួមក្នុងគម្រោង MST Writer រដូវកាលទីមួយ។ សាច់រឿង ស្នេហ៍គ្រាដំបូង ជាប្រភេទរឿងអប់រំ ហើយក៏ជាស្នាដៃដំបូងបំផុតរបស់ខ្ញុំដែលបានចេញផ្សាយជូនមិត្តអ្នកអានទាំងអស់គ្នា។ ដូចនេះខ្ញុំសង្ឃឹមថាអ្នកទាំងអស់នឹងចូលចិត្តរឿងមួយនេះ ខ្ញុំខ្លាដំបងស្វាគមន៍ជានិច្ចចំពោះការផ្ដល់យោបល់ត្រឡប់ពីមិត្តអ្នកអាន។

២.តើមូលហេតុអ្វីដែលបងសម្រេចចិត្តយករឿងរបស់ខ្លួនមកដាក់ផ្សាយ? តើមានកម្លាំងបណ្ដាលចិត្តអ្វីខ្លះ ហើយរឿងរបស់បងនិយាយអំពីអ្វីដែរ?

មូលហេតុដែលធ្វើអោយខ្ញុំសម្រេចចិត្តយករឿងនេះមកដាក់ផ្សាយ ពីព្រោះខ្ញុំចង់លើកកម្ពស់ការតែងនិពន្ធនៅក្នុងប្រទេសកម្ពុជាអោយមានគុណភាព និងប្រកបទៅដោយតម្លៃអប់រំដល់អ្នកអាន។ ជាពិសេសកម្លាំងចិត្តដែលធំផុតរបស់ខ្ញុំ គឺខ្លួនឯងដែលស្រឡាញ់និងចូលចិត្តការសរសេរ កម្លាំងចិត្តទីពីរបណ្ដាលមកពីការលើកទឹកចិត្តរបស់អ្នកគ្រូ ម៉ី សនសុធារី បន្ទាប់ពីបានចូលវគ្គបណ្ដុះបណ្ដាលជាមួយគាត់ហើយ ជម្រុញអោយចំណង់នៃការតែងនិពន្ធមានសន្ទុះឡើងតាមរយ:ការធ្វើអ្វីជាខ្លួនឯង។ កម្លាំងបណ្ដាលទីបួនគឺវប្បធម៌ ប្រពៃណី សិល្ប: ធនធាន និងទំនៀមទម្លាប់ប្រទេសកម្ពុជា ជាកត្ដាជម្រុញអោយខ្ញុំចង់រួមបញ្ចូលទៅក្នុងការតែងនិពន្ធរបស់ខ្ញុំនាពេលអនាគត។

ចំពោះស្នាដៃដំបូងរឿង «ស្នេហ៍គ្រាដំបូង» សាច់រឿងនេះបានបង្កប់នូវការលើកទឹកចិត្ត និងការអប់រំដល់យុវជនទាំងអស់ឱ្យចេះទទួលស្គាល់ការពិត និងបើកចិត្តទទួលយកនូវលទ្ធផលមិនគាប់បំណង ហើយស្រឡាញ់ខ្លួនឯង ចេះថែទាំខ្លួនឯង និងចាប់ផ្ដើមកសាងជីវិតសាជាថ្មី ជាពិសេសត្រូវចេះដោះលែងភាពឈឺចាប់ ឱ្យចាកចេញទៅតាមវិធីសាស្រ្ដព្យាបាលខ្លួនឯង។

៣. តើបងអាចចែករំលែកពីចំណុចដែលបងចូលចិត្ត ឬស្រឡាញ់ជាងគេក្នុងរឿងមួយនេះបានដែរទេ?

ចំពោះចំណុចដែលខ្ញុំពេញចិត្តនៅក្នុងសាច់រឿងស្នេហ៍គ្រាដំបូង គឺការលះបង់ និងទទួលស្គាល់ការពិតរបស់តួអង្គស្រី ដូចដែលយើងបានដឹងមកហើយថាមនុស្សយើងតែងតែមានសេចក្ដីស្រឡាញ់មួយពិតប្រាកដ និងស្មោះត្រង់ តួយ៉ាងនៅក្នុងរឿងបុរាណរបស់ខ្មែរក៏មានច្រើនដែរ ដូចជារឿងទុំទាវ ផ្កាស្រពោន សុទ្ធតែជាមនុស្សមានសេចក្ដីស្នេហា ហើយចំណងនេះគឺស្អិតរមួតជាងស្ករទៅទៀត។ ហេតុនេះពិបាកណាស់ក្នុងការអនុញ្ញាតឱ្យភាពឈឺចាប់របស់យើងចាកចេញពីខ្លួន អ្នកខ្លះអាចសុខចិត្តស្លាប់ ឬធ្វើបាបខ្លួនឯង នៅពេលត្រូវបានគេបោះបង់ ឬមិនទទួលយកសេចក្ដីស្នេហ៍របស់ខ្លួន។ ផ្ទុយមកវិញតួអង្គនារីរបស់យើង មិនត្រឹមតែដោះលែងភាពឈឺចាប់នេះទេ នាងថែមទាំងស្វែងរកវិធីធ្វើឱ្យខ្លួនឯងមានភាពល្អឡើងវិញ ទោះបីជាស្នេហ៍គ្រាដំបូងរបស់នាងមិនជោគជ័យក៏ដោយ។

៤. តើអ្វីទៅជាបំណងរបស់បងក្នុងការដាក់ផ្សាយរឿងមួយនេះ?

បំណងរបស់ខ្ញុំក្នុងការដាក់ផ្សាយរឿងមួយនេះ ដើម្បីផ្ដល់ជាតម្លៃអប់រំទៅដល់យុវជនទាំងអស់មិនថាជាស្រ្ដី ឬបុរសនោះទេ ត្រូវចេះរៀនទទួលស្គាល់ការពិត ប្រសិនបើយើងស្រឡាញ់នរណាម្នាក់ យើងត្រូវចាំថានៅក្នុងពិភពលោកតែងតែមានរឿងបីនៅជាមួយគ្នា វាមិនអាចបាត់បង់គ្នាបាននោះទេ រឿងទីមួយការចាប់ផ្ដើម រឿងទីពីរដំណើរការអនុវត្ដ និងរឿងទីបីការបញ្ចប់សុទ្ធតែមានពេលវេលា ដូចនេះនៅក្នុងពិភពលោកគ្មានអ្វីដែលឋិតថេរជាអមត:អាចអោយយើងរក្សាទុកបានយូរ មិនថាទាំងរបស់ខាងក្រៅ ឬរបស់ខាងក្នុងវាតែងតែបាត់បង់នូវពេលណាមួយ។ ដូចនេះបើមិនចង់អោយក្ដីស្រឡាញ់ ប្រែក្លាយទៅជាក្ដីទុក្ខយើងត្រូវចេះប្រើក្ដីស្រឡាញ់អោយមានសេរីភាព ជាជាងឃុំគ្រោងក្ដីស្រឡាញ់មកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនដែលនាំអោយមានការឈឺចាប់។

៥. តើបងមានចំណាប់អារម្មណ៍អ្វីខ្លះទៅកាន់មិត្តអ្នកអានទាំងអស់គ្នា?

ជាចុងក្រោយខ្ញុំសូមអរគុណទៅដល់អ្នកគ្រូ និងសហការីទាំងអស់សម្រាប់ការរៀបចំគម្រោងមួយនេះ ក្នុងគោលបំណងផ្ដល់ឪកាសឱ្យអ្នកចាប់អារម្មណ៍ការតែងនិពន្ធបានដាក់បង្ហាញស្នាដៃ និងបានចូលរួមរៀនសូត្រ ក្រេបចំណេះដឹងបន្ថែម ដើម្បីអភិវឌ្ឍស្នាដៃ ក៏ដូចជាសម្រេចនូវក្ដីស្រមៃរបស់ខ្លួនឯង។ រឹតតែពិសេសទៅទៀតនោះខ្ញុំសូមអរគុណទៅដល់មិត្តអ្នកអានទាំងអស់ មិនថានៅទីជិតឬទីឆ្ងាយ សម្រាប់ការចំណាយពេលវេលាមានតម្លៃក្នុងការអានរឿងរបស់ខ្ញុំ ហើយខ្ញុំក៏សង្ឃឹមថាមិត្តអ្នកអាននឹងទទួលបានចំណេះដឹងមួយចំនួនពីសាច់រឿងស្នេហ៍គ្រាដំបូងនេះផងដែរ។

ចុចអានរឿងស្នេហ៍គ្រាដំបូង